បោះពុម្ពជំពូកទី 10 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 03/28/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 03/28/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី10៖ ព័ត៌មានស្តីពីសេវាអន្តរកាល រួមទាំងការអប់រំវិជ្ជាជីវៈ
(10.1) តើមណ្ឌលសិក្សាធិការចាំបាច់ត្រូវជួយសិស្សដែលមានពិការភាពឲ្យធ្វើការផ្ទេរពីការសិក្សាពីវិទ្យាល័យទៅកាន់ជីវិតមនុស្សពេញវ័យដែរឬទេ?
បាទ/ចាស។ ច្បាប់អប់រំពិសេសរបស់សហព័ន្ធ តម្រូវឲ្យមានសេវាធ្វើផែនការផ្ទេរការសិក្សាពីសិស្សដែលមានពិការភាព ដោយមិនគិតថាទីភ្នាក់ងារមួយណាផ្តល់ការគាំទ្រ ឬសេវាអប់រំនានាទៅដល់សិស្សនោះទេ។ ទន្ទឹមនឹងការចាប់ផ្តើមមិនឲ្យយឺតយ៉ាវជាងកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP) លើកដំបូងដែលបានរៀបចំធ្វើក្រោយពេលសិស្សមានអាយុ 16 ឆ្នាំ (ឬតិចជាងនេះ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់ថាសមស្រប) និងដែលបានធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំផងនោះ កម្មវិធី IEP ត្រូវតែមានរបាយការណ៍អំពីគោលដៅក្រោយវិទ្យាល័យដែលអាចវាស់វែងបាន។ គោលដៅត្រូវតែផ្អែកលើការវាយតម្លៃលើការផ្ទេរការសិក្សាសមស្របតាមអាយុដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ ការងារ និងបំណិនជីវិតផ្អែកលើខ្លួនឯង ប្រសិនបើសមស្រប។ កម្មវិធី IEP ក៏ត្រូវតែមានរបាយការណ៍មួយស្តីពីសេវាកម្មផ្ទេរការសិក្សាតាមការចំាំបាច់សម្រាប់សិស្សដែលផ្តោតលើវគ្គសិក្សារបស់សិស្ស (ដូចជាការចូលរួមទៅក្នុងវគ្គសិក្សាសម្រាប់ការដាក់បញ្ចូលក្នុងថ្នាក់សិក្សាកម្រិតខ្ពស់ ឬកម្មវិធីអប់រំវិជ្ជាជីវៈ)។ ម្យ៉ាងទៀត កម្មវិធី IEP ត្រូវតែមានរបាយការណ៍ស្តីពីការទទួលខុសត្រូវអន្តរក្រសួង ប្រសិនបើសមស្រប។ 20 United States Code (USC) Sec. 1414(d)(1)(A); 34 Code of Federal Regulations (C.F.R.) Secs. 300.320(b) & 300.321(b)(3).]
គោលបំណងនៃផែនការផ្ទេរការសិក្សា គឺត្រូវធានាថាសិស្សនៅតែបន្តទទួលបានការគាំទ្រតាមត្រូវការ ពីទីភ្នាក់ងារសាធារណៈ និងឯកជនយ៉ាងសមស្រប ដើម្បីបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាអប់រំ និងស្វែងរក និងបន្តរក្សាកម្រិតឯករាជ្យភាព ឬកាងារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ផែនការនេះ ក៏គួរតែគូសបញ្ជាក់ផងដែរអំពីគោលដៅស្នាក់នៅ សង្គម និងការកម្សាន្ត។
កិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សាដែលមានការសម្របសម្រួល (ធ្វើឡើងសម្រាប់ជាផ្នែកមួយនៃកិច្ចប្រជុំក្រុមការងារកម្មវិធី IEP) គួរតែរួមបញ្ចូលនូវអ្នកតំណាងដែលអាចបម្រើសេវាដល់សិស្ស នៅពេលសិស្សបញ្ចប់ការសិក្សា ឬប្រសិនបើពួកគេមិនទាន់បញ្ចប់ការសិក្សា ហើយមានអាយុ 22 ឆ្នាំ នោះទីភ្នាក់ងារផ្សេងៗ ត្រូវផ្តល់ការគាំទ្រការអប់រំជាបន្តសម្រាប់សិស្សដែលមានពិការភាព ដោយសារតែមណ្ឌលសិក្សាធិការ លែងមានការទទួលខុសត្រូវសម្រាប់ការអប់រំរបស់ពួកគេទៀតហើយ។ ទាំងនេះ រួមមានក្រសួងស្តារលទ្ធភាពពលកម្ម (DOR) មជ្ឈមណ្ឌលក្នុងតំបន់ កម្មវិធីសេវាពិការភាពនៅមហាវិទ្យាល័យ ក៏ដូចជាទីភ្នាក់ងារឯកជនផងដែរ។ ការធ្វើផែនការផ្ទេរការសិក្សានេះ នឹងផ្តល់ឲ្យអ្នកនូវឱកាសដ៏ល្អដើម្បីយល់ដឹងអំពីធនធានសហគមន៍ទាំងនេះ។ មិនត្រូវដើរតួនាទីអសកម្មនៅក្នុងកិច្ចដំណើរការធ្វើផែនការនេះទេ។ សូមសហការជាមួយមណ្ឌលសិក្សាធិការរបស់អ្នកដើម្បីកំណត់អត្តសញ្ញាណ ឬសហការជាមួយទីភ្នាក់ងារនានាដែលនឹងជួយកូនអ្នក នៅពេលគាត់ចូលដល់ពេលពេញវ័យ និងមានឯករាជ្យភាពលើខ្លួនឯង។
ផែនការផ្ទេរការសិក្សា ឬរបាយការណ៍ស្តីពីសេវាផ្ទេរការសិក្សាដែលត្រូវការចាំបាច់នៅក្នុងកម្មវិធី IEP នីមួយៗ ត្រូវតែរួមបញ្ចូលនូវរបាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ទីភ្នាក់ងារចូលរួមផ្សេងទៀត ប្រសិនបើមានភាពសមស្រប។ ប៉ុន្តែ សូមចាំថាមណ្ឌលសិក្សាធិការ នៅតែបន្តទទួលខុសត្រូវជាចុងក្រោយសម្រាប់ធានាឲ្យមានការផ្តល់ជូនសេវាកម្មទាំងនេះ។ ហេតុដូច្នេះ ប្រសិនបើទីភ្នាក់ងារចូលរួមណាមួយឈប់ផ្តល់សេវាកម្មដែលបានព្រមព្រៀង នោះមណ្ឌលសិក្សាធិការត្រូវតែបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវនោះដោយផ្ទាល់ ឬតាមរយៈកិច្ចសន្យា ឬការព្រមព្រៀងផ្សេងទៀត។ [20 U.S.C. Sec. 1412(a)(12)(B).] មណ្ឌលសិក្សាធិការ ក៏ត្រូវមានកិច្ចប្រជុំកម្មវិធី IEP ផ្សេងទៀតផងដែរដើម្បីស្វែងរកមធ្យោបាយផ្សេងទៀតណាមួយ ដើម្បីបំពេញតាមវត្ថុបំណងនៃការផ្ទេរការសិក្សានៅក្នុងកម្មវិធី IEP។ [34 C.F.R. Sec. 300.324(c).]
(10.2) តើសេវាកម្មផ្ទេរការសិក្សាត្រូវបានរួមបញ្ចូលទៅក្នុងច្បាប់អប់រំពិសេសរបស់សហព័ន្ធដែរឬទេ?
សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្សនៅក្នុងការអប់រំពិសេស គឺជាសេវាកម្មដែលជួយសិស្សឲ្យផ្លាស់ប្តូរពីជីវិតសិក្សានៅសាលាទៅជាជីវិតមនុស្សពេញវ័យ។ ពួកវាគួរតែឆ្លុះបញ្ចាំងពីគោលដៅផ្ទាល់ខ្លួនរបស់សិស្សសម្រាប់អនាគតរបស់ពួកគេ។
ច្បាប់អប់រំពិសេសរបស់សហព័ន្ធ កំណត់និយមន័យសេវាកម្មផ្ទេរការសិក្សានេះថាជាបណ្តុំនៃសកម្មភាពដែលមានការសម្របសម្រួលសម្រាប់សិស្សដែលមានពិការភាព ដែល៖
- បានកំណត់នៅក្នុងកិច្ចដំណើរការផ្តោតលើលទ្ធផល ដែលលើកកម្ពស់ការផ្លាស់ប្តូរពីសកម្មភាពសិក្សានៅសាលាទៅជាសកម្មភាពក្រោយការសិក្សានៅសាលា រួមមានការអប់រំក្រោយវិទ្យាល័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារចម្រុះ (រួមទាំងការងារដែលទទួលបាននូវកិច្ចគាំពារ) ការអប់រំបន្តនិងការអប់រំសម្រាប់មនុស្សពេញវ័យ សេវាកម្មសម្រាប់មនុស្សពេញវ័យ ជីវិតឯករាជ្យ ឬការចូលរួមនៅក្នុងសហគមន៍
- បានផ្តោតលើតម្រូវការរបស់សិស្សម្នាក់ៗ ដោយពិចារណាទៅលើចំណង់ចំណូលចិត្ត ចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់សិស្ស និង
- រួមបញ្ចូលនូវការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍សហគមន៍ ការអភិវឌ្ឍ ឬការងារ និងវត្ថុបំណងនៃជីវិតមនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការវាយតម្លៃវិជ្ជាជីវៈមុខងារ ប្រសិនបើមានភាពសមស្រប។
[20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.43(a).]
តុលាការមួយបានរកឃើញថាសេវាកម្មរបស់សិស្ស អាចរួមបញ្ចូលនូវការអប់រំបើកបរ ស្វ័យតស៊ូមតិ និងបំណិនជីវិតឯករាជ្យដូចជាការចម្អិនអាហារ និងការសម្អាតជាដើម។ [Yankton School District v. Schramm, 93 F.3d 1369,1374 (8th Cir. 1996).]
(10.3) តើសេវាផ្ទេរការសិក្សា ត្រូវបានរួមបញ្ចូលទៅក្នុងច្បាប់អប់រំពិសេសនៅរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ?
