បោះពុម្ពជំពូកទី 3 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានតារាងមាតិកា
(3.1) តើនរណាមានសិទ្ធិទទួលការអប់រំពិសេសក្រោមច្បាប់របស់សហព័ន្ធនិងរដ្ឋ?
អ្នកអាចរកឃើញលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលការអប់រំពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានៅក្នុងបទប្បញ្ញត្តិដែលបានអនុម័តដោយក្រុមប្រឹក្សាអប់រំរដ្ឋ។ សូមមើល ជំពូក 5 ក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations, C.C.R.) Sec. 3030។ បទប្បញ្ញត្តិទាំងនេះ ចូលជាធរមាននៅថ្ងៃទី2 ខែមីនា ឆ្នាំ1983។ នេះជាលើកទីមួយហើយដែលរដ្ឋកាលីហ្វ័រញ៉ាមានគោលការណ៍ឯកភាពទូទាំងរដ្ឋសម្រាប់កំណត់សិទ្ធិទទួលការអប់រំពិសេស។ លក្ខណៈវិនិច្ឆ័យជាទូទៅ មានភាពស្របគ្នាទៅនឹងគោលការណ៍ណែនាំរបស់សហព័ន្ធក្នុងការកំណត់និយមន័យ “កុមារដែលមានពិការភាព” ។ [34 Code of Federal Regulations (C.F.R.) Sec. 300.8.] លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានក្រោមច្បាប់របស់រដ្ឋ មិនអាចមានន័យតូចចង្អៀតជាងលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានក្រោមគោលការណ៍ណែនាំរបស់សហព័ន្ធឡើយ។
រួមសេចក្តីមក បទប្បញ្ញត្តិរបស់សហព័ន្ធនិងរដ្ឋ បង្កើតនូវលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់សិស្សទាំងអស់ដែលមានអាយុចាប់ពី 2 ឆ្នាំដល់ 22 ឆ្នាំ ដែលពួកគេកំពុងស្វែងរកសេវាកម្មអប់រំពិសេស។ ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបុគ្គលដែលមានតម្រូវការពិសេសក្រោមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន ការវាយតម្លៃត្រូវតែបង្ហាញថាភាពចុះខ្សោយរបស់សិស្ស មានផលប៉ះពាល់មិនល្អដល់សកម្មភាព ការសិក្សារបស់គាត់ ហើយតម្រូវឲ្យមានការអប់រំពិសេស។ ផ្នែកនៃភាពចុះខ្សោយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីសិទ្ធិទទួលបានសេវារបស់រដ្ឋ រួមមាន៖
- ភាពចុះខ្សោយការស្តាប់
- ភាពចុះខ្សោយទាំងការស្តាប់ និងគំហើញ
- ភាពចុះខ្សោយផ្នែកពាក្យសម្តី ឬភាសា
- ភាពចុះខ្សោយគំហើញ
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹងធ្ងន់ធ្ងរ
- ភាពមានកម្រិតនៃកម្លាំង និងភាពរឹងមាំ ឬភាពប្រុងប្រយ័ត្ន ដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្រួចស្រាវ (ភាពចុះខ្សោយនៃសុខភាពផ្សេងទៀត)
- អូទីស៊ីម
- ពិការភាពផ្នែកបញ្ញា
- វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
- ពិការភាពផ្នែកសិក្សា
- ពិការភាពចម្រុះច្រើនផ្នែក
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ និង
- ពិការគ-ថ្លង់។ [34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030.]
ក្រុមការងារកម្មវិធី IEP (រួមមានសមាសភាពឪពុកម្តាយ និងអ្នកជំនាញវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ធ្វើការកំណត់ជាក់ស្តែងទៅលើការទទួលបានសិទ្ធិអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា ផ្អែកលើរបាយការណ៍វាយតម្លៃ។ សេចក្តីចម្លងមួយច្បាប់នៃរបាយការណ៍នេះ ត្រូវតែប្រគល់ទៅដល់ឪពុកម្តាយ។ [20 U.S.C. Sec. 1414(b)(4) & (5); 34 C.F.R. Secs. 300.306(a)(1) & 300.322(f).] មណ្ឌលសិក្សាធិការ ត្រូវតែធានាថាឪពុកម្តាយគឺអ្នកចូលរួមពេញលេញនៃក្រុមការងារកម្មវិធី IEP នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងការដាក់បញ្ចូលក្នុងការសិក្សានេះ។ [34 C.F.R. Sec 300.327; Cal. Ed. Code Sec. 56342.5.]
ពាក់ព័ន្ធនឹងកម្រិតអាយុអប្បបរមា កុមារម្នាក់អាចមានសិទ្ធិទទួលបានសេវាអប់រំពិសេស ជាទម្រង់នៃសេវាអន្តរាគមន៍ពីដើមទី តាំងពីចាប់កំណើតមក។ មើលជំពូក 13 ព័ត៌មានស្តីពីសេវាអន្តរគមន៍ពីដើមទី ក្រោយអាយុបីឆ្នាំរហូតដល់អាយុចូលរៀន កុមារម្នាក់អាចនឹងមានសិទ្ធិទទួលបានការអប់រំពិសេសថ្នាក់មត្តេយ្យសិក្សា។ មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអប់រំថ្នាក់មត្តេយ្យសិក្សា
ពាក់ព័ន្ធនឹងអាយុអតិបរមា (ឧបមាថាសិស្សនោះមិនទាន់បញ្ចប់ការសិក្សានៅវិទ្យាល័យដែលមានសញ្ញាបត្រធម្មតា) សិស្សម្នាក់អាចបន្តមានសិទ្ធិទទួលបានការអប់រំពិសេស រហូតដល់ផុតអាយុ 18 ឆ្នាំ [Cal. Ed. Code Sec. 56026(c)(4)]។ សិស្សដែលមានអាយុចន្លោះពី 19 ដល់ 21 ឆ្នាំ អាចបន្តស្ថិតនៅក្នុងការអប់រំពិសេស នៅពេលស្ថានភាពដូចខាងក្រោមនេះកើតឡើង៖
- គាត់ត្រូវស្ថិតនៅក្នុងការអប់រំពិសេស នៅពេលគាត់គ្រប់អាយុ 19 ឆ្នាំ
- គាត់មិនបានបំពេញតាម “ស្តង់ដាបំណិនសមត្ថភាព” របស់គាត់
- គាត់មិនបានបំពេញ “វគ្គសិក្សាដែលបានកំណត់” របស់គាត់ ឬ
- គាត់មិនបានទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យធម្មតាពីវិទ្យាល័យណាមួយ។ [34 C.F.R. Sec. 300.102, Cal. Ed. Code Sec. 56026(c)(4). 56026.1.]
“វគ្គសិក្សាដែលបានកំណត់” គឺជាបណ្តុំស្តង់ដាដែលបានបង្កើតឡើងដោយក្រុមប្រឹក្សាអប់រំតាមមូលដ្ឋានសម្រាប់ការប្រគល់សញ្ញាបត្រ ឬវិញ្ញាបនបត្រ។ [Cal. Ed. Code. Sec. 56026.1.] វគ្គសិក្សាអាចរួមបញ្ចូលនូវមុខវិជ្ជា ឬក្រេឌីតដែលបានតម្រូវដោយមណ្ឌលសិក្សាធិការផ្នែកភាសាអង់គ្លេស គណិតវិទ្យា អំណាន ។ល។ “ស្តង់ដាបំណិនសមត្ថភាព” គឺជាការវាស់ស្ទង់សមត្ថភាពសិស្សទៅលើបំណិនមូលដ្ឋានដូចជាអំណាន សំណេរ និងគណិតវិទ្យា។ រយៈពេលដែលសិស្សអាចបន្តស្ថិតនៅក្នុងការអប់រំពិសេស ក្រោយគម្រប់ខួបកំណើតអាយុ 22 ឆ្នាំ ជាធម្មតាគឺអាស្រ័យលើខែដែលគាត់គ្រប់អាយុ 22 ឆ្នាំនោះ។ ប្រសិនបើសិស្សកើតនៅចន្លោះថ្ងៃទី1 ខែមករា និងថ្ងៃទី30 ខែមិថុនា នោះគាត់គ្រាន់តែអាចបន្តស្ថិតនៅក្នុងកម្មវិធីសម្រាប់ឆ្នាំសារពើពន្ធនៅសេសសល់ដែលត្រូវបញ្ចប់នៅថ្ងៃទី30 ខែមិថុនាតែប៉ុណ្ណោះ បូករួមទាំងកម្មវិធីឆ្នាំសិក្សាបន្ត។ ប្រសិនបើគាត់កើតនៅក្នុងខែកក្កដា ខែសីហា ឬខែកញ្ញា ហើយស្ថិតនៅក្នុងប្រតិទិនឆ្នាំសិក្សាពីមុនមក ពេលនោះគាត់ត្រូវទទួលបានដំណោះស្រាយដូចគ្នា និងអាចបន្តស្ថិតនៅក្នុងកម្មវិធីនេះរហូតដល់ដំណាច់ឆ្នាំសារពើពន្ធពីមុនមកដែលត្រូវបញ្ចប់នៅថ្ងៃទី30 ខែកក្កដា។ ប៉ុន្តែ ប្រសិនបើសិស្សកើតនៅក្នុងខែកក្កដា ខែសីហា ឬខែកញ្ញា ហើយស្ថិតនៅក្នុងប្រតិទិនសិក្សានៅសាលាពេញមួយឆ្នាំ នោះគាត់អាចបញ្ចប់រយៈពេលបច្ចុប្បន្ននេះ បើទោះបីជារយៈពេលនេះពន្យារទៅឆ្នាំសារពើពន្ធបន្ទាប់ក៏ដោយ។ សិស្សដែលកើតនៅក្នុងខែតុលា ខែវិច្ឆិកា ឬខែធ្នូ អាចបន្តស្ថិតនៅក្នុងការអប់រំពិសេសរហូតត្រឹមថ្ងៃទី31 ខែធ្នូនៃឆ្នាំដែលគាត់គ្រប់អាយុ 22 ឆ្នាំតែប៉ុណ្ណោះ លើកលែងតែគាត់បញ្ចប់កម្មវិធី IEP របស់គាត់ផ្សេងទៀត នៅដំណាច់ឆ្នាំសារពើពន្ធបច្ចុប្បន្ននោះ។ [Cal. Ed. Code Sec. 56026(c)(4)]
(3.2) តើកូនរបស់ខ្ញុំចាំបាច់ត្រូវតែមានពិការភាពគ-ថ្លង់មែនឬទេ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេសក្នុងនាមជាសិស្សដែលមានភាពចុះខ្សោយការស្តាប់?
ទេ។ កូនរបស់អ្នកអាចទទួលបានសិទ្ធិ ប្រសិនបើគាត់បំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ពិការគ-ថ្លង់ ឬភាពចុះខ្សោយការស្តាប់។ ពិការគ-ថ្លង់ គឺជាភាពចុះខ្សោយការស្តាប់ដែលមានភាពធ្ងន់ធ្ងរខ្លាំងរហូតដល់ធ្វើឲ្យកុមារមានភាពអន់ខ្សោយនៅក្នុងលំនាំវិភាគព័ត៌មានផ្នែកភាសាតាមការស្តាប់ ទោះមានឬគ្មានការបំពងសំឡេងក្តី ដែលមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំរបស់កុមារ។ [34 C.F.R. Sec. 300.8(c)(3), 5 C.C.R. Sec. 3030(b)(3)] ភាពចុះខ្សោយការស្តាប់ គឺជាភាពចុះខ្សោយនៅក្នុងការស្តាប់ ទោះមានលក្ខណៈអចិន្ត្រៃយ៍ ឬមានភាពប្រែប្រួលក្តី ដែលភាពចុះខ្សោយនោះមានផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំរបស់កុមារ ប៉ុន្តែនោះមិនបានរួមបញ្ចូលនៅក្រោមនិយមន័យនៃពិការភាពគ-ថ្លង់ទេ។ [34 C.F.R. Sec. 300.8(c) (5); 5 C.C.R. Sec. 3030(b)(5).]
(3.3) ខោនធី (ឬមណ្ឌលសិក្សាធិការ) មានកម្មវិធីមួយសម្រាប់កុមារពិការគ-ថ្លង់/ពិការភ្នែក។ តើកូនរបស់ខ្ញុំពិតជាត្រូវមានទាំងពិការគ-ថ្លង់ និងពិការភ្នែកមែនឬទេ ដើម្បីមានសិទ្ធិទទួលបានកម្មវិធីនេះ?
