ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេស នោះសេវាកម្ម ឬសេវាជំនួយគាំទ្រមួយចំនួនដែលត្រូវការចាំបាច់ដើម្បីជួយផ្ទេរការសិក្សារបស់គាត់ត្រឡប់ទៅកាន់សាលារៀនវិញនេះ គួរតែត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP ហើយសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP មុនពេលគាត់ត្រឡប់ចូលសាលាវិញ។ [5 C.C.R. Sec. 3051.4 (d).] អ្នកអាចស្នើសុំកិច្ចប្រជុំកម្មវិធី IEP ឲ្យបានឆាប់នៅពេលណាអ្នកដឹងថាកូនរបស់អ្នក នឹងត្រឡប់ចូលសាលារៀនវិញ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ឲ្យកិច្ចដំណើរការការអប់រំពិសេសបញ្ចប់ទៅនៅមុនពេលដែលកូនរបស់អ្នកត្រឡប់ចូលសាលារៀនសាធារណៈវិញ។ នៅពេលណាមណ្ឌលសិក្សាធិការបានទទួលសំណើជាលាយលក្ខណ៍អក្សរសម្រាប់កិច្ចប្រជុំកម្មវិធី IEP កិច្ចប្រជុំនេះត្រូវតែរៀបចំឡើងក្នុងរយៈពេល 30 ថ្ងៃចាប់ពីពេលដែលមណ្ឌលសិក្សាធិការរបស់អ្នកទទួលបាននូវសំណើជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56343.5.]
ផ្នែក 504 មិនបានគូសបញ្ជាក់អំពីបញ្ហានេះឲ្យបានជាក់លាក់ទេ។ ប៉ុន្តែ អ្នកអាចស្នើសុំកិច្ចប្រជុំផែនការ 504 នៅពេលណាក៏បាន ដើម្បីពិភាក្សាអំពីសេវាកម្មដែលត្រូវការចាំបាច់ នៅពេលសិស្សត្រឡប់ចូលរៀនវិញ។ មិនមានកាលវេលាសម្រាប់រៀបចំកិច្ចប្រជុំផែនការ 504 ទេ។
ប្រសិនបើកូនរបស់អ្នកគឺជាសិស្សអប់រំទូទៅម្នាក់ មណ្ឌលសិក្សាធិការមិនចាំបាច់ត្រូវផ្តល់ការគាំទ្រ សេវាកម្ម ឬសេវាជំនួយនោះទេ។ ប៉ុន្តែ អ្នកគប្បីត្រូវទាក់ទងទៅកាន់មណ្ឌលសិក្សាធិការដើម្បីពិភាក្សាពីតម្រូវការរបស់កូនអ្នក និងបង្កើតកិច្ចព្រមព្រៀងមិនភ្ជាប់កាតព្វកិច្ចក្រៅផ្លូវការមួយដើម្បីគាំទ្រគាត់ នៅពេលគាត់ត្រឡប់ចូលរៀនវិញ។ ដោយសារតែជំងឺ ឬស្ថានភាពសុខភាពធ្ងន់ធ្ងរ អ្នកគប្បីពិចារណាធ្វើការបញ្ចូនបន្តសម្រាប់ផ្នែក 504 និងការទទួលបានសិទ្ធិអប់រំពិសេស។