បោះពុម្ពជំពូកទី 4 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/13/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/13/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 4៖ ព័ត៌មានស្តីពីដំណើរការ IEP
(4.1) តើកម្មវិធីអប់រំបុគ្គល (Individualized Education Program, IEP) ជាអ្វី ហើយតើខ្ញុំស្នើសុំកម្មវិធីមួយនេះសម្រាប់កូនខ្ញុំបានយ៉ាងដូចម្តេច?
កម្មវិធី IEP គឺជារបាយការណ៍ជាលាយក្ខណ៍អក្សរ ដែលរៀបរាប់អំពីកម្រិតសកម្មភាពសិក្សារបស់កូនអ្នក គោលដៅសិក្សា ការដាក់បញ្ចូលក្នុងការសិក្សានៅសាលា និងសេវាកម្មនានា។ [34 Code of Federal Regulations (C.F.R.) Sec. 300.320.] ដើម្បីទទួលបានកម្មវិធី IEP កូនរបស់អ្នកត្រូវតែទទួលបានការវាយតម្លៃជាមុនសិន។ ដើម្បីស្នើសុំការវាយតម្លៃ សូមសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធាន/អ្នកសម្របសម្រួលផ្នែកអប់រំពិសេសប្រចាំមណ្ឌលសិក្សាធិការ ជាមួយនឹងសេចក្តីចម្លងមួយច្បាប់សម្រាប់គ្រូបង្រៀន និងនាយកសាលារបស់កូនអ្នក។ ប្រាប់ពួកគេថាអ្នកមានការបារម្ភអំពីវឌ្ឍនភាពលើការអប់រំរបស់កូនអ្នក។ រៀបរាប់ថាអ្នកកំពុងធ្វើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃចំពោះសេវាកម្មអប់រំពិសេស។ អ្នកក៏អាចចង់ឲ្យមណ្ឌលសិក្សាធិការដឹងថាអ្នកកំពុងទន្ទឹងរង់ចាំទទួលផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ គិតចាប់ពីពេលដែលមណ្ឌលសិក្សាធិការទទួលបានលិខិតរបស់អ្នក។ មើល គំរូលិខិត – សំណើសុំកិច្ចប្រជុំ IEP ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ H។
រក្សាទុកសេចក្តីចម្លងមួយច្បាប់នៃសំណើសុំនេះ និងលិខិតឆ្លើយឆ្លងមួយចំនួនផ្សេងទៀតជាមួយមណ្ឌលសិក្សាធិការនោះ។ ប្រសិនបើអ្នកទូរសព្ទ ឬនិយាយទៅកាន់បុគ្គលិកសាលាដើម្បីធ្វើការបញ្ជូនបន្ត នោះបុគ្គលិកមណ្ឌលសិក្សាធិការ ត្រូវតែជួយអ្នកដាក់សំណើសុំនោះជាលាយលក្ខណ៍អក្សរ។ ប្រសិនបើមណ្ឌលសិក្សាធិការបញ្ចូនកូនអ្នកសម្រាប់ការអប់រំពិសេស អ្នកនៅតែចាំបាច់ត្រូវតាមដានសំណើសុំជាលាយលក្ខណ៍អក្សរផ្ទាល់ខ្លួនរបស់អ្នកដដែល។ សំណើជាលក្ខណ៍អក្សររបស់អ្នកសម្រាប់ការបញ្ជូនបន្ត នឹងធានាបានថាការវាយតម្លៃ និងកាលវេលានៃកម្មវិធី IEP ត្រូវបានពិនិត្យតាមដាន។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code) Secs. 56029, 56302.1, 56321(a); 5 California Code of Regulations (C.C.R.) Sec. 3021(a).] នៅក្នុងលិខិតបញ្ជូនបន្តរបស់អ្នក អ្នកក៏គួរតែសំណូមពរសុំឲ្យកូនរបស់អ្នកទទួលបានការវាយតម្លៃផងដែរ ស្ថិតក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 (ហៅកាត់ថា “ផ្នែក 504”) ដើម្បីកំណត់ថាតើកូនរបស់អ្នកអាចមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់នោះដែរឬអត់។ ប្រសិនបើមានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការ អាចនឹងតម្រូវឲ្យផ្តល់នូវសេវាជំនួយ/សេវាកម្មសមស្របនានា រួមទាំងសេវាកម្មអប់រំពិសេសផងដែរ ដើម្បីអនុញ្ញាតឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីសាលារៀនដូចជាកុមារដែលគ្មានពិការភាពដែរ។ សេវាជំនួយ និង/ឬសេវាកម្មទាំងនេះ អាចនឹងមានសារៈសំខាន់ ប្រសិនបើកូនរបស់អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសនោះទេ ឬប្រសិនបើសេវាជំនួយ និង/ឬសេវាកម្មទាំងនោះមិនត្រូវបានផ្តល់ជូនក្រោមច្បាប់អប់រំពិសេស ដោយសារហេតុផលមួយចំនួន។ [OCR Memorandum, Letter to Veir, 19 IDELR 876 (April 29, 1993).] មើលជំពូក 1 ព័ត៌មានស្តីពីសិទ្ធិមូលដ្ឋាន និងការទទួលខុសត្រូវ និងជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន។
(4.2) តើកាលវេលាសម្រាប់ការរៀបចំកិច្ចប្រជុំ IEP ជាអ្វី?
ចាប់តាំងពីកាលបរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃមក ការវាយតម្លៃ(នានា) ត្រូវតែបំពេញឲ្យបានចប់រួចរាល់ ហើយកម្មវិធី IEP ត្រូវតែបង្កើតឡើងក្នុងរយៈពេល 60 ថ្ងៃប្រតិទិន លើកលែងតែអ្នកយល់ព្រមលើការពន្យារពេលជាលាយលក្ខណ៍អក្សរ។ ក្នុងការរាប់ចំនួនថ្ងៃ អ្នកមិនត្រូវរាប់ចំនួនថ្ងៃក្នុងចន្លោះម៉ោងសិក្សាធម្មតានៅសាលា ឬថ្ងៃឈប់សម្រាករបស់សាលា លើសពីថ្ងៃសិក្សាប្រាំថ្ងៃឡើយ។ ប្រសិនបើការបញ្ចូនបន្តសម្រាប់ការវាយតម្លៃ ត្រូវបានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាធម្មតា នោះកម្មវិធី IEP មួយត្រូវតែបង្កើតឡើងក្នុងរយៈពេល 30 ថ្ងៃ ក្រោយពេលចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56344 (a).]
(4.3) តើខ្ញុំស្នើសុំកិច្ចប្រជុំកម្មវិធី IEP យ៉ាងដូចម្តេច សម្រាប់កូនរបស់ខ្ញុំដែលកំពុងទទួលបានសេវាកម្មនានារួចហើយ នៅពេលដែលខ្ញុំមិនធ្វើការការស្នើសុំការវាយតម្លៃក្នុងពេលនោះទេ?
ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មនានារួចហើយ ក្រោមកម្មវិធី IEP មួយដែលមានស្រាប់ នោះអ្នកអាចស្នើសុំកិច្ចប្រជុំត្រួតពិនិត្យកម្មវិធី IEP នៅពេលអ្នកគិតថាកិច្ចប្រជុំមួយនោះត្រូវការចាំបាច់ ដើម្បីត្រួតពិនិត្យ និងផ្លាស់ប្តូរកម្មវិធីនេះ។ អ្នកគួរធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់គ្រូបង្រៀនកូនអ្នក នាយកសាលា ឬការិយាល័យរដ្ឋបាលផ្នែកអប់រំពិសេស។ អ្នកគួរស្នើសុំការត្រួតពិនិត្យកម្មវិធី IEP យ៉ាងជាក់លាក់នៅក្នុងសំណើសុំជាលាយលក្ខណ៍អក្សររបស់អ្នក។ [Cal. Ed. Code Secs. 56343(c) & 56343.5.] កិច្ចប្រជុំត្រួតពិនិត្យកម្មវិធី IEP ត្រូវបានរៀបចំឡើងក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានសំណើសុំជាលាយលក្ខណ៍អក្សររបស់អ្នក (ដោយមិនរាប់ចំនួនថ្ងៃក្នុងចន្លោះម៉ោងសិក្សាធម្មតានៅសាលា ឬពេលវេលាឈប់សម្រាកលើសពីថ្ងៃសិក្សាចំនួនប្រាំថ្ងៃនោះទេ។) [Cal. Ed. Code Sec. 56343.5.]
(4.4) តើកិច្ចប្រជុំកម្មវិធី IEP ត្រូវបានរៀបចំធ្វើឡើងប៉ុន្មានដង?
កិច្ចប្រជុំកម្មវិធី IEP ត្រូវរៀបចំឡើងយ៉ាងតិចម្តងក្នុងមួយឆ្នាំ។ ម្យ៉ាងទៀត កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើង នៅពេលសិស្សម្នាក់បានទទួលការវាយតម្លៃដំណាក់កាលដំបូង នៅពេលគាត់បង្ហាញឲ្យឃើញពីកង្វះវឌ្ឍនភាពដែលបានរំពឹងទុក នៅពេលមណ្ឌលសិក្សាធិការកំពុងស្នើសុំបដិសេធសិទ្ធិទទួលបានការអប់រំពិសេស ឬនៅពេលដែលឪពុកម្តាយ ឬគ្រូបង្រៀនស្នើសុំកិច្ចប្រជុំមួយឡើងដើម្បីអភិវឌ្ឈ ត្រួតពិនិត្យ ឬកែសម្រួលកម្មវិធីអប់រំបុគ្គលរបស់សិស្សណាមួយ។ កិច្ចប្រជុំកម្មវិធី IEP ក៏អាចត្រូវបានរៀបចំឡើង រៀងរាល់ពេលដែលសិស្សណាម្នាក់ទទួលបានការវាយតម្លៃផ្លូវការថ្មី។ [Cal. Ed. Code Sec. 56343.] អ្នកគួរតែស្នើសុំកិច្ចប្រជុំក្រុមការងារកម្មវិធី IEP បន្ទាប់ពីការវាយតម្លៃផ្លូវការថ្មីណាមួយជាលាយលក្ខណ៍អក្សរនៅក្នុងសំណើសុំការវាយតម្លៃរបស់អ្នក ឬក្រោយពេលការវាយតម្លៃថ្មីនីមួយៗ ដើម្បីធានាថាកិច្ចប្រជុំកម្មវិធី IEP ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការវាយតម្លៃថ្មីនេះ។ ទាំងច្បាប់រដ្ឋនិងសហព័ន្ធ គ្មានច្បាប់ណាមួយកំណត់ពីចំនួននៃកិច្ចប្រជុំកម្មវិធី IEP ដែលអ្នកអាចនឹងស្នើសុំក្នុងមួយឆ្នាំនោះទេ។
(4.5) តើខ្ញុំអាចទទួលបានសេចក្តីចម្លងនៃការវាយតម្លៃបានឬទេ នៅមុនកិច្ចប្រជុំកម្មវិធី IEP?
បាទ/ចាស។ មណ្ឌលសិក្សាធិការ បានកំណត់ដោយច្បាប់សហព័ន្ធនិងរដ្ឋនៅក្នុងការផ្តល់សេចក្តីចម្លងនៃរបាយការណ៍រង្វាយតម្លៃ និងកំណត់ត្រាអប់រំផ្សេងទៀត នៅមុនកិច្ចប្រជុំកម្មវិធី IEP ។ [20 U.S.C. Sec. 1415(b)(1); 34 C.F.R. Sec. 300.501; Cal. Ed. Code Sec. 56504.] អ្នកគួរស្នើសុំជាលាយលក្ខណ៍អក្សរឲ្យមានការបញ្ចូនរាល់កំណត់ត្រាទាំងអស់ទៅឲ្យអ្នកក្នុងរយៈពេលមួយសមស្រប នៅពេលកិច្ចប្រជុំកម្មវិធី IEP។ មិនមានកាលវេលាជាក់លាក់នៅក្នុងច្បាប់សហព័ន្ធនិងរដ្ឋនោះទេ ដើម្បីបញ្ជាក់ប្រាប់ដល់មណ្ឌលសិក្សាធិការថា តើមានពេលវេលាប៉ុន្មានថ្ងៃ នៅមុនកិច្ចប្រជុំកម្មវិធី IEP ដែលពួកគេត្រូវផ្តល់របាយការណ៍វាយតម្លៃទៅដល់ឪពុកម្តាយ។ ទោះយ៉ាងណាក៏ដោយ ច្បាប់រដ្ឋកាលីហ្វ័រញ៉ា កំណត់ថាឪពុកម្តាយត្រូវទទួលបានការអនុញ្ញាតឲ្យទទួលយក និងពិនិត្យមើលរាល់សេចក្តីចម្លងទាំងអស់នៃកំណត់ត្រាសាលា ក្នុងរយៈពេលថ្ងៃធ្វើការប្រាំថ្ងៃ គិតចាប់ពីថ្ងៃដែលសំណើនោះត្រូវបានធ្វើឡើងដោយឪពុកម្តាយជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់។ [Cal. Ed. Code Sec. 56504.]
(4.6) តើខ្ញុំនឹងទទួលបានការជូនដំណឹងអំពីកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?
មណ្ឌលសិក្សាធិការ ត្រូវតែចាត់វិធានការដើម្បីធានាថាឪពុកឬម្តាយ ឬទាំងឪពុកនិងទាំងម្តាយរបស់សិស្ស ចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ឬទទួលបានឱកាសក្នុងការចូលរួម។ វត្តមាន និងការចួលរួមរបស់អ្នក គឺជាគោលការណ៍ដ៏សំខាន់បំផុតនៃកិច្ចដំណើរការអប់រំពិសេស។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែជូនដំណឹងដល់អ្នកឲ្យបានជ្រាបអំពីកិច្ចប្រជុំកម្មវិធី IEP ឲ្យបានទាន់ពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថាអ្នកមានឱកាសក្នុងការចូលរួម។ កិច្ចប្រជុំនេះ ត្រូវតែកំណត់ទៅតាមការព្រមព្រៀងគ្នាលើពេលវេលា និងទីកន្លែង។ ម្យ៉ាងទៀត សម្រាប់ជាផ្នែកមួយនៃកិច្ចដំណើរការជូនដំណឹងនេះ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ព័ត៌មាននេះ៖ គោលបំណង ពេលវេលា និងទីកន្លែងនៃកិច្ចប្រជុំ និងអ្នកដែលនឹងចូលរួមកិច្ចប្រជុំនេះ។ មណ្ឌលសិក្សាធិការ ក៏ត្រូវតែផ្តល់ដំណឹងឲ្យអ្នកជ្រាបអំពីលទ្ធភាពរបស់អ្នកក្នុងការអញ្ជើញអ្នកដទៃទៀតដែលមានចំណេះដឹង ឬជំនាញពិសេសពាក់ព័ន្ធនឹងកូនរបស់អ្នក ដែលអាចរួមមានអ្នកឯកផ្នែកគ្លីនិកសុខភាពផ្លូវចិត្ត ឬអ្នកផ្តល់សេវាផ្ទេរការសិក្សាជាដើម។ [34 C.F.R. Secs. 300.321(a)(6) & 300.322; Cal. Ed. Code Sec. 56341.5.]
(4.7) ប្រសិនបើខ្ញុំមិនអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP ដោយផ្ទាល់នោះទេ តើមណ្ឌលសិក្សាធិការអាចរៀបចំកិច្ចប្រជុំតាមទូរសព្ទបានដែរឬទេ?
ការចូលរួមរបស់ឪពុកម្តាយនៅក្នុងការអភិវឌ្ឍកម្មវិធី IEP គឺជាគោលការណ៍ដ៏សំខាន់បំផុតមួយនៃច្បាប់អប់រំពិសេស។ ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីធានាឲ្យឪពុកម្តាយបានចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP មណ្ឌលសិក្សាអាចរៀបចំកិច្ចប្រជុំតាមទូរសព្ទ ឬតាមរយៈកម្មវិធីជំនួបតាមវីដេអូ ដរាបណាឪពុកម្តាយយល់ស្រប។
ថ្វីត្បិតតែមណ្ឌលសិក្សាធិការអាចស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំកម្មវិធី IEP ដោយប្រើមធ្យោបាយផ្សេងជំនួសក៏ពិតមែន ប៉ុន្តែនេះគួរតែធ្វើឡើងតែនៅពេលណាដែលការផ្លាស់ប្តូរនៅក្នុងកម្មវិធី IEP មានកម្រិតតិចតួចតែប៉ុណ្ណោះ។ ឪពុកម្តាយមិនចាំបាច់ត្រូវយល់ស្របលើមធ្យោបាយជំនួសទាំងនេះទេ ហើយអាចកំណត់ពេលកិច្ចប្រជុំកម្មវិធី IEP តាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នា។
មុនពេលមណ្ឌលសិក្សាធិការរៀបចំកិច្ចប្រជុំ ដោយគ្មានការចូលរួមរបស់ឪពុកម្តាយ មណ្ឌលសិក្សាធិការនោះត្រូវចងក្រងឯកសារនូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងការរៀបចំពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នានៅក្នុងការជួបប្រជុំ ដោយមានរក្សាទុកនូវ៖
- កំណត់ត្រាលម្អិត ឬការហៅទូរសព្ទទាំងអស់ដែលបានធ្វើឡើងទៅកាន់ឪពុកម្តាយ និងលទ្ធផលនៃការហៅទូរសព្ទទាំងនោះ។
- សេចក្តីចម្លងនៃលិខិតឆ្លើយឆ្លងដែលបានផ្ញើទៅកាន់លំនៅដ្ឋាន និងការឆ្លើយតបមួយចំនួនដែលទទួលបាន។ និង
- កំណត់ត្រាលម្អិតនៃការចុះសួរសុខទុក្ខដល់ផ្ទះ ឬទីកន្លែងការងាររបស់ឪពុកម្តាយ និងលទ្ធផលនៃការចុះសួរសុខទុក្ខទាំងនោះ។ [34 C.F.R. Secs. 300.322 & 300.328; Cal. Ed. Code Sec. 56341.5.]
(4.8) ក្រោយពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់កូនខ្ញុំ តើកិច្ចប្រជុំកម្មវិធី IEP ត្រូវតែបានរៀបចំឡើងដើម្បីផ្លាស់ប្តូរកម្មវិធី IEP ដែរឬទេ?
បាទ/ចាស។ ប៉ុន្តែ ឪពុកម្តាយនិងមណ្ឌលសិក្សាធិការ អាចយល់ព្រមមិនរៀបចំកិច្ចប្រជុំ IEP ណាមួយដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី IEP ហើយអាចជំនួសមកវិញនូវការបង្កើតសំណុំឯកសារជាលាយលក្ខណ៍អក្សរដើម្បីកែសម្រួល ឬកែតម្រូវកម្មវិធី IEP របស់សិស្សណាម្នាក់។ ឪពុកម្តាយ និងមណ្ឌលសិក្សាធិការ ភាគីទាំងពីរត្រូវតែយល់ព្រមធ្វើការផ្លាស់ប្តូរនៅក្នុងកម្មវិធី IEP តាមបែបនេះ។ ប្រសិនបើឪពុកម្តាយមិនយល់ព្រមទេ មណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំមួយឡើងដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី IEP។ ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមរយៈឯកសារជាលាយលក្ខណ៍អក្សរ នោះមណ្ឌលសិក្សាធិការត្រូវតែធានាថាក្រុមការងារកម្មវិធី IEP ទទួលបានដំណឹងអំពីការផ្លាស់ប្តូរចំពោះកម្មវិធី IEP នេះ ហើយត្រូវតែផ្តល់សេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP ដែលបានកែប្រែនេះជូនដល់ឪពុកម្តាយ ទៅតាមការស្នើសុំ។ [34 C.F.R. Secs. 300.324(a)(4) and (6); Cal. Ed. Code Sec. 56380.1.]
(4.9) តើនរណាត្រូវបានកំណត់ឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នេះ ហើយតើសមាជិកក្រុមការងារនោះត្រូវចូលរួមចំណែកអ្វីខ្លះនៅក្នុងកិច្ចប្រជុំនោះ?
ក្រុមការងារនេះ ត្រូវរួមបញ្ចូលនូវបុគ្គលមួយចំនួនដូចខាងក្រោម៖
- ឪពុកឬម្តាយ ឬទាំងឪពុកនិងម្តាយរបស់កុមារ អ្នកតំណាងដែលបានជ្រើសរើសដោយឪពុកឬម្តាយ ឬទាំងពីរនាក់។
- គ្រូផ្នែកអប់រំទូទៅយ៉ាងតិចម្នាក់ ប្រសិនបើកុមារស្ថិតនៅក្នុង ឬអាចស្ថិតនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅណាមួយ។ ប្រសិនបើកុមារមានគ្រូផ្នែកអប់រំទូទៅលើសពីម្នាក់ សាលារៀនអាចជ្រើសរើសគ្រូណាម្នាក់មកចូលរួម។
- យ៉ាងហោចណាស់គ្រូផ្នែកអប់រំពិសេស ឬអ្នកផ្តល់សេវាកម្មម្នាក់។
- អ្នកតំណាងមណ្ឌលសិក្សាធិការម្នាក់ដែល៖ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ ឬគ្រប់គ្រងលើការផ្តល់ការបង្រៀនពិសេស មានចំណេះដឹងលើកម្មវិធីសិក្សាទូទៅ និងមានចំណេះដឹងអំពីធនធានរបស់មណ្ឌលសិក្សាធិការ។ សមាជិកមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានស្រាប់នៅក្នុងក្រុមការងារកម្មវិធី IEP អាចបំពេញតួនាទីនេះបាន។
- បុគ្គលដែលបានចុះធ្វើការវាយតម្លៃលើសិស្ស ឬនរណាម្នាក់ដែលមានចំណេះដឹងអំពីនីតិវិធីដែលបានប្រើប្រាស់ និងលទ្ធផល និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ពីការអនុវត្តលទ្ធផលនៃការបង្រៀននេះ។ សមាជិកក្រុមការងារកម្មវិធី IEP អាចនឹងបំពេញតួនាទីនេះ។
- អ្នកផ្សេងទៀតដែលមានជំនាញ និងចំណេះដឹងជាក់លាក់ទៅលើសិស្ស ទៅតាមការស្នើសុំរបស់ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការ។ ភាគីដែលបានអញ្ជើញនរណាម្នាក់មកកាន់កិច្ចប្រជុំ ត្រូវសម្រេចចិត្តថាតើអ្នកដែលទទួលបានការបញ្ជើញបន្ថែមនោះ មានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដែរឬអត់។
- សិស្ស ប្រសិនបើសមស្រប។ [Cal. Ed. Code Secs. 56341(b) & (e).]
សម្រាប់សិស្សដែលមានពិការភាព យ៉ាងហោចណាស់សមាជិកម្នាក់នៃក្រុមការងារនេះ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃទៅលើសិស្សដែលមានពិការភាពផ្នែកសិក្សា។ នេះអាចរួមបញ្ចូលនូវអ្នកចិត្តសាស្ត្រប្រចាំសាលា អ្នកជំនាញព្យាបាលផ្នែកពាក្យសម្តី-ភាសា ឬគ្រូបង្រៀនអំណានបំប៉នបន្ថែម។ យ៉ាងហោចណាស់សមាជិកម្នាក់របស់ក្រុមការងារ ក្រៅពីគ្រូរបស់កុមារ ត្រូវតែសង្កេតមើលសកម្មភាពសិក្សារបស់កុមារនៅក្នុងថ្នាក់អប់រំទូទៅ លើកលែងតែកុមារមានអាយុចូលរៀនថ្នាក់មត្តេយ្យ។ ក្នុងករណីនេះ សមាជិកក្រុមការងារ ត្រូវតែបានសង្កេតកុមារនោះនៅក្នុងមជ្ឈដ្ឋានសមស្របតាមវ័យរបស់កុមារនោះ។ [Cal. Ed. Code Sec. 56341(c).]
ប្រសិនបើសិស្សនោះមានវ័យផ្ទេរការសិក្សា (ពោលគឺ ចាប់ផ្តើមមានអាយុយ៉ាងតិច 16 ឆ្នាំ ឬតិចជាងនេះ ប្រសិនបើសមស្រប) នោះសាលារៀនត្រូវតែអញ្ជើញសិស្សនោះឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកម្មវិធីសម្រាប់ការផ្ទេរការសិក្សានោះ។ ប្រសិនបើកុមារនោះមិនចូលរួមទេ មណ្ឌលសិក្សាធិការត្រូវតែចាត់វិធានការដើម្បីធានាថាខ្លួននឹងទទួលបានការចូលរួមមតិរបស់សិស្សពាក់ព័ន្ធនឹងចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់គាត់។ សាលារៀន ក៏ត្រូវអញ្ជើញអ្នកតំណាងរបស់ទីភ្នាក់ងារណាមួយដែលអាចផ្តល់សេវា ឬទូទាត់សេវាផ្ទេរការសិក្សាណាមួយ។ [Cal. Ed. Code Sec. 56341(d).]
