ក្រមបទប្បញ្ញតិសហព័ន្ធ ជំពូក 34 មាត្រា 300.34(a) កំណត់និយមន័យសេវាកម្មពាក់ព័ន្ធដូចខាងក្រោម៖
សេវាដឹកជញ្ជូន និងសេវាផ្នែកពិការភាពការលូតលាស់ សេវាកែតម្រូវ និងសេវាគាំពារដទៃទៀត ទៅតាមការចាំបាច់ក្នុងការជួយដល់កុមារដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស និងរួមមានជាអាទិ៍ សេវាកម្មរោគវិទ្យាផ្នែកនិយាយ-ភាសា និងសេវាប្រព័ន្ធការស្ដាប់ សេវាបកប្រែផ្ទាល់មាត់ សេវាផ្នែកផ្លូវចិត្ត ការព្យាបាលរាងកាយ និងសម្បទាវិជ្ជាជីវៈ ការកម្សាន្តសប្បាយ រួមបញ្ចូលទាំងការកម្សាន្តសប្បាយព្យាបាល ការកំណត់និងការវាយតម្លៃពីពិការភាពតាំងពីដើមទីចំពោះកុមារ សេវាប្រឹក្សាយោបល់ រួមបញ្ចូលទាំងការប្រឹក្សាយោបល់អំពីពិការភាព សេវាតម្រង់ទិស និងសេវាចល័តភាព និងសេវាកម្មវេជ្ជសាស្រ្តសម្រាប់គោលបំណងនៃការធ្វើរោគវិនិច្ឆ័យឬការវាយតម្លៃ។ សេវាកម្មពាក់ព័ន្ធ ក៏រួមបញ្ចូលផងដែរនូវសេវាកម្មសុខភាពរបស់សាលារៀន និងសេវាគិលានុបដ្ឋាកតាមសាលារៀន សេវាសង្គមកិច្ចនៅក្នុងសាលារៀន និងការប្រឹក្សានិងការបណ្ដុះបណ្ដាលឪពុកម្ដាយ។
បទប្បញ្ញត្តិដូចគ្នានេះ កំណត់និយមន័យបន្ថែមលើសេវាកម្មទាំងអស់នេះ ដូចខាងក្រោម៖
- ផ្នែកប្រព័ន្នស្ដាប់ រួមមាន៖
- ការកំណត់អត្តសញ្ញាណកុមារដែលមានបញ្ហាស្ដាប់មិនឮ
- ការកំណត់ពីកម្រិតចម្ងាយ លក្ខណៈ និងកម្រិតនៃការស្ដាប់មិនឮ រួមបញ្ចូលទាំងការបញ្ជូនបន្តទៅផ្នែកវេជ្ជសាស្រ្ត ឬការព្យាបាលដោយអ្នកជំនាញផ្សេងទៀតសម្រាប់នីតិសម្បទានៃការស្ដាប់ ការផ្ដល់សកម្មភាពនីតិសម្បទា ដូចជានីតិសម្បទាភាសា ការបណ្ដុះបណ្ដាលខាងសំឡេង ការអានសម្ដី (ការមើលបបូរមាត់) ការវាយតម្លៃការស្ដាប់ និងការសន្ទនាសម្ដី
- ការបង្កើត និងការរៀបចំកម្មវិធីសម្រាប់ការបង្ការការបាត់បង់ការស្ដាប់ឮ
- ការប្រឹក្សានិងការណែនាំដល់កុមារ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងគ្រូបង្រៀនទាក់ទងនឹងការស្ដាប់លែងឮ និង
- ការកំណត់ពីតម្រូវការរបស់កុមារសម្រាប់ក្រុម និងការបំពងសំឡេងដោយឡែក ការជ្រើសរើសនិងការផ្ដល់ជំនួយដែលសមស្រប និងការវាយតម្លៃលើប្រសិទ្ធភាពនៃការបំពងសំឡេង។
- សេវាប្រឹក្សាយោបល់ សំដៅលើសេវាកម្មនានាដែលផ្ដល់ដោយបុគ្គលិកសង្គមកិច្ច អ្នកចិត្តសាស្រ្ត អ្នកប្រឹក្សាយោបល់ណែនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបុគ្គលិកដទៃផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ការកំណត់អត្តសញ្ញាណនិងការវាយតម្លៃពិការភាពលើកុមារតាំងពីដើមទី សំដៅលើការអនុវត្តតាមផែនការផ្លូវការសម្រាប់ការកំណត់ពិពិការភាពឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅក្នុងជីវិតរបស់កុមារ។
- សេវាបកប្រែផ្ទាល់មាត់ រួមមាន –
