ច្បាប់សហព័ន្ធកំណត់ថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ (បើមណ្ឌលសិក្សាធិការមិនមែនជាទីភ្នាក់ងារឈានមុខនោះទេ) ត្រូវពិភាក្សាអំពីសេវាកម្មអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាកម្រិតទាបតាមដែលអាចធ្វើបាន ក៏ដូចជាជំហាននៃការផ្ទេរការសិក្សាទាំងនេះផងដែរ រួមមាន៖
- ការពិភាក្សាអំពីកន្លែងរៀននាពេលអនាគត និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងការផ្ទេរការសិក្សារបស់កុមារ រួមទាំងការបណ្តុះបណ្តាលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ
- នីតិវិធីក្នុងការត្រៀមរៀបចំកុមារសម្រាប់ការផ្លាស់ប្តូរក្នុងការផ្តល់សេវាកម្ម និងការសម្របទៅនឹងមជ្ឈដ្ឋានថ្មី និង
- ការបញ្ចូនព័ត៌មាន និងកំណត់ត្រាទៅកាន់មណ្ឌលសិក្សាធិកា។1
ម្យ៉ាងទៀត ច្បាប់រដ្ឋតម្រូវឲ្យ៖
- មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវបានផ្តល់ជូននូវព័ត៌មានអំពីធនធានសហគមន៍
- ព័ត៌មានអំពីកុមារដែលត្រូវបានបញ្ចូនទៅកាន់មណ្ឌលសិក្សាធិការ រួមទាំងកម្មវិធី IFSP (ដោយមានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត) និងការវាយតម្លៃចាំបាច់ណាមួយដោយមណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីកំណត់សិទ្ធិទទួលបាន និងកាលវេលាសម្រាប់បំពេញការវាយតម្លៃ
- កាលបរិច្ឆេទដែលបានព្យាករណ៍សម្រាប់ធ្វើការត្រួតពិនិត្យចុងក្រោយនៃកម្មវិធី IFSP ត្រូវបានកំណត់
- វិធានដែលត្រូវអនុវត្តដើម្បីធានាថាការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការត្រូវបានទទួលក្នុងរយៈពេលគ្រប់គ្រាន់ដើម្បីឲ្យការវាយតម្លៃនោះត្រូវបានបញ្ចប់សព្វគ្រប់ ហើយកម្មវិធី IEP ត្រូវបានអនុវត្តនៅត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ
- ការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការធ្វើឡើងក្នុងរយៈពេលមិនលើសពីរយៈពេលដែលកុមារមានអាយុ 2 ឆ្នាំ 9 ខែ ឬមុនពេលវ៉ាកងរបស់មណ្ឌលសិក្សាធិការនៅក្នុងសេវាកម្មនេះ ប្រសិនបើកុមារនោះមានអាយុ 3 ឆ្នាំនៅអំឡុងពេលវ៉ាកងនោះ ហើយ
- បុគ្គលិកដែលទទួលខុសត្រូវក្នុងការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងផែនការ IFSP លើកចុងក្រោយត្រូវបានកំណត់។2
ដើម្បីកុំឲ្យមានភាពខ្វះចន្លោះនៅក្នុងសេវាកម្ម និងការពន្យារពេលក្នុងការបង្កើត និងអនុវត្តកម្មវិធី IEP មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគប្បីត្រូវដឹង និងបន្តតាមដានលើជំហាននានាដែលនាំទៅរកការផ្ទេរការសិក្សានេះ ដើម្បីឲ្យជំហានចាំបាច់ទាំងនោះត្រូវបានអនុវត្តទាន់ពេលវេលា។
