ការដឹកជញ្ជូន គឺជាសេវាកម្មពាក់ព័ន្ធ នៅពេលណាដែលវាមានលក្ខណៈចាំចាច់សម្រាប់សិស្សក្នុងការទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ប្រសិនបើសិស្សម្នាក់មិនអាចទៅសាលារៀនបាន សិស្សនោះមិនអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅទីនោះឡើយ។ ប្រសិនបើសិស្សម្នាក់មិនអាចទៅសាលារៀនដោយខ្លួនឯងបាន ដោយសារលក្ខណៈនៃពិការភាពផ្នែករាងកាយ ឬការយល់ដឹងរបស់គេ (បើទោះបីជាសិស្សនោះអាចរស់នៅក្បែរសាលារៀនក្ដី) ការដឹកជញ្ជូនគប្បីត្រូវផ្ដល់ជូនក្នុងនាមជាសេវាកម្មពាក់ព័ន្ធ។ ការដឹកជញ្ជូនក៏មានផ្ដល់ជូនទៅនិងមកពីកន្លែងផ្សេងទៀតសម្រាប់សេវាកម្មពាក់ព័ន្ធ ដែលមិនបានផ្ដល់ជូននៅសាលាចំណេះទូទៅរបស់សិស្ស និងការដឹកជញ្ជូនចូល និងទៅមកជុំវិញអគារសាលា។ 1
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានបង្កើតគោលការណ៍ណែនាំសម្រាប់ក្រុមការងារកម្មវិធី IEP ដើម្បីធ្វើការកំណត់ថាតើពេលណាការដឹកជញ្ជូនត្រូវចាត់ទុកជាសេវាកម្មពាក់ព័ន្ធ។ គោលការណ៍ណែនាំ មិនត្រូវកំណត់ជាដាច់ខាតសម្រាប់មណ្ឌលសិក្សាធិការនោះទេ លើកលែងក្នុងវិសាលភាពដែលគោលការណ៍ណែនាំនោះ ដូចគ្នានឹងច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ។ គោលការណ៍ណែនាំ គឺជាអនុសាសន៍របស់ក្រសួងអប់រំរបស់រដ្ឋ ជូនដល់មណ្ឌលសិក្សាធិការ ស្ដីពីគោលបំណងនៃការដឹកជញ្ជូនសិក្សាក្នុងកម្មវិធីអប់រំពិសេស។
គោលការណ៍ណែនាំដែលបានចេញនៅថ្ងៃទី 23 ធ្នូ ឆ្នាំ 1993 និងត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនៅក្នុងច្បាប់ស្ដីពីការអប់រំ និងក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋ តាំងពីខែមិថុនា ឆ្នាំ 2017 បានចែងមួយផ្នែកថា៖
ចំណុចពិចារណាជាចម្បង៖ តម្រូវការសិស្ស
តម្រូវការជាក់លាក់របស់សិស្ស ត្រូវជាការចំណុចពីចារណាជាចម្បង នៅពេលដែលក្រុមការងារ IEP កំពុងធ្វើការកំណត់ពីតម្រូវការដឹកជញ្ជូនណាមួយ។ ចំណុចទាំងអស់នេះ អាចរួមមានជាអាទិ៍៖
- ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត និងចំណុចពិចារណាលើតម្រូវការសុខភាព ថាតើការជិះរថយន្តក្រុងចម្ងាយឆ្ងាយអាចប៉ះពាល់ដល់សុខភាពកូនសិស្សណាមួយដែរឬទេ (រយៈពេល ការគ្រប់គ្រង់សីតុណ្ហភាព តម្រូវការចំពោះសេវាកម្ម ភាពអាសន្នបន្ទាន់ផ្នែកសុខភាព) សមត្ថភាពទូទៅ និង/ឬកម្លាំងក្នុងការដើរ/ប្រើរទេះរុញ ចម្ងាយមធ្យមពីសាលារៀនឬចម្ងាយដែលត្រូវការដើរ ឬប្រើរទេះដោយខ្លួនឯងទៅកាន់សាលាររៀន ការពិចារណាអំពីតម្រូវការរបស់កូនសិស្សនៅក្នុងអាកាសធាតុអាក្រក់ ឬក្ដៅខ្លាំង។
- លទ្ធភាពចេញចូលផ្នែករាងកាយនៅគែមផ្លូវ ចិញ្ចើមផ្លូវ ដងផ្លូវ និងប្រព័ន្ធដឹកជញ្ជនសាធារណៈ។
- ការពិចារណាអំពីសមត្ថភាពរបស់កូនសិស្សដើម្បីទៅដល់សាលារៀនទាន់ពេលវេលា ដើម្បីចៀសការវង្វេងផ្លូវ ដើម្បីចៀសវាងស្ថានភាពចរាចរណ៍គ្រោះថ្នាក់ និងដើម្បីចៀសវាងស្ថានភាពគ្រោះថ្នាក់ឬស្ថានភាពនៃបំផ្ទុះធ្ងន់ធ្ងរនៅតាមផ្លូវទៅនិងមកពីសាលារៀន។