ទេ។ ប្រសិនបើកូនរបស់អ្នកមានភាពចុះខ្សោយទាំងការស្តាប់ និងគំហើញ ដែលភាពចុះខ្សោយទាំងពីរនេះបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរផ្នែកទំនាក់ទំនង ផ្នែកលូតលាស់ និងផ្នែកអប់រំដែលមិនអាចទទួលបានការជួយគាំទ្រនៅក្នុងកម្មវិធីណាមួយសម្រាប់កុមារដែលមានភាពចុះខ្សោយការស្តាប់តែមួយមុខ ឬភាពចុះខ្សោយគំហើញតែមួយមុខ ពេលនោះគាត់មានសិទ្ធិទទួលបានកម្មវិធីនេះ។ [34 C.F.R. Sec. 300.8(c)(2); 5 C.C.R. Sec. 3030(b)(2).] ម្យ៉ាងទៀត ប្រសិនបើកុមារដែលមានភាពចុះខ្សោយទាំងផ្នែកគំហើញ និងការស្តាប់ មានលទ្ធភាពទទួលបានសេវាយ៉ាងសមស្របនៅក្នុងកម្មវិធីណាមួយសម្រាប់កុមារដែលមានស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនោះ ដូច្នេះកុមារនោះមិនចាំបាច់ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីណាមួយសម្រាប់កុមារដែលមានស្ថានភាពទាំងពីនេះទេ។
(3.4) តើលក្ខណៈវិនិច្ឆ័យទទួលបានសិទ្ធិសម្រាប់សិស្សដែលមានវិបត្តិផ្នែកនិយាយស្តីនិងភាសា មានអ្វីខ្លះ?
សិស្សដែលមានភាពលំបាកផ្នែកនិយាយស្តីនិងភាសា គឺមានសិទ្ធិទទួលបានសេវាអប់រំពិសេស ប្រសិនគាត់បំពេញនូវលក្ខណៈវិនិច្ឆ័យយ៉ាងតិចចំនួនមួយដូចខាងក្រោម៖
- វិបត្តិនៃការបញ្ចេញសំឡេង ដែលកាត់បន្ថយភាពឆ្លាតវៃ និងប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកទំនាក់ទំនង និងបណ្តាលឲ្យមានចំណាប់អារម្មណ៍មិនល្អ។ សមត្ថភាពនៃការបញ្ចេញសំឡេងរបស់សិស្ស ត្រូវតែស្ថិតនៅក្រោមកម្រិតដែលបានរំពឹងទុកតាមលំដាប់អាយុ ឬកម្រិតនៃការលូតលាស់ និងមិនមែនគ្រាន់តែជាទម្រង់នៃចលនាបំពង់កខុសប្រក្រតីប៉ុណ្ណោះទេ។
- សំឡេងខុសប្រក្រតី ដែលបង្ហាញឲ្យឃើញតាមរយៈគុណភាព កម្រិតកម្ពស់ និងភាពឮខ្លាំងនៃសំឡេងដែលមានភាពខុសប្រក្រតីក្នុងរយៈពេលយូរ។
- វិបត្តិភាពស្ទាត់ជំនាញនៃពាក្យសម្តីនិយាយ ដែលលំហូរនៃពាក្យសម្តីនិយាយចេញមក រួមទាំងកម្រិតល្បឿននិងចង្វាក់នៅក្នុងការនិយាយស្តីនោះ មានផលប៉ះពាល់មិនល្អដល់ទំនាក់ទំនងរវាងសិស្ស និងអ្នកស្តាប់។
- វិបត្តិនៃភាសា ដែលសិស្សមានវិបត្តិភាសាផ្នែកនិយាយ-សរសេរ ឬផ្នែកអាន-ស្តាប់ នៅពេលគាត់បំពេញនូវលក្ខខណ្ឌណាមួយដូចខាងក្រោម៖
- មានពិន្ទុគម្លាតស្តង់ដាយ៉ាងតិច 1.5 ក្រោមតម្លៃមធ្យម ឬក្រោមចំណុចសតភាគទីប្រាំពីរ (7) សម្រាប់កម្រិតលំដាប់អាយុកាល និងការលូតលាស់របស់គាត់ នៅលើតេស្តស្តង់ដាយ៉ាងតិចចំនួនពីរ នៅក្នុងផ្នែកលូតលាស់នៃភាសាយ៉ាងតិចចំនួនមួយ មានដូចជា៖ ផ្នែករូបសាស្ត្រ សម្ព័ន្ធវិទ្យា ន័យកម្ម ឬប្រាម៉ាទិក ឬ
- មានពិន្ទុគម្លាតស្តង់ដាយ៉ាងតិច 1.5 ក្រោមតម្លៃមធ្យម ឬក្រោមចំណុចសតភាគទីប្រាំពីរ (7) សម្រាប់កម្រិតលំដាប់អាយុកាល និងការលូតលាស់ នៅលើតេស្តស្តង់ដាយ៉ាងតិចចំនួនមួយ នៅក្នុងផ្នែកនានាដែលមានចែងនៅក្នុងផ្នែករង (A) និងបង្ហាញការប្រើប្រាស់ភាសាផ្នែកនិយាយ-សរសេរ ឬផ្នែកអាន-ស្តាប់មិនបានសមស្រប ឬមិនបានគ្រប់គ្រាន់ ដូចដែលបានវាស់ស្ទង់ដោយគំរូភាសាដែលមានពាក្យសម្តីអតិបរមាចំនួនហាសិប (50) ម៉ាត់ដែលបាននិយាយចេញមកដោយឯកឯង ឬដកស្រង់ចេញមកធ្វើជាគំរូ។ គំរូភាសានេះ ត្រូវបានកត់ត្រា ឬធ្វើប្រតិចារិក (កត់ត្រាជាលាយលក្ខណ៍អក្សរ) និងវិភាគ ហើយលទ្ធផលត្រូវបានរួមបញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃ។ ប្រសិនបើសិស្សមិនអាចបង្កើតនូវគំរូពាក្យសម្តីនេះទេ ពេលនោះអ្នកជំនាញផ្នែកភាសា ការនិយាយស្តី និងការស្តាប់ ត្រូវតែចងក្រងឯកសារអំពីមូលហេតុដែលគំរូពាក្យសម្តីទាំង 50 ម៉ាត់នេះមិនអាចធ្វើបានសម្រេច និងបរិបទដែលបានព្យាយាមបំផុសស្រង់យកគំរូពាក្យសម្តីទាំងនោះ។
- ការបាត់បង់ការស្តាប់ ដែលនាំមកនូវវិបត្តិភាសា ឬពាក្យសម្តី។ [34 C.F.R. Sec. 300.8(c)(11); 5 C.C.R. Sec. 3030(b)(11).]
When standardized tests are considered to be invalid for the student, the expected level of performance shall be determined by alternative means. [5 C.C.R. Sec. 3030(b)(10)(B)(2).]
(3.5) មណ្ឌលសិក្សាធិការផ្តល់ជូនសេវាកម្មសម្រាប់សិស្សដែលមានភាពចុះខ្សោយគំហើញ។ តើនោះត្រូវបានកំណត់ទៅលើសិស្សដែលពិការភ្នែកជាក់ស្តែងដែរឬទេ?
ទេ។“ភាពចុះខ្សោយគំហើញ រួមទាំងពិការភ្នែកផងដែរ” មានន័យថាជាភាពចុះខ្សោយផ្នែកគំហើញដែលមានផលប៉ះពាល់មិនល្អដល់ការសកម្មភាពអប់រំរបស់កុមារ ទោះបីជាមានការជួយកែសម្រួលយ៉ាងណាក្តី។ បច្ចេកសព្ទនេះ រួមបញ្ចូលទាំង “ពិការភ្នែកអាចមើលឃើញតិចតួច” និង “ពិការភ្នែកទាំងស្រុង”។ [34 C.F.R. Sec. 300.8(c)(13); 5 C.C.R. Sec. 3030(b)(13).]
(3.6) តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសដោយផ្អែកលើមូលដ្ឋានពិការភាពរាងកាយ?
ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា កុមារដែលមាន “ពិការភាពផ្នែកគ្រោងឆ្អឹងធ្ងន់ធ្ងរ” មានសិទ្ធិទទួលបានការអប់រំពិសេស។ ពិការភាពគ្រោងឆ្អឹង គឺជាពិការភាពមួយដែលមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំរបស់កុមារ និងរួមបញ្ចូលនូវសកម្មភាពទាំងឡាយដែលបង្កឡើងដោយភាពមិនប្រក្រតីពីកំណើត ភាពចុះខ្សោយដែលបណ្តាលមកពីជំងឺ (ឧ.ទា. ជំងឺខួរឆ្អឹងខ្នង ជំងឺរបេងឆ្អឹង) និងភាពចុះខ្សោយបណ្តាលមកពីបុព្វហេតុផ្សេងទៀត (ឧ.ទា. ខួរក្បាលពិការ ការបាត់បង់អវៈយវៈ និងការបាក់ឆ្អឹង ឬការរលាកដែលបង្កការកន្ត្រាក់សាច់ដុំ) [34 C.F.R. Sec. 300.8(c)(8).] [5 C.C.R. Sec. 3030(b)(8).]
(3.7) តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសដោយផ្អែកលើមូលដ្ឋានពិការភាពរាងកាយ?
កុមារម្នាក់អាចមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់ “ភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ”។ នេះមានន័យថាសិស្ស ត្រូវតែមានកម្រិតកម្លាំង ភាពរឹងមាំ ឬភាពប្រុងប្រយ័ត្នតិចតួច ដោយរួមបញ្ចូលទាំងភាពប្រុងប្រយ័ត្នខ្ពស់ចំពោះវត្ថុជំរុញការឆ្លើយតបក្នុងមជ្ឈដ្ឋាន ដែលនាំមកនូវការប្រុងប្រយ័ត្នតិចតួចពាក់ព័ន្ធនឹងមជ្ឈដ្ឋានអប់រំ ពោលគឺដោយសារតែបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្រួចស្រាវដូចជាជំងឺហឺត ជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ជំងឺទឹកនោមផ្អែម ជំងឺឆ្កួតជ្រូក អាការៈជំងឺបេះដូង ជំងឺឈាមក្រកក ពុលសំណ រោគគោលិកាស រលាកតម្រងនោម គ្រុនសន្លាក់ឆ្អឹង ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺសរសៃប្រសាទ (Tourette Syndrome) ហើយដែលជំងឺទាំងអស់នេះមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំរបស់កុមារ។ [34 C.F.R. Sec. 300.8(c)(9) 5 C.C.R. Sec. 3030(b)(9)]
(3.8) តើមណ្ឌលសិក្សាកំណត់ថាកុមារម្នាក់មានជំងឺអូទីស៊ិម ឬមានបញ្ហាស្រដៀងគ្នានឹងជំងឺអូទីស៊ិមយ៉ាងដូចម្តេច?
ក្រុមការងារកម្មវិធី IEP អាចកំណត់ថាសិស្សម្នាក់បំពេញតាមលក្ខណៈវិនិច្ឆ័យទទួលបានសិទ្ធិរបស់រដ្ឋនិងសហព័ន្ធ ក្រោមប្រភេទចំណាត់ថ្នាក់នៃជំងឺអូទីស៊ិម ប្រសិនបើកុមារម្នាក់មានពិការភាពផ្នែកលូតលាស់ដែលប៉ះពាល់ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទៅលើការប្រាស្រ័យទាក់ទងជាពាក្យសម្តី ឬមិនមែនជាពាក្យសម្តី និងទំនាក់ទំនងសង្គម ដែលជាទូទៅបង្ហាញឲ្យឃើញច្បាស់មុនពេលមានអាយុបីឆ្នាំ ដែលលក្ខណៈវិនិច្ឆ័យនេះមានផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំរបស់កុមារ។ ចរិកលក្ខណៈផ្សេងទៀតដែលតែងមានទំនាក់ទំនងទៅនឹងជំងឺអូទីស៊ិម គឺការចូលរួមទៅក្នុងសកម្មភាពដដែលៗ និងចលនាជាទម្លាប់ ការមិនសម្របទៅនឹងការផ្លាស់ប្តូរមជ្ឈដ្ឋាន ឬការផ្លាស់ប្តូរក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការឆ្លើយតបខុសប្រក្រតីទៅនឹងការដឹងដោយញាណ។ កុមារម្នាក់ដែលបង្ហាញនូវចរិកលក្ខណៈនៃជំងឺអូទីស៊ិមបន្ទាប់ពីអាយុបីឆ្នាំ អាចត្រូវបានកំណត់ថាមានជំងឺអូទីស៊ិម ប្រសិនបើបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ។ ជំងឺអូទីស៊ិម មិនមានពាក់ព័ន្ធនោះទេ ប្រសិនបើសកម្មភាពអប់រំរបស់កុមាររងផលប៉ះពាល់មិនល្អជាចម្បង ដោយសារតែកុមារមានវិបត្តិផ្លូវចិត្ត។ [34 C.F.R. Sec. 300.8(c)(1); 5 C.C.R. Sec. 3030(b)(1).]
