Menu Close

(7.12) នៅពេលដែលខ្ញុំបង្កើតនូវកម្មវិធី IEP​ របស់កូនខ្ញុំ តើខ្ញុំអាចរួម​បញ្ចូលសេវាកម្ម និង​កន្លែងរៀន​នៅក្នុង​មជ្ឈដ្ឋាន​ដែលមានការ​រឹត​បន្តឹង​តិចបំផុតបានយ៉ាង​ដូចម្តេច​? តើក្រុមការងារ​កម្មវិធី IEP អាចសរសេរចំណុចនេះ​យ៉ាង​​ជាក់លាក់បាន​​ដូចម្តេច​? 

(7.12) នៅពេលដែលខ្ញុំបង្កើតនូវកម្មវិធី IEP​ របស់កូនខ្ញុំ តើខ្ញុំអាចរួម​បញ្ចូលសេវាកម្ម និង​កន្លែងរៀន​នៅក្នុង​មជ្ឈដ្ឋាន​ដែលមានការ​រឹត​បន្តឹង​តិចបំផុតបានយ៉ាង​ដូចម្តេច​? តើក្រុមការងារ​កម្មវិធី IEP អាចសរសេរចំណុចនេះ​យ៉ាង​​ជាក់លាក់បាន​​ដូចម្តេច​? 

ច្បាប់សហព័ន្ធ តម្រូវឲ្យសិស្ស​អប់រំពិសេសចូលទៅ​​​ប្រើប្រាស់​ និងទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​​អប់​រំ​ទូទៅ​។  សមាសភាគ​សំខាន់ៗទាំងអស់នៃកម្មវិធី IEP គួរ​ផ្ដោតសំខាន់ទៅលើការ​រួមបញ្ចូល​សិស្សអប់រំពិសេស​ទៅ​ក្នុង​កម្ម​វិធីសិក្សាទូទៅ សកម្មភាពកម្មវិធី​សិក្សាបន្ថែម/កម្មវិធីជំនួយ​ការសិក្សា​បន្ថែម​ និងការធ្វើតេស្ត​បញ្ចប់​ការ​សិក្សា ឬទំនាក់ទំនងសង្គមសមស្របនៅក្នុងមជ្ឈដ្ឋានការអប់រំទូទៅ៖ 

  1. របាយកាណ៍ស្តីពី​កម្រិតសកម្មភាពសិក្សាបច្ចុប្បន្ន​របស់សិស្ស​នៅក្នុង​កម្ម​វិធី IEP ត្រូវតែមានការពណ៌នាអំពីរបៀប​ដែលពិការភាព​របស់គាត់​អា​ចជះ​ឥទ្ធិ​ពលដល់ការចូលរួម និងការរីកចម្រើន​របស់គាត់​នៅ​ក្នុង​​កម្មវិធី​សិក្សាចំណេះទូទៅ (ពោលគឺ កម្មវិធីសិក្សាដូចគ្នាទៅនឹង​កម្មវិធីសិក្សា​ស​ម្រាប់​​កុមារ​ដែល​មិនមានពិការភាពដែរ​) និង​សមត្ថភាពរបស់គាត់ក្នុង​ការចូលរួមក្នុង​សក​ម្មភាព​ក្រៅកម្មវិធី​សិក្សា​ និង​​ក្រៅ​ការ​សិក្សា​ដទៃ​ទៀត។1
  2. របាយការណ៍ស្តីពី​គោលដៅ និងចំណុចគោល​/គោលបំណង (គោលដៅ) នៅ​​ក្នុង​កម្មវិធី IEP ត្រូវតែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹងការ​បំពេញ​តម្រូវ​ការ​រប​ស់​សិស្សដែលបណ្តាលមកពី​ពិការភាពរបស់គាត់ និង​ជំរុញ​ឲ្យ​គាត់មាន​ការ​​​ចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។2
  3. ការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធ​ និងជំនួយ​និងសេវាកម្មប​ន្ថែ​ម​ដែ​លមានរាយនៅ​ក្នុង​កម្មវិធី IEP​ ត្រូវតែផ្ដល់ជូន​ដើម្បី​ឲ្យ​សិស្សអាចមាន​កា​រ​ចូលរួម និង​មានការរីកចម្រើន​នៅក្នុង​កម្មវិធី​សិក្សា​ចំណេះទូ​ទៅ និង​ចូល​រួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និង​ក្រៅ​ការសិក្សា​ផ្សេងទៀត។3
  4. កម្មវិធី IEP ត្រូវតែមាន​របាយការណ៍ស្តីពី​ការកែសម្រួល​លក្ខណៈ​បុគ្គល​​ណា​មួយ​ដែល​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ការវាយតម្លៃរបស់រដ្ឋ​​ ឬការវាយ​តម្លៃ​ទូទាំង​​​មណ្ឌលសិក្សាធិការទៅលើ​លទ្ធផលសិក្សា​របស់សិស្ស។4

