បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារបស់កូនអ្នក ឬដល់កុមារដទៃ ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារកម្មវិធី IEP ធ្វើការពិចារណាថាតើការគាំទ្រផ្នែកអាកប្បកិរិយា យុទ្ធសាស្រ្ត និងសេវាកម្មបែបណាដែលចាំបាច់ត្រូវផ្តល់ជូន ដើម្បីឲ្យកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ [34 C.F.R. Sec. 300.324(a)(2),(b)(2).] ប្រសិនបើអ្នកមានក្តីកង្វល់អំពីអាកប្បកិរិយាកូនរបស់អ្នកនៅក្នុងសាលា សូមសរសេរលិខិតមួយច្បាប់ទៅកាន់សាលារបស់កូនអ្នក ដោយស្នើសុំឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃអាកប្បកិរិយាកូនរបស់អ្នក ហើយផ្តល់ដំណឹងដល់ពួកគេអំពីភារកិច្ចរបស់ពួកគេដែលត្រូវមានគោលដៅ និងសេវាកម្មពាក់ព័ន្ធនឹងតម្រូវការផ្នែកអាកប្បកិរិយារបស់កូនអ្នក នៅក្នុងកម្មវិធី IEP របស់គាត់។
មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវផ្លូវច្បាប់ក្នុងការកំណត់អត្តសញ្ញាណ និងផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការអប់រំ និងសេវាកម្ម និងការគាំទ្រដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នកកំណត់ថាចាំបាច់ដើម្បីជួយដល់កូនរបស់អ្នកទៅលើអាកប្បកិរិយារបស់គាត់នៅសាលា។ សេវានិងការគាំទ្រទាំងនេះ ត្រូវបានផ្តល់ជូនដើម្បីឲ្យកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំ និងមិនចាំបាច់ត្រូវផ្លាស់ទៅកាន់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងជាងនេះនោះទេ ដូចជានៅថ្នាក់រៀនពិសេសនៅពេលថ្ងៃ ឬកម្មវិធីបំប៉ននៅពេលថ្ងៃជាដើម។ កម្មវិធី IEP របស់កូនអ្នក គួររួមបញ្ចូលនូវរបាយការណ៍អំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និងជំនួយបំពេញបន្ថែម និងសេវាកម្មដែលត្រូវផ្តល់ជូនដល់កូនអ្នក។ នេះរួមបញ្ចូលនូវគោលដៅអាកប្បកិរិយាប្រចាំឆ្នាំដែលអាចវាស់វែងបាន ដែលបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតម្រូវការផ្នែកអាកប្បកិរិយារបស់កូនអ្នក។ [34 C.F.R. Sec. 300.320(a)(2),(4).] ប្រសិនបើអាកប្បកិរិយាកំពុងរារាំងដល់ការសិក្សារបស់កូនអ្នក ឬនៅតែបន្តកើតមានក្នុងថ្នាក់រៀនធម្មតា ឬក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច នោះកម្មវិធី IEP របស់គាត់គួរមានរបាយការណ៍អំពីសេវាគាំទ្រផ្នែកអាកប្បកិរិយាដែលគាត់ត្រូវការ។ [Cal. Ed. Code Sec. 56364.2.] របាយការណ៍នៃសេវាកម្មនេះ មានឈ្មោះថា ផែនការគាំទ្រផ្នែកអាកប្បកិរិយា (BSP) និងអាចរួមបញ្ចូលនូវបច្ចេកទេសគ្រប់គ្រងអាកប្បកិរិយា ការផ្តល់បុគ្គលិកដែលចាំបាច់ និងសេវាគាំទ្រផ្សេងទៀតដែលចាំបាច់ដើម្បីអនុវត្តគោលដៅអាកប្បកិរិយារបស់កូនអ្នក។
ប្រសិនបើសាលារៀនរបស់កូនអ្នក យល់ស្របថាកូនរបស់អ្នកមានតម្រូវការអាកប្បកិរិយា ហើយកម្មវិធី IEP មិនរួមបញ្ចូលនូវការគាំទ្រ និងយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយានោះទេ និង/ឬមិនបញ្ជាក់អំពីគោលដៅពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កូនអ្នកទេ ពេលនោះសាលារៀនអាចនឹងបដិសេធការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE) ដល់កូនរបស់អ្នក។ អ្នកអាចធ្វើការពិចារណាដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការមិនអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) ប៉ុន្តែ អ្នកក៏អាចធ្វើការពិចារណាដាក់ពាក្យស្នើសុំធ្វើសវនាការស្តីពីកិច្ចដំណើរការសមស្របបានផងដែរ។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប / ការអនុវត្តតាមច្បាប់។
ប្រសិនបើកម្មវិធី IEP របស់កូនអ្នកមានសេវាកម្ម ការគាំទ្រ ឬយុទ្ធសាស្ត្រក្នុងការដោះស្រាយតម្រូវការផ្នែកអាកប្បកិរិយាទាំងនេះ ប៉ុន្តែពួកវាមិនមានប្រសិទ្ធភាពនោះទេ ពេលនោះមណ្ឌលសិក្សាធិការរបស់អ្នក គប្បីត្រូវអំពាវនាវសុំឲ្យកម្មវិធី IEP ធ្វើការពិភាក្សាអំពីសេវាកម្មផ្នែកអាកប្បកិរិយាបន្ថែម ឬផ្សេងខុសពីនោះដែលនឹងមានប្រសិទ្ធភាព។ [Cal. Ed. Code Sec. 56343(b).] ប៉ុន្តែ អ្នកអាចស្នើសុំការពិនិត្យឡើងវិញលើកម្មវិធី IEP ដោយខ្លួនអ្នកផ្ទាល់ដើម្បីដោះស្រាយពីភាពមិនរីកចម្រើនរបស់កូនអ្នក។ [Cal. Ed. Code Sec. 56343.5.]