សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្សនៅក្នុងការអប់រំពិសេស គឺជាសេវាកម្មដែលជួយសិស្សផ្លាស់ពីការសិក្សានៅសាលាទៅជាជីវិតមនុស្សពេញវ័យ។ ពួកវាគួរតែឆ្លុះបញ្ចាំងទៅលើគោលដៅផ្ទាល់ខ្លួនរបស់សិស្សសម្រាប់អនាគត់របស់គាត់។
ច្បាប់អប់រំពិសេសរបស់សហព័ន្ធ និងរដ្ឋកំណត់និយមន័យសេវាកម្មផ្ទេរការសិក្សាថាជាសំណុំសកម្មភាពសម្របសម្រួលសម្រាប់សិស្សមានពិការភាពដែល –
- បង្កើតឡើងក្នុងក្របខណ្ឌនៃដំណើរការតម្រង់ទិសទៅរកលទ្ធផល ដែលលើកកម្ពស់ការផ្ទេរពីសកម្មភាពសិក្សានៅសាលាទៅជាសកម្មភាពក្រោយការសិក្សានៅសាលា រួមមានដូចជាការអប់រំក្រោយវិទ្យាល័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងាររួមបញ្ចូលគ្នា (រួមមានការងារដែលមានការជួយគាំទ្រជាដើម) ការអបរំបន្ត និងការអប់រំមនុស្សពេញវ័យ សេវាកម្មសម្រាប់មនុស្សពេញវ័យ ការរស់នៅដោយឯករាជ្យ ឬការចូលរួមពីសហគមន៍
- ផ្អែកលើតម្រូវការរបស់សិស្សម្នាក់ៗ ដោយពិចារណាលើចំណុចខ្លាំង ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់សិស្ស និង
- រួមបញ្ចូលការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធផ្នែកសហគមន៍ ការអភិវឌ្ឍ ឬការងារ និងវត្ថុបំណងនៃជីវិតរស់នៅជាមនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការវាយតម្លៃមុខងារវិជ្ជាជីវៈ ប្រសិនបើសមស្រប។1
តុលាការមួយបានរកឃើញថា សេវាកម្មរបស់សិស្សអាចរួមបញ្ចូលការអប់រំអ្នកបើកបរ ស្វ័យតស៊ូមតិ និងជំនាញរស់នៅឯករាជ្យ ដូចជាការចម្អិនអាហារ និងការសម្អាតផ្ទះជាដើម។2
ច្បាប់រដ្ឋកាលីហ្វ័រញ៉ាតម្រូវចែងបន្ថែមថា ប្រធាននាយកបង្កើតសមត្ថភាពដើម្បីផ្តល់សេវាកម្មផ្ទេរការសិក្សាដល់សិស្សជាច្រើនប្រភេទដែលមានតម្រូវការពិសេស ដូចជាការបណ្តុះបណ្តាលការងារ និងការសិក្សា ការធ្វើផែនការយុទ្ធសាស្រ្ត ការសម្របសម្រួលអន្តរទីភ្នាក់ងារ និងការបណ្តុះបណ្តាលឪពុកម្តាយ។3
ច្បាប់រដ្ឋបន្តកំណត់និយមន័យសេវាកម្មផ្ទេរការសិក្សារួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះដូចខាងក្រោម៖
- កម្មវិធីបណ្តុះបណ្តាលការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិក សម្ភារៈធនធាន និងសៀវភៅណែនាំដែលកំណត់ដូចខាងក្រោម៖
- និយមន័យ “ការផ្ទេរការសិក្សា” រួមមានធាតុផ្សំសំខាន់ៗនៃកម្មវិធីផ្ទេរការសិក្សាផ្អែកតាមសាលារៀនមានប្រសិទ្ធភាព
- ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- តួនាទីរបស់ទីភ្នាក់ងារផ្សេងទៀតនៅក្នុងដំណើរការផ្ទេរការសិក្សារួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះវិសាលភាពនៃសេវាកម្មរបស់ពួកគេ លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន និងការផ្តល់មូលនិធិ
