ពិការភាពផ្នែកសិក្សាជាក់លាក់ គឺជាវិបត្តិមួយនៅក្នុងលំនាំចិត្តសាស្ត្រមូលដ្ឋានពាក់ព័ន្ធទៅនឹងការយល់ដឹង ឬការប្រើប្រាស់ភាសាជាពាក្យសម្តី ឬជាជាលក្ខណ៍អក្សរ ដែលអាចស្តែងចេញមកដោយឯកឯងជាសមត្ថភាពមិនពេញលេញនៅក្នុងការស្តាប់ ការគិតពិចារណា ការនិយាយ ការសរសេរ អក្ខរាវិរុទ្ធ ឬដំណោះស្រាយគណិតវិទ្យា។ លំនាំចិត្តសាស្ត្រមូលដ្ឋាននេះ រួមមាន៖ បម្រុងប្រយ័ត្ន លំនាំចក្ខុ លំនាំសោត បំណិនសរីរាង្គចលករ សមត្ថភាពពុទ្ធិដូចជាការភ្ជាប់ទំនាក់ទំនង គំនិតបែបអរូបី (ពិបាកយល់) និងការសម្តែងចេញមក។ ពិការភាពនេះ អាចរួមបញ្ចូលនូវស្ថានភាពដូចជាពិការភាពផ្នែកយល់ដឹង របួសខួរក្បាល ភាពចុះខ្សោយមិនប្រក្រតីនៃខួរក្បាល (MBD) ពិបាកអាន (dyslexia) ពិបាកគណនាលេខ (dyscalculia) ពិបាកសរសេរ (dysgraphia) និងបញ្ហាលូតលាស់ផ្នែកនិយាយស្តី។ ពិការភាពនេះ មិនរួមបញ្ចូលនូវបញ្ហានៃការសិក្សាដែលភាគច្រើនបណ្តាលមកពីពិការភាពផ្នែកចក្ខុ ការស្តាប់ ឬចលករ ឬពិការភាពផ្នែបញ្ញា ឬវិបត្តិផ្លូវចិត្ត ឬបណ្តាលមកពីគុណវិបត្តិផ្នែកមជ្ឈដ្ឋាន វប្បធម៌ ឬផ្នែកសេដ្ឋកិច្ច។ [5 C.C.R. Sec. 3030(b)(10)(A).] ទោះយ៉ាងណាក៏ដោយ ពិការភាពនៃការសិក្សាជាក់លាក់ មិនរួមបញ្ចូលនូវពិការភាពក្នុងក្របខណ្ឌមុខងារចក្ខុដែលបណ្តាលមកពីភាពមិនប្រក្រតីនៃចក្ខុឥន្ទ្រីយ៉ារម្មណ៍ ឬចក្ខុចលករ។ [Cal. Ed. Code Sec. 56338.]
ចំណាត់ថ្នាក់នៃពិការភាពផ្នែកសិក្សាជាក់លាក់នៃសិទ្ធិទទួលបានការអប់រំពិសេស គឺជាចំណាត់ថ្នាក់ធំបំផុតរបស់សិស្សនៅក្នងការអប់រំពិសេស និងមានភាពស្មុគស្មាញបំផុតពាក់ព័ន្ធនឹងកត្តានានាដែលត្រូវយកមកពិចារណា និងកិច្ចដំណើរការវាយតម្លៃដែលមណ្ឌលសិក្សាការអាចប្រើប្រាស់នៅក្នុងការធ្វើការកំណត់នេះ។
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មណ្ឌលសិក្សាធិកាជារឿយៗតែងប្រើប្រាស់អ្វីដែលហៅថា “គំរូនៃភាពលម្អៀង” ដើម្បីកំណត់ថាតើសិស្សមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ ក្រោមគោលគំនិតនេះ សិស្សម្នាក់ត្រូវតែពិនិត្យឃើញថាមានកម្រិតនៃភាពលម្អៀងធ្ងន់ធ្ងររវាងសមត្ថភាពបញ្ញា និងលទ្ធផលសិក្សារបស់គាត់នៅក្នុងការសម្តែងចេញតាមរយៈពាក្យសម្តី ការយល់ដឹងតាមរយៈការស្តាប់ ការសម្តែងចេញតាមរយៈការសរសេរ បំណិនអំណានមូលដ្ឋាន ការយល់ដឹងតាមការអាន ការគណនាបែបគណិតវិទ្យា ឬការទាញហេតុផលតាមគណិតវិទ្យា។ [5 C.C.R. Sec. 3030(b)(10)(B).] ច្បាប់អប់រំសហព័ន្ធ អនុញ្ញាតឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃផ្សេងទៀត ហៅថា “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ” ឬ “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍ (RTI)” ដើម្បីកំណត់ថាតើសិស្សម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេសមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ [34 C.F.R. Sec. 300.309(b).] ច្បាប់សហព័ន្ធ ហាមឃាត់រដ្ឋនានាពីការតម្រូវឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់គំរូនៃភាពលម្អៀងនេះតែមួយមុខ ហើយក៏តម្រូវឲ្យរដ្ឋអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការរបស់ពួកគេប្រើប្រាស់គំរូ RTI ផងដែរ។ [34 C.F.R. Sec. 300.307(a).] ព្រោះតែច្បាប់សហព័ន្ធ ដូច្នេះច្បាប់រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់គំរូនៃភាពលម្អៀង ឬគំរូ RTI នៅក្នុងការកំណត់ថាតើសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ [Cal. Ed. Code Sec. 56337(b)-(c).] មុនពេលអ្នកយល់ព្រមចំពោះការវាយតម្លៃលើការអប់រំពិសេសសម្រាប់កូនអ្នកក្រោមប្រភេទចំណាត់ថ្នាក់នេះ សូមប្រាកដថាអ្នកដឹង និងយល់ថាតើវិធីសាស្រ្តនៃការធ្វើការកំណត់នេះមួយណាដែលមណ្ឌលសិក្សាធិការរបស់អ្នកនឹងប្រើប្រាស់។