បោះពុម្ពជំពូកទី 11 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 09/19/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 09/19/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 11៖ ព័ត៌មានស្តីពីការវាយតម្លៃទូទាំងស្រុក/តម្រូវការនៃការបញ្ចប់ការសិក្សា
(11.1) តើអ្វីជាប្រព័ន្ធវាយតម្លៃការសិក្សា និងការរីកចម្រើនរបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?
CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់មុខវិជ្ជាអក្សរសាស្រ្ត / អក្ខរកម្មភាសាអង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូតដល់ទី 8 និងទី 11។ វារួមបញ្ចូលនូវការធ្វើតេស្តផ្នែកវិទ្យាសាស្ត្រនៅរដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់សិស្សថ្នាក់ទី 5 ទី 8 និងថ្នាក់ណាមួយក្នុងចំណោមថ្នាក់ទី 10 ទី 11 ឬទី 12 ដែលសិស្សកំពុងទទួលការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀននោះ។ [ជំពូក 5 ច្បាប់បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations, CCR) ផ្នែក 851.5] ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធីការធ្វើតេស្តស្តង់ដា និងការធ្វើរបាយការណ៍ (Standardized Testing and Reporting, STAR) ដោយចាប់ផ្តើមនៅឆ្នាំសិក្សា2014-15។ [ច្បាប់អប់រំរដ្ឋ កាលីហ្វ័រញ៉ា (California Education Code) (Cal. Educ. Code) ផ្នែក 60640.]
តេស្តផ្នែកមុខវិជ្ជា ELA និងគណិតវិទ្យា គឺផ្អែកលើស្តង់ដាស្នូលរួមរបស់រដ្ឋ (Common Core State Standards, CCSS) ដែលជាបណ្តុំស្តង់ដាលទ្ធផលនៃការអប់រំដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀតបានទទួលយកចាប់តាំងពីឆ្នាំ2010 មក។ CCSS រៀបរាប់អំពីអ្វីដែលសិស្សគួរតែចេះ និងអាចធ្វើបាននៅក្នុងផ្នែកនៃមុខវិជ្ជានីមួយៗនៅតាមកម្រិតថ្នាក់រៀនទាំងនេះ។ តេស្ត CAST វាស់វែងនូវអ្វីដែលសិស្សចេះ និងអាចប្រើប្រាស់បានដោយប្រើស្តង់ដាបែបវិទ្យាសាស្ត្រជំនាន់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Next Generation Science Standards) ដែលផ្តោតលើការយល់ដឹងអំពីទស្សនៈបែបវិទ្យាសាស្ត្រ ដែលមាននៅក្នុងផ្នែកវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដី និងអវកាស និងវិទ្យាសាស្ត្ររូបនិយម។
(11.2) តើកូនរបស់ខ្ញុំត្រូវចូលរួមក្នុងការធ្វើតេស្ត CAASPP ដែរឬទេ?
ទេ ជារៀងរាល់ឆ្នាំមណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងដល់ឪពុកម្តាយរបស់កុមារក្នុងកម្រិតថ្នាក់ធ្វើតេស្ត ឲ្យបានជ្រាបអំពីការចូលរួមរបស់កូនៗពួកគេនៅក្នុងការធ្វើតេស្តតាមការគ្រោងទុកនេះ ប៉ុន្តែការជូនដំណឹងនេះក៏ជម្រាបដល់ឪពុកម្តាយផងដែរថាពួកគេមានសិទ្ធិមិនឲ្យកូនរបស់ពួកគេចូលរួមក្នុងការធ្វើតេស្តទាំងអស់ ឬផ្នែកណាមួយ ប្រសិនបើឪពុកម្តាយណាម្នាក់ ដាក់សំណើជាលាយលក្ខណ៍អក្សរដើម្បីសុំមិនឲ្យកូនរបស់គាត់ចូលរួមការធ្វើតេស្តនោះ។ [Cal. Educ. Code Sec. 60615; 5 C.C.R. Sec. 852.] ប៉ុន្តែ ដោយសារតែលក្ខខណ្ឌតម្រូវនៃការជូនដំណឹងសម្រាប់មណ្ឌលសិក្សាធិការ និងសិទ្ធិរបស់ឪពុកម្តាយក្នុងការស្នើសុំមិនឲ្យកូនពួកគេចូលរួមការធ្វើតេស្តនេះ គឺប្រព្រឹត្តទៅប្រចាំឆ្នាំ ដូច្នេះឪពុកម្តាយត្រូវដាក់សំណើរបស់គាត់ជារៀងរាល់ឆ្នាំដែលកូនរបស់គាត់អាចនឹងត្រូវធ្វើតេស្ត។ សំណើជាលាយលក្ខណ៍អក្សរសម្រាប់សិស្សថ្នាក់ទី 3 ដើម្បីសុំមិនចូលរួមធ្វើតេស្ត ក៏នឹងមិនអនុគ្រោះដល់សិស្សឲ្យរួចផុតពីការធ្វើតេស្តនៅថ្នាក់ទី 4 ដែរ។ [5 C.C.R. Sec. 852 (a).]
(11.3) តើកុមារដែលមានពិការភាព ដែលនឹងត្រូវចូលរួមក្នុងការធ្វើតេស្តបញ្ចប់ការសិក្សា CAASPP អាចទទួលបានជំនួយ ឬដំណោះស្រាយក្នុងការធ្វើតេស្ត CAASPP ដែរឬទេ?
