ឱសថត្រូវតែផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំពិសេស ឬដែលមានផែនការផ្នែក 504 ដោយបុគ្គលិកសាលា ប្រសិនបើផែនការសម្រាប់បុគ្គលតម្រូវឲ្យមានវា។ [5 C.C.R. Sec. 610(d).] ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR) បានរកឃើញថាការបដិសេធរបស់មណ្ឌលសិក្សាធិការក្នុងការផ្តល់ឱសថសម្រាប់សិស្សដែលជាផ្នែកមួយនៃផែនការ 504 គឺជាការរើសអើងក្រោមផ្នែក 504។ [San Juan Unified School District, 20 IDELR 549 (W.D. Cal. 1993).] ហេតុផលដូចគ្នានេះ គប្បីត្រូវអនុវត្តចំពោះសិស្សដែលមានកម្មវិធី IEP ផងដែរ។
ទោះយ៉ាងណាក៏ដោយ សេវាកម្មទាំងនេះ មិនត្រឹមតែមានផ្តល់ជូនដល់សិស្សដែលមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផ្តល់ជូនដល់សិស្សនៅក្នុងការអប់រំធម្មតាផងដែរ។ ច្បាប់រដ្ឋចែងថាមណ្ឌលសិក្សាធិការ អាចនឹងប្រើប្រាស់គិលានុប្បដ្ឋាកប្រចាំសាលា ឬបុគ្គលិកផ្សេងទៀតដើម្បីជួយសិស្សក្នុងការប្រើប្រាស់ឱសថរបស់ពួកគេ (1) ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានការអនុញ្ញាតរបស់សិស្ស បញ្ជាក់អំពីវិធីសាស្ត្រ បរិមាណ និងពេលវេលានៃការផ្តល់ឱសថនោះ (និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលសាលារៀនបានតម្រូវឲ្យមាន) និង (2) ប្រសិនបើឪពុកម្តាយផ្តល់ការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់ជំនួយនេះ។ អ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានអនុញ្ញាត គឺជាបុគ្គលដែលទទួលអាជ្ញាប័ណ្ណនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងការចេញវេជ្ជបញ្ជាឱសថ។ [5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.]
ឱសថអាចរួមបញ្ចូលនូវឱសថមានវេជ្ជបញ្ជា និងឱសថគ្មានវេជ្ជបញ្ជា អាហារបំប៉ន និងឱសថបូរាណ។ [5 C.C.R. Sec. 601(b).] បទប្បញ្ញត្តិទាំងនេះ មិនបានហាមឃាត់ឱសថជាក់លាក់ណាមួយមិនឲ្យផ្តល់ជូននៅសាលារៀននោះទេ ដូចជាឱសថ Diastat សម្រាប់គ្រប់គ្រងជំងឺឆ្កួតជ្រូកជាដើម។ ប្រសិនបើសិស្សម្នាក់ស្វែងរកជំនួយពីបុគ្គលិកក្នុងការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា នោះអាចមានន័យថានឹងតម្រូវឲ្យមានការអនុញ្ញាតរបស់គ្រូពេទ្យ។
ជាផ្នែកមួយនៃសំណើជាលាយលក្ខណ៍អក្សរបស់អ្នកសម្រាប់ជំនួយពីបុគ្គលិកនៅក្នុងការផ្តល់ឱសថ មណ្ឌលសិក្សាធិការអាចតម្រូវឲ្យអ្នកផ្តល់ការអនុញ្ញាតដល់មណ្ឌលសិក្សាធិការដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នកពាក់ព័ន្ធនឹងការអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នកផ្តល់សេវានោះ។ [5 C.C.R. Sec. 603(a)(2).] ប្រសិនបើអ្នកមានការបារម្ភថាបុគ្គលិកសាលា អាចនឹងព្យាយាមពិភាក្សាអ្វីៗផ្សេងទៀតក្រៅពីសេចក្តីលម្អិតនៃការផ្តល់ឱសថរបស់កូនអ្នកជាមួយនឹងវេជ្ជបណ្ឌិតនោះ សូមប្រាកដថាការអនុញ្ញាតណាមួយត្រូវមានការកំណត់ជាក់លាក់ត្រឹមបញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់ឱសថតែប៉ុណ្ណោះ។ ប្រសិនបើមណ្ឌលសិក្សាធិការផ្តល់ទម្រង់បែបបទយល់ព្រមទូលំទូលាយ អ្នកគប្បីបន្ថែមប្រយោគមួយ ឬពីរនៅខាងលើហត្ថលេខារបស់អ្នក ដោយកំណត់នូវការអនុញ្ញាតរបស់មណ្ឌលសិក្សាត្រឹមបញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់ឱសថតែប៉ុណ្ណោះ។ អ្នកក៏គប្បីផ្តល់សេចក្តីចម្លងមួយច្បាប់នៃការអនុញ្ញាតទៅដល់គ្រូពេទ្យ និងបញ្ជាក់ថាវាត្រូវបានកំណត់ត្រឹមសេចក្តីលម្អិតនៃការផ្តល់ឱសថប៉ុណ្ណោះ។