នៅអាយុ 18 ឆ្នាំ សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំ នឹងផ្ទេរពីឪពុកម្តាយទៅសិស្សវិញ លើកលែងតែសិស្សត្រូវបានកំណត់ថាអសមត្ថភាពនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងដល់អ្នក និងកូនរបស់អ្នកអំពីការផ្ទេរសិទ្ធិ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងអំពីការការពារនីតិវិធី មិនឲ្យយឺតជាងរយៈពេលមួយឆ្នាំ មុនពេលកូនរបស់អ្នកមានអាយុ 18 ឆ្នាំ។ [34 C.F. R. Sec. 300.520; Cal. Ed. Code Secs. 56041.5 & 56043(g)(3).] ប្រសិនបើសិស្សត្រូវបានកំណត់ថាអសមត្ថភាពដោយតុលាការ ហើយឪពុកម្តាយបានទទួលការចាត់តាំងជាអ្នកមើលថែទាំ ពេលនោះឪពុកម្តាយ អាចបន្តធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សតទៅទៀត។ ប៉ុន្តែ ប្រសិនបើសិស្សមិនត្រូវបានកំណត់ថាអសមត្ថភាពដោយតុលាការណាមួយនោះទេ ដូច្នេះ គាត់ត្រូវមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការធ្វើសម្រេចចិត្តផ្នែកអប់រំ។ សិស្សមានជម្រើស ក្នុងការធ្វើការសម្រេចចិត្តទាំងនេះដោយខ្លួនឯងផ្ទាល់ ឬរួមគ្នាជាមួយឪពុកម្តាយនៅក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចលើកម្មវិធី IEP ។ គាត់ក៏អាចប្រគល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចផ្នែកអប់រំដល់ឪពុកម្តាយបាន ប្រសិនបើគាត់សម្រេចធ្វើដូច្នេះ។ មើលទម្រង់បែបបទស្តីពីការប្រគល់សិទ្ធិក្នុងការសម្រេចចិត្តលើការអប់រំ ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ P។
ទោះបីតុលាការមិនទាន់កំណត់ថាសិស្សមិនមានសមត្ថភាពក៏ដោយ ប៉ុន្តែមណ្ឌលសិក្សាធិការ អាចប្រកាន់ជំហថាសិស្សមិនមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការសម្រេចចិត្តដោយខ្លួនឯងនោះទេ — រួមទាំងការសម្រេចចិត្តផ្តល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំដល់ឪពុកម្តាយផងដែរ — ដូច្នេះហើយ សិស្សចាំបាច់ត្រូវមាន “អ្នកមើលថែទាំ” ដែលទទួលបានការចាត់តាំងដោយតុលាការដើម្បីធ្វើការសម្រេចចិត្តសម្រាប់គាត់។ ប៉ុន្តែ ការសម្រេចចិត្តថាតើមនុស្សពេញវ័យត្រូវតែមានអ្នកមើលថែទាំដែរឬអត់នោះ គឺជាសេចក្តីសម្រេចរបស់តុលាការ មិនមែនជារបស់មណ្ឌលសិក្សាធិការទេ។ អ្នកអាចពិគ្រោះយោលប់ជាមួយមេធាវីអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការដាក់ពាក្យស្នើសុំអនុបាលភាពមានកំណត់ ឬពេញលេញទៅកាន់តុលាការជាន់ខ្ពស់។