បាទ/ចាស សម្ភារៈជំនួយ និងធនធានសម្រាប់ការធ្វើតេស្តជាច្រើនប្រភេទដែលមានសម្រាប់សិស្ស ទាំងមានពិការភាព និងគ្មានពិការភាព នៅក្នុងកម្មវិធីធ្វើតេស្ត CAASPP។ អ្នកអានសំណួរ និងចម្លើយនេះ គួរតែពិនិត្យឡើងវិញនូវជំពូកទី 5 នៃច្បាប់បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations) ផ្នែក 854.1 ដល់ 854.4 សម្រាប់តារាងលម្អិតស្តីពីសម្ភារៈជំនួយ និងធនធានទាំងនេះ និងការពិភាក្សាអំពីព័ត៌មានដែលបានសង្ខេបនៅខាងក្រោម។
កុមារទាំងអស់ រួមទាំងកុមារមានពិការភាពដែលកំពុងធ្វើតេស្ត CAASPP ផងដែរ ពួកគេមានសិទ្ធិទទួលបាន “ឧបករណ៍រង្វាយតម្លៃជាសកល” ជាក់លាក់មួយចំនួន ដើម្បីជួយពួកគេក្នុងការធ្វើតេស្តទាំងនេះ។ ឧបករណ៍រង្វាយតម្លៃសកល អាចមានបំពាក់ក្នុងប្រព័ន្ធ ឬមិនមានបំពាក់ក្នុងប្រព័ន្ធ។ “មានបំពាក់ក្នុងប្រព័ន្ធ” មានន័យថាធនធានទាំងនេះគឺជាផ្នែកមួយនៃប្រព័ន្ធផ្តល់ការធ្វើតេស្ត សម្រាប់ការធ្វើតេស្ត CAASPP តាមកុំព្យូទ័រ។ “មិនមានបំពាក់ក្នុងប្រព័ន្ធ” មានន័យថាធនធានទាំងនេះ មិនមែនជាផ្នែកមួយនៃប្រព័ន្ធផ្តល់ការធ្វើតេស្តទេ ប៉ុន្តែវាអាចនឹងផ្តល់ជូនដល់សិស្សដោយមជ្ឈមណ្ឌលសិក្សាធិការ។ “ឧបករណ៍រង្វាយតម្លៃជាសកល” មានន័យថាជាអ្វីៗទាំងឡាយដែលមានផ្តល់ជូនដល់សិស្សដែលកំពុងធ្វើតេស្ត CAASPP មិនថាសិស្សនោះមានពិការភាព ឬអត់នោះទេ ហើយមិនថាអ្នកអប់រំ ឬក្រុមការងារណាមួយបានស្នើសុំអ្វីៗទាំងនោះទៅដល់សិស្សដែរ ឬអត់នោះទេ។ ឧបករណ៍រង្វាយតម្លៃជាសកល រួមមានអ្វីៗគ្រប់យ៉ាងដូចជាការឈប់សម្រាក ការប្រើវចនានុក្រមសម្រាប់តេស្តសំណេរ ឬសទ្ទានុក្រមសម្រាប់តេស្តអំណាន និងការប្រើម៉ាស៊ីនគិតលេខសម្រាប់ជាផ្នែកមួយនៃតេស្តគណិតវិទ្យានៅថ្នាក់ទី 6 ទី 8 និងទី 11 ។
កុមារទាំងអស់ រួមទាំងកុមារមានពិការភាពដែលកំពុងធ្វើតេស្ត CAASPP ផងដែរ ពួកគេមានសិទ្ធិទទួលបាន “ការគាំទ្រដែលបានកំណត់” ជាក់លាក់ចំនួនដើម្បីជួយពួកគេក្នុងការធ្វើតេស្ត CAASPP។ “ការគាំទ្រដែលបានកំណត់” អាចមានបំពាក់ក្នុងប្រព័ន្ធ ឬមិនមានបំពាក់ក្នុងប្រព័ន្ធ។ ការគាំទ្រដែលបានកំណត់ រួមមានអ្វីៗគ្រប់យ៉ាងមានដូចជាកម្រិតពណ៌ ឬការលាបពណ៌ ឬការពង្រីកអក្សរសម្រាប់ការអាន និងឧបករណ៍បំពងសំឡេង ឬឧបករណ៍ទប់សំឡេងសម្រាប់ការស្តាប់។ ភាពខុសគ្នារវាង “ការគាំទ្រដែលបានកំណត់” និង “ឧបករណ៍រង្វាយតម្លៃជាសកល” គឺការគាំទ្រដែលបានកំណត់ ត្រូវបានអ្នកអប់រំកំណត់ថាមានភាពចាំបាច់សម្រាប់កុមារម្នាក់ដែលមិនមានពិការភាព។ សម្រាប់កុមារដែលមានពិការភាព ការគាំទ្រដែលបានកំណត់ ត្រូវតែបញ្ជាក់នៅក្នុងផែនការផ្នែកទី 504 ឬកម្មវិធី IEP របស់កុមារដែលមានពិការភាព ដើម្បីឱ្យពួកគេប្រើប្រាស់បាន។
បន្ថែមពីលើបញ្ហាទាំងអស់ខាងលើ កុមារដែលមានពិការភាព (កុមារដែលមានកម្មវិធី IEP ឬផែនការផ្នែក 504) ក៏អាចប្រើប្រាស់ “សេវាជំនួយ” ក្នុងការធ្វើតេស្ត CAASPP ផងដែរ។ “សេវាជំនួយ” ក៏អាចជាសម្ភារៈជំនួយ និងធនធានដែល “មានបំពាក់ក្នុងប្រព័ន្ធ” ឬ “មិនមានបំពាក់ក្នុងប្រព័ន្ធ” ផងដែរ។ ដើម្បីឱ្យសិស្សពិការមានលទ្ធភាពប្រើប្រាស់សេវាជំនួយនៅក្នុងដំណើរការធ្វើតេស្តនេះបាន សេវាជំនួយត្រូវមានបញ្ជាក់នៅក្នុងផែនការកម្មវិធី IEP ឬផែនការផ្នែកទី 504 របស់សិស្ស។ សេវាជំនួយ រួមមាន៖
- ជម្រើសឆ្លើយតបជំនួសសម្រាប់ការអាន ការសរសេរ និងការស្តាប់
- អក្សរស្ទាបសម្រាប់ធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ
- ទម្រង់អក្សរពុម្ពធំនៃការធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ
- អក្សរពុម្ពតាមការចង់បានសម្រាប់ការអាន ការសរសេរ និងការស្តាប់
- អានឲ្យឮៗសម្រាប់អត្ថបទអំណានមុខវិជ្ជាភាសាអង់គ្លេស
- ស្មេរសម្រាប់ការសរសេរ
- ការបម្លែងពាក្យសម្តីនិយាយទៅជាអត្ថបទសម្រាប់ការអាន ការសរសេរ និងការស្តាប់
- ការផ្តល់ពាក្យជាគន្លឹះសម្រាប់ការអាន ការសរសេរ និងការស្តាប់
ឧបករណ៍វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងសេវាជំនួយ គឺមានផ្តល់ជូននៅលើគ្រប់ផ្នែក (មុខវិជ្ជាអក្សរសាស្រ្តអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ) នៃការធ្វើតេស្ត CAASPP ។ [5 C.C.R. Sec. 854.1 – 854.3.] ពួកវាក៏អាចមានផ្តល់ជូនដល់សិស្សដែលធ្វើតេស្តបញ្ចប់ការសិក្សា CAASPP ជាទម្រង់ភាសាអេស្ប៉ាញផងដែរ។ សូមមើលសំណួរ និងចម្លើយលេខ 7 ខាងក្រោម។
(11.4) ប្រសិនបើកូនរបស់ខ្ញុំអាចចូលរួមក្នុងការធ្វើតេស្ត CAASPP ក្នុងករណីដែលគាត់ប្រើសម្ភារៈជំនួយ ឬយុទ្ធសាស្រ្តណាមួយដែលមិនមានចែងបញ្ជាក់ថាឧបករណ៍រង្វាយតម្លៃជាសកល ការគាំទ្រដែលបានកំណត់ ឬសេវាជំនួយណាមួយនោះទេ តើគាត់អាចទទួលបានអនុញ្ញាតឱ្យប្រើប្រាស់សម្ភារៈជំនួយ ឬយុទ្ធសាស្ត្រពិសេសនោះនៅក្នុងកិច្ចដំណើរការធ្វើតេស្តដែរឬទេ?