សិស្សម្នាក់ដែលបានដាក់បញ្ចូលរួចហើយដោយមណ្ឌលសិក្សាធិការទៅក្នុងសាលារៀនមិនមែនសាធារណៈ (មិនមែនសាលាសាសនា) (NPS) អាចចូលរួមកិច្ចប្រជុំកម្មវិធី IEP ជាមួយតែបុគ្គលិកដែលមានវត្តមានពីសាលា NPS តែប៉ុណ្ណោះ ប្រសិនបើមណ្ឌលសិក្សាធិការជ្រើសរើសមិនបញ្ជូននរណាម្នាក់មកកាន់កិច្ចប្រជុំ និងប្រគល់កិច្ចការការត្រួតពិនិត្យ និងការកែតម្រូវលើកម្មវិធី IEP ទៅដល់បុគ្គលិកសាលារៀនមិនមែនសាធារណៈ។ ប៉ុន្តែ ទោះបីជាសាលា NPS ធ្វើការត្រួតពិនិត្យ កែសម្រួល និងអនុវត្តកម្មវិធី IEP យ៉ាងណាក៏ដោយ ក៏មណ្ឌលសិក្សាធិការត្រូវបន្តទទួលខុសត្រូវចំពោះការអនុវត្តតាមច្បាប់អប់រំពាក់ព័ន្ធនឹងកម្មវិធីរបស់សិស្សនោះដែរ។ [34 C.F.R. Sec. 300.325; Cal. Ed. Code Sec. 56383.]
(4.10) តើគ្រប់សមាជិកទាំងអស់របស់ក្រុមការងារកម្មវិធី IEP តម្រូវឲ្យចូលរួមក្នុងកិច្ចប្រជុំ IEP ដែរឬទេ?
បាទ/ចាស។ ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធនិងរដ្ឋ អនុញ្ញាតឲ្យឪពុកម្តាយ និងមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរថាសមាជិកក្រុមការងារកម្មវិធី IEP មិនចំាបាច់ចូលរួមទេ ប្រសិនបើផ្នែកនៃកម្មវិធីសិក្សា ឬសេវាកម្មពាក់ព័ន្ធរបស់សមាជិកនោះ មិនត្រូវបានការកែប្រែ ឬយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ។ ម្យ៉ាងទៀត ប្រសិនបើផ្នែកនៃកម្មវិធីសិក្សា ឬសេវាកម្មពាក់ព័ន្ធរបស់សមាជិកនោះមានការកែប្រែ ឬយកមកពិភាក្សាក្នុងកិច្ចប្រជុំ នោះឪពុកម្តាយ និងមណ្ឌលសិក្សាធិការ អាចនឹងបន្តយល់ព្រមជាលាយលក្ខណ៍អក្សរ ក្រោយពេលមានការពិភាក្សាជាមួយសមាជិកនោះថាសមាជិកនោះ មិនចាំបាច់ចូលរួមនោះទេ។ ក្នុងករណីនេះ សមាជិកនោះត្រូវផ្តល់ការចូលរួមមតិជាលាយលក្ខណ៍អក្សរចំពោះការអភិវឌ្ឍកម្មវិធី IEP ទៅដល់ក្រុមការងារកម្មវិធី IEP នៅមុនពេលកិច្ចប្រជុំ។ ច្បាប់មិនមានបញ្ជាក់នោះទេថាតើមានរយៈពេលប៉ុន្មាននៅមុនកិច្ចប្រជុំដែលការចូលរួមមតិនោះត្រូវប្រគល់ជូន។ ប្រសិនបើឪពុកម្តាយ ឬមណ្ឌលសិក្សាធិការមិនយល់ស្របថាឲ្យសមាជិកក្រុមការងារណាម្នាក់អាចអវត្តមានពីការចូលរួមក្នុងកិច្ចប្រជុំនោះទេ ដូច្នេះ សមាជិកក្រុមការងារកម្មវិធី IEP ម្នាក់នោះ ត្រូវតែមានវត្តមាននៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ [34 C.F.R. Secs. 300.321(e)(1) and (2); Cal. Ed. Code Secs. 56341(f) & (g).]
(4.11) ប្រសិនបើសមាជិកក្រុមការងារកម្មវិធី IEP ដែលតម្រូវឲ្យមានវត្តមានម្នាក់នោះមិនអាចចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP របស់កូនខ្ញុំបាន តើខ្ញុំអាចធ្វើអ្វីបានខ្លះ?
ការសម្របសម្រួលកិច្ចប្រជុំកម្មវិធី IEP ពេលខ្លះ មិនមែនជាកិច្ចការងាយស្រួលនោះទេសម្រាប់បុគ្គលិកសាលារៀន។ ប៉ុន្តែ នោះមិនជះឥទ្ធិពលទៅលើការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារ IEP ជាមួយសមាជិកចាំបាច់ ដែលមានវត្តមាននោះទេ។ ជាការគួរឲ្យសោកស្តាយ ឪពុកម្តាយភាគច្រើន បានជួបប្រទះកិច្ចប្រជុំកម្មវិធី IEP ដែលក្រុមការងារកម្មវិធី IEP មិនអាចចូលរួមបាន ឬមិនអាចបន្តស្ថិតនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ពេលលេញនោះទេ។ សមត្ថភាពរបស់ក្រុមការងារកម្មវិធី IEP ក្នុងការបង្កើតកម្មវិធី IEP មួយសមស្រប អាចនឹងមានកម្រិតស្តង់ដាទាបខ្លាំង ប្រសិនបើសមាជិកក្រុមការងារកម្មវិធី IEP សំខាន់ៗនៅក្នុងការបង្កើតកម្មវិធី IEP អវត្តមាន។ លើសពីនេះទៀត ការបន្តកិច្ចដំណើរការកិច្ចប្រជុំរបស់អ្នក ដោយគ្មានក្រុមការងារកម្មវិធី IEP សំខាន់ៗ អាចប៉ះពាល់ដល់សុពលភាពនៃកម្មវិធី IEP របស់កូនអ្នក ជាពិសេស ប្រសិនបើអ្នក និងមណ្ឌលសិក្សាធិការមិនឯកភាពគ្នានៅក្នុងកិច្ចប្រជុំ ហើយសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ត្រូវបានស្នើឡើង។
ការសម្រេចចិត្តរបស់អ្នកទៅលើរបៀបនៃការគ្រប់គ្រងស្ថានភាពនេះ ត្រូវតែធ្វើឡើងផ្អែកលើមូលដ្ឋាននៃកិច្ចប្រជុំនីមួយៗ។ នេះគឺជាជម្រើសមួយចំនួនដែលអ្នកគួរតែពិចារណា៖
- ទាក់ទងទៅកាន់រដ្ឋបាលផ្នែកអប់រំពិសេសរបស់មណ្ឌលសិក្សាធិការអ្នកជាលាយលក្ខណ៍អក្សរ (ដោយមានការហៅទូរសព្ទបញ្ជាក់បន្ថែមផងដែរ) យ៉ាងហោចណាស់ក្នុងរយៈពេលមួយសប្តាហ៍នៅមុនពេលកិច្ចប្រជុំនោះ ដើម្បីអនុញ្ញាតឲ្យគាត់ដឹងថាអ្នកមានក្តីកង្វល់។ គូសបញ្ជាក់នៅក្នុងទំទាក់ទំនងរបស់អ្នកជាមួយមណ្ឌលសិក្សាធិការនោះថាអ្នកចង់ឲ្យប្រាកដថាការសម្រេចចិត្តសមស្រប អាចត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ហើយពេលវេលានឹងមិនចំណាយចោលឥតប្រយោជន៍សម្រាប់អ្នក ឬបុគ្គលិកសាលាឡើយ។
- ចូលរួម និងបន្តស្ថិតនៅក្នុងកិច្ចប្រជុំ IEP នេះ។ មិនយល់ព្រមចំពោះផ្នែកទាំងឡាយនៃកម្មវិធី IEP ដែលត្រូវការការចូលរួមមតិយោបល់របស់សមាជិកក្រុមការងារកម្មវិធី IEP ដែលបានអវត្តមាន។ បន្ទាប់មក រៀបចំកិច្ចប្រជុំសាឡើងវិញទៅតាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នាជាមួយនឹងសមាជិកក្រុមការងារកម្មវិធី IEP សំខាន់ៗ នៅក្នុងការចូលរួមដើម្បីបញ្ចប់ការអភិវឌ្ឍកម្មវិធី IEP ជាស្ថាពរ ឬ
- បដិសេធការចូលរួមនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ប្រសិនបើសមាជិកនៃក្រុមការងារកម្មវិធី IEP ដែលមានវត្តមាន គឺមានភាពចាំបាច់សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តយ៉ាងសមស្រប។ បន្ទាប់មក រៀបចំកាលវិភាគកិច្ចប្រជុំកម្មវិធី IEP សាជាថ្មី សម្រាប់ពេលវេលាណាមួយដែលគ្រប់សមាជិកក្រុមការងារសំខាន់ៗទាំងអស់ អាចចូលរួមបាន។ [34 C.F.R. Sec.300.322; Cal. Ed. Code Sec. 56341.5.]
(4.12) តើខ្ញុំអាចយកអ្នកតស៊ូមតិ ឬមេធាវីណាម្នាក់ទៅជាមួយនៅក្នុងកិច្ចប្រជុំកម្មវិធី IEP បានដែរឬទេ?
បាទ/ចាស។ តាមឆន្ទានុសិទ្ធិរបស់អ្នក អ្នកអាចនាំយកបុគ្គលមួយចំនួនទៅកាន់កិច្ចប្រជុំនោះបាន ដែលពួកគេមានចំណេះដឹង ឬជំនាញពិសេសពាក់ព័ន្ធនឹងកូនរបស់អ្នក — រួមទាំងអ្នកតស៊ូមតិ មិត្តភក្តិ អ្នកគ្រប់គ្រងករណីនៅមជ្ឈមណ្ឌលក្នុងតំបន់ (អ្នកសម្របសម្រួលសេវាកម្ម) ឬមេធាវីផងដែរ។ ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការដែលបានអញ្ជើញបុគ្គលនោះមកចូលរួមកិច្ចប្រជុំ ត្រូវកំណត់ថាតើបុគ្គលនោះមានចំណេះដឹង ឬជំនាញឯកទេសពិសេសដែរឬទេ។ [34 C.F.R. Secs. 300.321(a)(6) & (c); Cal. Ed. Code. Secs. 56341(b)(6) & 56341.1(f).]
ការសម្រេចចិត្តណាមួយដែលបានធ្វើឡើងពាក់ព័ន្ធនឹងកម្មវិធី IEP ត្រូវតែធ្វើឡើងជាមួយនឹងការយល់ព្រមរបស់ឪពុកម្តាយដែលបានជ្រាបព័ត៌មានពេញលេញ។ អ្នកតស៊ូមតិ ឬអ្នកគ្រប់គ្រងករណី អាចផ្តល់ជំនួយក្នុងកិច្ចដំណើរការនេះបាន ដោយមានការពន្យល់ពេញលេញទៅដល់អ្នកនូវវិធានការ ឬផលលំបាកនានាដែលត្រូវពិភាក្សា ឬពិចារណា។
(4.13) តើអ្នកតំណាងសហជីពគ្រូបង្រៀន ឬអង្គការណាមួយអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP បានដែរឬទេ?
ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការ មានឆន្ទានុសិទ្ធិក្នុងការអញ្ជើញបុគ្គលនានាដែលមានចំណេះដឹង និងជំនាញឯកទេសពិសេសពាក់ព័ន្ធនឹងសិស្សនោះ មកកាន់កិច្ចប្រជុំបាន។ ដោយសារតែអ្នកតំណាងសហជីពគ្រូបង្រៀន ជាទូទៅ អាចមានក្តីកង្វល់ចំពោះអត្ថប្រយោជន៍របស់គ្រូបង្រៀន ជាជាងអត្ថប្រយោជន៍សិស្ស ហើយអាចនឹងមិនមានចំណេះដឹង ឬជំនាញឯកទេសសំខាន់ៗពាក់ព័ន្ធនឹងសិស្ស ដូច្នេះអ្នកតំណាងទាំងនោះមិនសមស្របក្នុងការចូលរួមនោះទេ។ [34 C.F.R. Sec. 300.321(a)(6); Cal. Ed. Code Sec. 56341(b)(6).]
(4.14) . តើខ្ញុំអាចរួមចំណែកទៅដល់កិច្ចដំណើរការកម្មវិធី IEP បានយ៉ាងដូចម្តេច?
ឪពុកម្តាយត្រូវបានរំពឹងថានឹងធ្វើជាអ្នកចូលរួមដោយស្មើភាពជាមួយនឹងបុគ្គលិកសាលា នៅក្នុងការអភិវឌ្ឍ ត្រួតពិនិត្យ និងកែសម្រួលកម្មវិធី IEP របស់សិស្ស។ តាមពិត ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណាលើចំណុចខ្លាំងរបស់កូនអ្នក និងក្តីបារម្ភរបស់អ្នកសម្រាប់ការលើកកម្ពស់ការអប់រំរបស់គាត់។ [34 C.F.R. Secs. 300.324(a)(l)(i) & (ii); Cal. Ed. Code. Secs. 56341.1(a)(2) & (f).]
អ្នកអាចរួមចំណែកនៅក្នុងកិច្ចដំណើរការកម្មវិធី IEP ដោយយកទៅជាមួយនូវខ្លឹមសារសង្ខេបជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីតម្រូវការនានារបស់កូនអ្នក តាមការយល់ឃើញរបស់អ្នក ទៅកាន់កិច្ចប្រជុំកម្មវិធី IEP ។ មណ្ឌលសិក្សាធិការ ត្រូវតែរួមបញ្ចូលនូវការចូលរួមមតិយោបល់របស់អ្នកនៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ មណ្ឌលត្រូវតែភ្ជាប់មកជាមួយផងដែរនូវខ្លឹមសារសង្ខេបជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់កម្មវិធី IEP ប្រសិនបើអ្នកស្នើសុំ។ [34 C.F.R. Secs. 300.322, 300.324(a)(ii) & 300.501; Cal. Ed. Code 56304.] ខ្លឹមសារសង្ខេបនេះ គួររួមបញ្ចូលនូវផ្នែកទាំងនេះ៖
- ចំណុចខ្លាំង (ភាពរស់រាយ បើកចំហ សុទិដ្ឋិនិយម និយាយច្បាស់លាស់ ភាពច្នៃប្រឌិត ភាពសិទ្ធិស្នាល និងភាពឈឺឆ្អាល)។ ក្រុមការងារកម្មវិធី IEP ក៏ត្រូវតែពិចារណាផងដែរថា៖ ក្តីបារម្ភរបស់ឪពុកម្តាយសម្រាប់ការលើកម្ពស់ការអប់រំរបស់សិស្ស លទ្ធផលនៃការវាយតម្លៃដំណាក់កាលដំបូង និងថ្មីៗបំផុតទៅលើការសិក្សារបស់សិស្សនៅក្នុងការវាយតម្លៃមួយចំនួនទូទាំងមណ្ឌលសិក្សាធិការ ឬទូទាំងរដ្ឋ។ [34 C.F.R. Sec. 300.324(a); Cal. Ed. Code Sec. 56341.1(a).];
- ចំណុចខ្សោយ/ផ្នែកនៃបញ្ហា (គំនិតផ្ទាល់ខ្លួនអន់ខ្សោយ ភាពអន់ថយផ្នែកសិក្សា ការឈ្លោះប្រកែក គ្មានសណ្តាប់ធ្នាប់ ចំណាយពេលវែងលើសកម្រិតមធ្យមនៅក្នុងការបំពេញកិច្ចការដែលគ្រូដាក់ឲ្យធ្វើងាយបាក់ទឹកចិត្ត)។
- កម្រិតមុខងារ (ពិបាកក្នុងការអាន គណិតវិទ្យាឬអក្ខរាវិរុទ្ធ ភាពចុះខ្សោយនៃបំណិនផ្នែកឥន្ទ្រីយារម្មណ៍ ការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍បុគ្គល ត្រូវការលើកកម្ពស់ផ្នែកពាក្យសម្តីសម្រាប់សម្ភារៈដែលបានផ្តល់ជូន)។ និង
- អ្វីដែលកុមារត្រូវការសិក្សា (គំនិតផ្ទាល់ខ្លួនបែបវិជ្ជមានជាងមុន កម្រិតសមត្ថភាពតាមកម្រិតថ្នាក់នៅក្នុងផ្នែកសិក្សា បំណិនសង្គមសមស្របតាមអាយុ បំណិនជួយខ្លួនឯង ការបណ្តុះបណ្តាលការងារ ត្រូវការមានសណ្តាប់ធ្នាប់ជាងមុន ធ្វើកិច្ចការឲ្យបានឆាប់រហ័សជាងមុន)។
ទម្រង់គំរូជាលាយលក្ខណ៍អក្សរនេះ ជួយអ្នកឲ្យរៀបចំការគិតរបស់អ្នកឲ្យមានរបៀប។ ពេលនោះ អ្នកអាចជួយដល់បុគ្កលិកសាលានៅក្នុងការកំណត់ផ្នែកគោលដៅនានាសម្រាប់កូនរបស់អ្នក និងការពិពណ៌នាពេញលេញអំពីតម្រូវការអប់រំរបស់កូនអ្នកជាលាយលក្ខណ៍អក្សរ។ អ្នកក៏អាចចូលរួមចំណែក ដោយនាំយកអ្នកផ្សេងទៀតដែលស្គាល់កូនអ្នកដើម្បីមកជួយគាំទ្រអ្នក ដោយមានការសម្រេចចិត្តខ្ពស់នៅក្នុងកិច្ចប្រជុំកម្មវិធី IEP និងដោយការដឹងច្បាស់ពីសិទ្ធិរបស់អ្នកក្រោមច្បាប់នេះ។
(4.15) ប្រសិនបើខ្ញុំត្រូវការអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ឬសេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP ជាភាសាកំណើតរបស់ខ្ញុំ តើត្រូវផ្តល់អ្នកបកប្រែម្នាក់នោះដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាណាមួយ ឬភាសា ASL (ភាសាសញ្ញា) ដើម្បីចូលរួមនៅកិច្ចប្រជុំកម្មវិធី IEP អ្នកបកប្រែម្នាក់នោះត្រូវតែមានផ្តល់ជូន ដោយអ្នកមិនចំណាយប្រាក់ឡើយ ក្នុងនាមជាឪពុកម្តាយ។
[34 C.F.R. Sec. 300.322(e); Cal. Ed. Code Sec. 56341.5(i).] ទោះបីជាច្បាប់នេះមិនតម្រូវយ៉ាងជាក់លាក់ថាឲ្យមណ្ឌលសិក្សាធិការជួលអ្នកបកប្រែដែលមានការទទួលស្គាល់ណាម្នាក់ក៏ដោយ ប៉ុន្តែឪពុកម្តាយនោះមានសិទ្ធិក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ ហេតុដូច្នេះ ប្រសិនបើអ្នកបកប្រែនោះមិនមានជំនាញ ហើយប្រសិនបើអ្នកមិនអាចយល់ច្បាស់ថានឹងមានអ្វីកើតឡើងនៅក្នុងកិច្ចប្រជុំនោះទេ សូមកំណត់កាលវិភាគកិច្ចប្រជុំកម្មវិធី IEP សាជាថ្មីជាមួយអ្នកបកប្រែមានមានការទទួលស្គាល់ណាម្នាក់។ អ្នកក៏មានសិទ្ធិទទួលបានសេចក្តីចម្លងមួយច្បាប់របស់កម្មវិធី IEP ដោយឥតគិតថ្លៃជាភាសាកំណើតរបស់អ្នកផងដែរ។ [5 C.C.R. Sec. 3040(a).]
(4.16) តើគួរមានអ្វីកើតឡើងនោះក្នុងកិច្ចប្រជុំកម្មវិធី IEP របស់កូនខ្ញុំ?
អ្នក និងមណ្ឌលសិក្សាធិការ គួរអភិវឌ្ឍកម្មវិធី IEP របស់កូនអ្នកក្នុងនាមភាពជាដៃគូ។ កិច្ចប្រជុំកម្មវិធី IEP គួរតែគ្មានភាពចម្រូងចម្រាស់នោះទេ ដោយសារតែគោលបំណងរបស់ពួកគេ គឺការបង្កើតការសម្រេចចិត្តលើការអប់រំ សម្រាប់ជាប្រយោជន៍ដល់សិស្សដែលមានពិការភាព។ [Cal. Ed. Code Sec. 56341.1(h).] ទាំងអ្នក និងមណ្ឌលសិក្សាធិការ ត្រូវរួមគ្នាធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដែលត្រូវបង្កើតឡើងពាក់ព័ន្ធនឹងកម្មវិធីរបស់កូនអ្នក។ យកល្អ កិច្ចប្រជុំកម្មវិធី IEP នេះគួរតែអនុវត្តតាមកិច្ចដំណើរការនេះ៖
- ការពិភាក្សា និងការពិពណ៌នាអំពីកម្រិតមុខងារបច្ចុប្បន្នរបស់កូនអ្នក (រួមទាំងមុខងារក្នុងការសិក្សា និងក្រៅការសិក្សា និងមុខងារនៅក្នុងកម្មវិធីសិក្សាទូទៅផងដែរ)។
- ការបង្កើតគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន ដែលទាមទារឲ្យមានការប្រឹងប្រែងនៅក្នុងស្ថានភាពរបស់កូនអ្នក និងដែលបានមកពីមុខងារបច្ចុប្បន្នរបស់កូនអ្នក។ វត្ថុបំណងរយៈពេលខ្លី ឬចំណុចគោលដែលនាំទៅរកការសម្រេចបានគោលដៅប្រចាំឆ្នាំ មិនតម្រូវឲ្យមានតទៅទៀតទេ។ ទោះយ៉ាងណាក៏ដោយ វត្ថុបំណងរយៈពេលខ្លី ឬចំណុចគោលនានា គឺមានសារៈប្រយោជន៍សម្រាប់សិស្សគ្រប់រូប ហើយមណ្ឌលសិក្សាធិការ មិនត្រូវបានហាមឃាត់ពីការរួមបញ្ចូលពួកវាទៅក្នុងកម្មវិធី IEP នោះទេ)។
- ការពិភាក្សា និងការពិពណ៌នាអំពីសេវាគាំពារដែលកូនរបស់អ្នក និងបុគ្គលិកបង្រៀនតម្រូវឲ្យមាន (សេវាកម្មពាក់ព័ន្ធ ការបង្រៀននិងសេវាកម្មដែលបានកំណត់ ការគាំទ្រសម្រាប់បុគ្គលិកសាលា)។
- ការពិភាក្សា និងការពិពណ៌នាអំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ រួមមានការបង្រៀននៅក្នុងកម្មវិធីសិក្សាទូទៅ ជំនួយនិងសេវាកម្មបំពេញបន្ថែម ការកែសម្រួលកម្មវិធី និងសេវាកម្មនិងតម្រូវការផ្ទេរការសិក្សា។ និង
- ការពិភាក្សាអំពីការណែនាំលើការដាក់បញ្ចូលក្នុងការសិក្សា និងសេចក្តីលម្អិតសំខាន់ៗនៃការដាក់បញ្ចូកក្នងការសិក្សានោះ (ឧទាហរណ៍ ចំនួនសិស្សក្នុងថ្នាក់ ការរួមបញ្ចូល និងឱកាសនៃការបញ្ជ្រាប) ដែលបង្កើតបានជាកម្មវិធីអប់សមស្របសម្រាប់កូនអ្នក។ [34 C.F.R. Sec. 300.320; Cal. Ed. Code Sec. 56345.]
រាល់សមាជិកសំខាន់ៗទាំងអស់របស់ក្រុមការងារកម្មវិធី IEP គួរតែមានវត្តមាន និងចូលរួមទៅក្នុងកិច្ចប្រជុំក្រុមការងារនេះ។ សមាជិកក្រុមការងារកម្មវិធី IEP គួរកុំចុះហត្ថលេខាលើកម្មវិធី IEP មុនពេលមានកិច្ចពិភាក្សាពេញលេញទៅលើតម្រូវការអប់រំពិសេសរបស់កូនអ្នក និងសេវាកម្មចាំបាច់នានាដោយក្រុមការងារកម្មវិធី IEP។
ទោះបីជាគ្មាននីតិវិធីតាមផ្លូវច្បាប់សម្រាប់របៀបក្នុងការសម្រេចកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ក៏ពិតមែន ប៉ុន្តែក្រុមការងារកម្មវិធី IEP គួរធ្វើការងារឆ្ពោះទៅរកការឯកភាពគ្នាជារួម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើក្រុមការងារមិនអាចសម្រេចបាននូវការឯកភាពជារួមពាក់ព័ន្ធនឹងសេវាកម្ម និងការដាក់បញ្ចូលក្នុងការអប់រំនោះទេ មណ្ឌលសិក្សាធិការត្រូវមានការទទួលខុសត្រូវចុងក្រោយដើម្បីផ្តល់នូវអ្វីដែលខ្លួនជឿជាក់ថាជាកម្មវិធីដ៏សមស្របមួយ។ ការធ្វើការសម្រេចចិត្តលើកម្មវិធី IEP ដោយផ្អែកលើមតិភាគច្រើន គឺជាការមិនសមស្របនោះទេ។ ប្រសិនបើការឯកភាពជារួម មិនអាចសម្រេចបាន ហើយឪពុកម្តាយមិនឯកភាពជាមួយនឹងសំណើរបស់មណ្ឌលសិក្សាធិការនោះទេ នោះមណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ទៅឲ្យឪពុកម្តាយនូវ “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” អំពីសំណើនោះ ហើយឪពុកម្តាយអាចដាក់ពាក្យប្តឹងសម្រាប់សវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់បាន។ [34 C.F.R. Part 300.503; Cal. Ed. Code Sec.56500.4.]