គោលដៅដែលផ្អែកទៅលើកម្មវិធីសិក្សាចំណេះទូទៅមិនត្រូវការ​ទាមទារឲ្យ​មាន​ភាព​ចេះ​ស្ទាត់​ជំនាញ​លើ​មុខវិជ្ជា ឬជាពិសេសមិនទាមទារឲ្យមាន​​ការ​​បញ្ចប់គ្រប់​កិច្ចការ ឬសកម្មភាពទាំងអស់​នោះទេ។ គោលដៅអាចត្រូវការឲ្យមានការសិក្សាតែលើផ្នែក​ណាមួយ​ ឬជំនាញ​ប៉ុ​ន្មាន​ជំហានដំបូង​ដែល​សិស្សមិន​មាន​ពិការភាព​អាច​នឹង​ត្រូវ​​បំពេញ​តែ​ប៉ុណ្ណោះ។ កត្តាសំខាន់ក្នុងការវិភាគទៅលើ​ភាពសមស្របនៃកន្លែងរៀន​​​អាចជា​កម្រិត​នៃ​ការ​ចូលរួមក្នុងសកម្មភាព​របស់ថ្នាក់​រៀន​ទាំ​ង​មូល​។ បន្ថែមពីលើនេះទៀត គោលដៅដែលតម្រូវឲ្យមានសកម្មភាពរួមបញ្ចូលគ្នា គឺជាមធ្យោបាយ​មួយទៀត​ក្នុង​ការធានា​លើ​ការរួមបញ្ចូលគ្នា។ គោលដៅអាច​មានដូចជា៖ “Sandra នឹងចូលរួមក្នុងក្រុមកីឡាជាមួយនឹងមិត្តរួមថ្នាក់​ដែលមិនមានពិការភាព បីដងក្នុងមួយសប្ដាហ៍ សម្រាប់រយៈពេល 45 នាទីនៅក្នុង​សកម្មភាពមួយ។” គោលដៅទាំងនេះ ធានាឲ្យ​កូនអ្នកមានទំនាក់ទំនង​ជាមួយ​កុមារដែលមិនមានពិការភាព។ 

ការសិក្សាមិនមែនជាការវាស់វែងតែមួយគត់សម្រាប់អត្ថប្រយោជន៍នៃការអប់រំនោះទេ។5 សិស្សដែលមានពិការភាពនឹងមានករណី​​ផ្តោតការយកចិត្តកាន់​តែ​ខ្លាំង​ឡើង​លើ​មជ្ឈដ្ឋានរួមបញ្ចូលគ្នា ឬ​​រៀនកន្លែងរៀន​​នៅក្នុងថា្នក់អប់រំចំណេះ​ទូទៅ ប្រសិនបើកម្មវិធី IEP របស់គាត់រួមបញ្ចូល​គោលដៅ និង​ចំណុច​គោ​ល​​​​/គោល​បំណងដែលពាក់ព័ន្ធ​នឹងកម្មវិធីសិក្សា​ ត្រូវបាន​ប្រើប្រាស់​នៅ​ក្នុងកន្លែងរៀន​​តាម​ការចង់បាន​។​ 

