ច្បាប់សហព័ន្ធ តម្រូវឲ្យសិស្សអប់រំពិសេសចូលទៅប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំទូទៅ។ សមាសភាគសំខាន់ៗទាំងអស់នៃកម្មវិធី IEP គួរផ្ដោតសំខាន់ទៅលើការរួមបញ្ចូលសិស្សអប់រំពិសេសទៅក្នុងកម្មវិធីសិក្សាទូទៅ សកម្មភាពកម្មវិធីសិក្សាបន្ថែម/កម្មវិធីជំនួយការសិក្សាបន្ថែម និងការធ្វើតេស្តបញ្ចប់ការសិក្សា ឬទំនាក់ទំនងសង្គមសមស្របនៅក្នុងមជ្ឈដ្ឋានការអប់រំទូទៅ៖
- របាយកាណ៍ស្តីពីកម្រិតសកម្មភាពសិក្សាបច្ចុប្បន្នរបស់សិស្សនៅក្នុងកម្មវិធី IEP ត្រូវតែមានការពណ៌នាអំពីរបៀបដែលពិការភាពរបស់គាត់អាចជះឥទ្ធិពលដល់ការចូលរួម និងការរីកចម្រើនរបស់គាត់នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ (ពោលគឺ កម្មវិធីសិក្សាដូចគ្នាទៅនឹងកម្មវិធីសិក្សាសម្រាប់កុមារដែលមិនមានពិការភាពដែរ) និងសមត្ថភាពរបស់គាត់ក្នុងការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និងក្រៅការសិក្សាដទៃទៀត។1
- របាយការណ៍ស្តីពីគោលដៅ និងចំណុចគោល/គោលបំណង (គោលដៅ) នៅក្នុងកម្មវិធី IEP ត្រូវតែមានជាប់ពាក់ព័ន្ធទៅនឹងការបំពេញតម្រូវការរបស់សិស្សដែលបណ្តាលមកពីពិការភាពរបស់គាត់ និងជំរុញឲ្យគាត់មានការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។2
- ការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធ និងជំនួយនិងសេវាកម្មបន្ថែមដែលមានរាយនៅក្នុងកម្មវិធី IEP ត្រូវតែផ្ដល់ជូនដើម្បីឲ្យសិស្សអាចមានការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និងក្រៅការសិក្សាផ្សេងទៀត។3
- កម្មវិធី IEP ត្រូវតែមានរបាយការណ៍ស្តីពីការកែសម្រួលលក្ខណៈបុគ្គលណាមួយដែលប្រើប្រាស់ក្នុងការគ្រប់គ្រងការវាយតម្លៃរបស់រដ្ឋ ឬការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការទៅលើលទ្ធផលសិក្សារបស់សិស្ស។4
គោលដៅដែលផ្អែកទៅលើកម្មវិធីសិក្សាចំណេះទូទៅមិនត្រូវការទាមទារឲ្យមានភាពចេះស្ទាត់ជំនាញលើមុខវិជ្ជា ឬជាពិសេសមិនទាមទារឲ្យមានការបញ្ចប់គ្រប់កិច្ចការ ឬសកម្មភាពទាំងអស់នោះទេ។ គោលដៅអាចត្រូវការឲ្យមានការសិក្សាតែលើផ្នែកណាមួយ ឬជំនាញប៉ុន្មានជំហានដំបូងដែលសិស្សមិនមានពិការភាពអាចនឹងត្រូវបំពេញតែប៉ុណ្ណោះ។ កត្តាសំខាន់ក្នុងការវិភាគទៅលើភាពសមស្របនៃកន្លែងរៀនអាចជាកម្រិតនៃការចូលរួមក្នុងសកម្មភាពរបស់ថ្នាក់រៀនទាំងមូល។ បន្ថែមពីលើនេះទៀត គោលដៅដែលតម្រូវឲ្យមានសកម្មភាពរួមបញ្ចូលគ្នា គឺជាមធ្យោបាយមួយទៀតក្នុងការធានាលើការរួមបញ្ចូលគ្នា។ គោលដៅអាចមានដូចជា៖ “Sandra នឹងចូលរួមក្នុងក្រុមកីឡាជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព បីដងក្នុងមួយសប្ដាហ៍ សម្រាប់រយៈពេល 45 នាទីនៅក្នុងសកម្មភាពមួយ។” គោលដៅទាំងនេះ ធានាឲ្យកូនអ្នកមានទំនាក់ទំនងជាមួយកុមារដែលមិនមានពិការភាព។
ការសិក្សាមិនមែនជាការវាស់វែងតែមួយគត់សម្រាប់អត្ថប្រយោជន៍នៃការអប់រំនោះទេ។5 សិស្សដែលមានពិការភាពនឹងមានករណីផ្តោតការយកចិត្តកាន់តែខ្លាំងឡើងលើមជ្ឈដ្ឋានរួមបញ្ចូលគ្នា ឬរៀនកន្លែងរៀននៅក្នុងថា្នក់អប់រំចំណេះទូទៅ ប្រសិនបើកម្មវិធី IEP របស់គាត់រួមបញ្ចូលគោលដៅ និងចំណុចគោល/គោលបំណងដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សា ត្រូវបានប្រើប្រាស់នៅក្នុងកន្លែងរៀនតាមការចង់បាន។
ករណីសំណុំរឿងរបស់ Rachel H. ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអត្ថប្រយោជន៍ក្រៅការសិក្សា ដែលបានមកពីកន្លែងរៀននៅក្នុងថ្នាក់អប់រំចំណេះទូទៅ សម្រាប់សិស្សដែលមានពិការភាពផងដែរ។ ដោយសារតែសារៈសំខាន់ដែលតុលាការក្នុងសំណុំរឿងរបស់ Rachel H. បានផ្ដល់ទៅដល់អត្ថប្រយោជន៍ក្រៅការសិក្សា នោះកម្មវិធី IEP ក៏គួរតែរួមបញ្ចូលនូវព័ត៌មាន និងគោលដៅ និងចំណុចគោល/គោលបំណងដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ក្រៅការសិក្សានៃកន្លែងរៀនរួមគ្នាផងដែរ។ អត្ថប្រយោជន៍បែបនេះសម្រាប់សិស្សដែលមានពិការភាពអាចរួមមានគំរូផ្នែកភាសា និងគំរូអាកប្បកិរិយា ការលើកកម្ពស់ការឲ្យតម្លៃលើខ្លួនឯង និងការបង្កើនការលើកទឹកចិត្តសម្រាប់ការសិក្សារៀនសូត្រ ឬការលើកកម្ពស់ជំនាញសង្គម។
ប្រសិនបើអាចធ្វើបាន អ្នកគួរជួបជាមួយគ្រូបង្រៀនរបស់កូនអ្នក មុនការប្រជុំរបស់កម្មវិធី IEP ឬការពិនិត្យប្រចាំឆ្នាំ។ នៅក្នុងកិច្ចការប្រជុំ អ្នកនិងគ្រូបង្រៀន អាចបង្ហាញពីអាទិភាពនៃគោលដៅរបស់អ្នក ពិភាក្សាអំពីជម្រើសសម្រាប់ការរួមបញ្ចូលគ្នា និង/ឬការបញ្ជ្រាប និងឈានទៅរកការឯកភាពមតិរួមគ្នាពាក់ព័ន្ធនឹងអាទិភាពនៃការអប់រំ។ នេះអាចនឹងជួយអ្នកឲ្យលើកឡើងអំពីអាទិភាពរបស់អ្នកនៅក្នុងការប្រជុំរបស់កម្មវិធី IEP ដោយផ្ទាល់ និងជាមធ្យោបាយវិជ្ជមានមួយក្នុងការបង្កើតនូវគោលដៅនានា។