(4.17) តើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន (PWN) ជាអ្វី?
មណ្ឌលសិក្សាធិការ តម្រូវឲ្យផ្តល់ជូនអ្នកនូវការជូនដំណឹង PWN “ក្នុងពេលវេលាមួយសមស្របមុនពេល” មណ្ឌលបដិសេធការផ្តួចផ្តើម ឬការផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការដាក់បញ្ចូលក្នុងការសិក្សា ឬការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE)។ ពាក្យថា “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់នេះ។ ការជូនដំណឹង ត្រូវមានបញ្ជាក់អំពីសេវាកម្ម ឬការដាក់បញ្ចូលទៅក្នុងការសិក្សាដែលបានបដិសេធដោយមណ្ឌលសិក្សាធិការ ការបកស្រាយពន្យល់សម្រាប់ការបិសេធ និងការពិពណ៌នាអំពីនីតិវិធីនៃការវាយតម្លៃនីមួយៗ រង្វាយតម្លៃ កំណត់ត្រា របាយការណ៍ដែលបានប្រើប្រាស់ដោយមណ្ឌលសិក្សាធិការដើម្បីធ្វើការសម្រេចចិត្តនេះ។ ការជូនដំណឹងនេះ ត្រូវតែផ្តល់ដំណឹងដល់អ្នកផងដែរអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាជំទាស់ទៅនឹងការសម្រេចចិត្តនោះ។ [34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.]
ប្រសិនបើអ្នកមិនទទួលបានការជូនដំណឹងសមស្រប មុនពេលកិច្ចប្រជុំកម្មវិធី IEP នោះទេ អ្នកអាចផ្តល់ទឡ្ហីករថាមណ្ឌលសិក្សាធិការ មិនត្រឹមតែបានបំពានលក្ខខណ្ឌតម្រូវលើការជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរនោះទេ តែថែមទាំងផ្តល់ទឡ្ហីករផងដែរថាការមិនផ្តល់ការជូនដំណឹងនោះ បានរារាំងអ្នកពីការចូលរួមពេញលេញនៅក្នុងកិច្ចប្រជុំកម្មវិធី IEP របស់កូនអ្នក។
(4.18) តើមានព័ត៌មានអ្វីខ្លះគួរត្រូវយកមកពីចារណានៅពេលកិច្ចប្រជុំកម្មវិធី IEP សិស្សពិការគ-ថ្លង់ ឬខ្សោយត្រចៀក?
បទប្បញ្ញត្តិសហព័ន្ធ តម្រូវឲ្យក្រុមការងារកម្មវិធី IEP ត្រូវធ្វើការពិចារណាលើកត្តាពិសេសនានា នៅពេលអភិវឌ្ឍកម្មវិធី IEP សម្រាប់សិស្សណាម្នាក់។ កត្តាមួយក្នុងចំណោមកត្តាទាំងនោះ គឺតម្រូវការផ្នែកទំនាក់ទំនងរបស់សិស្ស។ សម្រាប់សិស្សពិការគរ-ថ្លង់ ឬខ្សោយត្រចៀក ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណាលើតម្រូវការផ្នែកភាសា និងការប្រាស្រ័យទាក់ទងរបស់សិស្ស ឱកាសសម្រាប់ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយមិត្តរួមថ្នាក់ និងបុគ្គលិកជំនាញជាទម្រង់មធ្យោបាយផ្នែកភាសា និងទំនាក់ទំនងរបស់សិស្ស កម្រិតនៃការសិក្សា និងតម្រូវការជាច្រើនមានដូចជាឱកាសសម្រាប់ការបង្រៀនដោយផ្ទាល់ជាទម្រង់មធ្យោបាយផ្នែកភាសា និងទំនាក់ទំនងរបស់សិស្សនោះ។ [34 C.F. R. Sec. 300.324(a)(2)(iv); Cal. Ed. Code Sec. 56345(d).]
ម្យ៉ាងទៀត នៅក្នុងការកំណត់ថាអ្វីជាការអប់រំសមស្របនៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួចសម្រាប់សិស្សពិការគ-ថ្លង់ និងខ្សោយត្រចៀក ច្បាប់រដ្ឋតម្រូវឲ្យក្រុមការងារកម្មវិធី IEP ធ្វើការពិភាក្សាយ៉ាងជាក់លាក់អំពីតម្រូវការផ្នែកទំនាក់ទំនងរបស់សិស្ស រួមមាន៖
- ទម្រង់មធ្យោយទំនាក់ទំនងជាភាសាទីមួយរបស់សិស្ស (ឧ.ទា. ភាសានិយាយ ភាសាសញ្ញា ឬរួមគ្នាទាំងភាសានិយាយនិងភាសាសញ្ញា)។
- លទ្ធភាពអាចប្រើប្រាស់បាននៃភាសារបស់មិត្តរួមថ្នាក់ ដែលអាចសម្រេចជោគជ័យបានតាមរយៈការរួមបញ្ចូលសេវាកម្មនានាទៅក្នុងកម្មវិធីឲ្យបានច្រើនផ្នែក។
- ការចូលទៅប្រើប្រាស់ភាសាជាបន្តបន្ទាប់ជាមួយនឹងគ្រូ ឬអ្នកជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងទម្រង់មធ្យោបាយផ្នែកភាសារបស់សិស្ស។
- សេវាកម្មនានាដែលចាំបាច់ ដើម្បីធានានូវការណែនំាផ្នែកសិក្សា និងសកម្មភាពកម្មវិធីសិក្សាបន្ថែម ដែលអាចប្រើប្រាស់បានតាមសហគមន៍។ [Cal. Ed. Code Sec. 56345(d).]
មណ្ឌលសិក្សាធិការ ក៏ត្រូវទទួលខុសត្រូវផងដែរទៅលើការធានាថាឧបករណ៍ជំនួយត្រចៀកដែលបានពាក់នៅសាលារៀន និងឧបករណ៍វេជ្ជសាស្ត្រដែលបំពាក់ដោយការវះកាត់ (ការវះកាត់ដាក់ឧបករណ៍ជំនួយការស្តាប់) គឺ “បំពេញមុខងារយ៉ាងសមស្រប។” ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ មិនទទួលខុសត្រូវចំពោះការថែទាំឧបករណ៍ក្រោយការវះកាត់ ការបង្កើតកម្មវិធី ឬការផ្លាស់ប្តូរឧបករណ៍ទាំងនេះ (ឬសមាសធាតុផ្នែកខាងក្រៅនៃឧបករណ៍នេះ) ឡើយ។ [34 C.F.R. Sec. 300.113; Cal. Ed. Code Secs. 56345(d)(5)-(7).]
(4.19) តើត្រូវសរសេរជាលាយលក្ខណ៍អក្សរអ្វីខ្លះទៅក្នុងកម្មវិធី IEP?
កម្មវិធី IEP សម្រាប់សិស្សនីមួយៗ ត្រូវមាន៖
- កម្រិតបច្ចុប្បន្ននៃការអនុវត្តសកម្មភាពអប់រំ រួមមានលក្ខណៈដែលពិការភាពរបស់សិស្សប៉ះពាល់ដល់ការចូលរួម និងវឌ្ឍនភាពរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅ (សម្រាប់សិស្សថ្នាក់មត្តេយ្យ កម្រិតបច្ចុប្បន្ន ត្រូវតែរួមបញ្ចូលនូវលក្ខណៈដែលពិការភាពនោះប៉ះពាល់ដល់ការចូលរួមរបស់កុមារនៅក្នុងសកម្មភាពសមស្របនានា)។
- របាយការណ៍ស្តីពីគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បានពាក់ព័ន្ធនឹង៖
- ការបំពេញតម្រូវការអប់រំរបស់សិស្សនីមួយៗដែលបណ្តាលមកពីពិការភាព និង
- ការបំពេញតម្រូវការរបស់សិស្សដែលបណ្តាលមកពីពិការភាពរបស់គាត់ ដើម្បីជំរុញឲ្យគាត់មានការចូលរួម និងមានការលូតលាស់នៅក្នុងកម្មវិធីសិក្សាទូទៅ។
សម្រាប់សិស្សដែលធ្វើការវាយតម្លៃជំនួសស្របតាមស្តង់ដាលទ្ធផលសិក្សាជំនួស ការពិពណ៌នាអំពីចំណុចគោលដែលអាចវាស់ស្ទង់បាន ឬវត្ថុបំណងរយៈពេលខ្លី ត្រូវរួមបញ្ចូលផងដែរនូវ៖
- ការពិពណ៌នាអំពីរបៀបដែលវឌ្ឍនភាពរបស់សិស្សឆ្ពោះទៅរកការបំពេញគោលដៅប្រចំាឆ្នាំ នឹងត្រូវបានវាស់ស្ទង់ និងអំពីពេលវេលាដែលរបាយការណ៍វឌ្ឍភាពតាមដំណាក់កាល នឹងត្រូវបានផ្តល់ជូន (ដូចជាប្រចាំត្រីមាស ឬនៅពេលដែលតារាងរបាយការណ៍ត្រូវបានផ្តល់ជូនក្នុងពេលដំណាលគ្នានោះ)។
- របាយការណ៍ស្តីពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ (ឧទាហរណ៍ ការអប់រំកាយ ការអប់រំវិជ្ជាជីវៈ ឆ្នាំសិក្សាបន្ថែម ការបង្រៀននៅក្នុងផ្នែកសិក្សា និងផ្នែកឥន្ទ្រីយារម្មណ៍ លក្ខណៈសម្បត្តិរបស់គ្រូបង្រៀន ចំនួនសិស្សក្នុងថ្នាក់) និងជំនួយ និងសេវាកម្មបំពេញបន្ថែម។ (សម្ភារៈឧបទេសបង្រៀន ឧករណ៍កត់ត្រា ការប្រើប្រាស់បន្ទប់ធនធានពេលវេលាបន្ថែមពេលធ្វើតេស្ត ។ល។) ដែលត្រូវផ្តល់ជូន។ ការអប់រំពិសេស និងសេវាកម្មនានា ត្រូវផ្អែកលើការសិក្សាដែលបានត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវក្នុងកម្រិតមួយដែលអាចអនុវត្តបាន។ កម្មវិធី IEP ក៏ត្រូវតែមានផងដែរនូវការរបាយការណ៍ស្តីពីការកែប្រែកម្មវិធី ឬការគាំទ្រសម្រាប់បុគ្គលិកសាលា ដែលនឹងត្រូវផ្តល់ជូនដើម្បីអនុញ្ញាតឲ្យសិស្ស៖ (i) រីកចម្រើនយ៉ាងសមស្របឆ្ពោះទៅរកការសម្រេចគោលដៅប្រចំាឆ្នាំ។ (ii) ចូលរួម និងរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ និងចូលរួមទៅក្នុងកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាផ្សេងទៀត និង (iii) ទទួលបានការអប់រំ និងចូលរួមជាមួយសិស្សផ្សេងទៀតដែលមានពិការភាព និងសិស្សដែលគ្មានពិការភាព (ឧទាហរណ៍ ការកែសម្រួលចំពោះកម្មវិធីសិក្សាតាមថ្នាក់រៀនធម្មតា ការប្រើប្រាស់ឧបករណ៍ជំនួយដោយកុំព្យូទ័រ ការបណ្តុះបណ្តាលការអប់រំពិសេសសម្រាប់គ្រូបង្រៀនធម្មតា។ល។)
- ការពន្យល់បន្ថែម (ប្រសិនបើមាន) ក្នុងកម្រិតមួយដែលសិស្សនោះនឹងមិនចូលរួមជាមួយសិស្សដែលគ្មានពិការភាពក្នុងថ្នាក់អប់រំធម្មតា ឬក្នុងកម្មវិធីសិក្សាបន្ថែម ឬសកម្មភាពក្រៅការសិក្សាផ្សេងទៀត។
- កាលបរិច្ឆេទដែលបានព្យាករណ៍ទុកសម្រាប់ពេលដែលសេវាកម្ម និងការកែសម្រួលនានា នឹងត្រូវច្បាប់ផ្តើម និងថេរវេលា ភាពញឹកញាប់ និងទីតាំង (ឧទាហរណ៍ ការព្យាបាលមុខងារវិជ្ជាជីវៈពីរដងក្នុងមួយសប្តាហ៍ ក្នុងម៉ោងសិក្សាដែលមានរយៈពេល 45 នាទី នៅក្នុងបន្ទប់នៅក្រៅថ្នាក់រៀន)។
- របាយការណ៍នៃការកែប្រែលក្ខណៈបុគ្គលណាមួយ ឬការកែសម្រួលនៅក្នុងការគ្រប់គ្រងការវាយតម្លៃទូទាំងរដ្ឋ ឬទូទាំងមណ្ឌលសិក្សាធិការ ទៅលើលទ្ធផលសិក្សារបស់សិស្ស ដែលត្រូវការជាចាំបាច់ដើម្បីឲ្យសិស្សចូលរួមនៅក្នុងការវាយតម្លៃ រួមទាំងមូលហេតុដែលគាត់មិនអាចចូលរួមបានក្នុងការវាយតម្លៃធម្មតា និងមូលហេតុដែលការវាយតម្លៃជំនួសដែលបានជ្រើសរើសនេះ មានភាពសមស្រប។
- ការពិពណ៌នាអំពីប្រភេទនៃការដាក់បញ្ចូលក្នុងការសិក្សាដែលចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP នៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួចដោយមានជំនួយ និងការសម្របសម្រួលផ្សេងទៀត ប្រសិនបើចាំបាច់ (មណ្ឌលសិក្សាធិការត្រូវតែធានាថា “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយ” មានផ្តល់ជូន រួមទាំងការបង្រៀននៅក្នុងថ្នាក់ធម្មតា ថ្នាក់រៀនពិសេស សាលារៀនមិនមែនសាធារណៈ សាលារៀនពិសេសរបស់រដ្ឋ ទីកន្លែងស្នាក់នៅថែទាំ ការបង្រៀនតាមផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យនិងស្ថាប័ននានា)។
- ការពិពណ៌នាអំពីសកម្មភាពដែលចាំបាច់ត្រូវរួមបញ្ចូលសិស្សទៅក្នុងថ្នាក់អប់រំធម្មតា ប្រសិនបើសិស្សកំពុងផ្ទេរពីថ្នាក់រៀនពិសេស ឬមជ្ឈមណ្ឌល ឬសាលារៀនមិនមែនសាធារណៈ សម្រាប់ផ្នែកណាមួយនៃថ្ងៃសិក្សានៅសាលា និងការគាំទ្រចាំបាច់សម្រាប់ការផ្ទេរការសិក្សានោះ។ ការពិពណ៌នានេះ ត្រូវបង្ហាញនូវលក្ខណៈសកម្មភាព និងពេលវេលាចំណាយទៅលើសកម្មភាពនោះរៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍។
- នៅក្នុងកម្មវិធី IEP ដំបូង បន្ទាប់ពីសិស្សមានអាយុ 16 ឆ្នាំ (បើមិនបានមុននេះទេ) កម្មវិធី IEP ត្រូវតែបញ្ជាក់អំពីគោលដៅសមស្របដែលអាចវាស់ស្ទង់បានសម្រាប់ជីវិតរស់នៅរបស់សិស្ស ក្រោយការសិក្សានៅវិទ្យាល័យ។ គោលដៅទាំងនេះ (ធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ) គួរតែផ្អែកលើការវាយតម្លៃសមស្របតាមអាយុ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ និងបំណិនជីវិតឯករាជ្យ (ប្រសិនបើសមស្រប) និងសេវាផ្ទេរការសិក្សាដែលចាំបាច់សម្រាប់ជួយសិស្សក្នុងការសម្រេចបានគោលដៅទាំងនោះ។
- សេវាកម្មឆ្នាំសិក្សាបន្ថែម ប្រសិនបើត្រូវការចាំបាច់ និង
- មួយឆ្នាំមុនពេលសិស្សមានអាយុ 18 ឆ្នាំ ត្រូវរួមបញ្ចូលនូវរបាយការណ៍ដែលបញ្ជាក់ថាសិស្សបានទទួលដំណឹងអំពីសិទ្ធិអប់រំពិសេសដែលត្រូវផ្ទេរជូនសិស្សនៅអាយុ 18 ឆ្នាំ។ [20 U.S.C. Sec. 1414(d); 34 C.F.R. Secs. 300.116 & 300.320; 5 C.C.R. Sec. 3042(b); Cal. Ed. Code Sec. 56345.]
សំខាន់បំផុតត្រូវយល់ថាសមាសធាតុសំខាន់ៗនៃកម្មវិធី IEP ត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ច្បាប់រដ្ឋ តម្រូវឲ្យកម្មវិធី IEP បង្ហាញពីទំនាក់ទំនងរវាងកម្រិតនៃសកម្មភាពសិក្សាបច្ចុប្បន្ន គោលដៅនិងវត្ថុបំណង និងសេវាអប់រំជាក់លាក់ដែលត្រូវផ្តល់ជូន។ [5 C.C.R. Sec. 3040(b).] ម្យ៉ាងវិញទៀត គោលដៅប្រចាំឆ្នាំ គួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរអាស្រ័យថាតើសិស្សនោះកំពុងអនុវត្តសកម្មភាពសិក្សានៅក្នុងថ្នាក់រៀននាពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច ហើយសេវាអប់រំត្រូវតែមានភាពគ្រប់គ្រាន់សម្រាប់សិស្សក្នុងការរីកចម្រើនឆ្ពោះទៅរកការបំពេញតាមគោលដៅប្រចាំឆ្នាំនោះ។
(4.20) តើមានសេវាកម្មផ្សេងៗ ឬកត្តាពិសេសមួយចំនួនដែរឬទេ ដែលត្រូវយកពិចារណា និងរួមបញ្ចូលទៅក្នុងកម្មវិធី IEP ប្រសិនបើសមស្របសម្រាប់សិស្សណាម្នាក់?
បាទ/ចាស។ ប្រសិនបើសមស្រប ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណា៖
- យុទ្ធសាស្ត្រនានា រួមមានអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន និងការគាំទ្រដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយារបស់សិស្សណាម្នាក់ដែលអាកប្បកិរិយារបស់គាត់បង្កឧបសគ្គដល់ការសិក្សារបស់គាត់ ឬការសិក្សារបស់សិស្សដទៃ។
- ការបង្រៀនជាអក្សរស្ទាប និងការប្រើប្រាស់អក្សរស្ទាបសម្រាប់សិស្សពិការភ្នែក ឬខ្សោយគំហើញ លើកលែងតែក្រុមការងារ IEP កំណត់ថាការនេះមិនសមស្របនោះទេ ក្រោយពេលវាយតម្លៃលើបំណិននៃការអាន និងការសរសេររបស់សិស្ស តម្រូវការ និងមធ្យោបាយនៃការអាន និងសរសេរសមស្របនានា។
- តម្រូវការទំនាក់ទំនង ហើយសម្រាប់សិស្សពិការគរ-ថ្លង់ ឬខ្សោយត្រចៀក ក្រុមការងារ ត្រូវតែពិចារណាលើតម្រូវការផ្នែកភាសា និងការប្រាស្រ័យទាក់ទងរបស់សិស្ស ឱកាសសម្រាប់ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយមិត្តរួមថ្នាក់ និងបុគ្គលិកជំនាញនៅក្នុងទម្រង់ មធ្យោបាយផ្នែកភាសា និងទំនាក់ទំនងរបស់សិស្ស កម្រិតនៃការសិក្សា និងតម្រូវការជាច្រើនទៀត រួមទាំងឱកាសសម្រាប់ការបង្រៀនដោយផ្ទាល់ជាទម្រង់មធ្យោបាយផ្នែកភាសា និងទំនាក់ទំនងរបស់សិស្សនោះ។
- ថាតើសិស្សតម្រូវឲ្យមានឧបករណ៍បច្ចេកវិទ្យាជំនួយ និងសេវាកម្មដែរឬទេ។
- មធ្យោបាយ និងទម្រង់មធ្យោបាយជំនួសមួយចំនួនដែលចាំបាច់សម្រាប់សិស្សណាម្នាក់នៅក្នុងកម្រិតថ្នាក់ទី 7-12 ដើម្បីបញ្ចប់វគ្គសិក្សារបស់មណ្ឌលសិក្សាធិការ និងបំពេញតាមស្តង់ដាសមត្ថភាពសម្រាប់ការបញ្ចប់ការសិក្សា។
- គោលដៅដែលសមស្របតាមភាសា វត្ថុបំណង និងសេវាកម្មសម្រាប់សិស្សដែលភាសាកំណើតរបស់ពួកគេមិនមែនជាភាសាអង់គ្លេស (ឬជាអ្នកសិក្សាភាសាអង់គ្លេស)។
- សេវាកម្មពិសេស សម្ភារៈ និងបរិក្ខារសម្រាប់សិស្សដែលមានពិការភាពកម្រកើតមាន។ [20 U.S.C. Sec. 1414(d)(3)(B), 34 C.F.R. Secs. 300.320 & 300.324, Cal. Ed. Code Secs. 56341.1, 56345 & 56345.1.]
(4.21) តើកម្រិតបច្ចុប្បន្ននៃសកម្មភាពអប់រំរបស់កូនខ្ញុំ គួរត្រូវបានរៀបរាប់យ៉ាងដូចម្តេច នៅក្នុងកម្មវិធី IEP?
មណ្ឌលសិក្សាធិការ ត្រូវតែប្រើប្រាស់មធ្យោបាយវាយតម្លៃ និងយុទ្ធសាស្ត្រដែលផ្តល់នូវព័ត៌មានពាក់ព័ន្ធដែលជួយដល់ក្រុមការងារ IEP ដោយផ្ទាល់មាត់នៅក្នុងការកំណត់តម្រូវការអប់រំរបស់សិស្ស។ នេះរួមបញ្ចូលនូវព័ត៌មានពាក់ព័ន្ធនឹងការជំរុញឲ្យសិស្សចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ។
ក្រុមការងារ ត្រូវតែពិចារណាលើតម្រូវការផ្នែកសិក្សា ផ្នែកលូតលាស់ និងផ្នែកមុខងាររបស់សិស្ស។ កម្រិតបច្ចុប្បន្ននេះ គួរឆ្លុះបញ្ចាំងតម្រូវការពិសេសរបស់កូនអ្នកនៅក្នងផ្នែកអប់រំណាមួយដែលរងផលប៉ះពាល់ដោយពិការភាពរបស់កូនអ្នក រួមទាំងកម្មវិធីសិក្សាទូទៅ ផ្នែកសិក្សា (អំណាន គណិត។ល។) ផ្នែកក្រៅការសិក្សា (ទំនាក់ទំនង សកម្មភាពជីវិតប្រចាំថ្ងៃ ចល័តភាព បញ្ហាសង្គម/ផ្លូវចិត្ត/អាកប្បកិរិយា។ល។) និងបំណិនផ្នែកឥន្ទ្រីយារម្មណ៍ (លំនាំសោតឬចក្ខុ សមត្ថភាពចលករ និងបញ្ហាផ្ចង់ស្មារតី)។
ក្រុមការងារ គួរព្យាយាមពិពណ៌នាអំពីការសកម្មភាពសិក្សារបស់កូនអ្នក នៅក្នុងលក្ខខណ្ឌមួយដែលអាចវាស់ស្ទង់បានស្របតាមវត្ថុបំណង។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះគួរតែមិនរារាំងអ្នកពីការបង្ហាញការយល់ឃើញរបស់ខ្លួនទៅលើតម្រូវការរបស់កូនអ្នកនោះទេ។ នៅក្នុងការអភិវឌ្ឍកម្មវិធី IEP ក្រុមការងារត្រូវពិចារណាលើចំណុចខ្លាំងរបស់កូនអ្នក និងក្តីបារម្ភមួយចំនួនរបស់អ្នកសម្រាប់ការលើកកម្ពស់ការអប់រំរបស់កូនអ្នក។ លទ្ធផលនៃការវាយតម្លៃដំណាក់កាលដំបូង (ការវាយតម្លៃថ្មីៗបំផុត) ក៏ត្រូវបានយកមកពិចារណាផងដែរ ប៉ុន្តែ ព័ត៌មានទាំងនោះមួយចំនួនដែលបានប្រើប្រាស់ គួរអាចយល់បានដោយងាយសម្រាប់អ្នក និងសមាជិកផ្សេងទៀតទាំងអស់របស់ក្រុមការងារ។ [20 U.S.C. Sec. 1414(d)(3); 34 C.F.R. Sec. 300.324; Cal. Ed. Code Sec. 56341.1.]