- ចំណុចបន្តបន្ទាប់នេះ នៅពេលប្រើពាក់ព័ន្ធនឹងកុមារដែលថ្លង់ ឬត្រចៀកធ្ងន់៖ សេវាប្រតិចារឹកផ្ទាល់មាត់ សេវាប្រតិចារឹកភាសាដោយមានតម្រុយ សេវាបកប្រែតាមសូរសំឡេង សេវាបកប្រែតាមសូរសំឡេង និងបកប្រែផ្ទាល់មាត់នូវភាសាសញ្ញា និងសេវាប្រតិចារឹក ដូចជាការបកប្រែការប្រាស្រ័យទាក់ទងនៅក្នុងពេលជាក់ស្ដែង (CART), C-Print, និង TypeWell និង
- សេវាបកប្រែពិសេសសម្រាប់កុមារដែលថ្លង់-ពិការភ្នែក។
- សេវាកម្មវេជ្ជសាស្ត្រ មានន័យថាជា សេវាកម្មដែលផ្តល់ដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណដើម្បីកំណត់ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្ររបស់កុមារដែលធ្វើឲ្យកុមារមានតម្រូវការចំពោះការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។
- ការព្យាបាលដោយការងារ សំដៅលើ៖
- សេវាកម្មដែលផ្ដល់ដោយគ្រូពេទ្យព្យាបាលដោយការងារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួមបញ្ចូល៖
- ការកែលម្អ ការអភិវឌ្ឍ ឬការស្ដារមុខងារដែលចុះខ្សោយ ឬបាត់បង់តាមរយៈជំងឺ របួស ឬការបាត់បង់អ្វីមួយ
- ការពង្រឹងសមត្ថភាពបំពេញកិច្ចការសម្រាប់មុខងារឯករាជ្យ ប្រសិនបើមុខងារនោះបានចុះខ្សោយ ឬបាត់បង់ និង
- ការបង្ការ តាមរយៈអន្តរាគមន៍ពីដើមទី ការចុះខ្សោយ ឬការបាត់បង់មុខងារដំបូង ឬបន្ថែមទៀត។
- សេវាកម្មដែលផ្ដល់ដោយគ្រូពេទ្យព្យាបាលដោយការងារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួមបញ្ចូល៖
- សេវាតម្រង់ទិស និងចល័តភាព មានន័យថា៖
- សេវាកម្មនានាដែលផ្ដល់ជូនដល់កុមារពិការភ្នែក ឬកុមារដែលខ្សោយគំហើញដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអាចឲ្យសិស្សទាំងអស់នោះទទួលបាននូវការតម្រង់ទិសជាលក្ខណៈប្រព័ន្ធ និងធ្វើបម្លាស់ទីដោយសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានរបស់ពួកគេនៅក្នុងសាលារៀន ផ្ទះសំបែង និងសហគមន៍ និង
- រួមបញ្ចូលនូវការបង្រៀនសិស្សដូចខាងក្រោម ទៅតាមការសមស្រប៖
- គោលគំនិតពីលំហនិងបរិស្ថាន និងប្រើប្រាស់ព័ត៌មានដែលទទួលបានពីញាណ (ដូចជាសំឡេង សីតុណ្ហភាព និងលំញ័រ) ដើម្បីបង្កើត រក្សាទុក ឬទទួលបានការតម្រង់ទិស និងតម្រាយផ្លូវធ្វើដំណើរ (ឧ. ការប្រើប្រាស់សំឡេងនៅកន្លែងភ្លើងស្ដុបដើម្បីឆ្លងកាត់ផ្លូវ)
- ដើម្បីប្រើប្រាស់ឈើច្រត់ដងវែង ឬសត្វនាំផ្លូវដើម្បីបំពេញបន្ថែមលើជំនាញធ្វើដំណើរតាមរូបភាព ឬជាឧបករណ៍សម្រាប់ការចរចាដោយសុវត្ថិភាពចំពោះបរិស្ថានសម្រាប់កុមារដែលពុំមានចក្ខុដើម្បីមើលផ្លូវធ្វើដំណើរ
- ដើម្បីយល់ដឹង និងប្រើប្រាស់ចក្ខុដែលនៅសល់ និងជំនួយចក្ខុខ្សោយនៅចម្ងាយឆ្ងាយ និង
- គោលគំនិត បច្ចេកទេស និងឧបករណ៍ដទៃទៀត។
