ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48915 (a) តម្រូវឲ្យនាយកសាលា ឬប្រធាននាយកផ្តល់ការណែនាំឲ្យបណ្តេញចេញ ប្រសិនបើសិស្សប្រព្រឹត្តនូវសកម្មភាពដូចខាងក្រោម (លើកលែងតែពួកគេយល់ឃើញថាការបណ្តេញចេញនោះមិនសមស្របដោយសារស្ថានភាពជាក់លាក់ណាមួយ)៖
- ការបង្កឲ្យមានរបួសរាងកាយធ្ងន់ធ្ងរដល់អ្នកដទៃ លើកលែងតែក្នុងករណីការការពារខ្លួន
- ការយកតាមខ្លួននូវកាំបិត សារធាតុផ្ទុះគ្រប់ប្រភេទ ឬវត្ថុគ្រោះថ្នាក់ផ្សេងទៀតដែលគ្មានហេតុផលសមស្របត្រូវប្រើ
- ការកាន់កាប់ដោយខុសច្បាប់នូវសារធាតុដែលស្ថិតក្រោមការគ្រប់គ្រង លើកលែងតែការប្រព្រឹត្តល្មើសលើកទីមួយពីបទកាន់កាប់កញ្ឆាដែលមានទម្ងន់មិនលើសពីមួយអោនស៍ ក្រៅពីកញ្ឆាដែលមានកំហាប់ខ្ពស់ ឬការកាន់កាប់ថ្នាំគ្មានវេជ្ជបញ្ជាសម្រាប់គោលបំណងព្យាបាល ឬថ្នាំមានវេជ្ជបញ្ជាពីគ្រូពេទ្យ
- ការប្លន់ ឬការចាប់ជំរិតទារប្រាក់ ឬ
- ការបំពារបំពាន ឬការវាយដំទៅលើបុគ្គលិករបស់សាលាណាម្នាក់។
គណៈកម្មការគ្រប់គ្រងសាលា អាចបញ្ជាឲ្យបណ្តេញកូនសិស្សចេញនៅពេលរកឃើញថាសិស្សបានប្រព្រឹត្តអំពើណាមួយដែលបានរៀបរាប់ខាងលើ និងលទ្ធផលដែលបានរកឃើញថា៖
- មធ្យោបាយកែតម្រូវផ្សេងទៀតមិនអាចអនុវត្តបាន ឬមិនមានដំណើរការម្ដងហើយម្ដងទៀត
- វត្តមានរបស់សិស្សបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់សុវត្ថិភាពរាងកាយរបស់សិស្ស ឬអ្នកដទៃ។1
លើសពីនេះទៀត ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 48915(c) តម្រូវឲ្យនាយកសាលា ឬប្រធាននាយកសាលាធ្វើការព្យួរការសិក្សាជាបន្ទាន់ និងផ្តល់ការណែនាំសម្រាប់ការបណ្តេញកូនសិស្សដែលប្រព្រឹត្តអំពើណាមួយដូចខាងក្រោម៖
- ការកាន់កាប់ ការលក់ ឬការផ្គត់ផ្គង់កាំភ្លើង។ ការព្យួរការសិក្សា ឬការបណ្ដេញចេញមិនមែនជាការតម្រូវសម្រាប់ការកាន់កាប់អាវុធក្លែងក្លាយទេ ប៉ុន្តែវាត្រូវបានអនុញ្ញាត
- ការគ្រវីកាំបិតដាក់មនុស្សម្នាក់ផ្សេងទៀត
- ការលក់សារធាតុដែលមានការគ្រប់គ្រង
- ការប្រព្រឹត្ត ឬការប៉ុនប៉ងបំពារបំពានផ្លូវភេទ និងការប្រព្រឹត្តការវាយដំផ្លូវភេទ ឬ
- ការកាន់កាប់សារធាតុផ្ទុះ។
គណៈកម្មការគ្រប់គ្រងត្រូវតែបញ្ជាឲ្យបណ្តេញកូនសិស្សនេះចេញនៅពេលរកឃើញថាសិស្សបានប្រព្រឹត្តអំពើទាំងនេះណាមួយ។2 ទោះយ៉ាងណាក៏ដោយ ការផ្តល់ការបណ្តេញចេញជាចាំបាច់នេះមិនអាចអនុវត្តលើសិស្សនៅក្នុងការអប់រំពិសេសនោះទេ លើកលែងតែសិស្សទទួលបាននូវការការពារសុវត្ថិភាពតាមនីតិវិធី និងការការពារសុវត្ថិភាពសំខាន់ទាំងអស់ដែលមានចែងក្នុងជំពូកនេះ ហើយបន្ទាប់ពីការអនុវត្តការការពារសុវត្ថិភាពទាំងនោះត្រូវបានគេរកឃើញថាមានលក្ខណៈគ្រប់គ្រាន់ក្នុងការបណ្តេញចេញ។