ករណីសំណុំរឿងរបស់ Rachel H. ក៏បានសង្កត់​ធ្ងន់ទៅ​លើសារៈ​សំខា​ន់​នៃអត្ថប្រយោជន៍ក្រៅការសិក្សា ដែល​បាន​មកពីកន្លែងរៀន​នៅក្នុង​ថ្នាក់អប់​រំចំណេះទូទៅ សម្រាប់សិស្សដែលមានពិការភាពផងដែរ។ ដោយសារតែសារៈសំខាន់​​ដែល​តុលាការ​ក្នុងសំណុំរឿងរបស់ Rachel H. បានផ្ដល់​ទៅដល់​​អត្ថប្រយោជន៍​ក្រៅ​ការសិក្សា នោះកម្មវិធី IEP ក៏គួរ​តែ​រួម​បញ្ចូលនូវព័ត៌មាន និងគោលដៅ និងចំណុចគោល​/គោល​បំណង​ដែល​​ពាក់​ព័ន្ធ​នឹងអត្ថប្រយោជន៍ក្រៅការសិក្សានៃកន្លែងរៀន​រួម​គ្នា​ផង​ដែរ។ អត្ថប្រយោជន៍បែបនេះសម្រាប់សិស្សដែលមានពិការភាពអាច​រួម​មាន​គំរូ​ផ្នែក​​ភាសា និងគំរូ​អាកប្បកិរិយា ការលើកកម្ពស់​ការឲ្យតម្លៃលើខ្លួនឯង និ​ង​ការ​បង្កើនការលើកទឹកចិត្តសម្រាប់​ការសិក្សារៀនសូត្រ ឬការ​លើក​កម្ពស់ជំនាញ​សង្គម។ 

ប្រសិនបើអាចធ្វើបាន​ អ្នកគួរ​ជួបជាមួយគ្រូបង្រៀនរបស់កូនអ្នក មុនការប្រជុំរបស់កម្មវិធី IEP ឬការ​ពិនិត្យ​ប្រចាំឆ្នាំ។ នៅ​ក្នុងកិច្ច​ការប្រជុំ​ អ្នកនិងគ្រូបង្រៀន អាចបង្ហាញពីអាទិភាពនៃគោលដៅរបស់អ្នក ពិភាក្សាអំពី​ជម្រើស​​​​សម្រាប់ការរួមបញ្ចូលគ្នា និង/ឬការបញ្ជ្រាប និងឈានទៅរកការឯកភាព​​មតិរួមគ្នា​ពាក់ព័ន្ធ​នឹង​អាទិភាព​នៃការអប់រំ។ នេះ​អាចនឹង​ជួយអ្នកឲ្យលើកឡើងអំពីអាទិភាពរបស់អ្នកនៅក្នុងការប្រជុំរបស់កម្មវិធី IEP ដោយផ្ទាល់​ និង​ជា​​មធ្យោបាយ​វិជ្ជមានមួយក្នុងការបង្កើតនូវគោលដៅនានា​។ 

ច្បាប់សហព័ន្ធតម្រូវឲ្យគ្រូអប់រំចំណេះទូទៅ​ចូលរួមរាល់កិច្ចប្រជុំកម្មវិធី IEP​ សម្រាប់​សិស្ស​ណា​ម្នាក់ដែលចូលរួម​ ឬអាច​ចូលរួមក្នុង​មជ្ឈដ្ឋាន​អប់រំ​ចំណេះទូទៅ។6 អ្នកគួរតែជួបជាមួយគ្រូបង្រៀននេះ ក៏ដូចជាគ្រូ​អប់រំ​ពិសេសណាម្នាក់​ ដែ​លកូនរបស់អ្នកអាច​ទទួលបាន​ដើម្បី​ផ្តល់ឲ្យអ្នក​នូវ​គំនិតយោបល់​ និង​ព័ត៌​មានអំពីគោលដៅដែលអ្នកអាចស្នើសុំនៅក្នុងកិច្ច​ប្រជុំកម្មវិធី IEP។ លើស​ពីនេះទៀត អ្នកគប្បីសាកសួរព័ត៌មានអំពីសេវាកម្មពិសេស ឬសេវាកម្មពាក់ព័ន្ធនានាដូច​ជា​សេវា​កម្ម​បន្ថែម សេវាកម្មផ្នែក​អាកប្បកិរិយា និងជំនួយពីបុគ្គលិកដែលកូនរបស់អ្នកអាចនឹងត្រូវការ។ កិច្ច​ប្រជុំនេះ ក៏ជាមធ្យោបាយក្នុងការ​ផ្ដល់យោបល់ទៅគ្រូបង្រៀនផងដែរ​ដើម្បី​ឲ្យពួកគេចាប់​ផ្ដើម​ពិចារណា​​ទៅលើ​ការកែសម្រួល​កម្មវិធីសម្រាប់កូនរបស់អ្នក ឬការគាំទ្រនានា​ដែលពួកគេ​នឹង​ត្រូវការ​ដើម្បី​អប់រំ​កូនរបស់អ្នកឲ្យបានសមស្របផងដែរ។7

