Menu Close

(3.28) ប្រភេទចំណាត់ថ្នាក់​នៃ​ការទទួលបានសិទ្ធិ​អប់រំពិសេស​មួយចំនួន​ កំណត់ថា​ស្ថានភាព​ ឬ​ពិការភាព​របស់​សិស្ស​ “មានផលប៉ះពាល់មិនល្អ​ដល់សកម្មភាព​អប់រំ​​”។​​ តើ​ឃ្លាប្រយោគនេះ​មានន័យដូចម្តេច​?

(3.28) ប្រភេទចំណាត់ថ្នាក់​នៃ​ការទទួលបានសិទ្ធិ​អប់រំពិសេស​មួយចំនួន​ កំណត់ថា​ស្ថានភាព​ ឬ​ពិការភាព​របស់​សិស្ស​ “មានផលប៉ះពាល់មិនល្អ​ដល់សកម្មភាព​អប់រំ​​”។​​ តើ​ឃ្លាប្រយោគនេះ​មានន័យដូចម្តេច​?

ច្បាប់​រដ្ឋ​ឬសហព័ន្ធ​ គ្មានច្បាប់ណាមួយ​កំណត់និយមន័យ​នៃ​ពាក្យ “ផលប៉ះពាល់​មិន​ល្អ​ទៅលើ​​សកម្មភាព​អប់រំ​​” នោះទេ​។​ ដូច្នេះ ការពិនិត្យ​មើល​សំណុំរឿង​តុលាកា​រ​​​​ដែលបកស្រាយ​លើឃ្លាប្រយោគ​នេះ គឺ​មានភាពចាំបាច់​ក្នុង​ការ​យល់​​​ដឹង​ថា​តើ​​ឃ្លា​នេះ​ត្រូវបានប្រើប្រាស់យ៉ាង​ដូចម្តេច​​។​ តុលាការ​បាន​បកស្រាយ​ឃ្លា​ប្រយោគនេះ​ ដែលមានន័យថា​ការអប់រំ​នឹង​ទទួលរងនូវផលប៉ះពាល់មិនល្អ​​ ប្រសិន​​បើគ្មានសេវាកម្មជាក់លាក់ណាមួយ​ទេ​ ស្ថានភាព​​របស់កុមារ​អាច​រារាំង​គាត់​ពីការ​អនុវត្ត​កិច្ច​ការសិក្សា​ និង​កិច្ច​ការក្រៅការសិក្សា​ និង​/ឬ​ពីការ​ទទួលបាន​ការ​អប់រំជាមួយ​មិត្តរួមថ្នាក់​ដែល​មិន​មាន​ពិការភាព​។​ [Yankton School District v. Schramm, 93 F.3d 1369 (8th Cir. 1996).]

