ផ្នែក 504 ហាមឃាត់ចំពោះការរើសអើងផ្អែកលើមូលដ្ឋានពិការភាព នៅក្នុងការចាត់ចែងទៅលើសេវាកម្ម និងសកម្មភាពទាំងក្រៅការសិក្សា និងក្នុងការសិក្សារបស់អង្គភាពដែលបានរ៉ាប់រង។1 ជាពិសេស សាលារៀន ឬទៅភ្នាក់ងារអប់រំដែលបានរ៉ាប់រងដោយផ្នែក 504 ត្រូវតែផ្តល់សេវាកម្ម និងសកម្មភាពក្រៅការសិក្សាក្នុងរបៀបមួយដែលចាំបាច់ដើម្បីផ្តល់ឲ្យសិស្សដែលមានពិការភាពនូវឱកាសស្មើភាពគ្នានៅក្នុងការចូលរួមនៅក្នុងសេវាកម្ម និងសកម្មភាពទាំងនោះនៅគ្រប់កម្រិតនៃការចូលរួមទាំងអស់ រាប់ចាប់ពីការដាក់ពាក្យសុំសេវាកម្ម ឬសកម្មភាព រហូតដល់ការចូលរួមដោយមានការសម្របសម្រួលសមស្រប និងជំនួយនិងសេវាកម្មចាំបាច់នានា។2 ឧទាហរណ៍ ការិយាល័យ OCR បានរកឃើញថាកម្មវិធីក្រោយម៉ោងសិក្សានៅសាលាអាចនឹងមិនលុបឈ្មោះកុមារណាម្នាក់ដែលមានពិការភាពផ្នែកលូតលាស់ណាមួយ ដោយសារតែអាកប្បកិរិយារបស់គាត់ ដោយមិនបានចុះធ្វើការសាកសួរលក្ខណៈបុគ្គលទៅលើរបៀបក្នុងការដោះស្រាយបញ្ហាអាកប្បកិរិយារបស់សិស្សនោះទេ។3 ការផ្តល់ជូនការកែប្រែ ជំនួយ និងសេវាកម្មក្រោមផ្នែក 504 មិនតម្រូវចាំបាច់នោះទេ ប្រសិនបើពួកវាផ្លាស់ប្តូរជាមូលដ្ឋាននូវសេវាកម្ម ឬសកម្មភាព ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសមិនសមស្របទៅលើសាលារៀន ឬទីភ្នាក់ងារ។4
សេវាកម្មនិងសកម្មភាពក្រៅការសិក្សា រួមបញ្ចូលនូវសេវាពិគ្រោះយោបល់ ការអប់រំកាយ-កម្សាន្ត-កីឡា ការធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត ក្រុមឬក្លឹបចំណាប់អារម្មណ៍ពិសេសដែលទទួលបានការឧបត្ថម្ភដោយសាលារៀន ការបញ្ចូនបន្តទៅកាន់ទីភ្នាក់ងារដែលផ្តល់ជំនួយដល់អ្នកដែលមានពិការភាព និងការផ្តល់ការងារសម្រាប់សិស្ស រួមទាំងការផ្តល់ការងារដោយសាលារៀន និងជំនួយនៅក្នុងការផ្តល់លទ្ធភាពឲ្យទទួលបានការងារនៅខាងក្រៅផងដែរ។5
ប្រសិនបើសាលារៀនផ្តល់នូវការពិគ្រោះយោបល់លើបញ្ហាផ្ទាល់ខ្លួន ការសិក្សា ឬការងារ ការណែនាំ ឬសេវាកម្មកន្លែងរៀន នោះសាលារៀនក៏ត្រូវតែធានាផងដែរថាសិស្សដែលមានពិការភាពមិនត្រូវទទួលបានការពិគ្រោះយោបល់ទៅលើវត្ថុបំណងអាជីពការងារដែលមានភាពរឹតបន្តឹងខ្លាំងជាងសិស្សដែលគ្មានពិការភាពដែលមានការចាប់អារម្មណ៍ និងសមត្ថភាពប្រហាក់ប្រហែលគ្នានោះទេ។6
នៅពេលផ្តល់ជូនវគ្គអប់រំកាយ ឬការដំណើរការ ឬការជួយឧបត្ថម្ភដល់កីឡាចម្រុះច្រើនសាលា ក្លឹបកីឡា ឬកីឡាជាក្រុម ពេលនោះសាលារៀនត្រូវតែផ្តល់ឱកាសស្មើភាពទៅដល់សិស្សដែលមានពិការភាពក្នុងការចូលរួមទៅក្នុងកម្មវិធីទាំងនោះ។7
សាលារៀនត្រូវបានអនុញ្ញាតឲ្យផ្តល់ជូនសកម្មភាពអប់រំកាយ ឬសកម្មភាពកីឡាដាច់ដោយឡែក និងខុសៗគ្នា ប៉ុន្តែលុះត្រាតែសិស្សដែលមានពិការភាពមិនត្រូវបានបដិសេធឱកាសស្មើភាពគ្នាក្នុងការប្រកួតប្រជែងសម្រាប់ក្រុមការងារ និងចូលរួមនៅក្នុងសកម្មភាពដែលបានផ្តល់ជូនដល់គ្រប់សិស្សទាំងអស់។8
យោងតាមការិយាល័យ OCR ផ្នែក 504 មិនផ្តល់ឲ្យសិស្សដែលមានពិការភាពគ្រប់រូបនូវសិទ្ធិក្នុងការស្ថិតនៅក្នុងក្រុមកីឡាណាមួយនោះទេ។ ម្យ៉ាងវិញទៀត សាលារៀនមិនតម្រូវឲ្យបង្កើតសកម្មភាពដាច់ដោយឡែក ឬខុសៗគ្នាសម្រាប់សិស្សដែលមានពិការភាពនោះដែរ។ ទោះយ៉ាងណាក៏ដោយ សាលារៀនត្រូវតែខិតខំប្រឹងប្រែងសមស្រប ទាន់ពេលវេលា និងដោយភាពស្មោះត្រង់ដើម្បីកំណត់ថាតើសិស្សដែលមានពិការភាពអាចចូលរួមទៅក្នុងសកម្មភាពមានស្រាប់ ដោយមានការកែសម្រួល ជំនួយ និងការគាំទ្រដែរឬអត់។ ការកំណត់នេះ អាចប្រព្រឹត្តទៅនៅក្រៅដំណើរការក្រុមការងារផ្នែក 504។9
- 34 C.F.R. Sec. 104.37.[↩]
- Jurupa (CA) Unified Sch Dist., 66 IDELR 260 (OCR 2015).[↩]
- Elmore County (AL) Sch Dist., 70 IDELR 162 (OCR 2017).[↩]
- 28 C.F.R. Sec. 35.130(b)(7).[↩]
- 34 C.F.R. 104.37(a)(2).[↩]
- 34 C.F.R. Sec. 104.37(b).[↩]
- 34 C.F.R. Sec. 104.37(c)(1).[↩]
- 34 C.F.R. Sec. 104.37(c)(2).[↩]
- សូមមើលលិខិតជូនចំពោះសហសេវិក នៅថ្ងៃទី 25 មករា 2013 62 IDELR 185 (OCR 2013)។[↩]