(4.22) ហេតុអ្វីបានជាគោលដៅ និងចំណុចគោលប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន ឬវត្ថុបំណងបង្រៀនរយៈពេលខ្លី មានសារៈសំខាន់?
គោលដៅ និងចំណុចគោលប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន (ឬវត្ថុបំណងបង្រៀនរយៈពេលខ្លី) អនុញ្ញាតឲ្យអ្នកតាមដាននូវវឌ្ឍនភាពរបស់កូនអ្នកនៅសាលារៀន និងជួយអ្នកឲ្យកំណត់ថាតើកម្មវិធីអប់រំនោះមានភាពសមស្របដើម្បីបំពេញតាមតម្រូវការអប់រំពិសេសរបស់គាត់ដែរឬទេ។ គោលដៅ និងចំណុចគោល/វត្ថុបំណង ក៏មានសារៈសំខាន់ផងដែរ ដោយសារតែពួកវាជួយបង្កើត និងតម្រង់ទិសផែនការបង្រៀនជាក់លាក់របស់កូនអ្នក។ ផែនការ IEP មិនត្រូវបានបង្កើតឲ្យទៅជាផែនការបង្រៀនលម្អិតមួយនោះទេ ប៉ុន្តែផែនការបង្រៀនរបស់គ្រូ គួរតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅ និងចំណុចគោល/វត្ថបំណងនៃកម្មវិធី IEP។
គោលដៅ និងចំណុចគោល/វត្ថុបំណងនេះ ជួយកំណត់ថាតើកម្មវិធីអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធប្រភេទណាខ្លះដែលមណ្ឌលសិក្សាធិការត្រូវផ្តល់ឲ្យ។ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់កម្មវិធី និងសេវាកម្មដែលចាំបាច់ក្នុងការបំពេញតាមគោលដៅ និងវត្ថុបំណងនៅក្នុងកម្មវិធី IEP របស់កូនអ្នក។ ប្រសិនបើអ្នកស្នើសុំកម្មវិធី ឬសេវាកម្មអប់រំពិសេសប្រភេទណាមួយ នោះមណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ពួកវាជូនឡើយ លើកលែងតែវាមានភាពចាំបាច់ដើម្បីបំពេញតាមគោលដៅ ឬចំណុចគោល/វត្ថុបំណងកម្មវិធី IEP ។ ម្យ៉ាងទៀត ការកំណត់ថាតើកូនរបស់អ្នកកំពុងបំពេញតាមគោលដៅ និងចំណុចគោល/វត្ថុបំណងនៃកម្មវិធី IEP ដែរឬអត់នោះ គឺមានសារៈសំខាន់បំផុតដើម្បីអភិវឌ្ឍកម្មវិធីអប់រំដ៏សមស្របមួយ។ ហេតុដូច្នេះ កម្មវិធី IEP ត្រូវតែរួមបញ្ចូលនូវការពិពណ៌សម្រាប់គោលដៅនីមួយៗថាតើវឌ្ឍនភាពរបស់កូនអ្នក នឹងត្រូវបានវាស់ស្ទង់ដូចម្តេច ហើយថាតើរបាយការណ៍វឌ្ឍភាពតាមដំណាក់កាល នឹងត្រូវផ្តល់ជូននៅពេលណា។ [Cal. Ed. Code Sec. 56345(a)(3).] ភាពសមស្របនៃកម្មវិធីរបស់កូនអ្នក ត្រូវបានវាស់ស្ទង់តាមរយៈចំណុចដែលថាតើគាត់កំពុងមានការវឌ្ឈនភាពឆ្ពោះទៅរកគោលដៅចម្បងនៃកម្មវិធី IEP ដែរឬអត់។ [County of San Diego v. Special Education Hearing Office, 93 F.3d 1458, 1461 (9th Cir. 1996).] ហេតុដូច្នេះ ក្រុមការងារកម្មវិធី IEP ត្រូវតែអភិវឌ្ឍគោលដៅកម្មវិធីដែលមានភាពលំបាកសម្រេចបាន នៅក្នុងស្ថានភាពរបស់កូនអ្នក។
(4.23) តើខ្ញុំអាចស្នើសុំគោលដៅដែលមានភាពលំបាកសម្រាប់កូនរបស់ខ្ញុំជាងគោលដៅដែលមណ្ឌលសិក្សាធិការកំពុងណែនាំបានដែរឬទេ?
បាទ/ចាស តុលាការកំពូលសហរដ្ឋអាមេរិក (U.S. Supreme Court) បានបញ្ជាក់ថាកម្មវិធីអប់រំរបស់កុមារ ត្រូវតែមានភាពលំបាកសមស្របពាក់ព័ន្ធនឹងស្ថានភាពរបស់កុមារ ហើយកុមារគួរមានឱកាសដើម្បីបំពេញតាមវត្ថុបំណងដ៏លំបាកនោះ។ [Endrew F. v. Douglas County School District, 137 S. Ct. 988, (U.S. 2017)]. បន្ទាប់ពីសេចក្តីសម្រេចនៅក្នុងករណីរបស់ Endrew F ក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Department of Education) បានចេញសេចក្តីណែនាំដោយគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការក្នុងការកែលម្អលទ្ធផលទទួលបានរបស់សិស្ស គ្រប់គ្រងវឌ្ឍនភាព និងបណ្តុះបណ្តាលអ្នករដ្ឋបាល និងគ្រូបង្រៀនអំពីរបៀបសរសេរផែនការ IEP ឲ្យបានសមស្រប ដែលបំពេញតាមសេចក្តីណែនាំរបស់តុលាការកំពូល។ [សំណួរ និងចម្លើយ 71 IDELR 68, (Edu. 2017).] ដោយសារតែសេចក្តីសម្រេចនៅក្នុងករណីរបស់ Endrew F ដូច្នេះអ្នកអាចសាកសួរអំពីភាពមិនរីកចម្រើនទៅមុខនៅក្នុងកម្មវិធី IEP របស់កូនអ្នក និងទទូចសុំថាកម្មវិធី IEP ត្រូវមានគោលដៅលំបាក និងទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ពាក់ព័ន្ធនឹងស្ថានភាពរបស់កូនអ្នក។
លើសពីនេះទៀត ប្រធានគ្រប់គ្រងផ្នែកបង្រៀនសាធារណៈរបស់រដ្ឋ និងក្រុមប្រឹក្សាអប់រំរបស់រដ្ឋ ត្រូវតែអនុម័តគោលដៅសកម្មភាពសិក្សា និងសូចនាករសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដែលមានភាពស៊ីចង្វាក់គ្នា ក្នុងកម្រិតមួយសមស្របជាមួយនឹងស្តង់ដានានាសម្រាប់សិស្សទាំងអស់នៅក្នុងសាលារៀនសាធារណៈ។ [34 C.F.R. Sec. 300.157; Cal. Ed. Code Sec. 56138.] សមាគមអ្នកជំនាញឯកទេសធនធាន និងគ្រូបង្រៀនផ្នែកអប់រំពិសេសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Association of Resource Specialists and Special Education Teachers, CARS+) បានបោះពុម្ភផ្សាយគោលដៅនិងវត្ថុបំណងពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលមានចែងអំពីស្តង់ដាសិក្សា និងគោលដៅគំរូពាក់ព័ន្ធ។
គោលដៅកម្មវិធី IEP ត្រូវតែអាចវាស់ស្ទង់បាន។ [20 U.S.C. Sec. 1414(d)(1)(A)(i)(II).] ហេតុដូច្នេះ ឪពុកម្តាយគួរកុំយល់ព្រមទៅនឹងគោលដៅដូចជា៖ “Miriam នឹងមានភាពលម្អប្រសើឡើងលើមុខវិជ្ជាគណិតវិទ្យា”។ ផ្នែក “កម្រិតបច្ចុប្បន្ននៃសកម្មភាពអប់រំ” នៃកម្មវិធី IEP គួរចែងឲ្យច្បាស់ថាតើកម្រិតមួយណាដែល Miriam និងត្រូវអនុវត្តសកម្មភាពសិក្សាលើមុខវិជ្ជាគណិតវិទ្យា។ គោលដៅគណិតវិទ្យាកម្មវិធី IEP របស់គាត់ គួរចែងឲ្យច្បាស់ថាតើក្រុមការងាររំពឹងថាគាត់នឹងមានភាពល្អប្រសើឡើងខ្លាំងកម្រិតណាពីកម្រិត[បច្ចុប្បន្ន]នេះ។
(4.24) តើភាពខុសគ្នារវាងវត្ថុបំណងរយៈពេលខ្លី និងចំណុចគោលមានអ្វីខ្លះ?
បច្ចុប្បន្ននេះ វត្ថុបំណងរយៈពេលខ្លី និងចំណុចគោល តម្រូវចាំបាច់សម្រាប់សិស្សដែលទទួលការវាយតម្លៃជំនួសតែប៉ុណ្ណោះ។ ជាទូទៅ វត្ថុបំណងរយៈពេលខ្លី ត្រូវបានកំណត់និយមន័យថាជាវិធានការបន្ទាន់ភ្លាមៗដែលអាចវាស់ស្ទង់បាន ចំណែកឯចំណុចគោលត្រូវបានកំណត់និយមន័យថាជាគោលបង្ហាញផ្លូវដែលជំរុញឲ្យឪពុកម្តាយ សិស្ស និងអ្នកអប់រំធ្វើការត្រួតពិនិត្យវឌ្ឈនភាពរបស់សិស្សឆ្ពោះទៅរកការសម្រេចបាននូវគោលដៅប្រចាំឆ្នាំ។ វត្ថុបំណងរយៈពេលខ្លី បែងចែកបំណិននានាដែលមានចែងនៅក្នុងគោលដៅប្រចាំឆ្នាំនេះឲ្យទៅជាសមាសភាគដាច់ដោយឡែកពីគ្នា។ ចំណុចគោល ពិពណ៌នាអំពីបរិមាណនៃវឌ្ឍនភាពដែលកុមាររំពឹងថានឹងទទួលបានក្នុងចំណែកជាក់លាក់នានានៃឆ្នាំសិក្សា និងបង្កើតបានជាកម្រិតសកម្មភាពសិក្សាតាមការរំពឹងទុក ដែលអនុញ្ញាតឲ្យមានការត្រួតពិនិត្យជាទៀងទាត់លើវឌ្ឍនភាពនោះ។ ក្រុមការងារកម្មវិធី IEP អាចប្រើប្រាស់វត្ថុបំណងរយៈពេលខ្លី ឬចំណុចគោលនេះបាន។ [20 U.S.C. Sec. 1414(d)(1)(A)(i)(I)(cc); 34 C.F.R. Sec. 300.320(a)(2)(ii); Cal. Ed. Code Sec. 56345(a)(1)(C).]
(4.25) តើកម្មវិធី IEP របស់កុមារត្រូវតែគូសបញ្ជាក់បញ្ហាការចូលរួមរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅដែរឬទេ ដោយមិនគិតពីលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់គាត់ និងមជ្ឈដ្ឋានដែលគាត់ទទួលបានការអប់រំនោះ?
បាទ/ចាស។ សូម្បីតែសិស្សដែលមានពិការភាព “ធ្ងន់ធ្ងរ” និងសិស្សទាំងឡាយដែលស្ថិតនៅក្នុងការដាក់បញ្ចូលក្នុងទីកន្លែងដែលមានរឹតបន្តឹងខ្លាំងជាងនេះ ក៏ត្រូវតែមានកម្មវិធី IEP ដែលគូសបញ្ជាក់ថាតើពួកគេនឹងត្រូវចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅយ៉ាងដូចម្តេច។ ហេតុដូច្នេះ កម្មវិធី IEP មិនគួរកំណត់ត្រឹមបំណិនជីវិតផ្នែកមុខងារ និងសកម្មភាពជួយខ្លួនឯងនោះទេ តែត្រូវរួមបញ្ចូលផងដែរនូវគោលដៅដែលជំរុញឲ្យសិស្សគ្រប់រូបចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ។ [34 C.F.R. Sec. 300.320(a)(4).]
(4.26) តើកម្មវិធី IEP សម្រាប់សិស្សដែលមានពិការភាព ត្រូវតែរួមបញ្ចូលនូវគោលដៅប្រចាំឆ្នាំដែលគូសបញ្ជាក់គ្រប់ផ្នែកទាំងអស់នៃកម្មវិធីសិក្សាទូទៅដែរឬទេ?
ទេ។ កម្មវិធី IEP ចាំបាច់ត្រូវគូសបញ្ជាក់តែផ្នែកនានានៃកម្មវិធីសិក្សាទូទៅណាដែលរងផលប៉ះពាល់ដោយពិការភាពរបស់សិស្សតែប៉ុណ្ណោះ។ ប្រសិនបើពិការភាពរបស់កូនអ្នកប៉ះពាល់ដល់បំណិនការអាន និងការសរសេរ ប៉ុន្តែមិនប៉ះពាល់ដល់បំណិនគណិតវិទ្យានោះទេ ពេលនោះមិនតម្រូវឲ្យមានគោលដៅគណិតវិទ្យានៅក្នុងការអប់រំទូទៅនោះទេ។ អោនភាពមុខងារដែលជះឥទ្ធិពលលើកម្មវិធីសិក្សាទូទៅទាំងអស់ ឬភាគច្រើន ក៏អាចត្រូវបានគូសបញ្ជាក់ផងដែរ តាមរយៈការផ្តល់សេវាជំនួយ ឬការសម្រសម្រួលសមស្របទៅដល់សិស្សនៅក្នុងថ្នាក់អប់រំទូទៅ។ ឧទាហរណ៍ សិស្សដែលមានភាពអន់ខ្សោយផ្នែកផ្ចង់ស្មារតី អាចអង្គុយនៅផ្នែកខាងមុខសិស្សក្នុងថ្នាក់រៀន ឬសិស្សម្នាក់ដែលមានបញ្ហាលំនាំសោត (លំនាំការស្តាប់) អាចទទួលបានឧបករណ៍កត់ត្រាសម្រាប់សិស្ស។ មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។
(4.27) តើកម្មវិធី IEP ត្រូវតែមានគ្រប់សេវាកម្មទាំអស់ដែលកូនខ្ញុំត្រូវការដែរឬទេ?
បាទ/ចាស។ កម្មវិធី IEP សម្រាប់សិស្សដែលមានពិការភាព ត្រូវតែរួមបញ្ចូលរាល់ការអប់រំពិសេសជាក់លាក់ប្លែកពីគេ និងសេវាកម្មពាក់ព័ន្ធ ដែលកុមារត្រូវការចាំបាច់ ទៅតាមការកំណត់ដោយក្រុមការងារកម្មវិធី IEP។ [34 C.F.R. Sec. 300.39; Cal. Ed. Code. Sec. 56031.] នេះមានន័យថាសេវាកម្មនេះ ត្រូវតែមានចែងនៅក្នុងកម្មវិធី IEP បើទោះបីជាពួកវាមិនមានផ្តល់ជូនដោយផ្ទាល់ពីមណ្ឌលសិក្សាធិការក៏ដោយ ប៉ុន្តែត្រូវតែមានផ្តល់ជូនតាមរយៈកិច្ចសន្យា ឬការរៀបចំផ្សេងទៀតជាជំនួស។
កម្មវិធី IEP ក៏ត្រូវតែចែងនូវការពិពណ៌នា និងបរិមាណនៃការអប់រំពិសេស និងភាពញឹកញាប់ ថេរវេលា និងទីកន្លែងនៃសេវាកម្មពាក់ព័ន្ធ និងការកែសម្រួលនានា ដើម្បីឲ្យការសន្យារបស់មណ្ឌលសិក្សាធិការទៅលើធនធាន នឹងមានការយល់ច្បាស់លាស់សម្រាប់ក្រុមការងារ IEP ។ បរិមាណពេលវេលាដែលប្រើប្រាស់សម្រាប់សេវាកម្មផ្សេងៗ គួរតែ (1) សមស្របចំពោះសេវាកម្មជាក់លាក់នោះ និង (2) មានការគូសបញ្ជាក់ក្នុងរបៀបមួយដែលមានភាពច្បាស់លាស់សម្រាប់អ្នកទាំងអស់ដែលចូលរួមនៅក្នុងការអភិវឌ្ឍ និងការអនុវត្តកម្មវិធី IEP។ ការផ្លាស់ប្តូរនៅក្នុងចំនួនសេវាកម្ម មិនអាចធ្វើបានដោយគ្មានការរៀបចំកិច្ចប្រជុំ IEP ផ្សេងទៀតឡើយ លើកលែងតែឪពុកម្តាយ និងមណ្ឌលសិក្សាធិការយល់ព្រមឲ្យរៀបចំកិច្ចប្រជុំនោះតាមទូរសព្ទ ឬជំនួបតាមវីដេអូ។ [34 C.F.R. Secs. 300.320, 300.322, 300.324(a)(4)(i) & 300.328; Cal. Ed. Code Sec. 56341.5.]
(4.28) ប្រសិនបើសមាជិកក្រុមការងារកម្មវិធី IEP ភាគច្រើន ក្រៅពីមន្ត្រីតំណាងមណ្ឌលសិក្សាធិការ ឯកភាពទៅលើសេវាកម្មវិធី IEP តើសេវាកម្មទាំងនោះគួរត្រូវសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP ដែរឬទេ?
ដោយមិនគិតពីចំនួនសមាជិកក្រុមការងារនៅក្នុងកិច្ចព្រមព្រៀងជាមួយសេវាកម្មដែលបានស្នើសុំនោះទេ មណ្ឌលសិក្សាធិការមានទំនួលខុសត្រូវចុងក្រោយក្នុងការធានាថាកម្មវិធី IEP រួមបញ្ចូលសេវាកម្មដែលសិស្សត្រូវការដើម្បីទទួលបានការអប់រំសមស្របមួយ។ ការធ្វើការសម្រេចចិត្តលើកម្មវិធី IEP ដោយផ្អែកលើការបោះឆ្នោតសំឡេងភាគច្រើន គឺជាការមិនសមស្របនោះទេ។ ក្រុមការងារ គួរព្យាយាមទទួលបានការសម្រេចចិត្តដោយការឯកភាពគ្នាជារួម។ ប្រសិនបើគ្មានការឯកភាពគ្នាជារួមទេ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យឪពុកម្តាយនូវ “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” អំពីសំណើសុំ ឬការបដិសេធពាក់ព័ន្ធនឹងកម្មវិធីអប់រំសិស្ស។ ឪពុកម្តាយមានសិទ្ធិក្នុងការដោះស្រាយភាពមិនឯកភាពគ្នាណាមួយ តាមរយៈនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។
(4.29) តើខ្ញុំអាចធ្វើបានខ្លះ ប្រសិនបើគ្រូរបស់កូនខ្ញុំ (ឬបុគ្គលិកសេវាកម្មផ្ទាល់) ប្រាប់ខ្ញុំថាពួកគេខ្លាចមានការសងសឹកសម្រាប់ការនិយាយអ្វីមួយនៅក្នុងកិច្ចប្រជុំ IEP ដែលផ្ទុយទៅនឹងគោលជំហររបស់រដ្ឋបាល?
ទេ បុគ្គលិកមណ្ឌលសិក្សាធិការ អាចប្រើប្រាស់ ឬព្យាយាមប្រើប្រាស់ ដោយផ្ទាល់ ឬដោយប្រយោល នូវសិទ្ធិអំណាចផ្លូវការ ឬឥទ្ធិពលរបស់ខ្លួន ក្នុងការបំភិតបំភ័យ គំរាមកំហែង បង្ខិតបង្ខំ ឬព្យាយាមបំភិតបំភ័យ គំរាមកំហែង ឬបង្ខិតបង្ខំបុគ្គលណាម្នាក់ រួមមានជាអាទិ៍គ្រូបង្រៀន អ្នកផ្តល់សេវាកម្មពាក់ព័ន្ធ អ្នកជំនាញអមវិជ្ជាជីវៈ អ្នកផ្តល់ជំនួយ អ្នកចុះកិច្ចសន្យា បុគ្គលិកក្រោមបង្គាប់ ក្នុងគោលបំណងជ្រាតជ្រែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករូបនោះក្នុងការជួយដល់ឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សផ្នែកអប់រំពិសេសឲ្យទទួលបានសេវាកម្ម ឬសេវាជំនួយសម្រាប់សិស្សនោះ។. [Cal. Ed. Code Sec. 56046(a).] ប្រសិនបើគ្រូបង្រៀន ឬបុគ្គលិកផ្សេងទៀតរបស់មណ្ឌលសិក្សាធិការ ជឿជាក់ថាអ្នករដ្ឋបាល ឬបុគ្គលិកមណ្ឌលសិក្សាធិការផ្សេងទៀតរបស់មណ្ឌលសិក្សាធិការ បានបំពានទៅលើការហាមឃាត់នេះ ដូច្នេះគាត់អាចដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំរបស់រដ្ឋ (State Department of Education) និងសុំឲ្យក្រសួងធ្វើការស៊ើបអង្កេត។ [Cal. Ed. Code Sec. 56046(b).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។
(4.30) តើខ្ញុំអាចស្នើសុំប្រភេទនៃការបង្រៀន ឬកម្មវិធីជាក់លាក់មួយដើម្បីដោះស្រាយបញ្ហាតម្រូវការអប់រំពិសេសរបស់កូនខ្ញុំបានដែរឬទេ?
បាទ/ចាស។ ច្បាប់សហព័ន្ធនិងរដ្ឋ កំណត់និយមន័យសេវាអប់រំពិសេសថាជា “ការបង្រៀនដែលបង្កើតឡើងយ៉ាងពិសេស ដោយឪពុកម្តាយមិនចំណាយប្រាក់ឡើយ ដើម្បីបំពេញតាមតម្រូវការពិសេស” របស់សិស្សដែលមានពិការភាព។ ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស មានន័យថា “...ការកែសម្រួលឲ្យបានសមស្របទៅតាមតម្រូវការរបស់កុមារដែលទទួលបានសិទ្ធិ ... ខ្លឹមសារ វិធីសាស្ត្រ ឬការផ្តល់ការណែនាំដើម្បីដោះស្រាយបញ្ហាតម្រូវការពិសេសរបស់កុមារនោះ ដើម្បីធានាដល់ការចូលរួមរបស់កុមារទៅក្នុងកម្មវិធីអប់រំទូទៅ ដើម្បីឲ្យកុមារអាចបំពេញតាមស្តង់ដាអប់រំដែលអនុវត្តចំពោះសិស្សទាំងអស់។ [34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.] ហេតុដូច្នេះ ការស្នើសុំ និងការពិភាក្សាអំពីតម្រូវការពិសេសរបស់សិស្សសម្រាប់វិធីសាស្ត្របង្រៀនជាក់លាក់មួយ ឬកម្មវិធីជាក់លាក់ណាមួយនៅក្នុងកិច្ចប្រជុំ IEP គឺស្ថិតក្នុងក្របខណ្ឌសិទ្ធិរបស់ឪពុកម្តាយ។
(4.31) តើការកម្រិតចំនួនសិស្សក្នុងថ្នាក់ អាចត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធី IEP ដែរឬទេ?
បាទ/ចាស។ ការអប់រំពិសេសមានន័យថា “ការបង្រៀនដែលបានបង្កើតឡើងជាពិសេស...ដើម្បីបំពេញតាមតម្រូវការពិសេសនានា” របស់សិស្សដែលមានពិការភាព។ តម្រូវការពិសេសទាំងនោះណាមួយ អាចជាការកំណត់មួយទៅលើចំនួនសិស្សក្នុងថ្នាក់។ មណ្ឌលសិក្សាធិការ អាចជឿជាក់ថាចំនួនសិស្សក្នុងថ្នាក់ គឺមិនមែនជាធាតុដ៏សំខាន់នៅក្នុងកម្មវិធីសមស្របណាមួយសម្រាប់សិស្សមា្នក់នោះទេ។ ប៉ុន្តែ មណ្ឌលសិក្សាធិការ អាចនឹងមិនបដិសេធការដាក់បន្ថែមចំនួនសិស្សក្នុងថ្នាក់តាមប្រភេទចំណាត់ថ្នាក់នៅក្នុងកម្មវិធី IEP សម្រាប់ជាផ្នែកមួយនៃគោលនយោបាយទេ។ គោលនយោបាយណាមួយ អាចនឹងមិនអនុញ្ញាតឲ្យក្រុមការងារ IEP បង្កើតកម្មវិធី IEP ណាមួយ ផ្អែកលើតម្រូវការពិសេសរបស់សិស្សនោះទេ ហើយអ្នកអាចមានបំណងចង់ដាក់ពាក្យបណ្តឹងលើការអនុវត្តតាមច្បាប់ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នកមានគោលនយោបាយនោះ។ [34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។
(4.32) តើមានរយៈពេលកំណត់ ឬទម្រង់ណាមួយសម្រាប់កម្មវិធី IEP ដែរឬទេ?
