អ្នកត្រូវតែទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ (ជាភាសាតាមជម្រើសរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតប្រសិនបើអាចធ្វើបាន) ក្នុងពេលវេលាសមស្រប មុនពេលមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការដាក់សំណើ ឬបដិសេធចំពោះគំនិតផ្តួចផ្តើម ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ទិន្នន័យនៃការវាយតម្លៃ កន្លែងរៀន ឬសេវាកម្មរបស់ទារក ឬកុមារទើបចេះដើរ។ សូម្បីតែកុមារដែលបានកំណត់អត្តសញ្ញាណ (ប៉ុន្តែមិនបានទទួលស្គាល់សិទ្ធិទទួលបាន) ក៏មានសិទ្ធិក្នុងការផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធទៅលើការផ្តល់សេវាកម្មនោះដែរ។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរនេះ ត្រូវផ្តល់សេចក្តីលម្អិតគ្រប់គ្រាន់ដើម្បីផ្តល់ដំណឹងឲ្យអ្នកដឹងថាតើទីភ្នាក់ងារកំពុងស្នើសុំ ឬបដិសេធអ្វីខ្លះ ដឹងពីហេតុផល និងរាល់សិទ្ធិនិងនីតិវិធីទាំងអស់ដែលអ្នកមានដើម្បីតវ៉ាប្រឆាំងនៅនឹងសំណើសុំ និងការបដិសេធនោះ។1
អ្នកត្រូវតែទទួលបានឱកាសដើម្បីបង្ហាញព័ត៌មាន និងទឡ្ហីកររបស់អ្នកប្រឆាំងទៅនឹងអ្វីៗគ្រប់យ៉ាងដែលទីភ្នាក់ងារសេវាកម្មកំពុងស្នើសុំ ឬបដិសេធមិនអនុវត្ត។ ឱកាសនេះ ហៅថា “សវនាការយុត្តិធម៌” ឬ “សវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់”។ វាត្រូវបានប្រើប្រាស់ដើម្បីប្តឹងតវ៉ាអំពីការខកខានរបស់ទីភ្នាក់ងារណាមួយនៅក្នុងការគោរពតាមច្បាប់ ឬនីតិវិធី ឬនៅក្នុងការអនុវត្តសេវាកម្មដែលបានកំណត់នៅក្នុងផែនការ IFSP។ នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ គឺត្រូវដោះស្រាយវិវាទអំពីសិទ្ធិទទួលបានកម្មវិធីរបស់កូនអ្នក ឬអំពីសេវាកម្មអ្វីខ្លះដែលគប្បីត្រូវរួមបញ្ចូលទៅក្នុងផែនការ IFSP របស់គាត់។
នៅពេលធ្វើសវនាការ ចៅក្រមច្បាប់រដ្ឋបាល (Administrative Law Judge, ALJ) នឹងធ្វើសវនាការលើសក្ខីកម្មពីភាគីទាំងសងខាង។ ALJ នឹងពិចារណាថាតើរបាយការណ៍វាយតម្លៃនិងរង្វាយតម្លៃ និងកំណត់ត្រាផ្សេងៗបង្ហាញប្រាប់អ្វីខ្លះអំពីកូនរបស់អ្នក និង/ឬថាតើកូនរបស់អ្នកអាចមានតម្រូវការអ្វីខ្លះនៅក្នុងរូបភាពនៃកន្លែងរៀន ឬសេវាកម្មនានា។ ចៅក្រម ALJ នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ បន្ទាប់ពីសវនាការនោះ។2
ទោះយ៉ាងណាក៏ដោយ អ្នកអាចនឹងចូលរួមទៅក្នុងកិច្ចប្រជុំសម្រុះសម្រួលដោយស្ម័គ្រចិត្តដើម្បីព្យាយាមដោះស្រាយវិវាទរវាងអ្នកនិងទីភ្នាក់ងារ ដោយមិនបាច់មានការរៀបចំសវនាការណាមួយឡើយ។ អ្នកថែមទាំងអាចធ្វើដូចនេះបាន ដោយមិនចាំបាច់ត្រូវស្នើសុំជាមុនសម្រាប់ការធ្វើសវនាការនោះទេ។ ទោះបីជាមិនតម្រូវឲ្យមានការសម្រុះសម្រួល (ដោយមានអ្នកសម្រុះសម្រួលថ្នាក់រដ្ឋ) ប៉ុន្តែយកល្អត្រូវដោះស្រាយយ៉ាងហោចណាស់នូវបញ្ហាវិវាទមួយចំនួន ប្រសិនបើមិនអាចដោះស្រាយបានទាំងអស់ទេ ដោយមិនចាំបាច់មានការចំណាយ និងការខិតខំប្រឹងប្រែងនៃសវនាការនោះទេ។ ការសម្រុះសម្រួល សវនាការ និងការទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរមិនត្រូវចំណាយពេលលើសពី 30 ថ្ងៃឡើយ បន្ទាប់ពីកាលបរិច្ឆេទទទួលបានសំណើសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។3
ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មក្រោមផែនការ IFSP រួចហើយ ហើយទីភ្នាក់ងារមានបំណងចង់កាត់បន្ថយ ឬបញ្ចប់សេវាកម្មមួយចំនួន ឬទាំងអស់ នោះកូនរបស់អ្នកត្រូវតែបន្តទទួលបានកម្រិតសេវាកម្មដែលគាត់បានទទួលកាលពីមុនពីទីភ្នាក់ងារនេះ ខណៈពេលដែលនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់កំពុងត្រូវបានអនុវត្តដើម្បីជំទាស់ទៅនឹងនឹងការកាត់បន្ថយ ឬការបញ្ចប់សេវាកម្មដែលបានស្នើឡើង។4 នេះ ត្រូវបានហៅជាទូទៅថា “ការស្ថិតនៅជាបន្ត”។
សម្រាប់កិច្ចប្រជុំសម្រុះសម្រួល ឬការធ្វើ់សវនាការ អ្នកត្រូវតែផ្ញើសំណើជាលាយលក្ខណ៍អក្សរមួយច្បាប់តាមប្រៃសណីយ៍ទៅកាន់៖
ការិយាល័យសវនាការរដ្ឋបាល
តាមរយៈ៖ ផ្នែកអន្តរាគមន៍នៃកម្មវិធី Early Start
2349 Gateway Oaks Drive, Ste. 200
Sacramento, CA 95833
ទូរសព្ទ៖ 800-515-BABY (2229)
ទូរសារ៖ 916-376-6318
