Menu Close

(8.24) តើមានច្បាប់ដែលហាមឃាត់យ៉ាងជាក់លាក់លើការរៀបចំ​កម្មវិធី ឬបច្ចេកទេសផ្នែក​អាកប្បកិរិយាមួយ​ចំនួន​​ដែរឬទេ? 

(8.24) តើមានច្បាប់ដែលហាមឃាត់យ៉ាងជាក់លាក់លើការរៀបចំ​កម្មវិធី ឬបច្ចេកទេសផ្នែក​អាកប្បកិរិយាមួយ​ចំនួន​​ដែរឬទេ? 

បាទ/ចាស។​ តាមច្បាប់របស់រដ្ឋ “អន្តរាគមន៍បន្ទាន់” ដូចជាការ​ចាប់​ចង និងការ​ដាក់​ឲ្យ​នៅដាច់​ដោយឡែកពី​គេ​ជាដើម អាច​ត្រូវបានប្រើប្រាស់​តែក្នុងករណី​ដូច​ខាងក្រោម​៖ 

  1. កូនរបស់អ្នកបង្ហាញ​​អាកប្បកិរិយាស្តែងចេញមក​ដោយ​ឯកឯង​ និងមិនអាច​ដឹង​ជាមុន​បាន​ ហើយ​ 
  2. អាកប្បកិរិយានេះបង្ហាញពីការបង្ករ​គ្រោះថ្នាក់លើ​​រាងកាយធ្ងន់ធ្ងរដល់សិស្សនោះ​ ឬអ្នកដទៃទៀត ហើយ​ 
  3. អាកប្បកិរិយាគ្រោះថ្នាក់នោះ មិនអាចការពារបានភ្លាមៗដោយប្រើប្រាស់​វិធាន​ការឆ្លើយតប​ដែលមានការ​រឹត​ត្បិតតិចតួចជាជាង​​ការប្រើប្រាស់​អន្តរាគមន៍​បន្ទាន់នេះ​​។ 

អន្តរាគមន៍បន្ទាន់ មិនអាចយកទៅ​ប្រើប្រាស់​​ជំនួស​ផែនការអន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន​ដែល​មាន​រយៈពេលយូរ​ជាង​កម្រិត​នៃ​ភាព​ចាំបាច់​ដើម្បី​ទប់ស្កាត់​អាកប្បកិរិយានោះទេ​​ ឬមិន​ប្រើប្រាស់​ប្រើ​កម្លាំង​លើសពី​កម្រិត​នៃ​ភាព​សមស្រប​ និងចាំបាច់នៅក្នុងស្ថានភាព​នោះ​។1

ច្បាប់រដ្ឋចែងនូវ​គោលការណ៍ណែនាំយ៉ាងជាក់លាក់ស្តីពីការដោះស្រាយ និ​ង​​ការចងក្រង​ឯកសារស្តីពី​ករណី​បន្ទាន់​​ផ្នែក​អាកប្បកិរិយា។ បន្ទាប់ពីអន្តរាគមន៍បន្ទាន់ សាលារៀនត្រូវតែទាក់ទងទៅមាតាបិតា/អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃសិក្សា។ លើសពីនេះទៀត សាលាត្រូវបំពេញ​ “ភ្លាមៗ” នូវរបាយការណ៍​បន្ទាន់​ផ្នែក​អាកប្បកិរិយា (BER) ដែលនឹងត្រូវរក្សាទុកនៅក្នុងសំណុំ​ឯកសារ​របស់​សិស្ស​។ របាយការណ៍ BER ត្រូវតែមាន៖

  1. ឈ្មោះ និងអាយុរបស់បុគ្គលដែលមានតម្រូវការពិសេស។ 
  2. មជ្ឈដ្ឋាន​ និងទីតាំងនៃឧបត្តិហេតុ 
  3. ឈ្មោះបុគ្គលិក ឬអ្នក​ពាក់ព័ន្ធផ្សេងទៀត​។ 
  4. ការពណ៌នាអំពីឧប្បត្តិហេតុ និងអន្តរាគមន៍បន្ទាន់ដែលបានប្រើ និង​​ថា​តើ​បច្ចុប្បន្នសិស្សមាន BIP ឬទេ និង 
  5. ព័ត៌មានលម្អិតនៃការរងរបួសដែលសិស្ស​ ឬអ្នកដទៃទៀតបាន​ទទួលរង​ រួម​ទាំងបុគ្គលិក2

