ប្រសិនបើកូនរបស់អ្នកស្ថិតក្រោមការគ្រប់គ្រង ឬស្ថិតនៅក្រោមអាណាព្យាបាលរបស់តុលាការ (មិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកទេ) ពេលនោះអ្នកនឹងធ្វើការសម្រេចចិត្តថាតើត្រូវដាក់កូនរបស់អ្នកនៅក្នុងទីកន្លែងមួយណា។ តាមឆន្ទានុសិទ្ធិរបស់ខ្លួន តុលាការអាចអនុញ្ញាតឲ្យអ្នករក្សាសិទ្ធិក្នុងការអប់រំដើម្បីឲ្យអ្នកអាចចូលរួមក្នុងកិច្ចដំណើរការកម្មវិធី IEP នៅតាមទីតាំងស្នាក់នៅបាន ប្រសិនបើកូនរបស់អ្នកមាននៅក្នុងកម្មវិធីអប់រំពិសេស។ ជាផ្នែកមួយនៃដំណើរការស្ថិតក្នុងបន្ទុក អ្នកអាចបាត់បង់សិទ្ធិជាឪពុកម្តាយ រួមទាំងសិទ្ធិអប់រំរបស់អ្នកផងដែរ នៅក្នុងរយៈពេលនៃការដាក់បញ្ចូលទៅក្នុងទីកន្លែងនេះ។
មានភាពខុសគ្នាខ្លាំងនៅក្នុងការទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះថ្លៃចំណាយនៃការដាក់បញ្ចូលទៅក្នុងទី កន្លែងនេះ។ ការដាក់ទៅក្នុងទីកន្លែងទាំងនេះតាមរយៈដំណើរការកម្មវិធី IEP គឺមិនគិតថ្លៃទេចំពោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ ការដាក់បញ្ចូលទៅក្នុងទីកន្លែងតាមរយៈតុលាការ គឺជាបន្ទុកចំណាយរបស់តុលាការ។ ទោះជាយ៉ាងណាក៏ដោយ តុលាការត្រូវតែស្វែងរកសំណងពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងទម្រង់នៃដីកាបង្គាប់បង់ប្រាក់ឧបត្ថម្ភដោយផ្អែកលើការកំណត់របស់តុលាការលើលទ្ធភាពនៃការបង់របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។1 នេះអាចបណ្តាលឱ្យមានបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើនដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត លុះត្រាតែប្រាក់ចំណូលគ្រួសារមានតិចតួចបំផុត។ ប្រសិនបើការដាក់បញ្ចូលទៅក្នុងទីកន្លែងស្នាក់នៅថែទាំ មានភាពចាំបាច់សម្រាប់គោលបំណងផ្នែកអប់រំ នោះសកម្មភាពទាំងនេះ អាចជាការំលោភបំពានទៅលើលក្ខខណ្ឌ “គ្មានបន្ទុកចំណាយ” នៃច្បាប់សហព័ន្ធ។2
ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់នៅក្នុងកន្លែងស្នាក់នៅព្យាបាលតាមរយៈកិច្ចដំណើរការនៃកម្មវិធី IEP នោះសិទ្ធិ និងការការពាររបស់សិស្ស និងឪពុកម្តាយទាំងអស់ដែលទទួលបានការធានាដោយច្បាប់ នឹងមានផ្តល់ជូនអ្នក។ គ្មានការដាក់បញ្ចូលនៅក្នុងទីកន្លែង ឬសេវាកម្មណាមួយ អាចត្រូវបានផ្តល់ជូនដល់កូនរបស់អ្នក ដោយគ្មានការឯកភាព និងការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកឡើយ។
ទំនួលខុសត្រូវសម្រាប់ការអនុវត្តកម្មវិធី IEP របស់កុមារដែលដាក់បញ្ចូលដោយតុលាការ គឺជាបន្ទុករបស់មណ្ឌលសិក្សាធិការនៅកន្លែងដែលកុមារត្រូវបានគេដាក់បញ្ចូល មិនមានជាបន្ទុករបស់មណ្ឌលសិក្សាធិការរបស់ឪពុកម្តាយកុមារទេ។ ទំនួលខុសត្រូវចំពោះកុមារដែលបានដាក់បញ្ចូលទៅក្នុងទីកន្លែងដោយកម្មវិធី IEP គឺបន្ទុករបស់មណ្ឌលសិក្សាធិការដែលបានចាត់ចែងការដាក់បញ្ចូលនោះ ដែលជាទូទៅ គឺជាបន្ទុករបស់មណ្ឌលសិក្សាធិការ និង/ឬ ខោនធីរបស់ឪពុកម្តាយកុមារ។
