សិស្សម្នាក់មានសិទ្ធិទទួលបានក្រោមការរំខានផ្នែកអារម្មណ៍ ប្រសិនបើគាត់បង្ហាញនូវចរិតលក្ខណៈមួយ ឬច្រើនដូចខាងក្រោម ក្នុងរយៈពេលវែង និងក្នុងកម្រិតមួយដែលបានកំណត់ ដែលលក្ខណៈទាំងនេះមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំ៖
- អសមត្ថភាពក្នុងការសិក្សា ដែលមិនអាចបកស្រាយពន្យល់បានតាមរយៈកត្តាសតិបញ្ញា កត្តាឥន្ទ្រីយ៉ារម្មណ៍ ឬកត្តាសុខភាព
- អសមត្ថភាពក្នុងការកសាង ឬរក្សាទំនាក់ទំនងអន្តរបុគ្គលសមស្របជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន
- ប្រភេទអាកប្បកិរិយា ឬអារម្មណ៍មិនសមស្របស្ថិតក្រោមកាលៈទេសៈធម្មតាដែលបានបង្ហាញក្នុងស្ថានភាពផ្សេងៗគ្នា។
- អារម្មណ៍មិនសប្បាយចិត្ត ឬការធ្លាក់ទឹកចិត្តដែលអាចសង្កេតឃើញជាទូទៅ
- ទំនោរទៅរកការកើតមានរោគសញ្ញារាងកាយ ឬភាពភ័យក្លាចដែលពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួន និងសាលារៀន។ 1
កូនរបស់អ្នកមិនចាំបាច់ទទួលបានការធ្វើរោគវិនិច្ឆ័យ ឬបំពេញបានតាមនិយមន័យផ្នែកសុខភាពផ្លូវចិត្តតាមបែបគ្លីនិកពាក់ព័ន្ធនឹងការរំខានផ្នែកអារម្មណ៍ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមប្រភេទនេះទេ។ លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធសម្រាប់ការរំខានផ្នែកអារម្មណ៍ គឺជាលក្ខណៈវិនិច្ឆ័យតែមួយគត់ដែលសិស្សម្នាក់ត្រូវតែបំពេញដើម្បីមានសិទ្ធិទទួលបានសេវាអប់រំពិសេស។
ពាក្យ “ការរំខានផ្នែកអារម្មណ៍” រួមបញ្ចូលយ៉ាងជាក់លាក់នូវជំងឺវិកលចរិត ប៉ុន្តែមិនរាប់បញ្ចូលនូវសិស្សដែល “មិនចេះសម្របខ្លួនតាមសង្គម” នោះទេ។ 2 ច្បាប់មិនបានពន្យល់បកស្រាយថាតើពាក្យ “មិនចេះសម្របខ្លួនតាមសង្គម” មានន័យដូចម្តេចទេ ដែលការនេះនាំឲ្យមានការភាន់ច្រឡំ។ លើសពីនេះទៀត ពាក្យ “ការរំខានផ្នែកអារម្មណ៍” មិនមែនជាស្ថានភាពរោគវិនិច្ឆ័យនៃជំងឺវិកលចរិតដែលបានទទួលស្គាល់ណាមួយឡើយ ហើយសិស្សមិនចាំបាច់មានប្រភេទចំណាត់ថ្នាក់ ឬរោគវិនិច្ឆ័យនៃជំងឺវិកលចរិតណាមួយដើម្បីមានសិទ្ធិទទួលបានក្រោមប្រភេទចំណាត់ថ្នាក់វិបត្តិផ្លូវចិត្តទេ។
