កូនរបស់អ្នកមានសិទ្ធិទទួលសេវាកម្មអប់រំពិសេស រហូតដល់ឆ្នាំសិក្សាដែលគាត់មានអាយុ 22 ឆ្នាំ លើកលែងតែគាត់បំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សាមុនពេលនោះ។ [34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1(b)&(c).] ប្រសិនបើកូនរបស់អ្នកមិនបានបញ្ចប់ការសិក្សាទេ គាត់អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាចហៅផងដែរថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយធម្មតា ឬនៅពេលណាមួយ មុនពេលគាត់ចាកចេញពីមណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនបត្រនេះ ផ្តល់នូវការទទួលស្គាល់លទ្ធផលសិក្សាទៅដល់សិស្សដែលសម្រេចគោលដៅកម្មវិធី IEP របស់ពួកគេ ឬបញ្ចប់វគ្គសិក្សាជំនួសដែលបានកំណត់ណាមួយ ប៉ុន្តែពួកគេនឹងមិនទទួលបានសញ្ញាបត្រធម្មតានោះទេ។ វិញ្ញាបនបត្រនេះ ក៏បានបង្កើតឡើងផងដែរដើម្បីយកឈ្នះទៅលើការជំទាស់តវ៉ាពីមន្ត្រីមណ្ឌលសិក្សាធិការដែលគិតថាសិស្សអប់រំពិសេស មិនគួរចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជាមួយមិត្តរួមថ្នាក់ដែលមានអាយុដូចគ្នានោះទេ នៅពេលដែលពួកគេមិនបានទទួលបានសញ្ញាបត្រធម្មតានោះ។ ដោយសារតែវិញ្ញាបនបត្រមិនបញ្ចប់ការទទួលបានសិទ្ធិនោះទេ ដូច្នេះ សិស្សដែលទទួលបានវិញ្ញាបនបត្រមួយ អាចបន្តធ្វើកិច្ចការឆ្ពោះទៅរកការទទួលបានសញ្ញាបត្រធម្មតាបាន។ [Cal. Ed. Code Secs. 56390 & 56392.]
លើសពីនេះ មណ្ឌលសិក្សាធិការ ត្រូវតែបន្តផ្តល់ជូនកូនរបស់អ្នកនូវសេវាផ្ទេរការសិក្សាដែលចាំបាច់។ [Cal. Ed. Code Sec. 56345(a)(8).] ក្រុមការងារផែនការ IEP របស់កូនអ្នក គួរតែពិភាក្សាគ្នាថាតើគោលដៅផ្ទេរការសិក្សាកូនរបស់អ្នកនឹងត្រូវបានដោះស្រាយយ៉ាងដូចម្តេច មុនពេលសេវាកម្មទាំងអស់របស់មណ្ឌលសិក្សាធិការបានបញ្ចប់។ លទ្ធផល/គោលដៅផ្ទេរការសិក្សា គួរតែត្រូវបានបញ្ចូលក្នុងកម្មវិធី IEP របស់កូនអ្នក។