សម្រាប់សិស្សដែលមានផែនការផ្នែកទី 504 ឬកម្មវិធី IEP មណ្ឌលសិក្សាធិការអាចដាក់សំណើទៅនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (ហៅកាត់ថា នាយកដ្ឋាន) ដើម្បីអនុញ្ញាតអោយសិស្សប្រើប្រាស់ “ធនធានដែលមិនមានចែងបញ្ជាក់” នៅក្នុងកិច្ចដំណើរការធ្វើតេស្ត CAASPP ។ [5 C.C.R. Sec. 850(a-m) and 854.9(a)-(c).] “ធនធានដែលមិនមានចែងបញ្ជាក់” គឺជាការគាំទ្រការបង្រៀនដែលកូនសិស្សម្នាក់ប្រើប្រាស់នៅក្នុងការបង្រៀនប្រចាំថ្ងៃ ឬក្នុងការវាយតម្លៃដែលមិនទាន់បានចែងបញ្ជាក់ថាជាឧបករណ៍រង្វាយតម្លៃជាសកល ការគាំទ្រដែលបានកំណត់ ឬសេវាជំនួយនៅឡើយ។ មណ្ឌលសិក្សាធិការ ត្រូវតែធ្វើសំណើនេះយ៉ាងហោចណាស់ដប់ថ្ងៃ មុនពេលការធ្វើតេស្ត CAASPP ចាប់ផ្តើម ហើយត្រូវតែធ្វើសំណើនេះជារៀងរាល់ឆ្នាំ។ នាយកដ្ឋាន នឹងពិនិត្យមើលសំណើនេះ ហើយអនុញ្ញាតឲ្យសិស្សប្រើប្រាស់ធនធានដែលមិនមានចែងបញ្ជាក់នេះ ប្រសិនបើវាកំណត់ថាមិនមានការគំរាមកំហែងដល់សុវត្ថិភាពនៃការធ្វើតេស្ត ហើយមិនផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនេះតែប៉ុណ្ណោះ។ [Id.] ការផ្លាស់ប្តូរនៃគោលគំនិត មានន័យថាជាការផ្លាស់ប្តូរទស្សនាទាន ឬបំណិនដែលកំពុងត្រូវបានធ្វើតេស្ត ដែលផ្លាស់ប្តូរជាមូលដ្ឋាននូវអត្ថន័យ និងលក្ខណៈប្រៀបធៀបនៃពិន្ទុតេស្តបញ្ចប់ការសិក្សា។ [5 C.C.R. Sec. 850(j).]
ប្រសិនបើនាយកដ្ឋានកំណត់ថាធនធានដែលមិនមានចែងបញ្ជាក់ ពិតជាផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនេះ ពេលនោះនាយកដ្ឋាន នឹងមិនឯកភាពទៅលើវានោះទេ។ ទោះបីយ៉ាងណា សិស្សនៅតែអាចប្រើប្រាស់ធនធានក្នុងការធ្វើតេស្តនេះបានដដែល ប៉ុន្តែ សិស្សនឹងទទួលបានរបាយការណ៍ពិន្ទុរៀងៗខ្លួន ហើយគេនឹងមិនត្រូវបានរាប់បញ្ចូលថាជាការចូលរួមក្នុងការធ្វើតេស្ត CAASPP ឡើយ។ ប្រសិនបើការស្នើសុំធនធានដែលមិនមានចែងបញ្ជាក់ត្រូវបានកំណត់ដោយនាយកដ្ឋានថាមិនឲ្យមានការផ្លាស់ប្តូរគោលគំនិតដែលកំពុងត្រូវបានវាស់ដោយការធ្វើតេស្តនោះ ពេលនោះសិស្សអាចត្រូវបានមណ្ឌលសិក្សាធិការចាត់ទុកថាបានចូលរួមក្នុងការធ្វើតេស្ត CAASPP។ [5 C.C.R. Sec. 854.9(d).]
នាយកដ្ឋាន បានកំណត់រួចហើយថាធនធានដែលមិនមានចែងបញ្ជាក់មួយចំនួន ពិតជាធ្វើការផ្លាស់ប្តូរគោលគំនិតយ៉ាងតិចចំនួនមួយ ដែលកំពុងត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្ត CAASPP ហើយនឹងមិនឯកភាពលើសំណើសម្រាប់ការប្រើប្រាស់ធនធានទាំងនេះនៅក្នុងកិច្ចដំណើរការធ្វើតេស្តនេះទេ។ ទាំងនេះរួមបញ្ចូលឧទាហរណ៍ដូចជាម៉ាស៊ីនគិតលេខនៅក្នុងការធ្វើតេស្តផ្នែកគណិតវិទ្យាសម្រាប់ថ្នាក់ទី 3 ដល់ថ្នាក់ទី 5 តារាងមេលេខសម្រាប់ថ្នាក់ទី 3 និងការប្រើប្រាស់កម្រងវចនានុក្រមវចនៈសព្ទ។ [5 C.C.R. Sec. 854.9(e).]