ទេ។ ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកតម្រូវឲ្យមានជាចាំបាច់ មុនពេលសេវាកម្មរបស់កូនអ្នកអាចត្រូវបានផ្លាស់ប្តូរ ឬបញ្ឈប់។ កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើងដើម្បីផ្លាស់ប្តូរ ឬបញ្ឈប់សេវាកម្មដែលបានចុះហត្ថលេខានៅក្នុងកម្មវិធី IEP។1
លើសពីនេះទៀត អ្នកត្រូវតែទទួលបានការជូនដំណឹងអំពីការផ្លាស់ប្តូរដែលបានស្នើឡើងណាមួយចំពោះសេវាកម្ម OT/PT ពី CCS និងមណ្ឌលសិក្សាធិការប្រសិនបើពាក់ព័ន្ធ។ តាមច្បាប់សហព័ន្ធ CCS ត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលប្រាំថ្ងៃដល់អ្នក និងមណ្ឌលសិក្សាធិការឲ្យបានជ្រាបអំពីការសម្រេចចិត្តណាមួយក្នុងការបង្កើន កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្មនោះ ហើយបន្ទាប់មក កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើង។2
ប្រសិនបើក្រុមការងារកម្មវិធី IEP យល់ស្របនឹងសំណើរបស់ CCS ក្នុងការបង្កើន កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្ម OT/PT នោះមណ្ឌលសិក្សាធិការក៏ត្រូវបានតម្រូវឱ្យផ្តល់ជូនអ្នកនូវការជូនដំណឹងសមហេតុផលផងដែរ មុនពេលដែលខ្លួនស្នើឱ្យចាប់ផ្តើម ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ឬការដាក់កូនរបស់អ្នកនៅកន្លែងរៀន ឬការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (រួមទាំងសេវាកម្មពាក់ព័ន្ធ)។3 “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” ពីមណ្ឌលសិក្សាធិការត្រូវ៖
- ពណ៌នាពីវិធានការដែលទីភ្នាក់ងារស្នើសុំឲ្យអនុវត្ត និងមូលហេតុដែលត្រូវចាត់វិធានការនោះ
- ពណ៌នាពីជម្រើសផ្សេងៗដែលត្រូវយកមកពិចារណា និងមូលហេតុដែលជម្រើសទាំងនោះត្រូវបានបដិសេធ
- ផ្តល់នូវការពណ៌នាអំពីការវាយតម្លៃ នីតិវិធី តេស្ដ កំណត់ត្រា ឬរបាយការណ៍នីមួយៗដែលវិធានការស្នើសុំនេះផ្អែកលើ
- ផ្តល់ការពណ៌នាអំពីសិទ្ធិរបស់អ្នកក្នុងការជំទាស់ទៅនឹងវិធានការដែលបានស្នើសុំ ដែលអាចរាប់បញ្ចូលទាំងការកាត់បន្ថយ ឬការបញ្ចប់សេវាកម្ម និង
- ប្រភពដែលត្រូវទាក់ទងដើម្បីទទួលបានជំនួយក្នុងការយល់ដឹងអំពីសិទ្ធិរបស់អ្នក។4
រាល់ការផ្លាស់ប្តូរសេវាកម្មដែលស្នើឡើងណាមួយ រួមទាំងសេវាកម្ម CCS ត្រូវតែអនុលោមតាមដំណើរការកម្មវិធី IEP និងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ប្រសិនបើចាំបាច់។ ទន្ទឹមពេលដែលនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់នៅមិនទាន់មានដំណោះស្រាយ កូនរបស់អ្នកត្រូវតែបន្តទទួលយកសេវាកម្មដែលកំពុងទទួលបាន មុនពេលការផ្លាស់ប្តូរដែលបានស្នើសុំនោះ។5 សូមមើល ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។