ទេ។ ទាំងច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ គ្មានច្បាប់ណាមួយរួមបញ្ចូលនូវរយៈពេលកំណត់ ឬទម្រង់ណាមួយសម្រាប់កម្មវិធី IEP នោះទេ។
(4.33) ប្រសិនបើកូនរបស់ខ្ញុំត្រូវបានបញ្ជ្រាបទៅក្នុងថ្នាក់រៀនធម្មតា តើខ្ញុំអាចសរសេរជាលាយលក្ខណ៍អក្សរនូវសេវាជំនួយ និងការសម្របសម្រួលនានាចំពោះថ្នាក់រៀនធម្មតានៅក្នងកម្មវិធី IEP បានដែរឬទេ?
បាទ/ចាស។ សិស្សដែលអាចចូលរួមនៅក្នុងថា្នក់រៀនកម្មវិធីធម្មតា អាចតម្រូវឲ្យមានសេវាជំនួយ ការសម្របសម្រួល ជំនួយបំពេញបន្ថែម ឬសេវាកម្មនានានៅក្នុងថ្នាក់រៀននោះ ដើម្បីសិក្សារៀនសូត្រ។ ទាំងនេះអាចរួមបញ្ចូលនូវការប្រើប្រាស់ម៉ាស៊ីនចាក់សំឡេង ការធ្វើតេស្តផ្ទាល់មាត់ ការរៀបចំកន្លែងអង្គុយពិសេស ។ល។ សេវាជំនួយទាំងនោះ និងការសម្របសម្រួលផ្សេងទៀត ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក។ [20 U.S.C. Sec. 1414(d); 34 C.F.R. Sec. 300.320.] មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។
(4.34) តើនៅក្នុងស្ថានភាពអ្វីខ្លះ ដែលគ្រូបង្រៀនធម្មតារបស់សិស្សនៅក្នុងការអប់រំពិសេសម្នាក់ គួរចូលរួមទៅក្នុងកម្មវិធី IEP?
ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធ តម្រូវឲ្យគ្រូបង្រៀនផ្នែកអប់រំធម្មតារបស់កូនអ្នក ចូលរួមទៅក្នុងការអភិវឌ្ឍកម្មវិធី IEP ក្នុងនាមជាសមាជិកម្នាក់នៃក្រុមការងារ IEP ប្រសិនបើសមស្រប។ នេះរួមបញ្ចូលនូវការកំណត់ទៅលើអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានសមស្របនិងយុទ្ធសាស្ត្រនានា ការកំណត់លើជំនួយនិងសេវាកម្មបំពេញបន្ថែម ការសម្របសម្រួលកម្មវិធី ការគាំទ្រចំពោះបុគ្គលិកសាលា និងការត្រួតពិនិត្យនិងកែសម្រួលឡើងវិញនូវកម្មវិធី IEP។ [34 C.F.R. Secs. 300.324(a)(3) & (b)(3); Cal. Ed. Code Sec. 56341(b)(2).]
គ្រូនៅក្នុងការអប់រំធម្មតា តម្រូវឲ្យចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ប្រសិនបើកុមារនោះកំពុងចូលរួម ឬអាចកំពុងចូលរួមនៅក្នុងកម្មវិធីអប់រំទូទៅ។ សមាជិកណាម្នាក់របស់ក្រុមការងារកម្មវិធី IEP មានដូចជាគ្រូនៅក្នុងការអប់រំធម្មតាជាដើម អាចនឹងអវត្តមានពីការចូលរួមនេះ ប្រសិនបើមណ្ឌលសិក្សាធិការ និងឪពុកម្តាយមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ។ សមាជិកអវត្តមាន ត្រូវតែបន្តផ្តល់ការចូលរួមមតិយោបល់ដល់ក្រុមការងារជាលាយលក្ខណ៍អក្សរ នៅមុនកិច្ចប្រជុំ ប្រសិនបើកិច្ចប្រជុំនោះមានជាប់ពាក់ព័ន្ធនឹងផ្នែកនៃសេវាកម្ម ឬកម្មវិធីសិក្សារបស់ពួកគេ។ [34 C.F.R. Sec. 300.321.]
ច្បាប់នេះមិនគូសបញ្ជាក់អំពីរបៀបដែលមណ្ឌលសិក្សាត្រូវធ្វើការសម្រេចចិត្តថាតើគ្រូមួយណាគួរចូលរួមក្នុងកិច្ចប្រជុំ IEP នោះទេ។ ទោះយ៉ាងណាក៏ដោយ គ្រូនៅក្នុងការអប់រំធម្មតា គួរតែជាអ្នកដែលដឹងអំពីសិស្ស ឬអន្តរាគមន៍នៃការបង្រៀន និង/ឬជាអ្នកទទួលខុសត្រូវសម្រាប់ការអនុវត្តចំណែកណាមួយនៃកម្មវិធី IEP។ សម្រាប់កិច្ចប្រជុំ IEP នៅកម្រិតមធ្យមសិក្សា ឬកម្រិតវិទ្យាល័យដែលមានគ្រូផ្នែកអប់រំទូទៅច្រើនអ្នកសម្រាប់សិស្សណាម្នាក់ នោះច្បាប់មិនតម្រូវឲ្យពួកគេទាំងអស់គ្នាចូលរួមទេ។ ប្រសិនបើអ្នកកំពុងស្វែងរកការសម្របសម្រួល ឬសេវាជំនួយនៅក្នុងមុខវិជ្ជាដែលបង្រៀនដោយគ្រូមួយចំនួន នោះអ្នកគួរស្នើសុំជាលាយលក្ខណ៍អក្សរឲ្យពួកគេការចូលរួម។
(4.35) តើមានមធ្យោបាយណាមួយដើម្បីទទួលបានការគាំទ្របន្ថែមសម្រាប់គ្រូរបស់កូនខ្ញុំ - ទាំងផ្នែកអប់រំធម្មតា និងផ្នែកអប់រំពិសេស - តាមរយៈកម្មវិធី IEP ដែរឬទេ?
បាទ/ចាស។ កម្មវិធី IEP នីមួយៗ គួររួមបញ្ចូលនូវរបាយការណ៍ស្តីពីការគាំទ្រសម្រាប់បុគ្គលិកសាលារៀនដែលចាំបាច់ ដើម្បីឲ្យសិស្ស៖
- រីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅប្រចាំឆ្នាំរបស់ខ្លួន
- ចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ។
- ចូលរួមទៅក្នុងសកម្មភាពក្រៅការសិក្សា និងសកម្មភាពកម្មវិធីសិក្សាបន្ថែម។ និង
- ទទួលបានការអប់រំ និងចូលរួមជាមួយសិស្សផ្សេងទៀត ទាំងសិស្សពិការ និងសិស្សមិនពិការ។ ដោយសារតែការគូសបញ្ជាក់របស់ច្បាប់ទៅលើការចូលរួមនៅក្នុងកម្មវិធីសិក្សាទូទៅ និងនៅក្នុងការដាក់បញ្ចូលទៅក្នុងការអប់រំធម្មតា ដូច្នេះទាំងគ្រូអប់រំធម្មតា និងគ្រូអប់រំពិសេស ត្រូវការឲ្យមានការគាំទ្របន្ថែមដើម្បីធានាថាកម្មវិធី IEP ត្រូវបានអនុវត្តពេញលេញ និងសមស្រប។ [34 C.F.R. Sec. 300.320(a)(4); Cal. Ed. Code Sec. 56345(a)(4).]
ការគាំទ្រសម្រាប់បុគ្គលិកសាលា មិនត្រូវបានកំណត់បន្ថែមទៀតទេនៅក្នុងបទប្បញ្ញត្តិ។ ការគាំទ្រដែលអាចទទួលបាន អាចរួមមានការបណ្តុះបណ្តាលគ្រូ បុគ្គលិកគាំទ្របន្ថែមសម្រាប់ការផ្តល់តេស្ត ឬសម្របសម្រួលការធ្វើតេស្ត បុគ្គលិកអមវិជ្ជាជីវៈបន្ថែមសម្រាប់ការបង្រៀនក្នុងថ្នាក់រៀន និងការគាំទ្រផ្នែកអាកប្បកិរិយា និងបុគ្គលិកបន្ថែមសម្រាប់ការសម្របសម្រួលកម្មវិធីសិក្សា និងការគាំទ្រក្នុងថ្នាក់រៀនផ្សេងទៀត។ ការគាំទ្រនៅក្នុងផ្នែកទាំងនេះ អាចមានន័យថាជាភាពខុសគ្នារវាងភាពជោគជ័យ និងភាពបរាជ័យរបស់សិស្សនៅក្នុងថ្នាក់។ រាល់បុគ្គលិកទាំងអស់ដែលផ្តល់ការអប់រំពិសេសដល់សិស្ស (រួមទាំងគ្រូនៅក្នុងការអប់រំធម្មតាផងដែរ) ត្រូវតែយល់ដឹងអំពីខ្លឹមសារកម្មវិធី IEP និងទទួលបានព័ត៌មានពេញលេញអំពីការទទួលខុសត្រូវជាក់លាក់ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី IEP រួមទាំងសេវាជំនួយ ការសម្របសម្រួល និងការគាំទ្រជាក់លាក់ដែលត្រូវតែផ្តល់ជូនទៅដល់សិស្ស។ [34 C.F.R. Sec. 300.323(d); Cal. Ed. Code Sec. 56347.]
(4.36) តើខ្ញុំត្រូវចុះហត្ថលេខាលើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?
ទេ។ វាជាការសមស្របសម្រាប់អ្នកក្នុងការទទួលបានសេចក្តីចម្លងមួយច្បាប់អំពីកម្មវិធី IEP ដែលបានស្នើសុំ ដើម្បីយកទៅអាននៅផ្ទះឲ្យបានច្បាស់ និង/ឬដើម្បីពិភាក្សាជាមួយសហព័ទ្ធ (ប្តី/ប្រពន្ធ) ដៃគូ ឬនរណាម្នាក់ផ្សេងទៀត មុនពេលសម្រេចចិត្តថាតើត្រូវចុះហត្ថលេខាឬអត់។ អ្នកអាចនឹងមិនមានលទ្ធភាពយកឯកសារច្បាប់ដើមទៅផ្ទះតាមខ្លួនអ្នកបានឡើយ។ កូនរបស់អ្នក បន្តមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងបន្តស្ថិតនៅក្នុងកន្លែងសិក្សាបច្ចុប្បន្នរបស់គាត់ នៅពេលដែលអ្នកសម្រេចចិត្តទៅលើខ្លឹមសារនោះ។ ប្រសិនបើអ្នកមិនយល់ស្រប ឬដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ក្នុងរយៈពេលមួយសមស្រប នៅពេលនោះមណ្ឌលសិក្សាធិការ អាចដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការសមស្របបាន។
(4.37) តើខ្ញុំអាចយល់ស្របតែទៅលើផ្នែកខ្លះនៃកម្មវិធី IEP បានដែរឬទេ?
បាទ/ចាស។ អ្នកអាចយល់ស្របចំពោះកាណែនាំរបស់កម្មវិធី IEP ដែលអ្នកឯកភាពជាមួយ ដើម្បីឲ្យសេវាកម្ម ឬការដាក់បញ្ចូលក្នុងការសិក្សានោះ អាចយកទៅអនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើបាន។ បើអ្នកមិនឯកភាពទៅលើសមាសភាគណាមួយនៃកម្មវិធី IEP សមាសភាគទាំងនោះមិនអាចយកទៅអនុវត្តបានឡើយ ហើយអាចនឹងក្លាយជាបញ្ហាដែលត្រូវដោះស្រាយនៅក្នុងនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ អ្នកអាចភ្ជាប់ការជំទាស់ជាលាយលក្ខណ៍អក្សរណាមួយទៅនឹងឯកសារកម្មវិធី IEP ដើម្បីឲ្យគោលជំហររបស់អ្នកមានភាពច្បាស់លាស់។ [Cal. Ed. Code Sec. 56346.]
ប្រសិនបើមណ្ឌលសិក្សាធិការកំណត់ថាការណែនាំនៃកម្មវិធី IEP ដែលបានស្នើសុំ ដែលអ្នកមិនឯកភាពជាមួយ គឺជាការចាំបាច់ដើម្បីផ្តល់ការអប់រំ FAPE ពេលនោះមណ្ឌលសិក្សាធិការ ត្រូវផ្តួចផ្តើមបង្កើតនីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ខណៈដែលកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នៅមិនទាន់បានសម្រេចសេចក្តីនៅឡើយ កូនរបស់អ្នកត្រូវបន្តស្ថិតនៅក្នុងកន្លែងសិក្សាបច្ចុប្បន្ននោះរបស់ខ្លួន លើកលែងតែអ្នក និងមណ្ឌលសិក្សាធិការឯកភាពផ្សេងទៀតផ្ទុយពីនេះ។ [Cal. Ed. Code Sec. 56346(f).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។
(4.38) តើខ្ញុំអាចយល់ស្របទៅលើខ្លឹមសារនៃកម្មវិធី IEP ហើយមិនយល់ស្របលើការកំណត់នៅក្នុងថ្នាក់រៀនណាមួយបានដែរឬទេ?
បាទ/ចាស។ អ្នកអាចយល់ស្របតាមខ្លឹមសារនៃកម្មវិធី IEP ជាលាយលក្ខណ៍អក្សរ (ដូចជាគោលដៅ វត្ថុបំណង ការពិពណ៌នាអំពីការដាក់បញ្ចូលក្នុងការសិក្សា) ប៉ុន្តែ អ្នកអាចមិនឯកភាពទៅលើទីកន្លែងនៃការដាក់បញ្ចូលជាក់ស្តែង ឬថ្នាក់រៀននោះ។ [5 Cal. Code of Regs. (C.C.R.) Sec. 3042.] ឧទាហរណ៍ បន្ទាប់ពីចុះពិនិត្យទីតាំងឬថ្នាក់រៀនដែលបានស្នើឡើង អ្នកអាចនឹងគិតថាវាមិនបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធី IEP ដូចដែលបានសរសេរជាលាយលក្ខណ៍អក្សរនោះទេ។ ការមិនឯកភាពរបស់អ្នកទៅលើថ្នាក់រៀនណាមួយ អាចក្លាយជាមូលដ្ឋានសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ប្រសិនបើក្តីបារម្ភរបស់អ្នកមិនអាចដោះស្រាយក្រៅផ្លូវការបាននោះទេ។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។
(4.39) តើខ្ញុំអាចផ្លាស់ប្តូរចិត្តរបស់ខ្ញុំ ក្រោយពេលខ្ញុំចុះហត្ថលេខាលើឯកសារ IEP នេះបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកផ្លាស់ប្តូរចិត្តរបស់អ្នក អ្នកអាចលប់ចោលការយល់ព្រមរបស់អ្នកនៅពេលណាក៏បាន។ ប៉ុន្តែ ការបដិសេធការយល់ព្រមរបស់អ្នក មិនអាចមានសុពលភាពមុនមានការអនុម័តឡើយ។ វាមិនអាចបញ្ឈប់សុពលភាពនៃសកម្មភាពណាមួយដែលបានប្រព្រឹត្តទៅ ក្រោយពេលដែលការយល់ព្រមរបស់អ្នកត្រូវបានផ្តល់ជូន និងមុនពេលដែលការយល់ព្រមព្រមរបស់អ្នកត្រូវបានលប់ចោលនោះឡើយ។ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1(c).] តាមធម្មតា ជាការល្អបំផុត គឺមិនត្រូវចុះហត្ថលេខាលើកម្មវិធី IEP នោះទេ រហូតទាល់តែអ្នកយល់ច្បាស់ពីខ្លឹមសាររបស់វា។ អ្នកគួរយកសេចក្តីចម្លងកម្មវិធី IEP ទៅផ្ទះដើម្បីគិតពិចារណារយៈពេលមួយថ្ងៃឬពីរថ្ងៃ ប្រសិនបើអ្នកមិនទាន់យល់ច្បាស់ថាអ្នកគួរចុះហត្ថលេខាលើវានៅក្នុងកិច្ចប្រជុំកម្មវិធី IEP នោះទេ។
(4.40) តើការដាក់បញ្ចូលទៅក្នុងការអប់រំបែបណាដែលមណ្ឌលសិក្សាធិការត្រូវតែផ្តល់ជូន?
មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ការដាក់បញ្ចូលក្នុងការសិក្សាជំនួសទៅតាមលំដាប់លំដោយ។ [34 C.F.R. Sec. 300.115.] ការដាក់បញ្ចូលក្នុងការសិក្សានេះ រួមមាន៖
- ការបង្រៀនក្នុងថ្នាក់រៀនធម្មតា
- សេវាកម្មពាក់ព័ន្ធ (នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សេវាទាំងនេះត្រូវបានហៅថា “ការបង្រៀន និងសេវាកម្មដែលបានកំណត់”) ដែលចាំបាច់ក្នុងការជួយឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស (សូមមើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ)
- សេវាកម្មអ្នកជំនាញផ្នែកធនធាន ដែលអ្នកជំនាញផ្នែកធនធានប្រចាំសាលារៀនផ្តល់ជូនការបង្រៀន និងសេវាកម្មពិសេសដល់សិស្សដែលចំណាយពេលជាងពាក់កណ្តាលនៃថ្ងៃសិក្សារបស់ពួកគេនៅក្នុងថ្នាក់រៀន។
- ថ្នាក់រៀនពិសេសដែលបម្រើសេវាដល់សិស្សដែលមានតម្រូវការអប់រំខ្លាំង និងប្រហាក់ប្រហែលគ្នា។
- សាលារៀនពិសេសរបស់រដ្ឋ ដូចជាសាលាសម្រាប់អ្នកពិការគ-ថ្លង់រដ្ឋកាលីហ្វ័ញ៉ា (California School for the Deaf) និងសាលាសម្រាប់អ្នកពិការភ្នែករដ្ឋកាលីហ្វ័រញ៉ា (California School for the Blind)
- ការបង្រៀនតាមផ្ទះ ការបង្រៀននៅក្នុងមន្ទីរពេទ្យ ឬស្ថាប័នដូចជាវេជ្ជស្ថាន មន្ទីរពេទ្យរដ្ឋ និងមជ្ឈមណ្ឌលផ្នែកលូតលាស់ និងសាលាយុវនីតិសម្បទាជាដើម។
- ការដាក់បញ្ចូលទៅក្នុងសាលារៀនមិនមែនសាធារណៈសមស្រប សាលារៀនមិនមែនតាមបែបសាសនា នៅពេលដែលគ្មានការដាក់បញ្ចូលទៅក្នុងសាលារៀនសាធារណៈសមស្របណាមួយអាចផ្តល់ជូនបាន និង
- ការដាក់បញ្ចូលទៅក្នុងកន្លែងស្នាក់នៅថែទាំខាងក្រៅផ្ទះ រួមមានកន្លែង និងបន្ទប់ថែទាំព្យាបាលក្រៅវេជ្ជសាស្ត្រ ឬកន្លែងស្នាក់នៅហូបចុក ប្រសិនបើសមស្របសម្រាប់ការអប់រំ ឬនៅពេលណាសាលារៀនសមស្របនោះនៅឆ្ងាយពីផ្ទះរបស់អ្នក។
- សេវាបង្រៀនចល័តក្នុងថ្នាក់រៀន បន្ទប់ធនធាន និងមជ្ឈដ្ឋាននានាក្រៅពីថ្នាក់រៀន នៅពេលដែលការបង្រៀនដែលបានបង្កើតឡើងជាពិសេសនោះ អាចប្រព្រឹត្តទៅបាន។
- ការបង្រៀនតាមប្រព័ន្ធទូរគមនាគមន៍ និង
- ការបង្រៀនក្នុងមជ្ឈដ្ឋានក្រៅពីថ្នាក់រៀន នៅពេលដែល
- ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសស អាចប្រព្រឹត្តទៅ បាន។
សិស្សអាចត្រូវបានចុះឈ្មោះទៅក្នុងថ្នាក់រៀនពិសេសបាន លុះត្រាតែលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់សិស្ស ស្ថិតនៅក្នុងកម្រិតមួយដែលការអប់រំនៅក្នុងថ្នាក់រៀនធម្មតាមិនអាចសម្រេចបានដោយជោគជ័យ ដោយការប្រើប្រាស់ជំនួយ និងសេវាកម្មបន្ថែម រួមមានការកែសម្រួលកម្មវិធីសិក្សា និងការគាំទ្រផ្នែកអាកប្បកិរិយាជាដើម។ លក្ខខណ្ឌតម្រូវនេះ ក៏អនុវត្តផងដែរចំពោះការសិក្សានៅសាលាដាច់ដោយឡែក ឬមជ្ឈដ្ឋានផ្សេងទៀតនៅក្រៅមជ្ឈដ្ឋានអប់រំធម្មតា។ សម្រាប់ព័ត៌មានជាក់លាក់បន្ថែមទៀតស្តីអំពីប្រភេទនៃការដាក់បញ្ចូលក្នុងការសិក្សាសម្រាប់បុគ្គល សូមមើលច្បាប់អប់រំកាលីហ្វ័រញ៉ា ផ្នែក 56362 (កម្មវិធីអ្នកជំនាញផ្នែកធនធាន) ផ្នែក 56364.1 (ថ្នាក់សិក្សាពិសេសពេលថ្ងៃ) ផ្នែក 56367 (សាលារៀនពិសេសរបស់រដ្ឋ) ផ្នែក 56365 (សាលារៀនមិនមែនសាធារណៈ) ផ្នែក 56167 (ស្ថាប័នវេជ្ជសាស្រ្ត) ផ្នែក 56850 (ស្ថាប័នវេជ្ជសាស្ត្រ) ផ្នែក 56150 (សាលាយុវនីតិសម្បទា) និងផ្នែក 56156 (ទីកន្លែងដាក់បញ្ចូលនៅក្នុងកន្លែងស្នាក់នៅថែទាំខាងក្រៅផ្ទះ)។ មើលផងដែរ 34 C.F.R. ផ្នែក 300.302 (ទីកន្លែងស្នាក់នៅថែទាំក្រៅផ្ទះ)។ មើលជំពូក 9 ព័ត៌មានស្តីពីការទទួលខុសត្រូវអន្តរក្រសួងសម្រាប់សេវាកម្មពាក់ព័ន្ធ។
ការដាក់បញ្ចូលទៅក្នុងការសិក្សាតាមលំដាប់ថ្នាក់ ត្រូវតែអនុញ្ញាតឲ្យសិស្សទទួលបានការអប់រំក្នុងកម្រិតអតិបរមាសមស្របជាមួយនឹងសិស្សដែលមិនមានពិការភាព។ [34 C.F.R. Secs. 300.114, 300.115, & 300.116.] មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។
(4.41) តើជំនួយ និងសេវាកម្មបំពេញបន្ថែម អាចជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតាបានយ៉ាងដូចម្តេច?
ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធ សន្និដ្ឋានថាសិស្សដែលមានពិការភាព នឹងទទួលបានការអប់រំនៅក្នុងថ្នាក់រៀនធម្មតាជាមួយមិត្តរួមថ្នាក់ “ដែលមានការលូតលាស់ធម្មតា”។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែធានាថាសិស្សមិនត្រូវផ្លាស់ចេញពីមជ្ឈដ្ឋានអប់រំធម្មតាឡើយ លើកលែងតែលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាព ស្ថិតក្នុងកម្រិតដែលការអប់រំក្នុងថ្នាក់ធម្មតាដោយប្រើជំនួយ និងសេវាកម្មបំពេញបន្ថែម មិនអាចសម្រេចបានដោយជោគជ័យ។ ជំនួយ និងសេវាកម្មបំពេញបន្ថែម អាចមានចាប់ពីសម្ភារៈឧបទេសបង្រៀន ដូចជាកុំព្យូទ័រជាដើម រហូតដល់ការគាំទ្របុគ្គលិកបន្ថែម (ឧ.ទា. ជំនួយអមវិជ្ជាជីវៈផ្ទាល់មួយទល់នឹងមួយ ឧបករណ៍ជំនួយកត់ត្រា និងឧបករណ៍ផ្តល់តេស្ត)។ សេវាគាំទ្រ ទាំងនេះអាចត្រូវបានផ្តល់ជូននៅក្នុងថ្នាក់រៀនធម្មតា មជ្ឈដ្ឋានអប់រំធម្មតា ឬក្នុងមជ្ឈដ្ឋានពាក់ព័ន្ធនឹងការអប់រំផ្សេងទៀត។ ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលក្រុមការងារកម្មវិធី IEP បានព្រមព្រៀង ត្រូវតែរួមបញ្ចូលទៅក្នុងកម្មវិធី IEP។ [34 C.F.R. Secs. 300.42, 300.114-120.]
(4.42) តើតួនាទីរបស់ឪពុកម្តាយមានអ្វីខ្លះ នៅក្នុងការកំណត់ពីការដាក់បញ្ចូលទៅក្នុងការអប់រំសម្រាប់កុមារ?
