ដើម្បីគណនាវត្តមានប្រចាំថ្ងៃជាមធ្យមសម្រាប់សិស្សដែលមានពិការភាព បណ្តោះអាសន្ន ច្បាប់រដ្ឋកាលីហ្វ័រញ៉ា តម្រូវឲ្យមានការរាប់ “ចំនួនម៉ោង” នៃពេលវេលាបង្រៀនដែលបានចំណាយទៅលើការបង្រៀនលក្ខណៈបុគ្គលនេះថាជាវត្តមានមួយថ្ងៃ។ ម្យ៉ាងទៀត ដើម្បីទទួលបានការផ្តល់ថវិការដ្ឋពេញលេញសម្រាប់វត្តមានមួយថ្ងៃ មណ្ឌលសិក្សាធិការ ចាំបាច់ត្រូវផ្តល់ការបង្រៀនចំនួនមួយម៉ោងតែប៉ុណ្ណោះទៅដល់សិស្សនោះ។ ច្បាប់នេះក៏ចែងផងដែរថាគ្មានសិស្សណាម្នាក់ អាចទទួលបានក្រេឌីតលើសពីចំនួនវត្តមានប្រាំថ្ងៃក្នុងមួយសប្តាហ៍ឡើយ។ [Cal. Ed. Code Sec. 48206.3(c).] ដូច្នេះ មណ្ឌលសិក្សាធិការ ផ្តល់ទៅឲ្យសិស្សម្នាក់ដែលមានពិការភាពបណ្តោះអាសន្ននូវការបង្រៀនមួយម៉ោងក្នុងមួយថ្ងៃ ក្នុងពេលដែលពួកគេមានការជាសះស្បើយនៅផ្ទះ ឬរហូតដល់ពួកគេអាចត្រឡប់ចូលសាលារៀនវិញ។ មិនមានច្បាប់ណាមួយ តម្រូវឲ្យមណ្ឌលសិក្សាធិការផ្តល់ការបង្រៀនលក្ខណៈបុគ្គលគ្រប់គ្រាន់ទៅដល់សិស្សនីមួយៗដែលមានពិការភាព ដើម្បីរក្សាបាននូវស្ថានភាពបច្ចុប្បន្ននៃវគ្គសិក្សារបស់គាត់ និងរក្សាកម្រិតថ្នាក់សិក្សារបស់គាត់នោះទេ។