ច្បាប់រដ្ឋតម្រូវឲ្យ “[ក្រុម​ការងារកម្មវិធី IEP] ចងក្រង​ឯកសារ​បញ្ជាក់​ពី​ហេ​តុ​ផល​​​សម្រាប់​ការដាក់សិស្ស​នៅ​ក្នុង​ម​ជ្ឈដ្ឋានផ្សេងក្រៅពីសាលា និង​ថ្នាក់​រៀនដែលសិស្ស​នឹងចូលរៀន​​ ​ប្រសិន​បើគាត់​មិន​​មាន​ពិការភាពណាមួយ​នោះទេ​​។ ឯកសារត្រូវតែពន្យល់ពីមូលហេតុដែលពិការភាពរបស់សិស្សធ្វើឱ្យមិនអាចបំពេញតម្រូវការរបស់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច សូម្បីតែមានជំនួយ និង សេវាកម្មបន្ថែមក៏ដោយ។”8

លើស​ពីលើនេះទៀត ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋតម្រូវឲ្យកម្មវិធី IEP រួម​ប​ញ្ចូល​នូវ​របាយការណ៍​ស្តីពី​កម្រិត​ដែល​សិស្សនឹងមិនអាចចូលរួម​ជាមួយ​កុ​មារ​​ដែលមិនមានពិការភាព​នៅក្នុងថ្នាក់អប់រំចំណេះទូទៅ និង​នៅក្នុង​សកម្មភាព​​ក្រៅកម្មវិធី​សិក្សា​ និងក្រៅការសិក្សាផ្សេង​ទៀតបាន។​9

បន្ថែមពីលើនេះទៀត​ អ្នកអាចចងក្រង​ឯកសារ​ការចូលរួម​របស់កូនអ្នក​ជាមួយនឹងមិត្តរួមថ្នាក់​ដែល​មិន​មាន​ពិការភាពរបស់គេ ដោយរៀប​រាប់ពី​ថ្នាក់សិក្សា​ជាក់លាក់ (ដូចជា​សិក្សាសង្គម អក្សរសាស្ត្រ ​តន្រ្ដី ទស្សន៍សិល្បៈ ​ ​ឬវិទ្យាសាស្រ្ដកុំព្យូទ័រ) ឬសកម្មភាពជាក់លាក់ (ដូចជាការជួបជុំ អាហារ​ថ្ងៃត្រង់ ការចេញលេង និងពេលវេលាជាមួយមិត្តរួមថ្នាក់​ដែលមិនមាន​ពិការភាព) នៅក្នុងកម្មវិធី IEP។ វាក៏ជា​ជាការ​សមស្របផងដែរ​សម្រាប់កូនរបស់អ្នកនៅក្នុងការ​ចូលរួមទៅ​ក្នុងប្រព័ន្ធ “មិត្តភក្តិ”។  មិត្តភក្តិ គឺជាមិត្តរួមថ្នាក់​ដែលមិនមានពិការភាព ដែលពួកគេ​ជួយដល់​កូ​នអ្នកនៅក្នុង ឬក្រៅថ្នាក់​​រៀន​សម្រាប់​សកម្មភាពជាក់​លាក់​ណា​មួយ។ គោលដៅរបស់ប្រព័ន្ធមិត្តភក្តិ គឺ​ការ​បង្កើន​ទំនាក់ទំនង និងមិត្ដភាព។ អ្នកក៏គប្បីចងក្រង​ឯកសារស្តីពី​ការគាំទ្រនេះទៅក្នុងកម្មវិធី IEP ដែរ។ 