សម្រាប់សិស្សដែលមានផែនការផ្នែកទី 504 ឬកម្មវិធី IEP មណ្ឌលសិក្សាធិការអាចដាក់សំណើទៅនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (ហៅកាត់ថា នាយកដ្ឋាន) ដើម្បីអនុញ្ញាតអោយសិស្សប្រើប្រាស់ “ធនធានដែលមិនមានចែងបញ្ជាក់” នៅក្នុងកិច្ចដំណើរការធ្វើតេស្ត CAASPP ។ [5 C.C.R. Sec. 850(a-m) and 854.9(a)-(c).] “ធនធានដែលមិនមានចែងបញ្ជាក់” គឺជាការគាំទ្រការបង្រៀនដែលកូនសិស្សម្នាក់ប្រើប្រាស់នៅក្នុងការបង្រៀនប្រចាំថ្ងៃ ឬក្នុងការវាយតម្លៃដែលមិនទាន់បានចែងបញ្ជាក់ថាជាឧបករណ៍រង្វាយតម្លៃជាសកល ការគាំទ្រដែលបានកំណត់ ឬសេវាជំនួយនៅឡើយ។ មណ្ឌលសិក្សាធិការ ត្រូវតែធ្វើសំណើនេះយ៉ាងហោចណាស់ដប់ថ្ងៃ មុនពេលការធ្វើតេស្ត CAASPP ចាប់ផ្តើម ហើយត្រូវតែធ្វើសំណើនេះជារៀងរាល់ឆ្នាំ។ នាយកដ្ឋាន នឹងពិនិត្យមើលសំណើនេះ ហើយអនុញ្ញាតឲ្យសិស្សប្រើប្រាស់ធនធានដែលមិនមានចែងបញ្ជាក់នេះ ប្រសិនបើវាកំណត់ថាមិនមានការគំរាមកំហែងដល់សុវត្ថិភាពនៃការធ្វើតេស្ត ហើយមិនផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនេះតែប៉ុណ្ណោះ។ [Id.] ការផ្លាស់ប្តូរនៃគោលគំនិត មានន័យថាជាការផ្លាស់ប្តូរទស្សនាទាន ឬបំណិនដែលកំពុងត្រូវបានធ្វើតេស្ត ដែលផ្លាស់ប្តូរជាមូលដ្ឋាននូវអត្ថន័យ និងលក្ខណៈប្រៀបធៀបនៃពិន្ទុតេស្តបញ្ចប់ការសិក្សា។ [5 C.C.R. Sec. 850(j).]
ប្រសិនបើនាយកដ្ឋានកំណត់ថាធនធានដែលមិនមានចែងបញ្ជាក់ ពិតជាផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនេះ ពេលនោះនាយកដ្ឋាន នឹងមិនឯកភាពទៅលើវានោះទេ។ ទោះបីយ៉ាងណា សិស្សនៅតែអាចប្រើប្រាស់ធនធានក្នុងការធ្វើតេស្តនេះបានដដែល ប៉ុន្តែ សិស្សនឹងទទួលបានរបាយការណ៍ពិន្ទុរៀងៗខ្លួន ហើយគេនឹងមិនត្រូវបានរាប់បញ្ចូលថាជាការចូលរួមក្នុងការធ្វើតេស្ត CAASPP ឡើយ។ ប្រសិនបើការស្នើសុំធនធានដែលមិនមានចែងបញ្ជាក់ត្រូវបានកំណត់ដោយនាយកដ្ឋានថាមិនឲ្យមានការផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ដោយការធ្វើតេស្តនោះ ពេលនោះសិស្សអាចត្រូវបានមណ្ឌលសិក្សាធិការចាត់ទុកថាបានចូលរួមក្នុងការធ្វើតេស្ត CAASPP។ [5 C.C.R. Sec. 854.9(d).]
នាយកដ្ឋាន បានកំណត់រួចហើយថាធនធានដែលមិនមានចែងបញ្ជាក់មួយចំនួន ពិតជាធ្វើការផ្លាស់ប្តូរគោលគំនិតយ៉ាងតិចចំនួនមួយ ដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្ត CAASPP ហើយនឹងមិនឯកភាពលើសំណើសម្រាប់ការប្រើប្រាស់ធនធានទាំងនេះនៅក្នុងកិច្ចដំណើរការធ្វើតេស្តនេះទេ។ ទាំងនេះរួមបញ្ចូលឧទាហរណ៍ដូចជាម៉ាស៊ីនគិតលេខនៅក្នុងការធ្វើតេស្តផ្នែកគណិតវិទ្យាសម្រាប់ថ្នាក់ទី 3 ដល់ថ្នាក់ទី 5 តារាងមេលេខសម្រាប់ថ្នាក់ទី 3 និងការប្រើប្រាស់កម្រងវចនានុក្រមវចនៈសព្ទ។ [5 C.C.R. Sec. 854.9(e).]
(11.5) ប្រសិនបើកូនរបស់ខ្ញុំមិនអាចធ្វើតេស្ត CAASPP បាន ទោះបីជាមានឧបករណ៍រង្វាយតម្លៃ ការគាំទ្រ សេវាជំនួយផ្សេងៗដែលបានពិភាក្សាខាងលើក្តី ប៉ុន្តែខ្ញុំមិនចង់ឲ្យគាត់កុំចូលរួមនៅក្នុងការធ្វើតេស្ត CAASPP ទាំងអស់នេះទេ តើគាត់នៅតែអាចចូលរួមក្នុងការធ្វើតេស្តបញ្ចប់ការសិក្សាបានដែរឬទេ?
សិស្សដែលមានកម្មវិធី IEP នៅថ្នាក់ទី 3 ដល់ទី 8 និងទី 11 ដែលពួកគេមិនអាចធ្វើតេស្ត CAASPP បាន ទោះបីជាមានសេវាជំនួយសមរម្យ ហើយទោះបីឪពុកម្តាយរបស់ពួកគេមិនបានសុំការអនុគ្រោះមិនឲ្យពួកគេចូលរួមកម្មវិធីនោះក៏ដោយ (សូមមើលសំណួរទី 2 ខាងលើ) ពួកគេអាចត្រូវបានផ្តល់ជូននូវការធ្វើតេស្តជំនួសដែលត្រូវបានគេស្គាល់ថាការវាយតម្លៃជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Alternate Assessment, CAA)។ ការវាយតម្លៃ CAA គឺជាការធ្វើតេស្តជំនួសឲ្យការវាយតម្លៃការសិក្សាជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Alternate Performance Assessment, CAPA)។ តម្រូវការក្នុងការប្រើប្រាស់ការវាយតម្លៃជំនួសសម្រាប់សិស្ស ត្រូវតែមានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់គាត់។ [5 C.C.R. Sec. 851.5.]
ការវាយតម្លៃ CAA គ្របដណ្តប់លើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ការវាយតម្លៃ CAA ត្រូវបានផ្តល់ជូនដល់សិស្សដែលមានពិការភាពពុទ្ធិសំខាន់ខ្លាំងបំផុតតែប៉ណ្ណោះ។ [5 C.C.R section 850(d)&(g) and 854.5(a).] សិស្សដែលមានពិការភាពពុទ្ធិសំខាន់ខ្លាំងបំផុត គឺជាអ្នកដែលពិការភាពរបស់ពួកគេ ប៉ះពាល់ខ្លាំងទៅលើមុខងារពុទ្ធិ និងអាកប្បកិរិយាសម្របខ្លួន ហើយដែលពួកគេតម្រូវឲ្យមានការបង្រៀនជាលក្ខណៈបុគ្គលដោយផ្ទាល់ឲ្យបានច្រើន និងមានការគាំទ្រយ៉ាងខ្លាំងដើម្បីសម្រេចបាននូវការវាស់ស្ទង់លើស្តង់ដាសិក្សា។ [5 C.C.R. Sec. 850(v).] ប៉ុន្តែ គ្មានពិការភាពជាក់លាក់ណាមួយ គឺជាពិការភាពចាំបាច់ដែលបណ្ដាលឲ្យមានពិការភាពពុទ្ធិសំខាន់ខ្លាំងបំផុតនោះទេ ហើយកុមារមិនអាចទទួលបាននូវការកំណត់ថាមានពិការភាពពុទ្ធិសំខាន់ខ្លាំងបំផុតណាមួយ ផ្អែកទៅលើលទ្ធផលនៃការសិក្សាទាបពីមុនរបស់គាត់ ឬតម្រូវការពីមុនសម្រាប់សេវាជំនួយក្នុងការធ្វើតេស្តបញ្ចប់ការសិក្សារបស់រដ្ឋ ឬមូលដ្ឋាននោះទេ។ [Id.]
