Menu Close

(3.1) តើនរណាមានសិទ្ធិទទួលការអប់រំពិសេសក្រោមច្បាប់របស់សហព័ន្ធ​​និងរដ្ឋ? 

(3.1) តើនរណាមានសិទ្ធិទទួលការអប់រំពិសេសក្រោមច្បាប់របស់សហព័ន្ធ​​និងរដ្ឋ? 

អ្នកអាចរកឃើញលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលការអប់រំពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានៅក្នុងបទប្បញ្ញត្តិដែលបានអនុម័តដោយក្រុមប្រឹក្សាអប់រំរដ្ឋ។ សូម​មើល​ ជំពូក​ 5 ក្រមបទប្បញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Code of Regulations, C.C.R.) Sec. 3030។​ បទប្បញ្ញត្តិទាំងនេះ ចូលជាធរមាននៅថ្ងៃទី2 ខែមីនា ឆ្នាំ1983។ នេះ​ជាលើកទីមួយហើយដែលរដ្ឋកាលីហ្វ័រញ៉ាមានគោលការណ៍ឯកភាពទូទាំងរដ្ឋសម្រាប់កំណត់សិទ្ធិទទួលការអប់រំពិសេស។ លក្ខណៈវិនិច្ឆ័យជាទូទៅ មាន​ភាព​​ស្របគ្នា​ទៅនឹងគោលការណ៍ណែនាំ​របស់សហព័ន្ធក្នុងការកំណត់​និយម​ន័យ “កុមារដែលមានពិការភាព​” ។ [34 Code of Federal Regulations (C.F.R.) Sec. 300.8.] លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានក្រោមច្បាប់របស់រដ្ឋ មិនអាច​មានន័យ​តូច​ចង្អៀត​ជាង​លក្ខណៈវិនិច្ឆ័យ​សិទ្ធិ​ទទួល​បានក្រោមគោលការណ៍​ណែនាំ​របស់​សហព័ន្ធឡើយ។

រួមសេចក្តីមក​ បទប្បញ្ញត្តិរបស់សហព័ន្ធនិងរដ្ឋ បង្កើត​នូវលក្ខណៈវិនិច្ឆ័យ​សិទ្ធិ​ទទួល​​​បាន​​សម្រាប់​សិស្ស​ទាំង​អស់ដែលមានអាយុចាប់ពី 2 ឆ្នាំដល់ 22 ឆ្នាំ ដែល​ពួក​គេ​កំពុង​ស្វែងរកសេវាកម្មអប់រំពិសេស។ ដើម្បីទទួលបាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ជាបុគ្គល​ដែលមាន​តម្រូវ​ការ​ពិសេស​ក្រោម​លក្ខណៈ​វិនិច្ឆ័យ​សិទ្ធិ​ទទួល​បាន ការ​វាយតម្លៃត្រូវតែបង្ហាញថាភាព​ចុះខ្សោយ​របស់​សិស្ស​ មានផលប៉ះពាល់​​មិនល្អ​ដល់​សកម្មភាព​ ការសិក្សា​របស់គាត់​ ហើយតម្រូវ​ឲ្យ​មានការ​អប់រំពិសេស​។ ផ្នែកនៃភាពចុះខ្សោយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមាន​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​​​សេវារបស់រដ្ឋ រួម​មាន៖

  1. ភាព​​ចុះ​ខ្សោយ​ការ​ស្តាប់​
  2. ភាព​​ចុះខ្សោយទាំង​​​​ការស្តាប់ និងគំហើញ
  3. ភាព​ចុះ​ខ្សោយ​ផ្នែកពាក្យសម្តី ឬ​ភាសា
  4. ភាព​ចុះខ្សោយ​គំហើញ​
  5. ភាពចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង​​​ធ្ងន់ធ្ងរ​
  6. ភាពមានកម្រិតនៃ​កម្លាំង និងភាពរឹងមាំ ឬភាពប្រុងប្រយ័ត្ន ដោយសារ​បញ្ហា​សុខភាពរ៉ាំរ៉ៃ ឬស្រួចស្រាវ (ភាពចុះខ្សោយនៃ​សុខភាពផ្សេង​ទៀត​)
  7. អូទីស៊ីម​
  8. ពិការភាព​ផ្នែក​បញ្ញា​
  9. វិបត្តិ​ផ្លូវចិត្តធ្ងន់ធ្ងរ
  10. ពិការភាព​ផ្នែកសិក្សា​
  11. ពិការភាព​ចម្រុះច្រើនផ្នែក​​
  12. ការរងរបួស​ខួរក្បាល​ធ្ងន់ធ្ងរ​ និង
  13. ពិការគ-ថ្លង់​។ [34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030.]

