ប្រសិនបើកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ (ដូចជាការរត់តាមគ្នា ការវាយតប់ ការរំខានថ្នាក់រៀន ឬការបង្កការឈឺចាប់ដល់ខ្លួនឯង) ដែលប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់ខ្លួន ឬសមត្ថភាពរបស់កុមារដទៃក្នុងការសិក្សារៀនសូត្រ ឬនាំឲ្យមានការដាក់បញ្ចូលទៅក្នុងថ្នាក់ចំណេះទូទៅ ឬមជ្ឈដ្ឋានអប់រំដែលមានការរឹតបន្តឹងតិចត្រូវជួបហានិភ័យ នោះអ្នកគប្បីធ្វើសំណើជាលាយលក្ខណ៍អក្សរស្នើសុំការវាយតម្លៃអាកប្បកិរិយា និងកិច្ចប្រជុំកម្មវិធី IEP ដើម្បីកំណត់ថាតើការវាយតម្លៃ ការគាំទ្រ និងសេវាកម្មមួយណាដែលកូនរបស់អ្នកត្រូវការដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយារបស់គាត់តាមវិធីវិជ្ជមាន។ សេវាកម្មដែលក្រុមការងារកម្មវិធី IEP ត្រូវពិចារណា គួររួមមាន រួមមាន BSP, FBA លម្អិត ហើយប្រសិនបើសមស្រប PBIP ជំនួយការផ្នែកអាកប្បកិរិយាមួយទល់នឹងមួយ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ការបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ដល់គ្រូបង្រៀនជាមួយនឹងអ្នកជំនាញខាងអាកប្បកិរិយា ការប្រឹក្សា ជំនាញផ្នែកសង្គម ការគ្រប់គ្រងកំហឹង និង/ឬសេវាកម្មនិងយុទ្ធសាស្រ្តដទៃផ្សេងទៀត ដែលអ្នកជឿថាកូនរបស់អ្នកត្រូវការ។
នៅមុនពេលកិច្ចប្រជុំកម្មវិធី IEP អ្នកក៏ប្រហែលជាចង់ធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរសុំ FBA ជាពិសេស ប្រសិនបើសាលាបានបង្កើត BSP ឬបានប្រើប្រាស់យុទ្ធសាស្រ្តអាកប្បកិរិយាដទៃផ្សេងទៀតដែលពុំមានប្រសិទ្ធភាពពីមុនមក ដើម្បីកែលម្អអាកប្បកិរិយាមានបញ្ហារបស់កូនអ្នក។ ការវាយតម្លៃនេះគួរតែត្រូវបង្កើតឡើងដើម្បីទទួលបានព័ត៌មានលម្អិតអំពីអាកប្បកិរិយារបស់កូនអ្នក (ដូចជាការរៀបរាប់លម្អិតពីអាកប្បកិរិយា ភាពញឹកញាប់នៃការកើតមានបញ្ហា រយៈពេល ទីកន្លែង និងហេតុការ អ្វីដែលបង្អាក់អាកប្បកិរិយា និងអ្វីបានកើតឡើងមុននិងក្រោយពេលដែលកូនរបស់អ្នកបង្ហាញអាកប្បកិរិយាមានបញ្ហា) និងព័ត៌មានស្ដីពីមជ្ឈដ្ឋានរៀនសូត្ររបស់កូនអ្នក ដើម្បីជួយក្រុមការងារកម្មវិធី IEP ធ្វើការកំណត់ពីមូលហេតុដែលកូនរបស់អ្នកបង្ហាញនូវអាកប្បកិរិយាមានបញ្ហា និងអ្វីដែលអាចធ្វើបានអំពីបញ្ហានេះ។
សាលារៀនមានពេល 60 ថ្ងៃ ចាប់ពីពេលដែលអ្នកចុះហត្ថលេខាលើផែនការវាយតម្លៃ ដែលរួមបញ្ចូល FBA ដើម្បីធ្វើការវាយតម្លៃ រៀបចំកិច្ចប្រជុំកម្មវិធី IEP ដើម្បីពិភាក្សាពីលទ្ធផលនៃការវាយតម្លៃ និងដើម្បីកំណត់ថាតើសេវាកម្ម ការគាំទ្រ និងយុទ្ធសាស្រ្តអាកប្បកិរិយាវិជ្ជមានផ្សេងទៀតអ្វីដែលកូនរបស់អ្នកត្រូវការ។1
ប្រសិនបើមជ្ឈមណ្ឌលសិក្សាធិការធ្វើ FBA របស់កូនអ្នក ប៉ុន្តែអ្នកមិនគិតថា ការវាយតម្លៃនោះមានប្រយោជន៍ដល់ការកំណត់ពីប្រភេទសេវាកម្ម និងការគាំទ្រអាកប្បកិរិយាដែលកូនរបស់អ្នកត្រូវការទេ ឬអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់មជ្ឈមណ្ឌលសិក្សាធិការដោយសារមូលហេតុដទៃផ្សេងទៀត អ្នកអាចស្នើសុំការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE) ដោយប្រើបន្ទុកចំណាយរបស់រដ្ឋបាន។2 សូមមើល ជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ។
អ្នកគួរធ្វើសំណើនេះជាលាយលក្ខណ៍អក្សរទៅកាន់មណ្ឌលសិក្សាធិការ។ ពន្យល់ពីផ្នែកជាក់លាក់នៃការវាយតម្លៃ ឬវិធីសាស្រ្តដែលប្រើដើម្បីធ្វើការវាយតម្លៃលើចំណុចណា ដែលអ្នកមិនយល់ស្រប។ ប្រសិនបើអ្នកធ្វើសំណើសុំ IEE ច្បាប់តម្រូវឲ្យមណ្ឌលសិក្សាធិការឯកភាពក្នុងការបង់ថ្លៃការវាយតម្លៃនេះ ឬដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីបង្ហាញថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ គឺ “សមស្រប។”3