ច្បាប់សហព័ន្ធ តម្រូវឲ្យមណ្ឌលសិក្សាធិការត្រូវធ្វើការធានាថាឪពុកម្តាយរបស់សិស្សដែលមានពិការភាព ត្រូតែជាសមាជិកនៃក្រុមការងារដើម្បីធ្វើការសម្រេចចិត្តទៅលើការដាក់បញ្ចូលទៅក្នុងការអប់រំរបស់កូនពួកគេ។ [34 C.F.R. Sec. 300.327.] នេះរួមបញ្ចូលទាំងការសម្រេចចិត្តទៅលើប្រភេទចំណាត់ថ្នាក់នៃការដាក់បញ្ចូលក្នុងការសិក្សាទូទៅ (ការអប់រំទូទៅ កម្មវិធីអ្នកជំនាញផ្នែកធនធាន ថ្នាក់រៀនពិសេសពេលថ្ងៃ និងសាលារៀនមិនមែនជាសាធារណៈ ។ល។) និងការកំណត់ទីតាំង។ អ្នកអាចចូលរួមទៅក្នងកិច្ចប្រជុំណាមួយដែលពិភាក្សាអំពីការដាក់បញ្ចូលទៅក្នុងការសិក្សានេះ។ អ្នកក៏អាចមានសិទ្ធិផងដែរក្នុងការទទួលបានព័ត៌មានជាក់លាក់យ៉ាងច្រើនតាមដែលអាចធ្វើបានអំពីការដាក់បញ្ចូលដែលបានណែនាំ នៅអំឡុងពេលនៃកិច្ចប្រជុំកម្មវិធី IEP របស់អ្នក និងក្នុងការចុះសួរសុខទុក្ខ/តាមដានលើការដាក់បញ្ចូលទៅក្នុងការសិក្សាដែលបានស្នើឡើង ប្រសិនបើអាចធ្វើបាន។
មណ្ឌលសិក្សាធិការមួយចំនួន ប្រាប់អ្នកថាតើទីតាំងសាលា និង/ឬថ្នាក់រៀនជាក់លាក់មួយណាដែលពួកគេកំពុងណែនាំ ហើយរៀបរាប់អំពីមជ្ឈដ្ឋានទាំងនោះ។ មណ្ឌលសិក្សាផ្សេងទៀត ផ្តល់ការណែនាំអំពីប្រភេទនៃការដាក់បញ្ចូលទៅក្នុងការសិក្សាទូទៅ នៅក្នុងកិច្ចប្រជុំកម្មវិធី IEP (ឧទាហរណ៍ អ្នកជំនាញផ្នែកធនធាន ថ្នាក់រៀនពិសេសពេលថ្ងៃ) ហើយបន្ទាប់មក ការកំណត់ថ្នាក់រៀនជាក់លាក់ ត្រូវអនុវត្តទៅតាមកិច្ចប្រជុំនោះ។ ក្នុងស្ថានភាពណាមួយខាងលើ អ្នកគួរក្រើនរំឮកដល់ក្រុមការងារកម្មវិធី IEP របស់អ្នកអំពីសិទ្ធិដែលត្រូវចូលរួមក្នុងកិច្ចប្រជុំ នៅពេលដែលការដាក់បញ្ចូលកូនអ្នកទៅក្នុងការអប់រំត្រូវបានកំណត់។ [20 U.S.C. Sec. 1414(e), 34 C.F.R. Secs. 300.327 & 300.501(c); Cal. Ed. Code Secs. 56304 & 56342.5.]
(4.43) តើខ្ញុំអាចដាក់ឈ្មោះរបស់គ្រូបង្រៀនជាក់លាក់ណាមួយ ឬថ្នាក់រៀនជាក់លាក់ណាមួយទៅក្នុងកម្មវិធី IEP បានដែរឬទេ?
ទេ។ អ្នកមិនមានសិទ្ធិផ្ទាល់ខ្លួនក្នុងការកំណត់ឲ្យមណ្ឌលសិក្សាធិការផ្តល់សេវាកម្មពីបុគ្គលជាក់លាក់ណាម្នាក់ ឬនៅក្នុងថ្នាក់រៀនណាមួយឡើយ។ ប៉ុន្តែ ក្រុមការងារកម្មវិធី IEP ពិតជាមានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការធ្វើដូច្នោះបាន ដោយមានការយល់ព្រមពីមណ្ឌលសិក្សាធិការ និងឪពុកម្តាយ។ មណ្ឌលសិក្សាធិការ ត្រូវផ្តល់ជូន “រួមគ្នានូវសម្ភារៈ បុគ្គលិក ទីតាំង និងសម្ភារៈបរិក្ខារដែលចាំបាច់ដើម្បីផ្តល់សេវាកម្មបង្រៀន...ដូចមានចែងនៅក្នុងកម្មវិធីអប់រំសម្រាប់បុគ្គល...” [5 C.C.R Sec. 3042(a).] ក្រុមការងារកម្មវិធី IEP របស់កូនអ្នក ត្រូវតែពិចារណាលើកត្តាពិសេសទាំងនេះ នៅពេលកំណត់ទីតាំង និងបុគ្គលជាក់លាក់នានា។ ឧទាហរណ៍ ក្រុមការងារគួរពិចារណាលើលទ្ធភាពចូលទៅប្រើប្រាស់ និងទីតាំងថ្នាក់រៀន នៅពេលពិចារណាថាតើកម្មវិធីជាក់លាក់មួយមានលក្ខណៈជាមជ្ឈដ្ឋានរឹតបន្តឹងតិចតួចដែរឬអត់។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ គួរពិចារណាលើលក្ខណៈសម្បត្តិរបស់គ្រូ ដូចជាចំណេះដឹងលើភាសា ឬបច្ចេកទេសជាក់លាក់មួយចំនួន នៅពេលសម្រេចចិត្តទៅលើទីតាំង និងបុគ្គលិកណាមួយ។
ម្យ៉ាងវិញទៀត មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់សេវាកម្មនៅក្នុងមជ្ឈដ្ឋាន និងជាមួយអ្នកដែលអាចបំពេញនូវគោលដៅ និងវត្ថុបំណងរបស់កម្មវិធី IEP របស់កូនអ្នក។ ប្រសិនបើថ្នាក់រៀន ឬគ្រូដែលបានស្នើសុំ មិនអាចបំពេញបាននូវគោលដៅកម្មវិធី IEP របស់កូនអ្នកទេ អ្នកអាចស្នើសុំមណ្ឌលសិក្សាធិការធ្វើការផ្លាស់ប្តូរពួកគេបាន។
ក្នុងករណីភាគច្រើន អ្នកគួរអង្កេតតាមដានថ្នាក់រៀនដោយខ្លួនឯង មុនពេលឯកភាពលើការដាក់បញ្ចូលនោះ ប្រសិនបើអ្នកមានក្តីបារម្ភ។ អ្នកក៏អាចស្នើសុំឲ្យអ្នកជំនាញវិជ្ជាជីវៈផ្នែកអប់រំឯករាជ្យ ធ្វើការតាមដានលើការដាក់បញ្ចូលក្នុងការសិក្សាដែលបានណែនាំនោះផងដែរ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថាវាមានភាពសមស្រប។ ប្រសិនបើអ្នកមិនឯកភាពលើការកំណត់ថ្នាក់រៀនជាក់លាក់របស់កូនអ្នកនោះទេ ជាការល្អបំផុតត្រូវបង្ហាញប្រាប់ក្តីបារម្ភរបស់អ្នកដល់មណ្ឌលសិក្សាធិការរបស់អ្នក និងសហការគ្នាដើម្បីរៀបចំការកំណត់ថ្នាក់រៀនផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ ករណីនេះប្រហែលជាមិនអាចទៅរួចទេ ហើយអ្នកអាចនឹងត្រូវប្រើប្រាស់នីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ដែលមានផ្តល់ជូនអ្នក។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។ មណ្ឌលសិក្សាធិការ មិនអាចបង្ខំឲ្យអ្នកទទួលយកសេវាកម្ម ឬការដាក់បញ្ចូលណាមួយដោយគ្មានការយល់ព្រមរបស់អ្នកបានទេ លើកលែងតែតាមរយៈកិច្ចដំណើរការត្រឹមត្រូវច្បាប់។ [Cal. Ed. Code Sec. 56346.]
(4.44) តើកុមារដែលមានពិការភាពខុសពីគេ អាចដាក់បញ្ចូលរួមគ្នាជាក្រុមសម្រាប់ការបង្រៀននៅក្នុងថ្នាក់រៀនតែមួយបានដែរឬទេ?
បាទ/ចាស។ ការដាក់បញ្ចូលទៅក្នុងថ្នាក់រៀនក្នុងក្រុមខុសពីគេ ឬមិនស្ថិតក្នុងប្រភេទចំណាត់ថ្នាក់ដូចគេ សម្រាប់សិស្សដែលមានពិការភាព ត្រូវបានអនុញ្ញាតក្រោមច្បាប់សហព័ន្ធ ដោយសារតែ “តម្រូវការពិសេស” របស់សិស្ស ជាជាងចំណាត់ថ្នាក់ឬការកំណត់ប្រភេទពិការភាព គួរយកមកកំណត់សម្រេចចុងក្រោយលើការដាក់បញ្ចូលនេះ។ ដើម្បីជាការសមស្រប ការដាក់បញ្ចូលនេះ ត្រូវតែផ្អែកលើកម្មវិធី IEP របស់កូនអ្នក។ [34 C.F.R. Secs. 300.39 & 300.116.]
(4.45) តើកម្មវិធី IEP ត្រូវអនុវត្តនៅពេលណា?
កម្មវិធី IEP ត្រូវអនុវត្ត “ឆាប់ៗតាមដែលអាចធ្វើបាន” បន្ទាប់ពីកិច្ចប្រជុំ IEP។ គួរតែគ្មានការពន្យារពេលមិនសមស្របណាមួយនៅក្នុងការផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនោះទេ ហើយកម្មវិធី IEP ត្រូវតែបញ្ជាក់ពីកាលបរិច្ឆេទដែលបានគ្រោងទុកសម្រាប់ការផ្តួចផ្តើមបង្កើតសេវាកម្មនានា។ [34 C.F.R. Secs. 300.320(a)(7) & 300.323; Cal. Ed. Code Sec. 56344(b).] ច្បាប់នេះតម្រូវឲ្យកម្មវិធី IEP មានសុពលភាពអនុវត្ត សម្រាប់សិស្សម្នាក់ៗ នៅពេលច្បាប់ផ្តើមឆ្នាំសិក្សា។ [20 U.S.C. Sec. 1414(d)(2); 34 C.F.R. Sec. 300.323(a); Cal. Ed. Code Sec. 56344(c).]
(4.46) តើមានស្ថានភាពចំនួន នៅពេលដែលមណ្ឌលសិក្សាធិការតម្រូវឲ្យធ្វើការត្រួតពិនិត្យ និង/ឬកែសម្រួលឡើងវិញលើកម្មវិធី IEP របស់កូនខ្ញុំដែរឬទេ?
បាទ/ចាស។ ច្បាប់រដ្ឋ តម្រូវឲ្យក្រុមការងារ IEP ពិនិត្យមើលកម្មវិធី IEP របស់សិស្សយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ ត្រូវតែរៀបចំកិច្ចប្រជុំកម្មវិធី IEP ប្រសិនបើ៖
- សិស្សម្នាក់បានទទួលការវាយតម្លៃដំណាក់កាលដំបូង ឬការវាយតម្លៃឡើងវិញនៅដំណាក់កាលបន្ទាប់។
- សិស្សបង្ហាញពីភាពមិនមានការរីកចម្រើនតាមការរំពឹងទុកឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ និងនៅក្នុងកម្មវិធីសិក្សាទូទៅ ប្រសិនបើសមស្រប។ ឬ
- ឪពុកម្តាយ ឬគ្រូបង្រៀនស្នើសុំឲ្យមានកិច្ចប្រជុំមួយ ដើម្បីបង្កើត ពិនិត្យ និងកែសម្រួលសាឡើងវិញលើកម្មវិធី IEP។ [Cal. Ed. Code Sec. 56343.]
ម្យ៉ាងទៀត ច្បាប់សហព័ន្ធ តម្រូវឲ្យធ្វើការត្រួតពិនិត្យកម្មវិធី IEP យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ និងធ្វើការកែសម្រួលកម្មវិធីឡើងវិញ ប្រសិនបើមានព័ត៌មានបន្ថែមត្រូវបានផ្តល់ជូន ឬទទួលបានពីឪពុកម្តាយ ប្រសិនបើមិនបានបំពេញតម្រូវការដែលបានរំពឹងទុក ឬប្រសិនបើមានបញ្ហាផ្សេងទៀតដែលចាំបាច់ត្រូវដោះស្រាយ។ [20 U.S.C. Sec. 1414(d)(4); 34 C.F.R. Sec. 300.324(b).]
(4.47) ប្រសិនបើខ្ញុំដាក់បញ្ចូលកូនខ្ញុំទៅក្នុងការសាលារៀនឯកជន ឬសាលាសាសនាដោយខ្លួនឯង តើមណ្ឌលសិក្សាធិការត្រូវតែផ្តល់កម្មវិធី IEP និងសេវាអប់រំពិសេសដល់កូនរបស់ខ្ញុំដែរឬទេ?
ទេ។ ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះកូនអ្នកឲ្យចូលរៀននៅក្នុងសាលាឯកជន ឬសាលានៅតាមវិហាសាសនាដោយខ្លួនឯង ច្បាប់សហព័ន្ធ ផ្តល់ឲ្យសិស្សដែលមានពិការភាព និងឪពុកម្តាយរបស់ពួកគេត្រឹមតែសិទ្ធិតិចតួចប៉ុណ្ណោះ ក្នុងការទទួលបានសេវាកម្មអប់រំពិសេសនៅក្នុងស្ថានភាពទាំងនេះ។ សិស្សមានពិការភាពម្នាក់ដែល “បានដាក់បញ្ចូលដោយឪពុកម្តាយ” ទៅក្នុងសាលាឯកជន រួមទាំងសាលាសាសនាផងដែរ (ពោលគឺបានចុះឈ្មោះដោយការស្ម័គ្រចិត្ត និង “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមរបស់ក្រុមការងារ IEP) គឺគ្មានសិទ្ធិទទួលបានការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធមួយចំនួន ឬទាំងអស់ដែលគាត់អាចទទួលបាន ក្នុងករណីគាត់ចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈទេ។ [20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.]
ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ឲ្យកុមារនូវការចូលរួមទៅក្នុងកម្មវិធីអប់រំពិសេសរបស់ខ្លួន។ [34 C.F.R. Sec. 300.132.] មណ្ឌលសិក្សាធិការនោះ ត្រូវតែចំណាយថវិកាមូលនិធិសហព័ន្ធមួយចំនួនដែលខ្លួនទទួលបានសម្រាប់សិស្សផ្នែកអប់ពិសេស ទៅលើកុមារមានតម្រូវការពិសេស ដែលទទួលបានការអប់រំនៅក្នុងសាលារៀនឯកជន។ មណ្ឌលសិក្សាធិការតែម្នាក់ឯង ត្រូវកំណត់ថាតើសេវាកម្មអ្វីខ្លះដែលនឹងត្រូវផ្តល់ជូន – ឧទាហរណ៍ សេវាកម្មផ្នែកពាក្យសម្តីសម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ឬសេវាបង្រៀនចល័តផ្នែកអំណាន។ល។ តាមរយៈការចូលរួមមតិយោបល់របស់ឪពុកម្តាយ និងសាលាឯកជន (ប៉ុន្តែមិនដូចកិច្ចដំណើរការអប់រំពិសេសទេ) មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹងសេវាកម្មអប់រំដែលត្រូវផ្តល់ជូនដល់សិស្សទាំងនេះ។ [34 C.F.R. Secs. 300.137(b)(1) & (2).]
មណ្ឌលសិក្សាធិការ ត្រូវតែមានភាពយុត្តិធម៌ និងពិចារណាឲ្យបានដឹតដល់នៅក្នុងការកំណត់ពីរបៀបដែលត្រូវចំណាយចំណែកទឹកប្រាក់លើសិស្សមានពិការភាពដែលបានដាក់បញ្ចូលដោយឪពុកម្តាយទៅក្នុងការសិក្សានៅសាលាឯកជន។ មណ្ឌលសិក្សាធិការ ត្រូវតែចូលរួមនៅក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងពេញលេញជាមួយអ្នកតំណាងមកពីសាលាឯកជន និងអ្នកតំណាងរបស់ឪពុកម្តាយរបស់សិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយនោះ។ មន្ត្រីសាលាឯកជន អាចដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋលេខាធិការក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Secretary of Education) ប្រសិនបើពួកគេជឿជាក់ថាមណ្ឌលសិក្សាធិការមិនបានចូលរួមក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងពេញលេញ ឬមិនបានផ្តល់ការពិចារណាឲ្យសមស្របទៅលើការយល់ឃើញរបស់ពួកគេនោះទេ។ [20 U.S.C. Secs. 1412(a)(10)(A)(1)((I)-(V); 34 C.F.R. Secs. 300.134 - 300.136.]
មណ្ឌលសិក្សាធិការ ត្រូវតែចំណាយចំនួនទឹកប្រាក់របស់សហព័ន្ធតាមចំនួនសមមាត្រ ដែលទទួលបានដោយមណ្ឌលសិក្សាធិការ (ផ្អែកតាមចំនួនសិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយ ធៀបទៅនឹងចំនួនសិស្សដែលមានពិការភាពសរុបក្នុងមណ្ឌលសិក្សាធិការ)។ [34 C.F.R. Sec. 300.133.] ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធមិនហាមឃាត់មណ្ឌលសិក្សាធិការពីការចំណាយថវិការដ្ឋបន្ថែមទៀត សម្រាប់គោលបំណងនេះទេ [34 C.F.R. Sec. 300.133(d).] សេវាកម្មនានា អាចត្រូវផ្តល់ជូននៅក្នុងបរិវេណសាលារៀនឯកជន ព្រមទាំងសាលាសាសនាផងដែរ “ក្នុងកម្រិតមួយដែលស្របទៅតាមច្បាប់”។ ទីភ្នាក់ងារអប់រំតាមមូលដ្ឋាន មិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ [34 C.F.R. Sec. 300.139.]
នៅពេលណាសិស្សដែលមានពិការភាពត្រូវបានចុះឈ្មោះសិក្សានៅសាលាសាសនា ឬសាលាឯកជនផ្សេងៗដោយឪពុកម្តាយសិស្ស ហើយនឹងទទួលបានសេវាអប់រំ ពេលនោះមណ្ឌលសិក្សាធិការ ត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើត ពិនិត្យ និងកែប្រែសាជាថ្មីលើផែនការសេវាកម្មដែលរៀបរាប់អំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលមណ្ឌលសិក្សានឹងផ្តល់ទៅឲ្យសិស្ស ដោយសារតែសេវាកម្មដែលមណ្ឌលសិក្សាធិការបានកំណត់នោះ ខ្លួននឹងមានផ្តល់ជូន។ ផែនការសេវាកម្ម ត្រូវតែបានបង្កើត ត្រួតពិនិត្យ និងកែសម្រួលឡើងវិញដោយប្រើនីតិវិធីតែមួយដែលបានតម្រូវចាំបាច់នៅក្នុងការបង្កើតកម្មវិធី IEP។ [34 C.F.R. Secs. 300.137(c) & (b).] ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ មានដូចជាសម្ភារៈនិងបរិក្ខារនានា ត្រូវតែមិនមានពាក់ព័ន្ធនឹងសាសនា មិនមានភាពលម្អៀង និងមិនមានមនោគមន៍វិជ្ជាអ្វីឡើយ។ [34 C.F.R. Sec. 300.138(c)(2).] ប្រសិនបើការដឹកជញ្ជូនមានភាពចាំបាច់សម្រាប់សិស្សក្នុងការទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម ពេលនោះមណ្ឌលសិក្សាធិការត្រូវតែផ្តល់ការដឹកជញ្ជូនពីសាលារៀនឬផ្ទះរបស់សិស្សទៅកន្លែងណាមួយក្រៅពីសាលារៀនឯកជន និងពីទីតាំងសេវាកម្មទៅកាន់សាលារៀនឯកជន។ មណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ ថ្លៃចំណាយលើការដឹកជញ្ជូន អាចត្រូវបានរួមបញ្ចូលទៅក្នុងការគណនាថាតើមណ្ឌលសិក្សាធិការបានបំពេញតាមបន្ទុកហិរញ្ញវត្ថុរបស់ខ្លួនដែរឬអត់ នៅក្នុងការផ្តល់សេវាកម្មដល់សិស្សដែលបានដាក់បញ្ចូលក្នុងសាលារៀនឯកជនដោយឪពុកម្តាយ។ [34 C.F.R. Sec. 300.139.]
មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវផ្នែកអប់រំសម្រាប់កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាពរស់នៅក្នុងដែនសមត្ថកិច្ចតំបន់ភូមិសាស្ត្ររបស់ពួកគេផងដែរ។ ប្រសិនបើអ្នកបានដាក់កូនរបស់អ្នកទៅក្នុងសាលារៀនឯកជន ឬសាលាតាមវិហារសាសនា ដោយមិនមានការចូលរួមរបស់មណ្ឌលសិក្សាធិការរបស់អ្នកនោះទេ ពេលនោះមណ្ឌលសិក្សាធិការដែលសាលារៀនមានទីតាំងស្ថិតនៅ (ដោយមិនគិតពីតាំងលំនៅដ្ឋានរបស់អ្នកទេ) ត្រូវបន្តមានការទទួលខុសត្រូវលើការពិនិត្យតាមដានពិការភាពកុមារ (child-find) – ពោលគឺ មណ្ឌលសិក្សាធិការ ត្រូវកំណត់អត្តសញ្ញាណ និងវាយតម្លៃលើកូនរបស់អ្នកសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស។ [34 C.F.R. Sec. 300.131(f).] ដរាបណាមណ្ឌលសិក្សាធិការដែលអ្នកមានលំនៅដ្ឋានស្នាក់នៅ មានផ្តល់ជូនការអប់រំ FAPE នៅតាមសាលារៀនសាធារណៈ ពេលនោះមណ្ឌលសិក្សាធិការតម្រូវឲ្យទូទាត់សម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធសម្រាប់សិស្សណាម្នាក់ដែលឪពុកម្តាយបានដាក់បញ្ចូលទៅក្នុងសាលារៀនឯកជន។ [34 C.F.R. Sec. 300.148.] ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់បញ្ចូលទៅក្នុងសាលារៀនឯកជន ដោយមណ្ឌលសិក្សាធិការ ដើម្បីទទួលបានការអប់រំ FAPE (ទោះបីជាវាមិនអាចទៅរួចទេដែលមណ្ឌលសិក្សាធិការអាចដាក់បញ្ចូលសិស្សណាម្នាក់ទៅក្នុងសាលាសាសនាឯកជនសម្រាប់គោលបំណងនេះក៏ដោយ) ដូច្នេះ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់សេវាបង្រៀន សេវាកម្មពាក់ព័ន្ធ និងសេវាកម្មបំពេញបន្ថែម។ [34 C.F.R. Secs. 300.145 - 300.147.] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
(4.48) ប្រសិនបើខ្ញុំដាក់បញ្ចូលកូនរបស់ខ្ញុំទៅក្នុងសាលារៀនឯកជនណាមួយ តើមណ្ឌលសិក្សាធិការនឹងទូទាត់ប្រាក់សងមកខ្ញុំវិញទេ សម្រាប់ថ្លៃចំណាយទាំងនោះ? តើមានអ្វីដែលខ្ញុំគួរដឹងជាពិសេសដែរទេ មុនពេលខ្ញុំធ្វើការដាក់បញ្ចូលក្នុងការសិក្សាបែបនោះ?
ប្រសិនបើអ្នកចុះឈ្មោះកូនរបស់អ្នកទៅក្នុងសាលារៀនឯកជនជាឯកតោភាគី (ពោលគឺ ដោយគ្មានការយល់ព្រមរបស់ក្រុមការងារកម្មវិធី IEP ផ្សេងទៀត) ពេលនោះវាអាចទៅរួចដែលអ្នកអាចទទួលបានការទូទាត់សងមកវិញនូវទឹកប្រាក់ដែលអ្នកបានចំណាយ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចនឹងចាំបាច់ត្រូវបង្ហាញភស្តុតាងនៅក្នុងសវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ដែលបញ្ជាក់ថាកម្មវិធីរបស់មណ្ឌលសិក្សាធិការ មិនមានភាពសមស្រប ហើយបញ្ជាក់ថាសាលារៀនឯកជនដែលអ្នកបានជ្រើសរើស គឺមានភាពសមស្រប។ អ្នកអាចនឹងមានសិទ្ធិទទួលបានការទូទាត់សំណង បើទោះបីជាសាលារៀនឯកជនដែលអ្នកបាន “ដាក់បញ្ចូល” កូនអ្នក មិនត្រូវបានរដ្ឋទទួលស្គាល់ក៏ដោយ។ [Florence County School District v. Carter, 510 U.S. 7 (1993); Union School District v. Smith, 15 F.3d 1519 (9th Cir. 1994); 34 C.F.R. Sec. 300.148(c); Cal. Ed. Code Sec. 56175.]