- ធាតុផ្សំនៃការធ្វើផែនការផ្ទេរការសិក្សាប្រកបដោយប្រសិទ្ធភាព
- តួនាទីរបស់គ្រួសារនៅក្នុងដំណើរការផ្ទេរការសិក្សាជាលក្ខណៈបុគ្គល
- ធនធាន និងកម្មវិធីគំរូដែលបច្ចុប្បន្នមានស្រាប់នៅក្នុងរដ្ឋនេះ។
- ការអភិវឌ្ឍតួនាទី និងទំនួលខុសត្រូវនៃការអប់រំពិសេសក្នុងដំណើរការផ្ទេរការសិក្សារួមមានដូចខាងក្រោម៖
- ការផ្តល់ការបណ្តុះបណ្តាលជំនាញការងារ រួមទាំងជំនាញទាំងឡាយដែលចាំបាច់ ដើម្បីបង្ហាញពីសមត្ថភាពបំពេញការងារ
- ការផ្តល់ជម្រើសការងារច្រើន និងការសម្របសម្រួលជម្រើសការងារ ឬអាជីព ដោយផ្តល់នូវបទពិសោធវិជ្ជាជីវៈផ្សេងៗ
- ការប្រមូល និងការវិភាគទិន្នន័យអំពីអ្វីដែលកើតឡើងចំពោះសិស្ស នៅពេលដែលពួកគេចេញពីប្រព័ន្ធសាលារៀន ហើយចូលប្រឡូកក្នុងពិភពសង្គមមនុស្សពេញវ័យ
- ការសម្របសម្រួលនៃដំណើរការធ្វើផែនការផ្ទេរការសិក្សា រួមទាំងការអភិវឌ្ឍកិច្ចព្រមព្រៀងអន្តរទីភ្នាក់ងារចាំបាច់ និងនីតិវិធីទាំងនៅកម្រិតរដ្ឋ និងមូលដ្ឋាន
- ការផ្តល់យុទ្ធសាស្រ្តនៃការសិក្សានិងបង្រៀនដែលនឹងជួយសិស្សដែលជួបការលំបាកក្នុងការរៀនជំនាញ ដែលអាចឱ្យពួកគេទទួលបានសញ្ញាបត្រ លើកកម្ពស់ឥរិយាបថវិជ្ជមានចំពោះជីវិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សា។
- ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជាប្រព័ន្ធ និងតាមរយៈខ្សែបណ្តោយ រួមមានដូចខាងក្រោម៖
- យុទ្ធសាស្រ្តនៃការបង្រៀនដែលនឹងរៀបចំសិស្សដែលមានពិការភាពធ្ងន់ធ្ងរដើម្បីធ្វើការផ្ទេរការសិក្សាប្រកបដោយជោគជ័យទៅកាន់ការងារដែលទទួលបានការគាំទ្រ និងសហគមន៍
- ការណែនាំអំពីកម្មវិធីសិក្សាវិជ្ជាជីវៈ និងអាជីពក្នុងកម្រិតបឋមសិក្សាសម្រាប់សិស្សទាំងឡាយដែលអាចទទួលបានអត្ថប្រយោជន៍ពីវា។
- សម្ភារៈ សៀវភៅណែនាំអំពីធនធាន និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិក ដើម្បីគាំទ្រដល់ការចូលរួមយ៉ាងសកម្មរបស់គ្រួសារក្នុងការធ្វើផែនការ និងការអនុវត្តគោលដៅ និងសកម្មភាពដែលទាក់ទងនឹងការផ្ទេរការសិក្សា។
- ការអភិវឌ្ឍធនធាន និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិក ដែលនឹងគាំទ្រដល់ការអនុវត្តការធ្វើផែនការផ្ទេរការសិក្សាលក្ខណៈបុគ្គលសម្រាប់សិស្សផ្នែកអប់រំពិសេសទាំងអស់។
- ការអភិវឌ្ឍបណ្តាញនៃទីតាំងបង្ហាញគំរូដែលបង្ហាញពីគំរូផ្ទេរការសិក្សាជាច្រើនប្រភេទ និងយុទ្ធសាស្ត្រអនុវត្ត។
- ការសម្របសម្រួលជាមួយកម្មវិធីឯកទេសផ្សេងទៀតដែលបម្រើសិស្សដែលប្រឈមមុខនឹងឧបសគ្គចំពោះការផ្ទេរការសិក្សាដោយជោគជ័យ។
- កម្មវិធីស្រាវជ្រាវ វាយតម្លៃ និងផ្សព្វផ្សាយដែលនឹងគាំទ្រដល់ទិដ្ឋភាពកម្មវិធីសំខាន់ៗនៃសេវាកម្មផ្ទេរការសិក្សា។4