(11.6) តើការវាយតម្លៃជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានផ្តល់ដល់សិស្សយ៉ាងដូចម្តេច?
ការវាយតម្លៃ CAA ត្រូវបានផ្តល់ឲ្យសិស្សមួយទល់នឹងមួយ (អ្នកត្រួតពិនិត្យអត្ថបទប្រឡងជាមួយនឹងសិស្ស)។ ដោយផ្អែកលើពិការភាព ឬតម្រូវការរបស់សិស្ស ការវាយតម្លៃ CAA អាចមាន ឬគ្មានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់កុំព្យូទ័រដោយខ្លួនឯងរបស់សិស្ស ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្ត ឬការឆ្លើយដោយខ្លួនឯងរបស់សិស្សចំពោះកិច្ចការអនុវត្តដែលមានបំពាក់ក្នុងប្រព័ន្ធសម្រាប់ ផ្នែកនៃការធ្វើតេស្តមុខវិជ្ជាវិទ្យាសាស្ត្រ។ លើកលែងតែមានបញ្ហាអ្វីមួយត្រូវបានហាមឃាត់ដោយសៀវភៅគ្រប់គ្រងការធ្វើតេស្ត CAASPP ពុំនោះសោតសិស្សអាចទទួលបានការគាំទ្រការបង្រៀន ដូចជាភាសាប្រើប្រាស់ក្នុងការបង្រៀនដោយអ្នកបកប្រែ ការគាំទ្រផ្នែករាងកាយ និងធនធានដែលមានចងក្រងជាឯកសារនៅក្នុងកម្មវិធី IEP ឬផែនការផ្នែក 504 របស់សិស្ស។ [5 C.C.R. Sec. 854.5.]
(11.7) កូនរបស់ខ្ញុំមានពិការភាព ហើយភាសាទីមួយរបស់គាត់មិនមែនជាភាសាអង់គ្លេសទេ។ តើមានអ្វីដែលត្រូវធ្វើដែរឬទេ (បើសិនជាមាន) ដើម្បីបំពេញតម្រូវការភាសារបស់កូនខ្ញុំក្នុងការធ្វើតេស្ត CAASPP?
មណ្ឌលសិក្សាធិការ អាចផ្តល់ជូនការធ្វើតេស្ត CAASPP ជា “ភាសាទីមួយ” បាន ដរាបណាវាត្រូវគ្នាទៅនឹងស្តង់ដាខ្លឹមសារមុខវិជ្ជាភាសាអង់គ្លេស (ប៉ុន្តែនេះមិនមែនជាលក្ខខណ្ឌកំណត់នោះទេ)។ [Cal. Educ. Code Sec. 60640(b)(5)&(j); 5 C.C.R. Sec. 850(t)(w)&(ab) and 851(a).]
ការធ្វើតេស្តបញ្ចប់ការសិក្សាជាភាសាអេស្ប៉ាញ ហៅថា តេស្តតាមស្តង់ដាជាភាសាអេស៉្បាញ (Standards-based Tests in Spanish, STS) គឺជាការវាយតម្លៃជាភាសាទីមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយអាចមានផ្តល់ជូនដល់មណ្ឌលសិក្សាធិការសម្រាប់គោលបំណងនៃប្រព័ន្ធ CAASPP ប្រសិនបើពួកគេជ្រើសរើសផ្តល់ការធ្វើតេស្តវាយតម្លៃភាសាទីមួយ សម្រាប់ជាផ្នែកមួយនៃប្រព័ន្ធ CAASPP។ [5 C.C.R. Sec. 850(t)&(ab).] នៅតាមមណ្ឌលសិក្សាធិការដែលផ្តល់តេស្ត STS នោះ សិស្សដែលមានសិទ្ធិទទួលបាន គឺជាសិស្សថ្នាក់ទី 2 ដល់ថ្នាក់ទី 11 ដែលភាសាទីមួយរបស់គេគឺជាភាសាអេស្ប៉ាញ ហើយជាអ្នកដែលកំពុងទទួលការបង្រៀនជាភាសាអេស្ប៉ាញ ឬអ្នកដែលបានចុះឈ្មោះចូលរៀនកម្មវិធីរួមបញ្ចូលគ្នាពីរភាសាដែលមានរួមបញ្ចូលនូវភាសាអេស្ប៉ាញ ឬអ្នកដែលទើបតែចូលរៀនភាសាអង់គ្លេស (English Learners, ELs) ដែលភាសាទីមួយរបស់គេគឺជាអេស្ប៉ាញ។ [5 C.C.R. Sec. 851.5(g).] សិស្ស EL ដែលទើបតែចូលរៀន គឺជាអ្នកដែលត្រូវបានចាត់ទុកថាជាសិស្ស EL ហើយជាអ្នកដែលទើបតែចូលរៀននៅសាលា សាធារណៈបានរយៈពេល 12 ខែដំបូងនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី15 ខែមេសា នៃឆ្នាំសិក្សាចាស់ ឬរយៈពេលក្រោយពីនោះ។ [5 C.C.R. Sec. 851.5(w).]
ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ក៏មានចែងផងដែរសម្រាប់ការប្រើប្រាស់ឧបករណ៍រង្វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងសេវាជំនួយសម្រាប់សិស្សប្រើប្រាស់ក្នុងពេលធ្វើតេស្ត STS ។ [5 C.C.R. Sec. 854.4.] សូមមើលសំណួរ និងចម្លើយទី 3 ខាងលើសម្រាប់ការពិភាក្សាកាន់តែស៊ីជម្រៅថាតើអ្វីខ្លះជាឧបករណ៍រង្វាយតម្លៃជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ និងមិនមានបំពាក់ក្នុងប្រព័ន្ធ ការគាំទ្រដែលបានកំណត់ និងសេវាជំនួយ តើនរណាខ្លះមានសិទ្ធិទទួលបានពួកវា ហើយតើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការប្រើប្រាស់វា។
(11.8) តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា?