- ផែនការអន្តរាគមន៍អាកប្បកិរិយា 2 ដែលបានបញ្ជាក់ដោយកម្មវិធី IEP របស់សិស្ស និងការពិចារណាពីរបៀបអនុវត្តផែនការទាំងនោះក្នុងពេលដែលកំពុងដឹកជញ្ជូនសិស្ស។
- តម្រូវការនៃការដឹកជញ្ជូននៅពាក់កណ្ដាលថ្ងៃ ឬការដឹកជញ្ជូនផ្សេងទៀតដូចមានតម្រូវនៅក្នុងកម្មវិធី IEP របស់កូនសិស្ស (ឧទាហរណ៍ ការព្យាបាលដោយការងារ ឬការព្យាបាលដោយចលនា ឬសេវាកម្មសុខភាពផ្លូវចិត្តនៅកន្លែងផ្សេងទៀត ថ្នាក់រៀននៅតាមសហគមន៍ ។ល។) ក៏ត្រូវយកមកគិតពិចារណាផងដែរ នៅពេលក្រុមការងារកម្មវិធី IEP ពិភាក្សាអំពីការកន្លែងរៀនរបស់សិស្ស និងតម្រូវការនៃការដឹកជញ្ជូន។
- សេវាកម្មឆ្នាំសិក្សាបន្ថែម តាម ច្បាប់ EC ផ្នែកទី 56345(b)(3) គួរតែជាការពិចារណាមួយទៀតអំពីតម្រូវការចំពោះការដឹកជញ្ជូនសិស្ស បើសិនជាត្រូវបានចាត់ទុកថាចាំបាច់ដើម្បីផ្ដល់ការអប់រំសាធារណៈសមស្របឥតគិតថ្លៃដូចបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនសិស្ស។
កិច្ចប្រជុំបុគ្គលិកដឹកជញ្ជូន និងកិច្ចប្រជុំក្រុមការងារ IEP
ការអនុវត្តដែលមានប្រសិទ្ធភាពតម្រូវឱ្យមានការរៀបចំនីតិវិធីសម្រាប់ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកផ្នែកដឹកជញ្ជូន ហើយបុគ្គលិកផ្នែកដឹកជញ្ជូនត្រូវមានវត្តមានក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នៅពេលសិស្សត្រូវការប្រើឧបករណ៍សម្របខ្លួន ឬឧបករណ៍ជំនួយ នៅពេលដែលឧបករណ៍លើរថយន្តសាលាត្រូវបានតម្រូវឱ្យកែប្រែ នៅពេលដែលសិស្សបង្ហាញពីការលំបាកខ្លាំងផ្នែកអាកប្បកិរិយា ហើយត្រូវអនុវត្តផែនការអន្តរាគមន៍ នៅពេលសិស្សមានសុខភាពខ្សោយហើយត្រូវការជំនួយពិសេស និង/ឬនៅពេលដែលសិស្សមានតម្រូវការពិសេសផ្សេងទៀត។
ជម្រើសនៃការដឹកជញ្ជូន
ដោយពិចារណាអំពីតម្រូវការដែលកំណត់បានរបស់កូនសិស្ស ជម្រើសនៃការដឹកជញ្ជូន អាចរួមមានជាអាទិ៍៖ ការដើរ ការជិះរថយន្តក្រុងសាលារៀនរាល់ថ្ងៃ ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមាន (ការចំណាយប្រាក់ផ្ទាល់ខ្លួនដោយកូនសិស្ស ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនឹងត្រូវទទួលបានប្រាក់សំណងវិញពីទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន) ការជិះរថយន្តក្រុងពិសេសពីកន្លែងទៅយក ការដឹកជញ្ជូនសម្រាប់ការអប់រំពិសេសពីស្ថានីយមួយទៅស្ថានីយមួយ តាមរយៈរថយន្តក្រុង តាក់ស៊ី ការបើកបររបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលទទួលបានប្រាក់សំណងជូនមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលស្ម័គ្រចិត្តចូលរួម ឬមធ្យោបាយដទៃផ្សេងទៀត ដូចមានចែងដោយក្រុមការងារកម្មវិធី IEP។ នៅពេលបង្កើតគោលដៅនិងគោលបំណងនៃកម្មវិធី IEP ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កូនសិស្ស ក្រុមការងារ IEP អាចគិតពិចារណាអំពីការបញ្ចូលគ្នានូវសេវាដឹកជញ្ជូនជាតម្រូវការរបស់កូនសិស្សដែលមានការប្រែប្រួល។
