ក្រោយធ្វើការបញ្ជូនបន្តទៅកាន់ CCS ដោយក្រុមការងារកម្មវិធី IEP ហើយ CCS ត្រូវតែកំណត់ថាតើសិស្សមានសិទ្ធិទទួលសេវាកម្មរបស់ CCS ដោយហេតុផលផ្នែកវេជ្ជសាស្ត្រដែរឬអត់ ហើយ ប្រសិនបើមានសិទ្ធិទទួលបាន CCS ត្រូវតែអនុវត្តតាមនីតិវិធី និងការកំណត់ពេលវេលាវាយតម្លៃលើការអប់រំពិសេស។ បើ CCS រកឃើញថា កូនរបស់អ្នកមិនមានសិទ្ធិទេ នោះដំណើរការវាយតម្លៃរបស់ CCS នឹងត្រូវបញ្ឈប់។ ប៉ុន្តែ បន្ទាប់ពីនោះមក មណ្ឌលសិក្សាធិការតម្រូវឲ្យធ្វើការវាយតម្លៃកូនរបស់អ្នកដើម្បីកំណត់ថាតើសេវាកម្មមានភាពចាំបាច់សម្រាប់គោលបំណងអប់រំដែរឬទេ។
បើការវាយតម្លៃការព្យាបាលកំណត់ថាកូនរបស់អ្នកត្រូវការសេវាកម្មរបស់កម្មវិធី CCS នោះ CCS ត្រូវរៀបចំរបាយការណ៍ និងផែនការព្យាបាលសម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP។
របាយការណ៍ និងផែនការ ត្រូវតែរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- របាយការណ៍ស្តីពីកម្រិតបំពេញមុខងារនាពេលពេលបច្ចុប្បន្នរបស់កូនអ្នក
- គោលដៅផ្នែកបំពេញមុខងារដែលបានស្នើឡើងដើម្បីសម្រេចបាននូវការផ្លាស់ប្តូរដែលអាចវាស់ស្ទង់បាននៅក្នុងមុខងារ ឬអនុសាសន៍សម្រាប់សេវាកម្មដើម្បីបង្កាការបាត់បង់មុខងារបច្ចុប្បន្ន និងការចងក្រងឯកសារស្តីពីការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ
- សេវាកម្មពាក់ព័ន្ធជាក់លាក់ដែលកូនរបស់អ្នកត្រូវការ រួមមានប្រភេទនៃការព្យាបាល អន្តរាគមន៍ ការព្យាបាល ការប្រឹក្សាយោបល់ និងការពិនិត្យតាមដាន
- គំនិតផ្តួចផ្តើម ភាពញឹកញាប់ និងរយៈពេលនៃសេវាកម្មដែលបានស្នើសុំ និង
- កាលបរិច្ឆេទនៃការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដែលបានស្នើឡើង។1
បន្ទាប់មក មណ្ឌលសិក្សាធិការនឹងរៀបចំកិច្ចប្រជុំកម្មវិធី IEP។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត យល់ស្របនឹងរបាយការណ៍ និងផែនការព្យាបាលរបស់ CCS នោះសេវាកម្មដែលបានណែនាំរបស់ CCS នឹងត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធី IEP។ លើសពីនេះទៀត ក្រុមការងារនឹងសរសេរជាលាយលក្ខណ៍អក្សរនូវគោលដៅកម្មវិធី IEP ពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកំណត់នៅក្នុងរបាយការណ៍នោះ។2 កាលបរិច្ឆេទការផ្តួចផ្តើមបង្កើតសេវាកម្ម ភាពញឹកញាប់ ទីតាំងនិងរយៈពេលក៏ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP ផងដែរ។3 ប្រសិនបើទីភ្នាក់ងារសេវា CCS កំណត់ថាកូនរបស់អ្នកមិនត្រូវការការព្យាបាល OT ឬ PT ដោយសារតែហេតុផលវេជ្ជសាស្រ្តនោះ ទីភ្នាក់ងារនេះ ត្រូវតែផ្តល់ជូនអ្នក និងមណ្ឌលសិក្សាធិការនូវច្បាប់ចម្លងនៃរបាយការណ៍វាយតម្លៃដែលពន្យល់ពីហេតុផលសម្រាប់ការកំណត់នោះ។4លើសពីនេះទៀត CCS ត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលប្រាំថ្ងៃដល់អ្នក និងមណ្ឌលសិក្សាធិការឲ្យបានជ្រាបអំពីការសម្រេចចិត្តណាមួយក្នុងការបង្កើន កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្ម ហើយបន្ទាប់មកកិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើង។5