សិស្សវិទ្យាល័យសាធារណៈធម្មតាទាំងអស់ ត្រូវតែបំពេញនូវលក្ខខណ្ឌ ហៅថា “វគ្គសិក្សាដែលបានកំណត់”។ វគ្គសិក្សាដែលបានកំណត់ គឺជាតារាងវគ្គសិក្សាចំនួន 13 ដែលរដ្ឋបានតម្រូវសម្រាប់ការទទួលបានសញ្ញាបត្រ។ វគ្គសិក្សានេះមានដូចខាងក្រោម៖
- វគ្គសិក្សាភាសាអង់គ្លេសចំនួន 3
- វគ្គសិក្សាគណិតវិទ្យាចំនួន 2 (រួមទាំងពិជគណិត 1)
- វគ្គសិក្សាវិទ្យាសាស្ត្រសង្គមចំនួន 3 (ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ប្រវត្តិសាស្រ្តពិភពលោក វប្បធម៌ និងភូមិវិទ្យា ហើយសិក្សាអំពីរដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់អាមេរិកមួយឆមាសម្តង)
- វគ្គសិក្សាវិទ្យាសាស្ត្រចំនួន 2 (ជីវវិទ្យា និងរូបវិទ្យា)
- វគ្គសិក្សាអប់រំកាយចំនួន 2
- វគ្គសិក្សាភាសាបរទេស ឬសិល្បៈសោទស្សន៍ និងការសម្តែង ឬការអប់រំបច្ចេកទេស
[Cal. Educ. Code sections 51224.5 and 51225.3.]
មណ្ឌលសិក្សាធិការ ត្រូវតែធានាថាសិស្សបញ្ចប់វគ្គសិក្សាដែលបានកំណត់នេះ មុនពេលទទួលសញ្ញាបត្រ ប៉ុន្តែ មណ្ឌលសិក្សាតាមមូលដ្ឋាន អាចបន្ថែមនូវលក្ខខណ្ឌតម្រូវទាំងនេះបាន។ [Cal. Educ. Code Sec. 51225.3(a)(1)&(2).] អ្នកគួរទាក់ទងមណ្ឌលសិក្សាការនៅតាមមូលដ្ឋានរបស់អ្នក ដើម្បីស្វែងយល់ថាតើមានវគ្គសិក្សាបន្ថែម ឬលក្ខខណ្ឌតម្រូវផ្សេងទៀតដែរឬទេ ដូចជាគម្រោងស្រាវជ្រាវនៅវិទ្យាល័យ (Senior Project) ជាដើម ដែលអនុវត្តនៅក្នុងមណ្ឌលសិក្សារបស់អ្នក។
មិនថាជាសាលាឆាទ័រ ឬយ៉ាងណានោះទេ សិស្សវិទ្យាល័យត្រូវតែបំពេញឲ្យបានចប់សព្វគ្រប់នូវតារាងវគ្គសិក្សាតែមួយដូចគ្នាអាស្រ័យលើកត្តាជាច្រើន ហើយឪពុកម្តាយទទួលបាននូវការលើកទឹកចិត្តឲ្យទាក់ទងទៅកាន់ផ្នែកអប់រំសាលាឆាទ័រនៃនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា តាមលេខ 916-322-6029 សម្រាប់ព័ត៌មានបន្ថែម។
(11.9) តើលក្ខខណ្ឌតម្រូវពិជគណិត 1 ក៏ត្រូវអនុវត្តចំពោះសិស្សដែលមានពិការភាពដែរមែនទេ?
បាទ/ចាស។ ទោះយ៉ាងណាក្តី សិស្សដែលមានពិការភាពដែលបានព្យាយាម ប៉ុន្តែ មិនបានប្រឡងជាប់ពិជគណិត 1 ទោះបីជាមានសេវាគាំទ្រ និងដំណោះស្រាយចាំបាច់ និងសមរម្យយ៉ាងក៏ដោយ ដូច្នេះពួកគេគួរពិចារណាស្នើសុំឲ្យ មណ្ឌលសិក្សាធិការរបស់ពួកគេ ដើម្បីស្នើសុំការអនុគ្រោះទៅលើលក្ខខណ្ឌតម្រូវនេះពីក្រុមប្រឹក្សាអប់រំរដ្ឋសម្រាប់គោលបំណងទទួលបានសញ្ញាបត្រ។ [Cal. Educ. Code Sec. 56101.] ការអនុគ្រោះ មិនត្រូវបានផ្តល់ជូនជានិច្ចនោះទេ ប៉ុន្តែ កិច្ចដំណើរការអនុគ្រោះ គឺជាមធ្យោបាយតែមួយគត់សម្រាប់សិស្សដែលមានពិការភាព ដែលពួកគេមិនអាចប្រឡងជាប់ពិជគណិត 1 ឬលក្ខខណ្ឌតម្រូវវគ្គសិក្សា ឬការបញ្ចប់ការសិក្សាផ្សេងទៀតនោះទេ ដើម្បីបន្តទទួលបានសញ្ញាបត្រ។
(11.10) តើមានជម្រើសផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់ដែលតម្រូវចាំបាច់សម្រាប់ទទួលបានសញ្ញាបត្រដែរឬទេ?
ច្បាប់នេះ អនុញ្ញាតឲ្យមានជម្រើសផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់។ ច្បាប់រដ្ឋ តម្រូវឲ្យគណៈកម្មការនៃមណ្ឌលសិក្សាធិការនីមួយៗ អនុម័តនូវមធ្យោបាយផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់។ គោលនយោបាយ ឬផែនការ ត្រូវតែបានបង្កើតឡើងដោយមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយ រដ្ឋបាលសាលា គ្រូបង្រៀន និងសិស្ស។ [Cal. Ed. Code Sec. 51225.3(b).] មធ្យោបាយជំនួសទាំងនេះ អាចរួមមាន៖
- ការបង្ហាញជាក់ស្តែងនូវជំនាញ និងសមត្ថភាព
- បទពិសោធន៍ការងារដែលត្រូវបានគ្រប់គ្រង ឬបទពិសោធន៍នៅខាងក្រៅសាលាផ្សេងទៀត
- ថ្នាក់អប់រំបច្ចេកទេសវិជ្ជាជីវៈដែលផ្តល់ជូននៅក្នុងវិទ្យាល័យ
- វគ្គសិក្សាដែលផ្តល់ជូនដោយមជ្ឈមណ្ឌល ឬកម្មវិធីការងារក្នុងតំបន់
- ការសិក្សាអន្តរវិស័យ
- ការសិក្សាដោយខ្លួនឯង និង
- ក្រេឌីតទទួលបាននៅស្ថាប័នអប់រំក្រោយវិទ្យាល័យ
មធ្យោបាយជំនួស និងគំរូសិក្សាផ្សេងដែលចាំបាច់សម្រាប់សិស្សថ្នាក់ទី 7 រហូតដល់ទី 12 នៅក្នុងការបញ្ចប់វគ្គសិក្សាដែលបានកំណត់ដោយមណ្ឌលសិក្សាធិការ ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP របស់សិស្ស។ [Cal. Ed. Code Sec. 56345(b)(1).] លក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សា និងគំរូសិក្សាជំនួសដែលបានបញ្ជាក់សម្រាប់ការបញ្ចប់វគ្គសិក្សាដែលបានកំណត់ ត្រូវតែមានសម្រាប់សិស្ស ឪពុកម្តាយ និងសាធារណៈជន។ [Cal Ed. Code Sec.51225.3(b).] ច្បាប់នេះចែងបន្ថែមទៀតថាស្នងការអប់រំសាធារណៈ ត្រូវកោះប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីផ្តល់អនុសាសន៍លើមធ្យោបាយជំនួសនានាដើម្បីបំពេញតាម តម្រូវការនៃការបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់រដ្ឋ។ [Cal.Ed. Code Sec. 60640(c)(6).] សូមមើលសំណួរ និងចម្លើយ 9 ខាងលើ។
(11.11) ប្រសិនបើកូនរបស់ខ្ញុំបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រធម្មតា តើសិទ្ធិទទួលបានការអប់រំពិសេសត្រូវបញ្ចប់ដែរឬទេ?
