បន្ទាប់ពីមណ្ឌលសិក្សាធិការបានវាយតម្លៃលើសិស្សហើយ ប្រសិនបើក្រុមការងារកម្មវិធី IEP សង្ស័យថាគាត់អាចត្រូវការការព្យាបាលដោយការងារ ឬការព្យាបាលដោយចលនា ដោយសារហេតុផលវេជ្ជសាស្ត្រ និងហេតុផលអប់រំ នោះក្រុមការងារនឹងត្រូវបញ្ជូនគាត់ទៅកាន់ CCS ដើម្បីទទួលការវាយតម្លៃ OT ឬ PT។1 មានតែសិស្សដែលមើលឃើញថាត្រូវការការព្យាបាលណាមួយក្នុងចំណោមការព្យាបាលទាំងនេះ ដោយសារហេតុផលវេជ្ជសាស្រ្តនោះប៉ុណ្ណោះ ទើបទទួលបានសេវាកម្មពីភ្នាក់ងារសេវា CCS។ ប្រសិនបើក្រុមការងារកម្មវិធី IEP មិនគិតថាមានតម្រូវវេជ្ជសាស្ត្រសម្រាប់ការព្យាបាល ឬប្រសិនបើទីភ្នាក់ងារសេវា CCS មិនជឿជាក់ថាសិស្សត្រូវការការព្យាបាលនោះទេដោយហេតុផលវេជ្ជសាស្រ្តនោះ សិស្សនឹងទទួលការព្យាបាលពីមណ្ឌលសិក្សាធិការ ប្រសិនបើវាមានភាពចាំបាច់ខាងផ្នែកអប់រំ។ ទាំងទីភ្នាក់ងារសេវា CCS និងមណ្ឌលសិក្សាធិការ ពួកគេត្រូវធ្វើការវាយតម្លៃសមស្របមុនពេលផ្តល់ការណែនាំ ឬបដិសេធសេវាព្យាបាល OT / PT ។2
ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មានន័យថាការព្យាបាលនោះគឺត្រូវការចាំបាច់ដើម្បីទទួលបានបំណិន ឬបង្កាកុំឲ្យមានការបាត់បង់បំណិនមុខងារនោះបន្ថែមទៀត ឬកាត់បន្ថយភាពគ្រោះថ្នាក់ និងភាពធ្ងន់ធ្ងរនៃពិការភាពរាងកាយ។3 ក្រៅពីតម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់ការព្យាបាល កូនរបស់អ្នកក៏ត្រូវបំពេញនូវលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានលក្ខខណ្ឌវេជ្ជសាស្ត្ររបស់ទីភ្នាក់ងារសេវា CCS ផងដែរ។ លក្ខខណ្ឌទូទៅបំផុតចំពោះសិស្សដែលត្រូវការការអប់រំពិសេសគឺ៖ ជំងឺពិការផ្នែកខួរក្បាល ជំងឺសរសៃប្រសាទនិងសាច់ដុំដែលធ្វើឲ្យមានភាពចុះខ្សោយ និងភាពលែងលូតលាស់សាច់ដុំដូចជាជំងឺខួរឆ្អឹងខ្នង រោគខ្សោយសាច់ដុំ និងការរួមស្វិតនៃសាច់ដុំ ជម្ងឺសាច់ដុំនិងឆ្អឹងរ៉ាំរ៉ៃ ការខូចទ្រង់ទ្រាយឬរបួសនានា ដូចជាជំងឺឆ្អឹងប្រេះស្រួយពីកំណើត កោងសន្លាក់ ការឈឺសន្លាក់ឆ្អឹង ការកាត់អវៈយវៈ ឬសរីរាង្គណាមួយ និងការកន្ត្រាក់សាច់ដុំដែលបណ្តាលមកពីការរលាកជាដើម។4 លក្ខខណ្ឌផ្សេងទៀតដែលមានសិទ្ធិទទួលបានការព្យាបាល OT ឬ PT ដោយទីភ្នាក់ងារសេវា CCS ត្រូវបានចែងបញ្ជាក់នៅក្នុងបទប្បញ្ញត្តិនេះ។5
ការចំណុចវាយតម្លៃរបស់ទីភ្នាក់ងារសេវា CCS គឺផ្តោតទៅលើការដោះស្រាយបញ្ហាកង្វះបំណិតជីវិតមុខងារ ឬដែនកំណត់រូបរាងកាយ ដោយមិនផ្អែកជាចម្បងតែទៅលើការសិក្សា ឬកិច្ចការអប់រំផ្សេងទៀតនោះទេ។ សម្រាប់សិស្សនៅក្នុងការអប់រំពិសេសមួយចំនួន បំណិននិងកិច្ចការទាំងនេះ អាចជារឿយៗតែងមានភាពជាន់គ្នា។ សំខាន់បំផុតត្រូវធ្វើការវាយតម្លៃជាមុន ហើយបន្ទាប់មក ត្រូវពិភាក្សាពីជំនាញជាន់គ្នាទាំងនេះនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដើម្បីឲ្យគោលដៅ និងគោលបំណង/ចំណុចគោលប្រចាំឆ្នាំពាក់ព័ន្ធអាចត្រូវបានបង្កើតឡើងដោយក្រុមការងារកម្មវិធី IEP រួមទាំង CCS ផងដែរ។ សេវាកម្ម OT ឬ PT គឺចាំបាច់ផ្នែកការអប់រំ ទោះបីជាវាមិនចាំបាច់ខាងវេជ្ជសាស្ត្រក៏ដោយ។ ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ មានលក្ខណៈវិនិច្ឆ័យទូលំទូលាយចំពោះការព្យាបាល OT/PT ច្រើនជាងទីភ្នាក់ងារសេវា CCS។ ក្រោមស្តង់ដារដែលគេហៅថា “ភាពចាំបាច់នៃការអប់រំ” ការព្យាបាល OT/PT ត្រូវបានផ្តល់ជូននៅពេលមានតម្រូវការចាំបាច់ដើម្បីជួយឲ្យសិស្សម្នាក់ “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ។6 ការព្យាបាលដោយចលនា ជាធម្មតាត្រូវបានកំណត់និយមន័យដោយច្បាប់សហព័ន្ធថាជាសេវាកម្មដែលផ្តល់ដោយអ្នកព្យាបាលចលនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់។7 ការព្យាបាលដោយការងារ ត្រូវបានកំណត់និយមន័យដោយច្បាប់សហព័ន្ធថាជាសេវាកម្មដែលផ្តល់ដោយអ្នកព្យាបាលដោយការងារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់ និងរួមបញ្ចូលទាំងការកែលម្អ ការអភិវឌ្ឍ ឬការស្តារមុខងារវិជ្ជាជីវៈដែលអន់ខ្សោយ ឬបាត់បង់ដោយសារតែជំងឺ ការរងរបួស ឬការបាត់បង់មុខងារសំខាន់ៗ ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការអនុវត្តកិច្ចការសម្រាប់ការបំពេញមុខងារដោយឯករាជ្យ ប្រសិនបើមុខងារត្រូវបានចុះខ្សោយ ឬបាត់បង់ និងការការពារតាមរយៈអន្តរាគមន៍ពីដើមទី ភាពចុះខ្សោយឬការបាត់បង់មុខងារដំណាក់កាលដំបូង និងដំណាក់កាលបន្តបន្ទាប់។8