ឧទាហរណ៍ សម្រាប់កុមារ​ដែលមាន​ពិការភាពផ្នែកគ្រោង​ឆ្អឹង​ តុលាការ​នៅក្នុង​រឿង​​ក្តីរបស់​​ Schramm បាន​កំណត់​សេវាកម្ម​ជាច្រើន​ (ជំនួយ​ក្នុង​ផ្លាស់​ពីថ្នាក់​មួយ​​ទៅថ្នាក់មួយ ការ​ឡើង​ចុះ​ពីលើ​រថយន្តក្រុង​ ការឡើង​ចុះ​ជណ្តើរ​ ការកាន់​ចាន​អាហារ​ថ្ងៃ​ត្រង់ ការបង្កើត​ក្រុមតន្រ្តីសាក់សូហ្វូនរបស់កុមារ​​ សៀវភៅជា​​ច្រើន​​ឈុត​បន្ថែមទៀត​សម្រាប់​​នៅផ្ទះ​និង​នៅសាលាដោយមិនចាំបាច់យក​សៀវភៅ​ទាំង​នោះចុះ​ឡើង​នោះទេ កិច្ចការសរសេរ​ខ្លីៗ​ ការបង្រៀន​ក្នុង​ការ​វាយ​អក្សរដោយ​ដៃ​ម្ខាង រូបថត​ការកត់ត្រា​របស់គ្រូបង្រៀន និង​​កុំព្យូទ័រ​នៅក្នុង​ថ្នាក់​រៀន​ជាក់លាក់មួយចំនួន​)​ ថាបើ​សិន​ជា​មិន​មានការ​ផ្តល់ឲ្យ​ទេ​ សេវាកម្ម​ទាំង​នោះ​អា​ច​​នាំឲ្យស្ថានភាព​​​ផ្នែក​គ្រោង​ឆ្អឹង​មានផលប៉ះពាល់មិនល្អ​ដល់​សកម្មភាព​អប់រំ​។​ តុលាការ​​បានរកឃើញថា​​នេះ​គឺជា​ការពិត​ ព្រោះបើគ្មាន​សេវាកម្មទាំងនេះ​ទេ​ សិស្ស​​​អាច​មានការពិបាក​​ក្នុង​ការ​កាត់ត្រា​ ការបំពេញ​កិច្ច​ដាក់ឲ្យធ្វើ ការ​ទៅដល់​ថ្នាក់​រៀនទាន់ពេលវេលា​ និង​ការ​ចូល​ទៅដល់ថ្នាក់រៀន​ជា​មួយ​​​នឹង​សៀវភៅ​របស់​គាត់។​ តុលាការដដែលនោះ​ បានរកឃើញថា​ដោយសារតែ​សិស្សមាន​បំណង​ចង់​​ចូលរៀននៅមហាវិទ្យាល័យ ដូច្នេះ​អវត្តមាន​​នៃ​សេវាកម្មទាំងនេះ ក៏ដូចជា​សេវាផ្ទេរ​ការ​អប់រំពិសេស​ (ការអប់រំបើកបរ ស្វ័យតស៊ូមតិ និង​បំណិតជីវិត​ឯករាជ្យ​) អាច​នឹង​ធ្វើ​ឲ្យ​ភាព​ចុះ​ខ្សោយ​ផ្នែកគ្រោង​ឆ្អឹង​របស់គាត់​មានផល​ប៉ះ​ពា​ល់​មិនល្អ​ដល់​វត្ថុ​បំណង​នៃ​ការអប់រំ​ក្រោយ​វិទ្យាល័យ​។​​​

នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ការិយាល័យ​សវនាការ​រដ្ឋបាល​ បាន​ចាត់ទុក​​កម្រិត​និ​ទ្ទេស​​​​​ខ្សោយ​ថាជា​សូចនាករ​​​ដ៏​ចម្បង​​នៃ​ផលប៉ះពាល់​មិនល្អ​ទៅលើ​សកម្មភាពអប់រំ​។​ [Lodi Unified Sch. Dist., SN 371-00; Capistrano Unified Sch. Dist., SN 686-99, 33 IDELR 51; Ventura Unified Sch. Dist., SN 1943-99A; Murrieta Valley Unified Sch. Dist., SN 180-95, 23 IDELR 997.] ការិយាល័យសវានាការ​ ក៏​បា​ន​​រក​ឃើញផងដែរថា​ស្ថានភាព​មួយ មានផលប៉ះពាល់​មិនល្អ​ដល់សកម្មភាព​អប់រំ​ ប្រសិនបើ​វានាំមកនូវ​ការចូលរៀនមិនបានសមស្រប​នៅសាលារៀន​។​ [Sequoia Union High School District, SN 1092-95.] កម្រិតនិទ្ទេស​ខ្សោយ​​ និង​ភាព​​យឺត​យ៉ាវ​​​ក្នុងការសិក្សា​ ក៏ជា​ឧទាហរណ៍ផងដែរ​​នៃ​ផលប៉ះពាល់​មិន​ល្អ​ទៅ​លើ​សកម្មភាព​​​អប់រំ​​។​ [Enterprise Elem. Sch. Dist., SN 1055-89.] ម្យ៉ាង​ទៀត​ ស្ថានភាព​របស់​សិស្ស​ ដែល​បណ្តាលឲ្យ​​កម្រិត​និទ្ទេស​ និងកិរិយាមាយាទធ្លាក់​ចុះ​​នៅ​សាលា​​រៀន​ បាននាំមកនូវ​ផលប៉ះពាល់​មិនល្អ​ទៅលើសកម្មភាពអប់រំ​។​​  [Sierra Sands Unifi​e​d Sch. Dist., SN 1367-97, 30 IDELR 306.]