បាទ/ចាស។ ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យ នឹងធ្វើឱ្យកូនរបស់អ្នកមិនមានសិទ្ធិទទួលបានការអប់រំពិសេសតទៅទៀតទេ។ [Cal. Ed. Code Sec. 56026.1(a); 34 C.F.R. Sec. 300.102(a)(3)(i).]
ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រធម្មតា គឺជា "ការផ្លាស់ប្តូរកន្លែង" សម្រាប់សិស្សអប់រំពិសេស។ [34 C.F.R. Sec. 300.102(a)(3)(iii); Cal. Ed. Code Secs. 56500.5.] “ការផ្លាស់ប្តូរកន្លែង” គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សិស្សអប់រំពិសេស ហើយតម្រូវឲ្យមណ្ឌលសិក្សាធិការផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់សិស្ស និងឪពុកម្តាយ (មានពេលវេលាច្រើនគ្រប់គ្រាន់មុនពេលការផ្លាស់ប្តូរទីកន្លែងសិក្សានេះប្រព្រឹត្តទៅ)។ [34 C.F.R. Sec. 300.503(a)(1); Cal. Ed. Code Sec. 56500.4(a).] សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន រួមមាន៖ ការពិពណ៌នាអំពីអ្វីដែលមណ្ឌលសិក្សាធិការមានបំណងចង់ធ្វើ ការពន្យល់អំពីមូលហេតុនៃសកម្មភាព ការពិពណ៌នាអំពីជម្រើសផ្សេងៗដែលមណ្ឌលសិក្សាធិការបានពិចារណា និងមូលហេតុដែលបញ្ហាទាំងអស់នេះត្រូវបានបដិសេធ ការពិពណ៌នាអំពីរបាយការណ៍ ការធ្វើតេស្ត និងនីតិវិធីដែលផ្តោតលើសកម្មភាពនេះ និងព័ត៌មានអំពីសិទ្ធិរបស់សិស្ស និងឪពុកម្តាយ និងប្រភពជំនួយតស៊ូមតិ។ [34 C.F.R. Secs. 300.102(a)(3)(iii) & 300.503(b); Cal. Ed. Code Sec. 56500.4(b).] បើគ្មានការជូនដំណឹងចាំបាច់នេះទេ សំណើរបស់មណ្ឌលសិក្សាធិការដើម្បីបញ្ចប់ការសិក្សាកូនរបស់អ្នកអាចនឹងមិនសមរម្យទេ។ [Union School District v. Smith, 15 F.3d 1519 (9th Cir. 1994).] ទោះយ៉ាងណាក៏ដោយ មិនចាំបាច់មានការវាយតម្លៃថ្មីទៅលើកូនរបស់អ្នកនោះទេ មុនពេលប្រគល់សញ្ញាបត្រថ្នាក់វិទ្យាល័យធម្មតាទៅដល់គាត់។ [34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i)(1).]
មុនពេលសិស្សនៅក្នុងការអប់រំពិសេសបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រ ឬគ្រប់អាយុអតិបរមា 22 ឆ្នាំសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស នោះមណ្ឌលសិក្សាធិការត្រូវផ្តល់ឲ្យសិស្សនូវសេចក្តីសង្ខេបនៃលទ្ធផលសិក្សា និងការអនុវត្តសកម្មភាពមុខងារ រួមទាំងអនុសាសន៍អំពីវិធីជួយសិស្សនៅក្នុងការបំពេញតាមគោលដៅការអប់រំក្រោយវិទ្យាល័យ។ [Cal. Ed. Code Secs. 56026(c)(4) & 56381(i)(2).] ប្រសិនបើអ្នកមិនឯកភាពនឹងការកំណត់របស់ក្រុមការងារកម្មវិធី IEP ដែលកំណត់ថាកូនរបស់អ្នកនឹងបញ្ចប់ការសិក្សានោះ ដូច្នេះអ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។
(11.12) ប្រសិនបើសិស្សមិនបានទទួលសេវាកម្មសមស្របក្នុងរយៈពេលណាមួយនោះទេ មុនពេលគាត់បញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រ តើគាត់អាចបន្តមានសិទ្ធិទទួលការអប់រំពិសេសបានដែរឬទេ?
ទេ។ ប៉ុន្តែ សិស្សដែលត្រូវបានគេបដិសេធការផ្តល់សេវាកម្មសមស្រប អាចធ្វើការស្នើសុំក្រៅផ្លូវការ ឬតាមរយៈសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ សុំឲ្យមណ្ឌលសិក្សាធិការផ្តល់សេវាផ្ទេរការសិក្សាជាការតបស្នង។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។ សេវាតបស្នងដែលផ្តល់ដោយមជ្ឈមណ្ឌលសិក្សាធិការដោយស្ម័គ្រចិត្ត ឬដោយសារដីការបស់មន្ត្រីសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នេះ អាចត្រូវបានផ្តល់ជូនបន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រធម្មតា។ [Maine School Admin. Dist. No. 35 v. Mr. and Mrs. R. (1st Cir. 2003) 321 F.3d 9, 17-18; San Dieguito Union High Sch. Dist. v. Guray-Jacobs (S.D. Cal. 2005, No. 04CVL330) 44 IDELR 189, 105 LRP 56315; Hemet USD, OAH Case No. 2015090860, 116 LRP 20083 (2015).] ក្នុងស្ថានភាពនេះ សិស្សមិនមានសិទ្ធិទទួលការអប់រំពិសេសសម្រាប់គោលបំណងណាមួយក្រៅពីការទទួលបានសេវាតបស្នងទាំងនោះទេ។ នៅពេលដែលសេវាតបស្នងត្រូវបានផ្តល់ជូនហើយ ពេលនោះសិទ្ធិទទួលបានរបស់សិស្ស នឹងត្រូវបញ្ចប់។
ការទាមទារសម្រាប់ការបដិសេធកន្លងមកនៃសេវាកម្មសមស្របនានា មិនអាចធ្វើឡើងលើសពីពីរឆ្នាំ នៅពេលដែលឪពុកម្តាយ ឬសិស្សស្នើសុំបើកសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ទេ។ [34 C.F.R. Sec. 300.507(a)(2); Cal. Ed. Code Sec. 56505(l).] ប្រសិនបើសិស្សមិនទទួលបានសេវាកម្មអប់រំពិសេសសមស្របក្នុងរយៈពេលពីរឆ្នាំ មុនពេលបញ្ចប់ការសិក្សានោះទេ ពេលនោះឪពុកម្តាយ (ឬសិស្សដែលមានអាយុ 18 ឆ្នាំ ហើយមិនទទួលបានការមើលថែ) គួរតែដាក់ពាក្យស្នើសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ មុនពេលសិស្សបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រ ប្រសិនបើអាចធ្វើទៅបាន និងមុនពេលដែលសិទ្ធិទទួលបានការអប់រំពិសេសរបស់គាត់ត្រូវបានបញ្ចប់។ មណ្ឌលសិក្សាធិការ អាចធ្វើការជំទាស់បានថាឪពុកម្តាយរបស់សិស្ស ឬសិស្សដែលលែងមានសិទ្ធិទទួលការអប់រំពិសេស មិនមានសិទ្ធិប្តឹងដើម្បីចាត់វិធានការនៅក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់សម្រាប់ការអប់រំពិសេសប្រឆាំងទៅនឹងមណ្ឌលសិក្សាធិការទេ។
(11.13) នៅពេលកូនរបស់ខ្ញុំគ្រប់អាយុ 18 ឆ្នាំ តើគាត់នឹងចាប់ផ្តើមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកម្មវិធី IEP នេះ ឬមួយក៏ខ្ញុំនឹងនៅតែបន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំនេះទៀត?