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់នេះ កូនរបស់អ្នកមិនចាំបាច់បំពេញតាមនិយមន័យវេជ្ជសាស្ត្រនៃជំងឺអូទីស៊ិមទេ គ្រាន់តែបំពេញតាមនិយមន័យអប់រំប៉ុណ្ណោះបានហើយ។ ដូចគ្នានេះដែរ ការបំពេញតាមនិយមន័យវេជ្ជសាស្ត្រនៃជំងឺអូទីស៊ិម និងការទទួលបានការធ្វើរោគវិនិច្ឆ័យបែបវេជ្ជសាស្ត្រណាមួយ មិនបានធានាថាកូនរបស់អ្នកនឹងមានសិទ្ធិទទួលបានការអប់រំពិសេសនោះទេ ប្រសិនបើគាត់មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់រដ្ឋ ឬសហព័ន្ធសម្រាប់ជំងឺអូទីស៊ិមនោះទេ។
(3.9) តើពិន្ទុតេស្ត IQ គឺជាមូលដ្ឋានតែមួយគាត់សម្រាប់សិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ ដោយផ្អែកលើមូលដ្ឋានពិការភាពផ្នែកបញ្ញា?
ទេ។ ដើម្បីឲ្យសិស្សទទួលបានសិទ្ធិក្រោមប្រភេទចំណាត់ថ្នាក់នេះ គាត់ត្រូវតែបង្ហាញ៖
- កង្វះសមត្ថភាពផ្នែកអាកប្បកិរិយាសម្របខ្លួន (ដែលជាសមត្ថភាពរបស់កុមារក្នុងការបំពេញមុខងារយ៉ាងមានប្រសិទ្ធភាពក្នុងសកម្មភាពដែលសមស្របតាមអាយុជាមួយកុមារដទៃទៀត) និង
- មុខងារសតិបញ្ញាទូទៅនៅក្រោមកម្រិតមធ្យមខ្លាំងគួរឲ្យកត់សម្គាល់។
ចំណុចទាំងពីរនេះ ត្រូវតែបង្ហាញឲ្យឃើញច្បាស់នៅអំឡុងដំណាក់កាលលូតលាស់ ហើយមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំបច្ចុប្បន្នរបស់គាត់។ [34 C.F.R. Sec. 300.8(c)(6); 5 C.C.R. Sec. 3030(b)(6).] អាកប្បកិរិយាសម្របខ្លួន មានន័យថាជាអាកប្បកិរិយាសមស្របតាមអាយុដែលជំរុញឲ្យសិស្សម្នាក់រស់នៅដោយឯករាជ្យ បំពេញមុខងារដោយជោគជ័យនៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ និងមានទំនាក់ទំនងសមស្របជាមួយអ្នកដទៃ។ ដោយសារតែករណីរបស់ Larry P. v. Riles នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California State Department of Education, CDE) បានហាមឃាត់មណ្ឌលសិក្សាធិការពីការប្រើប្រាស់តេស្ត IQ ស្តង់ដាដើម្បីកំណត់ការទទួលបានសិទ្ធិអប់រំពិសេសសម្រាប់សិស្សអាមេរិកាំងដើមកំណើតអាហ្វ្រិកទាំងអស់។ ហេតុនេះ មណ្ឌលសិក្សាធិការ គប្បីត្រូវប្រើប្រាស់វិធីសាស្ត្រវាយតម្លៃផ្សេងជំនួស ដើម្បីជៀសវាងការប្រើប្រាស់ពិន្ទុ IQ សម្រាប់ការកំណត់សិទ្ធិទទួលបានការអប់រំពិសេសទៅលើសិស្សអាមេរិកាំង/អាហ្វ្រិក។ មើលជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ។
(3.10) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់បញ្ហាវិបត្តិផ្លូវចិត្តមានអ្វីខ្លះ?
សិស្សម្នាក់មានសិទ្ធិទទួលបានក្រោមបញ្ហាវិបត្តិផ្លូវចិត្ត ប្រសិនបើគាត់បង្ហាញនូវចរិកលក្ខណៈដូចខាងក្រោមនេះយ៉ាងតិចបំផុតចំនួនមួយ ក្នុងរយៈពេលវែង និងក្នុងកម្រិតមួយដែលបានកំណត់ ដែលលក្ខណៈទាំងនេះមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំ៖
- អសមត្ថភាពក្នុងការសិក្សា ដែលមិនអាចបកស្រាយពន្យល់បានតាមរយៈកត្តាសតិបញ្ញា កត្តាឥន្ទ្រីយ៉ារម្មណ៍ ឬកត្តាសុខភាព
- អសមត្ថភាពក្នុងការកសាង ឬរក្សាទំនាក់ទំនងអន្តរបុគ្គលសមស្របជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន
- ប្រភេទអាកប្បកិរិយា ឬអារម្មណ៍មិនសមស្របស្ថិតក្រោមកាលៈទេសៈធម្មតាដែលបានបង្ហាញក្នុងស្ថានភាពផ្សេងៗគ្នា។
- អារម្មណ៍មិនសប្បាយចិត្ត ឬការធ្លាក់ទឹកចិត្តដែលអាចសង្កេតឃើញជាទូទៅ
- ទំនោរទៅរកការកើតមានរោគសញ្ញារាងកាយ ឬភាពភ័យក្លាចដែលពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួន និងសាលារៀន។ [34 C.F.R. Sec. 300.8(c)(4); 5 C.C.R. Sec. 3030(b)(4).]
កូនរបស់អ្នកមិនចាំបាច់ទទួលបានការធ្វើរោគវិនិច្ឆ័យ ឬបំពេញតាមនិយមន័យផ្នែកសុខភាពផ្លូវចិត្តតាមបែបគ្លីនិកណាមួយពាក់ព័ន្ធនឹងបញ្ហាវិបត្តិផ្លូវចិត្តនោះទេ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់វិបត្តិផ្លូវចិត្ត។ លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធសម្រាប់វិបត្តិផ្លូវចិត្ត គឺជាលក្ខណៈវិនិច្ឆ័យតែមួយគត់ដែលសិស្សម្នាក់ត្រូវតែបំពេញដើម្បីមានសិទ្ធិទទួលបានសេវាអប់រំពិសេស។
ពាក្យ “វិបត្តិផ្លូវចិត្ត” រួមបញ្ចូលយ៉ាងជាក់លាក់នូវជំងឺវិកលចរិត ប៉ុន្តែមិនរាប់បញ្ចូលនូវសិស្សដែល “មិនចេះសម្របខ្លួនតាមសង្គម” នោះទេ។ [5 C.C.R. Sec. 3030(b)(4).] ច្បាប់មិនបានពន្យល់បកស្រាយថាតើពាក្យ “មិនចេះសម្របខ្លួនតាមសង្គម” មានន័យដូចម្តេចទេ ដែលការនេះបាននាំមកនូវការភាន់ច្រឡំ។ លើសពីនេះទៀត ពាក្យ “វិបត្តិផ្លូវចិត្ត” មិនមែនជាស្ថានភាពរោគវិនិច្ឆ័យនៃជំងឺវិកល់ចរិតដែលបានទទួលស្គាល់ណាមួយឡើយ ហើយសិស្សមិនចាំបាច់មានប្រភេទចំណាត់ថ្នាក់ ឬរោគវិនិច្ឆ័យនៃជំងឺវិកលចរិតណាមួយដើម្បីទទួលបានសិទ្ធិក្រោមប្រភេទចំណាត់ថ្នាក់វិបត្តិផ្លូវចិត្តនេះទេ។
(3.11) កូនរបស់ខ្ញុំបានទទួលការធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាកិរិយាមាយាទ/អាកប្បកិរិយាដូចជាបញ្ហារករឿងប្រឆាំងមិនស្តាប់បង្គាប់ជាដើម។ តើគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសដែរឬទេ?
បញ្ហាកិរិយាមាយាទ ឬអាកប្បកិរិយា ឬបញ្ហារករឿងប្រឆាំងមិនស្តាប់បង្គាប់ គឺមិនមែនជាប្រភេទចំណាត់ថ្នាក់ណាមួយសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសនោះទេ។ ទោះយ៉ាងណាក៏ដោយ សិស្សម្នាក់នៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់សិទ្ធិទទួលបានដូចជាពិការភាពនៃការសិក្សាជាក់លាក់ (SLD) វិបត្តិផ្លូវចិត្ត (ED) ឬក្រោមប្រភេទចំណាត់ថ្នាក់នៃភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI) ដូចជាជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ជាដើម។ ហេតុដូច្នេះ ប្រសិនបើសិស្សធ្លាប់មានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ ឬរយៈពេលវែង នោះការវាយតម្លៃមួយត្រូវតែធ្វើឡើងនៅគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យ ដើម្បីកំណត់ថាតើសិស្សនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសដែរឬអត់។ ប្រសិនបើសិស្សនោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសទេ ផែនការផ្នែក 504 គប្បីត្រូវយកមកសិក្សាស្វែងយល់។ ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR) សហរដ្ឋអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចជាក់លាក់ថាសាលារៀននានា ត្រូវតែរៀបចំកិច្ចប្រជុំក្រុមការងារវាយតម្លៃដើម្បីធ្វើការកំណត់ពាក់ព័ន្ធនឹងការទទួលបានសិទ្ធិក្រោមផ្នែក 504 សម្រាប់កុមារដែលមានវិបត្តិដូចជាជំងឺ ADD/ADHD និងជំងឺរវើរវាយខ្លាំង (obsessive compulsive disorder) បើទោះបីជាកុមារនោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្តី។ [Manteca Unified School District, 30 IDELR 544, 1998.]
(3.12) តើកុមារម្នាក់ដែលមានជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) អាចមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសដែរឬទេ?
បាទ/ចាស។ ច្បាប់បានទទួលស្គាល់យ៉ាងពិសេសចំពោះជំងឺ ADD និងជំងឺ ADHD ថាជាឧទាហរណ៍ស្តីពីលក្ខខណ្ឌដែលអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រភេទចំណាត់ថ្នាក់ “ភាពចុះខ្សោយផ្សេងៗ (OHI)” ប្រសិនបើបំពេញតាមលក្ខណៈវិនិច្ច័យផ្សេងទៀតសម្រាប់ប្រភេទចំណាត់ថ្នាក់នៃការទទួលបានសិទ្ធិនេះ។ និយមន័យសម្រាប់ពាក្យ OHI បានពង្រីកអត្ថន័យនៃឃ្លាប្រយោគ “ភាពមានកម្រិតនៃកម្លាំង ភាពរឹងមាំ ឬភាពប្រុងប្រយ័ត្ន” ដោយរួមបញ្ចូលទាំង “ភាពប្រុងប្រយ័ត្នខ្ពស់ចំពោះវត្ថុជំរុញការឆ្លើយតបក្នុងមជ្ឈដ្ឋាន” ផងដែរ ហើយបន្ទាប់មកចែងអំពីជំងឺ ADD/ADHD ថាជាឧទាហរណ៍មួយនៃជំងឺរ៉ាំរ៉ៃដែលអាចមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប៉ុន្តែ ជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) តែមួយមុខ មិនអាចគ្រប់គ្រាន់ក្នុងការធ្វើឲ្យសិស្សមានសិទ្ធិទទួលបានសេវាអប់រំពិសេសនោះទេ។ ក្រុមការងារកម្មវិធី IEP ក្រោយពេលវាយតម្លៃគ្រប់ជ្រុងជ្រោយតាមលក្ខខណ្ឌតម្រូវ ត្រូវតែកំណត់ថាសិស្សត្រូវតែបំពេញតាមប្រភេទចំណាត់ថ្នាក់នៃសិទ្ធិទទួលបាន – ដែលមានន័យថាសិស្សមានស្ថានភាពណាមួយ (ដូចជាជំងឺ ADD/ADHD) ហើយដែលស្ថានភាពនោះក៏ត្រូវតែមានផលប៉ះពាល់មិនល្អផងដែរទៅលើសកម្មភាពអប់រំរបស់កូនអ្នក។ សិស្សដែលមានជំងឺ ADD/ADHD ក៏អាចមានសិទ្ធិទទួលបានប្រភេទចំណាត់ថ្នាក់ “ពិការភាពនៃការសិក្សាជាក់លាក់” ឬប្រភេទចំណាត់ថ្នាក់ “វិបត្តិផ្លូវចិត្ត” ផងដែរ។ [34 C.F.R. Sec. 300.8(c)(9); Cal. Ed. Code Sec. 56339(a); 5 C.C.R. Sec. 3030(b)(9).] មើលសំណួរ និងចម្លើយ 28 សម្រាប់ព័ត៌មានស្តីពី “ផលប៉ះពាល់មិនល្អ”។
(3.13) តើលក្ខណៈវិនិច្ឆ័យស្តីពីការទទួលបានសិទ្ធិ និងកិច្ចដំណើរការវាយតម្លៃសម្រាប់ពិការភាពផ្នែកសិក្សាជាក់លាក់មានអ្វីខ្លះ?