សាលារៀន​ភាគ​ច្រើន​តែង​វាយតម្លៃ​​យ៉ាង​តឹង​រឹងបំផុតថាតើ​​ស្ថានភាពរបស់កុមា​រ​មាន​​ផលប៉ះពាល់មិនល្អ​ទៅលើសកម្មភាព​អប់រំ​ដែរឬអត់នោះ​ ដោយផ្អែក​លើក​ម្រិ​ត​​​​និទ្ទេស​ ឬ​ពិន្ទុនៅលើតេស្ត​ស្តង់ដា​របស់កុមារ​។ បើទោះបីជា​កម្រិតនិទ្ទេស​ និង​ពិន្ទុតេស្ត​ស្តង់ដា អាចជា​កម្រិត​វាស់ស្ទង់​មួយ​នៃ​សកម្មភាព​អប់រំ​ក៏ដោយ ប៉ុន្តែ​​ច្បាប់​នឹង​តុលាការ ត្រូវ​ពិនិត្យមើល​ឲ្យបានទូលំទូលាយ​។​​  នៅពេលធ្វើ​ការកំណ​ត់​​ថាតើ​សកម្មភាព​អប់រំ​របស់កុមារ​រង​ផលប៉ះពាល់មិនល្អ​ដោយ​ស្ថានភាព​ផ្លូវចិត្ត​របស់​​​កុមារដែរឬអត់​នោះ តុលាការ​ឧទ្ធរណ៍​របស់សហព័ន្ធ​ដែលគ្រប់គ្រងរដ្ឋ​កាលីហ្វ័រញ៉ា​ តម្រូវ​ផងដែរឲ្យ​ផ្តល់​ជូន​ការ​ពិចារណា​ទៅ​លើ​តម្រូវ​ការ​របស់សិស្ស​សម្រាប់ការ​លូត​លាស់​ផ្នែកអាកប្បកិរិយា និង​ផ្លូវចិត្ត​។​ [County of San Diego v. California Special Education Hearing Office, et al., 93 F.3d 1458, 1467 (9th Cir. 1996​)​.​] ទោះបីជាសិស្ស​​មួយ​ចំនួន​ធ្វើ​តេស្ត​បាន​ល្អ នៅពេល​ពួកគេធ្វើតេស្ត​ស្ត​ង់ដា​​​​យ៉ាង​ណា​​ក៏ដោយ ប៉ុន្តែ​ច្បាប់​មិន​តម្រូវ​​ឲ្យ​មាន​ពិន្ទុតេស្តស្តង់ដា​ខ្សោយដើម្បី​រកឲ្យ​ឃើញ​​នូវ​ផល​ប៉ះពាល់មិនល្អ​នៅលើសកម្មភាព​អប់រំនោះទេ​។​​  តុលាការ​បាន​បញ្ជាក់​ថា​តម្រូវការ​អប់រំ​របស់កុមារ​​ រួមមាន​តម្រូវការ​ផ្នែកសិក្សា​ សង្គម សុខភាព​ ផ្លូវចិត្ត​ ទំនាក់​ទំនង រាងកាយ និង​វិជ្ជាជីវៈ។​ [Seattle School Dist. No. 1 v. B.S., 82 F.3d 1493, 1500 (9th Cir. 1996).]