នៅអាយុ 18 ឆ្នាំ សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំ នឹងផ្ទេរពីឪពុកម្តាយទៅសិស្សវិញ លើកលែងតែសិស្សត្រូវបានកំណត់ថាអសមត្ថភាពនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងដល់អ្នក និងកូនរបស់អ្នកអំពីការផ្ទេរសិទ្ធិ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងអំពីការការពារនីតិវិធី មិនឲ្យយឺតជាងរយៈពេលមួយឆ្នាំ មុនពេលកូនរបស់អ្នកមានអាយុ 18 ឆ្នាំ។ [34 C.F. R. Sec. 300.520; Cal. Ed. Code Secs. 56041.5 & 56043(g)(3).] ប្រសិនបើសិស្សត្រូវបានកំណត់ថាអសមត្ថភាពដោយតុលាការ ហើយឪពុកម្តាយបានទទួលការចាត់តាំងជាអ្នកមើលថែទាំ ពេលនោះឪពុកម្តាយ អាចបន្តធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សតទៅទៀត។ ប៉ុន្តែ ប្រសិនបើសិស្សមិនត្រូវបានកំណត់ថាអសមត្ថភាពដោយតុលាការណាមួយនោះទេ ដូច្នេះ គាត់ត្រូវមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការធ្វើសម្រេចចិត្តផ្នែកអប់រំ។ សិស្សមានជម្រើស ក្នុងការធ្វើការសម្រេចចិត្តទាំងនេះដោយខ្លួនឯងផ្ទាល់ ឬរួមគ្នាជាមួយឪពុកម្តាយនៅក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចលើកម្មវិធី IEP ។ គាត់ក៏អាចប្រគល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចផ្នែកអប់រំដល់ឪពុកម្តាយបាន ប្រសិនបើគាត់សម្រេចធ្វើដូច្នេះ។ មើលទម្រង់បែបបទស្តីពីការប្រគល់សិទ្ធិក្នុងការសម្រេចចិត្តលើការអប់រំ ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ P។
ទោះបីតុលាការមិនទាន់កំណត់ថាសិស្សមិនមានសមត្ថភាពក៏ដោយ ប៉ុន្តែមណ្ឌលសិក្សាធិការ អាចប្រកាន់ជំហថាសិស្សមិនមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការសម្រេចចិត្តដោយខ្លួនឯងនោះទេ — រួមទាំងការសម្រេចចិត្តផ្តល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំដល់ឪពុកម្តាយផងដែរ — ដូច្នេះហើយ សិស្សចាំបាច់ត្រូវមាន “អ្នកមើលថែទាំ” ដែលទទួលបានការចាត់តាំងដោយតុលាការដើម្បីធ្វើការសម្រេចចិត្តសម្រាប់គាត់។ ប៉ុន្តែ ការសម្រេចចិត្តថាតើមនុស្សពេញវ័យត្រូវតែមានអ្នកមើលថែទាំដែរឬអត់នោះ គឺជាសេចក្តីសម្រេចរបស់តុលាការ មិនមែនជារបស់មណ្ឌលសិក្សាធិការទេ។ អ្នកអាចពិគ្រោះយោលប់ជាមួយមេធាវីអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការដាក់ពាក្យស្នើសុំអនុបាលភាពមានកំណត់ ឬពេញលេញទៅកាន់តុលាការជាន់ខ្ពស់។
(11.14) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រធម្មតាទេ ប៉ុន្តែនឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ?
កូនរបស់អ្នកមានសិទ្ធិទទួលសេវាកម្មអប់រំពិសេស រហូតដល់ឆ្នាំសិក្សាដែលគាត់មានអាយុ 22 ឆ្នាំ លើកលែងតែគាត់បំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សាមុនពេលនោះ។ [34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1(b)&(c).] ប្រសិនបើកូនរបស់អ្នកមិនបានបញ្ចប់ការសិក្សាទេ គាត់អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាចហៅផងដែរថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយធម្មតា ឬនៅពេលណាមួយ មុនពេលគាត់ចាកចេញពីមណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនបត្រនេះ ផ្តល់នូវការទទួលស្គាល់លទ្ធផលសិក្សាទៅដល់សិស្សដែលសម្រេចគោលដៅកម្មវិធី IEP របស់ពួកគេ ឬបញ្ចប់វគ្គសិក្សាជំនួសដែលបានកំណត់ណាមួយ ប៉ុន្តែពួកគេនឹងមិនទទួលបានសញ្ញាបត្រធម្មតានោះទេ។ វិញ្ញាបនបត្រនេះ ក៏បានបង្កើតឡើងផងដែរដើម្បីយកឈ្នះទៅលើការជំទាស់តវ៉ាពីមន្ត្រីមណ្ឌលសិក្សាធិការដែលគិតថាសិស្សអប់រំពិសេស មិនគួរចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជាមួយមិត្តរួមថ្នាក់ដែលមានអាយុដូចគ្នានោះទេ នៅពេលដែលពួកគេមិនបានទទួលបានសញ្ញាបត្រធម្មតានោះ។ ដោយសារតែវិញ្ញាបនបត្រមិនបញ្ចប់ការទទួលបានសិទ្ធិនោះទេ ដូច្នេះ សិស្សដែលទទួលបានវិញ្ញាបនបត្រមួយ អាចបន្តធ្វើកិច្ចការឆ្ពោះទៅរកការទទួលបានសញ្ញាបត្រធម្មតាបាន។ [Cal. Ed. Code Secs. 56390 & 56392.]
លើសពីនេះ មណ្ឌលសិក្សាធិការ ត្រូវតែបន្តផ្តល់ជូនកូនរបស់អ្នកនូវសេវាផ្ទេរការសិក្សាដែលចាំបាច់។ [Cal. Ed. Code Sec. 56345(a)(8).] ក្រុមការងារផែនការ IEP របស់កូនអ្នក គួរតែពិភាក្សាគ្នាថាតើគោលដៅផ្ទេរការសិក្សាកូនរបស់អ្នកនឹងត្រូវបានដោះស្រាយយ៉ាងដូចម្តេច មុនពេលសេវាកម្មទាំងអស់របស់មណ្ឌលសិក្សាធិការបានបញ្ចប់។ លទ្ធផល/គោលដៅផ្ទេរការសិក្សា គួរតែត្រូវបានបញ្ចូលក្នុងកម្មវិធី IEP របស់កូនអ្នក។
(11.15) ប្រសិនបើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់អាចចូលរួមក្នុងពិធីបញ្ចប់ការសិក្សា និងសកម្មភាពដែលពាក់ព័ន្ធបានដែរឬទេ?