ពិការភាពផ្នែកសិក្សាជាក់លាក់ គឺជាវិបត្តិមួយនៅក្នុងលំនាំចិត្តសាស្ត្រមូលដ្ឋានពាក់ព័ន្ធទៅនឹងការយល់ដឹង ឬការប្រើប្រាស់ភាសាជាពាក្យសម្តី ឬជាជាលក្ខណ៍អក្សរ ដែលអាចស្តែងចេញមកដោយឯកឯងជាសមត្ថភាពមិនពេញលេញនៅក្នុងការស្តាប់ ការគិតពិចារណា ការនិយាយ ការសរសេរ អក្ខរាវិរុទ្ធ ឬដំណោះស្រាយគណិតវិទ្យា។ លំនាំចិត្តសាស្ត្រមូលដ្ឋាននេះ រួមមាន៖ បម្រុងប្រយ័ត្ន លំនាំចក្ខុ លំនាំសោត បំណិនសរីរាង្គចលករ សមត្ថភាពពុទ្ធិដូចជាការភ្ជាប់ទំនាក់ទំនង គំនិតបែបអរូបី (ពិបាកយល់) និងការសម្តែងចេញមក។ ពិការភាពនេះ អាចរួមបញ្ចូលនូវស្ថានភាពដូចជាពិការភាពផ្នែកយល់ដឹង របួសខួរក្បាល ភាពចុះខ្សោយមិនប្រក្រតីនៃខួរក្បាល (MBD) ពិបាកអាន (dyslexia) ពិបាកគណនាលេខ (dyscalculia) ពិបាកសរសេរ (dysgraphia) និងបញ្ហាលូតលាស់ផ្នែកនិយាយស្តី។ ពិការភាពនេះ មិនរួមបញ្ចូលនូវបញ្ហានៃការសិក្សាដែលភាគច្រើនបណ្តាលមកពីពិការភាពផ្នែកចក្ខុ ការស្តាប់ ឬចលករ ឬពិការភាពផ្នែបញ្ញា ឬវិបត្តិផ្លូវចិត្ត ឬបណ្តាលមកពីគុណវិបត្តិផ្នែកមជ្ឈដ្ឋាន វប្បធម៌ ឬផ្នែកសេដ្ឋកិច្ច។ [5 C.C.R. Sec. 3030(b)(10)(A).] ទោះយ៉ាងណាក៏ដោយ ពិការភាពនៃការសិក្សាជាក់លាក់ មិនរួមបញ្ចូលនូវពិការភាពក្នុងក្របខណ្ឌមុខងារចក្ខុដែលបណ្តាលមកពីភាពមិនប្រក្រតីនៃចក្ខុឥន្ទ្រីយ៉ារម្មណ៍ ឬចក្ខុចលករ។ [Cal. Ed. Code Sec. 56338.]
ចំណាត់ថ្នាក់នៃពិការភាពផ្នែកសិក្សាជាក់លាក់នៃសិទ្ធិទទួលបានការអប់រំពិសេស គឺជាចំណាត់ថ្នាក់ធំបំផុតរបស់សិស្សនៅក្នងការអប់រំពិសេស និងមានភាពស្មុគស្មាញបំផុតពាក់ព័ន្ធនឹងកត្តានានាដែលត្រូវយកមកពិចារណា និងកិច្ចដំណើរការវាយតម្លៃដែលមណ្ឌលសិក្សាការអាចប្រើប្រាស់នៅក្នុងការធ្វើការកំណត់នេះ។
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មណ្ឌលសិក្សាធិកាជារឿយៗតែងប្រើប្រាស់អ្វីដែលហៅថា “គំរូនៃភាពលម្អៀង” ដើម្បីកំណត់ថាតើសិស្សមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ ក្រោមគោលគំនិតនេះ សិស្សម្នាក់ត្រូវតែពិនិត្យឃើញថាមានកម្រិតនៃភាពលម្អៀងធ្ងន់ធ្ងររវាងសមត្ថភាពបញ្ញា និងលទ្ធផលសិក្សារបស់គាត់នៅក្នុងការសម្តែងចេញតាមរយៈពាក្យសម្តី ការយល់ដឹងតាមរយៈការស្តាប់ ការសម្តែងចេញតាមរយៈការសរសេរ បំណិនអំណានមូលដ្ឋាន ការយល់ដឹងតាមការអាន ការគណនាបែបគណិតវិទ្យា ឬការទាញហេតុផលតាមគណិតវិទ្យា។ [5 C.C.R. Sec. 3030(b)(10)(B).] ច្បាប់អប់រំសហព័ន្ធ អនុញ្ញាតឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃផ្សេងទៀត ហៅថា “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ” ឬ “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍ (RTI)” ដើម្បីកំណត់ថាតើសិស្សម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេសមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ [34 C.F.R. Sec. 300.309(b).] ច្បាប់សហព័ន្ធ ហាមឃាត់រដ្ឋនានាពីការតម្រូវឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់គំរូនៃភាពលម្អៀងនេះតែមួយមុខ ហើយក៏តម្រូវឲ្យរដ្ឋអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការរបស់ពួកគេប្រើប្រាស់គំរូ RTI ផងដែរ។ [34 C.F.R. Sec. 300.307(a).] ព្រោះតែច្បាប់សហព័ន្ធ ដូច្នេះច្បាប់រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់គំរូនៃភាពលម្អៀង ឬគំរូ RTI នៅក្នុងការកំណត់ថាតើសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ [Cal. Ed. Code Sec. 56337(b)-(c).] មុនពេលអ្នកយល់ព្រមចំពោះការវាយតម្លៃលើការអប់រំពិសេសសម្រាប់កូនអ្នកក្រោមប្រភេទចំណាត់ថ្នាក់នេះ សូមប្រាកដថាអ្នកដឹង និងយល់ថាតើវិធីសាស្រ្តនៃការធ្វើការកំណត់នេះមួយណាដែលមណ្ឌលសិក្សាធិការរបស់អ្នកនឹងប្រើប្រាស់។
(3.14) តើ “គំរូនៃភាពលម្អៀង” នៃការកំណត់ថាតើសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ណាមួយ មានដំណើរការដូចម្តេច?
នៅក្នុងការសម្រេចចិត្តថាតើសិស្សមានភាពលម្អៀងធ្ងន់ធ្ងររវាងសមត្ថភាពបញ្ញា និងលទ្ធផលសិក្សារបស់គាត់នៅក្នុងការសម្តែងចេញជាពាក្យសម្តី ការយល់ដឹងតាមការស្តាប់ ការសម្តែងចេញតាមការសរសេរ បំណិនអំណានមូលដ្ឋាន ការយល់ដឹងតាមការអាន ការគណនាបែបគណិតវិទ្យា ឬការទាញហេតុផលបែបគណិតវិទ្យា មណ្ឌលសិក្សាធិការត្រូវតែពិនិត្យមើលឯកសារពាក់ព័ន្ធទាំងអស់ដែលមានផ្តល់ជូនស្តីពីសិស្សនោះ។ គ្មានពិន្ទុតែមួយមុខ ឬផលគុណនៃពិន្ទុ ឬតេស្ត ឬនីតិវិធីណាមួយ ត្រូវបានប្រើប្រាស់ជាកត្តាតែមួយមុខនៅក្នុងការធ្វើសេចក្តីសម្រេចនេះទេ។
តេស្តស្តង់ដាលើសមត្ថភាព និងលទ្ធផលសិក្សា តែងយកមកប្រើប្រាស់។ ប្រសិនបើពិន្ទុលទ្ធផលសិក្សារបស់សិស្ស ជាមធ្យមស្ថិតនៅក្រោមកម្រិតពិន្ទុសមត្ថភាពរបស់គាត់ ដូច្នេះវាបង្ហាញថាសិស្សមានភាពលម្អៀងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការទទួលបានសិទ្ធិអប់រំពិសេសក្រោមគំរូនេះ។
ជាផ្នែកមួយនៃការវាយតម្លៃរបស់ពួកគេ អ្នកវាយតម្លៃ ត្រូវបម្លែងពិន្ទុដែលទទួលបាន (ពិន្ទុមិនទាន់បម្លែង) ពីការធ្វើតេស្តផ្នែកសិក្សា និងផ្នែកពុទ្ធិទៅជាកម្រិតមាត្រដ្ឋានលើ 100 ហើយបន្ទាប់មកប្រៀបធៀបពួកវា។ ប្រសិនបើមានភាពលម្អៀងចន្លោះពី 20-22 ពិន្ទុ (គម្លាតស្តង់ដា 1.5) នេះជាការបង្ហាញយ៉ាងច្បាស់ថាសិស្សមានពិការភាពផ្នែកសិក្សា។ ភាពលម្អៀងនេះ ត្រូវតែបានផ្ទៀងផ្ទាត់ដោយព័ត៌មានវាយតម្លៃផ្សេងទៀតដូចជាព័ត៌មានបានមកតេស្តផ្សេងៗ កម្រិតមាត្រដ្ឋាន ឧបករណ៍រង្វាយតម្លៃ ការសង្កេត និងគំរូកិច្ចការ។ [5 C.C.R. Sec. 3030(b)(10)(B).]
ជួនកាល តេស្តស្តង់ដាមិនអាចយកមកប្រើប្រាស់សម្រាប់សិស្សមួយចំនួននោះទេ (ដូចជាតេស្ត IQ សម្រាប់សិស្សអាមេរិកាំងដើមកំណើតអាហ្រិកជាដើម)។ ក្នុងករណីនេះ ភាពលម្អៀងរវាងសមត្ថភាព និងលទ្ធផលសិក្សា ត្រូវតែធ្វើការវាស់ស្ទង់ដោយវិធីសាស្រ្តមួយចំនួនផ្សេងទៀត។ វិធីសាស្រ្តនៃការរង្វាយតម្លៃជំនួសនេះ ត្រូវតែបានបញ្ជាក់នៅក្នុងផែនការរង្វាយតម្លៃ ដែលឪពុកម្តាយត្រូវតែចុះហត្ថលេខាមុនពេលចាប់ផ្តើមអនុវត្តការធ្វើតេស្តនោះ។ [5 C.C.R. Sec. 3030(b)(10)(B)(2).] ប្រសិនបើតេស្តស្តង់ដាមិនបង្ហាញពីភាពលម្អៀងធ្ងន់ធ្ងររវាងសមត្ថភាព និងលទ្ធផលសិក្សានោះទេ ក្រុមការងារកម្មវិធី IEP នៅតែអាចដឹងបានថាមានភាពលម្អៀងធ្ងន់ធ្ងរណាមួយកើតមាន។ ក្រុមការងារកម្មវិធី IEP ត្រូវតែរៀបចំរបាយការណ៍ណាមួយស្តីពីសិស្សដែលរៀបរាប់អំពីលំនាំចិត្តសាស្ត្រមូលដ្ឋានដែលមានភាពលម្អៀង កម្រិតនៃភាពលម្អៀង និងមូលដ្ឋាននិងវិធីសាស្ត្រដែលបានប្រើប្រាស់ដើម្បីកំណត់ពីភាពលម្អៀងនៅក្នុងលំនាំនោះ។ របាយការណ៍ត្រូវតែរួមបញ្ចូលនូវព័ត៌មានពីការធ្វើតេស្ត ពីឪពុកម្តាយ ពីគ្រូបង្រៀនរបស់សិស្ស ពីការអង្កេតទៅលើសិស្ស និងពីការសកម្មភាពនៅក្នុងថ្នាក់រៀន និងគំរូកិច្ចការរបស់គាត់។ ទោះយ៉ាងណាក៏ដោយ បទពិសោធន៍នៅសាលាមានកម្រិត ឬការចូលរៀនមិនបានសមស្របនៅសាលារៀន មិនអាចជាបុព្វហេតុចម្បងនៃភាពលម្អៀងនេះទេ។ [5 C.C.R. Sec. 3030(b)(10)(B)(3) & (4).]
(3.15) តើ “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍ (RTI)” ជាអ្វី ហើយតើវាដើរតួនាទីក្នុងផ្នែកណាខ្លះនៅក្នុងការកំណត់ថាតើកូនរបស់ខ្ញុំមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់?
គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍ (RTI) គឺជាគោលវិធីមានច្រើនថ្នាក់ ដើម្បីការកំណត់និងរាយការណ៍ពីដើមទីអំពីសិស្សដែលមានតម្រូវការផ្នែកសិក្សា និងតម្រូវការផ្នែកអាកប្បកិរិយា។ កិច្ចដំណើងការ RTI ចាប់ផ្តើមជាមួយនឹងការបង្រៀនដែលមានគុណភាពខ្ពស់ និងការពិនិត្យតាមដានជារួមទៅលើកុមារទាំងអស់នៅក្នុងថ្នាក់អប់រំទូទៅ។ តាមនិយមន័យ គំរូ RTI គឺជាកិច្ចដំណើរការបង្រៀន និងការវាយតម្លៃទូទាំងសាលាដែលបានប្រើប្រាស់ដើម្បីជួយដល់សិស្សគ្រប់គ្នា។
គំរូ RTI ក៏ជាវិធីសាស្ត្រមួយនៃការវាយតម្លៃសិស្សម្នាក់ដើម្បីកំណត់ថាតើសិស្សនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមចំណាត់ថ្នាក់នៃពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ ច្បាប់សហព័ន្ធនិងរដ្ឋ អនុញ្ញាតឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់គំរូ RTI ដើម្បីផ្តល់ការបង្រៀន និងការកែប្រែឡើងវិញចំពោះសិស្សដែលប្រឈមនឹងបញ្ហាលំបាកនៅក្នុងថ្នាក់រៀន និងដើម្បីជួយកំណត់សិទ្ធិរបស់ពួកគេក្នុងការទទួលបានការអប់រំពិសេសនៅក្រោមពិការភាពនៃការសិក្សាជាក់លាក់។ [34 C.F.R. Sec. 300.309(b); 34 C.F.R. Sec. 300.307; 5 C.C.R Sec. 3030(b)(10)(C)(2)(i).] RTI មិនត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់ស្តីពីការអប់រំពិសេសនោះទេ។ ប៉ុន្តែ ជាទូទៅ សេវាកម្ម RTI អាចរួមបញ្ចូលនូវការយកចិត្តទុកដាក់និងការតាមដានបន្ថែម ការបង្រៀនជាក្រុមតូចៗ និងការបង្រៀនលក្ខណៈបុគ្គល។ រយៈពេលនៃការវាយតម្លៃ/ការបង្រៀននៅក្នុង RTI អាចចំណាយពេលច្រើនខែ។ បើទោះបីជាមណ្ឌលសិក្សាធិការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃនៅក្នុង RTI យ៉ាងណាក៏ដោយ វានៅតែត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវ និងកាលវេលានៃការវាយតម្លៃរបស់សហព័ន្ធនិងរដ្ឋដដែល។
(3.16) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានបន្ថែមទៀតអ្វីខ្លះដែលបានប្រើប្រាស់ដោយក្រុមការងារ IEP ដើម្បីកំណត់ថាតើកុមារម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ណាមួយដែរឬអត់?
មណ្ឌលសិក្សាធិការដែលប្រើប្រាស់គំរូវាយតម្លៃ RTI និងកិច្ចដំណើរការវាយតម្លៃលើភាពលម្អៀងធ្ងន់ធ្ងរ អាចដឹងថាសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់បាន ប្រសិនបើមណ្ឌលរកឃើញថាសិស្សម្នាក់មិនទទួលបានលទ្ធផលសមស្របសម្រាប់វ័យរបស់គាត់ ឬនៅក្នុងការបំពេញតាមស្តង់ដាកម្រិតនិទ្ទេសដែលរដ្ឋបានអនុម័តនៅក្នុងផ្នែកនានាយ៉ាងតិចបំផុតចំនួនមួយ បើទោះបីជាសិស្សនោះបានឆ្លងកាត់ការសិក្សា និងការបង្រៀនដែលសមស្របសម្រាប់អាយុ ឬកម្រិតនិទ្ទេសដែលរដ្ឋបានអនុម័តក៏ដោយ ផ្នែកទាំងនោះរួមមាន៖ ការសម្តែងចេញជាពាក្យសម្តី ការយល់ដឹងតាមការស្តាប់ ការសម្តែងចេញតាមការសរសេរ បំណិនអំណានមូលដ្ឋាន បំណិនភាពស្ទាត់ជំនាញក្នុងការអាន ការយល់ដឹងតាមការអាន ការគណនាបែបគណិតវិទ្យា ឬការដោះស្រាយចំណោទគណិតវិទ្យា។
ក្រុមការងារកម្មវិធី IEP ត្រូវតែរកឲ្យឃើញថា៖
- សិស្សមិនមានការរីកចម្រើនគ្រប់គ្រាន់ដើម្បីបំពេញតាមកម្រិតអាយុ ឬស្តង់ដាកម្រិតនិទ្ទេសដែលរដ្ឋបានអនុម័តនៅក្នុងផ្នែកសិក្សាយ៉ាងតិចចំនួនមួយដែលមានចែងខាងលើ ផ្អែកទៅលើរបៀបដែលសិស្សធ្វើការឆ្លើយតបទៅនឹងអន្តរាគមន៍តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ (RTI) ឬ
- សិស្សបង្ហាញនូវទំរង់នៃចំណុចខ្លាំង និងចំណុចខ្សោយនៅក្នុងសកម្មភាពសិក្សា លទ្ធផលសិក្សា ឬទាំងសកម្មភាពនិងលទ្ធផលសិក្សា ដែលពាក់ព័ន្ធនឹងអាយុរបស់គាត់ ស្តង់ដាកម្រិតនិទ្ទេសដែលរដ្ឋបានអនុម័តការលូតលាស់ផ្នែកបញ្ញា ដែលចំណុចទាំងអស់ត្រូវបានបុគ្គលដែលជាអ្នកធ្វើការសម្រេចចិត្តលើការទទួលបានសិទ្ធិសម្រាប់ពិការភាពផ្នែកសិក្សាជាក់លាក់ កំណត់ថាមានជាប់ពាក់ព័ន្ធនៅក្នុងការសម្រេចចិត្តថាតើគាត់មានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់ តាមរយៈការប្រើប្រាស់ការវាយតម្លៃដែលអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់អប់រំពិសេសរបស់សហព័ន្ធសម្រាប់ការវាយតម្លៃទៅលើសិស្ស និង
- ការរកឃើញលទ្ធផលសិក្សាមិនសមស្រប ទោះបីមានការឆ្លងកាត់ការសិក្សានិងការបង្រៀនសមស្របក៏ដោយ និងការរកឃើញការលូតលាស់មិនសមស្របនៅក្នុងការឆ្លើយតបទៅលើអន្តរាគមន៍តាមសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលបានចែងខាងលើ លទ្ធផលទាំងនេះភាគច្រើនមិនបណ្តាលមកពីពិការភាពផ្នែកចក្ខុ ការស្តាប់ ឬចលករ ពិការភាពផ្នែកបញ្ញា វិបត្តិផ្លូវចិត្ត កត្តាវប្បធម៌ គុណវិបត្តិផ្នែកបរិស្ថានឬសេដ្ឋ ឬសមត្ថភាពភាសាអង់គ្លេសមានកម្រិតនោះទេ។
ដើម្បីឲ្យប្រាកដថាលទ្ធផលសិក្សាមិនល្អដែលបានរៀបរាប់ខាងលើ មិនមែនដោយសារតែកង្វះការបង្រៀនសមស្របក្នុងផ្នែកអំណានឬគណិតវិទ្យានោះទេ ដូច្នេះបុគ្គលដែលធ្វើការសម្រេចចិត្តលើការទទួលបានសិទ្ធិសម្រាប់ពិការភាពផ្នែកសិក្សាជាក់លាក់ ត្រូវតែកំណត់ថាមុនពេលកុមារត្រូវបានបញ្ចូនបន្តសម្រាប់ការវាយតម្លៃលើការអប់រំពិសេស គាត់បានទទួលការបង្រៀនសមស្របនៅក្នុងការអប់រំធម្មតាដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ត្រូវតែមានការចងក្រងឯកសារស្តីពីការវាយតម្លៃម្តងហើយម្តងទៀតទៅលើលទ្ធផលសិក្សានៅក្នុងចន្លោះពេលមួយដ៏សមស្រប ដែលឆ្លុះបញ្ចាំងនូវការវាយតម្លៃផ្លូវការអំពីការរីកចម្រើនរបស់សិស្សនៅអំឡុងពេលបង្រៀន និងដែលត្រូវបានផ្តល់ជូនទៅដល់ឪពុកម្តាយរបស់សិស្ស។
ជាចុងក្រោយ នៅក្នុងការកំណត់ថាតើសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ឬអត់នោះ មណ្ឌលសិក្សាធិការត្រូវតែសង្កេតមើលសិស្សនោះនៅក្នុងមជ្ឈដ្ឋានសិស្សារបស់គាត់ រួមទាំងមជ្ឈដ្ឋានថ្នាក់រៀនធម្មតាផងដែរ។ ប្រសិនបើកុមារនោះតូចខ្លាំងពេកនៅមិនទាន់បានចាប់ផ្តើមចូលរៀននៅឡើយ ឬនៅក្រៅសាលា កុមារនោះត្រូវទទួលបានការសង្កេតតាមដានដោយបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងមជ្ឈដ្ឋានដែលសមស្របតាមអាយុ។
បើទោះបីជាមណ្ឌលសិក្សាធិការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃនៅក្នុង RTI យ៉ាងណាក៏ដោយ វានៅតែត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវាយតម្លៃរបស់សហព័ន្ធនិងរដ្ឋដដែល។
[34 C.F.R. Sec. 300.309(a)(2)(i); 5 C.C.R. Sec. 3030(b)(10)(C).]
(3.17) តើកុមារមួយចំនួនត្រូវទទួលរងផលលំបាកតាមរយៈលក្ខណៈវិនិច្ឆ័យលើការទទួលបានសិទ្ធិសម្រាប់ពិការភាពផ្នែកសិក្សាដែរឬទេ?
បាទ/ចាស។ នៅពេលមណ្ឌលសិក្សាធិការសម្រេចប្រើប្រាស់គំរូនៃភាពលម្អៀងនេះ កុមារតូចនៅចន្លោះកម្រិតថ្នាក់មត្តេយ្យសិក្សា និងថ្នាក់ទីពីរ មានការពិបាកក្នុងការទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសារតែតេស្តបញ្ចប់ការសិក្សាសម្រាប់កម្រិតថ្នាក់ទាំងនោះ ជាធម្មតាមិនបង្ហាញនូវភាពលំបាករបស់កុមារនោះទេ។ ម្យ៉ាងទៀត កុមាដែលធ្វើតេស្តបានពិន្ទុមធ្យមកម្រិតទាបនៅក្នុងផ្នែកសតិបញ្ញា ក៏ត្រូវទទួលរងផលលំបាកផងដែរ ដោយសារតែវាពិបាកក្នុងការរកឃើញនូវ “ភាពលម្អៀងធ្ងន់ធ្ងរ” រវាងសមត្ថភាព និងលទ្ធផលសិក្សា។ ម្យ៉ាងវិញទៀត ក្រោមលក្ខណៈវិនិច្ឆ័យទាំងនេះ កុមារដែលមានភាពឆ្លាតវ័យខ្លាំង អាចនឹងបង្ហាញនូវភាពលម្អៀងរវាងសកម្មភាពសិក្សា និងសក្តានុពលរបស់ពួកគេ។
(3.18) តើសិស្សម្នាក់ចាំបាច់ត្រូវមានការលូតលាស់ផ្នែកសិក្សាយឺតយ៉ាវជាងអាយុចំនួនពីរឆ្នាំមែនឬទេ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេសសម្រាប់ជាផ្នែកមួយនៃពិការភាពផ្នែកសិក្សា?
ទេ។ មិនមានសេចក្តីយោងណាមួយទៅក្នុងលក្ខណៈវិនិច្ឆ័យលើការទទួលបានសិទ្ធិរបស់សហព័ន្ធ ឬរដ្ឋសម្រាប់ពិការភាពផ្នែកសិក្សា ឬពិការភាពផ្សេងទៀតណាមួយ ដែលតម្រូវឲ្យសិស្សត្រូវមានការលូលាស់ផ្នែកសិក្សាយឺតយ៉ាវជាងអាយុចំនួនពីរឆ្នាំនោះទេ។ ប្រសិនបើមណ្ឌលសិក្សាធិការប្រើប្រាស់គំរូនៃភាពលម្អៀងនេះ លទ្ធផលសិក្សាររបស់សិស្ស ត្រូវតែយកទៅប្រៀបធៀបជាមួយនឹងកម្រិតសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ មិនមែនប្រៀបធៀបជាមួយនឹងកម្រិតសមត្ថភាពរបស់សិស្សផ្សេងទៀតទេ។ [34 C.F.R. Secs. 300.8(c)(10), 300.309(a)(1) & (2); 5 C.C.R. Sec. 3030(b)(10)(B).]
(3.19) តើសិស្សដែលមានទេពកោសល្យអាចត្រូវបានបដិសេធសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ សម្រាប់ពិការភាពផ្នែកសិក្សាជាក់លាក់ដោយផ្អែកតែទៅលើមូលដ្ឋានសតិបញ្ញាតែមួយមុខ?
