មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់ជំនួយ និងសេវាកម្មបំពេញបន្ថែមដើម្បីបំពេញតម្រូវការសម្រាប់ការអប់រំពិសេសរបស់សិស្សដែលមានពិការភាពនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នា។ តុលាការនៅក្នុងសំណុំរឿង Oberti v. Bd. of Educ. បានលើកឡើងថាមណ្ឌលសិក្សាធិការ ត្រូវចាត់វិធានការពេញលេញដើម្បីបញ្ចូលសិស្សដែលមានពិការភាពទៅក្នុងថ្នាក់រៀនធម្មតា ដោយមានជំនួយ និងសេវាកម្មបំពេញបន្ថែម។ [789 F.Supp. at 1322.]
តាមយោបល់របស់តុលាការឧទ្ធរណ៍របស់សហព័ន្ធមួយទៀត នៅក្នុងសំណុំរឿង Daniel R.R. v. El Paso Independent School District តុលាការបានបញ្ជាក់ថា៖
ច្បាប់មិនអនុញ្ញាតឲ្យរដ្ឋបង្កើតនូវសកម្មភាពបន្ដិចបន្ដួចដើម្បីជួយសម្រួលដល់សិស្សពិការនោះទេ។ លក្ខខណ្ឌតម្រូវរបស់ច្បាប់សម្រាប់ការកែសម្រួល និងបំពេញបន្ថែមចំពោះការអប់រំធម្មតា គឺមានភាពទូលំទូលាយ។ [874 F.2d at 1036 (5th Cir. 1981).] តាមយោបល់របស់តុលាការឧទ្ធរណ៍របស់សហព័ន្ធមួយទៀត នៅក្នុងសំណុំរឿង Roncker v. Walter បានលើកឡើងនូវសេចក្តីបញ្ជាក់ស្តីពីបញ្ហាមជ្ឈដ្ឋាន LRE ដូចខាងក្រោម៖
ក្នុងករណីដែលកន្លែងដាច់ដោយឡែកត្រូវបានចាត់ទុកថាមានភាពល្អប្រសើរបំផុត[សម្រាប់ការសិក្សារៀនសូត្រ] តុលាការគប្បីកំណត់ថាតើសេវាកម្មដែលធ្វើឲ្យការដាក់បញ្ចូលមានភាពល្អប្រសើរបំផុតនោះ អាចត្រូវបានផ្តល់ជូននៅក្នុងមជ្ឈដ្ឋានមិនដាច់ដោយឡែកបានដែរឬអត់។ ប្រសិនបើពួកគេអាចធ្វើបាន នោះការដាក់បញ្ចូលនៅក្នុងសាលារៀនដាច់ដោយឡែក នឹងមិនសមស្របទៅតាម[ច្បាប់]ទេ។
តុលាការក្នុងសំណុំរឿង Roncker ក៏កត់សម្គាល់ផងដែរថា៖
ការចំណាយ គឺជាកត្តាសមស្របមួយដែលត្រូវពិចារណា ព្រោះការចំណាយច្រើនពេកទៅលើកុមារពិការម្នាក់ អាចធ្វើឲ្យកុមារពិការដទៃទៀតខាតបង់។ ប៉ុន្ដែ ការចំណាយ គឺគ្មានការការពារទេ ប្រសិនបើមណ្ឌលសិក្សាធិការមិនបានប្រើប្រាស់ថវិការបស់ខ្លួនដើម្បីផ្តល់នូវការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយសមរម្យសម្រាប់កុមារពិការទេនោះ។ ការផ្តល់ជូនការដាក់បញ្ចូលទៅក្នុងការសិក្សាផ្សេងជំនួសនេះ ផ្តល់អត្ថប្រយោជន៍ដល់កុមារពិការគ្រប់រូប។
[700 F.2d at 1058 (6th Cir. 1981).]
ទោះបីជាតុលាការក្នុងសំណុំរឿងរបស់ Holland បានសម្រេចថាការចំណាយ គឺជាការពិចារណាលើការកំណត់ការដាក់បញ្ចូលក្នុងការសិក្សាយ៉ាងសមស្របសម្រាប់កុមារម្នាក់ក៏ពិតមែន ប៉ុន្តែតុលាការបានរកឃើញថាការផ្តល់ជំនួយដល់ការបង្រៀនក្រៅម៉ោង និងការកែសម្រួលកម្មវិធីសិក្សា នឹងមិនចំណាយច្រើនជាងការដាក់បញ្ចូលទៅក្នុងការអប់រំពិសេសនោះទេ។ [Holland, 14 F.3d at 1402.] ថវិកាមិនគ្រប់គ្រាន់ មិនមែនជាហេតុផលសមស្របតាមផ្លូវច្បាប់សម្រាប់ការបដិសេធមិនផ្តល់សេវាកម្មដែលចាំបាច់ទេ លើកលែងតែក្នុងករណីដែលការចំណាយនោះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំរបស់សិស្សដទៃទៀតនៅក្នុងមណ្ឌលសិក្សាធិការ។