- សេវាកម្មនានាដែលផ្ដល់ជូនដល់កុមារពិការភ្នែក ឬកុមារដែលខ្សោយគំហើញដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអាចឲ្យសិស្សទាំងអស់នោះទទួលបាននូវការតម្រង់ទិសជាលក្ខណៈប្រព័ន្ធ និងធ្វើបម្លាស់ទីដោយសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានរបស់ពួកគេនៅក្នុងសាលារៀន ផ្ទះសំបែង និងសហគមន៍ និង
- ការប្រឹក្សាយោបល់ និងការបណ្ដុះបណ្តាលឪពុកម្ដាយ មានន័យថា៖
- ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដើម្បីយល់ពីតម្រូវការពិសេសរបស់កូនពួកគេ
- ការផ្ដល់ឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវព័ត៌មានអំពីការលូតលាស់របស់កុមារ និង
- ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឱ្យទទួលបានជំនាញចាំបាច់នានាដែលអាចឱ្យពួកគេជួយគាំទ្រការអនុវត្ត IFSP ឬកម្មវិធី IEP របស់កុមារ។
- ការព្យាបាលដោយចលនា សំដៅលើ សេវាកម្មដែលផ្ដល់ដោយគ្រូព្យាបាលខាងចលនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- សេវាផ្នែកផ្លូវចិត្ត រួមមាន៖
- ការរៀបចំការធ្វើតេស្តផ្នែកផ្លូវចិត្តនិងតេស្តអប់រំ និងនីតិវិធីនៃការវាយតម្លៃផ្សេងទៀត
- ការបកស្រាយលទ្ធផលនៃការវាយតម្លៃ
- ការទទួលបាន ការរួមបញ្ចូល និងការបកប្រែព័ត៌មានអំពីអាកប្បកិរិយារបស់កុមារ និងស្ថានភាពដែលពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ
- ការប្រឹក្សាជាមួយបុគ្គលិកផ្សេងទៀតនៅក្នុងការធ្វើផែនការកម្មវិធីសា លារៀនដើម្បីបំពេញតម្រូវការពិសេសរបស់កុមារ ទៅតាមការបង្ហាញដោយការធ្វើតេស្តផ្លូវចិត្ត ការសម្ភាស ការអង្កេតដោយផ្ទាល់ និងការវាយតម្លៃអាកប្បកិរិយា
- ការធ្វើផែនការ និងការគ្រប់គ្រងកម្មវិធីសេវាកម្មផ្លូវចិត្ត រួមទាំងការប្រឹក្សាផ្លូវចិត្តសម្រាប់កុមារ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង
- ជំនួយក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន។
- ការកម្សាន្តសប្បាយ រួមមាន៖
- ការវាយតម្លៃនៃមុខងារកម្សាន្តសប្បាយ
- សេវាកម្មកម្សាន្តសប្បាយដើម្បីព្យាបាល
- កម្មវិធីកម្សាន្តសប្បាយនៅក្នុងសាលារៀន និងទីភ្នាក់ងារសហគមន៍ និង
- ការអប់រំកែកម្សាន្ត។
- សេវាប្រឹក្សាយោបល់ស្ដារនីតិសម្បទា សំដៅលើសេវាកម្មដែលផ្ដល់ដោយបុគ្គលិកឬបុគ្គលដែលមាលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬវគ្គសិក្សាជាក្រុម ដែលផ្ដោតសំខាន់ជាពិសេសលើការអភិវឌ្ឍអាជីពការងារ ការត្រៀមខ្លួនដើម្បីបម្រើការងារ ការសម្រេចបាននូវឯករាជ្យភាព និងការដាក់បញ្ចូលទៅក្នុងកន្លែងការងារ និងសហគមន៍របស់សិស្សដែលមានពិការភាព។ លក្ខខណ្ឌនេះ ក៏រួមបញ្ចូលនូវសេវាស្ដានីតិសម្បទាការងារ ដែលផ្ដល់ជូនដល់សិស្សដែលមានពិការភាព តាមរយៈកម្មវិធីស្ដារនីតិសម្បទាការងារ ដែលទទួលបានប្រាក់ឧបត្ថម្ភក្រោមក្រមស្ដីពីការស្ដារនីតិសម្បទាឆ្នាំ 1973 [29 U.S.C. Sec. 794, ដូចបានធ្វើវិសោធនកម្មរួច]