យោងទៅតាមច្បាប់របស់រដ្ឋ សិស្សដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា មានសិទ្ធិចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ និងសកម្មភាពសាលាណាមួយដែលពាក់ព័ន្ធនឹងការទទួលសញ្ញាបត្រ។ [Cal. Ed. Code Sec. 56391.] មណ្ឌលសិក្សាធិការ អាចប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ឬបញ្ចប់កម្មវិធីសិក្សាបាន (ប៉ុន្តែនេះមិនមែនជាលក្ខខណ្ឌកំណត់នោះទេ)។ [Cal. Ed. Code Sec. 56390.] ប៉ុន្តែ ប្រសិនបើការចូលរួមក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សាត្រូវបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក (ជាផ្នែកមួយនៃការចូលរួមរបស់គាត់ក្នុងសកម្មភាពចម្រុះនៅសាលារៀន) ពេលនោះមណ្ឌលសិក្សាធិការ ត្រូវអនុវត្តកម្មវិធី IEP និងអនុញ្ញាតឲ្យគាត់ចូលរួមក្នុងសកម្មភាពបញ្ចប់ការសិក្សាបាន បើទោះបីជាគាត់ទទួលបាន ឬមិនទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សាក៏ដោយ។ អ្នកគួរតែដោះស្រាយបញ្ហាការចូលរួមក្នុងកម្មវិធី IEP ដោយចាប់ផ្តើមពីការពិភាក្សារបស់អ្នកលើបញ្ហាផ្ទេរការសិក្សានេះ នៅពេលកុមារមានអាយុ 16 ឆ្នាំ ឬក្មេងជាងនេះ។ នេះនឹងធានាបាននូវពេលវេលាគ្រប់គ្រាន់ដើម្បីចាត់វិធានការចាំបាច់ណាមួយដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា នៅមុនពេលពិធីប្រគល់សញ្ញាបត្រ។
(11.16) ប្រសិនបើមជ្ឈមណ្ឌលសិក្សាធិការ និងខ្ញុំមិនឯកភាពលើបញ្ហាថាតើកូនរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សញ្ញាបត្រធម្មតាដែរឬអត់នោះ តើខ្ញុំអាចតវ៉ាចំពោះសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការបានដែរឬទេ?
ដោយសារការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រធម្មតា គឺជាការផ្លាស់ប្តូរកន្លែងសិក្សាដែលនឹងបញ្ចប់សិទ្ធិទទួលបានការអប់រំពិសេសរបស់កូនអ្នក ដូច្នេះ មណ្ឌលសិក្សាធិការ ត្រូវតែផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនអំពីបំណងរបស់ពួកគេក្នុងការបញ្ចប់ការសិក្សាកូនរបស់អ្នក។ ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ហើយជឿជាក់ថាមណ្ឌលសិក្សាធិការកំពុងបញ្ចប់ការសិក្សាកូនរបស់អ្នកមុនពេលកំណត់ នោះការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន គួរតែផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នក ដើម្បីធ្វើការតវ៉ាការសម្រេចចិត្តនេះ តាមរយៈនីតិវិធីសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ការផ្លាស់ប្តូរកន្លែងសិក្សាដែលបានស្នើឡើង គឺជាបញ្ហាមួយដែលឪពុកម្តាយ និងសិស្សអាចដាក់ពាក្យស្នើសុំនីតិវិធីសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ដើម្បីធ្វើការដោះស្រាយ។ [Cal. Ed. Code Sec. 56501(a)(1).] សូមមើលសំណួរ និងចម្លើយ 12 ខាងលើ។
ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីជំទាស់ទៅនឹងការបញ្ចប់ការសិក្សា ពេលនោះលក្ខខណ្ឌ “ស្ថិតនៅជាបន្ត” ត្រូវអនុវត្ត ហើយមណ្ឌលសិក្សាធិការតម្រូវឲ្យរក្សាទុកការដាក់បញ្ចូលកូនរបស់អ្នកដដែល ហើយអនុវត្តកម្មវិធី IEP នៅអំឡុងពេលនៃចំណាត់ការលើកិច្ចដំណើរត្រឹមត្រូវតាមច្បាប់។ [20 United States Code (U.S.C.) Sec. 1415(j); 34 C.F.R. Sec. 300.518; Cal. Ed. Code Sec. 56505(d).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។
(11.17) ប្រសិនបើកូនរបស់ខ្ញុំមានគម្រោងប្រលងចូលរៀននៅមហាវិទ្យាល័យដោយការធ្វើតេស្តចូលរៀនតាមស្តង់ដា (Scholastic Aptitude Test, SAT) តើគាត់នឹងទទួលបានសេវាជំនួយដោយស្វ័យប្រវត្តិដែរឬទេ ប្រសិនបើគាត់មានកម្មវិធី IEP ឬផ្នែកទី 504?
ទេ។ ទោះបីកូនរបស់អ្នកមានផែនការកម្មវិធី IEP ឬផ្នែកទី 504 ដែលរួមបញ្ចូលនូវសេវាជំនួយសម្រាប់ការធ្វើតេស្តក៏ដោយ ប៉ុន្តែ គាត់នៅតែត្រូវដាក់ពាក្យស្នើសុំទៅកាន់ក្រុមប្រឹក្សាភិបាលមហាវិទ្យាល័យដែលគ្រប់គ្រងការតេស្ត SAT ដើម្បីទទួលបានការយល់ព្រមសម្រាប់សេវាជំនួយនោះ។ អ្នកត្រូវតែប្រគល់ឯកសារស្តីពីពិការភាពរបស់កូនអ្នក និងអំពីកម្រិតនៃពិការភាពដែលកំណត់មុខងារសមត្ថភាពរបស់គាត់ក្នុងស្ថានភាពនៃការធ្វើតេស្តនោះ។ អ្នកគួរតែប្រគល់ឯកសារនេះឲ្យបានទាន់ពេលវេលាដើម្បីទទួលបានសេចក្តីសម្រេច (និងប្តឹងឧទ្ធរណ៍ ប្រសិនបើចាំបាច់) នៅមុនកាលបរិច្ឆេទធ្វើតេស្ត។
សម្រាប់ព័ត៌មានជាក់លាក់ស្តីពីកិច្ចដំណើរការនៃការធ្វើតេស្ត SAT និងលក្ខខណ្ឌតម្រូវរបស់វា សូមចូលទៅកាន់៖ https://www.collegeboard.org/students-with-disabilities
គោលការណ៍ណែនាំស្តីពីសិទ្ធិទទួលបានសេវាជំនួយ និងនីតិវិធីដាក់ពាក្យស្នើសុំធ្វើតេស្តចូលរៀននៅមហាវិទ្យាល័យសហរដ្ឋអាមេរិក (American College Test, ACT) គឺស្រដៀងគ្នាទៅនឹងតេស្តរបស់ក្រុមប្រឹក្សាភិបាលមហាវិទ្យាល័យដែរ។ សម្រាប់ព័ត៌មានជាក់លាក់ស្តីពីការធ្វើតេស្ត ACT និងលក្ខខណ្ឌតម្រូរបស់វា សូមចូលទៅកាន់៖http://www.act.org/content/act/en/products-and-services/the-act/accommodations.html