CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់មុខវិជ្ជាអក្សរសាស្រ្ត / អក្ខរកម្មភាសាអង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូតដល់ទី 8 និងទី 11។ វារួមបញ្ចូលនូវការធ្វើតេស្តផ្នែកវិទ្យាសាស្ត្រនៅរដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់សិស្សថ្នាក់ទី 5 ទី 8 និងថ្នាក់ណាមួយក្នុងចំណោមថ្នាក់ទី 10 ទី 11 ឬទី 12 ដែលសិស្សកំពុងទទួលការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀននោះ។ [ជំពូក 5 ច្បាប់បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations, CCR) ផ្នែក 851.5] ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធីការធ្វើតេស្តស្តង់ដា និងការធ្វើរបាយការណ៍ (Standardized Testing and Reporting, STAR) ដោយចាប់ផ្តើមនៅឆ្នាំសិក្សា2014-15។ [ច្បាប់អប់រំរដ្ឋ កាលីហ្វ័រញ៉ា (California Education Code) (Cal. Educ. Code) ផ្នែក 60640.]
តេស្តផ្នែកមុខវិជ្ជា ELA និងគណិតវិទ្យា គឺផ្អែកលើស្តង់ដាស្នូលរួមរបស់រដ្ឋ (Common Core State Standards, CCSS) ដែលជាបណ្តុំស្តង់ដាលទ្ធផលនៃការអប់រំដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀតបានទទួលយកចាប់តាំងពីឆ្នាំ2010 មក។ CCSS រៀបរាប់អំពីអ្វីដែលសិស្សគួរតែចេះ និងអាចធ្វើបាននៅក្នុងផ្នែកនៃមុខវិជ្ជានីមួយៗនៅតាមកម្រិតថ្នាក់រៀនទាំងនេះ។ តេស្ត CAST វាស់វែងនូវអ្វីដែលសិស្សចេះ និងអាចប្រើប្រាស់បានដោយប្រើស្តង់ដាបែបវិទ្យាសាស្ត្រជំនាន់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Next Generation Science Standards) ដែលផ្តោតលើការយល់ដឹងអំពីទស្សនៈបែបវិទ្យាសាស្ត្រ ដែលមាននៅក្នុងផ្នែកវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដី និងអវកាស និងវិទ្យាសាស្ត្ររូបនិយម។