- សេវាកម្មសុខភាពរបស់សាលារៀន និងសេវាកម្មគិលានុបដ្ឋាកសាលារៀន សំដៅលើសេវាកម្មសុខាភិបាលដែលត្រូវបានរៀបចំឡើងដើម្បីអាចឲ្យកុមារដែលមានពិការភាពទទួលបាននូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ដូចមានចែងក្នុងកម្មវិធី IEP របស់កុមារ។ សេវាគិលានុបដ្ឋាកប្រចាំសាលា គឺជាសេវាកម្មនានាដែលផ្ដល់ដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សេវាកម្មសុខភាពរបស់សាលារៀន គឺជាសេវាកម្មដែលអាចផ្ដល់ជូនដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបុគ្គលផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- សេវាសង្គមកិច្ច នៅក្នុងសាលារៀន រួមមាន៖
- ការត្រៀមរៀបចំប្រវត្តិផ្នែកសង្គម និងផ្នែកលូតលាស់ចំពោះកុមារដែលមានពិការភាព
- ការប្រឹក្សាយោបល់ជាក្រុម និងជាបុគ្គល ជាមួយកុមារនិងក្រុមគ្រួសារ
- ការធ្វើការជាដៃគូជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងអ្នកដទៃផ្សេងទៀតលើបញ្ហាទាំងឡាយនៅក្នុងស្ថានភាពនៃការរស់នៅរបស់កុមារ (លំនៅឋាន សាលារៀន និងសហគមន៍) ដែលជះឥទ្ធិពលដល់ការកែសម្រួលរបស់កុមារនៅក្នុងសាលារៀន
- ការកៀងគរធនធានសាលារៀន និងសហគមន៍ ដើម្បីអាចឲ្យកុមាររៀនសូត្រឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងកម្មវិធីអប់រំរបស់គេ និង
- ជំនួយក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន។
- សេវាកម្មរោគវិទ្យាខាងនិយាយ-ភាសា រួមមាន៖
- ការកំណត់អត្តសញ្ញាណកុមារដែលមានការចុះខ្សោយនៃការនិយាយ ឬភាសា
- ការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃការចុះខ្សោយនៃការនិយាយ ឬភាសា
- ការបញ្ជូនទៅផ្នែកវេជ្ជសាស្រ្ត ឬការព្យាបាលដោយអ្នកជំនាញផ្សេងទៀតដែលចាំបាច់សម្រាប់នីតិសម្បទានៃការចុះខ្សោយនៃការនិយាយ ឬភាសា
- ការផ្ដល់សេវាកម្មផ្នែកនិយាយ និងភាសាសម្រាប់នីតិសម្បទា ឬការបង្ការការចុះខ្សោយសមត្ថភាពនៃការប្រាស្រ័យទាក់ទង និង
- ការប្រឹក្សានិងការណែនាំដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត កុមារ និងគ្រូបង្រៀនទាក់ទងនឹងការខ្សោយខាងការនិយាយ និងភាសា។
- សេវាដឹកជញ្ជូន រួមមាន៖
- ការធ្វើដំណើរទៅនិងមកពីសាលារៀន និងនៅចន្លោះសាលារៀន
- ការធ្វើដំណើរនៅក្នុង និងជុំវិញអគារសាលារៀន និង
- បរិក្ខារពិសេស (ដូចជា រថយន្តក្រុងពិសេស ឬកែសម្រួល ឧបករណ៍លើកដាក់ និងជម្រាល) ប្រសិនបើត្រូវការចាំបាច់ដើម្បីផ្ដល់ការដឹកជញ្ជូនពិសេសសម្រាប់កុមារដែលមានពិការភាព។