ពាក់ព័ន្ធនឹងសមាហរណកម្មនេះ អ្នក​មានបំណង​ចង់​រួម​បញ្ចូល​នូវទំ​នាក់ទំនងជាមួយមិត្តភក្តិនៅ​ក្នុង​ថ្នាក់អប់រំចំណេះទូទៅ​ជា​ផ្នែក​មួយ​នៃ​គោលដៅជាក់លាក់។ វាអាចនឹងជាសមាសភាគមួយនៃស្ថានភាព​ ឬមជ្ឈដ្ឋានដែលមានពណ៌​នា​នៅ​ក្នុងគោលដៅនេះ​។ ឧទាហរណ៍៖ 

  1. Ricardo នឹងប្រើប្រាស់សញ្ញា “សួស្ដី” ដើម្បីស្វាគមន៍​មិត្តភក្ដិ​ដែល​មិន​មាន​ពិការភាព​នៅពេល​អាហារ​ថ្ងៃត្រង់ និង​នៅកន្លែងក្មេងលេង​ជារៀងរាល់​ថ្ងៃ 
  2. Denise នឹងចូលរួមក្នុងការ​ល្បែងកម្សាន្ត​ដែលបានរៀបចំ​ជារចនាសម្ព័ន្ធ​ ជាមួយនឹងអ្នកណែនាំ​ជា​មិត្តរួមថ្នាក់​​មិន​មាន​ពិការភាពមក​ពីថ្នាក់ដទៃ​ផ្សេងទៀត​ ចំនួន​បីដងក្នុងមួយសប្ដាហ៍ ក្នុងអំ​ឡុងពេល​នៃ​ការកម្សាន្ត​បន្ទាប់ពីអាហារថ្ងៃត្រង់ ឬ 
  3. Ying-Lee នឹងចាប់ផ្ដើមកម្មវិធីញ៉ាំអាហារដោយខ្លួនឯង ដោយដួស​អាហារ​របស់​គាត់​នៅ​ពេលញាំ​អាហារថ្ងៃត្រង់ នៅចំពោះមុខមិត្តរួមថ្នាក់​ដែល​មិន​មានពិការភាព។ 

ការរួមបញ្ចូលគ្នាអាចត្រូវបានបង្កើត​ និងគប្បីត្រូវបានបង្កើតឡើង​ទៅ​ជា​​គោលដៅទូទាំងផ្នែកនានានៃ​ជំនាញ (ផ្នែក​ប្រាស្រ័យទាក់ទង ចល័ត​ភាព សង្គម) និងវិស័យ (​វិ​ជ្ជាជីវៈ ការកម្សាន្ត​ គេហកិច្ច​ សហគ​មន៍​)។ ទំនាក់ទំនងជាមួយសិស្សដែលមិនមានពិការភាព និងសិស្ស​ដែល​មាន​ពិ​ការ​ភាព​តិចតួច​នៅក្នុង​សាលា​រៀនអាចនឹងកើត​មានក្នុងអំឡុងពេល​ដូច​ជាការបង្រៀនអំពីជំនាញសហគមន៍ ការរៀបចំអាហារ និង​ពេលញ៉ាំ​អាហារថ្ងៃត្រង់ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ល។ 

ទាក់ទងនឹងការបញ្ជ្រាប ឬការធ្វើបរិយាបន្នពេញលេញ សិស្ស​ដែល​អា​ចចូ​លរួមក្នុងការបង្កើតកម្មវិធីធម្មតា ឬ​ថ្នាក់អប់រំចំណេះទូទៅ​អាច​តម្រូ​វ​ឲ្យមានការជួយសម្របសម្រួល​ ការកែប្រែ​ ជំនួយ និងសេវាកម្ម​បន្ថែ​ម​នៅ​ក្នុងថ្នាក់ដើម្បីសិក្សារៀនសូត្រ។ ទាំងនេះត្រូវតែសរសេ​រយ៉ាងជាក់លាក់នៅក្នុងកម្មវិធី IEP របស់​កូនអ្នក។10

