បោះពុម្ពជំពូកទី 14 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 01/16/2025
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 01/16/2025
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 14៖ ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានលក្ខខណ្ឌសុខភាពសំខាន់ៗ
(14.1) កូនរបស់ខ្ញុំមានជំងឺ ឬស្ថានភាពធ្ងន់ធ្ងរ ឬកំពុងជាសះស្បើយពីគ្រោះថ្នាក់ ឬការវះកាត់ ដែលមិនអនុញ្ញាតឲ្យគាត់ចូលរៀនបានក្នុងរយៈពេលខ្លី។ តើគាត់អាចទទួលបានសេវាកម្មពិសេសណាមួយដើម្បីជួយគាត់បន្តស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃការអប់រំរបស់គាត់ដែរឬទេ?
បាទ/ចាស។ ក្រោមច្បាប់កាលីហ្វ័រញ៉ា សិស្សដែលទទួលបានការចុះឈ្មោះនៅក្នុងសាលារៀនសាធារណៈ មានពិការភាពបណ្តោះអាសន្ន — ដែលពួកគេមិនអាច ឬមិនគួរចូលរៀននៅក្នុងថ្នាក់រៀនធម្មតា ឬកម្មវិធីអប់រំជាទម្រង់ផ្សេងជំនួស — អាចទទួលបានការបង្រៀនលក្ខណៈបុគ្គល បើទោះបីជាពួកគេមិនទទួលបានសិទ្ធិនៅក្រោមការអប់រំពិសេស ឬច្បាប់នៅក្នុងផ្នែក 504 ក៏ដោយ។ ក្រោមច្បាប់កាលីហ្វ័រញ៉ា ពាក្យ “ពិការភាពបណ្តោះអាសន្ន” មានន័យថាជាពិការភាពផ្នែករាងកាយ ផ្លូវចិត្ត និងមនោសញ្ចេតនាដែលកើតមាននៅពេលសិស្សបានចុះឈ្មោះចូលរៀននៅក្នុងថ្នាក់រៀនធម្មតាពេលថ្ងៃ ឬកម្មវិធីអប់រំផ្សេងជំនួស ហើយដែលបន្ទាប់ពីនោះមក គេអាចរំពឹងថានឹងឲ្យគាត់ត្រឡប់ទៅកាន់សាលារៀនវិញ។ “ការបង្រៀនលក្ខណៈបុគ្គល” មានន័យថាជាការបង្រៀនដែលបានផ្តល់ដល់សិស្សនៅតាមផ្ទះ ក្នុងមន្ទីរពេទ្យ ឬកន្លែងស្នាក់នៅសម្រាប់ថែទាំសុខភាពជាច្រើនផ្សេងទៀត។ ពិការភាពបណ្តោះអាសន្ន មិនត្រូវរួមបញ្ចូលនូវពិការភាពដែលកូនសិស្សម្នាក់ត្រូវបានកំណត់ថាជាបុគ្គលដែលមានតម្រូវការពិសេសសម្រាប់ពិការភាពនោះទេ។ [California Education Code Section (Cal. Ed. Code Sec.) 48206.3.]
(14.2) តើច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) និងច្បាប់ស្តារនីតិសម្បទា (Rehabilitation Act) (ផ្នែក 504) ការពារកូនរបស់ខ្ញុំដែរឬទេ ប្រសិនបើគាត់មានស្ថានភាពមួយដែលមានលក្ខណៈបណ្តោះអាសន្ន មិនប្រក្រតី ឬស្ថិតក្នុងដំណាក់កាលជាជំងឺស្រាល?
បាទ/ចាស។ ប្រសិនបើជំងឺ ឬស្ថានភាពបណ្តោះអាសន្នណាមួយ រឹតត្បិតកុមារជាទូទៅនៅក្នុងសកម្មភាពមុខងារជីវិតប្រចាំថ្ងៃសំខាន់ៗក្នុងរយៈពេលវែង នោះគាត់ត្រូវទទួលបានការការពារក្រោមច្បាប់ ADA។ ការការពារនេះ អនុវត្តចំពោះអ្នកដែលមានពិការភាពជាក់ស្តែង និងអ្នកដែលមានប្រវត្តិពិការភាព។ [28 C.F.R. Sec. 35.108(d)(1)(ix).] ដូចគ្នានេះដែរ ជំងឺដែលស្ថិតក្នុងដំណាក់កាលមិនទាន់មានរោគសញ្ញា ឬស្ថិតក្នុងដំណាក់កាលជាជំងឺស្រាល គឺជាពិការភាពមួយស្ថិតនៅក្រោមច្បាប់ ADA ប្រសិនបើវារឹតត្បិតជាទូទៅនូវសកម្មភាពមុខងារជីវិតប្រចាំថ្ងៃសំខាន់ៗ ពេលដែលជំងឺនោះធ្វើទុក្ខ។ [28 C.F.R. Sec. 35.108(d)(1)(iv).]
កុមារនោះ ទទួលបានការការពារស្មើៗគ្នាសម្រាប់ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ នៅក្រោមផ្នែក 504។ ស្តង់ដាច្បាប់ ADA រួមទាំងនិយមន័យនៃពាក្យពិការភាពនៃច្បាប់នេះ ត្រូវបានរួមបញ្ចូលទៅក្នុងផ្នែក 504។ [29 U.S.C. Sec. 794(d).] ឧទាហរណ៍ កុមារម្នាក់ដែលស្ថិតនៅក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ ត្រូវទទួលបានការការពារប្រឆាំងនឹងសកម្មភាពរើសអើងផ្អែកលើពិការភាពរបស់គាត់។ [29 C.F.R. Sec. 104.4.] គាត់ក៏អាចមានសិទ្ធិទទួលបាន៖
- សេវាជំនួយសមស្របនានាដើម្បីទទួលបានការចូលរួមដោយស្មើភាពគ្នាទៅក្នុងកម្មវិធីនៅសាលារៀន ដូចគ្នាទៅនឹងកុមារដែលគ្មានពិការភាពដែរ ឬ
- ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានាដើម្បីទទួលបានការអប់រំសាធារណៈសមស្រប និងដោយសេរី (FAPE)។ មើលផ្នែកការការពារសិស្សដែលមានពិការភាព (Protecting Students with Disabilities), 67 IDELR 189, (OCR 2015)។
ការកំណត់ថាតើជំងឺ និងស្ថានភាពបណ្តោះអាសន្នមួយមានការរឹតត្បិតជាទូទៅលើសកម្មភាពមុខងារជីវិតប្រចាំថ្ងៃសំខាន់ៗក្នុងរយៈពេលវែងដែរឬអត់ គប្បីត្រូវបានធ្វើឡើងផ្អែកទៅតាមករណីនីមួយៗ ដោយពិចារណាទៅលើ៖
- រយៈពេល ឬរយៈពេលរំពឹងទុកនៃភាពចុះខ្សោយនោះ និង
- កម្រិតដែលស្ថានភាពនេះ ពិតជាកំណត់លើសកម្មភាពដែលមានមុខងារសំខាន់នៅក្នុងជីវិតរស់នៅ។ មើលផ្នែកការការពារសិស្សដែលមានពិការភាព67 IDELR 189, (OCR 2015)។
គ្មានសេចក្តីសម្រេចពីមុនមកណាមួយស្តីពី "រយៈពេលវែង” នេះថាជាអ្វីនោះទេ។ ប៉ុន្តែ ការិយាល័យ OCR បានចែងថាមណ្ឌលសិក្សាធិការ មិនគួរបកស្រាយលក្ខខណ្ឌនេះតឹងរឹងពេកនោះទេ។ ឧទាហរណ៍ ការិយាល័យ OCR បានរកឃើញថាមណ្ឌលសិក្សាធិការរដ្ឋកាលីហ្វ័រញ៉ា (California District) គួរណាស់តែបានធ្វើការវាយតម្លៃកុមារម្នាក់សម្រាប់សេវាជំនួយនៅក្នុងផ្នែក 504 នៅពេលដែលគាត់ចាំបាច់ត្រូវប្រើប្រាស់រទេះជនពិការរយៈពេលបួនខែ ដោយសារតែបញ្ហាបាក់ជើងធ្ងន់ធ្ងរបស់គាត់។ [Anaheim City (CA) Sch Dist., 115 LRP 19319 (OCR 12/02/14).]
នៅក្នុងលិខិតផ្តល់យោបល់ ការិយាល័យ OCR បានផ្តល់ជូនការវិភាគដូចខាងក្រោមទៅលើលក្ខខណ្ឌនៃការបាក់អវៈយវៈ ដែលអាចប្រើប្រាស់ជាការណែនាំនៅក្នុងករណីផ្សេងទៀត៖
“ផ្នែក 504 ឬច្បាប់ ADA មិនបានគិតថាពិការភាព "ពេញមួយជីវិត" ត្រូវទទួលបានការរ៉ាប់រងនោះទេ។ ជាថ្មីម្តងទៀត ចម្លើយនោះគឺអាស្រ័យថាតើអវៈយវៈដែលបាក់នោះ ចាត់ទុកថាជាភាពចុះខ្សោយដែលរឹតត្បិតលើសកម្មភាពមុខងារជីវិតប្រចាំថ្ងៃសំខាន់ៗណាមួយដែរឬយ៉ាងណា។ ភាពសំខាន់ចាំបាច់នៃភាពចុះខ្សោយ គឺមានពាក់ព័ន្ធទៅនឹងកម្រិតនៃភាពធ្ងន់ធ្ងរ និងរយៈពេលរបស់វា។ ការរ៉ាប់រង អាស្រ័យទៅលើការវាយតម្លៃរាល់ការពិតទាំងអស់នៅក្នុងស្ថានភាពនីមួយៗ។
ឧទាហរណ៍ សិស្សប្រើដៃស្តាំ បាក់ដៃខាងឆ្វេងរបស់គាត់ ហើយការបាក់នោះត្រូវបានរំពឹងថានឹងជាសះស្បើយជាធម្មតា ដោយគ្មានភាពស្មុគស្មាញនៃអាការៈជំងឺនោះទេ។ នេះប្រហែលជាមិនចាត់ទុកជាពិការភាពនោះទេ ដោយសារតែភាពចុះខ្សោយនឹងត្រូវជាសះស្បើយក្នុងរយៈពេលខ្លី ហើយសូម្បីតែក្នុងដំណាក់កាលធ្ងន់ធ្ងរបំផុត ក៏មិនអាចរារាំងសិស្សពីការចូលរៀននៅសាលា ឬធ្វើកិច្ចសរសេរដែលគ្រូដាក់ឲ្យធ្វើដែរ។
មួយវិញទៀត សិស្សដែលបាក់ជើងទាំងសងខាង ការជាសះស្បើយឡើងវិញគឺមានរយៈពេលយូរ ដោយសារតែភាពស្មុគស្មាញនៃអាការៈជំងឺ និងការវះកាត់ ហើយរយៈពេលពិការភាពទាំងមូល នឹងចំណាយពេលអស់ជាច្រើនខែ។ នៅក្នុងឧទាហរណ៍នេះ ស្ថានភាពអាចនឹងមានការរ៉ាប់រង ដោយសារតែភាពចុះខ្សោយនោះរារាំងដល់សិស្សមិនឲ្យដើរ និងមិនជាសះស្បើយក្នុងរយៈពេលមួយដែលមានលក្ខណៈធម្មតាសម្រាប់របួសនោះទេ។ លើសពីនេះទៀត បរិមាណពេលវេលា គឺមានរយៈពេលវែងគ្រប់គ្រាន់ដើម្បីបង្ហាញប្រាប់ថាកម្មវិធីអប់រំសម្រាប់សិស្សនោះ នឹងត្រូវបានបង្អាក់ដំណើរការច្រើនគួរឲ្យកត់សម្គាល់។
គ្មានវិធានតឹងរឹង និងឆាប់រហ័សណាមួយពាក់ព័ន្ធនឹងភាពចុះខ្សោយបណ្តោះអាសន្នជាក់លាក់ ដែលអាចចាត់ទុកថាជាពិការភាពនៅក្រោមផ្នែក 504 និងច្បាប់ ADA នោះទេ។ ហេតុនេះ មិនអាចមានការចែងកំណត់នូវស្ថានភាពដែលនឹងត្រូវចាត់ទុកជារៀងរហូតជាពិការភាពនោះទេ។ សាលារៀន ត្រូវតែវាយតម្លៃស្ថានភាពទាំងនេះ ផ្អែកទៅតាមករណីនីមួយៗ។ ប្រសិនបើក្រោយពេលវាយតម្លៃ មណ្ឌលសិក្សាធិការសន្និដ្ឋានថាស្ថានភាពនោះមិនចាត់ទុកជាពិការភាពនោះទេ សាលាត្រូវតែវាយតម្លៃលើតម្រូវការរបស់សិស្សដើម្បីកំណត់ថាតើសេវាកម្មគាំពារអ្វីខ្លះដែលត្រូវការចាំបាច់ ប្រសិនបើមាន។ ទោះយ៉ាងណាក៏ដោយ ការវាយតម្លៃមិនចាំបាច់មានភាពទូលំទូលាយ និងចំណាយពេលច្រើននោះទេ ប៉ុន្តែគ្រាន់តែមានភាពគ្រប់គ្រាន់ដើម្បីកំណត់ថាតើសេវាកម្ម ឬជំនួយអ្វីខ្លះដែលកុមារត្រូវការ ដើម្បីបន្តទទួលបានការអប់រំសមស្របមួយ។ [Letter to Rahall, 21 IDELR 575, (OCR 1994).