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា គឺពិតជាមានភាពធំទូលាយ និងជាក់លាក់នៅក្នុងការបរិយាយអំពីសេវាផ្ទេរការសិក្សា និងការទទួលខុសត្រូវរបស់ទីភ្នាក់ងារអប់រំរបស់រដ្ឋ និងមូលដ្ឋាន។
រដ្ឋសភាពនៃរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញ និងប្រកាសថាការកែលម្អនៅក្នុងការអប់រំពិសេស មិនបាននាំមកនូវការងារដែលទទួលបានប្រាក់កម្រៃ ឬការរួមបញ្ចូលសិស្សនៅក្នុងការអប់រំពិសេសបានច្រើនជាអតិបរមាទៅក្នុងសហគមន៍នោះទេ។ រដ្ឋសភាចែងថាមិនមានកិច្ចដំណើរជាផ្លូវការណាមួយដែលកាត់បន្ថយគម្លាតរវាងសេវាកម្មក្នុងពេលសិក្សានៅសាលា និងសេវាក្រោយពេលសិក្សានៅសាលានោះទេ។ វាក៏បានប្រកាសផងដែរថាមានការសម្របសម្រួលមិនគ្រប់គ្រាន់រវាងអ្នកអប់រំ អ្នកផ្តល់សេវាសម្រាប់មនុស្សពេញវ័យ និយោជក និងក្រុមគ្រួសារ ដែលនេះអាចនាំទៅរកការងារដែលទទួលបានប្រាក់កម្រៃ និងឯករាជ្យភាពសង្គម។ អាស្រ័យហេតុនេះ ជម្រើសភាគច្រើនដែលមានផ្តល់ជូនដល់មនុស្សពេញវ័យដែលមានពិការភាព បានជំរុញនូវការពឹងផ្អែកលើអ្នកដទៃ ជាជាងភាពម្ចាស់ការលើខ្លួនឯង។ គោលដៅរបស់រដ្ឋសភាសម្រាប់សេវាផ្ទេរការសិក្សានេះ គឺជាការធ្វើផែនការផ្ទេរពីការសិក្សានៅសាលាទៅជាជីវិតមនុស្សពេញវ័យដែលផ្តល់ឱកាសនានាដោយនាំមកនូវការបង្កើនជាអតិបរមានូវភាពម្ចាស់ការលើខ្លួនខាងផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចបំផុត។ [Cal. Ed. Code Sec. 56460.]
ច្បាប់រដ្ឋ តម្រូវឲ្យអ្នកគ្រប់គ្រងបង្កើតនូវសមត្ថភាពក្នុងការផ្តល់សេវាផ្ទេរការសិក្សាដល់សិស្សជាច្រើនអ្នកដែលមានតម្រូវការពិសេសដូចជាការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលអន្តរក្រសួង និងការបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយ។ [Cal. Ed. Code Sec. 56461.]
សេវាផ្ទេរការសិក្សា រួមមានជាអាទិ៍៖
- កម្មវិធីបណ្តុះបណ្តាលក្នុងពេលបម្រើការងារ ឯកសារធនធាន និងសៀវភៅណែនាំដែលមានលក្ខណៈដូចខាងក្រោម៖
- និយមន័យនៃពាក្យ “ការផ្ទេរការសិក្សា” រួមបញ្ចូលនូវសមាសធាតុសំខាន់ៗនៃកម្មវិធីផ្ទេរការសិក្សានៅតាមសាលារៀនដែលមានជាធរមាន។
- ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- តួនាទីនៃទីភ្នាក់ងារផ្សេងៗនីមួយៗក្នុងកិច្ចដំណើរការផ្ទេរការសិក្សា រួមមានជាអាទិ៍ដែនកំណត់សេវាកម្ម លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសេវា និងការផ្តល់មូលនិធិ
- សមាសធាតុនៃការធ្វើផែនការប្រកបដោយប្រសិទ្ធភាព
- តួនាទីរបស់គ្រួសារនៅក្នុងកិច្ចដំណើរការផ្ទេរការសិក្សាជាលក្ខណៈបុគ្គល
- ធនធាន និងកម្មវិធីគំរូដែលអាចមានផ្តល់ជូននាពេលបច្ចុប្បន្ននៅក្នុងរដ្ឋ។
- ការអភិវឌ្ឈតួនាទី និងការទទួលខុសត្រូវនៃការអប់រំពិសេសនៅក្នុងកិច្ចដំណើរការផ្ទេរការសិក្សា រួមមានដូចខាងក្រោម៖
- ការផ្តល់ការបណ្តុះបណ្តាលជំនាញការងារ រួមមានជំនាញទាំងឡាយដែលមានភាពចាំបាច់ដើម្បីបង្ហាញពីសមត្ថភាពលើការងារ
- ការផ្តល់ជម្រើសការងារចម្រុះ និងការជួយសម្រួលដល់ជម្រើសការងារនិងជំនាញអាជីពតាមរយៈការផ្តល់បទពិសោធន៍វិជ្ជាជីវៈជាច្រើន
- ការប្រមូល និងការវិភាគទិន្នន័យទៅលើអ្វីដែលបានកើតឡើងចំពោះសិស្ស នៅពេលពួកគេចាកចេញពីប្រព័ន្ធសិក្សានៅសាលា ហើយចូលទៅកាន់ជីវិតមនុស្សពេញវ័យ
- ការសម្របសម្រួលកិច្ចដំណើរការធ្វើផែនការផ្ទេរការសិក្សា រួមទាំងការបង្កើតនូវកិច្ចព្រមព្រៀងអន្តរក្រសួងសំខាន់ៗ និងនីតិវិធីនានាទាំងនៅថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋាន
- ការផ្តល់យុទ្ធសាស្រ្តសិក្សារៀនសូត្រតាមការណែនាំ ដែលនឹងជួយសិស្សដែលគិតថាការសិក្សារៀនសូត្រមានភាពពិបាកក្នុងការទទួលបានជំនាញដែលនឹងជំរុញឲ្យពួកគេទទួលបានសញ្ញាបត្រ លើកកម្ពស់ឥរិយាបថវិជ្ជមានឆ្ពោះទៅរកជីវិតនៅវិទ្យាល័យ និងក្រោយវិទ្យាល័យ។
- ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈខ្សែបណ្តោយ និងមានលក្ខណៈជាប្រព័ន្ធ រួមមានដូចខាងក្រោម៖
- យុទ្ធសាស្រ្តណែនាំដែលនឹងរៀបចំសិស្សដែលមានពិការភាពសំខាន់ៗ ឲ្យធ្វើការផ្ទេរដោយជោគជ័យទៅកាន់ការងារដែលទទួលបានការគាំពារ និងទៅក្នុងសហគមន៍។
- ការណែនាំអំពីកម្មវិធីអប់រំអាជីពការងារនិងវិជ្ជាជីវៈកម្រិតបឋមសម្រាប់សិស្សដែលអាចទទួលបានអត្ថប្រយោជន៍ពីវា។
- សម្ភារៈ សៀវភៅណែនាំអំពីធនធាន និងកម្មវិធីបណ្តុះបណ្តាលក្នុងពេលធ្វើការ ដើម្បីគាំទ្រការចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើផែនការ និងការអនុវត្តគោលដៅពាក់ព័ន្ធនឹងការផ្ទេរការសិក្សា និងសកម្មភាពនានា។
- ការអភិវឌ្ឈធនធាន និងការបណ្តុះបណ្តាលក្នុងពេលធ្វើការ ដែលនឹងគាំទ្រដល់ការអនុវត្តការផ្ទេរការសិក្សាលក្ខណៈបុគ្គលសម្រាប់សិស្សនៅក្នុងការអប់រំពិសេសទាំងអស់។
- ការអភិវឌ្ឍខ្សែបណ្តាញទីតាំងបង្ហាញគំរូ ដែលបង្ហាញពីគំរូនៃការផ្ទេរការសិក្សា និងយុទ្ធសាស្ត្រអនុវត្តផ្សេងៗជាច្រើន។
- ការសម្របសម្រួលជាមួយកម្មវិធីឯកទេសផ្សេងៗដែលបម្រើសេវាដល់សិស្សដែលជួបប្រទះឧបសគ្គចំពោះការផ្ទេរការសិក្សាជាស្ថាពរ។
- ការស្រាវជ្រាវ ការវាយតម្លៃ និងកម្មវិធីផ្សព្វផ្សាយដែលនឹងគាំទ្រដល់ទិដ្ឋភាពកម្មវិធីសំខាន់ៗនៃសេវាផ្ទេរការសិក្សា។
តាមរយៈមូលនិធិជំនួយ ការដេញថ្លៃ កិច្ចសន្យា និងការផ្តល់ជូនផ្សេងៗតាមបែបប្រកួតប្រជែងជាច្រើននេះហើយ ទើបផ្នែកខ្លឹមសារជាក់លាក់នានា នឹងត្រូវបានបង្កើតឡើង ដោយរួមសហការជាមួយទីភ្នាក់ងារផ្សេងៗជាច្រើននៅតាមមូលដ្ឋាន រួមទាំងទីភ្នាក់ងារអប់រំតាមមូលដ្ឋាន ទីតាំងផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស ការិយាល័យខោនធី ស្ថាប័នឧត្តមសិក្សា និងទីភ្នាក់ងារបណ្តុះបណ្តាលក្នុងពេលធ្វើការងារ។ [Cal. Ed. Code Sec. 56462.]
(10.4) តើផែនការផ្ទេរការសិក្សាសម្រាប់បុគ្គល (Individual Transition Plan, ITP) គឺជាអ្វី?
ផែនការផ្ទេរការសិក្សាសម្រាប់បុគ្គល (ITP) គឺជាពាក្យបច្ចេកសព្ទមួយដែលមិនស្ថិតនៅក្នុងច្បាប់របស់រដ្ឋ ឬសហព័ន្ធនោះទេ។ ប៉ុន្តែ ផែនការ ITP បានបង្ហាញនូវអត្ថន័យថាជាឯកសារលាយលក្ខណ៍អក្សរ ដែលបង្កើតឡើងដើម្បីជួយរៀបចំសិស្សសម្រាប់ផ្ទេរពីជីវិតសិក្សានៅសាលាទៅជាជីវិតក្រោយការសិក្សានៅសាលា។ [20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.320(b), Cal. Ed. Code Secs. 56462 & 56345.1.] សំខាន់បំផុតត្រូវយល់ថាការវាយតម្លៃលើការផ្ទេរការសិក្សា ការធ្វើផែនការ និងការអភិវឌ្ឍផែនការ ITP គឺជាផ្នែកមួយនៃកិច្ចដំណើរការនៃកម្មវិធី IEP ។ កម្មវិធី ITP ត្រូវតែផ្អែកលើតម្រូវការរបស់សិស្ស ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ ហើយឆ្លុះបញ្ចាំងអំពីគោលដៅផ្ទាល់ខ្លួនរបស់សិស្ស។ វត្ថុបំណង កាលវេលា និងអ្នកទទួលខុសត្រូវសម្រាប់ការបំពេញនូវវត្ថុបំណងនេះ គប្បីត្រូវសរសេរជាលាយលក្ខណ៍អក្សរបញ្ចូលទៅក្នុងផែនការ ITP និងយកមកធ្វើជាផ្នែកមួយនៃផែនការ IEP។ ផែនការ ITP គឺជាសមាសធាតុមួយនៃផែនការ IEP របស់កូនអ្នក។
(10.5) តើការធ្វើផែនការផ្ទេរការសិក្សា គប្បីត្រូវកើតឡើងនៅពេលណា?
