ច្បាប់សហព័ន្ធ កំណត់និយមន័យលើជំនួយ និងសេវាកម្មបំពេញបន្ថែមយ៉ាងទូលំទូលាយថាជា៖ “ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវបានផ្ដល់នៅក្នុងថ្នាក់អប់រំធម្មតា ឬមជ្ឈដ្ឋានពាក់ព័ន្ធនឹងការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែលមានពិការភាពទទួលបានការអប់រំជាមួយកុមារដែលមិនមានពិការភាព នៅក្នុងកម្រិតអតិបរមាយ៉ាងសមស្រប…” [20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.] ឧទាហរណ៍អំពីជំនួយ និងសេវាកម្មបំពេញបន្ថែមដែលអាចនឹងត្រូវប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុងការអប់រំពិសេសនៅក្នុងថ្នាក់រៀនធម្មតា រួមមានជាអាទិ៍៖ មជ្ឈដ្ឋានសិក្សាក្នុងរចនាសម្ព័ន្ធ ការនិយាយសាចុះសាឡើង និងការសម្រួលពាក្យពេចន៍ក្នុងការណែនាំទៅលើកិច្ចការលំហាត់នៅផ្ទះ ការបន្ថែមការបង្រៀនដោយមានការណែនាំជារូបភាព ការប្រើប្រាស់បច្ចេកទេសគ្រប់គ្រងអាកប្បកិរិយា ការកែតម្រូវកាលវិភាគក្នុងថ្នាក់ ការកែសម្រួលការប្រគល់តេស្ត ការប្រើឧបករណ៍ថតសំឡេង ការបង្រៀនដោយមានជំនួយពីកុំព្យូទ័រ និងឧបករណ៍ជំនួយសោតទស្សន៍ផ្សេងទៀត សៀវភៅសិក្សា គោលឬសៀវភៅលំហាត់ដែលមានកែសម្រួល ការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់ ការប្រើប្រាស់ការបង្រៀនផ្ទាល់មួយទល់នឹងមួយ គ្រូជំនួយក្នុងថ្នាក់រៀន និងឧបករណ៍កាត់ត្រា ការចូលរួមរបស់ “អ្នកសម្របសម្រួលសេវាកម្ម” ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនិងសេវាកម្មពិសេស ការកែសម្រួលពេលវេលានៃកម្មវិធីក្រៅការសិក្សា (ដូចជាបន្ទប់ទទួលទានអាហារថ្ងៃត្រង់ ការឈប់សម្រាក និងការអប់រំកាយ)។
ឧទាហរណ៍ផ្សេងៗទៀត រួមមាន៖ ការកែសម្រួលស្របតាមកម្មវិធីសិក្សានៅក្នុងថា្នក់ធម្មតា ការផ្ដល់ជំនួយគ្រូអប់រំពិសេសចល័ត ការបង្ហាត់បង្រៀនពីការអប់រំពិសេសសម្រាក់គ្រូបង្រៀនធម្មតា ការប្រើប្រាស់ឧបករណ៍ជំនួយដោយកុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។ [សំណួរ និងចម្លើយទៅលើលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចនៃច្បាប់ IDEA ក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យអប់រំពិសេស និងសេវាកម្មការស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4]
តុលាការឧទ្ធរណ៍សហព័ន្ធមួយ បានរៀបរាប់អំពីលក្ខខណ្ឌស្ដីពីការផ្ដល់ជំនួយ និងសេវាកម្មបំពេញបន្ថែមដូចខាងក្រោម៖ “ច្បាប់ IDEA មិនអនុញ្ញាតឲ្យរដ្ឋបង្កើតត្រឹមតែសកម្មភាពបន្ដិចបន្ដួច ដើម្បីជួយសម្រួលដល់សិស្សពិការនោះទេ។ លក្ខខណ្ឌតម្រូវរបស់ច្បាប់សម្រាប់ការកែសម្រួល និងការបំពេញបន្ថែមការអប់រំធម្មតា គឺមានលក្ខណៈទូលំទូលាយ។” [Daniel R.R. v. El Paso Independent School District, 874 F.2d 1036 (5th Cir, 1989).] ប្រសិនបើកូនរបស់អ្នក ត្រូវការជំនួយនិងសេវាកម្មបំពេញបន្ថែម សេវាជំនួយ ឬការកែសម្រួលនៅក្នុងថ្នាក់រៀនធម្មតា ពេលនោះអ្នកគួរពិភាក្សាអំពីជំនួយគាំទ្រទាំងនេះជាមួយក្រុមការងារកម្មវិធី IEP ដូចគ្នាទៅនឹងសេវាកម្ម ឬការដាក់បញ្ចូលក្នុងការអប់រំដទៃទៀតដែរ។ តាមការព្រមព្រៀងរបស់ក្រុមការងារ ត្រូវបន្ថែមជំនួយគាំទ្រការអប់រំទាំងនេះទៅក្នុងកម្មវិធី IEP របស់កូនអ្នក។