បោះពុម្ពជំពូកទី 12 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/06/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/06/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 12៖ ព័ត៌មានស្តីពីសេវាអន្តរាគមន៍ដំបូង
(12.1) តើផ្នែក C (“អន្តរាគមន៍ពីដើមទី”) នៃច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA) គឺជាអ្វី?
ផ្នែក C គ្រប់គ្រងលើកម្មវិធី “អន្តរាគមន៍ពីដើមទី” របស់សហព័ន្ធសម្រាប់ទារកទើបកើត និងទារកទើបចេះដើរ ចាប់ពីពេលចាប់កំណើតរហូតដល់អាយុពីរឆ្នាំ។ គោលបំណងនៃផ្នែក C គឺដើម្បី៖
- លើកកម្ពស់ការលូតលាស់របស់ទារក និងទារកទើបចេះដើរដែលមានពិការភាព ដើម្បីកាត់បន្ថយជាអប្បបរមានូវលទ្ធភាពដែលអាចកើតមានភាពយឺតយ៉ាវនៃការលូតលាស់ និងដើម្បីកត់សម្គាល់នូវការការលូតលាស់ខួរក្បាលសំខាន់ៗដែលកើតឡើងនៅអំឡុងពេលអាយុ 3 ឆ្នាំនៃជីវិតរបស់កុមារ។
- កាត់បន្ថយថ្លៃចំណាយលើការអប់រំតាមរយៈការកាត់បន្ថយជាអប្បបរមានូវតម្រូវការសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា បន្ទាប់ពីទារកទើបកើត ឬទារកទើបចេះដើរមានពិការភាព គ្រប់អាយុចូលរៀន។
- បង្កើនជាអតិបរមានូវសក្តានុពលរបស់ពួកគេសម្រាប់ការរស់នៅដោយពឹងផ្អែកលើខ្លួនឯង។
- លើកកម្ពស់សមត្ថភាពរបស់ក្រុមគ្រួសារដើម្បីបំពេញតាមតម្រូវការរបស់ទារកទើបកើត និងទារកទើបចេះដើរ និង
- លើកកម្ពស់សមត្ថភាពនៃទីភ្នាក់ងារសាធារណៈ និងអ្នកផ្តល់សេវាកម្មដើម្បីកំណត់អត្តសញ្ញាណ វាយតម្លៃ និងបំពេញតាមតម្រូវការរបស់ “ប្រជាពលរដ្ឋដែលរងការរើសអើងជាប្រវត្តិសាស្ត្រ” (ជាពិសេសជនជាតិភាគតិច អ្នកមានប្រាក់ចំណូលទាប តំបន់អាណាធិបតេយ្យនិងជនបទ និងទារកទើបកើតនិងទារកទើបចេះដើរនៅក្នុងមណ្ឌលថែទាំ)។
[20 United States Code (U.S.C.) Sec. 1431(a).] ដើម្បីសម្រេចគោលបំណងនេះ រដ្ឋាភិបាលសហព័ន្ធផ្តល់ជូននូវជំនួយហិរញ្ញវត្ថុដល់រដ្ឋ៖ “ដើម្បីអភិវឌ្ឈ និងអនុវត្តប្រព័ន្ធទីភ្នាក់ងារអន្តរក្រសួង ពហុជំនាញ មានការសម្របសម្រួល មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅទូទាំងរដ្ឋ ដែលផ្តល់នូវសេវាអន្តរាគមន៍ពីដើមទីដល់ទារកទើបកើត និងទារកទើបចេះដើរដែលមានពិការភាព និងគ្រួសាររបស់ពួកគេ។” [20 U.S.C. Sec. 1431(b)(1).]
(12.2) តើរដ្ឋកាលីហ្វ័រញ៉ា មានច្បាប់ផ្ទាល់ខ្លួនដែលប៉ះពាល់ដល់ទារកទើបកើត និងទារកទើបចេះដើរដែរឬទេ?
បាទ/ចាស។ ច្បាប់ស្តីពីសេវាអន្តរាគមន៍ពីដើមទីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Early Intervention Services Act) ត្រូវបានបង្កើតឡើង “ដើម្បីផ្តល់ប្រព័ន្ធកម្មវិធីទីភ្នាក់ងារអន្តរក្រសួង ពហុជំនាញ ផ្តោតលើគ្រួសារ មានភាពគ្រប់ជ្រុងជ្រោយ មានការសម្របសម្រួល នៅទូទាំងរដ្ឋ ដែលទទួលខុសត្រូវចំពោះការផ្តល់ជូនសេវាអន្តរាគមន៍ពីដើមទីយ៉ាងសមស្រប និងគាំទ្រទៅដល់ទារកទើបកើត និងទារកទើបចេះដើរទាំងអស់ដែលមានសិទ្ធិទទួលបាន និងក្រុមគ្រួសាររបស់ពួកគេ។” [California Government Code (Cal. Gov. Code) Sec. 95002.]
(12.3) តើទីភ្នាក់ងារណាខ្លះដែលទទួលខុសត្រូវសម្រាប់ការធានាថាសេវានានាត្រូវបានផ្តល់ជូនទៅដល់ទារកទើបកើត ឬទារកទើបចេះដើរ?
គ្រប់មណ្ឌលសិក្សាធិការទាំងអស់ និងមជ្ឈមណ្ឌលក្នុងតំបន់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានការទទួលខុសត្រូវចំពោះការផ្តល់សេវាអន្តរាគមន៍ពីដើមទី និងសេវាអប់រំទៅដល់ទារកទើបកើត និងទារកទើបចេះដើរ ឬអាយុតិចជាង 3 ឆ្នាំ ដែលមានសិទ្ធិទទួលបានសេវា។ នាយកដ្ឋានសេវាកម្មផ្នែកលូតលាស់ (Department of Developmental Services, DDS) បានបង្កើតឡើងក្នុងនាមជាទីភ្នាក់ងារទទួលខុសត្រូវចំពោះការចាត់ចែង និងសម្របសម្រួលប្រព័ន្ធផ្តល់សេវាកម្មនៅទូទាំងរដ្ឋ។ [Cal. Gov. Code Secs. 95006 & 95007.]
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) មានការទទួលខុសត្រូវចំពោះការចាត់ចែងសេវាកម្ម និងផ្តល់កម្មវិធីអប់រំសម្រាប់ទារកទើបកើតដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
- មានត្រឹមតែជាពិការភាព “ដែលកម្រនឹងកើតមាន” ប៉ុណ្ណោះ — ស្ថានភាពដែលកើតមានតិចជាង 1% នៃចំនួនអ្នកចូលរៀននៅសាលា ដែលគ្រាន់តែជាភាពចុះខ្សោយនៃគំហើញ ការស្តាប់ ឬផ្នែកគ្រោងឆ្អឹងតែមួយមុខប៉ុណ្ណោះ ឬស្ថានភាពទាំងនេះរួមគ្នាផ្សំបញ្ចូលគ្នា និង
- តម្រូវឲ្យមានការអប់រំពិសេសបន្ទាន់រយៈពេលខ្លី និងសេវាកម្មនានា។ មជ្ឈមណ្ឌលក្នុងតំបន់មានទៅតាមមូលដ្ឋាន ទទួលខុសត្រូវចំពោះការផ្តល់សេវាអន្តរាគមន៍ពីដើមទី ដល់គ្រប់ទារកទើបកើតទាំងអស់ដែលមានសិទ្ធិទទួលបានសេវា រួមទាំងកុមារដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ ឬមានការប្រឈមទៅនឹងភាពយឺតយ៉ាវនេះ។ [Cal. Ed. Code Secs. 56026 & 56026.5; Cal. Gov. Code Secs. 95008 and 95014(b); 5 California Code of Regulations (C.C.R.) Sec. 3031.]
(12.4) កូនទើបកើត ឬកូនទើបចេះដើររបស់ខ្ញុំអាចមានសិទ្ធិទទួលបានទាំងសេវាកម្មរបស់មណ្ឌលសិក្សាធិការ និងសេវាកម្មរបស់មជ្ឈមណ្ឌលក្នុងតំបន់។ តើទីភ្នាក់ងារមួយណាដែលទទួលខុសត្រូវសម្រាប់ការធានាថាសេវាអន្តរាគមន៍ពីដើមទីត្រូវបានផ្តល់ជូន?
សម្រាប់ទារកទើបកើត និងទារកទើបចេះដើរដែលមានសិទ្ធិទទួលបានសេវាកម្មនានាពីមជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន មជ្ឈមណ្ឌលក្នុងតំបន់ មានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្ម ឬទិញសេវាកម្មសមស្រប ដែលហួសពីលទ្ធភាពទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការ — ប៉ុន្តែបានត្រឹមកម្រិតមួយដែលសេវាកម្មទាំងនេះត្រូវបានកំណត់ដោយច្បាប់សហព័ន្ធស្តីពីអន្តរាគមន៍ពីដើមទីតែប៉ុណ្ណោះ។ មជ្ឈមណ្ឌលក្នុងតំបន់ គឺជា “អ្នកទូទាត់មធ្យោបាយចុងក្រោយ” ហេតុដូច្នេះ គឺជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ និង/ឬទូទាត់ចំពោះសេវាកម្មទៅដល់ទារកទើបកើត ឬទារកទើបចេះដើរដែលអាចមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ។ [Cal. Gov. Code Sec. 95014(c).]
មណ្ឌលសិក្សាធិការ មានកាតព្វកិច្ចក្នុងការបម្រើសេវាកម្មដល់កុមារដែលមានពិការភាពកម្រនឹងកើតមានតែប៉ុណ្ណោះ។ មណ្ឌលសិក្សាធិការ តម្រូវឲ្យដំណើរការកម្មវិធីរបស់ពួកគេសម្រាប់ទារកទើបកើត និងទារកទើបចេះដើរនៅក្នុងកម្រិតដូចគ្នាទៅនឹងអ្វីដែលពួកគេធ្លាប់បានធ្វើអំឡុងឆ្នាំសារពើពន្ធ 1980 – 81។ [Cal. Ed. Code Sec. 56425; Cal. Gov. Code Sec. 95014(c).] លក្ខខណ្ឌតម្រូវនេះ ពេលខ្លះត្រូវបានហៅកាត់ថា “ការថែរក្សាកិច្ចខិតខំប្រឹងប្រែង” របស់មណ្ឌលសិក្សាធិការ។ ដោយមិនគិតថាទីភ្នាក់ងារមួយណាជាអ្នកទទួលខុសត្រូវសម្រាប់ការផ្តល់សេវាកម្មនេះទេ គ្រួសារគប្បីជំរុញឲ្យមានសរសេរជាលាយលក្ខណ៍អក្សរឲ្យច្បាស់នូវសេវាកម្ម ឬការទទួលខុសត្រូវលើសេវាកម្មរបស់ទីភ្នាក់ងារទៅក្នុងផែនការសេវាកម្មរបស់កូនពួកគេ។ សូមមើលសំណួរ 10 11 12 ខាងក្រោម។
(12.5) តើទារកទើបកើត និងទារកទើបចេះដើរដែលមានពិការភាពក្រោមផ្នែក C មាននិយមន័យដូចម្តេច?