ក្រុមការងារ​កម្មវិធី​ IEP (រួមមានសមាសភាព​​ឪពុកម្តាយ និង​អ្នកជំនាញវិជ្ជាជីវៈ​ដែល​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​)​ ធ្វើការកំណត់​ជាក់ស្តែង​ទៅលើការ​ទទួល​បាន​​សិទ្ធិអប់រំពិសេស​​ និង​សេវាកម្មពាក់ព័ន្ធ​នានា​ ផ្អែក​លើ​របាយការណ៍​វាយតម្លៃ​។​  សេចក្តីចម្លងមួយច្បាប់នៃ​របាយការណ៍នេះ ត្រូវតែប្រគល់ទៅដល់ឪពុកម្តាយ​។​ [20 U.S.C. Sec. 1414(b)(4) & (5); 34 C.F.R. Secs. 300.306(a)(1) & 300.322​(f)​.​] មណ្ឌលសិក្សាធិការ​ ត្រូវតែ​ធានា​ថា​ឪពុកម្តាយគឺ​អ្នកចូលរួម​​ពេញ​លេញ​នៃ​ក្រុម​ការងារកម្មវិធី​​ IEP នៅ​ក្នុង​ការ​​ធ្វើសេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធនឹង​ការ​ដាក់បញ្ចូល​ក្នុងការសិក្សា​នេះ​។​ [34 C.F.R. Sec 300.327; Cal. Ed. Code Sec. 56342.5.] 

ពាក់ព័ន្ធនឹងកម្រិត​​អាយុអប្បបរមា​ កុមារ​ម្នាក់អាច​មានសិទ្ធិ​ទទួលបានសេវា​អប់រំ​ពិសេស​ ជាទម្រង់នៃ​សេវា​អន្តរាគមន៍​​ពីដើមទី តាំង​​ពី​ចាប់កំណើត​មក​។ មើល​ជំពូ​ក​ 13 ព័ត៌មាន​ស្តីពីសេវាអន្តរគមន៍​ពីដើម​ទី​ ក្រោយ​អាយុបីឆ្នាំ​រហូតដល់​អាយុចូល​រៀ​ន​  កុមារ​ម្នាក់អាចនឹង​មានសិទ្ធិទទួលបាន​​ការអប់រំ​ពិសេស​ថ្នាក់​មត្តេយ្យ​សិក្សា​​។ មើល​ជំពូក 12 ព័ត៌មាន​ស្តីពីការ​សេវាអប់រំ​ថ្នាក់មត្តេយ្យសិក្សា​​

ពាក់​ព័ន្ធនឹង​​អាយុ​អតិបរមា​ (ឧបមាថា​សិស្ស​នោះមិនទាន់​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​​​​ដែលមាន​​សញ្ញាបត្រ​ធម្មតា)​ សិស្ស​ម្នាក់​អាច​បន្ត​មានសិទ្ធិ​ទទួលបាន​ការអប់រំពិសេស​ រហូតដល់​ផុត​អាយុ 18 ឆ្នាំ ​[Cal. Ed. Code Sec. 56026(c)(4)]​។ សិស្ស​​ដែលមានអាយុចន្លោះពី​ 19 ដល់​ 21 ឆ្នាំ​ អាច​បន្តស្ថិតនៅក្នុង​ការអប់រំ​ពិសេ​ស នៅពេល​ស្ថានភាព​ដូច​ខាង​ក្រោមនេះ​កើតឡើង​៖

  1. គាត់ត្រូវ​ស្ថិតនៅក្នុង​ការអប់រំពិសេស​ នៅពេលគាត់​​គ្រប់អាយុ 19 ឆ្នាំ​
  2. គាត់មិន​បាន​បំពេញ​តាម “ស្តង់ដាបំណិន​សមត្ថភាព​​” របស់គាត់​
  3. គាត់​មិនបានបំពេញ​ “វគ្គសិក្សាដែល​បាន​កំណត់​” របស់គាត់​ ឬ​
  4. គាត់​មិនបាន​ទទួលសញ្ញាបត្រ​បញ្ចប់ការសិក្សានៅវិទ្យាល័យ​ធម្មតា​​ពី​វិ​ទ្យាល័យណាមួយ​​​។ [34 C.F.R. Sec. 300.102, Cal. Ed. Code Sec. 56026(c)(4).  56026.1​.]