ការធ្វើផែនការផ្ទេរការសិក្សា ត្រូវតែចាប់ផ្តើមដោយកិច្ចប្រជុំផែនការ IEP លើកទីមួយដែលបានរៀបចំឡើងក្រោយពេលដែលសិស្សមានអាយុ 16 ឆ្នាំឬតិចជាងនេះ ប្រសិនបើសមស្របសម្រាប់សិស្ស។ [20 U.S.C. Sec. 1414(d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(b).] សំខាន់បំផុតត្រូវចាប់ផ្តើមកិច្ចដំណើរផ្ទេរការសិក្សា នៅពេលសិស្សមានអាយុតិចជាង 16 ឆ្នាំ ដើម្បីធានាបាននូវពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើផែនការ និងទទួលបានសេវាកម្មដ៏មានប្រសិទ្ធភាព។ វាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់សិស្សដែលមានពិការភាពសំខាន់ៗ និងអ្នកដែលមានការប្រឈមទៅនឹងហានិភ័យនៃការបោះបង់ការសិក្សា។
ផែនការផ្ទេរការសិក្សា អាចកើតឡើងនៅក្នុងកិច្ចប្រជុំរួមគ្នាមួយរវាងកម្មវិធី IEP និងផែនការ ITP ឬវាអាចកើតមាននៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ។ នៅពេលរៀបចំកិច្ចប្រជុំរួមរវាងកម្មវិធី ITP / ផែនការ IEP ការធ្វើផែនការផ្ទេរការសិក្សាគប្បីប្រព្រឹត្តទៅមុនគេ ហើយយកមកពិភាក្សាសម្រាប់ជាសមាសធាតុមួយនៃកម្មវិធី IEP។ កិច្ចប្រជុំកម្មវិធី IEP ស្តីពីការធ្វើផែនការផ្ទេរការសិក្សា អាចមានអត្ថប្រយោជន៍ ដោយសារតែវាអនុញ្ញាតឲ្យមានពេលវេលាច្រើនបន្ថែមទៀតដើម្បីផ្តោតទៅលើក្តីប្រាថ្នា និងចំណង់ចំណូលចិត្តរបស់សិស្ស។ កម្មវិធី ITP អាចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី IEP មានស្រាប់របស់សិស្សនៅក្នុងកិច្ចប្រជុំនោះ។
មិនថាប្រើប្រាស់វិធីសាស្ត្រធ្វើផែនការបែបណានោះទេ វត្ថុបំណងនៃការផ្ទេរការសិក្សា គោលដៅ និងសកម្មភាពនានា គប្បីត្រូវបានកំណត់ និងរួមបញ្ចូលទៅក្នុងកម្មវិធី IEP។ រាល់ការវាយតម្លៃ និងលក្ខខណ្ឌតម្រូវនីតិវិធីផែនការ IEP ត្រូវតែបានអនុវត្តដោយមណ្ឌលសិក្សាធិការនៅក្នុងការអភិវឌ្ឍកម្មវិធី ITP។
(10.6) តើខ្ញុំត្រូវផ្តួចផ្តើមរៀបចំកិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សាយ៉ាងដូចម្តេច?
អ្នកអាចផ្តួចផ្តើមរៀបចំកិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សាដោយការធ្វើសំណើជាលាយលក្ខណ៍អក្សរទៅកាន់គ្រូបង្រៀនរបស់កូនអ្នក នាយកសាលា ឬការិយាល័យរដ្ឋបាលអប់រំពិសេស។ លិខិតនោះ ត្រូវបញ្ជាក់ឲ្យបានច្បាស់ថាគោលបំណងនៃកិច្ចប្រជុំនោះគឺការធ្វើផែនការផ្ទេរការសិក្សា។
មិនថាអ្នក ឬមណ្ឌលសិក្សាធិការ បានផ្តួចផ្តើមបង្កើតកិច្ចដំណើរការធ្វើផែនការផ្ទេរការសិក្សាដែរឬអត់នោះទេ មណ្ឌលសិក្សាធិការត្រូវតែផ្ញើលិខិតជូនដំណឹងអំពីកិច្ចប្រជុំនោះ ដោយមាន៖
- បង្ហាញថាគោលបំណងនៃកិច្ចប្រជុំនោះ គឺការពិចារណាអំពីគោលដៅក្រោយការសិក្សានៅវិទ្យាល័យ និងសេវាផ្ទេរការសិក្សា។
- បង្ហាញថាសិស្សនឹងត្រូវបានអញ្ជើញឲ្យចូលរួម និង
- កំណត់ទីភ្នាក់ងារផ្សេងទៀតណាមួយដែលនឹងទទួលបានការអញ្ជើញ ឲ្យបញ្ចូនអ្នកតំណាងមួយរូបមកចូលរួម។
[34 C.F.R. Sec. 300.322(b).]
(10.7) តើសេវាផ្ទេរការសិក្សាគប្បីសរសេរជាលក្ខណ៍អក្សរទៅកាន់កម្មវិធី IEP យ៉ាងដូចម្តេច?
ក្នុងនាមជាផ្នែកផ្សេងទៀតនៃកម្មវិធី IEP លក្ខខណ្ឌតម្រូវសម្រាប់ការផ្ទេរការសិក្សាមិនមែនត្រឹមតែមានលក្ខណៈបច្ចេកទេសតែមួយមុខនោះទេ។ តុលាការមួយបានរកឃើញថា សាលារៀនដែលគ្រាន់តែបានផ្តល់ជូនសម្រាប់តម្រូវការវិជ្ជាជីវៈរបស់សិស្ស មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្ទេរការសិក្សាជូនដល់គាត់នោះទេ។ សាលាមិនបានបង្កើតផែនការដើម្បីជួយសិស្ស “បន្តរស់នៅជាជីវិតមនុស្សពេញវ័យ” នោះទេ។ តុលាការបានកត់សម្គាល់ឃើញថាសាលារៀន៖
- មិនបានកំណត់គោលដៅសម្រាប់សិស្សក្រោយពេលដែលគាត់ចាកចេញពីសាលានោះទេ
- មិនបានអនុវត្តការវាយតម្លៃណាមួយ ក្រៅពីការវាយតម្លៃវិជ្ជាជីវៈនោះទេ
- មិនបានផ្តល់ “បណ្តុំសេវាកម្មពេញលេញដែលប្រមើលឃើញច្បាស់នូវការធ្វើផែនការផ្ទេរការសិក្សា” ដើម្បីត្រៀមរៀបចំសិស្សសម្រាប់ជីវិតនៅក្រៅសាលា ក្នុងផ្នែកនានាដូចជាតម្រូវការបុគ្គល ការយល់ដឹងពីសហគមន៍ និងការសកម្មភាពកម្សាន្ត និង
- មិនបានបំពេញតាមតម្រូវការពិសេសសម្រាប់ខ្លួនគាត់ ហើយបែរជាដាក់បញ្ចូលគាត់ទៅក្នុងកម្មវិធីទូទៅដែលមានការសម្របខ្លួនតិចតួចទៅវិញ។
[East Penn School District v. Scott B., 1999 WL 178363 (E.D. Pa. 1999).] កម្មវិធី IEP សម្រាប់ការផ្ទេរការសិក្សា គួរតែ “ផ្តោតលើលទ្ធផល”។ នេះមានន័យថាបណ្តុំនៃសកម្មភាពផ្ទេរការសិក្សាមានការសម្របសម្រួលដែលបានបង្កើតឡើងដោយក្រុមការងារកម្មវិធី IEP រួមបញ្ចូលនូវគោលដៅដែលរៀបចំកូនអ្នកសម្រាប់ជីវិតម្ចាស់ការលើខ្លួនឯងតាមដែលអាចធ្វើបាន។ ឧទាហរណ៍ លទ្ធផលទទួលបានសម្រាប់សិស្សម្នាក់ អាចជាការងារនៅក្នុងហាងលក់រាយ ឬក្លាយជាគ្រូបង្រៀន អ្នកព្យាបាល ឬមេធាវី។ សេវាកម្មសម្រាប់សិស្សនោះ គួរតែផ្តោតលើការស្វែងរក និងថែរក្សាតួនាទីនៃការគាំទ្រចំាបាច់នានា ការពង្រឹងទម្លាប់ការងារជាមូលដ្ឋាន ភាពទៀងទាត់ពេលវេលានិងការតុបតែងខ្លួន និងការអភិវឌ្ឍបំណិនជីវិតឯករាជ្យ និង/ឬទទួលបានការគាំពារ។
(10.8) តើក្រុមការងារកម្មវិធី IEP ធ្វើការកំណត់យ៉ាងដូចម្តេចទៅលើតម្រូវការផ្ទេរការសិក្សារបស់កូនខ្ញុំ និងសេវាកម្មដែលត្រូវផ្តល់ជូន?
(5) សមាសធាតុចម្បងនៃការផ្ទេរការសិក្សា រួមមាន៖ ការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍សហគមន៍ ការអភិវឌ្ឍការងារ និងវត្ថុបំណងនៃជីវិតសម្រាប់មនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការផ្តល់ជូនការវាយតម្លៃវិជ្ជាជីវៈមុខងារ ប្រសិនបើមានភាពសមស្រប។ [34 C.F.R. Sec. 300.43.]