(14.3) តើនរណាជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការបង្រៀនលក្ខណៈបុគ្គលដល់កូនរបស់ខ្ញុំ នៅពេលដែលគាត់នៅផ្ទះ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបណ្តោះអាសន្ន?
នៅពេលកូនរបស់អ្នកនៅផ្ទះ មណ្ឌលសិក្សាធិការដែលអ្នកមានទីលំនៅស្ថិតនៅ គឺជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការបង្រៀនជាលក្ខណៈបុគ្គល។ ប្រសិនបើកូនរបស់អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងមណ្ឌលដែលអ្នកស្នាក់នៅ មណ្ឌលសិក្សាធិការដដែល នឹងត្រូវទទួលខុសត្រូវចំពោះការបង្រៀនលក្ខណៈបុគ្គល។ ប្រសិនបើកូនរបស់អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យណាមួយនៅក្រៅមណ្ឌលស្នាក់នៅរបស់អ្នក នោះមណ្ឌលសិក្សាធិការដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅ គឺជាអ្នកទទួលខុសត្រូវចំពោះការបង្រៀន។ [Cal. Ed. Code Sec. 48206.3(a) & 48207.]
(14.4) តើខ្ញុំអាចធានាថាកូនរបស់ខ្ញុំដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងមណ្ឌលសិក្សាផ្សេងទៀត ទទួលបានសេវាអប់រំតាមការចង់បានរបស់គាត់ដែរឬទេ នៅក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ?
អ្នកត្រូវតែផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការដែលមន្ទីរពេទ្យស្ថិតនៅឲ្យបានជ្រាបអំពីវត្តមានរបស់កូនអ្នកនៅក្នុងមន្ទីរពេទ្យនោះ និងអំពីតម្រូវការរបស់គាត់សម្រាប់សេវាអប់រំនានា។ នៅពេលណាមណ្ឌលសិក្សាធិការទទួលបានការជូនដំណឹងនោះ មណ្ឌលត្រូវតែកំណត់ថាតើកូនរបស់អ្នកអាចទទួលបានការបង្រៀនដែរឬទេ ក្នុងរយៈពេលប្រាំថ្ងៃ។ ប្រសិនបើគាត់ អាច ទទួលបានការបង្រៀនលក្ខណៈបុគ្គលនៅក្នុងមន្ទីរពេទ្យ ការបង្រៀននោះត្រូវតែចាប់ផ្តើមក្នុងរយៈពេលប្រាំថ្ងៃធ្វើការ នៅពេលទទួលបានការសម្រេចចិត្តនោះ។ មណ្ឌលសិក្សាធិការដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅ មានជម្រើសក្នុងការផ្តល់ការបង្រៀន ឬចុះកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការពីមុនរបស់កូនអ្នក។ [Cal. Ed. Code Sec. 48208(b).] ប្រសិនបើកូនរបស់អ្នកមានការស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ហើយបន្តផ្ទេរចុះឡើងពីផ្ទះទៅមន្ទីរពេទ្យដែលស្ថិតនៅក្នុងមណ្ឌលផ្សេងទៀត អ្នកគួរទាក់ទងទៅកាន់មណ្ឌលសិក្សាធិការ (នានា) ដែលទទួលខុសត្រូវ ដើម្បីបញ្ជាក់អំពីនីតិវិធីសម្រាប់ការរៀបចំការបង្រៀន។
(14.5) ប្រសិនបើកូនរបស់ខ្ញុំមិនមានសិទ្ធិទទួលបានការអប់រំពិសេស ឬផ្នែក 504 នោះទេ តើគាត់នឹងទទួលបានការបង្រៀនច្រើនកម្រិតណា?
ដើម្បីគណនាវត្តមានប្រចាំថ្ងៃជាមធ្យមសម្រាប់សិស្សដែលមានពិការភាព បណ្តោះអាសន្ន ច្បាប់រដ្ឋកាលីហ្វ័រញ៉ា តម្រូវឲ្យមានការរាប់ “ចំនួនម៉ោង” នៃពេលវេលាបង្រៀនដែលបានចំណាយទៅលើការបង្រៀនលក្ខណៈបុគ្គលនេះថាជាវត្តមានមួយថ្ងៃ។ ម្យ៉ាងទៀត ដើម្បីទទួលបានការផ្តល់ថវិការដ្ឋពេញលេញសម្រាប់វត្តមានមួយថ្ងៃ មណ្ឌលសិក្សាធិការ ចាំបាច់ត្រូវផ្តល់ការបង្រៀនចំនួនមួយម៉ោងតែប៉ុណ្ណោះទៅដល់សិស្សនោះ។ ច្បាប់នេះក៏ចែងផងដែរថាគ្មានសិស្សណាម្នាក់ អាចទទួលបានក្រេឌីតលើសពីចំនួនវត្តមានប្រាំថ្ងៃក្នុងមួយសប្តាហ៍ឡើយ។ [Cal. Ed. Code Sec. 48206.3(c).] ដូច្នេះ មណ្ឌលសិក្សាធិការ ផ្តល់ទៅឲ្យសិស្សម្នាក់ដែលមានពិការភាពបណ្តោះអាសន្ននូវការបង្រៀនមួយម៉ោងក្នុងមួយថ្ងៃ ក្នុងពេលដែលពួកគេមានការជាសះស្បើយនៅផ្ទះ ឬរហូតដល់ពួកគេអាចត្រឡប់ចូលសាលារៀនវិញ។ មិនមានច្បាប់ណាមួយ តម្រូវឲ្យមណ្ឌលសិក្សាធិការផ្តល់ការបង្រៀនលក្ខណៈបុគ្គលគ្រប់គ្រាន់ទៅដល់សិស្សនីមួយៗដែលមានពិការភាព ដើម្បីរក្សាបាននូវស្ថានភាពបច្ចុប្បន្ននៃវគ្គសិក្សារបស់គាត់ និងរក្សាកម្រិតថ្នាក់សិក្សារបស់គាត់នោះទេ។
(14.6) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានសម្រាប់ផ្នែក 504 ឬការអប់រំពិសេសនោះ តើនរណាជាអ្នកកំណត់ពីបរិមាណនៃការបង្រៀន និងសេវាកម្មដែលត្រូវផ្តល់ជូននៅតាមផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ?
កម្មវិធី IEP ឬក្រុមការងារ 504 មានសិទ្ធិក្នុងណែនាំអំពីសេវាកម្មដែលលើសពីរយៈពេលកំណត់ប្រាំម៉ោងក្នុងមួយសប្តាហ៍សម្រាប់សិស្សនៅក្នុងការអប់រំធម្មតា។ ប្រសិនបើកូនរបស់អ្នកមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ឬផ្នែក 504 ពេលនោះកម្មវិធី IEP ឬក្រុមការងារ 504 ដែលរាប់ទាំងឪពុកម្តាយផងនោះ នឹងធ្វើការសម្រេចទៅលើចំនួនម៉ោងបង្រៀន និងសេវាកម្មផ្សេងទៀតដែលចាំបាច់ក្នុងការបំពេញតាមតម្រូវការបុគ្គលរបស់កូនអ្នក។ មិនអាចធ្វើការសន្និដ្ឋានដោយស្វ័យប្រវត្តិបាននោះទេថារយៈពេលបង្រៀនប្រាំម៉ោង នឹងបំពេញតាមតម្រូវការពិសេស ឬមានភាពគ្រប់គ្រាន់ដើម្បីរួមបញ្ចូលរាល់សេវាបង្រៀន និងសេវាកម្មពាក់ព័ន្ធដែលចាំបាច់សម្រាប់ការអប់រំសមស្របនោះទេ។ ការណែនាំសេវាកម្មសម្រាប់ការអប់រំពិសេស ឬសិស្សដែលមានសិទ្ធិទទួលបានផ្នែក 504 ត្រូវតែផ្អែកទៅលើតម្រូវការអប់រំពិសេសរបស់ពួកគេ។
ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ឬផ្នែក 504 មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែផ្តល់សេវាអប់រំផ្អែកទៅតាមសិទ្ធិរបស់សិស្ស និងឪពុកម្តាយដូចខាងក្រោម៖
- សិទ្ធិរបស់សិស្សសម្រាប់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE)
- សិទ្ធិរបស់សិស្សសម្រាប់ការវាយតម្លៃសមស្រប មុនពេលកំណត់ពីតម្រូវការ
- សិទ្ធិរបស់សិស្សសម្រាប់ការអប់រំដែលផ្តល់ជូននៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួច (LRE)
- សិទ្ធិរបស់ឪពុកម្តាយសម្រាប់ការចូលរួមនៅក្នុងការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) របស់កូនអ្នក
- សិទ្ធិរបស់សិស្ស និងឪពុកម្តាយនៅក្នុងនីតិវិធីបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និង/ឬការអនុវត្តតាមច្បាប់ ដើម្បីដោះស្រាយបញ្ហាមិនឯកភាពគ្នាអំពីការដាក់បញ្ចូលនៅក្នុងការអប់រំ សេវាកម្ម ឬសេវាជំនួយ ឬការចោទប្រកាន់ទៅលើការមិនអនុវត្តតាមច្បាប់អប់រំពិសេស និង
- សិទ្ធិរបស់ឪពុកម្តាយដើម្បីជួយកំណត់ និងចងក្រងឯកសារស្តីពីគោលដៅអប់រំរបស់កូនអ្នក សេវាកម្ម និងសេវាជំនួយផ្អែកលើតម្រូវការបុគ្គលរបស់កូនអ្នក។
មើលជំពូក 1 ព័ត៌មានស្តីពីសិទ្ធិមូលដ្ឋាន និងការទទួលខុសត្រូវ
(14.7) តើនរណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់ “ភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI)”?
ក្រោមច្បាប់រដ្ឋនិងសហព័ន្ធ សិស្សមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់ OHI ប្រសិនបើពួកគេមានដែនកំណត់លើចំណុចខ្លាំង ភាពស្វាហាប់ ឬការប្រុងស្មារតី (រួមមានការប្រុងស្មារតីខ្ពស់ទៅនឹងគំរូមជ្ឈដ្ឋានអ្វីមួយដែលនាំមកនូវការប្រុងស្មារតីតិចតួចនៅក្នុងមជ្ឈដ្ឋានអប់រំ) ពោលគឺដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ រួមមានជាអាទិ៍ ស្ថានភាពបេះដូង ជំងឺមហារីក ជំងឺគោលិកាស គ្រុនសន្លាក់ឆ្អឹង ជំងឺគ្រលៀនរ៉ាំរ៉ៃ ជំងឺស្ទះផ្លូវដង្ហើម (cystic fibrosis) ជំងឺហឺត ជំងឺឆ្កួតជ្រូក ការពុលសំណ ជំងឺទឹកនោមផ្អែម ជំងឺរបេង បញ្ហាសរសៃទាញ (Tourette Syndrome) និងជំងឺឆ្លងផ្សេងៗ វិបត្តិសរីរាង្គគ្រាប់ឈាម (hematological disorders) ដូចជាជំងឺខ្វះកោសិកាឈាមក្រហម (sickle cell anemia) និងជំងឺឈាមក្រកកជាដើម រលាកតម្រងនោម ជំងឺស្មារតីអន់ខ្សោយ ភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី ហើយដែលបញ្ហាទាំងអស់នេះមានផលប៉ះពាល់មិនល្អ ដល់សកម្មភាពអប់រំរបស់សិស្ស។ [34 C.F.R. Sec. 300.8(c)(9); 5 California Code of Regulations (C.C.R.) Sec. 3030(b)(9).]