ច្បាប់​អប់រំពិសេស​សហព័ន្ធ ក៏បែងចែក​ភាព​ខុសគ្នា​រវាង​សកម្មភាព​ “អប់រំ” និង​សកម្មភាព​ “សិក្សា”​ ផងដែរ និង​បញ្ជាក់ថា​សកម្មភាព “អប់រំ​​” គឺជា​ទស្សនវិស័យ​​មួយ​​ដ៏ទូលំទូលាយ​។ ឧទាហរណ៍ កុមារ​ត្រូវតែ​ទទួលបានការវាយតម្លៃ​ដោយ​សាលា​​រៀន​នៅគ្រប់ផ្នែក​ទាំងអស់នៃ​ពិការ​ភាព​ដែល​មាន​ការសង្ស័យ​។​ [20 U.S​.​C​. Sec. 1414(b)(3)(B).]  ផ្នែកទាំងនោះ​ ត្រូវបានកំណត់​និយមន័យ​ដោយ​បទប្បញ្ញ​ត្តិ​​របស់សហព័ន្ធ​​ដើម្បីរួមបញ្ចូលនូវផ្នែក​៖ សុខភាព គំហើញ ការស្តាប់ ស្ថានភាព​សង្គ​ម​និង​ផ្លូវចិត្ត សតិបញ្ញាទូទៅ សកម្មភាព​សិក្សា​ ស្ថានភាព​ទំនាក់ទំនង និង​សមត្ថភាព​ចលករ​។​  [34 C.F.R. Sec. 300.304(c)(4).] សកម្មភាព​សិក្សា​ គឺជា​ផ្នែកតែមួយ​គ​ត់​ដែលកុមារ​ត្រូវតែ​ទទួលបានការវាយតម្លៃ។​ រដ្ឋសភា និង​រដ្ឋ​ធម្មនុ​ញ្ញ​របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ គួរណាស់តែ​ធ្លាប់​បាន​ប្រើប្រាស់​ បច្ចេកសព្ទ​ “សកម្មភាព​សិក្សា​” ដែល​មាន​ន័យ​តូច​ចង្អៀត នៅពេល​កំណត់ជាលាយ​លក្ខណ៍​អក្ស​រ​នូវ​និ​យមន័យ​អំពីស្ថានភាពនានា​ដែល​ឲ្យ​ផ្តល់​ឲ្យ​កុមា​​​រម្នាក់​នូវ​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ក្រោមប្រភេទចំណាត់ថ្នាក់នៃ​ការទទួលបាន​សិទ្ធិ​ដូចជា​ផ្នែក​​​វិបត្តិ​​ផ្លូវចិត្ត ភាព​ចុះខ្សោយ​ផ្នែកសុខភាព​ផ្សេងៗ (OHI) ភាពចុះខ្សោយ​ផ្នែក​គ្រោង​ឆ្អឹង​​ ពិការភាព​ផ្នែក​បញ្ញា​ ភាព​ចុះ​ខ្សោយ​ផ្នែកពាក្យសម្តីឬ​ភាសា ភាពចុះខ្សោយ​ផ្នែក​​គំហើញ  ភាព​​ចុះ​ខ្សោយ​ការ​ស្តាប់​ និង​ពិការ​គ-ថ្លង់​។ 
ប៉ុន្តែ​ ពួកគេមិនបានប្រើប្រាស់​ទេ​។​ រដ្ឋសភា និង​រដ្ឋ​ធម្មនុញ្ញរបស់រដ្ឋ​កាលីហ្វ័រញ៉ា​​ បានប្រើប្រាស់​បច្ចេកសព្ទ​ “សកម្មភាពអប់រំ​” យ៉ាង​ទូលំទូលាយ​​នៅក្នុងនិយមន័យ​នៃសិទ្ធិទទួលបាន​ទាំងនេះ។​ បន្ថែមពីលើ​កម្រិតនិទ្ទេស​ និង​ពិន្ទុតេស្ត​ស្តង់ដា​ សាលា​រៀនក៏​​ត្រូវតែ​ពិចារណាផងដែរ​​ថា​តើ​ស្ថានភាព​ផ្លូវចិត្ត សុខភាព ឬ​ស្ថានភា​ព​ផ្សេងទៀត​របស់កុមារ​ មានផលប៉ះពាល់មិនល្អ​ដូចម្តេចខ្លះ​ទៅលើ​សកម្មភាព​ក្រៅ​​ការ​សិក្សា​របស់គាត់​នៅក្នុង​ផ្នែកសង្គម អាកប្បកិរិយា​ និង​ផ្នែកផ្សេងទៀត​។​