ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការកំំណត់ថាអាកប្បកិរិយានោះមិនពាក់ព័ន្ធនឹងពិការភាពរបស់សិស្ស — ឬមិនយល់ស្របជាមួយនឹងសំណើសុំកន្លែងរៀនក្នុងករណីទាំងឡាយដែលអាកប្បកិរិយានោះត្រូវបានកំណត់ថាបណ្តាលមកពីពិការភាព — ពេលនោះអ្នកអាចស្នើសុំសវនាការផ្នែក 504 បាន។ បទប្បញ្ញត្តិតម្រូវឲ្យសវនាការមិនមានភាពលម្អៀង ហើយត្រូវឲ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមានឱកាសចូលរួម និងតំណាងដោយទីប្រឹក្សាផ្នែកច្បាប់។1 មិនដូចនីតិវិធីវិន័យផ្នែកអប់រំពិសេសទេ មណ្ឌលសិក្សាធិការនីមួយៗបង្កើតនីតិវិធីសវនាការក្រោមផ្នែក 504 របស់ខ្លួនផ្ទាល់។ មណ្ឌលសិក្សាធិការតែមួយប៉ុណ្ណោះ ជាអ្នកជ្រើសរើសមន្រ្តីសវនាការដើម្បីធ្វើការសម្រេចចិត្តលើការមិនឯកភាពគ្នានេះ។ ការិយាល័យ OCR បានបញ្ជាក់ថានិយោជិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃមណ្ឌលសិក្សាធិការរបស់អ្នកមិនអាចដើរតួទាទីជាមន្ត្រីសវនាការឡើយ។ ប្រសិនបើមណ្ឌលសិក្សាធិការផ្សេងទៀតចូលរួមនៅក្នុងកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការរបស់អ្នកដើម្បីផ្តល់សេវាកម្មដល់សិស្សដែលមានពិការភាព ពេលនោះបុគ្គលិករបស់មណ្ឌលសិក្សាធិការក៏ត្រូវបានហាមឃាត់មិនឲ្យដើរតួនាទីជាមន្ត្រីសវនាការផងដែរ។2
មានភាពខុសគ្នាសំខាន់មួយទៀតរវាងការអប់រំពិសេស និងនីតិវិធីដាក់វិន័យក្រោមផ្នែក 504។ មិនដូចជានីតិវិធីដាក់វិន័យក្រោមច្បាប់ IDEA ទេ នីតិវិធីក្រោមផ្នែក 504 មិនមានលក្ខខណ្ឌ “រក្សាកន្លែងរៀនដដែល” នោះទេ។ ហេតុដូច្នេះ ការដាក់បញ្ចូលសិស្សក្រោមផ្នែក 504 អាចត្រូវបានផ្លាស់ប្តូរ ពុំនោះសោត គាត់អាចត្រូវបានគេបណ្តេញចេញ នៅពេលដែលសវនាការផ្នែក 504 មិនទាន់សម្រេចកាត់សេចក្តីនៅឡើយ។ ប៉ុន្តែ ការិយាល័យ OCR បានណែនាំឲ្យធ្វើការផ្លាស់ប្តូរកន្លែងរៀនរបស់សិស្ស មុនពេលដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានជំទាស់នឹងការសម្រេចចិត្តនេះ “ហាក់ដូចជាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដែលផ្តល់ដោយដំណើរការត្រឹមត្រូវតាមច្បាប់” ហើយ “ប្រព័ន្ធនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដោយយុត្តិធម៌អាចនឹងបណ្តាលឲ្យមណ្ឌលសិក្សាធិការត្រូវរង់ចាំលទ្ធផលនៃដំណើរការនោះ មុនពេលធ្វើការផ្លាស់ប្តូរ”។3
ប្រសិនបើអាកប្បកិរិយាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនខុសច្បាប់នាពេលបច្ចុប្បន្ន មណ្ឌលសិក្សាធិការអាចចាត់វិធានការវិន័យទៅលើសិស្សដែលមានពិការភាពដូចគ្នានឹងវិធានការទៅលើវិន័យប្រឆាំងទៅនឹងអ្នកដែលមិនមានពិការភាពដែរ។ នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដែលបានពិភាក្សាខាងលើ មិនត្រូវបានអនុវត្តនោះទេ នៅពេលដែលវិធានការដាក់វិន័យធ្វើឡើងដោយសារការសេពគ្រឿងញៀន ឬគ្រឿងស្រវឹងខុសច្បាប់នាពេលបច្ចុប្បន្នដោយសិស្សដែលមានពិការភាព។4