ទេ។ លិខិតបញ្ជាក់នៃការិយាល័យកម្មវិធីអប់រំពិសេសរបស់សហព័ន្ធដែលបានសរសេរជាលាយលក្ខណ៍អក្សរនៅថ្ងៃទី14 ខែមករា ឆ្នាំ1992 បញ្ជាក់ថា៖
ទាំងបទប្បញ្ញត្តិផ្នែក B និងផ្នែក A គ្មានបទប្បញ្ញត្តិណាមួយចែងអំពី ការបដិសេធមួយចំនួនដោយផ្អែកលើមូលដ្ឋានកម្រិតសតិបញ្ញានៅក្នុងការកំណត់សិទ្ធិទទួលបានសេវាកម្មផ្នែក B នោះទេ...។ គ្រប់កុមារទាំងអស់ លើកលែងតែអ្នកដែលទទួលបានការបដិសេធយ៉ាងជាក់លាក់ទៅក្នុងបទប្បញ្ញត្តិនោះ ដោយមិនគិតពីកម្រិត IQ នោះទេ ពុំនោះសោត ពួកគេត្រូវចាត់ទុកថាមានពិការភាពសិក្សាជាក់លាក់ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន...។ [18 IDELR 683.]
លើសពីនេះទៀត មណ្ឌលសិក្សាធិការ មិនអាចបដិសេធការវាយតម្លៃសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសតែទៅលើកម្រិតនិទ្ទេសសមស្របតែមួយមុខនោះទេ។ កម្រិតនិទ្ទេស គ្រាន់តែជាសូចនាករមួយតែប៉ុណ្ណោះនៃផលប៉ះពាល់អប់រំ ដែលពិការភាពរបស់សិស្សកំពុងជះឥទ្ធិពលទៅលើមុខងារសិក្សារបស់សិស្សនៅសាលា។
(3.20) តើលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានអ្វីខ្លះសម្រាប់កុមារដែលមានអាយុចាប់ពីបីឆ្នាំដល់ប្រាំឆ្នាំ?
លក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សា គឺដូចគ្នាទៅនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កុមារដែលគ្រប់អាយុចូលរៀនដែរ។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ត្រូវតែមានស្ថានភាពបាត់បង់នីតិសម្បទាដូចខាងក្រោម៖
- អូទីស៊ីម
- ពិការភ្នែក-គ-ថ្លង់
- ពិការគ-ថ្លង់
- វិបត្តិផ្លូវចិត្ត
- ភាពចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ភាពចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (អាចមានដូចជាជំងឺស្មារតីអន់ខ្សោយ (ADD) ជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ជំងឺសរសៃប្រសាទ (Tourette Syndrome) ជំងឺបំពុងក-មាត់ ជំងឺកើតមានលើទារកដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង (FAS) ជំងឺបាយប៉ូឡា និងជំងឺសរសៃប្រសាទសរីរាង្គផ្សេងទៀត មើល Fed. Reg. Vol. 71, No. 156, p. 46550);
- ពិការភាពនៃការសិក្សាជាក់លាក់
- ភាពចុះខ្សោយផ្នែកពាក្យសម្តីឬភាសា យ៉ាងតិចបំផុតចំនួនមួយនៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ
- ភាពចុះខ្សោយនៃគំហើញ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក (ស្ថានភាពជំងឺដែលបាត់បង់នីតិសម្បទា ឬប្រជុំរោគសញ្ញាពីកំណើតដែលក្រុមការងារកម្មវិធី IEP កំណត់ថាមានលទ្ធភាពអាចដឹងជាមុនបានយ៉ាងច្បាស់អំពីលក្ខខណ្ឌតម្រូវឲ្យមានសេវាអប់រំពិសេស និងសេវាកម្មនានា។)
[34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030, Cal. Ed. Code Sec. 56441.11.]
បន្ថែមពីលើការទទួលបានលក្ខខណ្ឌលក្ខណៈសម្បត្តិគ្រប់គ្រាន់តិចបំផុតចំនួនមួយ កុមារម្នាក់ត្រូវតែមានតម្រូវការការបង្រៀនដែលបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានាដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ហើយក៏ត្រូវតែមានតម្រូវការដែលមិនអាចបំពេញបានតាមរយៈការកែសម្រួលមជ្ឈដ្ឋានធម្មតានៅតាមផ្ទះ ឬសាលារៀន ឬមជ្ឈដ្ឋានទាំងពីរ បើសិនជាគ្មានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់ដូចដែលបានកំណត់ដោយក្រុមការងារកម្មវិធី IEP នោះទេ។ [Cal. Ed. Code Secs. 56441.11(b)(2) & (3).]
កុមារម្នាក់ មិនអាចមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាអប់រំពិសេស ឬសេវាកម្មនានានោះទេ ប្រសិនបើកុមារនោះមិនបានបំពេញលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន និងមិនបំពេញតាមតម្រូវការអប់រំរបស់ខ្លួន ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖
- ការមិនធ្លាប់ដឹងភាសាអង់គ្លេស
- ពិការភាពរាងកាយបណ្តោះអាសន្ន
- ការមិនសម្របខ្លួនទៅនឹងសង្គម ឬ
- កត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច
[Cal. Ed. Code Sec. 56441.11(C) មើលជំពូក 13 ព័ត៌មានស្តីពីការសេវាអប់រំថ្នាក់មត្តេយ្យសិក្សា]
(3.21) តើកូនរបស់ខ្ញុំអាចមានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ ប្រសិនបើគាត់គ្រាន់តែត្រូវការសេវាកម្មពាក់ព័ន្ធមួយចំនួន ឧទាហរណ៍ដូចជាការព្យាបាលផ្នែកពាក្យសម្តីជាដើម ប៉ុន្តែមិនត្រូវការបង្រៀនផ្នែកអប់រំពិសេសទេ?
ទេ។ ច្បាប់សហព័ន្ធចែងជាពិសេសថា បន្ថែមពីលើការបំពេញតាមប្រភេទចំណាត់ថ្នាក់ពិការភាពណាមួយ សិស្សត្រូវតែមានតម្រូវការការបង្រៀនផ្នែកអប់រំពិសេសក្នុងកម្រិតណាមួយ។ [34 C.F.R. Sec. 300.8(a)(2)(i).] ម្យ៉ាងទៀត បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាចែងថាកុមារម្នាក់អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ប្រសិនបើលទ្ធផលរង្វាយតម្លៃ “បង្ហាញពីភាពចុះខ្សោយរបស់កុមារ ... តម្រូវឲ្យមានការអប់រំពិសេសនៅក្នុងជម្រើសកម្មវិធីណាមួយ។” [5 C.C.R. Sec. 3030(a).] ផ្អែកលើលក្ខខណ្ឌទាំងនេះ កុមារម្នាក់អាចនឹងមិនមានសិទ្ធិទទួលបានការអប់រំពិសេសទេ ប្រសិនបើគាត់គ្រាន់តែត្រូវការសេវាកម្មពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការកំណត់លើសិទ្ធិទទួលបានរបស់កុមារ មណ្ឌលសិក្សាត្រូវតែចុះធ្វើការវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយទៅក្នុងផ្នែកនៃពិការពារភាពដែលមានការសង្ស័យទាំងអស់។ តម្រូវការរបស់កុមារសម្រាប់សេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលពាក្យសម្តី ឬការព្យាបាលមុខងារវិជ្ជាជីវៈ/ចលនា គួរតែនាំឲ្យមានការសង្ស័យទៅលើពិការភាពជាមូលដ្ឋានដែលមណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃដើម្បីកំណត់ថាតើកុមារនោះបំពេញតាមលក្ខខណ្ឌលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយហើយឬនៅ។ ដូចគ្នានេះដែរ មុនពេលផ្តល់ការណែនាំឲ្យកុមារណាម្នាក់ដែលទទួលបានសិទ្ធិឲ្យចាកចេញពីការអប់រំពិសេស មណ្ឌលសិក្សាធិការត្រូវតែអនុវត្តការវាយតម្លៃដើម្បីពិនិត្យមើលថាតើកុមារនោះនៅបន្តមានសិទ្ធិទទួលបានក្រោមចំណាត់ថ្នាក់ផ្សេងទៀតណាមួយដែរឬអត់។
(3.22) ប្រសិនបើគ្រួសាររបស់ខ្ញុំផ្លាស់ទីលំនៅទៅកាន់មណ្ឌលសិក្សាធិការថ្មី តើកូនរបស់ខ្ញុំចាំបាច់ត្រូវពិនិត្យមើលសិទ្ធិទទួលបានការអប់រំពិសេសសាជាថ្មីដោយមណ្ឌលសិក្សាធិការថ្មីដែរឬអត់?
ទេ។ នៅពេលដែលសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការមួយផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ាដែលមិនមានដំណើរការក្រោមផែនការក្នុងមូលដ្ឋានដូចគ្នាក្នុងអំឡុងឆ្នាំសិក្សាតែមួយដូចគ្នា ពេលនោះមណ្ឌលសិក្សាធិការថ្មី ត្រូវតែធានាថាគាត់ទទួលបានជាបន្ទាន់នូវសេវាកម្មប្រហាក់ប្រហែលគ្នាទៅនឹងសេវាកម្មទាំងនោះដែលបានផ្តល់ជូនដោយផែនការ IEP ដែលបានអនុម័តពីមុនមកពីមណ្ឌលសិក្សាធិការចាស់ ដោយមានការពិគ្រោះយោបល់ជាមួយឪពុកម្តាយ ក្នុងរយៈពេលមិនលើសពី 30 ថ្ងៃឡើយ។
ក្នុងរយៈពេល 30 ថ្ងៃ មណ្ឌលសិក្សាធិការថ្មី ត្រូវតែប្រើប្រាស់កម្មវិធី IEP ដែលបានអនុម័តពីមុនមក ឬបង្កើត ប្រើប្រាស់ និងអនុវត្តផែនការ IEP ថ្មីក៏បាន។ សាលារៀនថ្មី ត្រូវតែចាត់វិធានការសមស្របដើម្បីទទួលបានកំណត់ត្រារបស់កូនសិស្សពីសាលារៀនចាស់របស់គាត់ដើម្បីជួយសម្រួលដល់ការផ្ទេរការសិក្សារបស់សិស្ស។ [Cal. Ed. Code Secs. 56325(a)(1) & (b)(1).]
នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការមួយផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ាដែលមិនមានដំណើរការក្រោមផែនការក្នុងមូលដ្ឋានដូចគ្នាក្នុងអំឡុងឆ្នាំសិក្សាតែមួយដូចគ្នា ពេលនោះមណ្ឌលសិក្សាធិការថ្មីត្រូវបន្តផ្តល់ជូនដល់សិស្ស ដោយគ្មានការពន្យារពេលនោះទេ នូវសេវាកម្មប្រហាក់ប្រហែលគ្នាទៅនឹងសេវាកម្មទាំងនោះដែលបានផ្តល់ជូនដោយផែនការ IEP ដែលបានអនុម័តពីមុនមកពីមណ្ឌលសិក្សាធិការចាស់ ដរាបណាឪពុកម្តាយ និងមណ្ឌលសិក្សាធិការយល់ព្រមបង្កើត ប្រើប្រាស់ និងអនុវត្តផែនការ IEP ថ្មីដែលមានភាពស្របគ្នាទៅនឹងច្បាប់សហព័ន្ធនិងរដ្ឋ។ [Cal. Ed. Code Sec. 56325 (a)(2).]
នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានទីតាំងស្ថិតនៅក្រៅរដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំសិក្សាតែមួយដូចគ្នា មណ្ឌលសិក្សាថ្មីត្រូវផ្តល់ឲ្យសិស្សនូវការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ រួមទាំងសេវាកម្មដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មទាំងឡាយដែលមានរៀបរាប់នៅក្នុងផែនការ IEP ដែលបានអនុម័តពីមុនមក ដោយមានការពិគ្រោះយោបល់ជាមួយឪពុកម្តាយ រហូតដល់មណ្ឌលសិក្សាធិការចុះធ្វើការវាយតម្លៃណាមួយ ប្រសិនបើមណ្ឌលសិក្សាធិការបានកំណត់ថាចាំបាច់ និងបង្កើតកម្មវិធី IEP ថ្មី ប្រសិនបើសមស្រប ដែលទាំងនេះមានភាពស្របគ្នាទៅនឹងច្បាប់រដ្ឋនិងសហព័ន្ធ។ [Cal. Ed. Code Sec. 56325 (a)(3).]
(3.23) ប្រសិនបើកូនរបស់ខ្ញុំមិនបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការអប់រំពិសេសទេ តើកូនរបស់ខ្ញុំអាចទទួលបានសេវាកម្មផ្នែក 504 ដើម្បីដោះស្រាយបញ្ហាអប់រំដែរឬទេ?
