ទោះបីជាសិស្សមិនត្រូវបានដាក់ក្នុងថ្នាក់ធម្មតាក៏ដោយ ក៏មណ្ឌលសិក្សាធិការត្រូវតែមានវិធានការដើម្បីបង្កើនឱកាសជាអតិបរមាសម្រាប់ឲ្យគាត់មានទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព ក្នុងកម្រិតមួយសមស្របទៅនឹងតម្រូវការរបស់គាត់។ នៅពេលដែលមណ្ឌលសិក្សាធិការស្នើសុំការដាក់បញ្ចូលផ្សេងក្រៅពីថ្នាក់រៀនធម្មតា មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ការជូនដំណឺងជាលាយលក្ខណ៍អក្សរទៅដល់ឪពុកម្ដាយ ដោយធ្វើការពន្យល់បកស្រាយអំពីជម្រើសនៃការដាក់បញ្ចូលដែលបានពិចារណា និងហេតុផលសម្រាប់ការបដិសេធជម្រើសទាំងនោះ។ [34 C.F.R. Sec.300.503.] ក្រុមការងារកម្មវិធី IEP ត្រូវតែចងក្រងឯកសារបញ្ជាក់ពីហេតុផលសមសម្របសម្រាប់ការដាក់បញ្ចូលនៅក្នុងមជ្ឈដ្ឋានផ្សេងក្រៅពីសាលារៀន និងថ្នាក់រៀនរបស់សិស្ស ដែលគាត់នឹងចូលរៀននៅទីនោះ ប្រសិនបើគាត់មិនមានពិការភាពណាមួយនោះទេ។ ការចងក្រងឯកសារ គប្បីបង្ហាញបន្ថែមពីមូលហេតុថាហេតុអ្វីបានជាសិស្សមានពិការភាព ត្រូវបានរារាំងមិនឲ្យទទួលបានតម្រូវការរបស់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច ទោះបីជាមានជំនួយ និងសេវាកម្មបន្ថែមក៏ដោយ។ [5 C.C.R. Sec. 3042(b).]