“ផលប៉ះពាល់មិនល្អ” លើសកម្មភាពអប់រំ អាចត្រូវបានវាស់ស្ទង់ដោយពិន្ទុរបស់សិស្ស ប៉ុន្តែក៏អាចមិនរួមបញ្ចូលផងដែរនូវការពិចារណាលើមធ្យោបាយផ្សេងទៀតដែលស្ថានភាពរបស់សិស្សមានការប៉ះពាល់ដល់សកម្មភាពរៀនសូត្ររបស់សិស្ស។ មណ្ឌលសិក្សាធិការ អាចមើលឃើញ “ផលប៉ះពាលមិនល្អ” មិនបានទូលំទូលាយនោះទេ ហើយផ្តោតតែទៅលើសកម្មភាពសិក្សាតែប៉ុណ្ណោះ។ តុលាការពិនិត្យមើលទៅលើសកម្មភាពអប់រំបានទូលំទូលាយជាង និងរួមបញ្ចូលនូវការពិចារណាទៅលើតម្រូវការផ្នែកសិក្សា សង្គម សុខភាព ផ្លូវចិត្ត ទំនាក់ទំនង រាងកាយ និងផ្នែកវិជ្ជាជីវៈ។ [Seattle School Dist. No. 1 v. B.S., 82 F.3d 1493, 1500 (9th Cir. 1996).]
ច្បាប់សហព័ន្ធ ក៏បានបែងចែកភាពខុសគ្នារវាងសកម្មភាពសិក្សា និងសកម្មភាពអប់រំផងដែរ និងបានបញ្ជាក់ថាសកម្មភាពអប់រំ គឺមានទស្សនវិស័យទូលំទូលាយជាង។ ឧទាហរណ៍ សិស្សត្រូវតែទទួលបានការវាយតម្លៃដោយសាលារៀននៅគ្រប់ផ្នែកទាំងអស់នៃពិការភាពដែលមានការសង្ស័យ។ [20 U.S.C. Sec. 1414(b)(3)(B).] ផ្នែកទាំងនោះ ត្រូវបានកំណត់និយមន័យដោយបទប្បញ្ញត្តិសហព័ន្ធដោយរួមបញ្ចូលនូវ៖ សុខភាព គំហើញ ការស្តាប់ ស្ថានភាពសង្គមនិងផ្លូវចិត្ត សតិបញ្ញាទូទៅ សកម្មភាពសិក្សា ស្ថានភាពទំនាក់ទំនង និងសមត្ថភាពចលករ។ [34 C.F.R. Sec. 300.304(c)(4).] សកម្មភាពសិស្ស គឺជាផ្នែកតែមួយគត់ដែលសិស្សត្រូវបានវាយតម្លៃទៅលើ។ ក្រៅពីកម្រិតថ្នាក់ និងពិន្ទុតេស្តស្តង់ដា សាលារៀនត្រូវតែពិចារណាថាតើសុខភាពផ្លូវចិត្ត ឬស្ថានភាពផ្សេងទៀតរបស់សិស្ស មានផលប៉ះពាល់មិនល្អដូចម្តេចខ្លះទៅលើសកម្មភាពក្រៅពីការសិក្សារៀនសូត្រនៅក្នុងផ្នែកសង្គម ផ្នែកអាកប្បកិរិយា និងផ្នែកដទៃផ្សេងទៀតផងដែរ។
(14.8) តើមានអ្វីកើតឡើង បើមណ្ឌលសិក្សាធិការទទួលស្គាល់ស្ថានភាពសុខភាពកូនរបស់ខ្ញុំ ប៉ុន្តែបែរជានិយាយថាគាត់មិនត្រូវការការបង្រៀនពិសេសទៅវិញ ឬថាគាត់មានសមត្ថភាពសិក្សាលើមធ្យមភាគ ហេតុនេះ មិនមានសិទ្ធិទទួលបានការអប់រំពិសេសទេ?
ក្រៅពីលើពិការភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមច្បាប់សហព័ន្ធ កូនរបស់អ្នកក៏ត្រូវតែ “មានតម្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ” ផងដែរ។ [34 C.F.R. Sec. 300.8(a).] ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកអាចមានភាពអន់ខ្សោយខាងផ្នែកអប់រំ — ហើយប្រហែលជាអាចធ្លាក់ទៀតផង — ដោយសារតែគាត់ត្រូវការសេវាបង្រៀននៅតាមមន្ទីរពេទ្យ ឬតាមផ្ទះជាបន្ត និង/ឬម្តងម្កាល ពេលនោះគាត់អាចនឹង “ត្រូវការ” ការអប់រំពិសេសសម្រាប់គោលបំណងនៃការទទួលបានសិទ្ធិ។ បន្ថែមពីលើការសិក្សា និងស្ថានភាពសុខភាព សាលារៀនត្រូវតែពិចារណាថាតើសុខភាពផ្លូវចិត្ត និងស្ថានភាពផ្សេងទៀតរបស់កូនអ្នក មានផលប៉ះពាល់មិនល្អអ្វីខ្លះទៅលើសកម្មភាពក្រៅការសិក្សារបស់គាត់។
ក្រោមច្បាប់រដ្ឋ កូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើគាត់មានភាពចុះខ្សោយណាមួយ ដែល “តម្រូវឲ្យមានការបង្រៀន [ពិសេស] និងសេវាកម្មនានា ដែលមិនអាចផ្តល់ជូនបានដោយមានការកែសម្រួលកម្មវិធីសាលាធម្មតា” ដើម្បីធានាការអប់រំ FAPE ត្រូវបានផ្តល់ជូនដល់សិស្ស។ [Cal. Ed. Code Sec. 56026(b).]
ប្រាជ្ញាឆ្លាតវៃលើកម្រិតមធ្យម ឬសមត្ថភាពសិក្សារៀនសូត្រតែមួយមុខ មិនទាន់ជម្រុះសិស្សចេញពីការអប់រំពិសេសនោះទេ។ [Corchado v. Board of Education 86 F. Supp. 2d 168 (W.D.N.Y. 2000); Letter to Ulissi 18 Individuals with Disabilities Education Law Reporter (IDELR) 683 (U.S. Department of Education, Office of Special Education Programs (OSEP) 1992).] ដូច្នេះ បើទោះបីជាសិស្សម្នាក់អាចមានប្រាជ្ញាកម្រិតលើមធ្យម ឬមានសមត្ថភាពសិក្សាក៏ដោយ ក៏អ្នកនៅតែអាចបង្ហាញថាស្ថានភាពសិស្ស មានផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំ ដូចដែលបានកំណត់ដោយប្រភេទចំណាត់ថ្នាក់ OHI។ ដោយមិនគិតពីប្រាជ្ញាឆ្លាតវៃ ឬសមត្ថភាពនោះទេ ស្ថានភាពសិស្សត្រូវតែមានផលប៉ះពាល់មិនល្អទៅលើមុខងារអប់រំរបស់សិស្សដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាអប់រំពិសេស។ មើលជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យការទទួលបានសិទ្ធិ និងសំណួរ ទី 7 ខាងលើ សម្រាប់ព័ត៌មានបន្ថែមអំពីចំណាត់ថ្នាក់ OHI និង “ផលប៉ះពាល់មិនល្អ”។
(14.9) តើអ្វីជាការដាក់បញ្ចូលទៅក្នុងការបង្រៀនតាមផ្ទះសម្រាប់សិស្សម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស?
ការបង្រៀនតាមផ្ទះ (ជួនកាលហៅកាត់ថា “កម្មវិធីនៅផ្ទះ/មន្ទីរពេទ្យ”) គឺជាជម្រើសកម្មវិធីអប់រំមួយដែលមានផ្តល់ជូនដល់សិស្សដែលមានពិការភាព ដែលពួកគេអាចទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋានសាលារៀនសាធារណៈបាន។ ជាធម្មតា សិស្សនៅក្នុងការដាក់បញ្ចូលក្នុងកម្មវិធីនេះ មានតម្រូវការសុខភាពសំខាន់ៗ ឬមានបញ្ហាប្រឈមផ្នែកអាកប្បកិរិយាសំខាន់ៗ និងបានព្យាយាមចូលរៀនក្នុងថ្នាក់អប់រំអាកប្បកិរិយានៅតាមសាលារៀនសាធារណៈ សាលារៀនមិនមែនសាធារណៈ ឬមជ្ឈដ្ឋានសុខភាពផ្លូវចិត្ត។
កម្មវិធីបង្រៀនតាមផ្ទះណាមួយ ត្រូវតែបង្កើតឡើងទៅតាមលក្ខណៈបុគ្គល ដើម្បីធានាឲ្យមាននូវការបន្តការរីកចម្រើនឆ្ពោះទៅរកគោលដៅ និងវត្ថុបំណងនានា ទោះបីជាកម្មវិធីនេះកំពុងផ្តល់ជូនទៅតាមផ្ទះរបស់សិស្សក៏ដោយ។ ច្បាប់នេះ ក៏តម្រូវឲ្យសិស្សមានការចូលរួម — មានការរីកចម្រើន — នៅក្នុងកម្មវិធីអប់រំទូទៅផងដែរ។ [20 U.S.C. Sec. 1414(d)(1)(A)(i).] រាល់នីតិវិធីដូចគ្នាទាំងអស់ ត្រូវតែទទួលបានការអនុញ្ញាតដោយក្រុមការងារកម្មវិធី IEP នៅក្នុងការអភិវឌ្ឍកម្មវិធី IEP សម្រាប់សិស្សម្នាក់ដែលត្រូវទទួលបានការបង្រៀនតាមផ្ទះ ក៏ដូចជានីតិវិធីបន្តបន្ទាប់ទៀតសម្រាប់សិស្សនៅក្នុងការអប់រំពិសេសផ្សេងទៀត។ [Letter to Boney 18 IDELR 537(OSEP 1991).]
សម្រាប់សិស្សដែលមានកម្មវិធី IEP សេវាកម្មនានា ត្រូវបានកំណត់តាមប្រភេទ រយៈពេល និងបរិមាណនៃសេវាកម្មបង្រៀន។ នេះគឺខុសគ្នាពីការបង្រៀនតាមផ្ទះ ឬតាមមន្ទីរពេទ្យ ដែលសិស្សមានពិការភាព បណ្តោះអាសន្ន (មិនមែនជាសិស្សក្នុងផ្នែក 504 ឬការអប់រំពិសេស) អាចទទួលបាន ប្រសិនបើរយៈពេលមួយម៉ោងក្នុងមួយថ្ងៃអាចអនុញ្ញាតផ្តល់ឲ្យ។ សូមមើលសំណួរ 1 ខាងលើ។
សម្រាប់សិស្សនៅក្នុងការអប់រំពិសេស ដែនកំណត់ឥតគ្រោងទុកនៃការបង្រៀនតាមផ្ទះរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ ដោយគ្មានការវាយតម្លៃលក្ខណៈបុគ្គល និងការកំណត់ថាដែនកំណត់នោះនាំមកនូវអត្ថប្រយោជន៍អប់រំ ពួកវាមិនត្រូវបាន បង្កើតឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់សិស្សឡើយ។ អត្ថប្រយោជន៍អប់រំ មានន័យថាជាការរីកចម្រើនឆ្ពោះទៅរកគោលដៅ និងវត្ថុបំណងនៃកម្មវិធី IEP ជាចម្បង។ [County of San Diego v. Special Education Hearing Office, 93 F.3d 1458, 1467 (9th Cir. 1996).] ប្រសិនបើមណ្ឌលសិក្សាធិការទទូចស្នើសុំដែនកំណត់មួយម៉ោងក្នុងមួយថ្ងៃ ហើយអ្នកមិនឯកភាព នោះឪពុកម្តាយ អាចដាក់ពាក្យបណ្តឹងអំពីការមិនអនុវត្តតាមច្បាប់ ឬដាក់ពាក្យបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ / ការអនុវត្តតាមច្បាប់។
(14.10) ប្រសិនបើកូនរបស់ខ្ញុំមិនតម្រូវឲ្យមានសេវាជំនួយ ឬសេវាគាំពារផ្សេងទៀតទេ នៅពេលគាត់ត្រឡប់ទៅសាលាវិញ បន្ទាប់ពីអវត្តមានរយៈពេលយូរ តើមណ្ឌលសិក្សាធិការត្រូវតែបង្កើតផែនការមួយជាមុនដើម្បីផ្តល់ការគាំទ្រ សេវាកម្ម ឬការជួយគាំទ្រនានាដែរឬទេ?
ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេស នោះសេវាកម្ម ឬសេវាជំនួយគាំទ្រមួយចំនួនដែលត្រូវការចាំបាច់ដើម្បីជួយផ្ទេរការសិក្សារបស់គាត់ត្រឡប់ទៅកាន់សាលារៀនវិញនេះ គួរតែត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP ហើយសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP មុនពេលគាត់ត្រឡប់ចូលសាលាវិញ។ [5 C.C.R. Sec. 3051.4 (d).] អ្នកអាចស្នើសុំកិច្ចប្រជុំកម្មវិធី IEP ឲ្យបានឆាប់នៅពេលណាអ្នកដឹងថាកូនរបស់អ្នក នឹងត្រឡប់ចូលសាលារៀនវិញ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ឲ្យកិច្ចដំណើរការការអប់រំពិសេសបញ្ចប់ទៅនៅមុនពេលដែលកូនរបស់អ្នកត្រឡប់ចូលសាលារៀនសាធារណៈវិញ។ នៅពេលណាមណ្ឌលសិក្សាធិការបានទទួលសំណើជាលាយលក្ខណ៍អក្សរសម្រាប់កិច្ចប្រជុំកម្មវិធី IEP កិច្ចប្រជុំនេះត្រូវតែរៀបចំឡើងក្នុងរយៈពេល 30 ថ្ងៃចាប់ពីពេលដែលមណ្ឌលសិក្សាធិការរបស់អ្នកទទួលបាននូវសំណើជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56343.5.]
ផ្នែក 504 មិនបានគូសបញ្ជាក់អំពីបញ្ហានេះឲ្យបានជាក់លាក់ទេ។ ប៉ុន្តែ អ្នកអាចស្នើសុំកិច្ចប្រជុំផែនការ 504 នៅពេលណាក៏បាន ដើម្បីពិភាក្សាអំពីសេវាកម្មដែលត្រូវការចាំបាច់ នៅពេលសិស្សត្រឡប់ចូលរៀនវិញ។ មិនមានកាលវេលាសម្រាប់រៀបចំកិច្ចប្រជុំផែនការ 504 ទេ។
ប្រសិនបើកូនរបស់អ្នកគឺជាសិស្សអប់រំទូទៅម្នាក់ មណ្ឌលសិក្សាធិការមិនចាំបាច់ត្រូវផ្តល់ការគាំទ្រ សេវាកម្ម ឬសេវាជំនួយនោះទេ។ ប៉ុន្តែ អ្នកគប្បីត្រូវទាក់ទងទៅកាន់មណ្ឌលសិក្សាធិការដើម្បីពិភាក្សាពីតម្រូវការរបស់កូនអ្នក និងបង្កើតកិច្ចព្រមព្រៀងមិនភ្ជាប់កាតព្វកិច្ចក្រៅផ្លូវការមួយដើម្បីគាំទ្រគាត់ នៅពេលគាត់ត្រឡប់ចូលរៀនវិញ។ ដោយសារតែជំងឺ ឬស្ថានភាពសុខភាពធ្ងន់ធ្ងរ អ្នកគប្បីពិចារណាធ្វើការបញ្ចូនបន្តសម្រាប់ផ្នែក 504 និងការទទួលបានសិទ្ធិអប់រំពិសេស។
(14.11) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានការអប់រំពិសេស ដោយសារតែស្ថានភាពសុខភាពរបស់គាត់ តើនេះនឹងមានផលប៉ះពាល់ដល់លទ្ធភាពរបស់គាត់ក្នុងការចូលរៀននៅមហាវិទ្យាដែរឬទេ?
ទេ។ ក្រោមផ្នែក 504 និងច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) មហាវិទ្យាល័យ និងសាកលវិទ្យាល័យ មិនអាចមានការរើសអើងដោយផ្អែកលើមូលដ្ឋានពិការភាពឡើយ តាមរយៈការបដិសេធការអនុញ្ញាតឲ្យចូលរៀនចំពោះបុគ្គលណាម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ [42 U.S.C. Sec. 12182(b)(1)(A)(i); 34 C.F.R. Sec. 104.42(a).]
យកល្អត្រូវមានផែនការកម្មវិធី IEP ឬផែនការ 504 ដើម្បីបង្ហាញពីការទទួលបានសិទ្ធិរបស់កូនអ្នក ក្រោមផ្នែក 504 នៅកម្រិតក្រោយវិទ្យាល័យ និងដើម្បីកំណត់ពីសេវាកម្ម និងសេវាជំនួយដែលគាត់អាចនឹងត្រូវការ។ ត្រូវប្រាកដថាកូនរបស់អ្នករៀនមេរៀនសំខាន់ៗនៅក្នុងផ្នែកមុខវិជ្ជាដែលបានកំណត់ និងវគ្គសិក្សាត្រៀមចូលមហាវិទ្យាល័យ តាមការសមស្រប ដើម្បីទទួលបានសញ្ញាបត្រវិទ្យាល័យ។ កូនរបស់អ្នក ក៏ត្រូវតែជាប់ការធ្វើតេស្តបំណិនសំខាន់ចាំបាច់មួយចំនួន ឬការប្រឡងចេញផងដែរ។ មើលជំពូក 11 ព័ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ / លក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សា។ ត្រូវប្រាកដថាការកំណត់អត្តសញ្ញាណការអប់រំពិសេសរបស់កូនអ្នក កម្មវិធី និងសេវាកម្មនានា មិននាំមកនូវការដាក់បញ្ចូលគាត់ទៅក្នុង “មធ្យោបាយ” ដែលនាំទៅរកការទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាណាមួយ ជាជាងការទទួលបានសញ្ញាបត្រ។
នៅពេលចាប់ផ្តើមមានអាយុ 16 ឆ្នាំ ឬក្មេងជាងនេះ ផែនការ IEP របស់កូនអ្នក ត្រូវតែរួមបញ្ចូលនូវគោលដៅក្រោយវិទ្យាល័យដែលអាចវាស់ស្ទង់បានសមស្រប ផ្អែកលើការវាយតម្លៃផ្ទេរការសិក្សាសមស្របតាមអាយុ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ ការងារ និងបំណិនជីវិតឯករាជ្យ ប្រសិនបើសមស្រប។ កម្មវិធី IEP ក៏ត្រូវតែមានរបាយការណ៍មួយស្តីពីសេវាផ្ទេរការសិក្សាតាមការចំាំបាច់ដែលផ្តោតលើវគ្គសិក្សារបស់កូនអ្នក (ដូចជាការចូលរួមទៅក្នុងវគ្គសិក្សាសម្រាប់ការដាក់បញ្ចូលក្នុងថ្នាក់សិក្សាកម្រិតខ្ពស់ ឬកម្មវិធីអប់រំវិជ្ជាជីវៈ)។ [Cal. Ed. Code Sec. 56345(a)(8).] ប្រសិនបើគោលដៅអប់រំក្រោយវិទ្យាល័យរបស់កូនអ្នក គឺជាការអនុញ្ញាតឲ្យចូលរៀននៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ នោះផែនការ កម្មវិធី IEP គប្បីបញ្ជាក់អំពីលក្ខខណ្ឌតម្រូវដែលចាំបាច់សម្រាប់ការទទួលបានសញ្ញាបត្រ និងសេវាផ្ទេរការសិក្សាដែលចាំបាច់ដើម្បីជួយគាត់ក្នុងការសម្រេចបានគោលដៅនោះ។ មើលជំពូក 10 ព័ត៌មានស្តីពីការផ្ទេរការសិក្សា និងការអប់រំវិជ្ជាជីវៈ។
(14.12) ដោយសារតែបញ្ហាអវត្តមាន ឬបញ្ហាសិក្សារៀនសូត្រពាក់ព័ន្ធនឹងស្ថានភាព និងការព្យាបាលរបស់គាត់ មណ្ឌលសិក្សាធិការលើកឡើងថាកូនរបស់ខ្ញុំ គប្បីចុះឈ្មោះចូលរៀននៅក្នុងវគ្គសិក្សាសម្រាប់ការអប់រំទូទៅ ហើយថាខ្លួនគ្មានភារៈកិច្ចអ្វីក្នុងការផ្តល់សេវាជំនួយនៅក្នុងថ្នាក់សិក្សាកម្រិតខ្ពស់បំផុត ឬថ្នាក់សិក្សាកម្រិតខ្ពស់ (AP) ឡើយ។ រឿងនេះពិតដែរទេ?
ទេ។ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់នូវការអប់រំពិសេស ឬសេវាកម្មផ្នែក 504 ផ្អែកលើតម្រូវការពិសេសរបស់កូនអ្នក រួមទាំងតម្រូវផ្នែកសុខភាព និងតម្រូវការផ្នែកសិក្សារៀនសូត្រផងដែរ។ ប្រសិនបើកូនរបស់អ្នកចូលរៀនក្នុងថ្នាក់សិក្សាកម្រិតខ្ពស់បំផុត ឬកម្រិត AP មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ការគាំទ្រផ្នែកអប់រំសមស្រប ឬសេវាជំនួយសម្រាប់កូនរបស់អ្នកទទួលបានការអប់រំក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួចបំផុត។ មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ ប្រសិនបើមានការមិនឯកភាពលើសេវាជំនួយសមស្រប ការគាំទ្រ ឬការដាក់បញ្ចូលក្នុងថ្នាក់សិក្សាកម្រិតខ្ពស់បំផុត ឬ AP អ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប / ការអនុវត្តតាមច្បាប់។
ម្យ៉ាងទៀត ផ្នែក 504 ការពារទាំងសិស្សក្នុងការអប់រំពិសេស និងទាំងអ្នកដែលស្ថិតក្នុងផែនការ 504 មិនឲ្យមានការរើសអើងនៅក្នុងកម្មវិធីដែលទទួលបានជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធឡើយ។ ទាំងនេះ រួមមានថ្នាក់សិក្សាកម្រិតខ្ពស់បំផុត និងថ្នាក់សិក្សាកម្រិត AP។ ការរើសអើង ត្រូវបានហាមឃាត់នៅក្នុងជំនួយ អត្ថប្រយោជន៍ ឬសេវាកម្មដែលផ្តល់ជូនដោយសាលារៀនសាធារណៈ។ [34 C.F.R. Sec. 104.4(b)(1).] សម្រាប់សកម្មភាពដែលបានលើកឡើង មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជំនួយ និងសេវាកម្មពាក់ព័ន្ធដើម្បីបំពេញតាមតម្រូវការរបស់សិស្សដែលមានពិការភាព ឲ្យបានសមស្របដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ [34 C.F.R. Sec. 104.33(b)(1).]
ថ្វីបើមណ្ឌលសិក្សាធិការមិនអាចបដិសេធការផ្តល់សេវាកម្ម ឬសេវាជំនួយទៅដល់សិស្សនៅក្នុងថ្នាក់កម្រិតខ្ពស់បំផុត ឬថ្នាក់ AP ក្រោមផ្នែក 504 ក៏ពិតមែន ប៉ុន្តែការសិក្សាថ្នាក់កម្រិត AP ឬថ្នាក់កម្រិតខ្ពស់បំផុត អាចមានន័យថាសិស្សមិនមានសិទ្ធិទទួលបានការអប់រំពិសេសទេ។
(14.13) ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀននៅផ្ទះ តើមណ្ឌលសិក្សាធិការតម្រូវឲ្យឪពុកម្តាយមានវត្តមានអំឡុពេលបង្រៀនដែរឬទេ?
ទោះបីជាមិនមានច្បាប់រដ្ឋកាលីហ្វ័រញ៉ា ឬករណីណាមួយដែលតម្រូវឲ្យឪពុកម្តាយនៅផ្ទះអំឡុងពេលបង្រៀនក្តី តែគោលនយោបាយបែបនេះប្រហែលជាអាចត្រូវបានអនុវត្តជាបន្តសម្រាប់កុមារដែលមានអាយុក្រោម 18 ឆ្នាំ។ តុលាការឧទ្ធរណ៍មួយរបស់សហព័ន្ធដែលបានដោះស្រាយបញ្ហានេះ បានរកឃើញថាគោលនយោបាយនេះ មិនបានបំពានទៅនឹងច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (IDEA) ឬផ្នែក 504 ទេ។ [Daniel O. v. Missouri State Board of Ed., 210 F.3d 378 (8th Cir. 2000).]
(14.14) តើខ្ញុំចាំបាច់ត្រូវទិញសម្ភារៈបរិក្ខារចាំបាច់ណាមួយ ដូចជាកុំព្យូទ័រ ឬបច្ចេកវិទ្យាផ្សេងទៀតដែរឬទេ ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀនតាមផ្ទះ?