ពាក្យថា “ទារកទើបកើត និងទារកទើបចេះដើរដែលមានពិការភាព” មានន័យថាជាកុមារមានអាយុតិចជាងបីឆ្នាំដែលពួកគេត្រូវការសេវាអន្តរាគមន៍ពីដើមទី ដោយសារតែពួកជួបប្រទះបញ្ហាយឺតយ៉ាវផ្នែកលូតលាស់នៅក្នុងផ្នែកមួយចំនួនដូចជាការលូតលាស់ផ្នែកពុទ្ធិ ការលូតលាស់ផ្នែករាងកាយ ការលូតលាស់ផ្នែកទំនាក់ទំនង ការលូតលាស់ផ្នែកផ្លូវចិត្តឬសង្គម ឬការលូតលាស់ផ្នែកសម្របខ្លួន។ ម្យ៉ាងទៀត ពាក្យនេះក៏រួមបញ្ចូលផងដែរនូវទារកទើបកើត និងទារកទើបចេះដើរដែលមានស្ថានភាពរាងកាយនិងផ្លូវចិត្តទទួលបានការធ្វើរោគវិនិច្ឆ័យ ដែលជាធម្មតានាំមកនូវភាពយឺតយ៉ាវនៃការលូតលាស់។ រដ្ឋក៏អាចធ្វើការសម្រេចទៅលើនិយមន័យនៃពាក្យនេះផងដែរ ដោយរួមបញ្ចូលនូវកុមារអាយុតិចជាងបីឆ្នាំដែលមានហានិភ័យប្រឈមនឹងភាពយឺតយ៉ាវនៃការលូតលាស់ធ្ងន់ធ្ងរ។” លក្ខណៈវិនិច្ឆ័យសម្រាប់និយមន័យទាំងនេះ គឺត្រូវបានកំណត់ដោយរដ្ឋនីមួយៗ។ [34 C.F.R. Sec. 303.21.]
(12.6) តើលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី (“Early Start”) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានអ្វីខ្លះ?
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាងបីឆ្នាំ គឺមានសិទ្ធិទទួលបានអ្វីដែលរដ្ឋហៅថា សេវាកម្ម “Early Start” ប្រសិនបើគាត់បំពេញតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម បន្ទាប់ពីការវាយតម្លៃ៖
- ទារកទើបកើត និងទារកទើបចេះដើរដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ នៅក្នុងផ្នែកណាមួយ (មួយឬច្រើន) ក្នុងចំណោមផ្នែកទាំងប្រាំដូចជា៖ ការលូតលាស់ផ្នែកពុទ្ធិ ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ ការលូតលាស់ផ្នែកទំនាក់ទំនង ការលូតលាស់ផ្នែកផ្លូវចិត្ត និងសង្គម ឬការលូតលាស់ផ្នែកសម្របខ្លួន។ កុមារដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ គឺជាអ្នកដែលត្រូវបានកំណត់ថាមានភាពខុសគ្នាខ្លាំងគួរឲ្យកាត់សម្គាល់រវាងកម្រិតនៃការលូតលាស់ដែលបានរំពឹងទុកសម្រាប់វ័យរបស់ពួកគេ និងកម្រិត មុខងារបច្ចុប្បន្នរបស់ពួកគេ។ ការកំណត់នេះ ត្រូវបានធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេត្រូវបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។ “ភាពខុសគ្នាខ្លាំងគួរឲ្យកត់សម្គាល់” មានន័យថាជាភាពយឺតយ៉ាវ 33% នៅក្នុងផ្នែកលូតលាស់យ៉ាងតិចចំនួនមួយ
- ទារកទើបកើត និងទារកទើបចេះដើរដែលមានស្ថានភាពហានិភ័យពីមុនមកស្រាប់ គឺជាកុមារដែលមានអាយុក្រោម 3 ឆ្នាំដែលមានស្ថានភាពហៅថា “សមុដ្ឋានសាស្រ្ត” (បុព្វហេតុ) ឬស្ថានភាពដែលមានផលវិបាកនៃការលូតលាស់ដែលមានគ្រោះថ្នាក់ពីមុនមក។ ស្ថានភាពនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។ ស្ថានភាពនេះ ត្រូវបានបញ្ជាក់ថាមានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកភាពយឺតយ៉ាវនៃការលូតលាស់ ប្រសិនបើភាពយឺតយ៉ាវនោះមិនបង្ហាញឲ្យឃើញច្បាស់នៅពេលធ្វើរោគវិនិច្ឆ័យនេះទេ។
- ទារកទើបកើត និងទារកទើបចេះដើរដែលមានហានិភ័យខ្ពស់ប្រឈមទៅនឹងពិការភាពផ្នែកលូតលាស់ធ្ងន់ធ្ងរ ដោយសារកត្តាហានិភ័យផ្នែកជីវៈវេជ្ជសាស្ត្ររួមផ្សំបញ្ចូលគ្នា ដែលវត្តមានរបស់វាត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។ [Cal. Gov. Code Sec. 95014(a).]
(12.7) តើពេលណាទើបតម្រូវឲ្យមានការយល់ព្រមរបស់ឪពុកម្តាយនៅក្នុងកម្មវិធីអន្តរាគមន៍ពីដើមទីនេះ?
ទីភ្នាក់ងារឈានមុខ (មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ) ត្រូវតែទទួលបានការយល់ព្រមរបស់ឪពុកម្តាយ មុនពេល៖
- ចាត់ចែងនីតិវិធីថតពិនិត្យដើម្បីកំណត់ថាតើកុមារត្រូវបានសង្ស័យថាមានពិការភាពណាមួយដែរឬអត់
- ចុះធ្វើការវាយតម្លៃ និងការផ្តល់រង្វាយតម្លៃទាំងអស់ទៅលើកុមារ
- ផ្តល់សេវាអន្តរាគមន៍ពីដើមទី
- ប្រើប្រាស់អត្ថប្រយោជន៍សាធារណៈ និងការធានារ៉ាប់រងនៅពេលណានាំឲ្យមានការកាត់បន្ថយអត្ថប្រយោជន៍ ឬប្រើប្រាស់ការធានារ៉ាប់រងឯកជន និង
- ផ្សព្វផ្សាយព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គល។
[34 C.F.R. Sec. 303.420(a).] ប្រសិនបើឪពុកម្តាយមិនផ្តល់ការយល់ព្រមសម្រាប់ការចាត់ចែងនីតិវិធីថតពិនិត្យ ការចុះវាយតម្លៃ ឬការផ្តល់នូវសេវាអន្តរាគមន៍ពីដើមទីនោះទេ ពេលនោះទីភ្នាក់ងារទទួលខុសត្រូវ ត្រូវតែចាត់វិធានាការសមស្របដើម្បីធានាថាឪពុកម្តាយបានយល់ដឹងអំពីលក្ខណៈនៃការវាយតម្លៃ រង្វាយតម្លៃ និងសេវាអន្តរាគមន៍ពីដើមទី និងយល់ច្បាស់ថាកុមារនឹងមិនអាចទទួលបានការវាយតម្លៃ រង្វាយតម្លៃ និងអន្តរាគមន៍ពីដើមទីនោះទេ បើគ្មានការយល់ព្រមពីឪពុកម្តាយ។ [34 C.F.R. Sec. 303.420(b). ទីភ្នាក់ងារទទួលខុសត្រូវ មិនអាចប្រើប្រាស់កិច្ចដំណើរការសវនាការដើម្បីច្រានចោលការបដិសេធន៍របស់ឪពុកម្តាយក្នុងផ្តល់ការយល់ព្រមនោះទេ។ [34 C.F.R. Sec. 303.420(c).]
(12.8) តើការបញ្ជូនបន្តសម្រាប់សេវាអន្តរាគមន៍ពីដើមទីត្រូវបានធ្វើឡើងដូចម្តេច ហើយតើនរណាអាចធ្វើការបញ្ចូនបន្តបាន?
ការបញ្ជូនបន្ត ត្រូវបានធ្វើឡើងដោយឪពុកម្តាយ វេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាផ្សេងទៀត ទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការដោយផ្ទាល់មាត់ ឬជាលក្ខណ៍អក្សរ។ លិខិតសង្ខេបខ្លីៗ ឬការហៅតាមទូរសព្ទដែលរៀបរាប់អំពីតម្រូវការរបស់កុមារ និងសំណើសុំសេវាអន្តរាគមន៍ពីដើមទី គឺគ្រប់គ្រាន់ដើម្បីចាប់ផ្តើមកិច្ចដំណើរការវាយតម្លៃ។
ប្រភពនៃការបញ្ជូនបន្តជាបឋម គឺមន្ទីរពេទ្យ (រួមទាំងមន្ទីរថែទាំមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនផងដែរ) វេជ្ជបណ្ឌិត ឪពុកម្តាយ កម្មវិធីថែទាំកុមារ មណ្ឌលសិក្សាធិការ មន្ទីរសុខាភិបាលសាធារណៈ ទីភ្នាក់ងារ និងបុគ្គលិកនៅក្នុងប្រព័ន្ធសុខុមាលភាពកុមារ ទីកន្លែងស្នាក់នៅសម្រាប់គ្រួសារដែលគ្មានផ្ទះសម្បែង ទីកន្លែងស្នាក់នៅសម្រាប់បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត។ ការបញ្ជូនបន្ត ត្រូវធ្វើឡើង “ឆាប់ៗតាមដែលអាចធ្វើបាន ប៉ុន្តែក្នុងករណីណាក៏ដោយ មិនត្រូវលើសពីរយៈពេលប្រាំពីរថ្ងៃនោះទេ បន្ទាប់ពីកុមារត្រូវបានកំណត់អត្តសញ្ញាណ។” [34 C.F.R. Sec. 303.303(a) & (c); 17 C.C.R. Sec. 52040.]
(12.9) តើសិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី នឹងត្រូវបានកំណត់ដូចម្តេច?
នៅពេលណាទារកទើបកើត ឬទារកទើបចេះដើរ ត្រូវបានសង្ស័យថាមានពិការភាព ទារកនោះត្រូវទទួលបានការវាយតម្លៃដើម្បីកំណត់សិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទីរបស់គាត់។ ការវាយតម្លៃ អាចធ្វើឡើងបានលុះត្រាតែទទួលបានការយល់ព្រមរបស់ឪពុកម្តាយ។ [34 C.F.R. Sec. 303.420.] មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការធានាលើការអនុវត្តកិច្ចដំណើរការវាយតម្លៃនេះ។ [Cal. Gov. Code Sec. 95016(b).] កុមារនីមួយៗដែលត្រូវបានបញ្ជូនបន្តសម្រាប់ការកំណត់សិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី ត្រូវតែទទួលបាន “ការវាយតម្លៃពហុជំនាញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា” អំពីតម្រូវការ និងកម្រិតមុខងារ។ ការវាតម្លៃ “គប្បីត្រូវបានធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវរួមបញ្ចូលនូវការសម្ភាសគ្រួសារផងដែរ ដើម្បីកំណត់ពីចំណុចខ្លាំងពិសេស និងតម្រូវការរបស់កុមារ និងសេវាកម្មនានាដែលសមស្របដើម្បីបំពេញតម្រូវការទាំងនោះ ព្រមទាំងធនធាន អាទិភាព និងក្តីកង្វល់អំពីគ្រួសារនោះ និងការគាំទ្រ និងសេវាកម្មនានាដែលចាំបាច់ដើម្បីលើកកម្ពស់សមត្ថភាពរបស់គ្រួសារក្នុងការបំពេញតាមតម្រូវការលូតលាស់របស់កូនទើបកើត និងកូនទើបចេះដើររបស់ពួកគេ។”
តាមការសមស្រប ការវាយតម្លៃត្រូវបានចែករំលែករវាងមជ្ឈមណ្ឌលក្នុងតំបន់ មណ្ឌលសិក្សាធិការ និងទីភ្នាក់ងារផ្សេងទៀតដែលផ្តល់សេវាកម្មទៅដល់ទារកទើបកើត ឬទារកទើបចេះដើរ។ ការវាយតម្លៃនេះ គប្បីផ្តោតលើគ្រួសារ និងជាការស្ម័គ្រចិត្តពីខាងគ្រួសារ ហើយក្រុមគ្រួសារត្រូវទទួលបានឱកាសដើម្បីចូលរួមនៅក្នុងគ្រប់ការសម្រេចចិត្តទាំងអស់ដែលពាក់ព័ន្ធនឹងការទទួលបានសិទ្ធិ និងសេវាកម្មនានា។ [34 C.F.R. Sec. 303.321; Cal. Gov. Code Sec. 95016(a).]
