ពិការភាពផ្នែកការសិក្សាជាក់លាក់ ត្រូវបានកំណត់ថាជា វិបត្តិមួយក្នុងដំណើរការផ្លូវចិត្តមូលដ្ឋានមួយឬច្រើន ដែលទាក់ទងនឹងការយល់ដឹង ឬការប្រើភាសា មិនថាភាសានិយាយ ឬភាសាសរសេរនោះទេ។ នេះអាចបង្ហាញឱ្យឃើញដោយខ្លួនឯងថា មានការលំបាកក្នុងការស្ដាប់ ការគិត ការនិយាយ ការអាន ការសរសេរ ការប្រកប ឬការធ្វើគណិតវិទ្យា។ ដំណើរការផ្លូវចិត្តជាមូលដ្ឋាននេះ រួមមាន៖ ការយកចិត្តទុកដាក់ ដំណើរការចក្ខុវិញ្ញាណ ដំណើរការសោតវិញ្ញាណ ជំនាញខាងវិញ្ញាណ-ចលករ សមត្ថភាពផ្នែកយល់ដឹងដូចជាការភ្ជាប់ទំនាក់ទំនង គំនិតបែបអរូបី (ពិបាកយល់) និងការសម្តែងចេញមក។
បញ្ហាសុខភាពដែលបញ្ចូលក្រោម SLD អាចនឹងរួមមាន៖
- ពិការភាពខាងញាណ
- របួសខួរក្បាល
- ដំណើរការមិនធម្មតាតិចតួចនៃខួរក្បាល
- វិបត្តិពិបាកអាន
- វិបត្តិពិបាកគណនា
- វិបត្តិពិបាកសរសេរ
- ជំងឺនិយាយមិនរួចក្នុងវ័យលូតលាស់។
SLD មិនរួមបញ្ចូលនូវបញ្ហានៃការរៀនសូត្រដែលភាគច្រើនបណ្តាលមកពីពិការភាពផ្នែកចក្ខុវិញ្ញាណ សោតវិញ្ញាណ ឬចលករ ឬពិការភាពផ្នែកបញ្ញា ឬការរំខានផ្នែកអារម្មណ៍ ឬបណ្តាលមកពីគុណវិបត្តិផ្នែកមជ្ឈដ្ឋាន វប្បធម៌ ឬផ្នែកសេដ្ឋកិច្ច។ 1 ទោះយ៉ាងណាក៏ដោយ ពិការភាពផ្នែកសិក្សាជាក់លាក់មិនរួមបញ្ចូលនូវពិការភាពក្នុងក្របខណ្ឌមុខងារគំហើញដែលបណ្តាលមកពីភាពមិនប្រក្រតីនៃចក្ខុឥន្ទ្រីយ៉ារម្មណ៍ ឬចក្ខុចលករទេ។ 2
ចំណាត់ថ្នាក់នៃពិការភាពផ្នែកសិក្សាជាក់លាក់នៃសិទ្ធិទទួលបានការអប់រំពិសេស គឺជាចំណាត់ថ្នាក់ធំបំផុតរបស់សិស្សនៅក្នងការអប់រំពិសេស និងមានភាពស្មុគស្មាញបំផុតពាក់ព័ន្ធនឹងកត្តានានាដែលត្រូវយកមកពិចារណា និងកិច្ចដំណើរការវាយតម្លៃដែលមណ្ឌលសិក្សាការអាចប្រើប្រាស់នៅក្នុងការធ្វើការកំណត់នេះ។
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មណ្ឌលសិក្សាធិកាជារឿយៗតែងប្រើប្រាស់អ្វីដែលហៅថា “គំរូនៃភាពលម្អៀង” ដើម្បីកំណត់ថាតើសិស្សមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ ក្រោមវិធីសាស្ត្រនេះ សិស្សម្នាក់ត្រូវតែគេពិនិត្យឃើញថាមានកម្រិតនៃភាពលម្អៀងធ្ងន់ធ្ងររវាងសមត្ថភាពបញ្ញា និងលទ្ធផលសិក្សារបស់គាត់នៅក្នុងការសម្តែងចេញតាមរយៈពាក្យសម្តី ការយល់ដឹងតាមរយៈការស្តាប់ ការសម្តែងចេញតាមរយៈការសរសេរ ជំនាញអានមូលដ្ឋាន ការយល់ដឹងតាមការអាន ការគណនាបែបគណិតវិទ្យា ឬការទាញហេតុផលតាមគណិតវិទ្យា។ 3 ច្បាប់អប់រំសហព័ន្ធ អនុញ្ញាតឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃផ្សេងទៀត ហៅថា “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ” ឬ “គំរូនៃការឆ្លើយតបទៅនឹងអន្តរាគមន៍ (RTI)” ដើម្បីកំណត់ថាតើសិស្សម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេសមានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ 4 ច្បាប់សហព័ន្ធ ហាមឃាត់រដ្ឋនានាពីការតម្រូវឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់គំរូនៃភាពលម្អៀងនេះតែមួយមុខ ហើយក៏តម្រូវឲ្យរដ្ឋអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការរបស់ពួកគេប្រើប្រាស់គំរូ RTI ផងដែរ។ 5 ព្រោះតែច្បាប់សហព័ន្ធ ដូច្នេះច្បាប់រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់គំរូនៃភាពលម្អៀង ឬគំរូ RTI នៅក្នុងការកំណត់ថាតើសិស្សម្នាក់មានពិការភាពផ្នែកសិក្សាជាក់លាក់ដែរឬអត់។ 6 មុនពេលយល់ព្រមនឹងការវាយតម្លៃផ្នែកអប់រំពិសេសសម្រាប់កូនរបស់អ្នក វាជាការសំខាន់ដែលយល់ដឹងពីវិធីសាស្ត្រនៃការវាយតម្លៃដែលមណ្ឌលសិក្សាធិការរបស់អ្នកនឹងប្រើ។