ទេ។ សម្ភារៈ ឬបច្ចេកវិទ្យាដែលចាំបាច់ក្នុងការជំរុញឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីការបង្រៀនតាមផ្ទះ ក្នុងការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ ឬនៅក្នុងការធានាបាននូវការលូតលាស់នៅលើកម្មវិធី IEP ឬគោលដៅ 504 របស់ខ្លួន ពួកវាត្រូវតែទទួលបានសម្រាប់ជាផ្នែកមួយនៃគោលដៅការអប់រំ FAPE របស់គាត់។ [20 U.S.C. Sec. 1401(9); 34 C.F.R. Secs. 104.33(c)(1) and 300.105.] ប្រសិនបើសិស្សដែលមានពិការភាពបណ្តោះអាសន្ន (មិនមែនជាសិស្សផ្នែក 504 ឬការអប់រំពិសេស) ត្រូវការប្រើប្រាស់ឧបករណ៍អ្វីមួយ អ្នកគប្បីត្រូវទាញហេតុផលថាឧបករណ៍នោះត្រូវតែផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ដើម្បីជួយសម្រួលដល់ការបង្រៀនតាមផ្ទះដែលបានកំណត់។ [Cal. Ed. Code Sec. 48206.3.]
(14.15) ប្រសិនបើកូនរបស់ខ្ញុំមានជំងឺឆ្លង តើមណ្ឌលសិក្សាធិការអាចបដិសេធមិនផ្តល់អ្នកបង្រៀនតាមផ្ទះ ឬហាមឃាត់គាត់មិនឲ្យចូលរៀននៅសាលា ដោយផ្អែកលើមូលដ្ឋានហានិភ័យចំពោះបុគ្គលិក ឬកុមារផ្សេងទៀតដែរឬទេ?
ក្រោមបទប្បញ្ញត្តិរបស់រដ្ឋ សិស្សម្នាក់ “នៅពេលឆ្លងនូវជំងឺឆ្លង ឬឆ្លងមេរោគ អាចនឹងមិនបន្តសិ្ថតនៅក្នុងសាលារៀនសាធារណៈទៀតនោះទេ។” [5 C.C.R. Sec. 202.] ប៉ុន្តែ គោលនយោបាយមណ្ឌលសិក្សាធិការដែលបដិសេធការបង្រៀនតាមផ្ទះ ឬការចូលរៀននៅសាលាចំពោះសិស្សដែលមានជំងឺឆ្លង ដោយសារមូលហេតុហានិភ័យចំពោះអ្នកដទៃ នឹងត្រូវបានត្រួតពិនិត្យដោយយកចិត្តទុកដាក់ដោយតុលាការ។ យ៉ាងហោចណាស់តុលាការមួយ បានជឿជាក់ថាកត្តាទាំងនេះ ត្រូវយកមកពិចារណា៖
- តើមានហានិភ័យខ្លាំងពិតប្រាកដកម្រិតណាពាក់ព័ន្ធនឹងលក្ខណៈដែលជំងឺនេះត្រូវបានចម្លង
- រយៈពេលនៃហានិភ័យ
- តើមានហានិភ័យខ្លាំងកម្រិតណាពាក់ព័ន្ធនឹងផលវិបាកនៃការឆ្លងជំងឺ
- លទ្ធភាពដែលអាចចម្លងជំងឺ និង
- វិធានការសមស្របដែលអាចយកមកអនុវត្តដើម្បីកាត់បន្ថយហានិភ័យ។ [Martinez v. School Board of Hillsboro County, 861 F.2d 1502, 1505 (11th Cir. 1988).]
(14.16) កូនរបស់ខ្ញុំចាំបាច់ត្រូវប្រើប្រាស់ឱសថ នៅពេលនៅសាលា។ តើជំនួយអ្វីខ្លះដែលសាលារៀនត្រូវតែផ្តល់ជូនដើម្បីឲ្យប្រាកដថាប្រការនេះអាចប្រព្រឹត្តទៅបាន?
ឱសថត្រូវតែផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំពិសេស ឬដែលមានផែនការផ្នែក 504 ដោយបុគ្គលិកសាលា ប្រសិនបើផែនការសម្រាប់បុគ្គលតម្រូវឲ្យមានវា។ [5 C.C.R. Sec. 610(d).] ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR) បានរកឃើញថាការបដិសេធរបស់មណ្ឌលសិក្សាធិការក្នុងការផ្តល់ឱសថសម្រាប់សិស្សដែលជាផ្នែកមួយនៃផែនការ 504 គឺជាការរើសអើងក្រោមផ្នែក 504។ [San Juan Unified School District, 20 IDELR 549 (W.D. Cal. 1993).] ហេតុផលដូចគ្នានេះ គប្បីត្រូវអនុវត្តចំពោះសិស្សដែលមានកម្មវិធី IEP ផងដែរ។
ទោះយ៉ាងណាក៏ដោយ សេវាកម្មទាំងនេះ មិនត្រឹមតែមានផ្តល់ជូនដល់សិស្សដែលមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំធម្មតាផងដែរ។ ច្បាប់រដ្ឋចែងថាមណ្ឌលសិក្សាធិការ អាចនឹងប្រើប្រាស់គិលានុប្បដ្ឋាកប្រចាំសាលា ឬបុគ្គលិកផ្សេងទៀតដើម្បីជួយសិស្សក្នុងការប្រើប្រាស់ឱសថរបស់ពួកគេ (1) ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានការអនុញ្ញាតរបស់សិស្ស បញ្ជាក់អំពីវិធីសាស្ត្រ បរិមាណ និងពេលវេលានៃការផ្តល់ឱសថនោះ (និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលសាលារៀនបានតម្រូវឲ្យមាន) និង (2) ប្រសិនបើឪពុកម្តាយផ្តល់ការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់ជំនួយនេះ។ អ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានអនុញ្ញាត គឺជាបុគ្គលដែលទទួលអាជ្ញាប័ណ្ណនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងការចេញវេជ្ជបញ្ជាឱសថ។ [5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.]
ឱសថអាចរួមបញ្ចូលនូវឱសថមានវេជ្ជបញ្ជា និងឱសថគ្មានវេជ្ជបញ្ជា អាហារបំប៉ន និងឱសថបូរាណ។ [5 C.C.R. Sec. 601(b).] បទប្បញ្ញត្តិទាំងនេះ មិនបានហាមឃាត់ឱសថជាក់លាក់ណាមួយមិនឲ្យផ្តល់ជូននៅសាលារៀននោះទេ ដូចជាឱសថ Diastat សម្រាប់គ្រប់គ្រងជំងឺឆ្កួតជ្រូកជាដើម។ ប្រសិនបើសិស្សម្នាក់ស្វែងរកជំនួយពីបុគ្គលិកក្នុងការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា នោះអាចមានន័យថានឹងតម្រូវឲ្យមានការអនុញ្ញាតរបស់គ្រូពេទ្យ។
ជាផ្នែកមួយនៃសំណើជាលាយលក្ខណ៍អក្សរបស់អ្នកសម្រាប់ជំនួយពីបុគ្គលិកនៅក្នុងការផ្តល់ឱសថ មណ្ឌលសិក្សាធិការអាចតម្រូវឲ្យអ្នកផ្តល់ការអនុញ្ញាតដល់មណ្ឌលសិក្សាធិការដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នកពាក់ព័ន្ធនឹងការអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នកផ្តល់សេវានោះ។ [5 C.C.R. Sec. 603(a)(2).] ប្រសិនបើអ្នកមានការបារម្ភថាបុគ្គលិកសាលា អាចនឹងព្យាយាមពិភាក្សាអ្វីៗផ្សេងទៀតក្រៅពីសេចក្តីលម្អិតនៃការផ្តល់ឱសថរបស់កូនអ្នកជាមួយនឹងវេជ្ជបណ្ឌិតនោះ សូមប្រាកដថាការអនុញ្ញាតណាមួយត្រូវមានការកំណត់ជាក់លាក់ត្រឹមបញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់ឱសថតែប៉ុណ្ណោះ។ ប្រសិនបើមណ្ឌលសិក្សាធិការផ្តល់ទម្រង់បែបបទយល់ព្រមទូលំទូលាយ អ្នកគប្បីបន្ថែមប្រយោគមួយ ឬពីរនៅខាងលើហត្ថលេខារបស់អ្នក ដោយកំណត់នូវការអនុញ្ញាតរបស់មណ្ឌលសិក្សាត្រឹមបញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់ឱសថតែប៉ុណ្ណោះ។ អ្នកក៏គប្បីផ្តល់សេចក្តីចម្លងមួយច្បាប់នៃការអនុញ្ញាតទៅដល់គ្រូពេទ្យ និងបញ្ជាក់ថាវាត្រូវបានកំណត់ត្រឹមសេចក្តីលម្អិតនៃការផ្តល់ឱសថប៉ុណ្ណោះ។
(14.17) តើកូនរបស់អ្នកអាចផ្តល់ឱសថដល់ខ្លួនឯងដោយមិនចាំបាច់មានការចូលរួមរបស់បុគ្គលិកមណ្ឌលសិក្សាបានដែរឬទេ?
បាទ/ចាស។ សិស្សនៅក្នងការអប់រំពិសេស ឬដែលមានផែនការផ្នែក 504 មានសិទ្ធិក្នុងចាត់ចែងប្រើប្រាស់ឱសថដោយខ្លួនឯងបាន ប្រសិនបើផែនការសម្រាប់បុគ្គលរបស់ពួកគេតម្រូវឲ្យមាន។ [5 C.C.R. Sec. 610(d).]
ប៉ុន្តែ សិស្សនៅក្នុងការអប់រំធម្មតា ក៏អាចចាត់ចែងប្រើប្រាស់ឱសថដោយខ្លួនឯងបានផងដែរ។ ដរាបណាមណ្ឌលសិក្សាធិការទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយពីអ្នកផ្តល់សេវាសុខភាពរបស់កូនអ្នក និងអ្នក ពេលនោះគាត់អាចអនុវត្ត ឬផ្តល់ដោយខ្លួនឯងនូវឱសថមានវេជ្ជបញ្ជាដូចជាឱសថអេពីណេហ្វ្រីនសម្រាប់ការចាក់ដោយម្ជុលស្វ័យប្រវត្តិ ឬឱសថជំងឺហឺតស្រូបតាមដង្ហើមជាដើម សម្រាប់ជំងឺហឺត។ របាយការណ៍គ្រូពេទ្យ ឬគ្រូពេទ្យវះកាត់របស់សិស្ស ត្រូវរួមបញ្ចូលនូវឈ្មោះឱសថ វិធីសាស្ត្រ បរិមាណ និងកាលវិភាគពេលវេលាផ្តល់ថ្នាំ។ អ្នកនឹងតម្រូវឲ្យផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកថាកូនរបស់អ្នកអាចផ្តល់ថ្នាំដោយខ្លួនឯងបាន ហើយថាបុគ្គលិកសាលាអាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នកបាន។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ អាចផ្តល់ម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេហ្វ្រីនដល់បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលដើម្បីផ្តល់ជំនួយវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ដល់បុគ្គលណាម្នាក់ដែលមានប្រតិកម្មទៅនឹងថ្នាំ។ [Cal. Ed. Code Sec. 49414(a).]
ម្យ៉ាងទៀត ប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមផ្អែម និងអាចធ្វើតេស្តដោយខ្លួនឯង និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់គាត់បាន គាត់នឹងទទួលបានការអនុញ្ញាតឲ្យធ្វើតេស្ត និងផ្តល់ការថែទាំជំងឺទឹកនោមផ្អែមដោយខ្លួនឯងបាននៅសាលារៀន ទៅតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក។ នេះអាចប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន ឬកន្លែងផ្សេងទៀតនៃសាលារៀន អំឡុងពេលសកម្មភាពពាក់ព័ន្ធនឹងសាលារៀន និង (ទៅតាមការស្នើសុំជាក់លាក់របស់អ្នក) នៅក្នុងទីតាំងឯកជន។ អ្នកក៏នឹងចាំបាច់ត្រូវផ្តល់ការអនុញ្ញាតពីអ្នកផ្តល់សេវាថែទាំសុខភាពផងដែរ។ [Cal. Ed. Code Sec. 49414.5(c).]