សេចក្តីសម្រេចលើការទទួលបានសិទ្ធិ ត្រូវបានធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការដែលមានការចូលរួមពីក្រុមការងារពហុជំនាញ រួមទាំងឪពុកម្តាយផងដែរ។ ការវាយតម្លៃ ត្រូវផ្អែកទៅលើ “ជម្រើសផ្នែកគ្លីនិកដែលទទួលបានព័ត៌មានគ្រប់គ្រាន់” និងរួមមាន៖
- ការពិនិត្យឡើងវិញនូវកំណត់ត្រាពាក់ព័ន្ធដែលមានជាប់ទាក់ទងទៅនឹងស្ថានភាពសុខភាព និងប្រវត្តិវេជ្ចសាស្ត្ររបស់ទារកទើបកើត ឬទារកទើបចេះដើរ ដែលផ្តល់ជូនដោយអ្នកជំនាញវិជ្ជាជីវៈសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេបានធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃទៅលើទារកទើបកើត និងទារកទើបចេះដើរនោះ។
- ព័ត៌មានដែលទទួលបានពីការសង្កេតតាមដាន និងរបាយការណ៍របស់ឪពុកម្តាយ។
ការវាយតម្លៃ ក៏ត្រូវរួមបញ្ចូលផងដែរនូវកម្រិតមុខងាររបស់ទារកទើបកើត និងទារក ទើបចេះដើរនៅក្នុងផ្នែកមួយចំនួនដូចជា៖
- ការលូតលាស់ផ្នែកពុទ្ធិ
- ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ
- ការលូតលាស់ផ្នែកទំនាក់ទំនង
- ការលូតលាស់ផ្នែកផ្លូវចិត្ត និងសង្គម និង
- ការលូតលាស់ផ្នែកសម្របខ្លួន
គ្មាននីតិវិធី ឬការធ្វើតេស្តតែមួយមុខណាមួយ អាចប្រើប្រាស់សម្រាប់ជាលក្ខណៈវិនិច្ឆ័យផ្តាច់មុខសម្រាប់ការកំណត់សិទ្ធិទទួលបានសេវានោះទេ។ តេស្តស្តង់ដា អាចយកទៅប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃការវាយតម្លៃបាន ហើយត្រូវ៖
- មានការជ្រើសរើសដើម្បីធានាថា នៅពេលណាចាត់ចែងធ្វើតេស្តទៅលើទារកទើបកើត ឬទារកទើបចេះដើរដែលមានបំណិនចុះខ្សោយផ្នែកឥន្ទ្រីយារម្មណ៍ ចលករ ឬការនិយាយ ពេលនោះតេស្តផ្តល់លទ្ធផលដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវទៅលើសម្បទា កម្រិតនៃការលូតលាស់របស់ទារកទើបកើត ឬទារកទើបចេះដើរនោះ ឬកត្តាផ្សេងទៀតណាមួយដែលតេស្តនោះមានបំណងធ្វើការវាស់ស្ទង់ ហើយ មិនឆ្លុះបញ្ចាំងពីបំណិនចុះខ្សោយផ្នែកឥន្ទ្រីយារម្មណ៍ ចលករ ឬការនិយាយរបស់ទារកទើបកើត ឬទារកទើបចេះដើរនោះទេ លើកលែងតែបំណិនទាំងអស់នោះគឺជាកក្តាសំខាន់ដែលតេស្តនោះមានបំណងធ្វើការវាស់ស្ទង់
- មានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលពួកវាត្រូវបានប្រើប្រាស់
- មានការជ្រើសរើស និងចាត់ចែងធ្វើតេស្តដើម្បីកុំឲ្យមានការរើសអើងផ្នែកពូជសាសន៍ ឬផ្នែកវប្បធម៌ និង
- មានការចុះអនុវត្តនៅក្នុង “មជ្ឈដ្ឋានធម្មតា” ប្រសិនបើអាចធ្វើបាន
មជ្ឈដ្ឋានធម្មជាតិ មានន័យថាជាបរិយាកាសមួយដែលមានលក្ខណៈធម្មតា ឬទូទៅ សម្រាប់ទារកគ្មានពិការភាពដែលមានអាយុដូចកុមារនោះ។ [34 C.F.R. Sec. 303.26.]
ទារកទើបកើត ឬទារកទើបចេះដើរដែលមានត្រឹមតែពិការភាពកើតមានដោយកម្រ ត្រូវបានធ្វើការវាយតម្លៃ និងការផ្តល់រង្វាយតម្លៃដោយបុគ្គលិកមណ្ឌលសិក្សាធិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលការត្រៀមរៀបចំផ្នែកវិជ្ជាជីវៈ អាជ្ញាបណ្ណ ឬការអនុញ្ញាត្តដែលមានការទទួលស្គាល់ គឺមានភាពជាក់លាក់ចំពោះពិការភាពដែលមានការសង្ស័យ។ [17 C.C.R. Sec. 52082(g).]
(12.10) នៅពេលរកឃើញថាមានសិទ្ធិគ្រប់គ្រាន់ តើសេវាសម្រាប់កូនរបស់ខ្ញុំ និងគ្រួសាររបស់យើងត្រូវបានកំណត់យ៉ាងដូចម្តេច?
មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ ត្រូវតែធ្វើការវាយតម្លៃដើម្បីធ្វើផែនការសម្រាប់សេវាកម្មដែលត្រូវផ្តល់ជូនដល់កូន និងគ្រួសាររបស់អ្នក។ “ការវាយ តម្លៃសម្រាប់ការធ្វើផែនការ” ត្រូវតែកំណត់គ្រប់ចំណុចទាំងអស់ដូចខាងក្រោម៖
- ចំណុចខ្លាំង និងតម្រូវការពិសេសរបស់កូនអ្នកនៅក្នុងផ្នែកណាមួយក្នុងចំណោម ផ្នែកទាំងប្រាំនៃការវាយតម្លៃ ឧ.ទា. ការលូតលាស់ផ្នែកពុទ្ធិ, ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ, ការលូតលាស់ផ្នែកទំនាក់ទំនង, ការលូតលាស់ផ្នែកផ្លូវចិត្ត និងសង្គម, និងការលូតលាស់ផ្នែកសម្របខ្លួន។
- អន្តរាគមន៍ពីដើមទី និងសេវាកម្មផ្សេងទៀតដែលសមស្របដើម្បីបំពេញតាមតម្រូវការរបស់កូនអ្នក និង
- ធនធានរបស់គ្រួសារ បញ្ហាអាទិភាព និងក្តីកង្វល់ និងការគាំទ្រនិងសេវាកម្មដែលចាំបាច់ដើម្បីលើកកម្ពស់តម្រូវការបស់ទារកទើបកើត ឬទារកទើបចេះដើរដែលមានពិការភាព (ប្រសិនបើអ្នកយល់ស្របទៅនឹងការវាយតម្លៃរបស់គ្រួសារ)។
មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ អាចប្រើប្រាស់សម្ភារៈវាយតម្លៃដែលមានស្រាប់ ប្រសិនបើក្រុមការងារពហុជំនាញបានឯកភាពថាសម្ភារៈទាំងនេះរៀបរាប់យ៉ាងក្បោះក្បាយអំពីកម្រិតនៃតម្រូវការផ្នែកលូតលាស់ និងសេវាកម្មសម្រាប់ទារកទើបកើត ឬទារកទើបចេះដើរ។ ការវាយតម្លៃសម្រាប់ការធ្វើផែនការសេវាកម្ម គប្បីត្រូវបានធ្វើឡើងនៅក្នុងមជ្ឈដ្ឋានធម្មតា ប្រសិនបើអាចធ្វើបាន។
ការវាយតម្លៃ ត្រូវផ្អែកលើវិធីសាស្ត្រ និងនីតិវិធីសមស្របតាមវ័យ ដែលអាចរួមមានចំណុចមួយចំនួនដូចខាងក្រោម៖
- ការពិនិត្យឡើងវិញនូវព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពសុខភាព និងប្រវត្តិវេជ្ជសាស្ត្ររបស់កូនអ្នក ដែលផ្តល់ជូនដោយអ្នកជំនាញវិជ្ជាជីវៈសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេបានធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃទៅលើកូនរបស់អ្នក។
- ការអង្តេតតាមដានផ្នែកលូតលាស់ដោយខ្លួនអ្នកផ្ទាល់ និងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- នីតិវិធីផ្សេងទៀតដែលបានប្រើប្រាស់ដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីកំណត់វត្តមាននៃភាពយឺតយ៉ាវនៃការលូតលាស់ ស្ថានភាពហានិភ័យពីមុនមក ឬហានិភ័យខ្ពស់ប្រឈមនឹងពិការភាពផ្នែកលូតលាស់ និង
- តេស្តស្តង់ដា ឬឧបករណ៍[រង្វាយតម្លៃ]
ការវាយតម្លៃលើធនធានគ្រួសារ បញ្ហាអាទិភាព និងក្តីកង្វល់ពាក់ព័ន្ធនឹងការលើកកម្ពស់ការលូតលាស់របស់កូនរបស់អ្នក ត្រូវតែជាការស្ម័គ្រចិត្ត ហើយត្រូវ៖
- ធ្វើឡើងដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលបានការបណ្តុះបណ្តាលដើម្បីប្រើប្រាស់វិធីសាស្ត្រនិងនីតិវិធីសមស្រប
- ផ្អែកលើព័ត៌មានដែលផ្តល់ជូនដោយគ្រួសាររបស់អ្នក តាមរយៈការសម្ភាសលក្ខណៈបុគ្គល
- រួមបញ្ចូលការពិពណ៌នាអំពីធនធានគ្រួសារ បញ្ហាអាទិភាព និងក្តីកង្វល់ពាក់ព័ន្ធនឹងការលើកកម្ពស់ការលូតលាស់របស់កូនអ្នក និង
- ធ្វើឡើងជាភាសាដែលគ្រួសារអ្នកនិយាយ ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត លើកលែងតែក្នុងករណីនេះមិនអាចអនុវត្តបាន។
[17 C.C.R. Sec. 52084.]
(12.11) នៅពេលការបញ្ចូនបន្តសម្រាប់ការវាយតម្លៃត្រូវបានធ្វើឡើង តើកិច្ចប្រជុំនឹងត្រូវរៀបចំនៅពេលណា ដើម្បីកំណត់ពីការទទួលបានសិទ្ធិ និងដើម្បីបង្កើតផែនការសេវាកម្ម?
មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ ត្រូវតែបញ្ចប់សកម្មភាពវាយតម្លៃ រៀបចំកិច្ចប្រជុំដើម្បីកំណត់ការទទួលបានសិទ្ធិ និងបង្កើតផែនការសេវាគ្រួសារលក្ខណៈបុគ្គល (Individual Family Service Plan, IFSP) ក្នុងរយៈពេល 45 ថ្ងៃតាមប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទដែលខ្លួនទទួលបានការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់សម្រាប់សេវាអន្តរាគមន៍ពីដើមទី។ [34 C.F.R. Sec. 303.310(a); Cal. Gov. Code Sec. 95020(b).] តាមរយៈការយល់ព្រមរបស់ឪពុកម្តាយ សេវាកម្មអាចចាប់ផ្តើមមុនពេលបញ្ចប់ការវាយតម្លៃនេះ។ [20 U.S.C. Sec. 1436(c).]
(12.12) តើផែនការ IFSP ត្រូវបានបង្កើតឡើងដូចម្តេច ហើយតើត្រូវធ្វើការត្រួតពិនិត្យឡើងវិញញឹកញាប់ប៉ុនណា?
ក្រុមការងារពហុជំនាញ រួមទាំងឪពុកម្តាយ ឬអាណាព្យាបាលផងដែរ ត្រូវបង្កើតផែនការ IFSP ចេញមកពីការវាយតម្លៃលើតម្រូវការពិសេសរបស់ទារកទើបកើត និងទារកទើបចេះដើរ។ ផែនការ IFSP ក៏ត្រូវកំណត់ផងដែរនូវសេវាកម្មនានាដែលសមស្របដើម្បីបំពេញតាមតម្រូវការទាំងនោះ។ [34 C.F.R. Secs. 303.343 & 303.344.] ផែនការ IFSP ត្រូវបានវាយតម្លៃយ៉ាងតិចបំផុតម្តងក្នុងមួយឆ្នាំ។ [34 C.F.R. Sec. 303.342(c); Cal. Gov. Code Sec. 95020(f).] លើសពីនេះទៀត ការពិនិត្យផែនការឡើងវិញ ត្រូវបានផ្តល់ជូនដល់គ្រួសារនៅរៀងរាល់ 6 ខែម្តង ឬឲ្យបានញឹកញាប់នៅពេលណាមានភាពចាំបាច់ ឬប្រសិនបើឪពុកម្តាយស្នើសុំការត្រួតពិនិត្យនោះ។ [34 C.F.R. Sec. 303.342(b); 17 C.C.R. Sec. 52102(b).]