រាល់របាយការណ៍​ BER ទាំងអស់ត្រូវតែបញ្ជូនបន្ត និងត្រួតពិនិត្យភ្លាមៗ ដោយ​រដ្ឋបាល​ដែលទទួលបាន​ការ​​ចាត់តាំង។3 ប្រសិនបើរបាយការណ៍​ BER ត្រូវបានសរសេរជាលាយលក្ខណ៍អក្សរ​អំពី​សិ​ស្សដែលមិនមានផែនការ​ BIP ពេលនោះ​សាលាត្រូវកំណត់ពេលប្រជុំកម្ម​វិធី IEP ក្នុងរយៈពេលពីរថ្ងៃ​ ដើម្បីពិភាក្សា​ថាតើ​ត្រូវការផែនការ​នេះ​ដែរ​ឬ​អត់​​។ ប្រសិនបើសិស្សមានផែនការ​ BIP ហើយហេតុការណ៍​នោះពាក់ព័ន្ធ​នឹង​បញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ​ដែល​មិន​បាន​កត់សម្គាល់​ឃើញពីមុនមក​ ឬអន្តរាគមន៍ដែលបានបង្កើត​​ឡើងពីមុនមក​គ្មានប្រសិទ្ធភាព ពេល​នោះ កម្មវិធី IEP គួរតែជួបប្រជុំ​ដើម្បីកំណត់ថាតើត្រូវកែប្រែផែនការ​ BIP ដែរ​ឬទេ។4

សូម្បីតែក្នុងករណីបន្ទាន់ (និងនៅ​ក្នុងសេវាកម្ម​អាកប្បកិរិយា​ផ្សេងទៀត​ទាំងអស់) អន្តរាគមន៍បន្ទាន់​ដែល​ប្រើ​ដោយមណ្ឌលសិក្សាធិការមិនអាច​បណ្តាល​ឲ្យ​មានការឈឺចាប់ ឬរបួសឡើយ។5 អន្តរាគមន៍បន្ទាន់ដែលត្រូវហាមឃាត់ជាក់លាក់ រួមមាន​៖ 

  1.  ការ​បង្កឲ្យមានការឈឺចាប់លើរូបរាងកាយ រួមមានការឆក់អគ្គិសនី​ជាដើម​។ 
  2.  ការបញ្ចេញចំហាយអ័ព្ទ ថ្នាំបាញ់ ឬសារធាតុដែលអាចបង្កគ្រោះថ្នាក់ ពុល ឬមិនល្អនៅក្បែរ ឬលើមុខរបស់សិស្ស 
  3.  ការបដិសេធការគេងឱ្យបានគ្រប់គ្រាន់ អាហារ ទីជម្រក គ្រែគេង ភាព​សុខ​ស្រួលរាងកាយ ឬការចូលប្រើបង្គន់ 
  4.  ការឱ្យសិស្សរងការបំពានតាមរយៈពាក្យសម្ដី ការចំអក ការអាម៉ាស់មុខ ឬ​ការធ្វើឱ្យមានការប៉ះទង្គិចផ្លូវអារម្មណ៍ 
  5.  ប្រើប្រាស់វត្ថុដែលទប់មិនឲ្យដៃ​ជើងកម្រើកបាន​ 
  6.  ចាក់សោដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ 
  7.  រារាំងមិនឲ្យមាន​ការ​គ្រប់គ្រងសមស្របទៅលើបុគ្គលនោះ​
  8.  ការមិនឱ្យបុគ្គលប្រើប្រាស់វិញ្ញាណមួយ ឬច្រើនរបស់ពួកគេ និង 
  9. ការចាប់ឃាត់ដោយសង្កត់ឱ្យដេកផ្កាប់។6
  1. Cal. Ed. Code Sec. 56521.1.[↩]
  2. Cal. Ed. Code Sec. 56521.1(e).[↩]
  3. Cal. Ed. Code Sec. 56521.1(f).[↩]
  4. Cal. Ed. Code Sec. 56521.1(g)-(h).[↩]
  5. Cal. Ed. Code Secs. 56520(a)(4), 56521.2(a).[↩]
  6. Cal. Educ. Code Sec. 56521.2(a).[↩]