អ្នកគួរតែផ្តល់ព័ត៌មានទៅដល់ក្រុមការងារកម្មវិធី IEP នៅក្នុងកិច្ចប្រជុំថ្មីៗបំផុតដែលអ្នកមានបំណងបដិសេធការផ្តល់ជូនការដាក់បញ្ចូលកូនអ្នកទៅក្នុងសាលារៀនសាធារណៈ មុនពេលដកយកកូនរបស់អ្នកចេញពីសាលារៀនសាធារណៈ។ ក្នុងកិច្ចប្រជុំដដែលនោះ អ្នកគួរតែបញ្ជាក់ផងដែរអំពីក្តីកង្វល់របស់អ្នក និងបំណងរបស់អ្នកក្នុងការចុះឈ្មោះកូនរបស់អ្នកនៅក្នុងសាលារៀនឯកជន ក្រោមការចំណាយរបស់រដ្ឋ។ បើមិនដូច្នោះទេ អ្នកអាចនឹងត្រូវបានបដិសេធមិនផ្តល់សំណងទូទាត់ទាំងស្រុង ឬផ្នែកខ្លះឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនផ្តល់ការជូនដំណឹងនៅក្នុងកិច្ចប្រជុំនោះទេ អ្នកត្រូវតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់មណ្ឌលសិក្សាធិការ យ៉ាងហោចណាស់ក្នុងរយៈពេលថ្ងៃធ្វើការ 10 ថ្ងៃ មុនពេលអ្នកដកយកកូនរបស់អ្នកចេញ។ [34 C.F.R. Sec. 300.148(d)(1); Cal. Ed. Code Sec. 56176.]
ការទូទាត់សំណង ក៏អាចនឹងត្រូវបដិសេធ ឬត្រូវបានកាត់បន្ថយផងដែរ ក្នុងករណី មុនពេលអ្នកដកយកកូនរបស់អ្នកចេញ មណ្ឌលសិក្សាធិការជូនដំណឹងដល់អ្នកអំពីគោលបំណងរបស់ខ្លួនក្នុងការវាយតម្លៃគាត់ឡើងវិញ ហើយអ្នកមិនបានប្រគល់កូនអ្នកសម្រាប់ការវាយតម្លៃនោះទេ។ [Cal. Ed. Code Sec. 56176(c); 34 C.F.R. Sec. 300.148(d)(2).]
ប្រសិនបើអ្នកមិនផ្តល់ការជូនដំណឹងចាំបាច់ ដូចបានរៀបរាប់ខាងលើ នៅក្នុងកិច្ចប្រជុំចុងក្រោយ ឬជាលាយលក្ខណ៍អក្សរក្នុងរយៈពេលថ្ងៃធ្វើការយ៉ាងតិច10 ថ្ងៃ មុនពេលដកកូនចេញនោះទេ នោះការទូទាត់សំណង មិនត្រូវកាត់ទឹកប្រាក់ ឬបដិសេធនោះទេ ក្នុងករណីដែលអ្នកមិនបានផ្តល់ដំណឹងសំខាន់ៗនោះ ដោយសារតែ៖
- វាអាចនឹងនាំមកនូវគ្រោះថ្នាក់រាងកាយដល់កុមារ។
- សាលារៀនបានរារាំងអ្នកមិនឲ្យផ្តល់ដំណឹង។ ឬ
- អ្នកមិនបានទទួលដំណឹងអំពីសិទ្ធិជាឪពុកម្តាយ ដែលអាចនឹងផ្តល់ដំណឹងឲ្យអ្នកជ្រាបអំពីការទទួលខុសត្រូវរបស់អ្នកនៅក្នុងស្ថានភាពនេះ។
ម្យ៉ាងទៀត ប្រសិនបើអ្នកមិនអាចអាន ឬសរសេរភាសាអង់គ្លេសទេ ឬអ្នកមិនផ្តល់ការជូនដំណឹងដោយសារតែវាអាចនឹងនាំមកនូវគ្រោះថ្នាក់ផ្នែកផ្លូវចិត្តធ្ងន់ធ្ងរដល់កូនរបស់អ្នក ពេលនោះមន្ត្រី ឬចៅក្រមក្នុងសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ក៏អាចសម្រេចចិត្តផ្តល់សំណងដល់អ្នកគ្រប់ចំនួន ឬផ្នែកខ្លះបានផងដែរ។ [34 C.F.R. Sec. 300.148(e); Cal. Ed. Code Sec. 56177.]
ទោះយ៉ាងណាក៏ដោយ ការផ្តល់សំណង អាចត្រូវបានបដិសេធ ឬកាត់ចំនួនទឹកប្រាក់ ប្រសិនបើមន្ត្រីតុលាការរកឃើញថាបណ្តឹងរបស់អ្នកមិនមានភាពសមស្រប។ [34 C.F.R. Sec. 300.148(d)(3); Cal. Ed. Code Sec. 56176(d).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប / ការអនុវត្តតាមច្បាប់។
(4.49) តើកម្មវិធី IEP គួរឆ្លើយតបចំពោះតម្រូវការដែលបានចងក្រងជាឯកសារជាក់ស្តែងដែរឬទេ ឬតើវាជួយសម្រួលដល់មូលនិធិ/ធនធានរបស់មណ្ឌលសិក្សាធិការដែលមានផ្តល់ជូនដែរឬទេ?
ថ្វីបើមណ្ឌលសិក្សាធិការជាច្រើនមានបន្ទុកហិរញ្ញវត្ថុក៏ពិតមែន ប៉ុន្តែមណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាអប់រំផ្អែកលើតម្រូវការអប់រំរបស់កូនអ្នក។ មណ្ឌលសិក្សាធិការ មិនអាចប្រើប្រាស់បញ្ហាសេដ្ឋកិច្ចដើម្បីបដិសេធមិនផ្តល់ឲ្យកូនអ្នកនូវសេវាកម្មដែលគាត់ត្រូវការនោះទេ។ ប៉ុន្តែ មន្ត្រីសវនាការ អាចថ្លឹងថ្លែងលើថ្លៃចំណាយរវាងការដាក់បញ្ចូលក្នុងការសិក្សាដែលសមស្របនានា។ [Cal. Ed. Code Sec. 56505(i).]
(4.50) នៅពេលពិចារណាលើការដាក់បញ្ចូលក្នុងការសិក្សា តើកូនរបស់អ្នកគួរមានភាពសមស្របក្នុងការដាក់បញ្ចូលក្នុងកម្មវិធី ឬកម្មវិធីគួរមានភាពសមស្របសម្រាប់កូនខ្ញុំ?
ការដាក់បញ្ចូលក្នុងកម្មវិធី គួរត្រូវបានកំណត់ផ្អែកលើតម្រូវការរបស់កូនអ្នកដែលមានចែងនៅក្នុងកម្មវិធី IEP របស់គាត់។ [34 C.F.R. Secs. 300.39, 300.116(b)(2) & 300.320(a)(4).] គោលបំណងរបស់ច្បាប់នោះគឺ កម្មវិធីត្រូវផ្អែកលើតម្រូវការពិសេសរបស់កូនអ្នក ជាជាងផ្អែកលើកម្មវិធីដែលមានផ្តល់ជូននៅក្នុងមណ្ឌលសិក្សាធិការ។ ប្រសិនបើកម្មវិធីមួយដែលបំពេញតាមតម្រូវការពិសេសរបស់កូនអ្នក មិនមាននោះទេ មណ្ឌលសិក្សាធិការតម្រូវឲ្យមានការធានាលើកម្មវិធីមួយ (ឧទាហរណ៍ ការកែសម្រួលកម្មវិធីដែលមានស្រាប់ ការផ្តល់ការផ្ទេរឆ្លងមណ្ឌលសិក្សាធិការ ឬការទូទាត់ប្រាក់សម្រាប់ការដាក់បញ្ចូលក្នុងសាលារៀនមិនមែនសាធារណៈ តាមការសមស្រប)។
(4.51) តើមណ្ឌលសិក្សាធិការរបស់ខ្ញុំអាចតម្រូវឲ្យទិញសម្ភារៈបរិក្ខារដែលត្រូវការចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP របស់កូនខ្ញុំដែរឬទេ?
បាទ/ចាស។ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ជូនសម្ភារៈបរិក្ខារចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP របស់កូនអ្នក។ ច្បាប់រដ្ឋ ផ្តល់ប្រាក់ដល់មណ្ឌលសិក្សាធិការ ដើម្បីទិញសម្ភារៈដែលចាំបាច់នៅក្នុងកម្មវិធី IEP សម្រាប់សិស្សដែលមានពិការភាពកម្រកើតមាន (ឧទាហរណ៍ សម្ភារៈអក្សរស្ទាបសម្រាប់សិស្សពិការភ្នែក ឬឧបករណ៍ទំនាក់ទំនងសម្រាប់សិស្សដែលមានភាពចុះខ្សោយផ្នែកភាសានិយាយ)។ សាលារៀន ក៏តម្រូវឲ្យទិញសម្ភារៈបរិក្ខារចាំបាច់ដើម្បីផ្តល់សេវាកម្មពាក់ព័ន្ធផងដែរ ដូចជាសម្ភារៈបរិក្ខារព្យាបាលមុខងារវិជ្ជាជីវៈ និងការព្យាបាលដោយចលនាជាដើម។ [Cal. Gov. Code Sec. 7575(d); Cal. Ed. Code Secs. 56363.1 & 56836.22.]
ម្យ៉ាងទៀត ច្បាប់សហព័ន្ធ តម្រូវឲ្យមណ្ឌលសិក្សាធិការធានាថាឧបករណ៍ បច្ចេកវិទ្យាជំនួយ និង/ឬសេវាកម្មនានា មានផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំពិសេស ដែលពួកគេត្រូវការពួកវាសម្រាប់ជាផ្នែកមួយនៃ៖
(1) ការអប់រំពិសេស និង/ឬសេវាកម្មពាក់ព័ន្ធ ឬ
(2) ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុងការដាក់បញ្ចូលទៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ [34 C.F.R. Sec. 300.105.]
ឧបករណ៍បច្ចេកវិទ្យាជំនួយ គឺជាវត្ថុ សម្ភារៈបរិក្ខារ ឬប្រព័ន្ធផលិតផល មិនថាទទួលបានដោយគ្មានការបញ្ជាទិញត្រឹមត្រូវតាមបែបពាណិជ្ជកម្ម មានការកែច្នៃ ឬកែតម្រូវតាមអ្នកប្រើប្រាស់នោះទេ ពោលគឺ ពួកវាត្រូវបានប្រើប្រាស់ដើម្បីបង្កើត ថែរក្សា ឬកែលម្អសមត្ថភាពមុខងាររបស់កុមារដែលមានពិការភាព។ [34 C.F.R. Sec. 300.5.] សេវាកម្មបច្ចេកវិទ្យាជំនួយ រួមមានការវាយតម្លៃ ការទិញ ការកែច្នៃ ឬជួសជុលទៅលើឧបករណ៍ណាមួយ និងការបណ្តុះបណ្តាលចាំបាច់សម្រាប់សិស្ស និងអ្នកដទៃដើម្បីប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព។ [34 C.F.R. Sec. 300.6.] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
(4.52) តើកូនរបស់ខ្ញុំអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយដែលបានទិញតាមសាលារៀនមកប្រើប្រាស់នៅផ្ទះ ឬនៅមជ្ឈដ្ឋានក្រៅសាលារៀនផ្សេងទៀតបានដែរឬទេ?
បាទ/ចាស។ មណ្ឌលសិក្សាធិការ ត្រូវតែអនុញ្ញាតឲ្យកុមារម្នាក់ដែលមានពិការភាពប្រើប្រាស់បច្ចេកវិទ្យាជំនួយទិញតាមសាលារៀនមកប្រើប្រាស់នៅផ្ទះ ឬនៅក្នុងមជ្ឈដ្ឋានផ្សេងទៀត ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់ថាកុមារនោះត្រូវការប្រើប្រាស់ឧបករណ៍ទាំងនោះក្នុងមជ្ឈដ្ឋានក្រៅសាលារៀន ដើម្បីទទួលបានការអប់រំសមស្រប (ឧទាហរណ៍ ដើម្បីបំពេញលំហាត់នៅផ្ទះ)។
ឧបករណ៍បច្ចេកវិទ្យាជំនួយ ត្រូវតែផ្តល់ជូនដល់ឪពុកម្តាយដោយឥតគិតថ្លៃ។ ឪពុកម្តាយមិនត្រូវបានគិតថ្លៃសម្រាប់ការប្រើប្រាស់ ឬការខូចសិករេចរឹលធម្មតានោះទេ។ [34 C.F.R. Sec. 300.105.]
(4.53) តើខ្ញុំអាចថតសំឡេងកិច្ចប្រជុំបានទេ?
បាទ/ចាស។ ឪពុកម្តាយ អាចប្រើប្រាស់ម៉ាស៊ីនថតសំឡេងដើម្បីថតកិច្ចប្រជុំកម្មវិធី IEP ណាមួយ បើទោះបីជាគ្មានការអនុញ្ញាតពីមណ្ឌលសិក្សាធិការក៏ដោយ ដរាបណាឪពុកម្តាយផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការ ក្នុងរយៈពេល 24 ម៉ោង អំពីគោលបំណងក្នុងការថតសំឡេងនោះ។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចថតសំឡេងកិច្ចប្រជុំណាមួយបាន ដោយមានការជូនដំណឹងក្នុងរយៈពេល 24 ម៉ោងដល់ឪពុកម្តាយ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ មិនអាចថតសំឡេងកិច្ចប្រជុំបានទេ ប្រសិនបើឪពុកម្តាយបដិសេធ។ ប្រសិនបើឪពុកម្តាយបដិសេធចំពោះការថតសំឡេងរបស់មណ្ឌលសិក្សាធិការ ពេលនោះនឹងអាចគ្មានការសំឡេងកិច្ចប្រជុំ ទាំងខាងភាគីមណ្ឌលសិក្សាធិការ និងភាគីខាងឪពុកម្តាយ។ [Cal. Ed. Code Sec. 56341.1(g)(1).]
ក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ការថតសំឡេងដែលធ្វើឡើងដោយមណ្ឌលសិក្សាធិការ ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌរក្សាការសម្ងាត់នៃច្បាប់ស្តីពីសិទ្ធិឯកជនភាព និងសិទ្ធិអប់រំគ្រូសារ (Family Educational Rights and Privacy Act) ឆ្នាំ1974។ [20 U.S.C. Secs. 1232g(a)(4) & (b)(2); 34 C.F.R. Secs. 300.610 - 300.626; Cal. Ed. Code Sec. 56341.1(g)(2).] ម្យ៉ាងទៀត អ្នកអាចមានសិទ្ធិ៖
- ពិនិត្យ និងតាមដានការថតខ្សែអាត់សំឡេងដែលធ្វើឡើងដោយមណ្ឌល សិក្សាធិការ។
- ស្នើសុំឲ្យធ្វើការកែប្រែការថតខ្សែអាត់សំឡេងនោះ ប្រសិនបើអ្នកគិតថាពួកវាមានព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ឬរំលោភបំពានលើសិទ្ធិឯកជនភាព ឬសិទ្ធិផ្សេងទៀតរបស់បុគ្គលដែលមានតម្រូវការពិសេស។ និង
- តវ៉ាជំទាស់នៅក្នុងសវនាការចំពោះព័ត៌មានដែលអ្នកគិតថាមិនត្រឹមត្រូវ មិនពិត ឬបំពានលើសិទ្ធិឯកជនភាព និងសិទ្ធិបុគ្គល ឬសិទ្ធិដទៃផ្សេងទៀត។ [34 C.F.R. Secs. 99.10 - 99.22; Cal Ed. Code Sec. 56341.1(g)(2)(A) & (B).]
(4.54) តើមានអ្វីកើតឡើង បើអ្នកចូលរួមនៅក្នុងកិច្ចប្រជុំកម្មវិធី IEP របស់ខ្ញុំប្រើប្រាស់ពាក្យ ឬពាក្យកាត់ដែលខ្ញុំមិនយល់?
អ្នកមានសិទ្ធិចូលរួមពេញលេញនៅក្នុងកិច្ចដំណើរការកម្មវិធី IEP។ [34 C.F.R. Sec. 300.322.] មិនអនុញ្ញាតឲ្យកិច្ចប្រជុំដំណើរការទៅមុខឡើយ រហូតទាល់តែអ្នកយល់ពេញលេញពីអ្វីដែលកំពុងនិយាយ។ បញ្ឈប់កិច្ចប្រជុំ សួរថាតើពាក្យដែលពិបាកយល់ ឬពាក្យបច្ចេកទេសនោះមានន័យដូចម្តេច ហើយបន្តសួររហូតដល់អ្នកទុកចិត្តថាអ្នកយល់ពីអត្ថន័យទាំងនោះ។ មិនអនុញ្ញាតឲ្យពាក្យទាំងនោះ បង្កការគំរាមកំហែងដល់អ្នកទេ។ ឪពុកម្តាយជាច្រើន មិនយល់ពាក្យកាត់ ឬពាក្យបច្ចេកទេសអប់រំផ្សេងៗទេ។ ការសួរសំណួរ គឺជាការបង្ហាញថាអ្នកមានក្តីកង្វល់សមស្របពាក់ព័ន្ធនឹងការបង្កើតកម្មវិធីអប់រំសមស្របសម្រាប់កូនរបស់អ្នក។ ប្រសិនបើអ្នកមិនយល់ដឹងពេញលេញពីខ្លឹមសាររបស់កម្មវិធី IEP របស់កូនអ្នកទេ អ្នកអាចនឹងមិនមានលទ្ធភាពផ្តល់ជូននូវការយល់ព្រមដោយមានព័ត៌មានគ្រប់គ្រាន់សម្រាប់ការផ្តល់ជូនសេវាកម្ម តាមច្បាប់តម្រូវ។ [34 C.F.R. Sec. 300.300(b)(1).]
(4.55) តើមណ្ឌលសិក្សាធិការអាចប្រើប្រាស់កម្មវិធី IEP ពង្រាង ឬកម្មវិធី IEP ដែលបង្កើតឡើងដោយកុំព្យូរទ័របានដែរឬទេ?
បាទ/ចាស មណ្ឌលសិក្សាធិការអាចប្រើប្រាស់កម្មវិធី IEP ពង្រាង ឬកម្មវិធី IEP បង្កើតឡើងដោយកុំព្យូទ័របាន។ ប៉ុន្តែ ច្បាប់មិនអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការបង្ហាញកម្មវិធី IEP ដែលបានសរសេរគ្រោងបញ្ចប់ សម្រាប់ការអនុម័ត ដោយមិនមានការពិភាក្សាពេញលេញអំពីតម្រូវការកូនរបស់អ្នកនោះទេ។ នេះអាចនឹងរំលោភបំពានលើសិទ្ធិរបស់អ្នក ក្នុងការចូលរួមទៅក្នុងកិច្ចដំណើរការកម្មវិធី IEP។ [34 C.F.R. Sec. 300.322.] ជួនកាល ដើម្បីសន្សំសំចៃពេលវេលា បុគ្គលិកសាលារៀន ត្រូវត្រៀមរៀបចំគោលដៅដែលបានស្នើឡើង ឬជួបជាមួយឪពុកម្តាយនៅមុនកិច្ចប្រជុំកម្មវិធី IEP។ នេះត្រូវបានអនុញ្ញាតតែពេលណាដែលវាមិនរារាំងសមាជិកក្រុមការងារ (ជាពិសេសឪពុកម្តាយ) ពីការផ្តល់មិតយោបល់ចូលរួមប៉ុណ្ណោះ។ កម្មវិធី IEP ពង្រាង អាចមានអត្ថប្រយោជន៍ មិនថាបានរៀបចំដោយអ្នក ឬដោយមណ្ឌលសិក្សាធិការទេ ដរាបណាវាត្រូវបានយកមកពិភាក្សា និងកែសម្រួលតាមការចង់បាន នៅក្នុងកិច្ចប្រជុំ។
ដូចគ្នាទៅនឹងកម្មវិធី IEP សរសេរដោយដៃដែរ កម្មវិធី IEP ដែលបង្កើតឡើងដោយប្រព័ន្ធកុំព្យូទ័រ មិនអាចបញ្ចប់ឲ្យហើយជាមុនបានទេ ហើយត្រូវតែសម្របតាមបុគ្គល ឬកែសម្រួលនៅក្នងកិច្ចប្រជុំកម្មវិធី IEP ដើម្បីដោះស្រាយជាក់លាក់រាល់បញ្ហាតម្រូវការទាំងអស់របស់កូនអ្នក។ សូមប្រាកដថាគោលដៅ វត្ថុបំណង និងភាសាផ្សេងទៀតដែលរក្សាទុកនៅក្នុងកុំព្យូទ័រនោះ ឬពាក្យនៅក្នុងតារាងមែនុយ (pull-down menu) ទាំងនោះមិនមែនជាផ្នែកមួយនៃកម្មវិធី IEP ដែលបានបង្កើតឡើងដោយស្វ័យប្រវត្តិនោះទេ។ ភាសា ឬការពិពណ៌នាដែលប្រើប្រាស់នៅក្នុងកម្មវិធី IEP គួរផ្តោតជាក់លាក់ទៅលើតម្រូវការ និងសេវាកម្មបុគ្គលរបស់កូនអ្នក។
ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចនឹងមិនបដិសេធការរួមបញ្ចូលគោលដៅដែលបានស្នើសុំ សេវាកម្ម ឬការពិពណ៌នាអំពីសេវាកម្មនៅក្នុងកម្មវិធី IEP សម្រាប់មូលហេតុដូចជា៖ (1) វាមិនបង្ហាញនៅក្នុងតារាងមែនុយ (pull-down menu) (2) មិនមាន “ហ្វៀល (field)” សមស្របនៅក្នុងទម្រង់តាមប្រព័ន្ធកុំព្យូទ័រ ឬ (3) មិនមានចន្លោះគ្រប់គ្រាន់នៅលើទម្រង់នោះ។ សេចក្តីបន្ថែមសរសេរដោយដៃ ឬតាមប្រព័ន្ធកុំព្យូទ័រ អាចដាក់បន្ថែមទៅក្នុងកម្មវិធី IEP ជានិច្ច។ ការបដិសេធរបស់មណ្ឌលសិក្សាធិការក្នុងការអនុញ្ញាតឲ្យមានការចូលរួមមតិយោបល់របស់អ្នក គឺបំផ្លាញសិទ្ធិរបស់អ្នកក្នុងការចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP។
(4.56) តើនរណាទទួលខុសត្រូវចំពោះការអនុវត្តកម្មវិធី IEP របស់កូនអ្នក?
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ផ្តល់ទៅឲ្យមណ្ឌលសិក្សាធិការនូវការទទួលខុសត្រូវដោយផ្ទាល់សម្រាប់ការផ្តល់សេវាកម្មនៅក្នុងកម្មវិធី IEP របស់សិស្ស និងសម្រាប់ធានាថាមានជម្រើសកម្មវិធីតាមលំដាប់ថ្នាក់ ដើម្បីបំពេញតម្រូវការរបស់សិស្សពួកគេ។ [Cal. Ed. Code Sec. 56360.] ក្រោមច្បាប់សហព័ន្ធ នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) មានការទទួលខុសត្រូវចុងក្រោយសម្រាប់ធានាថានីតិវិធីចាំបាច់នានា ត្រូវបានអនុវត្ត ហើយថាសិស្សត្រូវទទួលបានសេវាកម្មអប់រំចាំបាច់នានា ស្របទៅតាមកម្មវិធី IEP របស់ពួកគេ។ [34 C.F.R. Sec. 300.600.] ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ ឬធ្វេសប្រហែសមិនគោរពច្បាប់ ក្នុងការផ្តល់ការអប់រំ FAPE ដល់សិស្សមានពិការភាពណាម្នាក់ នោះនាយកដ្ឋាន CDE ត្រូវទទួលខុសត្រូវដោយផ្ទាល់ក្នុងការផ្តល់សេវាកម្មចាំបាច់នានា។ [20 U.S.C. Secs. 1412(a)(11) & 1413(g); 34 C.F.R. Sec. 300.227.]
ប្រសិនបើកូនរបស់អ្នកត្រូវបានចុះឈ្មោះនៅក្នុងសាលារៀនមិនមែនសាធារណៈ នោះមណ្ឌលសិក្សាធិការ (តាមឆន្ទានុសិទ្ធិខ្លួន) អាចនឹងផ្តល់ទៅឲ្យសាលារៀនមិនមែនសាធារណៈនោះនូវការទទួលខុសត្រូវលើការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងអនុវត្តកម្មវិធី IEP។ ប៉ុន្តែ បើទោះបីជាមណ្ឌលសិក្សាធិការផ្តល់ជូនកិច្ចប្រជុំទាំងនេះក្តី ក៏ការទទួលខុសត្រូវសម្រាប់ការអនុវត្តតាមច្បាប់អប់រំពិសេស នៅតែបន្តស្ថិតនៅជាមួយមណ្ឌលសិក្សាធិការដដែល។ [Cal. Ed. Code Sec. 56383.]
