ឪពុកម្តាយជំនួស អាចធ្វើជាតំណាងឲ្យសិស្សរហូតដល់គាត់លែងត្រូវការការអប់រំ ពិសេស ឬមានអាយុ 18 ឆ្នាំ និងរហូតដល់មនុស្សពេញវ័យទទួលខុសត្រូវម្នាក់ ទៀត ត្រូវបានចាត់តាំងជំនួសឪពុកម្តាយជំនួសនេះ ឬសិទ្ធិរបស់ឪពុកម្តាយក្នុង ការសម្រេចចិត្តអប់រំ ត្រូវបានប្រគល់ជូនវិញ។ [Cal. Gov. Code Sec. 7579.5(k).] ប៉ុន្តែ បើគ្រប់អាយុ 18 ឆ្នាំ សិស្សម្នាក់ជ្រើសរើសមិនចាប់ផ្តើមធ្វើការសម្រេចចិត្ត លើការអប់រំដោយខ្លួនឯង ឬតុលាការគិតថាគាត់ “គ្មានសមត្ថភាព” ក្នុងការធ្វើ សេចក្តីសម្រេចចិត្ត ពេលនោះឪពុកម្តាយជំនួស អាចបន្តស្ថិតនៅដដែល ឬសិស្ស អាចចាត់តាំងមនុស្សពេញវ័យផ្សេងទៀតមកធ្វើជាអ្នកតំណាងអប់រំ។ មណ្ឌលសិក្សាធិការ ត្រូវផ្លាស់ប្តូរឪពុកម្តាយជំនួសនោះ ប្រសិនបើគាត់មិនបានបំពេញភារកិច្ចរបស់គាត់ឲ្យបានសមស្រប ឬមានទំនាស់ផលប្រយោជន៍ជាមួយ សិស្សនោះ។ [Cal. Gov. Code Secs. 7579.5(h) & (i).]
ក្នុងករណីដែលបុគ្គលមួយចំនួន នៅក្នុងជីវិតរស់នៅរបស់សិស្ស — ដូចជាប្រតិបត្តិករនៃមន្ទីរថែទាំ បុគ្គលិកសង្គមកិច្ច មន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិផ្សេងទៀត — ជឿជាក់ថាឪពុកម្តាយជំនួសមិន ដើរតួនាទីជាប្រយោជន៍សម្រាប់សិស្សនោះទេ ប៉ុន្តែបែរជាដើរតួនាទីជាប្រយោជន៍ សម្រាប់មណ្ឌលសិក្សាធិការ ឬទីភ្នាក់ងារផ្សេងទៀតដែលបម្រើសេវាកម្មដល់សិស្ស ទៅវិញ ពេលនោះគាត់អាចស្នើសុំឲ្យមណ្ឌលសិក្សាធិការចាត់តាំងឪពុកម្តាយជំនួសម្នាក់ផ្សេងទៀតបាន។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ ច្បាប់នេះអនុញ្ញាតឲ្យសិស្សម្នាក់ (ដែលស្ថិតក្រោមការគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាល របស់តុលាការ ជាអនីតិជនដែលមិនស្ថិតក្រោមការឃុំគ្រងរបស់អាណាព្យាបាល ឬជាអ្នកដែលមិនអាចកំណត់អត្តសញ្ញាណ ឬរកមិនឃើញឪពុកម្តាយ) ធ្វើការ ដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីតវ៉ាទៅនឹងភាពមិនសមស្របរបស់ឪពុកម្តាយជំនួសនោះ។ ទោះយ៉ាងណាក៏ដោយ សិស្សអាចដាក់ពាក្យបណ្តឹងបានទេ លុះត្រាតែនៅក្រោយពេលដែលចៅក្រមច្បាប់រដ្ឋបាលកំណត់ថាមណ្ឌលសិក្សាធិការ មិនបានចាត់តាំងឪពុកម្តាយជំនួសណាម្នាក់ ឬបានចាត់តាំងនរណាម្នាក់ដែលមានទំនាស់ផលប្រយោជន៍។ [Cal. Ed. Code Sec. 56501(a).]