(12.13) តើត្រូវបញ្ចូលអ្វីខ្លះទៅក្នុងផែនការ IFSP?
ផែនការ IFSP ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវរួមបញ្ចូលចំណុចមួយចំនួនដូចខាងក្រោម៖
- របាយការណ៍ស្តីពីកម្រិតលូតលាស់បច្ចុប្បន្នរបស់ទារកទើបកើត ឬទារកទើបចេះដើរ
- របាយការណ៍ស្តីពីក្តីកង្វល់របស់គ្រួសារ បញ្ហាអាទិភាព និងធនធាន
- របាយការណ៍ស្តីពីលទ្ធផលសំខាន់ៗដែលបានរំពឹងទុក និងលក្ខណៈវិនិច្ឆ័យ នីតិវិធី និងកាលវេលាដែលប្រើប្រាស់ដើម្បីវាយតម្លៃលទ្ធផលទាំងនោះ
- របាយការណ៍ស្តីពីសេវាកម្មជាក់លាក់ រួមបញ្ចូលទាំងកម្រិតនៃភាពញឹកញាប់ បរិមាណ និងវិធីសាស្ត្រនៃការផ្តល់សេវាកម្ម
- របាយការណ៍ស្តីពី “មជ្ឈដ្ឋានធម្មតា” ដែលសេវាកម្មអន្តរាគមន៍ពីដើមទីត្រូវបានផ្តល់ជូនក្នុងមជ្ឈដ្ឋាននោះ រួមទាំងហេតុផលសមស្របនៃកម្រិតដែលសេវាកម្មនោះនឹងត្រូវបានផ្តល់ជូនក្នុងមជ្ឈដ្ឋានធម្មតាមួយប្រសិនបើមាន។
- កាលបរិច្ឆេទសម្រាប់ចាប់ផ្តើមសេវា
- ឈ្មោះរបស់ទីភ្នាក់ងារដែលទទួលខុសត្រូវសម្រាប់ការផ្តល់សេវាកម្មដែលបានបញ្ជាក់
- ឈ្មោះរបស់អ្នកសម្របសម្រួលសេវា និង
- ផែនការផ្ទេរទៅកាន់សេវាកម្មដែលសមស្រប
[20 U.S.C. Sec. 1436(d); 34 C.F.R. Sec. 303.344; Cal. Gov. Code Sec. 95020(d); 17 C.C.R. Sec. 52106(b).] ឪពុកម្តាយ ត្រូវតែចុះហត្ថលេខាលើផែនការ IFSP ដើម្បីផ្តល់ការយល់ព្រមដើម្បីឲ្យសេវាកម្មចាប់ផ្តើម។ [20 U.S.C. Sec. 1436 (e).]
(12.14) តើសេវាកម្មអ្វីខ្លះត្រូវបានរួមបញ្ចូលនៅក្រោមផ្នែក C សម្រាប់កុមារចាប់ពីពេលកើតរហូតដល់អាយុបីឆ្នាំ?
សេវាកម្មក្រោមផ្នែក C ត្រូវបានផ្តល់ជូនដោយមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការទៅដល់គ្រួសារក្រោមការគ្រប់គ្រងជាសាធារណៈ ហើយភាគច្រើនបំផុតតែងតែគ្មានការចំណាយប្រាក់ទេ និងត្រូវតែបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការផ្នែកលូតលាស់របស់ទារកទើបកើត និងទារកទើបចេះដើរ។ [20 U.S.C. Sec. 1432(4).] ទាំងនេះ អាចរួមមាន៖
- ឧបករណ៍បច្ចេកវិទ្យាជំនួយ និងសេវាកម្មនានា
- ប្រព័ន្ធការស្តាប់
- ការបណ្តុះបណ្តាលសម្រាប់គ្រួសារ ការពិគ្រោះយោបល់ និងការសួរសុខទុក្ខតាមផ្ទះ
- សេវាសុខភាព (រួមមានការដាក់បំពង់សុង ការថែទាំការវះកាត់បើកបំពង់ខ្យល់ ការដាក់បំពង់សុងអាហារ ការផ្លាស់ប្តូរសម្លៀកបំពាក់និងថង់ដែលភ្ជាប់ទៅនឹងពោះវៀនធំ (colostomy bag) និងការពិគ្រោះជាមួយគ្រូពេទ្យ)
- សេវាវេជ្ជសាស្ត្រសម្រាប់តែគោលបំណងធ្វើរោគវិនិច្ឆ័យ ឬការវាយតម្លៃតែប៉ុណ្ណោះ
- សេវាថែទាំ
- សេវាអាហារូបត្ថម្ភ
- ការព្យាបាលមុខងារវិជ្ជាជីវៈ
- ការព្យាបាលដោយចលនា
- សេវាផ្នែកចិត្តសាស្ត្រ
- សេវាផ្នែកសម្របសម្រួលសេវាកម្ម
- សេវាផ្នែកភាសាសញ្ញា និងសញ្ញាភាសា
- សេវាសង្គមកិច្ច
- ការបង្រៀនពិសេស
- សេវាផ្នែកពាក្យសម្តី និងភាសារ
- សេវាដឹកជញ្ជូន និងថ្លៃចំណាយពាក់ព័ន្ធ
- សេវាផ្នែកចក្ខុ និង
- សេវាជំនួយបណ្តោះអាសន្ន និងសេវាគាំពារគ្រួសារផ្សេងទៀត។
[20 U.S.C. Sec. 1432(4)(E); 34 C.F.R. Sec. 303.13 & 303.16; 17 C.C.R. Sec. 52000(b)(12).] មើលសំណួរ 22 សម្រាប់ព័ត៌មានបន្ថែមស្តីពីការផ្តល់វិភាគទានហិរញ្ញវត្ថុសម្រាប់សេវាកម្មនៃមជ្ឈមណ្ឌលក្នុងតំបន់។
ចាប់តាំងពីឆ្នាំ2009 មក ក្រៅពីសម្ភារៈបរិក្ខារពេទ្យដែលប្រើបានយូរ មជ្ឈមណ្ឌល ក្នុងតំបន់លែងមានការទិញសេវាកម្មដែលមិនតម្រូវដោយច្បាប់សហព័ន្ធតទៅទៀតដូចជា៖ ការការថែទាំកុមារ ខោទឹកនោម ទន្តសាស្ត្រ ការថែទាំវេជ្ជសាស្ត្រ លំនៅដ្ឋាន អ្នកបកប្រែឯកសារ អ្នកបកប្រែផ្ទាល់មាត់ ការពិគ្រោះផ្នែកសេណេទិច ការពិគ្រោះផ្នែកសេពគ្រឿងញៀន ការព្យាបាលតាមរយៈតូរ្យតន្រ្តី និងសេវាជំនួយ បណ្តោះអាសន្ននានាដែលមិនពាក់ព័ន្ធនឹងភាពយឺតយ៉ាវផ្នែកលូតលាស់។ [Cal. Gov. Code Sec. 95020(e)(3).]
(12.15) តើសេវកម្មនានាអាចមានផ្តល់ជូនទៅដល់កូនខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំបានដែរទេ?
នៅក្នុងកម្រិតអតិបរមាដែលសមស្របសម្រាប់កូនរបស់អ្នក សេវាអន្តរាគមន៍ពីដើមទី ត្រូវតែមានផ្តល់ជូននៅក្នុងមជ្ឈដ្ឋានធម្មតា រួមទាំងមជ្ឈដ្ឋានតាមផ្ទះ និងសហគមន៍ផងដែរ ដែលកុមារគ្មានពិការភាពចូលរួមជាមួយក្នុងមជ្ឈដ្ឋាននោះ។ [34 C.F.R. Sec. 303.13(a)(8).] ដូច្នេះ សេវាអន្តរាគមន៍ពីដើមទីណាមួយដែលត្រូវការចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់កូនអ្នក អាចមានផ្តល់ជូននៅតាមផ្ទះបាន។ កម្មវិធី IFSP របស់អ្នក ត្រូវតែរួមបញ្ចូលនូវរបាយការណ៍នៃសេវាកម្មដែលគាត់ត្រូវការដើម្បីបំពេញតាមតម្រូវការពិសេស និងរបាយការណ៍ស្តីពីការផ្តល់សេវាកម្មនៅក្នុងមជ្ឈដ្ឋានធម្មតា។
ក្រោមច្បាប់រដ្ឋ ទារកទើបកើត និងទារកទើបចេះដើរ មានសិទ្ធិទទួលបានសេវាកម្មនៅតាមផ្ទះ រួមមានជាអាទិ៍៖
- ការអង្កេតតាមដានអាកប្បកិរិយា និងការលូតលាស់របស់ទាករកទើបកើតនៅក្នុងមជ្ឈដ្ឋានធម្មតា
- សកម្មភាពដែលមានភាពសមស្របតាមការលូតលាស់សម្រាប់ទារកទើបកើត និងត្រូវបានបង្កើតឡើងជាពិសេស ផ្អែកលើតម្រូវការពិសេសរបស់ទារក និងដើម្បីលើកម្ពស់ការលូតលាស់របស់គាត់។ សកម្មភាពទាំងនោះ ត្រូវបានបង្កើតឡើងឲ្យស្របទៅតាមផែនការសេវាគ្រួសារសម្រាប់បុគ្គល និងដើម្បីធានាថាពួកគេមិនមានភាពផ្ទុយគ្នាទៅនឹងតម្រូវការវេជ្ជសាស្រ្តរបស់គាត់នោះទេ
- ការបង្ហាញពីសកម្មភាពសមស្របតាមលូតលាស់សម្រាប់ទារក ទៅដល់ឪពុកម្តាយ បងប្អូន ឬអ្នកថែទាំសុខភាពផ្សេងទៀត ដូចដែលឪពុកម្តាយបានកំណត់
- ទំនាក់ទំនងជាមួយសមាជិកគ្រួសារ និងអ្នកថែទាំសុខភាពផ្សេងទៀត ដូចដែល ឪពុកម្តាយបានកំណត់ ដើម្បីពង្រឹងការលូតលាស់លើបំណិនរបស់ពួកគេដែលចាំបាច់នៅក្នុងការលើកកម្ពស់ការលូតលាស់របស់ទារក។
- ការពិភាក្សាអំពីក្តីកង្វល់របស់ឪពុកម្តាយពាក់ព័ន្ធនឹងទារកនិងគ្រួសារ និងការគាំទ្រដល់ឪពុកម្តាយនៅក្នុងការដោះស្រាយបញ្ហាតម្រូវការរបស់ទារក
- ការផ្តល់ជំនួយដល់ឪពុកម្តាយដើម្បីដោះស្រាយបញ្ហា ដើម្បីស្វែងរកសេវាផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ និងដើម្បីសម្របសម្រួលសេវាកម្មដែលផ្តល់ ជូនដោយទីភ្នាក់ងារផ្សេងៗ។
[Cal. Ed. Code Sec. 56426.1.]
ចាប់តាំងពីខែកក្កដា ឆ្នាំ2009 មក ការបណ្តុះបណ្តាលលើអន្តរាគមន៍ផ្នែក អាកប្បកិរិយាមួយចំនួន ឬទាំងអស់ គឺជាការបណ្តុះបណ្តាលតាមផ្ទះ និងធ្វើឡើងជាលក្ខណៈបុគ្គល។ បច្ចុប្បន្ន នៅពេលផែនការ IFSP ត្រូវបានបង្កើត ត្រួតពិនិត្យ ឬកែសម្រួល ក្រុមការងារនេះត្រូវតែពិចារណាលើការប្រើប្រាស់ការបណ្តុះបណ្តាលជាក្រុមសម្រាប់ឪពុកម្តាយស្តីពីអន្តរាគមន៍ផ្នែកអាកប្បកិរិយា ជំនួសឲ្យការបណ្តុះបណ្តាលឪពុកម្តាយលក្ខណៈបុគ្គលនៅតាមផ្ទះ។ [Cal. Gov. Code Sec. 95020(d)(5).]
