មណ្ឌលសិក្សាធិការជាច្រើន ប្រើប្រាស់ឈ្មោះនេះនៅពេលសិស្សផ្ទេរការសិក្សាទៅក្នុងមណ្ឌលសិក្សាធិការនៅអាយុបីឆ្នាំ។ តាមពិត មិនមានប្រភេទនៃការទទួលបានសិទ្ធិអប់រំពិសេសនៅក្នុងច្បាប់រដ្ឋ ឬសហព័ន្ធដែលមានឈ្មោះថា “ការនិយាយតែមួយមុខ” នោះទេ ។ កុមារម្នាក់ អាចមានសិទ្ធិទទួលបានការអប់រំពិសេសតែមួយមុខប៉ុណ្ណោះ ដើម្បីទទួលបានសេវាកម្មនិយាយ និងភាសា។ ប៉ុន្តែ កុមារនោះត្រូវមានសិទ្ធិទទួលបានការអប់រំពិសេសដោយការបំពេញលក្ខណៈវិនិច្ឆ័យលើការទទួលបានសិទ្ធិសម្រាប់ការចុះខ្សោយផ្នែកនិយាយ និងភាសា ឬប្រភេទនៃសិទ្ធិទទួលបានការអប់រំពិសេសផ្សេងទៀត។1 នៅពេលកំណត់ការទទួលបានសិទ្ធិសម្រាប់សេវាកម្មអប់រំពិសេស មណ្ឌលសិក្សាធិការត្រូវបានច្បាប់តម្រូវឲ្យធ្វើការវាយតម្លៃលើកុមារនៅគ្រប់ផ្នែកទាំងអស់ពាក់ព័ន្ធទៅនឹងពិការភាពដែលបានសង្ស័យរបស់កុមារនោះ។ ការប្រើពាក្យសម្គាល់ថា “ការនិយាយតែមួយមុខ” អាចនាំមកនូវការបដិសេធទៅលើ “ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ” ដោយសារតែកូនរបស់អ្នកនឹងមិនទទួលបានវាយតម្លៃនៅគ្រប់ផ្នែកទាំងអស់នៃពិការភាពដែលបានសង្ស័យនោះទេ។2 នៅពេលមណ្ឌលសិក្សាធិការស្នើសុំការយល់ព្រមសម្រាប់ការវាយតម្លៃដំណាក់កាលដំបូង សូមប្រាកដថាផែនការវាយតម្លៃនោះ នឹងធ្វើការវាយតម្លៃគ្រប់ផ្នែកទាំងអស់នៃតម្រូវការរបស់កូនអ្នក — មិនមែនត្រឹមតែការនិយាយ និងភាសានោះទេ។ ពុំនោះសោត អ្នកមិនគួរចុះហត្ថលេខាលើ់ផែនការវាយតម្លៃនោះទេ។ ជំនួសមកវិញ សូមស្នើសុំជាលាយលក្ខណ៍អក្សរឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយមួយ។ ប្រសិនបើមណ្ឌលសិក្សាធិការ បដិសេធមិនធ្វើការវាយតម្លៃទេ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាបាន។ សូមមើល ជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ និង ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
