Menu Close

(16.24) តើខ្ញុំ​មានសិទ្ធិអ្វីខ្លះ​ក្រោមផ្នែក​ 504 ប្រសិនបើខ្ញុំមិនឯកភាព​ជា​មួយ​​នឹង​មណ្ឌលសិក្សាធិការ​?

(16.24) តើខ្ញុំ​មានសិទ្ធិអ្វីខ្លះ​ក្រោមផ្នែក​ 504 ប្រសិនបើខ្ញុំមិនឯកភាព​ជា​មួយ​​នឹង​មណ្ឌលសិក្សាធិការ​?

ប្រសិនបើអ្នកមិនឯកភាព​ជាមួយនឹង​មណ្ឌលសិក្សាធិការ​ទៅលើ​បញ្ហាណាមួយ​ដែលពាក់ព័ន្ធនឹង​ការកំណត់​អត្ត​សញ្ញាណ ការវាយតម្លៃ និង​ការផ្តល់ការអប់រំ​ FAPE ឬ​ការដាក់បញ្ចូលក្នុងការអប់រំ នោះអ្នក​អាច​ស្នើសុំ​សវនាការ​​ផ្នែក​ 504 បាន​​។ បទប្បញ្ញត្តិ​នានា​ តម្រូវ​ឲ្យ​សវនាការ​នោះ​មានភាព​មិនលម្អៀង ហើយ​តម្រូវឲ្យ​ឪពុកម្តាយ​មានឱកាស​ក្នុង​ការ​ចូលរួម​ និង​ធ្វើជាតំណាង​ដោយ​ទីប្រឹ​ក្សា​ផ្នែកច្បាប់។ [34 C.F.R. 104.36.] មណ្ឌលសិក្សាធិការនីមួយៗ​ ត្រូវបង្កើត​នីតិវិធី​​សវនាការក្រោមផ្នែក 504 ដោយខ្លួនឯង​។​ មណ្ឌលសិក្សាធិការ​ ជ្រើសរើស​មន្ត្រី​សវនាការ​ម្នាក់​ដើម្បី​ធ្វើការសម្រេចចិត្តទៅលើការមិនឯកភាពនោះ​។ ការិយាល័​យ​ OCR បាន​លើកឡើងថា​បុគ្គលិក​ និង​សមាជិកក្រុមប្រឹក្សា​ភិបាលនៃ​មណ្ឌល​សិក្សា​ធិការ​ អាច​នឹង​​​មិនដើរតួនាទីជា​មន្ត្រីសវនាការ​ទេ​។ ប្រសិនបើ​មណ្ឌល​សិក្សា​ធិការ​ផ្សេងទៀត​ចូលរួម​ចំណែក​ក្នុង​​កិច្ចសន្យា​ជាមួយនឹង​មណ្ឌលសិក្សាធិការ​ដើម្បី​ផ្តល់​​​សេវាកម្មដល់សិស្ស​ដែលមានពិការភាព​ នោះ​បុគ្គលិករបស់ខ្លួន​ក៏ត្រូវបាន​ហាម​ឃា​ត់មិនឲ្យ​ដើរតួនាទីជា​មន្ត្រីសវនាការ​ដែរ​​។​ [Letter to Anonymous,18 IDELR 230 (OCR 1991).]

ទោះយ៉ាង​ណាក៏ដោយ ប្រសិនបើអ្នកជឿជាក់ថា​កូនរបស់អ្នក​មិនទទួលបាន​សិទ្ធិ​របស់ខ្លួនក្រោមផ្នែក​ 504 ទេ​ (ឧ.ទា. មណ្ឌលសិក្សាធិការ​ មិនបានអនុវត្តតាម​លក្ខខ​ណ្ឌតម្រូវ​ និង​នីតិវិធីក្រោមផ្នែក​ 504 នោះទេ​) ដូច្នេះ អ្នកអាច​ដាក់ពាក្យ​បណ្តឹង​​ទៅកាន់ការិយាល័យ​ OCR បាន​។​  ការិយាល័យ OCR គ្រប់គ្រង និង​ពង្រឹ​​ងការអនុវត្ត​​ច្បាប់ទៅលើការការពារ​ក្រោមផ្នែក​ 504 នៅក្នុងការអប់រំ​។  អ្នកមានរយៈពេល 180 ថ្ងៃគិតចាប់ពី​ថ្ងៃ​នៃ​ការ​រំលោភបំពាន​​ដែលបាន​ចោទ​ប្រកា​ន់​​​នោះមក ដើម្បី​ដាក់​ពាក្យ​បណ្តឹង​របស់អ្នក​ទៅកាន់ការិយាល័យ OCR។​ ពាក្យ​បណ្តឹង​របស់អ្នក​ គប្បី​​ដាក់ទៅកាន់​ការិយាល័យ​ OCR តាមរយៈ​អាសយដ្ឋា​ន​៖

U.S. Department of Education
Office for Civil Rights, Region IX Office
50 Beale Street, Suite 7200
San Francisco, CA 94105
ទូរសព្ទ៖ 415-486-5555
TDY: 877-521-2172
ទូរសារ៖ 415-486-5570

មើលជំពូក​ 6 ព័ត៌មាន​ស្តីពីបណ្តឹង​សម្រាប់​កិច្ចដំណើរការត្រឹមត្រូវ ​​​​/ការអនុវត្ត​តាម​ច្បាប់​​។