អ្នកក៏ចាំបាច់ត្រូវផ្តល់ជូនការអនុគ្រោះឲ្យរួចផុត (លើកលែង) ពីការទទួលខុសត្រូវ ក្នុងករណីដែលកូនរបស់អ្នកទទួលរងនូវប្រតិកម្មអវិជ្ជមានពីការផ្តល់ឱសថដោយខ្លួនឯងនោះ។ [Cal. Ed. Code Sec. 49423(b)(2) & 49423.1(b)(2).] ការអនុគ្រោះទូទៅពីការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី អាចនឹងមិនការពារមណ្ឌលសិក្សាធិការពីការទទួលខុសត្រូសម្រាប់របួសស្នាមដែលបណ្តាលមកពីភាពធ្វេសប្រហែសរបស់បុគ្គលិកបម្រើការឡើយ។ រាល់ឯកសារណាមួយដែលរៀបរាប់អំពីសេវាថែទាំសុខភាពជាក់លាក់មួយចំនួនពាក់ព័ន្ធនឹងបុគ្គលិកសាលារៀន ត្រូវតែមានភាពច្បាស់លាស់ពាក់ព័ន្ធនឹងរបៀបនៃការអនុវត្តសេវាកម្ម។ មណ្ឌលសិក្សាធិការ អាចផ្តល់ឲ្យបុគ្គលិកសាលាដែលស្ម័គ្រចិត្តនូវការបណ្តុះបណ្តាលស្តីពីជំនួយវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់សម្រាប់សិស្សដែលមានជំងឺទឹកនោមផ្អែមដែលខ្វះជាតិស្ករធ្ងន់ធ្ងរផងដែរ។ [Cal. Ed. Code Sec. 49414.5(a).] មិនមានលក្ខខណ្ឌតម្រូវឲ្យនរណាម្នាក់ស្ម័គ្រចិត្តសម្រាប់ការបណ្តុះបណ្តាលនេះទេ។ សេចក្តីចម្លងមួយច្បាប់របស់ក្រុមប្រឹក្សាផ្នែកច្បាប់នៃនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDEA) គំរូផែនការ 504 និងគំរូផែនការគ្រប់គ្រងវេជ្ជសាស្ត្រជំងឺទឹកនោមផ្អែម មានផ្តល់ជូនតាមរយៈ www.dredf.org/diabetes។
(14.18) ក្រៅពីការផ្តល់ថ្នាំ តើសិស្សនៅក្នុងការអប់រំពិសេសមានសិទ្ធិទទួលបានសេវាថែទាំស្មុគស្មាញ ឬសេវាថែទាំសុខភាពផ្សេងទៀតដែរឬទេ នៅពេលដែលការចំណាយនោះជាបន្ទុករបស់មណ្ឌលសិក្សាធិការ?
បាទ/ចាស។ ក្រោមច្បាប់អប់រំពិសេស តុលាការកំពូលបានរកឃើញថាសេវាថែទាំស្មុគស្មាញដោយគិលានុប្បដ្ឋាក ត្រូវបានចាត់ទុកថាជា "សេវាកម្មពាក់ព័ន្ធ" — មិនមែនជា "សេវាវេជ្ជសាស្ត្រ” ទេ — ប្រសិនបើចាំបាច់ដើម្បីធានាថាសិស្សដែលមានតម្រូវការថែទាំសុខភាពសំខាន់ៗ ទទួលបានការចូលសិក្សានៅសាលារៀនសាធារណៈ និងត្រូវបានរួមបញ្ចូលគា្នជាមួយសិស្សដែលគ្មានពិការភាព។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះសេវាថែទាំសុខភាពដែលអាចផ្តល់ជូនដោយគិលានុប្បដ្ឋាក ជាជាងសេវាកម្មវេជ្ជសាស្ត្រដែលផ្តល់ជូនដោយគ្រូពេទ្យ។ [Cedar Rapids Community School District v. Garret F., 526 U.S. 66, 71 (1999).] ច្បាប់រដ្ឋក៏បញ្ជាក់ផងដែរអំពីសិទ្ធិចូលរៀននៅសាលាតាមរយៈសេវាថែទាំសុខភាព ក្រោមបន្ទុកចំណាយរបស់មណ្ឌលសិក្សាធិការ។ [Cal. Ed. Code Sec. 49423.5(f).] មណ្ឌលសិក្សាធិការ មិនអាចបដិសេធការផ្តល់នូវសេវាថែទាំដោយគិលានុប្បដ្ឋាក ឬបដិសេធមិនឲ្យចូលរៀនដោយផ្អែកលើមូលដ្ឋាននៃថ្លៃចំណាយនេះទេ។
បទប្បញ្ញត្តិអប់រំពិសេសរបស់សហព័ន្ធ បញ្ជាក់ថាសេវាវេជ្ជសាស្ត្រតែមួយគត់ដែលមណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យ គឺសម្រាប់គោលបំណងនៃការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃ។ [34 C.F.R. Sec. 300.34(a).] “សេវាវេជ្ជសាស្ត្រ” មានន័យថាជា “សេវាកម្មដែលផ្តល់ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណដើម្បីកំណត់ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលនាំមកនូវតម្រូវការរបស់កុមារសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។” [34 C.F.R. Sec. 300.34(c)(5).]
(14.19) ក្រៅពីការផ្តល់ឱសថ តើសេវាថែទាំសុខភាពផ្សេងទៀតអ្វីខ្លះដែលត្រូវផ្តល់ជូនដល់សិស្សដែលមានផែនការផ្នែក 504
សិស្សដែលមានផែនការ 504 អាចទទួលបានសេវាថែទាំសុខភាពដូចជាការបឺត ឬការដាក់បំពង់សុង។ មណ្ឌលសិក្សាធិការអាចទាញហេតុផលថាការផ្តល់សេវាថែទាំនេះ គឺហួសពី “លទ្ធភាពអាចធ្វើបាន” ពាក់ព័ន្ធនឹងភារៈកិច្ចរបស់ខ្លួនក្នុងការផ្តល់ជូន "សេវាកម្មជំនួយសមស្រប"។ ការិយាល័យ OCR បានបដិសេធការផ្តល់ស្តង់ដា "សេវាកម្មជំនួយសមស្រប" នៅពេលធ្វើការវិភាគថាតើមណ្ឌលសិក្សាធិការបានផ្តល់ការអប់រំ FAPE ក្រោមផ្នែក 504 ដែរឬអត់។ [Letter to Zirkel, 20 IDELR 134 (1993); Madera (CA) Unified School District, 22 IDELR 510 (E.D. Penn. 1995); Bonita (CA) Unified School District, 39 IDELR 8 (W.D. Cal. 2003).] ការវិភាគដូចគ្នានេះ គប្បីត្រូវអនុវត្តផងដែរចំពោះសិស្សដែលមានតម្រូវការសេវាថែទាំសុខភាពដើម្បីចូលរៀននៅសាលា — និងចូលទៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចបំផុត — ក្រោយផ្នែក 504។
(14.20) ប្រសិនបើកូនរបស់ខ្ញុំគឺជាសិស្សនៅក្នុងការអប់រំពិសេស តើពេលណាទើប “សេវាថែទាំសុខភាពរាងកាយពិសេស” អាចទទួលយកពីនរណាម្នាក់ដែលមិនមែនជាគិលានុប្បដ្ឋាកបាន?
ក្រោមច្បាប់រដ្ឋ “សេវាថែទាំសុខភាពរាងកាយពិសេស” រួមមានការដាក់បំពង់សុង ការបញ្ចុកអាហារតាមបំពុងសុង ការបឺត ឬសេវាផ្សេងទៀតដែលតម្រូវឲ្យមានការបណ្តុះបណ្តាលពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ។ [Cal. Ed. Code Sec. 49423.5(d).] សេវាកម្មទាំងនេះ ត្រូវបានផ្តល់ជូនជាធម្មតាដោយគិលានុប្បដ្ឋាកប្រចាំសាលា ប៉ុន្តែក៏អាចផ្តល់ជូនដោយបុគ្គលិកសាលាផងដែរ ប្រសិនបើបំពេញតាមលក្ខខណ្ឌទាំងអស់ដូចខាងក្រោមនេះ៖
- បុគ្គលិកទទួលបានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងសេវាកម្ម។
- បុគ្គលិកត្រូវតែមានសមត្ថភាពក្នុងការធ្វើចលនាបេះដូងសួតជាមូលដ្ឋាន និងត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងធនធានវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ដែលមានផ្តល់ជូននៅក្នុងសហគមន៍។
- បុគ្គលិកត្រូវបានគ្រប់គ្រងដោយគិលានុប្បដ្ឋាកប្រចាំសាលា និងវេជ្ជបណ្ឌិត។
- សេវាកម្មនេះ ត្រូវបានកំណត់ដោយគិលានុប្បដ្ឋាកប្រចាំសាលា និងវេជ្ជបណ្ឌិត ដោយមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់សិស្ស ដូចខាងក្រោម៖
- ជាសកម្មភាពទម្លាប់របស់សិស្ស
- នាំមកនូវគ្រោះថ្នាក់បន្តិចបន្តួចជាយថាហេតុដល់សិស្ស
- អនុវត្តដោយមានលទ្ធផលអាចព្យាករណ៍ជាមុនបាន ដូចដែលបានកំណត់ដោយកម្មវិធី IEP របស់សិស្ស និង
- មិនតម្រូវឲ្យមានការវាយតម្លៃលើការថែទាំ ការបកស្រាយ ឬការធ្វើសេចក្តីសម្រេចចិត្តដោយបុគ្គលិកសាលា។ [Cal. Ed. Code Sec. 49423.5(a)(2)(A)-(D).]
ការគ្រប់គ្រងរបស់បុគ្គលិក អាចមានលក្ខណៈ “ភ្លាមៗ” (មានវត្តមានផ្ទាល់) “ដោយផ្ទាល់” (គិលានុប្បដ្ឋាក ឬគ្រូពេទ្យប្រចាំសាលា ស្ថិតនៅក្នុងអគារតែមួយ និងអាចមានផ្តល់ជូនសម្រាប់ការពិគ្រោះយោបល់ ឬជំនួយ) ឬ “ប្រយោល” (គិលានុប្បដ្ឋាក ឬគ្រូពេទ្យដែលមិនមានផ្តល់ជូនតាមរយៈមធ្យោបាយអេឡិចត្រូនិក ដើម្បីផ្តល់នូវការណែនាំ ការពិគ្រោះយោបល់ ឬការបញ្ជូនបន្តជាចាំបាច់ណាមួយ)។ [5 C.C.R. Sec. 3051.12(b)(1)(D).] ប្រសិនបើការផ្តល់ជូនសមស្របមានភាពចាំបាច់ចំពោះសេវាកម្មនេះ សូមប្រាកដថាត្រូវពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យរបស់សិស្ស និងផ្តល់សំណុំឯកសារដល់ក្រុមការងារកម្មវិធី IEP ប្រសិនបើចាំបាច់។
មណ្ឌលសិក្សាធិការ អាចទទូចស្នើសុំថាសេវាកម្ម តម្រូវឲ្យមាន “ការវាយតម្លៃលើការថែទាំ ការបកស្រាយ ឬការធ្វើការសម្រេចចិត្ត” ដែលមិនអាចផ្តល់ជូនដោយនរណាម្នាក់ផ្សេងក្រៅពីគិលានុប្បដ្ឋាកបានឡើយ។ ប្រសិនបើអ្នកមានក្តីកង្វល់ថាតើគិលានុប្បដ្ឋាក ឬបុគ្គលិកសាលារៀនផ្សេងទៀត មានភាពចាំបាច់កក្នុងការផ្តល់សេវាកម្មនេះដែរឬអត់ — ឬថាកូនរបស់អ្នកអាចចាំបាច់ត្រូវចូលរៀននៅសាលាផ្សេងទៀតដែលមានគិលានុប្បដ្ឋាកប្រចាំការ — ទាំងនេះគឺជាបញ្ហាដែលត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត និងក្រុមការងារកម្មវិធី IEP ។ ការកំណត់ថាតើសេវាកម្មនេះតម្រូវឲ្យមានការវាយតម្លៃលើការថែទាំ ការបកស្រាយ ឬការធ្វើសេចក្តីសម្រេចចិត្តដែរឬអត់នោះ ត្រូវតែបានធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់កូនអ្នក។ [Cal. Ed. Code Sec. 49423.5(a)(2).] ប្រសិនបើមានការមិនឯកភាពគ្នា អ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់បាន។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប / ការអនុវត្តតាមច្បាប់។
(14.21) តើមណ្ឌលសិក្សាធិការអាចតម្រូវខ្ញុំធ្វើការបង់ប្រាក់សម្រាប់សេវាថែទាំរបស់កូនខ្ញុំ ឬប្រើប្រាស់ Medi-Cal ដើម្បីឲ្យគាត់ចូលរៀននៅសាលាដែរឬទេ?
ទេ។ សេវាកម្មដែលកុមារត្រូវការដើម្បីចូលរៀននៅសាលា និងអត្ថប្រយោជន៍ពីការអប់រំរបស់ពួកគេ ប្រាកដជាមិនឲ្យឪពុកម្តាយចំណាយប្រាក់ឡើយ។ [20 U.S.C. Sec. 1401(29); 34 C.F.R. Sec. 104.33(c)(1).]
