សេវាកម្មអប់រំវិជ្ជាជីវៈអាចត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី IEP តាមវិធីជាច្រើន។ អាស្រ័យលើអាយុ និងកម្រិតសមត្ថភាពរបស់កូនអ្នក គោលដៅសម្រាប់បង្រៀនអាចត្រូវបានដាក់បញ្ចូលនៅក្នុងផ្នែកនៃជំនាញសម្អិតសម្អាងកាយ ការបណ្តុះបណ្តាលជំនាញសង្គម និងអាកប្បកិរិយាការងារទូទៅ។ នៅពេលដែលកូនរបស់អ្នកឈានទៅរកអាយុចូលរៀននៅមធ្យមសិក្សា សេវាកម្មអប់រំវិជ្ជាជីវៈគួរតែត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធី IEP តាមរយៈបទពិសោធបណ្តុះបណ្តាលនៅក្នុងថ្នាក់រៀន និងក្នុងសហគមន៍។
ជាឧទាហរណ៍ បទពិសោធអាចរួមបញ្ចូលការបណ្តុះបណ្តាលការធ្វើដំណើរក្នុងកាលវិភាគប្រចាំថ្ងៃរបស់សិស្ស (ផ្លូវថ្មើរជើង និងការដឹកជញ្ជូនសាធារណៈ) ការបណ្តុះបណ្តាលលើការងារជាក់លាក់នៅក្នុងថ្នាក់រៀន និងនៅកន្លែងនានាទូទាំងសហគមន៍ ដូចជាអាជីវកម្មក្នុងតំបន់ ឬឧស្សាហកម្មជាដើម។
ច្បាប់អប់រំពិសេសរបស់សហព័ន្ធរួមបញ្ចូលសេវាកម្មប្រឹក្សាស្តារនីតិសម្បទានៅក្នុងនិយមន័យរបស់ខ្លួនអំពី “សេវាកម្មពាក់ព័ន្ធ”។1 ទាំងនេះរួមបញ្ចូលសេវាកម្មដែលផ្តល់ដោយបុគ្គលិកដែលមានសមត្ថភាពដល់សិស្សដែលមានពិការភាពក្នុងវគ្គបុគ្គល ឬជាក្រុម ដែលផ្តោតជាពិសេសលើការអភិវឌ្ឍអាជីព ការរៀបចំការងារ ការសម្រេចបាននូវឯករាជ្យភាព និងការធ្វើសមាហរណកម្មនៅក្នុងកន្លែងធ្វើការ និងសហគមន៍។ វាក្យសព្ទនេះក៏រួមបញ្ចូលនូវសេវាកម្មស្ដានីតិសម្បទាវិជ្ជាជីវៈដែលផ្ដល់ជូនដល់សិស្សដែលមានពិការភាពតាមរយៈកម្មវិធីស្ដារនីតិសម្បទាវិជ្ជាជីវៈ ដែលទទួលបានមូលនិធីក្រោមច្បាប់ស្ដីពីការស្ដារនីតិសម្បទាឆ្នាំ 1973 ផងដែរ។2 សេវាកម្មពាក់ព័ន្ធបែបនេះគួរតែត្រូវបានស្នើសុំសម្រាប់សិស្សផ្នែកអប់រំពិសេសគ្រប់រូបដែលមានតម្រូវការក្នុងផ្នែកនៃការអភិវឌ្ឍអាជីព ការរៀបចំការងារ ការសម្រេចបាននូវឯករាជ្យភាព ឬការធ្វើសមាហរណកម្មសហគមន៍ និងកន្លែងធ្វើការ។