មណ្ឌលសិក្សាធិការ ត្រូវតែចុះធ្វើការវាយតម្លៃយ៉ាងសមស្របនៅក្នុងផ្នែកខាងលើដើម្បីកំណត់ពីតម្រូវការផ្ទេរការសិក្សារបស់កូនអ្នក និងសេវាកម្មនានាដែលដោះស្រាយបញ្ហាតម្រូវការទាំងនោះ។ កិច្ចដំណើរការវាយតម្លៃ គួរត្រូវបានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនសម្រាប់ផ្នែកនៃតម្រូវការផ្សេងទៀតណាមួយ។ [34 C.F.R. Secs. 300.301, 300.304(b); Cal. Ed. Code Sec. 56320(f).] មើលជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ។ លើសពីនេះ មណ្ឌលសិក្សាធិការក៏ត្រូវតែពិចារណាផងដែរទៅលើការចូលរួមរបស់សិស្ស និងឪពុកម្តាយនៅក្នុងការអភិវឌ្ឍកម្មវិធី ITP។ សិស្សមិនចាំបាច់ត្រូវមានភាពសមស្របនៅក្នុងជម្រើសកម្មវិធីមួយដែលសមស្របគ្រប់កាលៈទេសៈទាំងអស់ដែលបានកំណត់នោះទេ។ ផ្ទុយទៅវិញ សំខាន់បំផុតត្រូវធ្វើផែនការដោយភាពច្នៃប្រឌិត និងផ្តោតទៅលើសមត្ថភាពបុគ្គលរបស់សិស្ស តម្រូវការ និងចំណាប់អារម្មណ៍ និងគោលដៅក្រោយការសិក្សានៅវិទ្យាល័យ។
(10.9) តើកម្មវិធីផ្ទេរការសិក្សាសម្រាប់សិស្សតូចៗមានអ្វីខ្លះ?
របាយការណ៍ស្តីពីគោលដៅ “ក្រោយការសិក្សានៅវិទ្យាល័យ” និងសេវាផ្ទេរការសិក្សា គួរមានពាក់ព័ន្ធផ្ទាល់ទៅនឹងគោលដៅរបស់សិស្សក្រោយការអប់រំនៅវិទ្យាល័យ។ វាក៏ត្រូវតែបង្ហាញផងដែរថាតើការសិក្សាដែលបានគ្រោងទុកនោះមានទំនាក់ទំនងទៅនឹងគោលដៅទាំងនេះយ៉ាងដូចម្តេច។ ឧទាហរណ៍ សិស្សម្នាក់ដែលចាប់អារម្មណ៍នៅក្នុងការស្វែងយល់អំពីជំនាញអាជីពផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ អាចនឹងមានរបាយការណ៍អំពីតម្រូវការសេវាផ្ទេរការសិក្សាដែលមានជាប់ពាក់ព័ន្ធនឹងកិច្ចការវគ្គសិក្សាផ្នែកបច្ចេកវិទ្យា។ របាយការណ៍តម្រូវការសេវាផ្ទេរការសិក្សារបស់សិស្សម្នាក់ទៀត អាចរៀបរាប់អំពីមូលហេតុដែលថាការបណ្តុះបណ្តាលលើការធ្វើដំណើរតាមរថយន្តក្រុង គឺមានសារៈសំខាន់សម្រាប់ភាពម្ចាស់ការលើខ្លួនឯងនាពេលអនាគតនៅក្នងសហគមន៍។ គោលដៅនេះ គឺត្រូវជ្រើសរើសវគ្គសិក្សាដែលនឹងមានប្រយោជន៍ដល់អនាគតរបស់សិស្ស និងលើកទឹកចិត្តសិស្សឲ្យបញ្ចប់ការអប់រំរបស់ខ្លួន។
ដូចគ្នាទៅនឹងសេវាអប់រំពិសេសផ្សេងទៀតដែរ សេវាផ្ទេរការសិក្សា និងសកម្មភាពនានា ត្រូវតែផ្តល់ជូននៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ សិស្សគប្បីចូលរួមនៅក្នុងកម្មវិធីអប់រំនៅតាមវិទ្យាល័យ ដែលដូចគ្នាទៅនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព មានវ័យដូចគ្នាជាមួយនឹងពួកគេ។ ឧទាហរណ៍ សិស្សម្នាក់អាចចូលរួមទៅក្នុងថ្នាក់អប់រំធម្មតាក្រៅម៉ោង ឬពេញម៉ោងសិក្សានៅវិទ្យាល័យ ដោយមានការគាំទ្រពី “កម្មវិធីរួមបញ្ចូលគ្នា”។ គ្រូបង្រៀនផ្នែកអប់រំពិសេស ជំនួយអមជំនាញវិជ្ជាជីវៈ និងអ្នកផ្តល់សេវាកម្ម សហការជាមួយគ្រូបង្រៀនផ្នែកអប់រំទូទៅ ដើម្បីកែសម្រួលកម្មវិធីសិក្សា និងផ្តល់ការបង្រៀនលក្ខណៈបុគ្គលក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នាទាំងនេះ ដើម្បីអនុញ្ញាតឲ្យសិស្សបំពេញនូវគោលដៅកម្មវិធី IEP ។ ម្យ៉ាងទៀត សិស្សអាចចាប់ផ្តើមចូលរួមទៅក្នុងបទពិសោធន៍កិច្ចការសម្រាប់បុគ្គល មានមុខងារ និងមានការរួមបញ្ចូលគ្នាដូចជាការបណ្តុះបណ្តាលផ្ទាល់នៅតាមទីតាំងសម្រាប់មួយរយៈពេល មួយឬពីរថ្ងៃក្នុងមួយសប្តាហ៍។ ការបណ្តុះបណ្តាលជំនាញនេះ អាចប្រព្រឹត្តទៅទាំងក្នុង និងក្រៅបរិវេណវិទ្យាល័យ។
(10.10) តើកម្មវិធីផ្ទេរការសិក្សាសម្រាប់សិស្សធំ ត្រូវមានអ្វីខ្លះ?
ជាការប្រសើរ កម្មវិធីទាំងនេះ គប្បីដឹកនាំសិស្សឆ្ពោះទៅរកលទ្ធផលដែលបង្កើននូវភាពម្ចាស់ការលើខ្លួនឯងឲ្យបានច្រើនជាអតិបរមា។ សម្រាប់សិស្សមួយចំនួន គោលដៅនេះនឹងត្រូវវិវឌ្ឍឆ្ពោះទៅរកការអប់រំក្រោយវិទ្យាល័យ។ សម្រាប់សិស្សផ្សេងទៀត គោលដៅនេះអាចមានពាក់ព័ន្ធនឹងកម្មវិធីតាមសហគមន៍ ដូចជាកម្មវិធីការងាររួមបញ្ចូលគ្នាសម្រាប់មនុស្សពេញវ័យជាដើម។ ក្នុងករណីនេះ បុគ្គលិកសាលារៀន ជួយគាំទ្រដល់សិស្សឲ្យទទួល និងថែរក្សាការងាររួមបញ្ចូលគ្នាដែលនៅក្បែរផ្ទះរបស់សិស្ស ដើម្បីឲ្យគាត់អាចរួមបញ្ចូលទៅក្នុងសហគមន៍បាន។ ក្នុងករណីនេះ សិស្សគួរទទួលបានការផ្តល់ការងារដោយផ្ទាល់ពីនិយោជក។ សិស្សនីមួយៗ ត្រូវស្ថិតនៅក្នុងតារាងបៀវត្សរ៍របស់និយោជក មិនទទួលបានប្រាក់កម្រៃតាមរយៈកិច្ចសន្យាបន្តជាមួយសាលារៀន។ ម្យ៉ាងទៀត ប្រសិនបើសិស្សម្នាក់ធ្វើការងារក្រៅម៉ោង បុគ្គលិកផ្នែកផ្ទេរការសិក្សា អាចជួយគាត់ឲ្យចូលសិក្សាថ្នាក់អប់រំសម្រាប់មនុស្សពេញវ័យ និងមហាវិទ្យាល័យធម្មតាដែលមានការរួមបញ្ចូលគ្នា ចូលរួមនៅក្នងមជ្ឈមណ្ឌលហាត់ប្រាណ និងចូលរួមនៅក្នុងសកម្មភាពសហគមន៍ប្រចាំថ្ងៃ ដូចជាការដើរទិញទំនិញ សេវាដឹកជញ្ជូនសាធារណៈ រោងភាពយន្ត បណ្ណាល័យ កីឡាសម្រាប់មនុស្សពេញវ័យ ។ល។
ការធ្វើផែនការផ្ទេរការសិក្សា ត្រូវតែមានភាពសកម្មនៅខាងភាគីមណ្ឌលសិក្សាធិការ។ ក្នុងករណីមួយ មន្ត្រីសវនាការបានរកឃើញច្បាស់ពីការមិនបានអនុវត្តតាមនៅខាងភាគីមណ្ឌលសិក្សាធិការ ក្នុងការផ្តល់សេវាផ្ទេរការសិក្សាសមស្រប នៅពេលកម្មវិធី IEP មានត្រឹមតែសកម្មភាពក្រៅផ្លូវការចំនួនពីរប៉ុណ្ណោះ (សិស្សត្រូវសង្កេតតាមដានកម្រងកាតាឡុករបស់មហាវិទ្យាល័យ និងសរសេរទៅកាន់មហាវិទ្យាល័យសម្រាប់ព័ត៌មានបន្ថែម)។ ម្យ៉ាងទៀត មន្ត្រីផ្នែកសវនាការ បានរកឃើញថាផែនការផ្ទេរការសិក្សានោះអាចនឹងមិនបានផ្អែកទៅលើមូលដ្ឋានតម្រូវការបុគ្គលរបស់សិស្សនោះទេ ដោយសារតែសិស្សបានធ្វើតេស្តក្រោមកម្រិតសិក្សាខ្លាំងគួរឲ្យកត់សម្គាល់នៅគ្រប់ផ្នែកទាំងអស់ ហើយអាចនឹងត្រូវការសេវាកម្មរយៈពេលវែងច្រើនលើសពីការដែលប្រាប់ឲ្យសង្កេតតាមដាននៅមហាវិទ្យាល័យដោយខ្លួនឯង។ [Student v. San Francisco Unified Sch. Dist., Case No. SN 476-98 (Special Education Hearing Office) (1998), available at www.oah.dgs.ca.gov.]
មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវក្រោមច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA) នៅក្នុងផ្នែកធ្វើផែនការផ្ទេរការសិក្សា និងសេវាកម្មនានា ដែលត្រូវតែបំពេញឲ្យបានមុនអនុញ្ញាតឲ្យសិស្សចេញពីវិទ្យាល័យ។ ការផ្តល់ការធ្វើផែនការផ្ទេរការសិក្សា និងសេវាកម្មរបស់ច្បាប់ IDEA បង្កើតនូវសិទ្ធិដ៏សំខាន់ដាច់ដោយឡែកមួយ សម្រាប់សិស្សនៅក្នុងការអប់រំពិសេស។ សមាសធាតុនៃការផ្ទេរការសិក្សា រួមមាន៖ ការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍សហគមន៍ និងការអភិវឌ្ឍការងារ និងវត្ថុបំណងនៃជីវិតសម្រាប់មនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការវាយតម្លៃវិជ្ជាជីវៈមុខងារ ប្រសិនបើមានភាពសមស្រប។ [Student v. Novato Unified School Dist., Case No. SN 886-94 (1995); 34 C.F.R. Sec. 300.43.] ការណែនាំផ្នែកសង្គម និងវិជ្ជាជីវៈ គួរតែប្រព្រឹត្តទៅនៅក្នុងសហគមន៍ឲ្យបានច្រើនតាមដែលអាចធ្វើបាន។
សិស្ស អាចនឹងបានបញ្ចប់វគ្គសិក្សាដែលបានកំណត់របស់មណ្ឌលសិក្សាធិការ និងបានជាប់ការធ្វើតេស្តបំណិនសំខាន់ៗ។ ទោះស្ថិតនៅក្នុងស្ថានភាពទាំងនេះក្តី ប្រសិនបើសាលាមិនបានផ្តល់សេវាផ្ទេរការសិក្សាសមស្រប និងមានលក្ខណៈបុគ្គលទេ សិស្សអាចនឹងបន្តមានសិទ្ធិទទួលបានសេវាអប់រំពិសេស។ [See Student v. Bellflower Unified School Dist., Case No. SN 575-01.]
(10.11) តើសិស្សអាចចូលរួមទៅក្នុងការអភិវឌ្ឍផែនការផ្ទេរការសិក្សាផ្ទាល់ខ្លួនបានដោយរបៀបណា?
សិស្សត្រូវតែទទួលបានការអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកម្មវិធី ITP ណាមួយ។ កិច្ចប្រជុំនោះ គួរតែផ្តោតលើបុគ្គលដើម្បីឲ្យកិច្ចប្រជុំនោះផ្តោតសំខាន់ទៅលើតម្រូវការ និងក្តីប្រាថ្នារបស់សិស្សនៅពេលអនាគត។ គោលដៅ និងវត្ថុបំណងនៅក្នុងកម្មវិធី ITP របស់សិស្ស គប្បីគូសបញ្ជាក់អំពីចំណង់ចំណូលចិត្តរបស់សិស្ស និងរួមបញ្ចូលនូវគ្រប់ផ្នែកទាំងអស់នៃជីវិតរស់នៅ ដូចជាផ្ទះ កន្លែងធ្វើការ សហគមន៍ សង្គម ។ល៕ អំឡុងពេលនៃកិច្ចប្រជុំ យកល្អត្រូវរាយនាមចំណុចខ្លាំង តម្រូវការ ក្តីស្រមៃ ភាពភ័យខ្លាច និងបំណងប្រាថ្នារបស់សិស្សម្នាក់ៗ និងការរំពឹងទុករបស់គ្រួសារ។
កិច្ចប្រជុំនោះ គប្បីធ្វើឡើងក្នុងលក្ខណៈមួយដែលជំរុញឲ្យសិស្សមានការយល់ដឹងអំពីកិច្ចដំណើរការធ្វើផែនការ និងដើម្បីចូលរួមបានពេញលេញ។ [34 C.F.R. Sec. 300.321(b)(1).] បើសិនសិស្សមិនចូលរួមកិច្ចប្រជុំស្តីពីកម្មវិធីអប់រំបុគ្គលទេ មណ្ឌលសិក្សាធិការត្រូវចាត់វិធានការនានាដើម្បីធានាបានថា ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់សិស្សត្រូវបានយកមកពិចារណា។ [34 C.F.R. Sec. 300.321(b)(2).]
(10.12) តើនរណាខ្លះចូលរួមនៅក្នុងកិច្ចប្រជុំធ្វើផែនការ?
ក្រៅពីអ្នកចូលរួមកម្មវិធី IEP ដែលតម្រូវជាចាំបាច់ និងដោយមានការយល់ព្រមរបស់ឪពុកម្តាយ ឬសិស្សដែលមានអាយុ 18 ឆ្នាំផងនោះ មណ្ឌលសិក្សាធិការ ត្រូវបានតម្រូវឲ្យអញ្ជើញអ្នកតំណាងម្នាក់របស់ទីភ្នាក់ងារណាមួយដែលអាចផ្តល់សេវាផ្ទេរការសិក្សាឲ្យចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP នេះ។ នេះ គួររួមបញ្ចូលនូវអ្នកតំណាងមកពីទីភ្នាក់ងារស្តារនីតិសម្បទាការងារ មជ្ឈមណ្ឌលក្នុងតំបន់ ផ្នែកសុខភាពផ្លូវចិត្តសហគមន៍ មហាវិទ្យាល័យក្នុងសហគមន៍ និងទីភ្នាក់ងារស្តានីតិសម្បទាឯកជនដែលមានពីមុនមក ទៅតាមភាពសមស្រប។ [34 C.F.R. Secs. 300.321(b)(3) & 300.324(c).] ប្រសិនបើអ្នកតំណាងមិនចូលរួមទេ មណ្ឌលសិក្សាធិការគប្បីត្រូវចាត់វិធានការដើម្បីទទួលបានការចូលរួមរបស់ទីភ្នាក់ងារនៅក្នុងការធ្វើផែនការសេវាផ្ទេរការសិក្សាណាមួយ។
(10.13) តើមានអ្វីកើតឡើង បើមណ្ឌលសិក្សាធិការ ឪពុកម្តាយ និងសិស្សមិនអាចឯកភាពទៅលើរបាយការណ៍នៃសេវាផ្ទេរការសិក្សានៅក្នុងកម្មវិធី IEP?
ក្រុមការងារកម្មវិធី IEP គប្បីពិភាក្សាលើការមិនឯកភាពគ្នាមួយចំនួន និងព្យាយាមដោះស្រាយបញ្ហានោះក្រៅផ្លូវការ។ បើគ្រួសារ ឬមណ្ឌលសិក្សាធិការមិនឯកភាពលើកម្មវិធី IEP ដែលបានស្នើសុំនោះទេ ភាគីម្ខាងអាចចូលរួមទៅក្នុងកិច្ចដំណើរការដោះស្រាយវិវាទមួយផ្សេងទៀត ឬស្នើសុំនូវកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់/ការអនុវត្តតាមច្បាប់។
(10.14) តើមានអ្វីកើតឡើង បើទីភ្នាក់ងារចូលរួមមិនបានផ្តល់ការយល់ព្រមទៅលើសេវាផ្ទេរការសិក្សាដែលមានរៀបរាប់នៅក្នុងកម្មវិធី IEP?
បើទីភ្នាក់ងារចូលរួមយល់ស្របផ្តល់សេវាផ្ទេរការសិក្សា ហើយបន្ទាប់មកបែរជាមិនព្រមផ្តល់សេវាទៅវិញ ពេលនោះមណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំមួយរបស់ក្រុមការងារកម្មវិធី IEP ឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកំណត់យុទ្ធសាស្ត្រផ្សេងទៀតសម្រាប់បំពេញតាមគោលដៅរបស់កម្មវិធី IEP។ មណ្ឌលសិក្សាធិការ នៅតែបន្តទទួលខុសត្រូវចុងក្រោយសម្រាប់ការធានាឲ្យមានការផ្តល់ជូននូវសេវាផ្ទេរការសិក្សានេះ។ ប៉ុន្តែ នេះមិនបានអនុគ្រោះដល់ទីភ្នាក់ងារចូលរួមណាមួយ (រួមទាំងទីភ្នាក់ងារស្តារនីតិសម្បទាការងាររបស់រដ្ឋផងដែរ) រួចផុតពីការទទួលខុសត្រូវក្នុងការផ្តល់សេវា ឬទូទាត់សេវាកម្មណាមួយដែលទីភ្នាក់ងារនោះផ្តល់ជូនទៅដល់សិស្សមានពិការភាព ដែលពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសេវារបស់ទីភ្នាក់នោះទេ។ [20 U.S.C. Sec. 1412(a)(12)(B); 34 C.F.R. Sec. 300.324(c); Cal. Ed. Code Sec. 56345.1(c).]
(10.15) តើមានអ្វីកើតឡើង បើមណ្ឌលសិក្សាធិការមិនបានផ្តល់សេវាផ្ទេរការសិក្សាដែលមានរៀបរាប់នៅក្នុងកម្មវិធី IEP ឬផែនការ ITP នោះទេ?
នៅពេលមណ្ឌលសិក្សាធិការមិនបានផ្តល់សេវាផ្ទេរការសិក្សាដែលបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP របស់សិស្សនោះទេ ពេលនោះឪពុកម្តាយ បុគ្គល ទីភ្នាក់ងារសាធារណៈ ឬអង្គការណាមួយ អាចដាក់ពាក្យប្តឹងទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ាបាន (California Department of Education)។ [5 C.C.R. Sec. 4650(a)(7)(D).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់/ការអនុវត្តតាមច្បាប់។
(10.16) តើសិស្សម្នាក់អាចបន្តទទួលបានសេវាផ្ទេរការសិក្សាទៀតដែរឬទេ ក្រោយពេលទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា?
បាទ/ចាស។ ប្រសិនបើសិស្សនៅក្នុងការអប់រំពិសេសម្នាក់មិនបានបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់បញ្ចប់ការសិក្សានោះទេ (រួមទាំងវត្ថុបំណងនៃរបាយការណ៍សេវាផ្ទេរការសិក្សាផងដែរ) ពេលនោះមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាផ្ទេរការសិក្សាទៅដល់សិស្សនោះ។ មើលជំពូក 11 ព័ត៌មានស្តីពីការបញ្ចប់ការសិក្សា/ការធ្វើតេស្ត
អ្នកគប្បីត្រូវធានាថាកម្មវិធី IEP របស់កូនអ្នក រួមបញ្ចូលនូវផែនការផ្ទេរការសិក្សា ចាប់ពីអាយុ 16 ឆ្នាំ ឬតិចជាងនេះ ដោយផ្តោតទៅលើសេវាផ្ទេរការសិក្សានានា។ [Cal. Ed. Code Sec. 56345(a)(8).] អ្នកក៏គួរតែពិភាក្សាផងដែរជាមួយក្រុមការងារ IEP ថាតើគោលដៅកម្មវិធី IEP របស់កុមារដែលដោះស្រាយបញ្ហាផ្ទេរការសិក្សានេះ នឹងត្រូវបញ្ចប់ដូចម្តេច មុនពេលសេវាទាំងអស់មកពីមណ្ឌលសិក្សាធិការត្រូវបានបញ្ចប់។
(10.17) តើទំនាក់ទំនងរវាងសេវាផ្ទេរការសិក្សា និងការអប់រំវិជ្ជាជីវៈ មានអ្វីខ្លះ?