(12.16) តើសេវាកម្មជាក្រុមអ្វីខ្លះដែលកូនរបស់ខ្ញុំអាចទទួលបាន?
កូនរបស់អ្នកអាចទទួលបានសេវាកម្មដូចខាងក្រោម៖
- រាល់សេវាកម្មតាមផ្ទះទាំងអស់ដែលមានរៀបរាប់នៅក្នុងសំណួរ 14
- សកម្មភាពជាក្រុម និងលក្ខណៈបុគ្គលដែលសមស្របតាមការលូតលាស់ និងបានបង្កើតឡើងយ៉ាងពិសេស ផ្អែកតាមតម្រូវការពិសេសរបស់កូនទើបកើតរបស់អ្នក ដើម្បីលើកកម្ពស់ការលូតលាស់របស់គាត់(សកម្មភាពទាំងនោះ ត្រូវបង្កើតឡើងដើម្បីឲ្យស្របតាមផែនការសេវាគ្រួសារសម្រាប់បុគ្គល និងដើម្បីធានាថាពួកគេមិនមានភាពផ្ទុយគ្នាទៅនឹងតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់គាត់)
- ឱកាសសម្រាប់ទារកដើម្បីមានទំនាក់ទំនង និងចូលរួមនៅក្នុងសកម្មភាពល្បែងកម្សាន្ត និងការស្វែងយល់នានា
- សេវាកម្មដោយគ្រូពេទ្យ គ្រូពេទ្យចិត្តវិទ្យា និងអ្នកឯកទេសផ្សេងទៀត ទៅតាមភាពសមស្រប
- ការចូលទៅប្រើប្រាស់សម្ភារៈបរិក្ខារដែលសមស្របតាមការលូតលាស់ និងសម្ភារៈពិសេសៗ និង
- ឱកាសសម្រាប់សកម្មភាពចូលរួមរបស់គ្រួសារ រួមទាំងការអប់រំសម្រាប់ឪពុកម្តាយ និងក្រុមការងារគាំទ្រសម្រាប់ឪពុកម្តាយផងដែរ។
[Cal. Ed. Code Sec. 56426.2.]
ចាប់តាំងពីខែកក្កដា ឆ្នាំ2009 មក ក្រុមការងារផែនការ IFSP ត្រូវតែពិចារណាលើការទិញសេវាកម្មថ្នាក់មត្តេយ្យសិក្សានៅតាមសង្កាត់ ជំនួសឲ្យកម្មវិធីអភិវឌ្ឍសម្រាប់ទារក។ [Cal. Gov. Code Sec. 95020(d)(5).]
(12.17) ប្រសិនបើកូនរបស់ខ្ញុំទទួលបានសេវាបម្រើដោយមណ្ឌលសិក្សាធិការ ជំនួសឲ្យមជ្ឈមណ្ឌលក្នុងតំបន់ តើមានដែនកំណត់ដែរឬទេនៅលើកម្រិតភាពញឹកញាប់នៃសេវាកម្មតាមផ្ទះ និង/ឬសេវាកម្មជាក្រុម?
ទេ។ ប្រសិនបើកូនរបស់អ្នកទទួលបានសេវាបម្រើដោយមណ្ឌលសិក្សាធិការក្នុង កម្រិតណាមួយ ដូច្នេះច្បាប់រដ្ឋបញ្ជាក់ច្បាស់ថាកម្រិតសេវាកម្មអតិបរមាសម្រាប់សេវាកម្មតាមផ្ទះនិងសេវាកម្មជាក្រុម “ត្រូវអនុវត្តសម្រាប់តែគោលបំណងនៃការបែងចែកថវិកាសម្រាប់កម្មវិធីអប់រំពីដើមទីតែប៉ុណ្ណោះ…”។ មណ្ឌលសិក្សាធិការ អាចពង្រីកវិសាលភាពលើសពីកម្រិតសេវាកម្មបច្ចុប្បន្ន ស្របទៅតាមតម្រូវការរបស់បុគ្គល និងសេវាកម្ម រួមទាំងផែនការ IFSP របស់កូនអ្នកផងដែរ។ កម្រិតសេវាកម្មអតិបរមា មិនមានន័យថាជាការដាក់កម្រិតសេវាកម្មរបស់កូនអ្នកទេ ប៉ុន្តែជាការទទួលខុសត្រូវហិរញ្ញវត្ថុរបស់រដ្ឋសម្រាប់សេវាកម្មទាំងនោះ។
[Cal. Ed. Code Sec. 56426.25.]
(12.18) តើនរណាខ្លះអាចផ្តល់សេវាអន្តរាគមន៍ពីដើមទីដល់ទារកទើបកើត និងទារកទើបចេះដើរ?
សេវាអន្តរាគមន៍ពីដើមទី ត្រូវតែបានផ្តល់ជូនដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមាន៖
- អ្នកអប់រំពិសេស រួមមានគ្រូបង្រៀនរបស់កុមារដែលមានភាពចុះខ្សោយការស្តាប់ ពិការគ-ថ្លង់ ភាពចុះខ្សោយផ្នែកគំហើញ និងពិការភ្នែក
- គ្រូពេទ្យឯកទេសព្យាបាលសម្តី និងភាសា
- គ្រូពេទ្យឯកទេសព្យាបាលប្រព័ន្ធការស្តាប់
- គ្រូពេទ្យព្យាបាលមុខងារវិជ្ជាជីវៈ
- គ្រូពេទ្យព្យាបាលដោយចលនា
- គ្រូពេទ្យចិត្តសាស្ត្រ
- បុគ្គលិកសង្គមកិច្ច
- គិលានុប្បដ្ឋាក
- អ្នកឯកទេសផ្នែកអាហារូបត្ថម្ភដែលមានការទទួលស្គាល់
- អ្នកព្យាបាលជាក្រុមគ្រួសារ
- អ្នកជំនាញផ្នែកតម្រង់ទិស និងបម្លាស់ទី
- គ្រូពេទ្យឯកទេសកុមារ និងគ្រូពេទ្យផ្សេងទៀត និង
- អ្នកឯកទេសភ្នែក រួមទាំងពេទ្យភ្នែក និងអ្នកឯកទេសពិនិត្យភ្នែកផងដែរ។ [20.U.S.C. Sec. 1432(4)(F); 34 C.F.R. Sec. 303.13(c).]
(12.19) គេបានប្រាប់ខ្ញុំថាគ្មានអ្នកផ្តល់សេវាណាម្នាក់អាចមានផ្តល់ជូននោះទេ។ តើកូនរបស់ខ្ញុំអាចដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះរង់ចាំបានដែរឬទេ?
ទេ។ មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ ត្រូវបានហាមឃាត់មិនឲ្យដាក់បញ្ចូលកុមារណាម្នាក់ទៅក្នុងបញ្ជីរង់ចាំសម្រាប់សេវាអន្តរគមន៍ពីដើមទីនោះទេ។ [17 C.C.R. Sec. 52106(c).] មណ្ឌលសិក្សាធិការ ជាធម្មតាតែងជួលបុគ្គលិករបស់ខ្លួន ប៉ុន្តែត្រូវតែចុះកិច្ចសន្យាសម្រាប់សេវាកម្ម ប្រសិនបើចាំបាច់ដើម្បីធានាឲ្យមានការផ្តល់ជូននូវសេវាកម្មដែលតម្រូវចាំបាច់នានា។ មជ្ឈមណ្ឌលក្នុងតំបន់ ចុះកិច្ចសន្យាជាមួយអ្នកផ្តល់សេវាតាមសហគមន៍ ដើម្បីផ្តល់សេវាកម្មនានា។ មជ្ឈមណ្ឌលក្នុងតំបន់ តម្រូវឲ្យចុះកិច្ចសន្យាតែជាមួយ “អ្នកផ្តល់សេវាដែលបានឯកភាព” ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើលក្ខខណ្ឌតម្រូវនេះពន្យារការផ្តល់សេវាដល់កូនរបស់អ្នក នោះមជ្ឈមណ្ឌលក្នុងតំបន់អាចស្នើសុំការអនុគ្រោះពីសេវាកម្ម DDS ដើម្បីទិញសេវាកម្មនានាជាបន្ទាន់ពីអ្នកផ្តល់សេវាម្នាក់ទៀត។ [Cal. Gov. Code Sec. 95004(b).]
(12.20) តើមានបុគ្គលជាក់លាក់ណាម្នាក់ដែលទទួលខុសត្រូវចំពោះការអនុវត្តផែនការ IFSP ដែរឬទេ?
អ្នកសម្របសម្រួលសេវាកម្មដែលបានចាត់តាំងដោយក្រុមការងារផែនការ IFSP ជាអ្នកទទួលខុសត្រូវចំពោះការអនុវត្តផែនការដោយផ្ទាល់ ក៏ដូចជាការសម្របសម្រួលជាមួយទីភ្នាក់ងារ ឬអ្នកផ្តល់សេវាផ្សេងទៀតផងដែរ។ សេវាកម្ម DDS ត្រូវធានាថាអ្នកសម្របសម្រួលសេវា ទទួលបានការបណ្តុះបណ្តាលក្នុងការធ្វើការងារជាមួយទារក និងគ្រួសាររបស់ទារក និងបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកសមត្ថភាព និងផ្នែកច្បាប់របស់រដ្ឋនិងសហព័ន្ធ។ [20 U.S.C. Sec. 1436(d)(7); Cal. Gov. Code Sec. 95018.]
ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា មណ្ឌលសិក្សាធិការ ផ្នែកផែនការតាមមូលដ្ឋាននៅក្នុងការអប់រំពិសេស (Special Education Local Plan Area, SELPA) ឬការិយាល័យខោនធី ត្រូវទទួលខុសត្រូវចំពោះការផ្តល់ជូនសេវាកម្មតាមរយៈក្រុមការងារជំនាញចម្រុះ។ ក្រៅពីឪពុកម្តាយ ក្រុមការងារក៏អាចរួមបញ្ចូលនូវអ្នកជំនាញវិជ្ជាជីវៈមកពីការអប់រំពិសេស ការព្យាបាលផ្នែកពាក្យសម្តីនិងភាសា ការព្យាបាលដោយចលនា ការព្យាបាលមុខងារវិជ្ជាជីវៈ ផ្នែកប្រព័ន្ធការស្តាប់ ផ្នែកថែទាំដែលមានកម្រិតជំនាញមិនទាបជាងគិលានុប្បដ្ឋាកដែលបានទទួលស្គាល់ ផ្នែកសង្គមកិច្ច ផ្នែកចិត្តសាស្ត្រ ផ្នែកសុខភាពផ្លូវចិត្ត ឬការគាំទ្រពីក្នុងចំណោមឪពុកម្តាយដូចគ្នា។ បុគ្គលម្នាក់នៅក្នុងក្រុមការងារនេះ ត្រូវបានចាត់តាំងឲ្យសម្របសម្រួល និងផ្តល់សេវាកម្ម និងដើរតួនាទីជាអ្នកពិគ្រោះយោបល់ទៅដល់សមាជិកក្រុមការងារផ្សេងទៀត។ អ្នកផ្តល់សេវា ក៏ត្រូវមានបទពិសោធន៍សមស្របផងដែរនៅក្នុងផ្នែក “ការលូតលាស់របស់ទារកធម្មតា និងខុសធម្មតា” [Cal. Ed. Code Sec. 56426.6.]
(12.21) តើអ្នកសម្របសម្រួលសេវាកម្មត្រូវធ្វើអ្វីខ្លះសម្រាប់កូនរបស់ខ្ញុំ និងគ្រួសាររបស់យើង?