ការដឹកជញ្ជូនពិសេស ដែលជាសេវាកម្មពាក់ព័ន្ធ ត្រូវសរសេរនៅក្នុងកម្មវិធី IEP របស់កូនសិស្ស ដោយការបញ្ជាក់ច្បាស់ និងគប្បីត្រូវមានការអនុម័តដោយមន្ដ្រីគ្រប់គ្រងការដឹកជញ្ជូន។ គេបានផ្ដល់អនុសាសន៍ថា សេវាកម្មនានាត្រូវមានចែងឲ្យបានលម្អិតគ្រប់គ្រាន់ដើម្បីផ្ដល់ព័ត៌មានដល់គូភាគីអំពីរបៀប ពេលវេលា និងពីកន្លែងណាទៅកន្លែងណាដែលនឹងការផ្ដល់ជូនការដឹកជញ្ជូន និងត្រង់ចំណុចណាដែលត្រូវរៀបចំឲ្យមានការទូទាត់សងប្រាក់ដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតទៅតាមការតម្រូវ ចំនួនទឹកប្រាក់ និងភាពញឹកញាប់នៃការទូទាត់សងប្រាក់។
ការផ្អាកមិនឲ្យជិះរថយន្តក្រុងសាលារៀន
រៗម្ដង កូនសិស្សដែលទទួលបានសេវាកម្មអប់រំពិសេសត្រូវបានផ្អាកមិនឲ្យជិះរថយន្តក្រុងសាលា (EC 48900-48927 ការផ្អាកមិនឲ្យជិះ ឬការបណ្ដេញចេញ)។ ការពន្យារពេលចំពោះកូនសិស្សដែលទទួលសេវាអប់រំពិសេសពីការដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា អាចរាប់បញ្ជូលជាការផ្លាស់ប្ដូរសំខាន់មួយនៃកន្លែងរៀន ប្រសិនបើមណ្ឌលសិក្សាធិការ៖ 1) បានដឹកជញ្ជូនសិស្ស 2) ផ្អាកមិនឲ្យសិស្សជិះដោយសារវិធានការវិន័យ និង 3) មិនផ្ដល់មធ្យោបាយដឹកជញ្ជូនផ្សេង (ការិយាល័យសិទ្ធិពលរដ្ឋ លិខិតអំពីលទ្ធផល បណ្ដឹងលេខ 04-89-1236, 8 ធ្នូ 1989)។
ការផ្លាស់ប្ដូរជាសំខាន់នៃកន្លែងរៀន តម្រូវឲ្យមានកិច្ចប្រជុំមួយរបស់ក្រុមការងារ IEP ដើម្បីធ្វើការត្រួតពិនិត្យកម្មវិធី IEP របស់កូនសិស្ស។ ក្នុងអំឡុងពេលនៃការផ្អាកមិនឲ្យជិះរថយន្តក្រុងសាលា កូនសិស្សត្រូវទទួលបាននូវទម្រង់នៃការដឹកជញ្ជូនមួយផ្សេងទៀត ដោយពុំមានគិតថ្លៃចំពោះកូនសិស្ស ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បីទទួលបានការធានាពីការទទួលបាននូវការបង្រៀនពិសេស និងសេវាកម្មតាមការចង់បាន (EC 48915.5).
EC 48915.5(c) ចែងថា៖
ប្រសិនបើសិស្សណាម្នាក់ដែលមានតម្រូវការពិសេសត្រូវបានផ្អាកមិនឲ្យជិះរថយន្តក្រុងសាលា កូនសិស្សនោះមានសិទ្ធិទទួលបានការផ្ដល់ជូននូវជម្រើសនៃការដឹកជញ្ជូនផ្សេងទៀតដោយគ្មានគិតថ្លៃចំពោះសិស្ស ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ប្រសិនបើការដឹកជញ្ជូននោះមានចែងនៅក្នុងកម្មវិធីអប់រំលក្ខណៈបុគ្គលរបស់កូនសិស្សនោះ។ (AB 1859 ជំពូក 492 លក្ខខន្តិកៈ ឆ្នាំ 2002 ដូចដែលបានធ្វើវិសោធកម្មដោយ AB 685 ជំពូក 56 លក្ខខន្តិកៈ ឆ្នាំ 2007។) គោលការណ៍ណែនាំ ពុំបានលុបចោលនូវលក្ខខណ្ឌទូទៅនៃច្បាប់សហព័ន្ធ ឬច្បាប់រដ្ឋឡើយ ដែលនឹងតម្រូវឲ្យមណ្ឌលសិក្សាធិការផ្ដល់ការដឹកជញ្ជូនដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ គោលការណ៍ណែនាំពេញលេញអាចស្វែងរកបាននៅគេហទំព័ររបស់ https://www.cde.ca.gov/sp/se/lr/trnsprtgdlns.asp។