ការអប់រំវិជ្ជាជីវៈ ត្រូវបានកំណត់យ៉ាងទូលំទូលាយនៅក្នុងនិយមន័យទូទៅនៃការអប់រំពិសេស ដែលមានន័យថាជា “កម្មវិធីអប់រំរៀបចំឡើងត្រឹមត្រូវដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការត្រៀមរៀបចំបុគ្គលនានាសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃ ឬមិនទទួលបានប្រាក់កម្រៃ ឬសម្រាប់ការត្រៀមរៀបចំបន្ថែមសម្រាប់អាជីពណាមួយដែលមិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រកម្រិតខ្ពស់អ្វីឡើយ។” [34 C.F.R. Sec. 300.39(b)(5).] ម្យ៉ាងទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរួមបញ្ចូលក្នុងនិយមន័យនៃការផ្ទេរការសិក្សានេះផងដែរ។ [34 C.F.R. Sec. 300.43.] ដោយសារតែការបណ្តុះបណ្តាល និងការអប់រំវិជ្ជាជីវៈ អាចជាផ្នែកដ៏សំខាន់មួយនៃសេវាផ្ទេរការសិក្សារបស់សិស្ស ដូច្នេះ ពួកគេក៏គួរតែជាផ្នែកចម្បងមួយនៃកិច្ចដំណើរការធ្វើផែនការកម្មវិធី ITP ផងដែរ។
(10.18) តើការអប់រំវិជ្ជាជីវៈជាអ្វី?
ច្បាប់បទប្បញ្ញត្តិរបស់រដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations) កំណត់និយមន័យលើការអប់រំវិជ្ជាជីវៈសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដូចខាងក្រោម៖
ការអប់រំវិជ្ជាជីវៈដែលបានបង្កើតឡើងយ៉ាងពិសេស និងការអភិវឌ្ឍជំនាញអាជីពសម្រាប់បុគ្គលដែលមានពិការភាព អាចមានដូចជា៖
- ការផ្តល់កម្មវិធីត្រៀមប្រកបការងារវិជ្ជាជីវៈ និងការវាយតម្លៃលើជំនាញពាក់ព័ន្ធនឹងការងារ ចំណាប់អារម្មណ៍ សម្បទា និងឥរិយាបថ
- ការសម្របសម្រួល និងកែសម្រួលកម្មវិធីអប់រំវិជ្ជាជីវៈធម្មតា
- ការជួយដល់បុគ្គលនៅក្នុងការអភិវឌ្ឍឥរិយាបថ ការជឿជាក់លើខ្លួនឯង និងសមត្ថភាពវិជ្ជាជីវៈដើម្បីកំណត់ទីតាំង ធានាសុវត្ថិភាពនិងរក្សាការងារនៅក្នងសហគមន៍ ឬមជ្ឈដ្ឋានដែលមានការការពារ និងដើម្បីជំរុញឲ្យបុគ្គលទាំងនោះក្លាយជាសមាជិកចូលរួមរបស់សហគមន៍
- ការបង្កើតកម្មវិធីបណ្តុះបណ្តាលការងារនៅក្នុងសាលារៀន និងសហគមន៍
- ការផ្តល់ជំនួយនៅក្នុងការដាក់បញ្ចូលទៅក្នុងការងារ
- ការណែនាំអ្នកបណ្តុះបណ្តាលការងារ និងនិយោជកពាក់ព័ន្ធនឹងតម្រូវការពិសេសរបស់បុគ្គល
- ការរក្សាទំនាក់ទំនងតាមពេលវេលាកំណត់ធម្មតាជាមួយនឹងគ្រប់កន្លែងធ្វើការ និងអ្នកបណ្តុះបណ្តាលផ្ទាល់នៅតាមទីតាំងការងារ
- ការសម្របសម្រួលសេវាកម្មជាមួយក្រសួងស្តារលទ្ធភាពពលកម្ម (Department of Rehabilitation) និងទីភ្នាក់ងារផ្សេងទៀត ទៅតាមការកំណត់នៅក្នុងកម្មវិធីអប់រំសម្រាប់បុគ្គល។ [5 C.C.R. Sec. 3051.14.]
(10.19) តើនរណាជាអ្នកមានសិទ្ធិទទួលបានការអប់រំវិជ្ជាជីវៈ?
សិស្សទាំងអស់នៅក្នុងការអប់រំពិសេស “ដោយពុំគិតពីភាពធ្ងន់ធ្ងរនៃពិការភាព” អាចទទួលបានសេវាអភិវឌ្ឍជំនាញអាជីព និងសេវាអប់រំវិជ្ជាជីវៈ។ [5 C.C.R. Sec. 3051.14.]
(10.20) តើសេវាកម្មវិជ្ជាជីវៈ គួរចាប់ផ្តើមនៅពេលណា?
សេវាកម្មវិជ្ជាជីវៈ គួរតែត្រូវបានចាត់ទុកថាជាកិច្ចដំណើរការរយៈពេលវែង និងត្រូវចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ការយល់ដឹងអំពីជំនាញអាជីព និងការអភិវឌ្ឍឥរិយាបថការងារ គប្បីចាប់ផ្តើមនៅឆ្នាំសិក្សាកម្រិតបឋម។ ការស្វែងយល់ពីជំនាញអាជីពនៃផ្នែកវិជ្ជាជីវៈជាក់លាក់ និងបទពិសោធន៍បណ្តុះបណ្តាលមានរចនាសម្ព័ន្ធត្រឹមត្រូវ តែងតែប្រព្រឹត្តទៅនៅថ្នាក់អនុវិទ្យាល័យ និងបន្តរហូតដល់វិទ្យាល័យ។ ការបណ្តុះបណ្តាលជំនាញការងារ និងការដាក់បញ្ចូលទៅក្នុងជំនាញអាជីព គួរតែត្រូវគូសបញ្ជាក់ក្នុងរយៈពេលយ៉ាងតិចពីរឆ្នាំ មុនពេលចាកចេញពីសាលា។
(10.21) តើខ្ញុំគួរស្នើសុំការវាយតម្លៃវិជ្ជាជីវៈនៅពេលណា ហើយតើការវាយតម្លៃ មានរួមបញ្ចូលអ្វីខ្លះ?
“ការវាយតម្លៃវិជ្ជាជីវៈមុខងារ” អាចត្រូវបានធ្វើឡើងនៅមុនពេលកូនរបស់អ្នកចុះឈ្មោះទៅក្នុងការអប់រំវិជ្ជាជីវៈ។ [34 C.F.R. Sec. 300.43(a)(2)(v).] កិច្ចដំណើរការវាយតម្លៃ គួរកំណត់អំពីចំណាប់អារម្មណ៍វិជ្ជាជីវៈ សម្បទា លទ្ធផលទទួលបាន និងសក្តានុពល។ នីតិវិធីវាយតម្លៃជាច្រើន ត្រូវបានបង្កើតឡើងដើម្បីវាស់ស្ទង់កម្រិតសកម្មភាពសិក្សារបស់កូនអ្នកពាក់ព័ន្ធនឹងជំនាញអាជីព និងការងារដែលបានជ្រើសរើសដូចជាគំរូការងារ ការអង្កេតផ្ទាល់លើការងារ គំរូកន្លែងធ្វើការ ការធ្វើតេស្តលើភាពស្ទាត់ជំនាញផ្នែកហត្ថកម្ម បញ្ជីរាយនាមចំណាប់អារម្មណ៍ជំនាញអាជីព និងការធ្វើតេស្តលើសម្បទា។
ចំណាប់អារម្មណ៍ផ្នែកវិជ្ជាជីវៈ អាចត្រូវបានកំណត់តាមរយៈការប្រើប្រាស់បញ្ជីរាយនាមចំណាប់អារម្មណ៍ជំនាញអាជីព និងការសម្ភាសជាមួយសិស្ស ឪពុកម្តាយ និងគ្រូបង្រៀនពីមុនមក។ បទពិសោធន៍ពីមុន សកម្មភាពកម្សាន្ត និងសកម្មភាពស្វែងយល់ពីជំនាញអាជីព គឺមានអត្ថប្រយោជន៍នៅក្នុងការកំណត់ចំណាប់អារម្មណ៍ របស់សិស្សនៅក្នុងវិស័យជំនាញអាជីពជាក់លាក់នានា។
សម្រាប់សិស្សដែលមានពិការភាពសំខាន់ៗជាងនេះ ដែលការធ្វើតេស្តផ្នែកវិជ្ជាជីវៈពីមុនមានសុពលភាពសម្រាប់ពួកគេ ឬដែលពួកគេមិនអាចមានលទ្ធភាពប្រាស្រ័យទាក់ទងបាន ដូច្នេះការវាយតម្លៃផ្នែកមុខងារ អាចនឹងសមស្របជាងនេះ។ សម្បទាវិជ្ជាជីវៈ (ដូចជាភាពស្ទាត់ជំនាញផ្នែកហត្ថកម្ម ការបញ្ជាភ្នែក/ដៃ បំណិនចលករតូច និងប្រាជ្ញាទូទៅ) ត្រូវបានពិនិត្យតាមដានដើម្បីរួមផ្សំបញ្ចូលគ្នានូវចំណាប់អារម្មណ៍ជំនាញអាជីព និងចំណុចខ្លាំងនិងដែនកំណត់វិជ្ជាជីវៈ។
(10.22) តើខ្ញុំអាចធ្វើការងារជាមួយគ្រូបង្រៀនរបស់កូនខ្ញុំ និងបុគ្គលិកផ្សេងទៀតបានយ៉ាងដូចម្តេច ដើម្បីលើកកម្ពស់ជំនាញដែលចាំបាច់សម្រាប់ឲ្យកូនរបស់ខ្ញុំចូលទៅកាន់កម្មវិធីអប់រំវិជ្ជាជីវៈ?
