ប្រសិនបើការដាក់វិន័យលើសិស្សណាម្នាក់នាំឲ្យមានការដកគាត់ចេញពីកន្លែងរៀន ហើយដែលការដកនោះបង្កើតនូវ “ការផ្លាស់ប្តូរកន្លែងរៀនគួរឲ្យកត់សម្គាល់” នោះផ្នែក 504 តម្រូវឲ្យសាលារៀនរបស់គាត់ធ្វើការវាយតម្លៃ មុនពេលដកចេញពីសាលាជាការដាក់វិន័យ។1 យោងតាម OCR ការដកសិស្សចេញពីសាលាលើសពី 10 ថ្ងៃជាប់ៗគ្នា ការដកសិស្សចេញក្នុងរយៈពេលមិនកំណត់ និងការដកសិស្សចេញជាអចិន្ត្រៃយ៍ (ការដកចេញពីសាលា) អាចបង្កើតការផ្លាស់ប្តូរកន្លែងរៀនគួរឲ្យកត់សម្គាល់នៅក្រោមផ្នែក 504។ ការព្យួរការសិក្សាជាច្រើនលើក — ដែលមួយលើកៗមានរយៈពេល 10 ថ្ងៃឬតិចជាងនេះ ប៉ន្តែនោះបានបង្កើតនូវ “ទម្រង់នៃការដកចេញពីការសិក្សា” — ការព្យួរទាំងនេះក៏អាចជាការផ្លាស់ប្តូរកន្លែងរៀនគួរឲ្យកត់សម្គាល់ផងដែរ។2
ដូចគ្នាទៅនឹងដំណើរការក្រោមច្បាប់ IDEA ដែរ ការវាយតម្លៃក្រោមផ្នែក 504 ត្រូវបានស្គាល់ថាជាការកំណត់ឲ្យឃើញពិការភាព (Manifestation Determination Review, MDR)។ គោលបំណងនៃការវាយតម្លៃ ឬ MDR គឺមានពីរ៖
- ត្រូវកំណត់ថាតើការប្រព្រឹត្តខុសដែលស្ថិតក្រោមវិធានការដាក់វិន័យនេះមានជាប់ពាក់ព័ន្ធនឹងពិការភាពរបស់សិស្សដែរឬអត់ និង
- បើជាប់ពាក់ព័ន្ធមែន ត្រូវកំណត់ថាតើកន្លែងរៀនបច្ចុប្បន្នរបស់សិស្សមានភាពសមស្របដែរឬអត់។3
ប្រសិនបើអាកប្បកិរិយា ឬការប្រព្រឹត្តខុស ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងពិការភាពរបស់សិស្ស ឬប្រសិនបើកន្លែងរៀនបច្ចុប្បន្នរបស់សិស្សគឺមានភាពសមស្រប នោះសាលារៀនមិនអាចបណ្តេញសិស្សចេញបានទេ ហើយគប្បីត្រូវពិនិត្យមើល និងកែសម្រួលសេវាកម្មផ្នែក 504 ដើម្បីធានាថាមណ្ឌលសិក្សាធិការនឹងផ្តល់ជូនការអប់រំ FAPE ដល់សិស្សនោះ។
ការកំណត់ពីទំនាក់ទំនងរវាងការប្រព្រឹត្តខុស និងពិការភាព អាចនឹងត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិកតែមួយដែលពួកគេធ្វើការសម្រេចចិត្តលើកន្លែងរៀនដំណាក់កាលដំបូងសម្រាប់សិស្សក្រោមផ្នែក 504។ ព័ត៌មានរង្វាយតម្លៃផ្នែកផ្លូវចិត្តបច្ចុប្បន្នដែលពាក់ព័ន្ធនឹងអាកប្បកិរិយានេះ គប្បីមានផ្តល់ជូនដល់ក្រុមការងារនេះ។ ការកំណត់នេះ មិនគួរធ្វើឡើងដោយអ្នកទទួលខុសត្រូវចំពោះនីតិវិធីដាក់វិន័យធម្មតារបស់មណ្ឌលសិក្សាធិការដូចជាអ្នកគ្រប់គ្រងរដ្ឋបាលជាដើម ដែលពួកគេខ្វះជំនាញ ឬចំណេះដឹងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសិស្សឡើយ។ ប៉ុន្តែ បុគ្គលទាំងនេះអាចចូលរួមជាសមាជិកនៃក្រុមអ្នកធ្វើការសម្រេចចិត្តលើកន្លែងរៀនបាន។
