កុមារម្នាក់ដែលអាចមានបញ្ហាសិក្សារៀនសូត្រអាចនឹងនៅតែរកមិនឃើញថាមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសទេ ដោយសារតែគាត់មិនត្រូវតាមប្រភេទចំណាត់ថ្នាក់មួយនៃប្រភេទចំណាត់ថ្នាក់នៃសិទ្ធិទទួលបានការអប់រំពិសេស និង/ឬដោយសារតែតម្រូវការសិក្សារបស់គាត់មិនមានភាពបន្ទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសនោះទេ។ (បញ្ហានេះ អាចជាករណីកើតមានជាញឹកញាប់សម្រាប់កុមារដែលកំណត់ថាមានបញ្ហាសកម្មហួសហេតុ មានបញ្ហាពិបាកអាន ជំងឺអូទីសឹមប្រភេទ PDD ជំងឺសរសៃប្រសាទ ជំងឺមិនចេះអស់ចេះហើយ បញ្ហាកិរិយាមាយាទ បញ្ហារករឿងប្រឆាំងមិនស្តាប់បង្គាប់ ឬជំងឺ ADD/ADHD។ ក្នុងចំណោមស្ថានភាពទាំងនេះ មានតែជំងឺ ADD/ADHD និងជំងឺសរសៃប្រសាទ (Tourette Syndrome) ប៉ុណ្ណោះ ត្រូវបានរៀបរាប់យ៉ាងច្បាស់នៅក្នុងលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេស។
ប៉ុន្តែកុមារម្នាក់នេះអាចមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និងការកែសម្រួលកម្មវិធីនៅក្រោមច្បាប់សហព័ន្ធស្តីពីការប្រឆាំងនឹងការរើសអើងដែលបានបង្កើតឡើងដើម្បីជួយសម្របសម្រួលយ៉ាងសមស្របចំពោះស្ថានភាពរបស់សិស្ស ដើម្បីបំពេញបានតាមតម្រូវការរបស់គាត់ឲ្យបានគ្រប់គ្រាន់ដូចគ្នាទៅនឹងតម្រូវការរបស់សិស្សដែលមិនមានពិការភាពផងដែរ។ ច្បាប់នេះត្រូវបានស្គាល់ជាទូទៅថាច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 ផ្នែក 504។ 1
ការទទួលបានសិទ្ធិនៅក្នុងផ្នែក 504 គឺមិនផ្អែកទៅលើការវិភាគលើពិការភាពតាមប្រភេទចំណាត់ថ្នាក់ទេ (លើកលែងតែស្ថានភាពមួយចំនួនដូចជាជំងឺ ADD/ADHD ជាដើម ត្រូវបានទទួលស្គាល់រឿយៗថាជាស្ថានភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមផ្នែក 504)។ ផ្ទុយទៅវិញ ការការពារនៅក្នុងផ្នែក 504 គឺមានផ្តល់ជូនដល់សិស្សដែលអាចចាត់ទុកថា “មានពិការភាព” ពាក់ព័ន្ធនឹងផ្នែកមុខងារ។ សិស្សទាំងនេះ៖
- មានភាពចុះខ្សោយផ្នែករាងកាយនិងផ្លូវចិត្ត ដែលរឹតត្បិតជាទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតរស់នៅ (ដូចជាការសិក្សា និងការផ្ចង់ស្មារតីជាដើម)។
- មានប្រវត្តិធ្លាប់មានភាពចុះខ្សោយណាមួយ ឬ
- ត្រូវបានចាត់ទុកថាមានភាពចុះខ្សោយណាមួយ។ 2
ប្រសិនបើកូនរបស់អ្នកមិនរកឃើញថាមានពិការភាពណាមួយសម្រាប់គោលបំណងនៃសេវាជំនួយ និង/ឬសេវាកម្មនានាក្រោមផ្នែក 504 នោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការកំណត់នោះបាន។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន មានការទទួលខុសត្រូវចំពោះការរៀបចំកិច្ចដំណើរការសវនាការក្រោមផ្នែក 504។ មន្ត្រីសវនាការដែលបានជ្រើសរើសដោយទីភ្នាក់ងារអប់រំមូលដ្ឋាន ត្រូវតែមានភាពឯករាជ្យមិនចំណុះឲ្យទីភ្នាក់មូលដ្ឋានឡើយ។ ឧទាហរណ៍ មន្ត្រីសវនាការអាចជាអ្នកគ្រប់គ្រងរដ្ឋបាលអប់រំពិសេសណាម្នាក់មកពីមណ្ឌលសិក្សាផ្សេងទៀត មកពីការិយាល័យអប់រំប្រចាំខោនធី ឬមកពីផ្នែកផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស – ដរាបណាគ្មានទំនាស់ផលប្រយោជន៍នឹងគ្មា។