សូមប្រាកដថាវត្ថុបំណងផ្នែកវិជ្ជាជីវៈ ត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP របស់កូនអ្នក ដោយបង្ហាញប្រាប់អំពីការរំពឹងទុករបស់អ្នកដែលថាកូនរបស់អ្នកនឹងត្រូវធ្វើការងារក្នុងនាមជាមនុស្សពេញវ័យម្នាក់។ មិនទាន់ហួសពេលពេកទេ ក្នុងការចាប់ផ្តើម។ ត្រូវប្រាកដថាការតុបតែងខ្លួន កាយសម្បទា ចល័តភាព ការប្រាស្រ័យទាក់ទង និងបំណិនសង្គម ត្រូវបានគូសបញ្ជាក់ និងសិក្សាស្វែងយល់។ បើបំណិនជាមូលដ្ឋានមានការលូតលាស់កាន់តែឆាប់ ចំណុចផ្តោតអាចនឹងផ្លាស់ប្តូរទៅរកបំណិនវិជ្ជាជីវៈជាក់លាក់បានកាន់តែឆាប់។
អ្នកអាចផ្តល់ទំទួលខុសត្រូវលើកិច្ចការផ្ទះ ចាប់តាំងពីក្មេងវ័យបាន។ អ្នកក៏អាចធ្វើឲ្យប្រាកដផងដែរថាកូនរបស់អ្នក មានការចូលរួមទៅក្នុងសកម្មភាពនិងបទពិសោធន៍នានានៅក្នុងសហគមន៍ ជាពិសេសសកម្មភាពកម្សាន្ត។ សូមបំពេញនូវតួនាទីសកម្មនៅក្នុងការផ្តល់ឲ្យកូនអ្នកនូវសកម្មភាពនិងបទពិសោធន៍វិជ្ជាជីវៈឲ្យបានច្រើនតាមដែលអាចធ្វើបាន។
(10.23) នៅពេលខ្ញុំបង្កើតកម្មវិធី IEP របស់កូនខ្ញុំ តើខ្ញុំអាចរួមបញ្ចូលសេវាអប់រំវិជ្ជាជីវៈបានយ៉ាងដូចម្តេច?
សេវាអប់រំវិជ្ជាជីវៈ អាចត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី IEP ក្នុងមធ្យោបាយមួយ។ ផ្អែកលើកម្រិតអាយុ និងសមត្ថភាពរបស់កូនអ្នក គោលដៅសម្រាប់ការបង្រៀន អាចរួមបញ្ចូលទៅក្នុងផ្នែកនេះនូវបំណិនរៀបចំខ្លួន ការបណ្តុះបណ្តាលបំណិនសង្គម និងឥរិយាបថការងារទូទៅ។ នៅពេលកូនរបស់អ្នកឈានចូលដល់វ័យសិក្សានៅវិទ្យាល័យ សេវាអប់រំវិជ្ជាជីវៈ គប្បីរួមបញ្ចូលនូវកម្មវិធី IEP តាមរយៈបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងថ្នាក់រៀន និងនៅក្នុងសហគមន៍។
ឧទាហរណ៍ បទពិសោធន៍ អាចរួមបញ្ចូលនូវការបណ្តុះបណ្តាលស្តីពីការធ្វើដំណើរនៅតាមផ្លូវនៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់សិស្ស (ថ្មើរជើង និងសេវាដឹកជញ្ជូនសាធារណៈ) ការបណ្តុះបណ្តាលស្តីពីកិច្ចការពាក់ព័ន្ធនឹងការងារជាក់លាក់នានានៅក្នុងថ្នាក់រៀន និងនៅតាមទីតាំងនានាទូទាំងសហគមន៍ ដូចជាអាជីវកម្ម ឬឧស្សាហកម្មនៅក្នុងមូលដ្ឋានជាដើម។ ក្នុងចំណោមសេវាកម្មពាក់ព័ន្ធដែលបានចែងនៅក្នុងច្បាប់សហព័ន្ធ គឺមានសេវាពិគ្រោះយោបល់ផ្នែកស្តារនីតិសម្បទា។ [20 U.S.C. Sec. 1401(26); 34 C.F.R. Sec. 300.34(a).] ទាំងនេះ គឺជាសេវាកម្មដែលផ្តល់ជូនដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទៅដល់សិស្សដែលមានពិការភាព នៅក្នុងម៉ោងសិក្សាលក្ខណៈបុគ្គល ឬជាក្រុម ដែលផ្តោតជាពិសេសទៅលើការអភិវឌ្ឍជំនាញការងារ ការត្រៀមលក្ខណៈសម្រាប់ការងារ ការសម្រេចបាននូវឯករាជ្យភាព និងការដាក់បញ្ចូលទៅក្នុងកន្លែងការងារ និងសហគមន៍។ បច្ចេកសព្ទនេះ ក៏រួមបញ្ចូលផងដែរនូវសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ ដែលផ្តល់ជូនទៅដល់សិស្សដែលមានពិការភាព តាមរយៈកម្មវិធីស្តារនីតិសម្បទាវិជ្ជាជីវៈដែលបានផ្តល់មូលនិធិដោយច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973។ [34 C.F.R. Sec. 300.34(c)(12).] សេវាកម្មពាក់ព័ន្ធនេះ គួរតែត្រូវបានស្នើសុំសម្រាប់សិស្សនៅក្នុងការអប់រំពិសេសគ្រប់ៗគ្នា ដែលពួកគេមានតម្រូវការនៅក្នុងផ្នែកអភិវឌ្ឍជំនាញអាជីព ការត្រៀមលក្ខណៈសម្រាប់ការងារ ការសម្រចបាននូវឯករាជ្យភាព ឬការដាក់បញ្ចូលទៅក្នុងសហគមន៍ និងកន្លែងការងារ។
(10.24) តើកត្តាអ្វីខ្លះដែលខ្ញុំគួរធ្វើការពិចារណានៅក្នុងការបង្កើតកម្មវិធីអប់រំវិជ្ជាជីវៈសម្រាប់កូនខ្ញុំ?
កត្តាខាងក្រោមនេះ គួរយកមកពីចារណានៅក្នុងការកំណត់កម្មវិធីវិជ្ជាជីវៈរបស់កូនអ្នក៖
- គោលដៅរបស់សិស្ស
- ការរំពឹងទុករបស់អ្នក
- លទ្ធផលវាយតម្លៃវិជ្ជាជីវៈ
- លទ្ធផលនៃគំរូការងារ (អាចរួមបញ្ចូលនូវគំរូថ្នាក់រៀន គំរូបង្កើតឡើងជាលក្ខណៈអាជីវកម្ម និងគំរូដែលបានរៀបចំឡើងនិងបម្រើឲ្យកម្មវិធីនៅតាមមូលដ្ឋាន)
- លទ្ធផលនៃបទពិសោធន៍នៅក្នុងកម្មវិធីដែលផ្តោតលើវិជ្ជាជីវៈ
- ការពិពណ៌នាអំពីបទពិសោធន៍ការងារពីមុនមក
- សមត្ថភាពរាងកាយ និងផ្លូវចិត្តរបស់សិស្សសម្រាប់ការងារ
- អាកប្បកិរិយាផ្តោតលើការងាររបស់សិស្ស (ឧទាហរណ៍ វត្តមាន បំណិនសង្គមនិងទំនាក់ទំនងអន្តរបុគ្គល រយៈពេលផ្ចង់ស្មារតី ជំនាញផ្នែកទំនាក់ទំនង អនាម័យផ្ទាល់ខ្លួន ភាពទុកចិត្តបាន និងផលិតភាព)
- វត្ថុបំណងវគ្គសិក្សា និងលក្ខខណ្ឌតម្រូវនៃកម្មវិធីសិក្សា
- បំណិនដែលតម្រូវឲ្យមានជាមុន
- ការកែសម្រួលដែលចាំបាច់ក្នុងការធ្វើឲ្យថ្នាក់រៀន ហាងទំនិញ និងទីតាំងការងារអាចចេញចូលបាន
- ឯកសារបង្រៀនជាទម្រង់ផ្សេងៗ
- ផលធៀបបុគ្គលិក/សិស្ស
- វិធីសាស្ត្រសម្រាប់វាយតម្លៃ និងការដាក់ពិន្ទុលើសកម្មភាពសិក្សារបស់សិស្ស
- ឱកាសសម្រាប់បទពិសោធន៍ការងារ
- ឱកាសការងារសម្រាប់បុគ្គលណាម្នាក់ដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងជំនាញជាក់លាក់ ទាំងថ្នាក់ស្រុក និងថ្នាក់ជាតិ និង
- លទ្ធភាពដែលអាចទទួលបានការងារក្នុងស្រុក
ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នា (រួមមានការងារដែលទទួលបាននូវកិច្ចគាំពារ) ផ្តល់ឲ្យសិស្សនូវឱកាសក្នុងការសិក្សាស្វែងយល់ពីមធ្យោបាយនៃការទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងមជ្ឈដ្ឋានសាលារៀន និងមជ្ឈដ្ឋានការងារ។ ដើម្បីជំរុញឲ្យមានការប្រើប្រាស់យ៉ាងល្អប្រសើរនូវកម្មវិធីរួមបញ្ចូលគ្នានេះ រដ្ឋសភាពមិនបានបែងចែកមូលនិធិសម្រាប់វគ្គសិក្សាវិជ្ជាជីវៈដែលបង្កើតឡើងសម្រាប់តែសិស្សដែលមានពិការភាពប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ច្បាប់លក្ខន្តិកសហព័ន្ធ ផ្តល់មូលនិធិសម្រាប់សេវាគាំពារ និងការកែសម្រួលនៅក្នុងកម្មវិធីវិជ្ជាជីវៈធម្មតា ដើម្បីអនុញ្ញាតឲ្យមានការចូលរួមនៃក្រុមសិស្សដែលមានលក្ខណៈពិសេស។ [20 U.S.C. Secs. 2301 & following.]
(10.25) តើការងារដែលទទួលបាននូវកិច្ចគាំពារ ជាអ្វី?