ភារកិច្ចរបស់អ្នកសម្របសម្រួលសេវា គឺមានភាពសកម្មជាបន្តបន្ទាប់ និងរួមមានដូចខាងក្រោម៖
- ផ្តល់ដំណឹងលើកដំបូងអំពីសិទ្ធិ និងសេវាកម្ម Early Start
- ទទួលបានការយល់ព្រមសម្រាប់សេវាកម្ម ការវាយតម្លៃ និងការផ្តល់រង្វាយតម្លៃ
- សម្របសម្រួលរាល់សេវាកម្មអន្តរក្រសួងទាំងអស់ រួមទាំងការផ្លាស់ប្តូរព័ត៌មានទៅវិញមកផងដែរ
- មានមុខងារជាចំណុចស្នូលនៃទំនាក់ទំនងនៅក្នុងការជួយដល់ឪពុកម្តាយឲ្យទទួលបានសេវា និងជំនួយដែលពួកគេត្រូវការ
- ជួយឪពុកម្តាយនៅក្នុងការទទួលបានការចូលប្រើប្រាស់សេវាអន្តរាគមន៍ពីដើមទី និងសេវាផ្សេងៗដែលមានកំណត់នៅក្នុងផែនការ IFSP
- សម្របសម្រួលការផ្តល់សេវាអន្តរាគមន៍ពីដើមទី និងសេវាកម្មផ្សេងទៀតដែលកុមារត្រូវការ ឬកំពុងតែបានផ្តល់ជូន។
- ជួយសម្រួលដល់ការផ្តល់សេវាកម្មដែលមានផ្តល់ជូនបានទាន់ពេលវេលា
- បន្តស្វែងរកសេវាកម្មសមស្រប និងស្ថានភាពនានាដែលចាំបាច់ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ការលូតលាស់របស់កុមារម្នាក់ៗដែលកំពុងទទួលបានសេវានៅអំឡុងពេលនៃការទទួលបានសិទ្ធិរបស់កុមារនោះ។
- សម្របសម្រួលការអនុវត្តការវាយតម្លៃ និងការផ្តល់រង្វាយតម្លៃ
- ជួយសម្រួល និងចូលរួមនៅក្នុងការអភិវឌ្ឍ ការត្រួតពិនិត្យ និងការវាយតម្លៃផែនការសេវាគ្រួសារសម្រាប់បុគ្គល
- ជួយដល់ក្រុមគ្រួសារនៅក្នុងការកំណត់ពីអ្នកផ្តល់សេវាដែលមានផ្តល់ជូន
- សម្របសម្រួល និងពិនិត្យតាមដានការផ្តល់សេវាកម្មដែលមានផ្តល់ជូន
- ផ្តល់ព័ត៌មានដល់គ្រួសារអំពីលទ្ធភាពទទួលសេវាតស៊ូមតិ និងការការពារស្របតាមនីតិវិធី និង
- ជួយសម្រួលដល់ការបង្កើតផែនការផ្ទេរការសិក្សាទៅកាន់សេវាកម្មមត្តេយ្យសិក្សា ប្រសិនបើសមស្រប។ [34 C.F.R. Sec. 303.34; 17 C.C.R. Sec. 52121.]
(12.22) តើមជ្ឈមណ្ឌលក្នុងតំបន់ អាចសុំឲ្យខ្ញុំទូទាត់ចំណែកណាមួយនៃសេវាអន្តរាគមន៍ពីដើមទីដែរឬទេ?
មានសេវាអន្តរាគមន៍ពីដើមទីចំនួនបី ដែលស្របទៅតាមអ្វីដែលស្គាល់ថាជាកម្មវិធីចូលរួមចំណែកថ្លៃចំណាយសម្រាប់គ្រួសារ (Family Cost Participation Program)៖ ជំនួយបណ្តោះអាសន្ន ការថែទាំនៅពេលថ្ងៃ និងការបោះជំរំ។ កម្មវិធីនេះអនុវត្តតែចំពោះគ្រួសារដែលចំណូលប្រចាំឆ្នាំរបស់ពួកគេ គឺមានយ៉ាងតិច 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ។ [Cal. Welf. & Inst. Code Sec. 4783.] នៅក្នុងឆ្នាំ2019 ឧទាហរណ៍ 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់គ្រួសារមួយដែលមានគ្នាបួនអ្នក គឺមាន $100,400។ គ្រួសារដែលមានចំណូលនៅក្នុងកម្រិតនេះ ឬខ្ពស់ជាងនេះ ត្រូវបង់ជាភាគរយនៃថ្លៃចំណាយទៅលើសេវាជំនួយបណ្តោះអាសន្ន ការថែទាំពេលថ្ងៃ ឬសេវាបោះជំរំ។ ភាគរយនេះ អាចត្រូវបានកាត់បន្ថយដោយកត្តាផ្សេងទៀតដូចជាចំនួនកុមារដែលរស់នៅក្នុងផ្ទះ ឬទីកន្លែងដែលសមស្របនៅក្រៅផ្ទះ។
(12.23) តើមជ្ឈមណ្ឌលក្នុងតំបន់អាចស្នើសុំឲ្យខ្ញុំប្រើប្រាស់ការធានារ៉ាប់រងសុខភាពឯកជនរបស់ខ្ញុំ ឬផែនការសេវាសុខភាពដើម្បីទូទាត់សេវាវេជ្ជសាស្ត្រដែលជាផ្នែកមួយនៃផែនការ IFSP របស់កូនខ្ញុំដែរឬទេ?
ច្បាប់សហព័ន្ធ មិនហាមឃាត់រដ្ឋពីការប្រើប្រាស់ការធានារ៉ាប់រងឯកជនសម្រាប់សេវាកម្មចាប់ផ្តើមពីដើមទី (Early Start) នោះទេ។ [34 C.F.R. Secs. 303.12(a)(3)(iv) &. 303.520(d)(1).] ចាប់តាំងពីខែកក្កដា ឆ្នាំ2009 មជ្ឈមណ្ឌលក្នុងតំបន់បានតម្រូវឲ្យឪពុកម្តាយប្រើប្រាស់ការធានារ៉ាប់រងឯកជនដើម្បីទូទាត់សេវាវេជ្ជសាស្ត្រដែលមានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងផែនការ IFSP ដរាបណាការនេះមានភាពស្របទៅតាមច្បាប់រដ្ឋ និងសហព័ន្ធ។ នេះអាចរួមបញ្ចូលនូវការទូទាត់ប្រាក់ធានារ៉ាប់រងត្រូវបង់មុន និងសហបង់ប្រាក់ផងដែរ ប៉ុន្តែមិនមានការទូទាត់សម្រាប់ការវាយតម្លៃ ឬការផ្តល់រង្វាយតម្លៃទៅលើទារកទើបកើត និងទារកទើបចេះដើរទេ។ ប៉ុន្តែ អសមត្ថភាពរបស់អ្នកក្នុងការទទួលបានសេចក្តីសម្រេចណាមួយពីក្រុមហ៊ុនធានារ៉ាប់រងឯកជនរបស់អ្នក ពាក់ព័ន្ធនឹងការឯកភាព ឬការបដិសេធន៍ការទាមទារណាមួយ មិនត្រូវនាំឲ្យមានការបដិសេធន៍លើសេវាកម្មចំពោះកូនរបស់អ្នក ឬការពន្យារលើការផ្តល់សេវាកម្មឡើយ។ [Cal. Gov. Code Sec. 95004(b)(1).]
(12.24) កូនរបស់ខ្ញុំនឹងមានអាយុ 3 ឆ្នាំក្នុងពេលឆាប់ៗនេះ ហើយនឹងចូលរៀននៅសាលាសាធារណៈនៅឆ្នាំក្រោយ។ តើលក្ខខណ្ឌតម្រូវសម្រាប់ការផ្ទេរអន្តរាគមន៍ពីដើមទីមានអ្វីខ្លះ?
សម្រាប់កុមារដែលបានចូលរួមនៅក្នុងកម្មវិធីផ្នែក C និងដែលមានសិទ្ធិទទួលបានសេវាកម្មមត្តេយ្យសិក្សា រដ្ឋត្រូវតែធានាថានឹងមានការផ្ទេរការសិក្សាដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ កម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ត្រូវតែបានបង្កើតឡើង និងអនុវត្តឲ្យបានត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កូនអ្នក។ ទីភ្នាក់ងារឈានមុខ ត្រូវតែផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់កុមារឲ្យបានជ្រាបថាកុមារដែលបានទទួលសេវានាពេលបច្ចុប្បន្នក្រោមផែនការ IFSP នឹងគ្រប់អាយុមានសិទ្ធិទទួលបានសេវាអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាក្នុងពេលឆាប់ៗនេះ។ [34 C.F.R. Sec. 303.209(b)(1)(i); 34 C.F.R. Secs. 300.101(b) & 300.124(a) & (b); Cal. Ed. Code Sec. 56426.9(a) & (b).]
សម្រាប់កុមារដែលអាចមានសិទ្ធិទទួលបានសេវាថ្នាក់មត្តេយ្យសិក្សាទាំងនេះ ទីភ្នាក់ងារឈានមុខ ត្រូវតែរៀបចំកិច្ចប្រជុំជាមួយឪពុកម្តាយ និងមណ្ឌលសិក្សាធិការយ៉ាងតិច 90 ថ្ងៃ (ឬរហូតដល់ 6 ខែ) មុនពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ ដើម្បីពិភាក្សាអំពីសេវាអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាដែលអាចនឹងទទួលបាន។ [34 C.F.R. Secs. 303.209(c)(1); Cal. Ed. Code Sec. 56426.9(b); 17 C.C.R. Sec. 52112(a).]
ប្រាំមួយខែមុនពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ អ្នកសម្របសម្រួលសេវា ត្រូវតែ៖
- ផ្តល់ដំណឹងដល់ឪពុកម្តាយរបស់កុមារដែលអាចមានសិទ្ធិទទួលបានសេវាថ្នាក់មត្តេយ្យសិក្សានៅក្នុងការអប់រំពិសេសឲ្យបានជ្រាបថា ការធ្វើផែនការផ្ទេរការសិក្សា នឹងត្រូវធ្វើ់ឡើងក្នុងរយៈពី 3 ទៅ 6 ខែខាងមុខ និង
- ផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការថានឹងមានកិច្ចប្រជុំស្តីពីការធ្វើផែនការ IFSP យ៉ាងតិចបំផុតបីខែ នៅមុនពេលកុមារមានអាយុបីឆ្នាំ។ មនុស្សគ្រប់គ្នា ត្រូវតែយល់ស្របទៅលើកាលបរិច្ឆេទសម្រាប់ការប្រជុំនេះក្នុងរយៈពេលយ៉ាងតិច 30 ថ្ងៃ ក្រោយការជូនដំណឹងរបស់អ្នកសម្របសម្រួលសេវា។ [17 C.C.R. Sec. 52112 (b).]
សម្រាប់កុមារដែលអាចនឹងមិនមានសិទ្ធិទទួលបានសេវាអប់រំពិសេស ផែនការផ្ទេរការសិក្សានៅតែត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារឈានមុខ គ្រួសារ និងអ្នកផ្តល់សេវាដែលពាក់ព័ន្ធ។ ផែនការនេះ ត្រូវតែធានានូវការផ្ទេរការសិក្សាដោយរលូនរពីផ្នែក C ទៅកាន់សេវាកម្មសមស្របផ្សេងទៀតដែលកុមារនោះមានសិទ្ធិទទួលបាន។ [34 C.F.R. Sec. 303.209(c)(2); Gov. Code Sec. 95020(d)(8); 17 C.C.R. Sec. 52112(c).] ដោយមិនគិតពីលក្ខខណ្ឌតម្រូវក្នុងផ្នែក C នោះទេ មណ្ឌលសិក្សាធិការត្រូវតែអនុវត្តតាមលក្ខខណ្ឌតម្រូវអប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ ដូចជាការពិនិត្យរកពិការភាពរបស់កុមារ លក្ខខណ្ឌតម្រូវនិងការការពារសម្រាប់ការបញ្ចូនបន្តនិងការវាយតម្លៃ នីតិវិធីបញ្ចូនបន្តរបស់ឪពុកម្តាយ និងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ឪពុកម្តាយ អាចដាក់បណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់សម្រាប់ការបដិសេធន៍ចំពោះការទទួលបានសិទ្ធិ និង/ឬសេវាកម្ម។
ច្បាប់សហព័ន្ធចែងថាក្រុមគ្រួសារនានា ត្រូវបានរាប់បញ្ចូលទៅក្នុងការធ្វើផែនការផ្ទេរការសិក្សា។ [34 C.F.R. Sec. 303.209(d)(1)(ii).]