“វគ្គសិក្សា​ដែលបានកំណត់​” គឺជា​បណ្តុំ​ស្តង់ដា​ដែលបានបង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​​​អប់រំ​តាមមូលដ្ឋាន​សម្រាប់ការប្រគល់សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​។ [Cal. Ed. Code. Sec. 56026.1.] វគ្គសិក្សា​អាច​រួមបញ្ចូលនូវ​មុខវិជ្ជា​ ឬ​ក្រេឌីត​ដែល​បាន​​តម្រូវ​ដោយ​មណ្ឌលសិក្សាធិការ​ផ្នែក​ភាសាអង់គ្លេស​ គណិតវិទ្យា អំណាន ។ល។ “ស្តង់ដា​បំណិន​សមត្ថភាព” គឺជា​ការវាស់ស្ទង់​សមត្ថភាព​សិស្ស​ទៅលើ​បំណិន​​មូលដ្ឋាន​​​ដូចជា​អំណាន សំណេរ​ និង​គណិតវិទ្យា​។  រយៈពេលដែលសិស្ស​អាចបន្ត​ស្ថិត​នៅក្នុង​ការអប់រំពិសេស​ ក្រោយគម្រប់​​ខួប​កំណើត​​អាយុ​ 22 ឆ្នាំ ជាធម្មតា​គឺ​អាស្រ័យលើ​ខែ​ដែល​គាត់​គ្រប់អាយុ​ 22 ឆ្នាំនោះ​​។ ប្រសិនបើសិស្ស​កើត​នៅចន្លោះ​ថ្ងៃ​ទី1 ខែមករា និង​ថ្ងៃ​ទី​30 ខែ​មិថុនា នោះគាត់​គ្រាន់​​​តែ​អាច​បន្តស្ថិតនៅ​ក្នុងកម្មវិធី​សម្រាប់ឆ្នាំសារពើពន្ធ​នៅសេសសល់​ដែល​ត្រូវ​​​បញ្ចប់នៅថ្ងៃ​ទី​30 ខែ​មិថុនាតែប៉ុណ្ណោះ​ បូករួមទាំង​កម្មវិធី​ឆ្នាំសិក្សា​​បន្ត​​។​ ប្រសិន​បើ​គាត់​កើតនៅក្នុងខែកក្កដា​ ខែ​សីហា ឬខែ​​កញ្ញា​ ហើយ​ស្ថិតនៅក្នុង​ប្រតិទិន​​ឆ្នាំ​សិក្សា​ពីមុនមក​ ពេល​នោះ​​គាត់​ត្រូវទទួលបាន​ដំណោះស្រាយ​​​ដូចគ្នា​ ​និង​អាចបន្ត​​ស្ថិតនៅក្នុងកម្មវិធី​នេះ​រហូតដល់​ដំណាច់​ឆ្នាំសារពើពន្ធ​ពី​មុន​មក​ដែលត្រូវ​បញ្ចប់​នៅ​​ថ្ងៃ​ទី​30 ខែកក្កដា​។​​ ប៉ុន្តែ​ ប្រសិនបើសិស្ស​កើត​នៅ​ក្នុងខែ​កក្កដា​ ខែ​សីហា ឬខែ​​កញ្ញា​ ហើយស្ថិតនៅក្នុង​ប្រតិទិន​​សិក្សា​នៅសាលា​ពេញ​​មួយ​ឆ្នាំ​​ នោះ​គាត់​អាច​​បញ្ចប់​​រយៈពេល​បច្ចុប្បន្ន​នេះ​ បើទោះបីជា​រយៈពេល​នេះ​ពន្យារទៅ​ឆ្នាំ​សារ​ពើ​ពន្ធ​​បន្ទាប់​ក៏ដោយ​​។​ សិស្សដែល​កើត​នៅក្នុងខែតុលា​ ខែ​វិច្ឆិកា ឬខែ​​ធ្នូ​ អាចបន្ត​ស្ថិត​នៅក្នុង​ការអប់រំ​ពិសេស​រហូតត្រឹម​ថ្ងៃ​​​ទី​31 ខែ​ធ្នូនៃ​ឆ្នាំដែល​គាត់គ្រប់អាយុ​ 22 ឆ្នាំ​តែ​ប៉ុណ្ណោះ​​ លើកលែង​តែ​គាត់​បញ្ចប់កម្មវិធី​ IEP របស់គាត់​ផ្សេងទៀត​​ នៅ​ដំណា​ច់​​​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន​នោះ​។ [Cal. Ed. Code Sec. 56026(c)(4)]