ច្បាប់សហព័ន្ធតម្រូវឲ្យគ្រូអប់រំចំណេះទូទៅចូលរួមរាល់កិច្ចប្រជុំកម្មវិធី IEP សម្រាប់សិស្សណាម្នាក់ដែលចូលរួម ឬអាចចូលរួមក្នុងមជ្ឈដ្ឋានអប់រំចំណេះទូទៅ។6 អ្នកគួរតែជួបជាមួយគ្រូបង្រៀននេះ ក៏ដូចជាគ្រូអប់រំពិសេសណាម្នាក់ ដែលកូនរបស់អ្នកអាចទទួលបានដើម្បីផ្តល់ឲ្យអ្នកនូវគំនិតយោបល់ និងព័ត៌មានអំពីគោលដៅដែលអ្នកអាចស្នើសុំនៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ លើសពីនេះទៀត អ្នកគប្បីសាកសួរព័ត៌មានអំពីសេវាកម្មពិសេស ឬសេវាកម្មពាក់ព័ន្ធនានាដូចជាសេវាកម្មបន្ថែម សេវាកម្មផ្នែកអាកប្បកិរិយា និងជំនួយពីបុគ្គលិកដែលកូនរបស់អ្នកអាចនឹងត្រូវការ។ កិច្ចប្រជុំនេះ ក៏ជាមធ្យោបាយក្នុងការផ្ដល់យោបល់ទៅគ្រូបង្រៀនផងដែរដើម្បីឲ្យពួកគេចាប់ផ្ដើមពិចារណាទៅលើការកែសម្រួលកម្មវិធីសម្រាប់កូនរបស់អ្នក ឬការគាំទ្រនានាដែលពួកគេនឹងត្រូវការដើម្បីអប់រំកូនរបស់អ្នកឲ្យបានសមស្របផងដែរ។7
ច្បាប់រដ្ឋតម្រូវឲ្យ “[ក្រុមការងារកម្មវិធី IEP] ចងក្រងឯកសារបញ្ជាក់ពីហេតុផលសម្រាប់ការដាក់សិស្សនៅក្នុងមជ្ឈដ្ឋានផ្សេងក្រៅពីសាលា និងថ្នាក់រៀនដែលសិស្សនឹងចូលរៀន ប្រសិនបើគាត់មិនមានពិការភាពណាមួយនោះទេ។ ឯកសារត្រូវតែពន្យល់ពីមូលហេតុដែលពិការភាពរបស់សិស្សធ្វើឱ្យមិនអាចបំពេញតម្រូវការរបស់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច សូម្បីតែមានជំនួយ និង សេវាកម្មបន្ថែមក៏ដោយ។”8
លើសពីលើនេះទៀត ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋតម្រូវឲ្យកម្មវិធី IEP រួមបញ្ចូលនូវរបាយការណ៍ស្តីពីកម្រិតដែលសិស្សនឹងមិនអាចចូលរួមជាមួយកុមារដែលមិនមានពិការភាពនៅក្នុងថ្នាក់អប់រំចំណេះទូទៅ និងនៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និងក្រៅការសិក្សាផ្សេងទៀតបាន។9
បន្ថែមពីលើនេះទៀត អ្នកអាចចងក្រងឯកសារការចូលរួមរបស់កូនអ្នកជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាពរបស់គេ ដោយរៀបរាប់ពីថ្នាក់សិក្សាជាក់លាក់ (ដូចជាសិក្សាសង្គម អក្សរសាស្ត្រ តន្រ្ដី ទស្សន៍សិល្បៈ ឬវិទ្យាសាស្រ្ដកុំព្យូទ័រ) ឬសកម្មភាពជាក់លាក់ (ដូចជាការជួបជុំ អាហារថ្ងៃត្រង់ ការចេញលេង និងពេលវេលាជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព) នៅក្នុងកម្មវិធី IEP។ វាក៏ជាជាការសមស្របផងដែរសម្រាប់កូនរបស់អ្នកនៅក្នុងការចូលរួមទៅក្នុងប្រព័ន្ធ “មិត្តភក្តិ”។ មិត្តភក្តិ គឺជាមិត្តរួមថ្នាក់ដែលមិនមានពិការភាព ដែលពួកគេជួយដល់កូនអ្នកនៅក្នុង ឬក្រៅថ្នាក់រៀនសម្រាប់សកម្មភាពជាក់លាក់ណាមួយ។ គោលដៅរបស់ប្រព័ន្ធមិត្តភក្តិ គឺការបង្កើនទំនាក់ទំនង និងមិត្ដភាព។ អ្នកក៏គប្បីចងក្រងឯកសារស្តីពីការគាំទ្រនេះទៅក្នុងកម្មវិធី IEP ដែរ។
ពាក់ព័ន្ធនឹងសមាហរណកម្មនេះ អ្នកមានបំណងចង់រួមបញ្ចូលនូវទំនាក់ទំនងជាមួយមិត្តភក្តិនៅក្នុងថ្នាក់អប់រំចំណេះទូទៅជាផ្នែកមួយនៃគោលដៅជាក់លាក់។ វាអាចនឹងជាសមាសភាគមួយនៃស្ថានភាព ឬមជ្ឈដ្ឋានដែលមានពណ៌នានៅក្នុងគោលដៅនេះ។ ឧទាហរណ៍៖
- Ricardo នឹងប្រើប្រាស់សញ្ញា “សួស្ដី” ដើម្បីស្វាគមន៍មិត្តភក្ដិដែលមិនមានពិការភាពនៅពេលអាហារថ្ងៃត្រង់ និងនៅកន្លែងក្មេងលេងជារៀងរាល់ថ្ងៃ
- Denise នឹងចូលរួមក្នុងការល្បែងកម្សាន្តដែលបានរៀបចំជារចនាសម្ព័ន្ធ ជាមួយនឹងអ្នកណែនាំជាមិត្តរួមថ្នាក់មិនមានពិការភាពមកពីថ្នាក់ដទៃផ្សេងទៀត ចំនួនបីដងក្នុងមួយសប្ដាហ៍ ក្នុងអំឡុងពេលនៃការកម្សាន្តបន្ទាប់ពីអាហារថ្ងៃត្រង់ ឬ
- Ying-Lee នឹងចាប់ផ្ដើមកម្មវិធីញ៉ាំអាហារដោយខ្លួនឯង ដោយដួសអាហាររបស់គាត់នៅពេលញាំអាហារថ្ងៃត្រង់ នៅចំពោះមុខមិត្តរួមថ្នាក់ដែលមិនមានពិការភាព។
ការរួមបញ្ចូលគ្នាអាចត្រូវបានបង្កើត និងគប្បីត្រូវបានបង្កើតឡើងទៅជាគោលដៅទូទាំងផ្នែកនានានៃជំនាញ (ផ្នែកប្រាស្រ័យទាក់ទង ចល័តភាព សង្គម) និងវិស័យ (វិជ្ជាជីវៈ ការកម្សាន្ត គេហកិច្ច សហគមន៍)។ ទំនាក់ទំនងជាមួយសិស្សដែលមិនមានពិការភាព និងសិស្សដែលមានពិការភាពតិចតួចនៅក្នុងសាលារៀនអាចនឹងកើតមានក្នុងអំឡុងពេលដូចជាការបង្រៀនអំពីជំនាញសហគមន៍ ការរៀបចំអាហារ និងពេលញ៉ាំអាហារថ្ងៃត្រង់ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ល។
ទាក់ទងនឹងការបញ្ជ្រាប ឬការធ្វើបរិយាបន្នពេញលេញ សិស្សដែលអាចចូលរួមក្នុងការបង្កើតកម្មវិធីធម្មតា ឬថ្នាក់អប់រំចំណេះទូទៅអាចតម្រូវឲ្យមានការជួយសម្របសម្រួល ការកែប្រែ ជំនួយ និងសេវាកម្មបន្ថែមនៅក្នុងថ្នាក់ដើម្បីសិក្សារៀនសូត្រ។ ទាំងនេះត្រូវតែសរសេរយ៉ាងជាក់លាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក។10
