ផ្នែក 507 តម្រូវឲ្យសាលាធ្វើការវាយតម្លៃសិស្សដែលគេជឿថាមានពិការភាព មុនពេលធ្វើការដាក់សិស្សក្នុងកន្លែងរៀនដំណាក់កាលដំបូង និងមុនពេលមានការផ្លាស់ប្តូរសំខាន់ៗដំណាក់កាលបន្ទាប់លើកន្លែងរៀនរបស់សិស្សនោះ។1 យោងតាម OCR ការដកសិស្សចេញពីសាលាលើសពី 10 ថ្ងៃជាប់ៗគ្នា ការដកសិស្សចេញក្នុងរយៈពេលមិនកំណត់ និងការដកសិស្សចេញជាអចិន្ត្រៃយ៍ (ការដកចេញពីសាលា) អាចបង្កើតការផ្លាស់ប្តូរយ៉ាងសំខាន់លើកន្លែងរៀនរបស់សិស្សនៅក្រោមផ្នែក 504។ ការព្យួរការសិក្សាជាច្រើនលើកច្រើនសារ ដែលការព្យួរការសិក្សានីមួយៗមានរយៈពេល 10 ថ្ងៃ ឬតិចជាងនេះ ប៉ុន្តែបញ្ហានោះបង្កើតបានជា “ទម្រង់នៃការដកចេញពីសាលា” នោះការព្យួរការសិក្សានោះក៏អាចជាការផ្លាស់ប្តូរសំខាន់គួរឲ្យកត់សម្គាល់ទៅលើកន្លែងរៀនផងដែរ។2
មុនពេលផ្លាស់ប្តូរកន្លែងរៀនរបស់សិស្សតាមផ្នែក 504 មណ្ឌលសិក្សាធិការត្រូវធ្វើការវាយតម្លៃសិស្សឡើងវិញដើម្បីកំណត់ថាតើការប្រព្រឹត្តខុសដែលកំពុងពិភាក្សានេះបណ្តាលមកពីពិការភាពរបស់សិស្សដែរឬអត់ ហើយបើដូច្នេះមែន តើការដាក់សិស្សនៅកន្លែងរៀនបច្ចុប្បន្ននោះមានភាពសមស្របដែរឬទេ។3 ជាជំហានដំបូងក្នុងការវាយតម្លៃឡើងវិញ មណ្ឌលសិក្សាធិការត្រូវកំណត់ថាតើការប្រព្រឹត្តខុសនោះបង្កឡើងដោយពិការភាពរបស់សិស្សដែរឬអត់។ ការកំណត់នេះ អាចត្រូវបានធ្វើឡើងដោយក្រុមការងារតែមួយ ដែលធ្វើការសម្រេចចិត្តលើកន្លែងរៀនដំណាក់កាលដំបូងសម្រាប់សិស្សផ្នែក 504 ។ ព័ត៌មានវាយតម្លៃផ្នែកផ្លូវចិត្តថ្មីៗពាក់ព័ន្ធនឹងអាកប្បកិរិយានេះ គួរតែត្រូវបានផ្តល់ជូនទៅកាន់ក្រុមការងារនោះ។ ការកំណត់មិនគួរធ្វើឡើងដោយអ្នកដែលទទួលខុសត្រូវចំពោះគោលការណ៍វិន័យធម្មតារបស់មណ្ឌលសិក្សាធិការឡើយ ដូចជាអ្នកគ្រប់គ្រងរដ្ឋបាលដែលមិនមានជំនាញ និងចំណេះដឹងផ្ទាល់ខ្លួនអំពីសិស្សជាដើម។ ទោះយ៉ាងណាក៏ដោយ បុគ្គលទាំងនេះអាចចូលរួមក្នុងនាមជាសមាជិកក្រុមការងារសម្រេចចិត្តលើកន្លែងរៀននោះ។
ប្រសិនបើមានការកំណត់ថាការប្រព្រឹត្តខុសរបស់សិស្សផ្នែក 504 គឺបណ្តាលមកពីពិការភាព ពេលនោះក្រុមវាយតម្លៃត្រូវតែបន្តវាយតម្លៃដើម្បីកំណត់ថាតើការដាក់សិស្សនៅកន្លែងរៀនបច្ចុប្បន្នសមស្របដែរឬអត់។ សូម្បីនៅពេលអាកប្បកិរិយាបានបង្កឡើងដោយពិការភាព ហើយភាពសមស្របនៃការដាក់នៅកន្លែងរៀនបច្ចុប្បន្នត្រូវបានពិនិត្យឡើងវិញក៏ដោយ ការពិនិត្យឡើងវិញនោះប្រហែលជាអាចចាត់ទុកថាជាការដាក់នៅកន្លែងរៀនមិនសមរម្យ ហើយអាចនាំឲ្យមានការផ្លាស់ប្តូរកន្លែងរៀន និង/ឬសេវាកម្មជាអចិន្ត្រៃយ៍។
បើមានការកំណត់ថាការប្រព្រឹត្តខុសនេះមិនបណ្តាលមកពីពិការភាពរបស់សិស្សនោះទេ នោះសិស្សអាចនឹងត្រូវបានបណ្តេញចេញពីសាលាតាមរបៀបដូចគ្នានឹងសិស្សដែលមិនមានពិការភាពដែរ។ ក្នុងស្ថានភាពបែបនេះ ផ្នែក 504 និងច្បាប់ ADA នឹងអនុញ្ញាតឲ្យបញ្ចប់រាល់សេវាកម្មអប់រំទាំងអស់ដែលអនុវត្តចំពោះសិស្សក្រោមផ្នែក 504 តែប៉ុណ្ណោះ។ ស្តង់ដាបណ្តេញចេញក្រោមផ្នែក 504 គឺខុសគ្នាពីគោលការណ៍ដែលបានអនុវត្តចំពោះសិស្សដែលមានសិទ្ធិទទួលសេវាក្រោមច្បាប់ IDEA ។4
- 34 C.F.R. Sec. 104.35(a).[↩]
- ការិយាល័យសិទ្ធិពលរដ្ឋ, លិខិតជូន៖ មណ្ឌលសិក្សាធិការក្រុង Akron, 19 IDELR 542 (18 វិច្ឆិកា 1992) (ដកស្រង់ក្នុង មាតាបិតារបស់សិស្ស W. v. Puyallup មណ្ឌលសិក្សា ធិការ, លេខ 3, 31 F.3d 1489, 1495 (9th Cir. 1994).[↩]
- 34 C.F.R. Sec. 104.35(d).[↩]
- ការដាក់វិន័យលើសិស្សដែលមានពិការភាពនៅបឋមសិក្សា និង សាលាមធ្យមសិក្សា, OCR, តុលា 1996 មាននៅលើគេហទំព័រ៖ http://corporate.findlaw.com/law-library/discipline-of-students-with-disabilities-in-elementary-and.html។[↩]