(12.25) តើមានអ្វីកើតឡើង នៅក្នុងកិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សានោះ?
ច្បាប់សហព័ន្ធកំណត់ថាឪពុកម្តាយ មណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ (បើមណ្ឌលសិក្សាធិការមិនមែនជាទីភ្នាក់ងារឈានមុខនោះទេ) ត្រូវពិភាក្សាអំពីសេវាអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាតាមដែលអាចធ្វើបាន ក៏ដូចជាជំហាននៃការផ្ទេរការសិក្សាទាំងនេះផងដែរ រួមមាន៖
- ការពិភាក្សាពាក់ព័ន្ធនឹងការដាក់បញ្ចូលក្នុងការសិក្សានាពេលអនាគត និងបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការផ្ទេរការសិក្សារបស់កុមារ រួមទាំងការបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយផងដែរ
- នីតិវិធីក្នុងការត្រៀមរៀបចំកុមារសម្រាប់ការផ្លាស់ប្តូរនៅក្នុងការផ្តល់សេវា និងការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មី និង
- ការបញ្ចូនព័ត៌មាន និងកំណត់ត្រាទៅកាន់មណ្ឌលសិក្សាធិការ។ [34 C.F.R. Sec. 303.344(h).]
ម្យ៉ាងទៀត ច្បាប់រដ្ឋតម្រូវឲ្យ៖
- ឪពុកម្តាយ ទទួលបានព័ត៌មានអំពីធនធានតាមសហគមន៍
- ព័ត៌មានអំពីកុមារនោះ ត្រូវបានបញ្ចូនទៅកាន់មណ្ឌលសិក្សាធិការ រួមទាំងផែនការ IFSP (ដោយមានការយល់ព្រមរបស់ឪពុកម្តាយ) និងការវាយតម្លៃចាំបាច់ណាមួយដោយមណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីកំណត់អំពីការទទួលបានសិទ្ធិ និងកាលវេលាសម្រាប់បំពេញការវាយតម្លៃ
- កាលបរិច្ឆេទដែលបានព្យាករណ៍សម្រាប់ការចុះត្រួតពិនិត្យឡើងវិញនៃកម្មវិធី IFSP ត្រូវបានកំណត់
- ជំហានដែលត្រូវអនុវត្តដើម្បីធានាថាការបញ្ចូនបន្តទៅកាន់មណ្ឌលសិក្សាធិការ ត្រូវបានទទួលក្នុងរយៈពេលគ្រប់គ្រាន់ដើម្បីឲ្យការវាយតម្លៃនោះត្រូវបានបញ្ចប់សព្វគ្រប់ ហើយកម្មវិធី IEP ត្រូវបានអនុវត្ត នៅត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ។
- ការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការ កើតឡើងក្នុងរយៈពេលមិនឲ្យក្រោមរយៈពេលដែលកុមារមានអាយុ 2 ឆ្នាំ 9 ខែ ឬមុនពេលឈប់សម្រាករបស់មណ្ឌលសិក្សាធិការនៅក្នុងសេវាកម្មនេះ ប្រសិនបើកុមារនោះមានអាយុបីឆ្នាំនៅអំឡុងពេលឈប់សម្រាកនោះ ហើយ
- បុគ្គលិកដែលទទួលខុសត្រូវសម្រាប់ការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងផែនការ IFSP លើកចុងក្រោយ ត្រូវបានកំណត់។ [17 C.C.R. Secs. 52112(c) & (d).] ដើម្បីកុំឲ្យមានភាពខ្វះចន្លោះនៅក្នុងសេវាកម្ម និងការពន្យារពេលក្នុងការបង្កើត និងអនុវត្តផែនការ IEP ឪពុកម្តាយគប្បីត្រូវដឹង និងបន្តតាមដានលើជំហាននានាដែលនាំទៅរកការផ្ទេរការសិក្សានេះ ដើម្បីឲ្យជំហានសំខាន់ៗនោះត្រូវបានអនុវត្តទាន់ពេលវេលា។
(12.26) តើការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការក្នុងការចូលរួមនៅក្នុងការផ្ទេរសេវាពីអន្តរាគមន៍ពីដើមទីទៅកាន់សេវាអប់រំពិសេស ថ្នាក់មត្តេយ្យសិក្សា មានអ្វីខ្លះ?
ប្រសិនបើមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានគឺជាទីភ្នាក់ងារឈានមុខ មណ្ឌលសិក្សាធិការក៏ត្រូវធានាផងដែរថាកុមារទទួលបានការផ្ទេរការសិក្សាយ៉ាងរលូនទៅកាន់កម្មវិធីមត្តេយ្យសិក្សា។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).] វាក៏ត្រូវធានាផងដែរថាកម្មវិធី IEP ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលគម្រប់ខួបកំណើត 3 ឆ្នាំរបស់កុមារ។
[34 C.F.R. Sec. 300.124(b); Cal. Ed. Code Sec. 56426.9(b).] ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។ [Cal. Ed. Code Sec. 56426.9(d).] មណ្ឌលសិក្សាធិការ ត្រូវតែចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការផ្ទេរការសិក្សាដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលក្នុងតំបន់។ [20 U.S.C. Sec. 1437(a)(9)(A)(ii); Cal. Ed. Code Sec. 56426.9(c).]
(12.27) តើខ្ញុំត្រូវដាក់ពាក្យបណ្តឹងអំពីការខកខានរបស់ទីភ្នាក់ងារក្នុងការអនុវត្តនីតិវិធីដែលបានកំណត់ ឬនៅក្នុងការផ្តល់សេវាកម្មដែលមានចែងនៅក្នុងផែនការ IFSP យ៉ាងដូចម្តេច?
មិនថាទីភ្នាក់ងារឈានមុខនោះជាមជ្ឈមណ្ឌលក្នុងតំបន់ ឬជាមណ្ឌលសិក្សានោះទេ អ្នកអាចដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរទៅកាន់៖
នាយកដ្ឋានសេវាផ្នែកអភិវឌ្ឍលូតលាស់រដ្ឋកាលីហ្វ័រញ៉ា (California Department of Developmental Services) ការិយាល័យសិទ្ធិមនុស្ស និងសេវាកម្មតស៊ូមតិ (Office of Human Rights and Advocacy Services)
ជូនចំពោះ៖ ផ្នែកបណ្តឹងសេវាពីដើមទី (Early Start Complaint Unit)
1600 Ninth Street, Room 240, M.S.- 215
Sacramento, CA 95814
ប្រសិនបើអ្នកមានបញ្ហាក្នុងការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ អ្នកសម្របសម្រួលសេវាកូនរបស់អ្នកត្រូវតែជួយអ្នក។ ពាក្យបណ្តឹង ត្រូវតែរួមបញ្ចូលឈ្មោះរបស់អ្នក អាសយដ្ឋាន និងលេខទូរសព្ទ និងរបាយការណ៍ដែលបញ្ជាក់អំពីការរំលោភបំពានដោយមជ្ឈមណ្ឌលក្នុងតំបន់ មណ្ឌលសិក្សាធិការ ឬអ្នកផ្តល់សេវាឯកជន។ អ្នកផ្តល់សេវា ត្រូវតែរួមបញ្ចូលនូវអង្គហេតុដែលពាក្យបណ្តឹងរបស់អ្នកផ្អែកទៅលើ ឈ្មោះរបស់បុគ្គលឬស្ថាប័នដែលទទួលខុសត្រូវសម្រាប់ការមិនបានអនុវត្តនោះ និងការពិពណ៌នាអំពីវិធានការមួយចំនួនដែលអ្នកបានអនុវត្តរួចហើយដើម្បីដោះស្រាយបញ្ហាពាក្យបណ្តឹងនោះ។ នេះគឺជានីតិវិធីបណ្តឹងតែមួយគត់ដែលអាចយកទៅប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាជាមួយនឹងសេវាអន្តរាគមន៍ពីដើមទី។ ពាក្យបណ្តឹង ត្រូវដែលដាក់ជូនទៅសេវាកម្ម DDS ទោះបីជាវាមានជាប់ពាក់ព័ន្ធនឹងមណ្ឌលសិក្សាធិការក៏ដោយ។
សេវាកម្ម DDS ត្រូវតែទទួលបានពាក្យបណ្តឹងរបស់អ្នកមិនឲ្យលើសពីរយៈពេលមួយឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទដែលការរំលោភបំពាននោះបានកើតឡើង។ ក្នុងករណីខ្លះ ពាក្យបណ្តឹងអាចត្រូវបានទទួលយក បន្ទាប់ពីរយៈពេលមួយឆ្នាំបានកន្លងផុត ប្រសិនបើការរំលោភបំពាននៅតែបន្ត និងប៉ះពាល់ដល់កូនរបស់អ្នក ឬកុមារដទៃទៀត។
ម្យ៉ាងទៀត ប្រសិនបើអ្នកកំពុងស្នើសុំការទូទាត់សំណង ឬ “សកម្មភាពកែតម្រូវ” នៃពាក្យបណ្តឹងនោះ នាយកដ្ឋានអាចទទួលយកវារយៈពេលរហូតដល់បីឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទនៃការរំលោភបំពាននោះ។
[17 C.C.R. Sec. 52170.]
ក្នុងរយៈពេល 60 ថ្ងៃក្រោយទទួលបានពាក្យបណ្តឹង សេវាកម្ម DDS ត្រូវតែ៖
- ប្រគល់បណ្តឹងនេះទៅកាន់ក្រុមការងារអន្តរក្រសួងរបស់រដ្ឋ ឬទីភ្នាក់រដ្ឋដែលសមស្របផ្សេងទៀត
- ធ្វើការស៊ើបអង្កេត
- ផ្តល់ឲ្យអ្នកនូវឱកាសដើម្បីប្រគល់ព័ត៌មានបន្ថែមដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ
- ពិនិត្យមើលព័ត៌មានដែលពាក់ព័ន្ធ
- កំណត់ថាតើមានការរំលោភបំពានច្បាប់ណាមួយដែលប៉ះពាល់ដល់កូនរបស់អ្នកដែរឬទេ និង
- ចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលរួមបញ្ចូលនូវលទ្ធផលរកឃើញ ការសន្និដ្ឋាន ហេតុផល សកម្មភាពកែតម្រូវចាំបាច់ណាមួយ កាលវេលាសម្រាប់សកម្មភាពកែតម្រូវ និងការផ្តល់ជូនជំនួយបច្ចេកទេសទៅដល់ទីភ្នាក់ងារ ឬបុគ្គលដែលមានកំហុស។
ក្នុងស្ថានភាពជាក់លាក់មួយចំនួន ដូចជាជំងឺ ឬអវត្តមានពីតំបន់ភូមិសាស្ត្ររបស់អ្នកដាក់ពាក្យប្តឹង ឬគ្រោះមហន្តរាយធម្មជាតិ ពេលនោះសេវាកម្ម DDS អាចពន្យារកាលវេលារហូតដល់ 60 ថ្ងៃ។
សកម្មភាពកែតម្រូវ អាចរួមបញ្ចូលនូវការទូទាត់សំណងជាប្រាក់ ការធានាឲ្យមានការផ្តល់ជូនសេវាកម្មសមស្របនេះក្នុងពេលអនាគត និង/ឬសេវាកម្មកែតម្រូវ ដែលសមស្របចំពោះកូន ឬគ្រួសាររបស់អ្នក។ [17 C.C.R. Sec. 52171.]