ប្រសិនបើមានការកំណត់ថាការប្រព្រឹត្តខុសនេះមិនមែនបណ្តាលមកពីពិការភាពរបស់សិស្សនោះទេ ពេលនោះសិស្សអាចនឹងត្រូវបណ្តេញចេញពីសាលាក្នុងលក្ខណៈដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ សម្រាប់សិស្សម្នាក់ដែលគ្រាន់តែមានសិទ្ធិទទួលបានក្រោមផ្នែក 504 ផ្នែក 504 និងច្បាប់ ADA អាចអនុញ្ញាតឲ្យបញ្ឈប់រាល់សេវាកម្មអប់រំទាំងអស់បាន។ នេះគឺជាភាពខុសគ្នាមួយរវាងស្តង់ដារក្រោមផ្នែក 504 និងស្តង់ដារទាំងឡាយដែលបានអនុវត្តចំពោះសិស្សដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់ IDEA។
ក្រោមច្បាប់ IDEA មណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់ការអប់រំ FAPE ដល់សិស្សដែលត្រូវបានបណ្តេញចេញពីសាលា។4
លក្ខណៈខុសគ្នាសំខាន់មួយទៀតរវាងនីតិវិធីដាក់វិន័យក្រោមផ្នែក 504 និងនីតិវិធីក្រោមច្បាប់ IDEA គឺជាអ្វីដែលបានកើតឡើងចំពោះសិស្សម្នាក់ដែលមានសិទ្ធិទទួលបានផ្នែក 504 ទន្ទឹមពេលដែលការសម្រេចចិត្តលើកន្លែងរៀនសំខាន់ៗទាំងនេះនៅក្នុងការត្រួតពិនិត្យ MDR ឬសវនាការរដ្ឋបាល កំពុងតែត្រូវបានធ្វើឡើង។ មិនដូចជានីតិវិធីដាក់វិន័យក្រោមច្បាប់ IDEA ទេ នីតិវិធីក្រោមផ្នែក 504 មិនមានលក្ខខណ្ឌ “រក្សាកន្លែងរៀនដដែល” នោះទេ។ អាស្រ័យហេតុនេះ ទោះបីជាអ្នកបានស្នើសុំសវនាការណាមួយដើម្បីជំទាស់នឹងលទ្ធផលនៃការត្រួតពិនិត្យ MDR ហើយសវនាការនៅមិនទាន់បានសម្រេចនៅឡើយក្តី ក៏កន្លែងរៀន និងសេវាកម្មរបស់សិស្សក្រោមផ្នែក 504 អាចមានការផ្លាស់ប្តូរ ឬគាត់អាចនឹងត្រូវបានបណ្តេញចេញពីសាលាផងដែរ។ ប៉ុន្តែ ការិយាល័យ OCR បានណែនាំឲ្យធ្វើការផ្លាស់ប្តូរកន្លែងរៀនរបស់សិស្ស មុនពេលដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត បានជំទាស់នឹងសេចក្ដីសម្រេចនេះថា “ហាក់ដូចជាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដែលផ្តល់ដោយនីតិវិធីត្រឹមត្រូវតាមច្បាប់” ហើយ “ប្រព័ន្ធនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដោយយុត្តិធម៌អាចនឹងបណ្តាលឲ្យមណ្ឌលសិក្សាធិការត្រូវរង់ចាំលទ្ធផលនៃដំណើរការនោះ មុនពេលធ្វើការផ្លាស់ប្តូរ”។5
ប្រសិនបើអាកប្បកិរិយាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនខុសច្បាប់នាពេលបច្ចុប្បន្ន មណ្ឌលសិក្សាធិការអាចចាត់វិធានការវិន័យទៅលើសិស្សដែលមានពិការភាពដូចគ្នានឹងវិធានការទៅលើវិន័យប្រឆាំងទៅនឹងអ្នកដែលមិនមានពិការភាពដែរ។
- 34 C.F.R. Sec. 104.35(a).[↩]
- Tombstone (AZ) Unified Sch. Dist., 80 IDELR 138, (OCR 2021).[↩]
- 34 C.F.R. Sec. 104.35(d).[↩]
- ការដាក់វិន័យលើសិស្សដែលមានពិការភាពនៅបឋមសិក្សា និង សាលាមធ្យមសិក្សា, OCR, តុលា 1996 មាននៅលើគេហទំព័រ៖ http://corporate.findlaw.com/law-library/discipline-of-students-with-disabilities-in-elementary-and.html។[↩]
- លិខិតទៅកាន់ Zirkel,22 IDELR 667(1995)។[↩]