កុមារម្នាក់ដែលអាចមានបញ្ហាសិក្សារៀនសូត្រ អាចនឹងនៅតែរកមិនឃើញថាមានសិទ្ធិទទួលបានសេវាអប់រំពិសេសទេ ដោយសារតែគាត់មិនមែនជាផ្នែកមួយនៃប្រភេទចំណាត់ថ្នាក់ស្តីពីសិទ្ធិទទួលបានការអប់រំពិសេសនោះទេ និង/ឬដោយសារតែតម្រូវការសិក្សារបស់គាត់មិនមានភាពបន្ទាន់គ្រប់គ្រាន់ដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសនោះទេ។ បញ្ហានេះអាចជាករណីកើតមានជាញឹកញាប់សម្រាប់កុមារដែលកំណត់ថាមានបញ្ហាសកម្មហួសហេតុ មានបញ្ហាពិបាកអាន ជំងឺអូទីស៊ិមប្រភេទ PDD ជំងឺសរសៃប្រសាទ (Tourette Syndrome) ជំងឺរវើរវាយខ្លាំង (obsessive compulsive disorder) បញ្ហាកិរិយាមាយាទ បញ្ហារករឿងប្រឆាំងមិនស្តាប់បង្គាប់ ឬជំងឺ ADD/ADHD។ ក្នុងចំណោមស្ថានភាពទាំងនេះ មានតែជំងឺ ADD/ADHD និងជំងឺសរសៃប្រសាទ (Tourette Syndrome) ប៉ុណ្ណោះ ត្រូវបានរៀបរាប់យ៉ាងច្បាស់នៅក្នុងលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេស។
ប៉ុន្តែ កុមារម្នាក់នោះអាចមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងការកែសម្រួលកម្មវិធីនៅក្រោមច្បាប់សហព័ន្ធស្តីពីការប្រឆាំងនឹងការរើសអើងដែលបានបង្កើតឡើងដើម្បីជួយគាំទ្រយ៉ាងសមស្របចំពោះស្ថានភាពរបស់សិស្ស ដើម្បីបំពេញតាមតម្រូវការរបស់សិស្សដែលមិនមានពិការភាព។ ច្បាប់នេះត្រូវបានស្គាល់ជាទូទៅថាច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 ផ្នែក 504។ [29 U.S.C. Sec. 794; implementing regulations at 34 C.F.R. Secs. 104.1 and following.]
ការទទួលបានសិទ្ធិនៅក្នុងផ្នែក 504 គឺមិនផ្អែកទៅលើការវិភាគលើពិការភាពតាមប្រភេទចំណាត់ថ្នាក់ទេ (លើកលែងតែស្ថានភាពមួយចំនួនដូចជាជំងឺ ADD/ADHD ជាដើម ត្រូវបានទទួលស្គាល់រឿយៗថាជាស្ថានភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមផ្នែក 504)។ ផ្ទុយទៅវិញ ការការពារនៅក្នុងផ្នែក 504 គឺមានផ្តល់ជូនដល់សិស្សដែលអាចចាត់ទុកថាមានពិការភាពពាក់ព័ន្ធនឹងផ្នែកមុខងារ។ សិស្សទាំងនេះ៖
- មានភាពចុះខ្សោយផ្នែករាងកាយនិងផ្លូវចិត្ត ដែលរឹតត្បិតជាទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតរស់នៅ (ដូចជាការសិក្សា និងការផ្ចង់ស្មារតីជាដើម)។
- មានប្រវត្តិធ្លាប់មានភាពចុះខ្សោយណាមួយ ឬ
- ត្រូវបានចាត់ទុកថាមានភាពចុះខ្សោយណាមួយ។
[34 C.F.R. Sec. 104.3(j).]
ប្រសិនបើកូនរបស់អ្នកមិនរកឃើញថាមានពិការភាពណាមួយសម្រាប់គោលបំណងនៃសេវាជំនួយ និង/ឬសេវាកម្មនានាក្រោមផ្នែក 504 នោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការកំណត់នោះបាន។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន មានការទទួលខុសត្រូវចំពោះការរៀបចំកិច្ចដំណើរការសវនាការក្រោមផ្នែក 504។ មន្ត្រីសវនាការដែលបានជ្រើសរើសដោយទីភ្នាក់ងារអប់រំមូលដ្ឋាន ត្រូវតែមានភាពឯករាជ្យមិនចំណុះឲ្យទីភ្នាក់មូលដ្ឋានឡើយ។ ឧទាហរណ៍ មន្ត្រីសវនាការអាចជាអ្នកគ្រប់គ្រងរដ្ឋបាលអប់រំពិសេសណាម្នាក់មកពីមណ្ឌលសិក្សាផ្សេងទៀត មកពីការិយាល័យអប់រំប្រចាំខោនធី ឬមកពីផ្នែកផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស – ដរាបណាគ្មានទំនាស់ផលប្រយោជន៍នឹងគ្មា។
ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR) នៅក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Department of Education) បានគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់លើការការពារក្រោមផ្នែក 504 នៅក្នុងផ្នែកអប់រំ។ ប្រសិនបើអ្នកជឿជាក់ថាកូនរបស់អ្នកមិនមានលទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួនក្រោមផ្នែក 504 ទេ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យសេវាពលរដ្ឋបាន តាមអាសយដ្ឋាន៖
San Francisco Office
Office for Civil Rights
U.S. Department of Education
50 United Nations Plaza
San Francisco, CA 94102
ទូរសព្ទ៖ 415-486-5555
ទូរសារ៖ 415-486-5570; TDD: 800-877-8339
មើលជំពូក 6 ព័ត៌មានស្តីពីបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។ មើលផងដែរនូវជំពូក 16 ព័ត៌មានស្តីពីផ្នែក 504 និងការរើសអើងផ្នែកលើមូលដ្ឋានពិការភាព។
នៅពេលអ្នកបញ្ជូនកូនរបស់អ្នកជាបន្តសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស លិខិតបញ្ជូនបន្តរបស់អ្នកអាចរួមបញ្ចូលនូវសំណូមពរសុំឲ្យកូនរបស់អ្នកទទួលបានការវាយតម្លៃផងដែរស្ថិតក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 (ហៅកាត់ថា “ផ្នែក 504”) ដើម្បីកំណត់ថាតើកូនរបស់អ្នកអាចមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់នោះដែរឬអត់។ ប្រសិនបើមានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការអាចតម្រូវឲ្យផ្តល់នូវសេវាជំនួយ/សេវាកម្មសមស្របនានា រួមទាំងសេវាកម្មអប់រំពិសេសផងដែរ ដើម្បីអនុញ្ញាតឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីសាលារៀនដូចជាកុមារដែលគ្មានពិការភាពដែរ។ សេវាជំនួយ និង/ឬសេវាកម្មនេះ អាចនឹងមានសារៈសំខាន់ ប្រសិនបើកូនរបស់អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស/កម្មវិធី IEP នោះទេ ឬប្រសិនបើសេវាជំនួយ និង/ឬសេវាកម្មទាំងនោះមិនត្រូវបានផ្តល់ជូនក្រោមច្បាប់អប់រំពិសេស ដោយសារហេតុផលមួយចំនួន។ [OCR Memorandum, Letter to Veir, 19 IDELR 876 (April 29, 1993).]
(3.24) ប្រសិនបើសិស្សម្នាក់មានសិទ្ធិទទួលបានសេវាក្រោមផ្នែក 504 តែមួយមុខ តើគាត់អាចទទួលបានសេវាអប់រំពិសេសដែរឬទេ?
បាទ/ចាស។ លិខិតរបស់ការិយាល័យ OCR ដែលបានសរសេរកាលពីថ្ងៃទី29 ខែមេសា ឆ្នាំ1993 លើកឡើងនូវសំណួរនេះ៖ កុមារម្នាក់...ដែលមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារនៃផ្នែក 504 ប៉ុន្តែមិនស្ថិតក្រោមក្របខណ្ឌច្បាប់ IDEA តើកុមារនោះមានសិទ្ធិទទួលបានសេវាអប់រំពិសេសដែរឬទេ?
បាទ/ចាស។ ប្រសិនបើកុមារម្នាក់...រកឃើញថាមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារផ្នែក 504 គាត់មានសិទ្ធិទទួលបានសេវាអប់រំពិសេសណាមួយដែលក្រុមការងារផ្នែករៀបចំដាក់បញ្ចូលទៅក្នុងការសិក្សានោះសម្រេចថាមានភាពចាំបាច់។ [19 IDELR 876.] ជាទូទៅ មណ្ឌលសិក្សាធិការ មិនបានដឹងអំពីបំណកស្រាយផ្នែកច្បាប់របស់ការិយាល័យ OCR នេះទេ។ ប្រសិនបើអ្នកជឿជាក់ថាកូនរបស់អ្នកត្រូវការសេវាអប់រំពិសេសដើម្បីទទួលបានការអប់រំ FAPE ពេលនោះអ្នកគប្បីផ្តល់ដំណឹងដល់ក្រុមការងារធ្វើផែនការផ្នែក 504 អំពីកំណត់ហេតុខាងលើ នៅមុនពេលកិច្ចប្រជុំ។
(3.25) កូនរបស់ខ្ញុំកំពុងមានការរីកចម្រើនពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត។ តើគាត់នៅតែអាចមានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ?
បាទ/ចាស។ ដរាបណាកុមារនោះបំពេញតាមប្រភេទចំណាត់ថ្នាក់ណាមួយនៃការទទួលបានសិទ្ធិនេះ និងមានតម្រូវការការអប់រំពិសេស ដូច្នេះការដែលគាត់មានការរីកចម្រើនពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត ដោយមិនចាំបាច់មានការអប់រំពិសេសនោះ គឺមិនមានន័យថាគាត់មិនមានសិទ្ធិទទួលបានការអប់រំពិសេសសាធារណៈដោយឥតគិតថ្លៃនោះទេ។ [34 C.F.R. Sec. 300.111(c)(1).]
(3.26) តើមណ្ឌលសិក្សាធិការអាចកម្រិតដែនកំណត់សេវាកម្មដែលកូនរបស់ខ្ញុំទទួលបានផ្អែកលើពិការភាពរបស់គាត់ដែរឬទេ?
សាលារៀនមិនអាចធ្វើការសន្និដ្ឋានថាពិការភាពជាក់លាក់មួយចំនួន មានផលប៉ះពាល់ដល់សិស្សបែបណាឲ្យប្រាកដនោះទេ។ ឧទាហរណ៍ តាមរយៈការកំណត់សេវាកម្មចំពោះសិស្សដែលមានភាពចុះខ្សោយផ្នែកគ្រោងឆ្អឹងត្រឹមកម្រិតនៃការអប់រំកាយដែលមានការសម្របសម្រួលប៉ុណ្ណោះ។ ពិការភាព មានការប្រែប្រួលក្នុងកម្រិត និងក្នុងបែបផែននានាដែលពួកវាមានផលប៉ះពាល់ដល់បុគ្គលនានា។ ការសម្រេចទៅលើការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ត្រូវតែផ្អែកលើតម្រូវការពិសេសរបស់កុមារម្នាក់ៗ។ [34 C.F.R. Secs. 300.39 & 300.320(a)(2)(i)(A); Cal. Ed. Code Secs. 56031(a) & 56345(a)(2)(A).] សេវាកម្ម និងការដាក់បញ្ចូលក្នុងការសិក្សាដែលកុមារមានពិការភាពត្រូវការចាំបាច់ដើម្បីទទួលបានការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ ត្រូវតែផ្អែកលើតម្រូវការពិសេសរបស់កុមារ និងមិនមែនផ្អែកលើពិការភាពរបស់កុមារនោះទេ។ [34 C.F.R. Secs. 300.39 & 300.324(a).]
(3.27) កូនរបស់ខ្ញុំមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់សិទ្ធិទទួលបាននេះ ប៉ុន្តែគាត់មានបញ្ហាផ្សេងទៀតដែលប៉ះពាល់ដល់ការសិក្សារបស់គាត់។ តើមណ្ឌលសិក្សាធិការត្រូវដោះស្រាយបញ្ហាតម្រូវការផ្នែកសិក្សាផ្សេងៗទាំងនេះដែរឬទេ?