មណ្ឌលសិក្សាធិការ ត្រូវតែពិនិត្យមើលទីភ្នាក់ងារសារធារណៈក្រៅពីការអបរំផ្សេងទៀត ដូចជាកម្មវិធី Medi-Cal ជាដើម ដើម្បីទូទាត់សេវានានា មុនពេលប្រើប្រាស់ថវិកាផ្ទាល់របស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវតែផ្តល់ការយល់ព្រមរបស់អ្នកឲ្យមណ្ឌលសិក្សាធិការទទួលបានអត្ថប្រយោជន៍សាធារណៈ ការធានារ៉ាប់រង រួមទាំង Medi-Cal ផងដែរ។ អ្នកមិនចាំបាច់ត្រូវតែផ្តល់ការយល់ព្រមរបស់អ្នកនោះទេ។ ការបដិសេធរបស់អ្នកក្នុងការផ្តល់ការយល់ព្រមនេះ មិនបានដោះបន្ទុកមណ្ឌលសិក្សាធិការឲ្យរួចផុតពីការទទួលខុសត្រូវឡើយ ដើម្បីធានាថារាល់សេវាកម្មចាំបាច់ទាំងអស់ ត្រូវបានផ្តល់ជូនដោយឥតមានការចំណាយ។ [34 C.F.R. Secs. 300.154(a)(1) & (d)(2)(iv).] មណ្ឌលសិក្សាធិការអាចមិនតម្រូវឲ្យអ្នកទូទាត់ការចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួន ដូចជាប្រាក់ធានារ៉ាប់រងត្រូវបង់មុន ឬសហបង់ប្រាក់ (ប៉ុន្តែមណ្ឌលសិក្សាធិការ អាចទូទាត់ថ្លៃចំណាយទាំងនេះ)។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការមិនអាចតម្រូវឲ្យអ្នកចុះឈ្មោះសម្រាប់កម្មវិធី Medi-Cal ឬប្រើប្រាស់កម្មវិធី Medi-Cal របស់កូនអ្នកឡើយ ប្រសិនបើការប្រើប្រាស់នោះអាចនឹង៖
- កាត់បន្ថយការរ៉ាប់រងពេញមួយជីវិតដែលមានផ្តល់ជូន ឬអត្ថប្រយោជន៍ធានារ៉ាប់រងផ្សេងទៀតណាមួយ
- នាំឲ្យគ្រួសារធ្វើការទូទាត់សេវាកម្មដែលអាចរ៉ាប់រងដោយកម្មវិធី Medi-Cal ផ្សេងទៀត ឬដែលតម្រូវចាំបាច់សម្រាប់កុមារនៅក្រៅពេលវេលាដែលគាត់នៅសាលា
- បង្កើនបុព្វលាភរ៉ាប់រង ឬនាំទៅរកការផ្តាច់អត្តប្រយោជន៍នានា ឬ
- ប្រឈមនឹងការបាត់បង់ការទទួលបានសិទ្ធិរបស់គាត់សម្រាប់ “ការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមផ្ទះ និងសហគមន៍” ផ្អែលលើ “ការចំណាយពាក់ព័ន្ធនឹងសុខភាពសរុប”។
[34 C.F.R. Sec. 300.154(d)(2).] ទោះបីជាមណ្ឌលសិក្សាធិការស្នើសុំការយល់ព្រមរបស់អ្នកក្នុងការប្រើប្រាស់អត្ថប្រយោជន៍សាធារណៈ និងបំពេញតាមលក្ខខណ្ឌតម្រូវដែលមានចែងខាងលើក៏ដោយ អ្នកនៅតែអាចបដិសេធមិនផ្តល់ការយល់ព្រមរបស់អ្នកដដែល។
(14.22) តើមណ្ឌលសិក្សាធិការអាចទទូចស្នើសុំឲ្យខ្ញុំប្រើប្រាស់ការធានារ៉ាប់រងឯកជនរបស់គ្រួសារយើងដើម្បីទូទាត់សេវាថែទាំសុខភាពដែលកូនរបស់ខ្ញុំត្រូវការនៅអំឡុងបវេសនកាលដែរឬទេ?
មណ្ឌលសិក្សាធិការ អាចប្រើប្រាស់អត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពឯកជនសម្រាប់គោលបំណងនេះបាន លុះត្រាតែឪពុកម្តាយយល់ព្រម និងលុះត្រាតែមណ្ឌលសិក្សាធិការផ្តល់ដំណឹងដល់អ្នកថាការបដិសេធការយល់ព្រមរបស់អ្នក មិនមានន័យថាមណ្ឌលសិក្សាធិការទទួលបានការអនុគ្រោះឲ្យរួចផុតពីការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការផ្តល់សេវាកម្មទាំងអស់ដែលកូនរបស់អ្នកត្រូវការ និងដោយមិនឲ្យគ្រួសាររបស់អ្នកមានការចំណាយឡើយ។ [34 C.F.R. Sec. 300.154(e).]
(14.23) តើមណ្ឌលសិក្សាធិការត្រូវប្រាប់អ្វីខ្លះដល់អ្នក នៅពេលខ្លួនស្នើសុំការយល់ព្រមក្នុងការប្រើប្រាស់អត្ថប្រយោជន៍ Medi-Cal របស់អ្នក ឬការធានារ៉ាប់រងសុខភាពឯកជនដើម្បីទូទាត់សេវាកម្មពាក់ព័ន្ធនឹងការអប់រំពិសេស?
ការយល់ព្រមរបស់ឪពុកម្តាយ មានសុពលភាពទៅបានលុះត្រាតែអ្នកបានជ្រាបពេញលេញនូវរាល់ព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងសកម្មភាពដែលការយល់ព្រមនោះត្រូវបានស្នើឡើង និងជាភាសាកំណើតរបស់អ្នក ឬជាទម្រង់មធ្យោបាយទំនាក់ទំនងផ្សេងទៀត។ អ្នកត្រូវតែ “យល់ និងឯកភាព” ជាលាយលក្ខណ៍អក្សរ។ អ្នកគួរតែយល់ថាការផ្តល់ការយល់ព្រមនេះ គឺជាការស្ម័គ្រចិត្ត និងអាចបដិសេធបានគ្រប់ពេលទាំងអស់។ [34 C.F.R. Secs. 300.154(d)(2)(iv)(A), (e), & 300.9.]
សម្រាប់កុមារដែលមានការរ៉ាប់រងទាំងកម្មវិធី Medi-Cal និងការធានារ៉ាប់រងឯកជន ឪពុកម្តាយត្រូវតែបានជ្រាបថាការប្រើប្រាស់កម្មវិធី Medi-Cal របស់កូនអ្នក អាចនាំឲ្យកម្មវិធី Medi-Cal ផ្តួចផ្តើមទាមទារសំណងភាគីទីបីទៅលើការធានារ៉ាប់រងឯកជនរបស់កូនអ្នក។ នេះអាចកាត់បន្ថយការកំណត់ពេញមួយជីវិតលើការធានារ៉ាប់រងឯកជន ឬការកំណត់ពេញមួយជីវិតលើការរ៉ាប់រងសម្រាប់សេវាកម្ម ឬការព្យាបាលជាក់លាក់ណាមួយ។
(14.24) ប្រសិនបើខ្ញុំយល់ព្រមចំពោះមណ្ឌលសិក្សាធិការក្នុងការប្រើប្រាស់កម្មវិធី Medi-Cal ឬការធានារ៉ាប់រងឯកជនរបស់កូនខ្ញុំដើម្បីទូទាត់សេវាពាក់ព័ន្ធនឹងការអប់រំពិសេសណាមួយ តើខ្ញុំអាចបដិសេធការយល់ព្រមនេះបានដែរឬទេ?
សម្រាប់សេវាកម្មដែលមិនទាន់បាន ផ្តល់ជូន អ្នកអាចបដិសេធការយល់ព្រមបានគ្រប់ពេល។ ម្យ៉ាងទៀត ច្បាប់ចែងថារៀងរាល់ពេលដែលមណ្ឌលសិក្សាធិការព្យាយាមចូលទៅប្រើប្រាស់កម្មវិធី Medi-Cal ឬការធានារ៉ាប់រងឯកជនរបស់កូនអ្នកសម្រាប់គោលបំណងនេះ មណ្ឌលសិក្សាធិការត្រូវតែទទួលបានការយល់របស់អ្នក។ សម្រាប់សេវាកម្មដែលបានផ្តល់ជូនរួចហើយ អ្នកមិនអាចបដិសេធការយល់ព្រមរបស់អ្នកបានឡើយ។ [34 C.F.R. Secs. 300.154(d)(2)(iv)(A) & (e)(2).]
(14.25) ប្រសិនបើមានតែគិលានុប្បដ្ឋាករបស់មណ្ឌលសិក្សាធិការប្រចាំការនៅទីតាំងសាលារៀនណាមួយ តើកូនរបស់ខ្ញុំត្រូវបាននាំយកទៅកាន់សាលារៀននោះដែរឬទេ?
មណ្ឌលសិក្សាធិការ អាចព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនលើសេវាថែទាំសុខភាពរាងកាយពិសេសចំពោះសិស្ស ដោយផ្តោតការយកចិត្តទុកដាក់លើសិស្សនៅតាមទីតាំងសាលារៀនមួយចំនួនដែលសេវាកម្មថែទាំនេះមានផ្តល់ជូនរួចហើយ។ ហេតុដូច្នេះ ច្បាប់រដ្ឋចែងថា៖ "គោលបំណងនៃច្បាប់រដ្ឋធម្មនុញ្ញកំណត់ថាគ្មានខ្លឹមសារណាមួយនៅក្នុងផ្នែកនេះ នាំមកនូវការដាក់បញ្ចូល [សិស្សអប់រំពិសេស] នៅតាមទីតាំងសាលារៀននានា ក្រៅពីទីតាំងទាំងឡាយដែលពួកគេអាចចូលរៀន លើកលែងតែតម្រូវការសម្រាប់សេវាថែទាំសុខភាពរាងកាយពិសេសរបស់ពួកគេប៉ុណ្ណោះ។" [Cal. Ed. Code Sec. 49423.5(h).]
(14.26) តើមណ្ឌលសិក្សាធិការអាចយល់ព្រមផ្តល់ឲ្យកូនខ្ញុំនូវបុគ្គលិកណាម្នាក់ដែរឬទេ ដើម្បីអនុវត្តសេវាថែទាំសុខភាពតាមតម្រូវការនៅអំឡុងម៉ោងសិក្សានៅសាលាតែប៉ុណ្ណោះ ប៉ុន្តែមិនមែនសម្រាប់សកម្មភាពក្រោយការសិក្សានៅសាលា ឬនៅពេលពួកគេកំពុងត្រូវបានដឹកជញ្ជូននោះទេ?
ទេ។ សម្រាប់សិស្សដែលមានកម្មវិធី IEP និងអ្នកដែលមានផែនការ 504 ផ្នែក 504 ហាមឃាត់ការរើសអើងប្រឆាំងនឹងសិស្សដែលមានពិការភាព។ ការរារាំងសិស្សដែលមានពិការភាពពីការចូលរួមក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សា (ដូចជាសេវាពិគ្រោះយោបល់ សកម្មភាពអប់រំកាយនិងកម្សាន្ត ការដឹកជញ្ជូន ក្រុមអ្នកមានចំណាប់អារម្មណ៍ពិសេស ឬក្លឹបដែលឧបត្ថម្ភដោយសាលារៀន នៅអំឡុងពេល ឬក្រោយពេលសិក្សានៅសាលា) គឺជាទម្រង់នៃការរើសអើង។ [34 C.F.R. Sec. 104.37.] លើសពីនេះ ប្រសិនបើកម្មវិធី IEP របស់សិស្សបញ្ជាក់ពីសកម្មភាពណាមួយក្នុងចំណោមប្រភេទសកម្មភាពទាំងនេះ សេវាកម្មពាក់ព័ន្ធដែលចាំបាច់ក្នុងការជំរុញសិស្សនោះឲ្យចូលរួមដូចជាសេវាកម្មថែទាំជាដើម ត្រូវតែបានផ្តល់ជូនដើម្បីឲ្យស្របទៅតាមកម្មវិធី IEP។ [34 C.F.R. Sec. 300.107.]
(14.27) ប្រសិនបើបុគ្គលិកដែលផ្តល់សេវាថែទាំសុខភាពរបស់កូនខ្ញុំអវត្តមាន តើកូនរបស់ខ្ញុំចាំបាច់ត្រូវខកខានមិនបានចូលរៀននៅសាលារយៈពេលមួយថ្ងៃដែរឬទេ?
ទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមការងារ IEP របស់កូនខ្ញុំ ត្រូវតែដោះស្រាយបញ្ហាតម្រូវការ និងសេវាកម្មនេះ។ បុគ្គលិកដែលផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នក មានសារៈសំខាន់ណាស់ចំពោះលទ្ធភាពរបស់កូនអ្នកក្នុងការចូលរៀននៅសាលា និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំរបស់គាត់ដែលនៅសេសសល់។ នៅពេលបុគ្គលិកនោះអវត្តមាន កម្មវិធីរបស់កូនអ្នក អាចនឹងមិនមានលទ្ធភាពអនុវត្តបានឡើយ។ ហេតុដូច្នេះ អ្នកគប្បីទទូចសុំឲ្យបង្កើត និងរួមបញ្ចូលប្រព័ន្ធបម្រុងទុកប្រភេទណាមួយនៅក្នុងកម្មវិធី IEP របស់កូនអ្នក ឬផែនការផ្នែក 504 សម្រាប់ពេលវេលាណាដែលអ្នកផ្តល់សេវាអវត្តមាន។ យ៉ាងហោចណាស់ ផែនការបម្រុងនេះ គប្បីបញ្ជាក់អំពីកាតព្វកិច្ចរបស់អ្នកផ្តល់សេវាក្នុងការផ្តល់ដំណឹងទាន់ពេលវេលាដល់មណ្ឌលសិក្សាធិការអំពីអវត្តមានណាមួយ ដើម្បីឲ្យមណ្ឌលសិក្សាធិការអាចរៀបចំឲ្យមានអ្នកផ្តស់សេវាជំនួសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាអ្នកធ្លាប់ទទួលបានការបណ្តុះបណ្តាលពីមុនមក។
(14.28) កូនរបស់ខ្ញុំត្រូវការទទួលបានផលិតផលបម្លែងចេញមកពីកញ្ឆាសម្រាប់ហេតុផលវេជ្ជសាស្ត្រ។ តើគាត់អាចទទួលបានវានៅសាលារៀនដែរឬទេ??
យោងតាមសេចក្តីសម្រេចដោយការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings, OAH) ប្រសិនបើតម្រូវការសម្រាប់ឱសថផលិតពីកញ្ឆា ឬសារធាតុបម្លែងណាមួយ បំពេញតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលរបស់រដ្ឋកាលីហ្វ័រញ៉ា (California’s Compassionate Use Act) គាត់គួរតែទទួលបានការអនុញ្ញាតក្នុងការប្រើប្រាស់វានៅក្នុងបរិវេណសាលា និងនៅលើរថយន្តក្រុង។ ករណីពាក់ព័ន្ធនឹងកុមារអាយុប្រាំឆ្នាំម្នាក់ដែលមានជំងឺឆ្គួតជ្រូកធ្ងន់ធ្ងរ (Dravet Syndrome) ដែលគាត់ត្រូវការសារធាតុប្រេងតេត្រាដ្រូការណាប៊ីណូ (THC) សម្រាប់ជាឱសថជំងឺឆ្គួតជ្រូកសង្គ្រោះបន្ទាន់។ មណ្ឌលសិក្សាធិការ បានផ្តល់ឲ្យគាត់នូវកម្មវិធី IEP មួយសម្រាប់ការបង្រៀនតាមផ្ទះ ដោយបានទាមទារថាគាត់មិនអាចចូលរៀននៅសាលាបានទេ ដោយសារតែច្បាប់សហព័ន្ធ និងរដ្ឋបានហាមឃាត់ការយកតាមខ្លួន ឬប្រើប្រាស់សារធាតុនោះនៅក្នុងទីតាំងសាលារៀន ឬរថយន្តក្រុងសាលា។ ចៅក្រម ALJ បានបដិសេធទឡ្ហីកររបស់មណ្ឌលសិក្សាធិការ ដោយលើកឡើងថាការកំណត់នៃមជ្ឈដ្ឋាន LRE បានផ្តល់សិទ្ធិដល់កុមារនោះចូលរៀននៅសាលាជាមួយមិត្តរួមថ្នាក់របស់គាត់។ ចៅក្រម ALJ ក៏បានរកឃើញផងដែរថាមណ្ឌលសិក្សាធិការ បានភាន់ច្រឡំនៅក្នុងការយល់ឃើញរបស់ខ្លួនទៅលើច្បាប់ជាធរមាននេះ។
សេចក្តីសម្រេចនេះ បានពន្យល់ផងដែរថាច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលរបស់រដ្ឋកាលីហ្វ័រញ៉ា (California’s Compassionate Use Act) បានចែងយ៉ាងច្បាស់អំពីការអនុគ្រោះស្ថិតក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន។ កុមារម្នាក់មានសិទ្ធិទទួលបានការអនុគ្រោះនេះ ប្រសិនបើ៖
- មានជងឺធ្ងន់ធ្ងរ
- គ្រូពេទ្យបានកំណត់ថាការប្រើប្រាស់កញ្ឆា អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់កុមារនោះនៅក្នុងការព្យាបាលជំងឺរបស់ខ្លួន និង
- គ្រូពេទ្យបានណែនាំឲ្យមានការប្រើប្រាស់សម្រាប់គោលបំណងនេះ។ [Cal. Health & Saf. Code Sec. 11362.5(b)(1).]
កម្រិតនៃជំងឺដែលបានគ្របដណ្តប់ក្រោមច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាល ត្រូវបានកំណត់យ៉ាងទូលំទូលាយដូចជា “ជំងឺមហារីក ការធុំអាហារ អេដស៍ ការឈឺចាប់រ៉ាំរ៉ៃ សាច់ដុំរឹង ជំងឺគ្លោកូម រលាកសន្លាក់ ឈឺក្បាលប្រកាំង ឬជំងឺផ្សេងទៀតដែលកញ្ឆាជួយបំបាត់ការឈឺចាប់សម្រាប់ជំងឺទាំងអស់នេះ។” [Cal. Health & Saf. Code Sec. 11362.5(b)(1)(A).] លក្ខន្តិកនោះអនុគ្រោះយ៉ាងជាក់លាក់ចំពោះការប្រើប្រាស់កញ្ឆាជាឱសថសម្រាប់អ្នកជំងឺ និងការយកកញ្ឆាជាប់តាមខ្លួន និងអ្នកផ្តល់ការថែទាំបឋម មិនឲ្យមានជាប់ទោស ឧក្រិដ្ឋឡើយ ករណីដែលវាត្រូវបានចេញវេជ្ជបញ្ជាសម្រាប់គោលបំណងវេជ្ជសាស្ត្ររបស់អ្នកជំងឺតាមការណែនាំ និងការឯកភាពជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់របស់គ្រូពេទ្យ។ [Cal. Health & Saf. Code Sec. 11362.5(b)(1)(B) and 11362.5j(d).] អ្នកថែទាំបឋម ត្រូវបានកំណត់និយមន័យថាជា “បុគ្គលដែលទទួលបានការចាត់តាំងដោយអ្នកដែលបានទទួលខុសត្រូវយ៉ាងទាំងស្រុងចំពោះការស្នាក់នៅ សុខភាព ឬសុវត្ថិភាពនៃបុគ្គលនោះ។” [Cal. Health & Saf. Code Sec. 11362.5(e).]
ចៅក្រម ALJ បានសន្និដ្ឋានថាតម្រូវការរបស់កុមារសម្រាប់សារធាតុប្រេង THC បានបំពេញគ្រប់លក្ខខណ្ឌផ្នែកច្បាប់ ហើយគាត់ និងម្តាយរបស់គាត់ដែលជាអ្នកថែទាំបឋមរបស់គាត់ ត្រូវបានការពារដោយច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលនេះ។ លើសពីនេះ គិលានុប្បដ្ឋាកដែលអាចផ្តល់សារធាតុប្រេងកញ្ឆាក្រោមលក្ខខណ្ឌមានវេជ្ជបញ្ជា បានទទួលនូវការការពារ ដោយសារតែគាត់មានតួនាទីជាភ្នាក់ងាររបស់ម្តាយកុមារ។ ចៅក្រម ALJ បានទទួលស្គាល់ថាការប្រើប្រាស់ និងយកកញ្ឆាតាមខ្លួនក្រោមច្បាប់សហព័ន្ធ នៅតែបានកំណត់ថាជាចំណុចនៅក្នុងឧបសម្ព័ន្ធ I ក្រោមច្បាប់ស្តីពីការគ្រប់គ្រងសារធាតុញៀនសហរដ្ឋអាមេរិក (US Controlled Substance Act, CSA)។ ប៉ុន្តែ ចៅក្រមបានចែងនូវសេចក្តីបញ្ជាក់ និងវិធានការនានាជាច្រើនតាមរយៈក្រសួងយុត្តិធម៌ (Department of Justice, DOJ) ប្រធានាធិបតី និងរដ្ឋសភាពរួមគ្នាដោយបង្ហាញនូវឆន្ទៈច្បាស់លាស់មិនផ្តួចផ្តើមបង្កើតវិធានការផ្លូវច្បាប់ ឬការដាក់ទោសណាមួយឡើយ ប្រសិនបើការប្រើប្រាស់នេះគឺសម្រាប់គោលបំណងផ្នែកវេជ្ជសាស្ត្រ។
(14.29) បន្ថែមពីលើការបង្រៀន និងសេវាកម្មពាក់ព័ន្ធ តើមានសេវាអប់រំពិសេសផ្សេងទៀតអាចមានផ្តល់ជូនដល់កុមារដែលមានកម្មវិធី IEP ដោយសារតែជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយដែរឬទេ?
ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបាការអប់រំពិសេសក្រោមភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI) នោះក្រុមការងារកម្មវិធី IEP របស់គាត់ អាចផ្តល់ជូនសេវាកម្មពិសេសរួមមានជាអាទិ៍៖
- ការពិគ្រោះយោបល់សម្រាប់បុគ្គល
- ការបង្រៀនតាមផ្ទះ និងតាមមន្ទីរពេទ្យ
- វិធីសាស្ត្របង្រៀនផ្សេងទៀតដោយប្រើបច្ចេកវិទ្យាទំនាក់ទំនងទំនើប។
[5 C.C.R. Sec. 3051.17(a).]
ម្យ៉ាងទៀត សម្រាប់សិស្សដែលមានស្ថានភាពវេជ្ជសាស្ត្រស្ថិតក្នុងដំណាក់កាលមិនទាន់មានរោគសញ្ញា ឬស្ថិតក្នុងស្ថានភាពមិនមានការធ្វើទុក្ខ ពេលនោះក្រុមការងារកម្មវិធី IEP គប្បីត្រូវបញ្ជាក់អំពីភាពញឹកញាប់សម្រាប់ការត្រួតពិនិត្យតាមដានលើការវឌ្ឍភាពនៃការអប់រំរបស់កូនសិស្ស ដើម្បីធានាថាជំងឺនោះមិនប៉ះពាល់ដល់វឌ្ឍភាពនៃការអប់រំរបស់គាត់ទេ។ [5 C.C.R. Sec. 3051.17(b).]
នៅពេលសិស្សមានបញ្ហាសុខភាពស្រួចស្រាវដែលនាំមកនូវអវត្តមាននៅសាលាក្នុងរយៈពេលលើសពីប្រាំថ្ងៃជាប់ៗគ្នា នៅពេលមានការជូនដំណឹងពីគ្រូប្រចាំថ្នាក់ ឬឪពុកម្តាយ ពេលនោះនាយកសាលា ឬអ្នកចាត់តាំង ត្រូវធានាថាក្រុមការងារកម្មវិធី IEP ត្រូវរៀបចំកិច្ចប្រជុំដើម្បីកំណត់សេវាអប់រំនានាដែលសមស្រប។ [5 C.C.R. Sec. 3051.17(c).] ប្រសិនបើមានទម្រង់ណាមួយនៃជំងឺដែលកម្រជួបប្រទះ ក្រុមការងារកម្មវិធី IEP ត្រូវរៀបចំកិច្ចប្រជុំដើម្បីពិចារណាមធ្យោបាយជំនួសសម្រាប់សិស្សដើម្បីបង្ហាញពីសមត្ថភាពនៅក្នងវគ្គសិក្សាដែលតម្រូវឲ្យមាន ដើម្បីឲ្យចំនួនអវត្តមានដែលបង្គរច្រើនឡើងនេះមិនរារាំងដល់វឌ្ឍនភាពនៃការអប់រំ។ [5 C.C.R. Sec. 3051.17(d).]