កម្មវិធី IEP គប្បីពណ៌នាអំពីកន្លែងរៀនឲ្យ​បានជាក់លាក់​នៅ​ក្នុងមជ្ឈដ្ឋាន​ LRE។ នេះ​អាចត្រូវបានសរសេរជាលាយលក្ខណ៍អក្សរ​នៅក្នុងផ្នែកកន្លែងរៀន​ នៅក្នុង​ផ្នែក​កំណត់​សម្គាល់ ឬនៅក្នុងសេចក្ដីបន្ថែម​ដែល​ភ្ជាប់មកជា​មួយ​​នឹង​កម្មវិធី IEP នេះ​។ ឧទាហរណ៍មួយ​ស្តីពីសេចក្ដីថ្លែងអំពីកន្លែងរៀន​ រួមមាន​៖ 

  1. កន្លែងរៀននៅក្នុងថ្នាក់ពិសេសពេលថ្ងៃ​ (SDC) នៅលើ​ទីតាំង​សាលា​អប់​រំចំណេះទូទៅ​ដែល​សមស្រប​តាមអាយុ ដោយមាន​ឱកាសប្រចាំ​ថ្ងៃ​សម្រាប់​ការរួមបញ្ចូលគ្នា និងការបញ្ជ្រាប​ 
  2. កន្លែងរៀននៅក្នុងកម្មវិធីមត្តេយ្យសិក្សាគំរូដែលមានការបញ្ជ្រាបពេញលេញ​ ដែលត្រូវបាន​បង្រៀន​ជា​ក្រុម​ដោយគ្រូបង្រៀនផ្នែក​អប់រំពិសេស និង​ផ្នែកអប់រំ​ចំណេះទូទៅ 
  3. កន្លែងរៀននៅក្នុងកម្មវិធីអ្នកជំនាញធនធាន (RSP) ចំនួន​ 30% នៃ​ថ្ងៃ​​សិក្សា​។ បានបញ្ជ្រាបសម្រាប់ថ្នាក់​សិក្សាសង្គម គណិតវិទ្យា កុំព្យូរទ័រ និងថ្នាក់ក្រៅ​ការ​សិក្សា​ទាំងអស់ ដោយ​រៀបចំកន្លែង​អង្គុយនៅជួរមុខ​ និងការ​ប្រឡង​ផ្ទាល់​មាត់​នៅក្នុងថ្នាក់ទាំងអស់ 
  4. កន្លែងរៀននៅសាលា Rosa Parks Elementary School SDC ដោយ​មាន​​ជំនួយ​ក្នុងការ​​បញ្ជ្រាប​​សម្រាប់​​មុខវិជ្ជា​តន្ដ្រី សិល្បៈ ថ្នាក់រៀន​ និង​អា​ហារ​ថ្ងៃត្រង់ 
  5. កន្លែងរៀននៅក្នុង SDC នៅសាលា​ César Chávez High School ជា​មួយនឹងកម្មវិធីរួមបញ្ចូលគ្នា និង​នៅតាមសហគមន៍ ដែលមានការ​កំណ​ត់​នៅក្នុងកម្មវិធី IEP ឬ 
  6. កន្លែងរៀន​នៅក្នុងបរិយាប​ន្ន​ពេញលេញ​នៅក្នុង​ថ្នាក់ទីមួយ​នៃ​​ការ​អ​ប់រំ​ចំណេះទូទៅ​​ ដោយមាន​ជំនួយ​នៃការបង្រៀនពេញម៉ោង 

សូមមើលផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ O, សូច​នាករ​នៃកម្មវិធីបរិយាបន្ន​ពេញលេញ​សម្រាប់​សិស្ស​ដែល​មានពិការ​ភាពសម្រាប់ការណែនាំបន្ថែម។ 

  1. 34 C.F.R. Sec. 300.320(a)(1).[↩]
  2. 34 C.F.R. Sec. 300.320(a)(2)(i)(A).[↩]
  3. 34 C.F.R. Sec. 300.320(a)(4)(ii).[↩]
  4. 34 C.F.R. Sec. 300.320(a)(6)(i).[↩]
  5. Rachel H., 786 F. Supp. at 878.[↩]
  6. 34 Sec. 300.321(a)(2).[↩]
  7. 34 C.F.R. Sec. 300.320(a)(4).[↩]
  8. 5 C.C.R. Sec. 3042(b).[↩]
  9. 20 U.S.C. Sec. 1414(d)(1)(A)(i)(V); 34 C.F.R. 300.320(a)(5).[↩]
  10. 34 C.F.R. Sec. 300.320(a)(4).[↩]