នៅក្នុងកម្រិតអតិបរមាដែលសមស្របសម្រាប់កូនរបស់អ្នក សេវាអន្តរាគមន៍ពីដើមទីត្រូវតែផ្តល់ជូននៅក្នុងមជ្ឈដ្ឋានធម្មតា រួមទាំងមជ្ឈដ្ឋានតាមផ្ទះ និងសហគមន៍ផងដែរ ដែលរួមបញ្ចូលទាំងកុមារដែលគ្មានពិការភាពផងដែរ។1 ដូច្នេះ សេវាអន្តរាគមន៍ពីដើមទីណាមួយដែលត្រូវការចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់កូនអ្នក អាចមានផ្តល់ជូននៅតាមផ្ទះបាន។ ផែនការ IFSP របស់កូនអ្នកត្រូវតែរួមបញ្ចូលនូវរបាយការណ៍នៃសេវាកម្មដែលគាត់ត្រូវការដើម្បីបំពេញតម្រូវការពិសេសរបស់គាត់ និងរបាយការណ៍ស្តីពីវិធីផ្តល់សេវាកម្មនៅក្នុងមជ្ឈដ្ឋានធម្មតា។
ក្រោមច្បាប់រដ្ឋ ទារកនិងកុមារទើបចេះដើរ មានសិទ្ធិទទួលបានសេវាកម្មនៅតាមផ្ទះ រួមមានជាអាទិ៍៖
- ការអង្កេតតាមដានអាកប្បកិរិយា និងការលូតលាស់របស់ទារកនៅក្នុងមជ្ឈដ្ឋានធម្មតារបស់គាត់
- សកម្មភាពដែលមានភាពសមស្របតាមការលូតលាស់សម្រាប់ទារក និងត្រូវបានបង្កើតឡើងជាពិសេស ដោយផ្អែកលើតម្រូវការពិសេសរបស់ទារក និងដើម្បីលើកម្ពស់ការលូតលាស់របស់គាត់។ សកម្មភាពទាំងនោះត្រូវតែបង្កើតឡើងឲ្យស្របទៅតាមផែនការសេវាគ្រួសារលក្ខណៈបុគ្គលរបស់ទារក និងដើម្បីធានាថាសកម្មភាពទាំងនោះមិនមានភាពផ្ទុយគ្នាទៅនឹងតម្រូវការវេជ្ជសាស្រ្តរបស់គាត់នោះទេ
- ការបង្ហាញពីសកម្មភាពសមស្របខាងផ្នែកលូតលាស់សម្រាប់ទារកដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត បងប្អូនបង្កើត និងអ្នកមើលថែផ្សេងទៀត ដូចដែលបានកំណត់ដោយ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត
- ការធ្វើទំនាក់ទំនងជាមួយសមាជិកគ្រួសារ និងអ្នកមើលថែទាំផ្សេងទៀត ដូចដែលបានកំណត់ដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បីពង្រឹងការលូតលាស់លើជំនាញរបស់ពួកគេដែលចាំបាច់នៅក្នុងការលើកកម្ពស់ការលូតលាស់របស់ទារក
- ការពិភាក្សាអំពីក្តីកង្វល់របស់ឪពុកម្តាយពាក់ព័ន្ធនឹងទារកនិងគ្រួសារ និងការគាំទ្រដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនៅក្នុងការដោះស្រាយបញ្ហាតម្រូវការរបស់ទារក
- ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បីដោះស្រាយបញ្ហា ដើម្បីស្វែងរកសេវាផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ និងដើម្បីសម្របសម្រួលសេវាកម្មដែលផ្តល់ដោយទីភ្នាក់ងារផ្សេងៗ។2
ចាប់តាំងពីខែកក្កដា ឆ្នាំ2009 មក ការបណ្តុះបណ្តាលលើអន្តរាគមន៍ផ្នែកអាកប្បកិរិយាមួយចំនួន ឬទាំងអស់ គឺជាការបណ្តុះបណ្តាលតាមផ្ទះ និងធ្វើឡើងជាលក្ខណៈបុគ្គល។ ឥឡូវនេះ នៅពេលដែលផែនការ IFSP ត្រូវបានបង្កើតឡើង ត្រួតពិនិត្យ ឬកែប្រែ ក្រុមការងារត្រូវតែពិចារណាលើការប្រើប្រាស់ការបណ្តុះបណ្តាលជាក្រុមសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតលើអន្តរាគមន៍អាកប្បកិរិយាជំនួសការបណ្តុះបណ្តាលបុគ្គលនៅក្នុងផ្ទះសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកកាន់សិទ្ធិអប់រំផ្សេងទៀត។ 3
