យោងតាមសេចក្តីសម្រេចដោយការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings, OAH) ប្រសិនបើតម្រូវការសម្រាប់ឱសថផលិតពីកញ្ឆា ឬសារធាតុបម្លែងណាមួយ បំពេញតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលរបស់រដ្ឋកាលីហ្វ័រញ៉ា (California’s Compassionate Use Act) គាត់គួរតែទទួលបានការអនុញ្ញាតក្នុងការប្រើប្រាស់វានៅក្នុងបរិវេណសាលា និងនៅលើរថយន្តក្រុង។ ករណីពាក់ព័ន្ធនឹងកុមារអាយុប្រាំឆ្នាំម្នាក់ដែលមានជំងឺឆ្គួតជ្រូកធ្ងន់ធ្ងរ (Dravet Syndrome) ដែលគាត់ត្រូវការសារធាតុប្រេងតេត្រាដ្រូការណាប៊ីណូ (THC) សម្រាប់ជាឱសថជំងឺឆ្គួតជ្រូកសង្គ្រោះបន្ទាន់។ មណ្ឌលសិក្សាធិការ បានផ្តល់ឲ្យគាត់នូវកម្មវិធី IEP មួយសម្រាប់ការបង្រៀនតាមផ្ទះ ដោយបានទាមទារថាគាត់មិនអាចចូលរៀននៅសាលាបានទេ ដោយសារតែច្បាប់សហព័ន្ធ និងរដ្ឋបានហាមឃាត់ការយកតាមខ្លួន ឬប្រើប្រាស់សារធាតុនោះនៅក្នុងទីតាំងសាលារៀន ឬរថយន្តក្រុងសាលា។ ចៅក្រម ALJ បានបដិសេធទឡ្ហីកររបស់មណ្ឌលសិក្សាធិការ ដោយលើកឡើងថាការកំណត់នៃមជ្ឈដ្ឋាន LRE បានផ្តល់សិទ្ធិដល់កុមារនោះចូលរៀននៅសាលាជាមួយមិត្តរួមថ្នាក់របស់គាត់។ ចៅក្រម ALJ ក៏បានរកឃើញផងដែរថាមណ្ឌលសិក្សាធិការ បានភាន់ច្រឡំនៅក្នុងការយល់ឃើញរបស់ខ្លួនទៅលើច្បាប់ជាធរមាននេះ។
សេចក្តីសម្រេចនេះ បានពន្យល់ផងដែរថាច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលរបស់រដ្ឋកាលីហ្វ័រញ៉ា (California’s Compassionate Use Act) បានចែងយ៉ាងច្បាស់អំពីការអនុគ្រោះស្ថិតក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន។ កុមារម្នាក់មានសិទ្ធិទទួលបានការអនុគ្រោះនេះ ប្រសិនបើ៖
- មានជងឺធ្ងន់ធ្ងរ
- គ្រូពេទ្យបានកំណត់ថាការប្រើប្រាស់កញ្ឆា អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់កុមារនោះនៅក្នុងការព្យាបាលជំងឺរបស់ខ្លួន និង
- គ្រូពេទ្យបានណែនាំឲ្យមានការប្រើប្រាស់សម្រាប់គោលបំណងនេះ។ [Cal. Health & Saf. Code Sec. 11362.5(b)(1).]
កម្រិតនៃជំងឺដែលបានគ្របដណ្តប់ក្រោមច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាល ត្រូវបានកំណត់យ៉ាងទូលំទូលាយដូចជា “ជំងឺមហារីក ការធុំអាហារ អេដស៍ ការឈឺចាប់រ៉ាំរ៉ៃ សាច់ដុំរឹង ជំងឺគ្លោកូម រលាកសន្លាក់ ឈឺក្បាលប្រកាំង ឬជំងឺផ្សេងទៀតដែលកញ្ឆាជួយបំបាត់ការឈឺចាប់សម្រាប់ជំងឺទាំងអស់នេះ។” [Cal. Health & Saf. Code Sec. 11362.5(b)(1)(A).] លក្ខន្តិកនោះអនុគ្រោះយ៉ាងជាក់លាក់ចំពោះការប្រើប្រាស់កញ្ឆាជាឱសថសម្រាប់អ្នកជំងឺ និងការយកកញ្ឆាជាប់តាមខ្លួន និងអ្នកផ្តល់ការថែទាំបឋម មិនឲ្យមានជាប់ទោស ឧក្រិដ្ឋឡើយ ករណីដែលវាត្រូវបានចេញវេជ្ជបញ្ជាសម្រាប់គោលបំណងវេជ្ជសាស្ត្ររបស់អ្នកជំងឺតាមការណែនាំ និងការឯកភាពជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់របស់គ្រូពេទ្យ។ [Cal. Health & Saf. Code Sec. 11362.5(b)(1)(B) and 11362.5j(d).] អ្នកថែទាំបឋម ត្រូវបានកំណត់និយមន័យថាជា “បុគ្គលដែលទទួលបានការចាត់តាំងដោយអ្នកដែលបានទទួលខុសត្រូវយ៉ាងទាំងស្រុងចំពោះការស្នាក់នៅ សុខភាព ឬសុវត្ថិភាពនៃបុគ្គលនោះ។” [Cal. Health & Saf. Code Sec. 11362.5(e).]
ចៅក្រម ALJ បានសន្និដ្ឋានថាតម្រូវការរបស់កុមារសម្រាប់សារធាតុប្រេង THC បានបំពេញគ្រប់លក្ខខណ្ឌផ្នែកច្បាប់ ហើយគាត់ និងម្តាយរបស់គាត់ដែលជាអ្នកថែទាំបឋមរបស់គាត់ ត្រូវបានការពារដោយច្បាប់ស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសម្រាប់ជាឱសថព្យាបាលនេះ។ លើសពីនេះ គិលានុប្បដ្ឋាកដែលអាចផ្តល់សារធាតុប្រេងកញ្ឆាក្រោមលក្ខខណ្ឌមានវេជ្ជបញ្ជា បានទទួលនូវការការពារ ដោយសារតែគាត់មានតួនាទីជាភ្នាក់ងាររបស់ម្តាយកុមារ។ ចៅក្រម ALJ បានទទួលស្គាល់ថាការប្រើប្រាស់ និងយកកញ្ឆាតាមខ្លួនក្រោមច្បាប់សហព័ន្ធ នៅតែបានកំណត់ថាជាចំណុចនៅក្នុងឧបសម្ព័ន្ធ I ក្រោមច្បាប់ស្តីពីការគ្រប់គ្រងសារធាតុញៀនសហរដ្ឋអាមេរិក (US Controlled Substance Act, CSA)។ ប៉ុន្តែ ចៅក្រមបានចែងនូវសេចក្តីបញ្ជាក់ និងវិធានការនានាជាច្រើនតាមរយៈក្រសួងយុត្តិធម៌ (Department of Justice, DOJ) ប្រធានាធិបតី និងរដ្ឋសភាពរួមគ្នាដោយបង្ហាញនូវឆន្ទៈច្បាស់លាស់មិនផ្តួចផ្តើមបង្កើតវិធានការផ្លូវច្បាប់ ឬការដាក់ទោសណាមួយឡើយ ប្រសិនបើការប្រើប្រាស់នេះគឺសម្រាប់គោលបំណងផ្នែកវេជ្ជសាស្ត្រ។