(12.28) ប្រសិនបើខ្ញុំមិនឯកភាពជាមួយនឹងអនុសាសន៍លើផែនការ IFSP របស់មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការនោះទេ តើសិទ្ធិស្តីពី “កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់” របស់ខ្ញុំមានអ្វីខ្លះ?
អ្នកត្រូវតែទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ (ជាភាសាតាមជម្រើស របស់ឪពុកម្តាយ ប្រសិនបើអាចធ្វើបាន) ក្នុងពេលវេលាសមស្រប មុនពេលមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការដាក់សំណើ ឬបដិសេធចំពោះគំនិតផ្តួចផ្តើម ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ទិន្នន័យនៃការវាយតម្លៃ ការដាក់បញ្ចូលក្នុងសេវា ឬសេវាកម្មរបស់ទារកទើបកើត ឬទារកទើបចេះដើរ។ សូម្បីតែកុមារដែលបានកំណត់អត្តសញ្ញាណ (ប៉ុន្តែមិនបានទទួលស្គាល់សិទ្ធិទទួលបាន) ក៏មានសិទ្ធិក្នុងការផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធទៅលើការផ្តល់សេវាកម្មនោះដែរ។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរនេះ ត្រូវផ្តល់សេចក្តីលម្អិតគ្រប់គ្រាន់ដើម្បីផ្តល់ដំណឹងឲ្យអ្នកដឹងថាតើទីភ្នាក់ងារកំពុងស្នើសុំ ឬបដិសេធអ្វីខ្លះ ដឹងពីហេតុផល និងរាល់សិទ្ធិនិងនីតិវិធីទាំងអស់ដែលអ្នកមានដើម្បីតវ៉ាប្រឆាំងនៅនឹងសំណើសុំ និងការបដិសេធនោះ។ [17 C.C.R. Sec. 52161.]
អ្នកត្រូវតែទទួលបានឱកាសដើម្បីបង្ហាញព័ត៌មាន និងទឡ្ហីកររបស់អ្នកប្រឆាំងទៅនឹងអ្វីៗគ្រប់យ៉ាងដែលទីភ្នាក់ងារសេវាកម្មកំពុងស្នើសុំ ឬបដិសេធមិនអនុវត្ត។ ឱកាសនេះ ហៅថា “សវនាការយុត្តិធម៌” ឬ “សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់”។ វាត្រូវបានប្រើប្រាស់ដើម្បីប្តឹងតវ៉ាអំពីការខកខានរបស់ទីភ្នាក់ងារណាមួយនៅក្នុងការគោរពតាមច្បាប់ ឬនីតិវិធី ឬនៅក្នុងការអនុវត្តសេវាកម្មដែលបានកំណត់នៅក្នុងផែនការ IFSP។ កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ គឺត្រូវដោះស្រាយវិវាទអំពីសិទ្ធិទទួលបានកម្មវិធីរបស់កូនអ្នក ឬអំពីសេវាអ្វីខ្លះដែល គប្បីត្រូវរួមបញ្ចូលទៅក្នុងផែនការ IFSP របស់គាត់។
នៅពេលធ្វើសវនាការ ចៅក្រមច្បាប់រដ្ឋបាល (Administrative Law Judge, ALJ) នឹងធ្វើសវនាការលើសក្ខីកម្មពីភាគីទាំងសងខាង។ ចៅក្រម ALJ នឹងពិចារណាថាតើរបាយការណ៍វាយតម្លៃនិងរង្វាយតម្លៃ និងកំណត់ត្រាផ្សេងៗ បង្ហាញប្រាប់អ្វីខ្លះអំពីកូនរបស់អ្នក និង/ឬថាតើកូនអ្នកអាចមានតម្រូវការអ្វីខ្លះនៅក្នុងរូបភាពនៃការដាក់បញ្ចូលក្នុងសេវា ឬសេវាកម្មនានា។ ចៅក្រម ALJ នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ បន្ទាប់ពីសវនាការនោះ។ [17 C.C.R Sec. 52174.]
ទោះយ៉ាងណាក៏ដោយ អ្នកអាចនឹងចូលរួមទៅក្នុងកិច្ចប្រជុំសម្រុះសម្រួលដោយ ស្ម័គ្រចិត្តដើម្បីព្យាយាមដោះស្រាយវិវាទរវាងអ្នកនិងទីភ្នាក់ងារ ដោយមិនបាច់មានការរៀបចំសវនាការណាមួយឡើយ។ អ្នកថែមទាំងអាចធ្វើដូចនេះបាន ដោយមិនចាំបាច់ត្រូវស្នើសុំជាមុនសម្រាប់ការធ្វើសវនាការនោះទេ។ ទោះបីជាមិនតម្រូវឲ្យមានការសម្រុះសម្រួល (ដោយមានអ្នកសម្រុះសម្រួលថ្នាក់រដ្ឋ) ប៉ុន្តែយកល្អត្រូវដោះស្រាយយ៉ាងហោចណាស់នូវបញ្ហាវិវាទមួយចំនួន ប្រសិនបើមិនអាចដោះស្រាយបានទាំងអស់ទេ ដោយមិនចាំបាច់មានការចំណាយ និងការខិតខំប្រឹងប្រែងនៃសវនាការនោះទេ។ ការសម្រុះសម្រួល សវនាការ និងការទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ មិនត្រូវចំណាយពេលលើសពី 30 ថ្ងៃឡើយ បន្ទាប់ពីកាលបរិច្ឆេទនៃសំណើសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [17 C.C.R. Secs. 52172 - 52173.]
ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មរួចហើយ ក្រោមផែនការ IFSP ហើយទីភ្នាក់ងារមានបំណងកាត់បន្ថយ ឬបញ្ចប់សេវាកម្មមួយចំនួន ឬទាំងអស់ នោះកូនរបស់អ្នកត្រូវតែបន្តទទួលបានកម្រិតសេវាកម្មដែលគាត់បានទទួលការពីមុនមកពីទីភ្នាក់ងារនោះ ខណៈពេលដែលនីតិវិធីកិច្ចដំណើរការត្រឹមត្រូវកំពុងត្រូវបានអនុត្តដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយ ឬការបញ្ចប់សេវាដែលបានស្នើ សុំនោះ។ [17 C.C.R. Sec. 52172(g).] នេះ ត្រូវបានហៅជាទូទៅថា “ការស្ថិតនៅជាបន្ត”។
សម្រាប់កិច្ចប្រជុំសម្រុះសម្រួល ឬការធ្វើ់សវនាការ អ្នកត្រូវតែផ្ញើសំណើជាលាយលក្ខណ៍អក្សរមួយច្បាប់តាមប្រៃសណីយ៍ទៅកាន់៖
ការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings)
ជូនចំពោះ៖ Early Start
2349 Gateway Oaks Drive, Ste. 200
Sacramento, CA 95833
ទូរសព្ទ៖ 916-263-0654
តាមទូរសារ៖ 916-376-6318
(12.29) កូនរបស់ខ្ញុំមានអាយុជិតបីឆ្នាំហើយ។ នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដំណាក់កាលដំបូងរបស់យើង មណ្ឌលសិក្សាធិការមិនឯកភាពជាមួយនឹងខ្ញុំអំពីសេវាអប់រំពិសេសដែលកូនខ្ញុំត្រូវការទេ។ ប្រសិនបើខ្ញុំដាក់ បណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ តើគាត់នៅតែបន្តទទួលបានសេវា Early Start រហូតដល់ការមិនយល់ព្រមនេះត្រូវបានដោះស្រាយដែរឬទេ?
ទេ។ ប្រសិនបើនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដំណាក់កាលដំបូងនេះ អ្នកនិងមណ្ឌលសិក្សាធិការមិនឯកភាពទៅលើសេវាមួយណាដែលកូនរបស់អ្នកនឹងត្រូវការនោះទេ អ្នកអាចនឹងត្រូវដោះស្រាយបញ្ហាមិនឯកភាពគ្នានោះ ដោយការដាក់បណ្តឹងសម្រាប់កិច្ចដំណើការត្រឹមត្រូវតាមច្បាប់។ រហូតទាល់តែការមិនឯកភាពនេះត្រូវបានដោះស្រាយ ពុំនោះទេ កូនរបស់អ្នកមិនមានសិទ្ធិបន្តទទួលបានសេវាអន្តរគមន៍ពីដើមទី ដែលគាត់បាននឹងកំពុងទទួលពីមណ្ឌលសិក្សាធិការ ឬមជ្ឈមណ្ឌលតំបន់របស់អ្នកនោះទេ។ ប៉ុន្តែ មណ្ឌលសិក្សាធិការ អាចនឹងផ្តល់ឲ្យកូនអ្នកនូវសេវាកម្មបន្តិចបន្តួច ឬសេវាកម្មដទៃផ្សេងទៀត។ ប្រសិនបើអ្នកផ្តល់ការយល់ព្រម មណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាទាំងនោះ ខណៈពេលដែលភាពខ្វែងគំនិតគ្នារបស់អ្នកនៅមិនទាន់ដោះស្រាយរួច។
ប្រសិនបើកូនរបស់អ្នកជាអតិថិជននៃមជ្ឈមណ្ឌលក្នុងតំបន់ អ្នកមានជម្រើសក្នុងការស្នើសុំការប្រជុំស្តីពី ផែនការកម្មវិធីសម្រាប់បុគ្គល (IPP) ដើម្បីពិភាក្សាអំពីការបន្តសេវាកម្មផ្នែក C។ មជ្ឈមណ្ឌលក្នុងតំបន់ អាចបន្តផ្តល់សេវាកម្ម៖ (1) រហូតដល់ពេលចាប់ផ្តើមត្រីមាសសិក្សាបន្ទាប់ ក្រោយថ្ងៃគម្រប់ខួបចេះដើររបស់កូនអ្នក (នៅពេលដែលកម្មវិធីមត្តេយ្យសិក្សាសម្រាប់ការអប់ពិសេសរបស់មណ្ឌលសិក្សាធិការ មិនស្ថិតនៅក្នុងម៉ោងសិក្សានោះទេ) និង (2) ក្រុមការងារកំណត់ថាសេវាកម្មមានភាពចាំបាច់ រហូតដល់កម្មវិធីមត្តេយ្យសិក្សាបន្តដំណើរការឡើងវិញ។ [34 C.F.R. Sec. 300.518(c); Cal. Ed. Code Sec. 56505(d); 17 C.C.R. Sec. 52112(f).]
(12.30) តើមានអ្វីកើតឡើងនៅសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
សវនាការនេះ ត្រូវបានធ្វើឡើងដោយចៅក្រម ALJ ឥតលម្អៀងដែលជាអ្នកមិនទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍វិជ្ជាជីវៈ ដែលអាចនឹងមានភាពផ្ទុយគ្នាទៅនឹងភាពត្រឹមត្រូវឥតលម្អៀងរបស់ខ្លួន ហើយជាអ្នកដែលមានចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធនានា។ ចៅក្រម ត្រូវតែស្តាប់សាក្សីផ្សេងៗដែលផ្តល់សក្ខីកម្មសម្រាប់ភាគីទាំងសងខាង និងធ្វើ់ការពិនិត្យវិនិច្ឆ័យភស្តុតាងដែលបានផ្តល់ជូន។ ចៅក្រម ត្រូវតែផ្ញើតាមប្រៃសណីយ៍ទៅឲ្យអ្នកនូវសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ដោយរួមបញ្ចូលនូវការរកឃើញអង្គហេតុផងដែរ ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីពេលដែលអ្នក ឬទីភ្នាក់ងារសេវាកម្មនោះបានស្នើសុំការសម្រុះសម្រួល ឬសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ណាមួយ។ [17 C.C.R. Sec. 52174.]
សម្រាប់ព័ត៌មានដែលបានរៀបចំដោយសេវាកម្ម DDS ស្តីពីនីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និងពាក្យបណ្តឹង — និងការពិនិត្យមើលទូទៅអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ឪពុកម្តាយ — សូមចូលទៅកាន់ http://dds.ca.gov/EarlyStart/docs/Parents_Rights_Guide_Sum_Eng.pdf. សូមមើលផងដែរនូវជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។