(4.57) តើមណ្ឌលសិក្សាធិការអាចនឹងតម្រូវឲ្យខ្ញុំប្រើប្រាស់ការធានារ៉ាប់រងវេជ្ជសាស្ត្ររបស់ខ្ញុំ ដើម្បីទូទាត់ផ្នែកណាមួយនៃកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំដែរឬទេ?
ទេ។ មណ្ឌលសិក្សាធិការ ត្រូវតែទទួលបានការយល់ព្រមជាលាយលក្ខណ៍របស់អ្នក មុនពេលមណ្ឌលអាចប្រើប្រាស់ការធានារ៉ាប់រងឯកជន ដើម្បីទូទាត់ថ្លៃចំណាយអប់រំពិសេសណាមួយសម្រាប់កូនរបស់អ្នក។ នៅពេលមណ្ឌលសិក្សាធិការស្នើសុំការយល់ព្រម មណ្ឌលត្រូវប្រាប់អ្នកថាការបដិសេធរបស់អ្នកទៅលើការយល់ព្រមនេះ មិនអាចដោះបន្ទុកមណ្ឌលសិក្សាធិការឲ្យរួចផុតពីការទទួលខុសត្រូវក្នុងការផ្តល់ការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធឡើយ។ ប្រសិនបើអ្នកយល់ស្របក្នុងការប្រើប្រាស់ការធានារ៉ាប់រងរបស់អ្នកផ្សេងទៀតផ្ទុយពីនេះ — មិនថាជាការធានារ៉ាប់រងឯកជន ឬសាធារណៈនោះទេ — លើកលែងតែក្នុងករណីដែលអ្នកចាំបាច់ត្រូវបង់ប្រាក់ធានារ៉ាប់រងបង់មុន ឬសហបង់ប្រាក់ ដូច្នេះមណ្ឌលសិក្សាធិការអាចនឹងប្រើប្រាស់ថវិការបស់ខ្លួនដើម្បីទូទាត់ប្រាក់ធានារ៉ាប់រងត្រូវបង់មុន ឬសហបង់ប្រាក់បាន។
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ពិតជាអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់ការធានារ៉ាប់រងសាធារណៈ ឬឯកជនដើម្បីជួយទូទាត់ថ្លៃចំណាយលើការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធ នៅក្នុងស្ថានភាពជាក់លាក់ណាមួយ។ [34 C.F.R. Secs. 300.154(d-f); Cal. Ed. Code Sec. 56363.5.]
កុមារដែលមានសិទ្ធិទទួលបានការធានារ៉ាប់រងសាធារណៈ ដូចជា Medi-Cal ជាដើម មិនអាចតម្រូវឲ្យចុះឈ្មោះនៅក្នុងផែនការធានារ៉ាប់រងនេះ ដោយគ្រាន់តែដើម្បីឲ្យមណ្ឌលសិក្សាធិការអាចប្រើប្រាស់ Medi-Cal ដើម្បីទូទាត់សេវាកម្មនោះទេ។ អ្នកដែលបានចុះឈ្មោះរួចហើយនៅក្នុង Medi-Cal មិនអាចរ៉ាប់រងលើការចំណាយប្រាក់ហោប៉ៅផ្ទាល់ខ្លួន ដូចជាការទូទាត់ប្រាក់ធានារ៉ាប់រងត្រូវបង់មុន ឬសហបង់ប្រាក់ជាដើម សម្រាប់សេវាកម្មដែលជាផ្នែកមួយនៃការអប់រំសមស្របរបស់សិស្សនោះទេ។ ប៉ុន្តែ សាលារៀនអាចនឹងបង់ប្រាក់ធានារ៉ាប់រងត្រូវបង់មុន ឬសហបង់ប្រាក់ទាំងនោះ និងជៀសវាងបញ្ហាទាំងអស់នេះបាន។ ការធានារ៉ាប់រងសាធារណៈ មិនអាចប្រើប្រាស់បានទេ ប្រសិនបើការធានារ៉ាប់រងនេះ៖
- កាត់បន្ថយការរ៉ាប់រងពេញមួយជីវិតដែលមានផ្តល់ជូន ឬអត្ថប្រយោជន៍ធានារ៉ាប់រងផ្សេងទៀតណាមួយ។
- នាំឲ្យគ្រួសារធ្វើការទូទាត់សេវាកម្មដែលអាចរ៉ាប់រងដោយកម្មវិធី Medi-Cal ផ្សេងទៀត ឬដែលតម្រូវចាំបាច់សម្រាប់កុមារនៅក្រៅសាលារៀន។
- បង្កើនបុព្វលាភរ៉ាប់រង ឬនាំទៅរកការផ្តាច់អត្តប្រយោជន៍នានា ឬ
- ប្រឈមនឹងការបាត់បង់ការទទួលបានសិទ្ធិរបស់គាត់សម្រាប់ការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមផ្ទះ និងសហគមន៍ ផ្អែកលើការចំណាយពាក់ព័ន្ធនឹងសុខភាពទាំងអស់។ [34 C.F.R. Sec. 300.154(d)(2)(i -(iii).]
(4.58) ប្រសិនបើខ្ញុំមិនចុះហត្ថលេខាលើកម្មវិធី IEP ថ្មីនៅកិច្ចប្រជុំកម្មវិធី IEP ប្រចាំឆ្នាំ តើមណ្ឌលសិក្សាធិការអាចដកហូតសិទ្ធិទទួលបាន ឬសេវាកម្មកម្មវិធី IEP ដែលមានស្រាប់ពីកូនខ្ញុំបានដែរឬទេ?
ទេ។ កម្មវិធី IEP មិនមានផុតកាលកំណត់នោះទេ។ កម្មវិធី IEP ថ្មីមួយ ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរប្រចាំឆ្នាំ ឬញឺកញាប់ជាងនេះ ប្រសិនបើចាំបាច់ ឬតាមសំណើសុំរបស់ឪពុកម្តាយ ឬគ្រូ នៅក្នុងការដាក់ជំនួសកម្មវិធី IEP បច្ចុប្បន្ន។ ប្រសិនបើអ្នក និងមណ្ឌលសិក្សាធិការ មិនឯកភាពលើការដាក់បញ្ចូលក្នុងការសិក្សា ឬសេវាកម្មនោះទេ នោះកម្មវិធី IEP ដែលបានព្រមព្រៀង និងបានអនុវត្តចុងក្រោយ ត្រូវបន្តមានសុពលភាពអនុវត្ត។ ភាពមិនឯកភាពគ្នានេះ អាចក្លាយជាភាពលម្អៀងសម្រាប់សំណើសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។
នៅពេលណាអ្នកដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ កូនរបស់អ្នកត្រូវបន្តស្ថិតក្នុងការដាក់បញ្ចូលក្នុងការអប់រំបច្ចុប្បន្នរបស់គាត់ រហូតដល់ភាពមិនឯកភាពគ្នាត្រូវបានដោះស្រាយ។ [34 C.F.R. Secs. 300.324(b) & 300.518; Cal. Ed. Code Sec. 56505(d).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប / ការអនុវត្តតាមច្បាប់។
(4.59) តើឪពុកម្តាយចិញ្ចឹមអាចចុះហត្ថលេខាលើកម្មវិធី IEP សម្រាប់កុមារណាម្នាក់ដែលស្ថិតនៅក្នុងការមើលថែរបស់ពួកគេបានដែរឬទេ?
បាទ/ចាស។ ឪពុកម្តាយចិញ្ចឹម អាចមានតួនាទីជាឪពុកម្តាយក្នុងគោលបំណងនៃការអប់រំពិសេសសម្រាប់កុមារណាម្នាក់ដែលស្ថិតនៅក្នុងការមើលថែរបស់ពួកគេ ប្រសិនបើស្ថានភាពដូចខាងក្រោមនេះកើតមាន៖
- សិទ្ធិរបស់ឪពុកម្តាយបង្កើត ឬឪពុកម្តាយស្មុំកូន នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តអប់រំសម្រាប់កុមារនោះ ត្រូវបានដកហូតដោយតុលាការ និង
- ឪពុកម្តាយចិញ្ចឹម មិនមានផលប្រយោជន៍អ្វីដែលអាចនឹងមានទំនាស់ជាមួយនឹងផលប្រយោជន៍របស់កុមារ។
ប្រសិនបើដើរតួនាទីជាឪពុកម្តាយ ឪពុកម្តាយចិញ្ចឹមមានសិទ្ធិគ្រប់យ៉ាង ដែលឪពុកម្តាយបង្កើត ឬឪពុកម្តាយស្មុំកូនអាចមាន នៅក្នុងកិច្ចដំណើរការអប់រំពិសេស រួមទាំងលទ្ធភាពក្នុងការផ្តួចផ្តើមបញ្ជូនបន្តសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសរបស់កូនចិញ្ចឹមរបស់ពួកគេ និងចុះហត្ថលេខាលើកម្មវិធី IEP សម្រាប់សិស្សណាម្នាក់។ [34 C.F.R. Sec. 300.30(a)(2); Cal. Ed. Code Secs. 56028(a)(2), 56055 & 56029(c).]
ឪពុកម្តាយចិញ្ចឹម ក៏អាចត្រូវបានមណ្ឌលសិក្សាធិការ ឬតុលាការ ចាត់តាំងឲ្យធ្វើជា “ឪពុកម្តាយជំនួស” ដើម្បីអនុវត្តសិទ្ធិអប់រំសម្រាប់កុមារនៅក្នុងបន្ទុកមើលថែរបស់ពួកគេ។ នៅពេលជ្រើសរើសឪពុកម្តាយជំនួស មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់អាទិភាពមុនគេដល់ឪពុកម្តាយចិញ្ចឹម អ្នកមើលថែដែលជាសាច់ញាតិ ឬអ្នកតស៊ូមតិពិសេសដែលបានចាត់តាំងដោយតុលាការ (CASA)។ [Cal. Gov. Code Secs. 7579.5(b).]
(4.60) តើសិទ្ធិជាឪពុកម្តាយអ្វីខ្លះដែលឪពុកម្តាយជំនួសទទួលបាននៅក្នុងកិច្ចប្រជុំកម្មវិធី IEP?
នៅពេលណាឪពុកម្តាយជំនួសម្នាក់ ត្រូវបានជ្រើសរើសដោយមណ្ឌលសិក្សាធិការមកដើរតួនាទីជំនួសមុខឲ្យកុមារដែលមានពិការភាព នៅក្នុងកិច្ចដំណើរការអប់រំពិសេសនោះ គាត់ត្រូវបំពេញតួនាទីជាឪពុកម្តាយរបស់កុមារនោះ និងមានសិទ្ធិគ្រប់យ៉ាងដែលអាចមានផ្តល់ជូនដល់ឪពុកម្តាយ។ ឪពុកម្តាយជំនួស អាចធ្វើជាតំណាងរបស់កុមារនៅក្នុងបញ្ហានានាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការធ្វើផែនការបង្រៀន និងការអភិវឌ្ឍ ការដាក់បញ្ចូលក្នុងការសិក្សា ការត្រួតពិនិត្យ និងការកែសម្រួលឡើងវិញនូវកម្មវិធី IEP និងនៅគ្រប់បញ្ហាផ្សេងទៀតទាំងអស់ដែលពាក់ព័ន្ធនឹងការផ្តល់ការអប់រំ FAPE។ ឪពុកម្តាយជំនួស អាចផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរដល់កម្មវិធី IEP រួមទាំងសេវាវេជ្ជសាស្ត្រមិនសង្គ្រោះបន្ទាន់ សេវាព្យាបាលសុខភាពផ្លូវចិត្ត និងសេវាព្យាបាលមុខងារវិជ្ជាជីវៈ និងការព្យាបាលដោយចលនា។ សរុបសេចក្តីមក ឪពុកម្តាយជំនួស អាចផ្តល់ ឬដកហូតការយល់ព្រមណាមួយដែលពាក់ព័ន្ធនឹងកម្មវិធី IEP របស់សិស្ស។ [34 C.F.R. Secs. 300.30 & 300.519; Cal. Gov. Code Sec. 7579.5(d).]
(4.61) តើកូនរបស់ខ្ញុំអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម “ឆ្នាំសិក្សាបន្ថែម” (ESY) បានដែរឬទេ?
បទប្បញ្ញត្តិសហព័ន្ធ កំណត់និយមន័យសេវាកម្មឆ្នាំសិក្សាបន្ថែម (ESY) ថាជា “ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ … ដែលត្រូវបានផ្តល់ជូនដល់កុមារដែលមានពិការភាព … លើសពីឆ្នាំសិក្សាធម្មតារបស់ទីភ្នាក់ងារសាធារណៈ … ស្របទៅតាមកម្មវិធី IEP របស់កុមារ...” ទាំងនេះ ត្រូវតែផ្តល់ជូនដោយឥតគិតថ្លៃចំពោះឪពុកម្តាយ ហើយត្រូវតែបំពេញតាមស្តង់ដារបស់រដ្ឋ។ [34 C.F.R. Sec. 300.106(b).] ក្រោមច្បាប់រដ្ឋ សិស្សម្នាក់ត្រូវតែបំពេញលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានសម្រាប់សេវាកម្ម ESY ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សិស្សត្រូវតែបង្ហាញ៖
- ពិការភាពរបស់គាត់ “អាចនឹងបន្តដោយឥតកំណត់ ឬក្នុងរយៈពេលវែង។
- ការរំខានលើកម្មវិធីអប់រំរបស់គាត់ អាចបណ្តាលឲ្យមានការវិវឌ្ឍថយក្រោយ។
- សមត្ថភាពក្នុងការទាមទារសិទ្ធិមានកម្រិត និង
- កត្តាខាងលើ គឺ “មិនអាចប្រព្រឹត្តទៅ ឬមិនអាចកើតមាន” នោះទេ ការដែលគាត់នឹងទទួលបានការទ្រទ្រង់ជីវិតខ្លួនឯង ឬមានឯករាជ្យភាព ដោយគ្មានសេវាកម្ម ESY នោះ។
ប៉ុន្តែ “កង្វះភស្តុតាងច្បាស់លាស់” នៃកត្តាខាងលើ អាចនឹងមិនយកមកប្រើប្រាស់ដើម្បីបដិសេធឆ្នាំសិក្សា ESY របស់សិស្សនោះទេ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់លើតម្រូវការចាំបាច់សម្រាប់កម្មវិធីណាមួយ ហើយវាត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP។ [5 C.C.R. Sec. 3043.]
នៅពេលសរសេរកម្មវិធី IEP ជាលាយលក្ខណ៍អក្សរ សំខាន់បំផុតត្រូវយល់ថាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលផ្តល់ទៅឲ្យកូនអ្នកអំឡុងពេលឆ្នាំសិក្សាបន្ថែម ត្រូវតែ “មានស្តង់ដា វិសាលភាព និងគុណភាពប្រហាក់ប្រហែលទៅនឹងកម្មវិធីអប់រំពិសេសដែលបានផ្តល់ជូនអំឡុងឆ្នាំសិក្សាធម្មតា”។ [5 C.C.R. Sec. 3043(f)(2).] លើសពីនេះទៀត បទប្បញ្ញត្តិសហព័ន្ធចែងថាមណ្ឌលសិក្សាធិការ អាចនឹងមិនត្រូវ “កំណត់សេវាកម្មឆ្នាំសិក្សាបន្ថែម ត្រឹមកម្រិតប្រភេទចំណាត់ថ្នាក់ជាក់លាក់ណាមួយនៃពិការភាព ឬ … កំណត់ជាឯកតោភាគីលើប្រភេទ បរិមាណ ឬរយៈពេលនៃសេវាកម្មទាំងនោះ” ឡើយ។ [34 C.F.R. Sec. 300.106(a)(3).]
(4.62) តើកូនរបស់ខ្ញុំអាចទទួលបានសេវាកម្ម ESY លើសពីចំនួនសប្តាហ៍កំណត់ ដែលត្រូវបានផ្តល់ជូនជាធម្មតាដោយមណ្ឌលសិក្សាធិការបានដែរឬទេ?
គ្មានដែនកំណត់ណាមួយនៅក្នុងច្បាប់សហព័ន្ធនិងរដ្ឋ ទៅលើរយៈពេល និងម៉ោងសិក្សានៃឆ្នាំសិក្សាបន្ថែមនោះទេ។ ផ្ទុយទៅវិញ បទប្បញ្ញត្តិសហព័ន្ធ កំណត់និយមន័យជាក់លាក់ទៅលើឆ្នាំសិក្សាបន្ថែមថាជា “រយៈពេលចន្លោះរវាងការបិទបញ្ចប់ឆ្នាំសិក្សាណាមួយ និងការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់”។ [5 C.C.R. Sec.
(4.63) កូនរបស់ខ្ញុំត្រូវបានដាក់បញ្ចូលទៅក្នុងថ្នាក់រៀនធម្មតានៅអំឡុងឆ្នាំសិក្សាធម្មតា។ តើការរៀបចំកម្មវិធីរួមបញ្ចូលគ្នានេះអាចផ្តល់ជូនអំឡុងឆ្នាំសិក្សាបន្ថែមដែរឬទេ?
ប្រសិនបើកម្មវិធីសាលានៅរដូវក្តៅធម្មតា មានផ្តល់ជូនដល់សិស្សដែលមិនមានពិការភាពនៅក្នុងមណ្ឌលសិក្សារបស់អ្នក និងប្រសិនបើកម្មវិធី IEP របស់កូនអ្នករួមបញ្ចូលទៅក្នុងថ្នាក់រៀនធម្មតាអំឡុងឆ្នាំសិក្សាធម្មតា នោះសេវាកម្មទាំងអស់នោះ ត្រូវតែផ្តល់ជូននៅអំឡុងឆ្នាំសិក្សាបន្ថែម។ [5 C.C.R. Sec. 3043(g).] ពុំនោះសោត ទីភ្នាក់ងារអប់រំសាធារណៈ មិនតម្រូវឲ្យបំពេញនូវសមាសភាគនៃកម្មវិធី IEP នោះទេ ប្រសិនបើគ្មានកម្មវិធីសិក្សានៅរដូវក្តៅធម្មតាណាមួយ ត្រូវបានផ្តល់ជូនដោយទីភ្នាក់ងារនោះទេ។
(4.64) តើសិស្សដែលបានចុះឈ្មោះនៅក្នុងសាលាឆាទ័រ (charter school) មានសិទ្ធិសម្រាប់ការអប់រំពិសេសដែរឬទេ?
បាទ/ចាស។ កុមារមានពិការភាព ដែលចូលរៀននៅសាលាឆាទ័រសាធារណៈ ទទួលបានរាល់សិទ្ធិអប់រំពិសេសទាំងអស់ដែលមានផ្តល់ជូនក្រោមច្បាប់សហព័ន្ធនិងរដ្ឋ។ សាលាឆាទ័រ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីអប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ អាចនឹងមានរៀបចំឡើងតាមលក្ខណៈដូចខាងក្រោមនេះ៖
- ប្រសិនបើសាលាឆាទ័រ ជាផ្នែកមួយនៃមណ្ឌលសិក្សាធិការមូលដ្ឋាន នោះមណ្ឌលសិក្សាធិការ គឺជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ទៅដល់សិស្សទាំងអស់ដែលមានសិទ្ធិទទួលបាន។
- ប្រសិនបើសាលាឆាទ័រ ជារបស់មណ្ឌលសិក្សាធិការផ្ទាល់ ដូច្នេះសាលាឆាទ័រត្រូវទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស ហើយត្រូវតែអនុវត្តតាមរាល់ច្បាប់លក្ខន្តិក និងនីតិវិធីរបស់រដ្ឋនិងសហព័ន្ធទាំងអស់។
- ប្រសិនបើវាជារបស់មណ្ឌលសិក្សាធិការផ្ទាល់ សាលាឆាទ័រអាចនឹងចុះកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការ ឬអ្នកផ្តល់សេវាកម្មដើម្បីទទួលបាន ឬផ្តល់ជូនសេវាកម្មដែលបានកំណត់ក្នុងកម្មវិធី IEP។ ឬ
- ប្រសិនបើវាមិនមែនជាផ្នែកមួយរបស់មណ្ឌលសិក្សាធិការ ឬមិនមែនជារបស់មណ្ឌលសិក្សាធិការនោះទេ នោះរដ្ឋត្រូវទទួលខុសត្រូវចំពោះការធានាឲ្យសាលាឆាទ័រ បំពេញរាល់លក្ខខណ្ឌតម្រូវលើការអប់រំពិសេសទាំងអស់។ [34 C.F.R. Sec. 300.209; Cal. Ed. Code Sec. 47646.]
(4.65) តើតម្រូវការកម្មវិធី IEP ចាំបាច់ត្រូវមានភាពជាក់លាក់យ៉ាងដូចម្តេច នៅពេលពិពណ៌នាអំពីសេវាកម្មពាក់ព័ន្ធដែលកំពុងផ្តល់ជូនដល់កូនរបស់ខ្ញុំ?
ច្បាប់សហព័ន្ធនិងរដ្ឋតម្រូវថា ប្រសិនបើសេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលពាក្យសម្តី ឬការពិគ្រោះយោបល់ផ្នែកចិត្តសាស្រ្តជាដើម ត្រូវបានណែនាំដោយក្រុមការងារកម្មវិធី IEP នោះកម្មវិធី IEP ត្រូវរួមបញ្ចូលនូវភាពញឹកញាប់ រយៈពេល និងទីតាំងនៃសេវាកម្មពាក់ព័ន្ធទាំងនោះ។ សេវាកម្ម និងកម្មវិធីនានានៅក្នុងឯកសារ IEP គួរត្រូវបានពិពណ៌នាក្នុងរបៀបមួយដែលមានភាពច្បាស់លាស់សម្រាប់អ្នកគ្រប់គ្នាដែលចូលរួមក្នុងការអភិវឌ្ឍ និងការអនុវត្តកម្មវិធី IEP រួមទាំងឪពុកម្តាយផងដែរជាពិសេស។
កម្មវិធី IEP គួរតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់តាមដែលអាចធ្វើបាន។ ប្រសិនបើសេវាកម្មមិនត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP នោះទេ ដូច្នេះវាមិនមែនជាសេវាកម្មចាំបាច់ណាមួយនោះទេ។ អ្នកក៏គួរតែរួមបញ្ចូលផងដែរថាសេវាកម្មនេះនឹងត្រូវផ្តល់ជូនជាលក្ខណៈបុគ្គល ឬជាក្រុម។ អ្នកថែមទាំងអាចពិពណ៌នាផងដែរថាតើមានសិស្សប៉ុន្មាននាក់ ដែលគួរត្រូវបានរួមបញ្ចូលនៅក្នុងការងារនេះ។ ឧទាហរណ៍ ប្រសិនបើសិស្សម្នាក់ត្រូវទទួលបានសេវាកម្មផ្នែកពាក្យសម្តី និងភាសា នោះកម្មវិធី IEP គួររួមបញ្ចូលនូវសេចក្តីបញ្ជាក់ដូចជា “សិស្សនឹងទទួលបានសេវាកម្មផ្នែកពាក្យសម្តីនិងភាសាជាក្រុមមួយដែលមានសិស្សមិនលើសពី 3 នាក់ [ឬជាលក្ខណៈបុគ្គល]” 3 ដងក្នុងមួយសប្តាហ៍ (ភាពញឹកញាប់) 30 នាទី (រយៈពេល) នៅក្នុងថ្នាក់ព្យាបាលពាក្យសម្តី [ឬនៅក្នុងថ្នាក់អប់រំពិសេស ឬថ្នាក់អប់រំទូទៅ] (ទីតាំង)”។
ការប្រើប្រាស់ឧទាហរណ៍ផ្នែកពាក្យសម្តី និងភាសាតែមួយដូចខាងលើ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នករួមបញ្ចូលនូវសេចក្តីបញ្ជាក់ “90 នាទីប្រចាំសប្តាហ៍” នៅពេលរៀបរាប់អំពីសេវាកម្មផ្នែកពាក្យសម្តីនិងភាសា ពេលនោះវាមិនបានបំពេញតាមលក្ខណៈតម្រូវស្តីពីភាពញឹកញាប់/រយៈពេលនោះទេ។ គ្មានភាពញឹកញាប់ គ្មានរយៈពេល និងគ្មានទីតាំងណាមួយ ត្រូវបានចែងបញ្ជាក់នៅក្នុងកម្មវិធី IEP នោះទេ។ ប្រសិនបើការរៀបរាប់បន្តិចបន្តួចនេះត្រូវបានស្នើឡើងដោយមណ្ឌលសិក្សាធិការ នោះអ្នកគួរស្នើសុំឲ្យមណ្ឌលសិក្សាធិការរួមបញ្ចូលនូវភាពញឹកញាប់/រយៈពេល/ទីតាំង ដូចដែលបានកំណត់ដោយច្បាប់។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ អ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE)។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។