កម្មវិធី IEP គប្បីពណ៌នាអំពីកន្លែងរៀនឲ្យបានជាក់លាក់នៅក្នុងមជ្ឈដ្ឋាន LRE។ នេះអាចត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងផ្នែកកន្លែងរៀន នៅក្នុងផ្នែកកំណត់សម្គាល់ ឬនៅក្នុងសេចក្ដីបន្ថែមដែលភ្ជាប់មកជាមួយនឹងកម្មវិធី IEP នេះ។ ឧទាហរណ៍មួយស្តីពីសេចក្ដីថ្លែងអំពីកន្លែងរៀន រួមមាន៖
- កន្លែងរៀននៅក្នុងថ្នាក់ពិសេសពេលថ្ងៃ (SDC) នៅលើទីតាំងសាលាអប់រំចំណេះទូទៅដែលសមស្របតាមអាយុ ដោយមានឱកាសប្រចាំថ្ងៃសម្រាប់ការរួមបញ្ចូលគ្នា និងការបញ្ជ្រាប
- កន្លែងរៀននៅក្នុងកម្មវិធីមត្តេយ្យសិក្សាគំរូដែលមានការបញ្ជ្រាបពេញលេញ ដែលត្រូវបានបង្រៀនជាក្រុមដោយគ្រូបង្រៀនផ្នែកអប់រំពិសេស និងផ្នែកអប់រំចំណេះទូទៅ
- កន្លែងរៀននៅក្នុងកម្មវិធីអ្នកជំនាញធនធាន (RSP) ចំនួន 30% នៃថ្ងៃសិក្សា។ បានបញ្ជ្រាបសម្រាប់ថ្នាក់សិក្សាសង្គម គណិតវិទ្យា កុំព្យូរទ័រ និងថ្នាក់ក្រៅការសិក្សាទាំងអស់ ដោយរៀបចំកន្លែងអង្គុយនៅជួរមុខ និងការប្រឡងផ្ទាល់មាត់នៅក្នុងថ្នាក់ទាំងអស់
- កន្លែងរៀននៅសាលា Rosa Parks Elementary School SDC ដោយមានជំនួយក្នុងការបញ្ជ្រាបសម្រាប់មុខវិជ្ជាតន្ដ្រី សិល្បៈ ថ្នាក់រៀន និងអាហារថ្ងៃត្រង់
- កន្លែងរៀននៅក្នុង SDC នៅសាលា César Chávez High School ជាមួយនឹងកម្មវិធីរួមបញ្ចូលគ្នា និងនៅតាមសហគមន៍ ដែលមានការកំណត់នៅក្នុងកម្មវិធី IEP ឬ
- កន្លែងរៀននៅក្នុងបរិយាបន្នពេញលេញនៅក្នុងថ្នាក់ទីមួយនៃការអប់រំចំណេះទូទៅ ដោយមានជំនួយនៃការបង្រៀនពេញម៉ោង
សូមមើលផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ O, សូចនាករនៃកម្មវិធីបរិយាបន្នពេញលេញសម្រាប់សិស្សដែលមានពិការភាពសម្រាប់ការណែនាំបន្ថែម។
- 34 C.F.R. Sec. 300.320(a)(1).[↩]
- 34 C.F.R. Sec. 300.320(a)(2)(i)(A).[↩]
- 34 C.F.R. Sec. 300.320(a)(4)(ii).[↩]
- 34 C.F.R. Sec. 300.320(a)(6)(i).[↩]
- Rachel H., 786 F. Supp. at 878.[↩]
- 34 Sec. 300.321(a)(2).[↩]
- 34 C.F.R. Sec. 300.320(a)(4).[↩]
- 5 C.C.R. Sec. 3042(b).[↩]
- 20 U.S.C. Sec. 1414(d)(1)(A)(i)(V); 34 C.F.R. 300.320(a)(5).[↩]
- 34 C.F.R. Sec. 300.320(a)(4).[↩]
