នៅពេលណាដែលទារកទើបកើត ឬកុមារទើបចេះដើរត្រូវបានសង្ស័យថាមានពិការភាព ពួកគេត្រូវទទួលបានការវាយតម្លៃដើម្បីកំណត់សិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី។ ការវាយតម្លៃ អាចធ្វើឡើងបានលុះត្រាតែទទួលបានការយល់ព្រមរបស់ឪពុកម្តាយ។1 មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការធានាលើការអនុវត្តកិច្ចដំណើរការវាយតម្លៃនេះ។2 កុមារនីមួយៗដែលត្រូវបានបញ្ជូនបន្តទៅកំណត់សិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី ត្រូវតែទទួលបាន “ការវាយតម្លៃពហុជំនាញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា” អំពីតម្រូវការ និងកម្រិតមុខងារ។ ការវាតម្លៃ “គប្បីត្រូវបានធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន ហើយត្រូវរួមបញ្ចូលនូវការសម្ភាសគ្រួសារផងដែរ ដើម្បីកំណត់ពីចំណុចខ្លាំងពិសេស និងតម្រូវការរបស់កុមារ និងសេវាកម្មនានាដែលសមស្របដើម្បីបំពេញតម្រូវការទាំងនោះ ព្រមទាំងធនធាន អាទិភាព និងក្តីកង្វល់អំពីគ្រួសារនោះ និងការគាំទ្រ និងសេវាកម្មនានាដែលចាំបាច់ដើម្បីលើកកម្ពស់សមត្ថភាពរបស់គ្រួសារក្នុងការបំពេញតាមតម្រូវការលូតលាស់របស់ទារក និងកុមារទើបចេះដើររបស់ពួកគេ។”
តាមការសមស្រប ការវាយតម្លៃត្រូវបានចែករំលែករវាងមជ្ឈមណ្ឌលក្នុងតំបន់ មណ្ឌលសិក្សាធិការ និងទីភ្នាក់ងារផ្សេងទៀតដែលផ្តល់សេវាកម្មទៅដល់ទារក ឬកុមារទើបចេះដើរ។ ការវាយតម្លៃនេះ គប្បីផ្តោតលើគ្រួសារ និងជាការស្ម័គ្រចិត្តពីខាងគ្រួសារ ហើយក្រុមគ្រួសារត្រូវទទួលបានឱកាសដើម្បីចូលរួមនៅក្នុងគ្រប់ការសម្រេចចិត្តទាំងអស់ដែលពាក់ព័ន្ធនឹងការទទួលបានសិទ្ធិ និងសេវាកម្មនានា។3
សេចក្តីសម្រេចលើសិទ្ធិទទួលបានត្រូវតែធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការដែលមានការចូលរួមពីក្រុមការងារពហុជំនាញ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ ការវាយតម្លៃ ត្រូវផ្អែកទៅលើ “ជម្រើសផ្នែកគ្លីនិកដែលទទួលបានព័ត៌មានគ្រប់គ្រាន់” និងរួមមាន៖
- ការត្រួតពិនិត្យកំណត់ត្រាពាក់ព័ន្ធដែលមានជាប់ទាក់ទងទៅនឹងស្ថានភាពសុខភាព និងប្រវត្តិវេជ្ជសាស្ត្ររបស់ទារក ឬកុមារទើបចេះដើរ ដែលផ្តល់ជូនដោយអ្នកជំនាញវិជ្ជាជីវៈសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេបានធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃទៅលើទារក និងកុមារទើបចេះដើរនោះ និង
- ព័ត៌មានដែលទទួលបានពីការសង្កេតតាមដាន និងរបាយការណ៍របស់ឪពុកម្តាយ។4
ការវាយតម្លៃ ក៏ត្រូវរួមបញ្ចូលផងដែរនូវកម្រិតមុខងាររបស់ទារក និងកុមារទើបចេះដើរនៅក្នុងផ្នែកមួយចំនួនដូចជា៖
- ការលូតលាស់ផ្នែកយល់ដឹង
- ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ
- ការលូតលាស់ផ្នែកប្រាស្រ័យទាក់ទង
- ការលូតលាស់ផ្នែកសង្គមឬអារម្មណ៍ និង
- ការលូតលាស់ផ្នែកសម្របខ្លួន។5
គ្មាននីតិវិធី ឬការធ្វើតេស្តតែមួយមុខណាមួយ អាចប្រើប្រាស់សម្រាប់ជាលក្ខណៈវិនិច្ឆ័យផ្តាច់មុខសម្រាប់ការកំណត់សិទ្ធិទទួលបានសេវានោះទេ។ តេស្តស្តង់ដា អាចយកទៅប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃការវាយតម្លៃបាន ហើយត្រូវ៖
- មានការជ្រើសរើសដើម្បីធានាថា នៅពេលណាធ្វើតេស្តទៅលើទារក ឬកុមារទើបចេះដើរដែលមានជំនាញផ្នែកវិញ្ញាណ ជំនាញចលករ ឬជំនាញនិយាយចុះខ្សោយ នោះតេស្តផ្តល់លទ្ធផលដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវទៅលើទេពកោសល្យ កម្រិតនៃការលូតលាស់របស់ទារក ឬកុមារទើបចេះដើរនោះ ឬកត្តាផ្សេងទៀតណាមួយដែលតេស្តនោះមានបំណងធ្វើការវាស់ស្ទង់ ហើយមិនឆ្លុះបញ្ចាំងពីជំនាញញាណ ជំនាញចលករ ឬជំនាញនិយាយចុះខ្សោយរបស់ទារក ឬកុមារទើបចេះដើរនោះទេ លើកលែងតែជំនាញទាំងអស់នោះគឺជាកក្តាសំខាន់ដែលតេស្តនោះមានបំណងធ្វើការវាស់ស្ទង់
- មានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលតេស្ដទាំងនោះត្រូវបានប្រើប្រាស់
- មានការជ្រើសរើស និងធ្វើតេស្តដើម្បីកុំឲ្យមានការរើសអើងផ្នែកពូជសាសន៍ ឬផ្នែកវប្បធម៌ និង
- មានការធ្វើតេស្ដនៅក្នុង “មជ្ឈដ្ឋានធម្មតា” ប្រសិនបើអាចធ្វើបាន។6
មជ្ឈដ្ឋានធម្មជាតិ មានន័យថាជាបរិយាកាសមួយដែលមានលក្ខណៈធម្មតា ឬទូទៅសម្រាប់ទារកគ្មានពិការភាពដែលមានអាយុដូចកុមារនោះ។7
ទារក ឬកុមារទើបចេះដើរដែលមានត្រឹមតែពិការភាពកើតមានដោយកម្រ ត្រូវបានធ្វើការវាយតម្លៃ និងការផ្តល់រង្វាយតម្លៃដោយបុគ្គលិកមណ្ឌលសិក្សាធិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលការត្រៀមរៀបចំផ្នែកវិជ្ជាជីវៈ អាជ្ញាបណ្ណ ឬការអនុញ្ញាត្តដែលមានការទទួលស្គាល់ គឺមានភាពជាក់លាក់ចំពោះពិការភាពដែលមានការសង្ស័យ។8