“ការងារដែលទទួលបាននូវកិច្ចគាំពារ” គឺជាជម្រើសនៃការដាក់បញ្ចូលទៅក្នុងការសិក្សាវិជ្ជាជីវៈដែលបានប្រើប្រាស់ជាចម្បងសម្រាប់បុគ្គលដែលមានពិការភាពផ្នែកលូតលាស់។ នៅក្រោមច្បាប់រដ្ឋ (ហៅថា “ ច្បាប់ Lanterman”) នេះមានន័យថាជាការងារដែលទទួលបានប្រាក់កម្រៃនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នាក្នុងសហគមន៍ ដែលនៅក្នុងនោះមនុស្សដែលមានពិការភាព ឬគ្មានពិការភាព ត្រូវមានទំនាក់ទំនងគ្នា។ និយោជិតអាចត្រូវបានផ្តល់ការងារដោយនិយោជកនៅក្នុងសហគមន៍ ដោយផ្ទាល់ ឬតាមរយៈកិច្ចសន្យារបស់មជ្ឈមណ្ឌលក្នុងតំបន់ (Regional Center) ឬក្រសួងស្តារលទ្ធភាពពលកម្ម (Department of Rehabilitation) ជាមួយនឹងទីភ្នាក់ងារការងារដែលទទួលបានការគាំពារ។ ជាធម្មតា សេវាគាំទ្រជាបន្តបន្ទាប់ ត្រូវបានផ្តល់ជូនទៅដល់និយោជិតដើម្បីឲ្យគាត់អាចបន្តរក្សាការងារនោះបាន។ [Cal. Welf. & Inst. Code Secs. 4851(n)-(p).] ជម្រើសនៃការដាក់បញ្ចូលទៅក្នុងផ្នែកវិជ្ជាជីវៈ គួរតែមានផ្តល់ជូនផងដែរទៅដល់បុគ្គលដែលមានពិការភាពផ្សេងទៀត។
(10.26) តើកូនរបស់ខ្ញុំអាចចុះឈ្មោះចូលក្នុងកម្មវិធីវិជ្ជាជីវៈនៅក្នុងការអប់រំទូទៅបានដែរឬទេ?
បាទ/ចាស។ កម្មវិធីវិជ្ជាជីវៈនៅក្នុងការអប់រំទូទៅ ជាធម្មតាតែងរួមបញ្ចូលនូវការបង្រៀនក្នុងថ្នាក់រៀន និងការបង្រៀននៅបន្ទប់ពិសោធន៍ ដែលផ្តោតទៅលើផ្នែកការងារ (ឧទាហរណ៍ ផ្នែកអាជីវកម្ម) ឬការងារជាក់លាក់ (ឧទាហរណ៍ អ្នកបង្កើតកម្មវិធីកុំព្យូរទ័រ)។ ក្រោមផ្នែក 504 នៃច្បាប់ស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 សិស្សដែលមានពិការភាព មិនអាចទទួលបានការបដិសេធលើការចូលទៅសិក្សានៅកម្មវិធីវិជ្ជាជីវៈដែលមានស្រាប់ ដោយសារតែតម្រូវការរបស់ពួកគេសម្រាប់ជំនួយ ឬដោយសារតែឧបសគ្គនៃពិការភាពរាងកាយនោះទេ។
សម្រាប់សិស្សដែលបានចុះឈ្មោះកម្មវិធីអប់រំពិសេស នោះកម្មវិធីរួមបញ្ចូលគ្នា ផ្តល់ជូនពួកគេ (តាមរយៈសេវាគាំពារសមស្រប) នូវអត្ថប្រយោជន៍ទំនាក់ទំនងធម្មតាជាមួយសិស្សដែលគ្មានពិការភាព។ កម្មវិធីទាំងនេះ ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងមជ្ឈដ្ឋានសង្គមដែលកូនរបស់អ្នកនឹងជួបប្រទះ នៅពេលគាត់ចាកចេញពីសាលា និងចូលទៅធ្វើការ។
(10.27) តើមានអ្វីកើតឡើង បើកូនរបស់ខ្ញុំត្រូវការជំនួយគាំទ្រដើម្បីស្ថិតក្នុងកម្មវិធីវិជ្ជាជីវៈធម្មតា?
សម្រាប់សិស្សដែលមានកម្មវិធី IEP កាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការ គឺត្រូវផ្តល់ជំនួយគាំទ្រ និងការកែសម្រួលចាំបាច់នានាដើម្បីជំរុញឲ្យសិស្សចូលរួមនៅក្នុងកម្មវិធីនេះ។ មណ្ឌលសិក្សាធិការ ក៏មានកាតព្វកិច្ចផងដែរក្នុងការធ្វើការកែសម្រួលយ៉ាងសមស្របដើម្បីបំពេញតម្រូវការរបស់សិស្សដែលមានពិការភាព ដែលពួកគេស្ថិតនៅក្នុងផែនការផ្នែក 504។ [29 U.S.C. Sec. 794; 34 C.F.R. Sec. 104.12.] ជំនួយគាំទ្រ និងការកែសម្រួលភាគច្រើន គឺផ្អែកទៅលើសុភនិច្ឆ័យ និងមានជាប់ពាក់ព័ន្ធទៅនឹងការអនុវត្តផ្នែកសុវត្ថិភាព និងការបង្រៀនដែលផ្តល់អត្ថប្រយោជន៍ទៅដល់សិស្សគ្រប់ៗគ្នា។ ការគាំទ្រថ្នាក់រៀនទូទៅបំផុត រួមមានការកែសម្រួលកម្មវិធីសិក្សា វិធីសាស្ត្របង្រៀនជាក់លាក់ និងការប្រើប្រាស់សម្ភារៈ ឬគ្រឿងបរិក្ខារ (ដូចជាច្រកផ្លូវសម្រាប់រទេះរុញ តុដែលអាចចេញចូលបាន សៀវភៅអក្សរស្ទាប ម៉ាស៊ីនជំនួយការនិយាយ វគ្គសិក្សាភាសាសញ្ញា និងឧបករណ៍ជំនួយស្មារតី)។
របកគំហើញផ្នែកវិស្វកម្មស្តារនីតិសម្បទា ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនឡើងដល់សិស្សដែលមានពិការភាពសំខាន់ៗ។ ការរចនា និងការប្រើប្រាស់កាន់តែល្អប្រសើរឡើងនៃឧបករណ៍ផ្នែកទំនាក់ទំនង ផ្នែកគ្រោងឆ្អឹង និងផ្នែកចល័តភាព ផ្តល់ជំនួយនៅក្នុងកិច្ចដំណើរការរួមបញ្ចូលគ្នានេះ។ ជំនួយគាំទ្រ និងការកែសម្រួលជាក់លាក់ដែលបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការដាក់បញ្ចូលទៅក្នុងកម្មវិធីវិជ្ជាជីវៈធម្មតា នឹងពឹងផ្អែកលើការវិភាគដោយប្រុងប្រយ័ត្ននៃតម្រូវការរបស់កូនអ្នក និងកម្មវិធីវិជ្ជាជីវៈជាក់លាក់។ គំរូនៃការគាំទ្រតាមថ្នាក់រៀនដែលប្រើប្រាស់ជាទូទៅ មានដូចជា៖
- រយៈពេលតម្រង់ទិសមានរចនាសម្ព័ន្ធត្រឹមត្រូវ (ដែលមានឪពុក ម្តាយចូលរួម)
- មិត្តបង្រៀនមិត្ត
- គ្រូបង្រៀនផ្នែកធនធានវិជ្ជាជីវៈ
- ការបង្រៀនជាក្រុមតូចៗ
- អ្នកអាន ឬអ្នកបកប្រែ
- ឯកសារបង្រៀនជាទម្រង់ពិសេស
- ការវិភាគលើកិច្ចការ (ញែកជំនាញនានាទៅជាផ្នែកតូចៗដើម្បីរៀនសូត្របាន)
- សម្ភារៈជាអក្សរពុម្ពធំៗ
- សំឡេង ឬសញ្ញាភ្លើងនៅលើឧបករណ៍
- ការពិគ្រោះយោបល់ និង
- ការប្រើប្រាស់បច្ចេកទេសបង្រៀនស្របតាមបែបផែនសិក្សារបស់សិស្ស។
(10.28) តើនាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា (California Department of Rehabilitation) មានការទទួលខុសត្រូវណាមួយដែរឬទេ នៅក្នុងការជួយឲ្យកូនខ្ញុំធ្វើការផ្ទេរការសិក្សាពីការអប់រំសេសទៅជីវិតមនុស្សពេញវ័យក្រោយការសិក្សានៅសាលា?
បាទ/ចាស។ ទីភ្នាក់ងារស្តារនីតិសម្បទាវិជ្ជាជីវៈរបស់រដ្ឋនីមួយៗ ត្រូវតែបង្កើតនូវផែនការដែលមានគោលនយោបាយ និងនីតិវិធីសម្រាប់ការសម្របសម្រួលរវាងទីភ្នាក់ងារ និងមន្ត្រីអប់រំដែលទទួលខុសត្រូវចំពោះការអប់រំពិសេស។ នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា ត្រូវតែផ្តល់ជំនួយបច្ចេកទេសដល់មណ្ឌលសិក្សាធិការនៅក្នុងការធ្វើផែនការផ្ទេរការសិក្សា និងសេវាកម្មនៅក្នុងផ្នែកនានាដូចជាការស្តារនីតិសម្បទាវិជ្ជាជីវៈ និងការអភិវឌ្ឍកម្មវិធី IEP ជាដើម។ [29 U.S.C. Sec. 721((a)(11)(D).]
ផែនការរបស់រដ្ឋ ត្រូវតែរួមបញ្ចូលនីតិវិធីសម្រាប់ការកំណត់អត្តសញ្ញាណសិស្សដែលត្រូវការសេវាផ្ទេរការសិក្សា និងផ្តល់ការផ្សព្វផ្សាយទៅដល់សិស្សទាំងនោះឲ្យបានពីដើមទីតាមដែលអាចធ្វើបាន នៅអំឡុងកិច្ចដំណើរការធ្វើផែនការផ្ទេរការសិក្សា។ នីតិវិធីផ្សព្វផ្សាយ ត្រូវតែពិពណ៌នាអំពីគោលបំណងនៃកម្មវិធីសម្បទាវិជ្ជាជីវៈ លក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន នីតិវិធីដាក់ពាក្យសុំ និងវិសាលភាពនៃសេវាកម្មដែលអាចនឹងត្រូវផ្តល់ជូនដល់បុគ្គលម្នាក់ៗ។ រដ្ឋត្រូវតែផ្តល់ផែនការលក្ខណៈបុគ្គលសម្រាប់ការងារ ឲ្យបានទាន់ពេលកំណត់តាមដែលអាចធ្វើបានអំឡុងពេលធ្វើផែនការផ្ទេរការសិក្សានេះ ប៉ុន្តែមិនត្រូវក្រោយពេលដែលកូនរបស់អ្នកចាកចេញពីសាលានោះទេ។
[34 C.F.R. Secs. 361.22(a)-(b).]