បាទ/ចាស។ ច្បាប់សហព័ន្ធ តម្រូវឲ្យមណ្ឌលសិក្សាធិការវាយតម្លៃនៅក្នុងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពរបស់សិស្ស។ ការវាយតម្លៃត្រូវតែ “មានភាពគ្រប់ជ្រុងជ្រោយគ្រប់គ្រាន់ដើម្បីកំណត់រាល់តម្រូវការអប់រំពិសេសរបស់កុមារ និងសេវាកម្មពាក់ព័ន្ធនានា មិនថាមានទំនាក់ទំនងជាទូទៅទៅនឹងប្រភេទចំណាត់ថ្នាក់ពិការភាពដែលកុមារនោះត្រូវបានចាត់ថ្នាក់បញ្ចូលទៅក្នុងនោះដែរឬអត់នោះទេ។” [34 C.F.R. Sec. 300.304 (c)(4), (6); Cal. Ed. Code Sec. 56320(f).] ឧទាហរណ៍ សិស្សម្នាក់អាចមានសិទ្ធិទទួលបានការអប់រំពិសេសផ្អែកលើពិការភាពផ្នែកសិក្សាជាក់លាក់ ប៉ុន្តែក៏អាចនឹងមានជំងឺស្មារតីអន់ខ្សោយ (ADD) ផងដែរ។ សាលារៀនក៏ត្រូវវាយតម្លៃផងដែរលើកុមារសម្រាប់លក្ខណៈ និងកម្រិតនៃបញ្ហាប្រឈមផ្នែកបម្រុងប្រយ័ត្ន និងសម្រាប់អន្តរាគមន៍ចាំបាច់នានា។ [Corona-Norco Unified School Dist., SN 1137-98, 30 IDELR 179.] ដរាបណាសិស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់សិទ្ធិទទួលបាននោះទេ ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណាទៅលើតម្រូវការធម្មតារបស់សិស្ស (ដូចជាតម្រូវការផ្នែកអាកប្បកិរិយា ផ្នែកភាសា និងផ្នែកទំនាក់ទំនង) នៅក្នុងការបង្កើតកម្មវិធី IEP។[34 C.F.R. Sec. 300.39.]
(3.28) ប្រភេទចំណាត់ថ្នាក់នៃការទទួលបានសិទ្ធិអប់រំពិសេសមួយចំនួន កំណត់ថាស្ថានភាព ឬពិការភាពរបស់សិស្ស “មានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំ”។ តើឃ្លាប្រយោគនេះមានន័យដូចម្តេច?
ច្បាប់រដ្ឋឬសហព័ន្ធ គ្មានច្បាប់ណាមួយកំណត់និយមន័យនៃពាក្យ “ផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំ” នោះទេ។ ដូច្នេះ ការពិនិត្យមើលសំណុំរឿងតុលាការដែលបកស្រាយលើឃ្លាប្រយោគនេះ គឺមានភាពចាំបាច់ក្នុងការយល់ដឹងថាតើឃ្លានេះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច។ តុលាការបានបកស្រាយឃ្លាប្រយោគនេះ ដែលមានន័យថាការអប់រំនឹងទទួលរងនូវផលប៉ះពាល់មិនល្អ ប្រសិនបើគ្មានសេវាកម្មជាក់លាក់ណាមួយទេ ស្ថានភាពរបស់កុមារអាចរារាំងគាត់ពីការអនុវត្តកិច្ចការសិក្សា និងកិច្ចការក្រៅការសិក្សា និង/ឬពីការទទួលបានការអប់រំជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព។ [Yankton School District v. Schramm, 93 F.3d 1369 (8th Cir. 1996).]
ឧទាហរណ៍ សម្រាប់កុមារដែលមានពិការភាពផ្នែកគ្រោងឆ្អឹង តុលាការនៅក្នុងរឿងក្តីរបស់ Schramm បានកំណត់សេវាកម្មជាច្រើន (ជំនួយក្នុងផ្លាស់ពីថ្នាក់មួយទៅថ្នាក់មួយ ការឡើងចុះពីលើរថយន្តក្រុង ការឡើងចុះជណ្តើរ ការកាន់ចានអាហារថ្ងៃត្រង់ ការបង្កើតក្រុមតន្រ្តីសាក់សូហ្វូនរបស់កុមារ សៀវភៅជាច្រើនឈុតបន្ថែមទៀតសម្រាប់នៅផ្ទះនិងនៅសាលាដោយមិនចាំបាច់យកសៀវភៅទាំងនោះចុះឡើងនោះទេ កិច្ចការសរសេរខ្លីៗ ការបង្រៀនក្នុងការវាយអក្សរដោយដៃម្ខាង រូបថតការកត់ត្រារបស់គ្រូបង្រៀន និងកុំព្យូទ័រនៅក្នុងថ្នាក់រៀនជាក់លាក់មួយចំនួន) ថាបើសិនជាមិនមានការផ្តល់ឲ្យទេ សេវាកម្មទាំងនោះអាចនាំឲ្យស្ថានភាពផ្នែកគ្រោងឆ្អឹងមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំ។ តុលាការបានរកឃើញថានេះគឺជាការពិត ព្រោះបើគ្មានសេវាកម្មទាំងនេះទេ សិស្សអាចមានការពិបាកក្នុងការកាត់ត្រា ការបំពេញកិច្ចដាក់ឲ្យធ្វើ ការទៅដល់ថ្នាក់រៀនទាន់ពេលវេលា និងការចូលទៅដល់ថ្នាក់រៀនជាមួយនឹងសៀវភៅរបស់គាត់។ តុលាការដដែលនោះ បានរកឃើញថាដោយសារតែសិស្សមានបំណងចង់ចូលរៀននៅមហាវិទ្យាល័យ ដូច្នេះអវត្តមាននៃសេវាកម្មទាំងនេះ ក៏ដូចជាសេវាផ្ទេរការអប់រំពិសេស (ការអប់រំបើកបរ ស្វ័យតស៊ូមតិ និងបំណិតជីវិតឯករាជ្យ) អាចនឹងធ្វើឲ្យភាពចុះខ្សោយផ្នែកគ្រោងឆ្អឹងរបស់គាត់មានផលប៉ះពាល់មិនល្អដល់វត្ថុបំណងនៃការអប់រំក្រោយវិទ្យាល័យ។
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ការិយាល័យសវនាការរដ្ឋបាល បានចាត់ទុកកម្រិតនិទ្ទេសខ្សោយថាជាសូចនាករដ៏ចម្បងនៃផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំ។ [Lodi Unified Sch. Dist., SN 371-00; Capistrano Unified Sch. Dist., SN 686-99, 33 IDELR 51; Ventura Unified Sch. Dist., SN 1943-99A; Murrieta Valley Unified Sch. Dist., SN 180-95, 23 IDELR 997.] ការិយាល័យសវានាការ ក៏បានរកឃើញផងដែរថាស្ថានភាពមួយ មានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំ ប្រសិនបើវានាំមកនូវការចូលរៀនមិនបានសមស្របនៅសាលារៀន។ [Sequoia Union High School District, SN 1092-95.] កម្រិតនិទ្ទេសខ្សោយ និងភាពយឺតយ៉ាវក្នុងការសិក្សា ក៏ជាឧទាហរណ៍ផងដែរនៃផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំ។ [Enterprise Elem. Sch. Dist., SN 1055-89.] ម្យ៉ាងទៀត ស្ថានភាពរបស់សិស្ស ដែលបណ្តាលឲ្យកម្រិតនិទ្ទេស និងកិរិយាមាយាទធ្លាក់ចុះនៅសាលារៀន បាននាំមកនូវផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំ។ [Sierra Sands Unified Sch. Dist., SN 1367-97, 30 IDELR 306.]
សាលារៀនភាគច្រើនតែងវាយតម្លៃយ៉ាងតឹងរឹងបំផុតថាតើស្ថានភាពរបស់កុមារមានផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំដែរឬអត់នោះ ដោយផ្អែកលើកម្រិតនិទ្ទេស ឬពិន្ទុនៅលើតេស្តស្តង់ដារបស់កុមារ។ បើទោះបីជាកម្រិតនិទ្ទេស និងពិន្ទុតេស្តស្តង់ដា អាចជាកម្រិតវាស់ស្ទង់មួយនៃសកម្មភាពអប់រំក៏ដោយ ប៉ុន្តែច្បាប់នឹងតុលាការ ត្រូវពិនិត្យមើលឲ្យបានទូលំទូលាយ។ នៅពេលធ្វើការកំណត់ថាតើសកម្មភាពអប់រំរបស់កុមាររងផលប៉ះពាល់មិនល្អដោយស្ថានភាពផ្លូវចិត្តរបស់កុមារដែរឬអត់នោះ តុលាការឧទ្ធរណ៍របស់សហព័ន្ធដែលគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ា តម្រូវផងដែរឲ្យផ្តល់ជូនការពិចារណាទៅលើតម្រូវការរបស់សិស្សសម្រាប់ការលូតលាស់ផ្នែកអាកប្បកិរិយា និងផ្លូវចិត្ត។ [County of San Diego v. California Special Education Hearing Office, et al., 93 F.3d 1458, 1467 (9th Cir. 1996).] ទោះបីជាសិស្សមួយចំនួនធ្វើតេស្តបានល្អ នៅពេលពួកគេធ្វើតេស្តស្តង់ដាយ៉ាងណាក៏ដោយ ប៉ុន្តែច្បាប់មិនតម្រូវឲ្យមានពិន្ទុតេស្តស្តង់ដាខ្សោយដើម្បីរកឲ្យឃើញនូវផលប៉ះពាល់មិនល្អនៅលើសកម្មភាពអប់រំនោះទេ។ តុលាការបានបញ្ជាក់ថាតម្រូវការអប់រំរបស់កុមារ រួមមានតម្រូវការផ្នែកសិក្សា សង្គម សុខភាព ផ្លូវចិត្ត ទំនាក់ទំនង រាងកាយ និងវិជ្ជាជីវៈ។ [Seattle School Dist. No. 1 v. B.S., 82 F.3d 1493, 1500 (9th Cir. 1996).]
ច្បាប់អប់រំពិសេសសហព័ន្ធ ក៏បែងចែកភាពខុសគ្នារវាងសកម្មភាព “អប់រំ” និងសកម្មភាព “សិក្សា” ផងដែរ និងបញ្ជាក់ថាសកម្មភាព “អប់រំ” គឺជាទស្សនវិស័យមួយដ៏ទូលំទូលាយ។ ឧទាហរណ៍ កុមារត្រូវតែទទួលបានការវាយតម្លៃដោយសាលារៀននៅគ្រប់ផ្នែកទាំងអស់នៃពិការភាពដែលមានការសង្ស័យ។ [20 U.S.C. Sec. 1414(b)(3)(B).] ផ្នែកទាំងនោះ ត្រូវបានកំណត់និយមន័យដោយបទប្បញ្ញត្តិរបស់សហព័ន្ធដើម្បីរួមបញ្ចូលនូវផ្នែក៖ សុខភាព គំហើញ ការស្តាប់ ស្ថានភាពសង្គមនិងផ្លូវចិត្ត សតិបញ្ញាទូទៅ សកម្មភាពសិក្សា ស្ថានភាពទំនាក់ទំនង និងសមត្ថភាពចលករ។ [34 C.F.R. Sec. 300.304(c)(4).] សកម្មភាពសិក្សា គឺជាផ្នែកតែមួយគត់ដែលកុមារត្រូវតែទទួលបានការវាយតម្លៃ។ រដ្ឋសភា និងរដ្ឋធម្មនុញ្ញរបស់រដ្ឋកាលីហ្វ័រញ៉ា គួរណាស់តែធ្លាប់បានប្រើប្រាស់ បច្ចេកសព្ទ “សកម្មភាពសិក្សា” ដែលមានន័យតូចចង្អៀត នៅពេលកំណត់ជាលាយលក្ខណ៍អក្សរនូវនិយមន័យអំពីស្ថានភាពនានាដែលឲ្យផ្តល់ឲ្យកុមារម្នាក់នូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមប្រភេទចំណាត់ថ្នាក់នៃការទទួលបានសិទ្ធិដូចជាផ្នែកវិបត្តិផ្លូវចិត្ត ភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI) ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង ពិការភាពផ្នែកបញ្ញា ភាពចុះខ្សោយផ្នែកពាក្យសម្តីឬភាសា ភាពចុះខ្សោយផ្នែកគំហើញ ភាពចុះខ្សោយការស្តាប់ និងពិការគ-ថ្លង់។
ប៉ុន្តែ ពួកគេមិនបានប្រើប្រាស់ទេ។ រដ្ឋសភា និងរដ្ឋធម្មនុញ្ញរបស់រដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់បច្ចេកសព្ទ “សកម្មភាពអប់រំ” យ៉ាងទូលំទូលាយនៅក្នុងនិយមន័យនៃសិទ្ធិទទួលបានទាំងនេះ។ បន្ថែមពីលើកម្រិតនិទ្ទេស និងពិន្ទុតេស្តស្តង់ដា សាលារៀនក៏ត្រូវតែពិចារណាផងដែរថាតើស្ថានភាពផ្លូវចិត្ត សុខភាព ឬស្ថានភាពផ្សេងទៀតរបស់កុមារ មានផលប៉ះពាល់មិនល្អដូចម្តេចខ្លះទៅលើសកម្មភាពក្រៅការសិក្សារបស់គាត់នៅក្នុងផ្នែកសង្គម អាកប្បកិរិយា និងផ្នែកផ្សេងទៀត។