ការិយាល័យសិទ្ធិពលរដ្ឋ (OCR) បានគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់លើការការពារក្រោមផ្នែក 504 នៅក្នុងផ្នែកអប់រំ។ ប្រសិនបើអ្នកជឿថាកូនរបស់អ្នកមិនមានលទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួនក្រោមផ្នែក 504 ទេ អ្នកអាចដាក់ពាក្យបណ្តឹងទៅការិយាល័យសេវាពលរដ្ឋបាន។ អ្នកអាចចូលប្រើទម្រង់បែបបទពាក្យសុំតាមអនឡាញនៅលើគេហទំព័រhttps://ocrcas.ed.gov/office-for-civil-rights-discrimination-complaint-form ឬអ្នកអាចសរសេរលិខិត ឬហៅទូរសព្ទទៅ OCR តាមអាសយដ្ឋានមួយខាងក្រោម ហើយស្នើសុំសេចក្ដីចម្លងនៃទម្រង់បែបបទពាក្យបណ្ដឹង និងសន្លឹកណែនាំក្នុងការបំពេញពាក្យបណ្ដឹង៖
ទីស្នាក់ការជាតិ OCR មានទីតាំងនៅ៖
ក្រសួងអប់រំសហរដ្ឋអាមេរិក
ការិយាល័យសិទ្ធិស៊ីវិល
Lyndon Baines Johnson Department of Education Bldg
400 Maryland Avenue, SW
Washington, DC 20202-1100
ទូរសព្ទ៖ 800-421-3481
ទូរសារ៖ 202-453-6012; TDD: 800-877-8339
អ៊ីមែល៖ OCR@ed.gov
គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR សម្រាប់រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងនៅ៖
ការិយាល័យទីក្រុងស៊ីថល
Office for Civil Rights
ក្រសួងអប់រំសហរដ្ឋអាមេរិក
915 Second Avenue Room 3310
Seattle, WA 98174-1099
ទូរសព្ទ៖ 206-607-1600
ទូរសារ៖ 206-607-1601; TDD: 800-877-8339
អ៊ីមែល៖ OCR.Seattle@ed.gov
គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR របស់រដ្ឋកាលីហ្វ័រញ៉ានៅសាន់ហ្វ្រាន់ស៊ីស្កូបច្ចុប្បន្នត្រូវបានបិទ៖
ការិយាល័យសិទ្ធិពលរដ្ឋ
San Francisco Office
U.S. Department of Education
50 United Nations Plaza
San Francisco, CA 94102
ទូរសព្ទ៖ (415) 486-5555
ទូរសារ៖ (415) 486-5570
អ៊ីមែល៖ OCR.SanFrancisco@ed.gov
សូមមើល ជំពូក 6 ព័ត៌មានស្ដីពីសវនាការតាមនីតីវិធីត្រឹមត្រូវតាមផ្លូវច្បាប់/បណ្ដឹងពីបទអនុលោមភាព។
នៅពេលអ្នកកំពុងបញ្ជូនកូនរបស់អ្នកទៅកាន់ផ្នែកសិទ្ធិទទួលបានការអប់រំពិសេស លិខិតបញ្ជូនរបស់អ្នកអាចរួមបញ្ចូលនូវសំណូមពរសុំឲ្យកូនរបស់អ្នកទទួលបានការវាយតម្លៃផងដែរនៅក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា ឆ្នាំ1973 (ផ្នែក 504) ដើម្បីកំណត់ថាតើកូនរបស់អ្នកអាចមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់នោះដែរឬអត់។ ប្រសិនបើមានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការអាចនឹងតម្រូវឲ្យផ្តល់នូវការសម្របសម្រួល និង/ឬសេវាកម្មសមស្របនានា រួមទាំងសេវាកម្មអប់រំពិសេសផងដែរ ដើម្បីឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីសាលារៀនដូចជាកុមារដែលគ្មានពិការភាពដែរ។ ការសម្របសម្រួល និង/ឬសេវាកម្មនេះអាចនឹងមានសារៈសំខាន់ ប្រសិនបើកូនរបស់អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស/កម្មវិធី IEP នោះទេ ឬប្រសិនបើការសម្របសម្រួល និង/ឬសេវាកម្មទាំងនោះមិនត្រូវបានផ្តល់ជូនក្រោមច្បាប់អប់រំពិសេស ដោយសារហេតុផលមួយចំនួន។ 3
