ប្រសិនបើកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ (ដូចជាការរត់តាមគ្នា ការវាយតប់ ការរំខានថ្នាក់រៀន ឬការបង្កការឈឺចាប់ដល់ខ្លួនឯង) ដែលប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់ខ្លួន ឬសមត្ថភាពរបស់កុមារដទៃក្នុងការសិក្សារៀនសូត្រ ឬនាំឲ្យមានការដាក់បញ្ចូលទៅក្នុងថ្នាក់ចំណេះទូទៅ ឬមជ្ឈដ្ឋានអប់រំដែលមានការរឹតបន្តឹងតិចតួចត្រូវជួបហានិភ័យ នោះអ្នកគប្បីធ្វើសំណើជាលាយលក្ខណ៍អក្សរស្នើសុំកិច្ចប្រជុំកម្មវិធី IEP ដើម្បីកំណត់ថាតើការវាយតម្លៃ និងការគាំទ្រ និងសេវាកម្មមួយណាដែលកូនរបស់អ្នកត្រូវការដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយារបស់គាត់តាមវិធីវិជ្ជមាន។ សេវាកម្មដែលក្រុមការងារកម្មវិធី IEP ត្រូវពិចារណា រួមមាន ការវាយតម្លៃអាកប្បកិរិយាមុខងារលម្អិត ផែនការគាំទ្រផ្នែកអាកប្បកិរិយា ហើយប្រសិនបើសមស្រប ត្រូវគិតពិចារណាពីផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន ជំនួយការផ្នែកអាកប្បកិរិយាមួយទល់នឹងមួយ ការបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ដល់គ្រូបង្រៀន និង/ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជាមួយនឹងអ្នកជំនាញខាងអាកប្បកិរិយា ការប្រឹក្សា ជំនាញផ្នែកសង្គម ការគ្រប់គ្រងកំហឹង និង/ឬសេវានិងយុទ្ធសាស្រ្តដទៃផ្សេងទៀត ដែលអ្នកជឿថាកូនរបស់អ្នកត្រូវការ។
នៅមុនពេលកិច្ចប្រជុំកម្មវិធី IEP អ្នកក៏ប្រហែលជាចង់ធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃអាកប្បកិរិយាមុខងារ ជាពិសេស ប្រសិនបើសាលាបានបង្កើតផែនការគាំទ្រផ្នែកអាកប្បកិរិយា ឬបានប្រើប្រាស់យុទ្ធសាស្រ្តអាកប្បកិរិយាដទៃផ្សេងទៀតដែលពុំមានប្រសិទ្ធិភាពពីមុនមក ដើម្បីកែលម្អអាកប្បកិរិយាខុសប្រក្រតីរបស់កូនអ្នក។ ការវាយតម្លៃនេះ ត្រូវបង្កើតឡើងដើម្បីទទួលបានព័ត៌មានលម្អិតអំពីអាកប្បកិរិយាកូនរបស់អ្នក (ដូចជា ការរៀបរាប់លម្អិតពីអាកប្បកិរិយា ភាពញឹកញាប់នៃការកើតមានបញ្ហា រយៈពេល ទីកន្លែង និងហេតុការដែលបានកើតឡើងមុននិងក្រោយពេលដែលកូនរបស់អ្នកសម្តែងចេញនូវអាកប្បកិរិយាខុសប្រក្រតីទាំងនោះ) និងអំពីមជ្ឈដ្ឋានសិក្សារបស់កូនអ្នក ដើម្បីជួយក្រុមការងារកម្មវិធី IEP ធ្វើការកំណត់ពីមូលហេតុដែលកូនរបស់អ្នកសម្តែងចេញនូវអាកប្បកិរិយាខុសប្រក្រតីទាំងនោះ និងអ្វីដែលអាចធ្វើបានអំពីបញ្ហានេះ។
សាលារៀនមានរយៈពេល 60 ថ្ងៃ ចាប់ពីពេលដែលអ្នកចុះហត្ថលេខាលើផែនការវាយតម្លៃ ដែលរួមបញ្ចូលការវាយតម្លៃអាកប្បកិរិយាមុខងារ ដើម្បីធ្វើការអនុវត្តការវាយតម្លៃ និងដើម្បីធ្វើការរៀបចំកិច្ចប្រជុំកម្មវិធី IEPដើម្បីពិភាក្សាពីលទ្ធផលនៃការវាយតម្លៃ និងដើម្បីកំណត់ថាតើសេវា ការគាំទ្រ និងយុទ្ធសាស្រ្តអាកប្បកិរិយាវិជ្ជមានណាមួយដែលកូនរបស់អ្នកត្រូវការ។ 1
ប្រសិនបើមជ្ឈមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃអាកប្បកិរិយាផ្នែកមុខងារកូនរបស់អ្នក ប៉ុន្តែអ្នកគិតថា ការវាយតម្លៃនោះមិនមានប្រយោជន៍ដល់ការកំណត់ពីប្រភេទសេវាកម្ម និងការគាំទ្រផ្នែកអាកប្បកិរិយាលើកូនរបស់អ្នក ឬអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់មជ្ឈមណ្ឌលសិក្សាធិការដោយសារមូលហេតុដទៃផ្សេងទៀត យើងសូមផ្តល់អនុសាសន៍ឲ្យអ្នកធ្វើការស្នើសុំការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE) ដោយប្រើបន្ទុកចំណាយរបស់រដ្ឋ។ 2
អ្នកត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់មជ្ឈមណ្ឌលសិក្សាធិការ និងខិតខំព្យាយាមពន្យល់ពីផ្នែកជាក់លាក់មួយចំនួននៃការវាយតម្លៃ ឬវិធីសាស្រ្តដែលបានប្រើប្រាស់ក្នុងការរៀបចំការវាយតម្លៃដែលអ្នកមិនឯកភាពតាម។ ប្រសិនបើអ្នកស្នើសុំ IEE ច្បាប់តម្រូវឲ្យមណ្ឌលសិក្សាធិការឯកភាពក្នុងការបង់ថ្លៃការវាយតម្លៃនេះ ឬដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីបង្ហាញថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ គឺ “សមស្រប”។ 3
- Cal. Ed. Code Sec. 56344(a)[↩]
- 34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).[↩]
- 34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b) សូមមើល ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមានតម្រូវការខាងអាកប្បកិរិយា និងសិស្សដែលត្រូវបានគេសម្លុតធ្វើបាប។[↩]
