ទេ ដំណើរការវាយតម្លៃជាក់លាក់ និងកាលវេលាកំណត់ត្រូវបានគូសបញ្ជាក់នៅក្នុងផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា ឆ្នាំ 1973។ ស្រដៀងទៅនឹងច្បាប់ IDEA ដែរ ផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការ “ធ្វើការវាយតម្លៃ…លើបុគ្គលមួយចំនួនដែលត្រូវការ ឬជឿជាក់ថាត្រូវការការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធ ដោយសារតែ [ពិការភាព]។ . . .” 34 C.F.R. Sec. 104.35(a). មណ្ឌលសិក្សាធិការត្រូវតែបង្កើតស្តង់ដារ និងនីតិវិធីសម្រាប់ការវាយតម្លៃផ្នែក 504 និងធានាថា៖
- តេស្ត និងឯកសារវាយតម្លៃផ្សេងទៀតត្រូវបានធ្វើឲ្យមានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលពួកវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ស្របទៅតាមការណែនាំដែលបានផ្តល់ជូនដោយអ្នកផលិត
- តេស្ត និងឯកសារវាយតម្លៃផ្សេងទៀតត្រូវរួមបញ្ចូលនូវតេស្តនិងឯកសារទាំងឡាយដែលបានផ្តល់ជូនដើម្បីវាយតម្លៃផ្នែកជាក់លាក់នៃតម្រូវការអប់រំ និងមិនគ្រាន់តែជាតេស្តនិងឯកសារដែលបង្កើតឡើងដើម្បីផ្តល់លទ្ធផលតេស្តលើភាពឆ្លាតវៃ (IQ) ទូទៅតែមួយមុខនោះទេ និង
- តេស្តត្រូវបានជ្រើសរើស និងចាត់ចែងឲ្យបានល្អបំផុត ដើម្បីធានាថានៅពេលផ្តល់តេស្តដល់សិស្សដែលមានជំនាញចុះខ្សោយផ្នែកវិញ្ញាណ ហត្ថកម្ម ឬជំនាញនិយាយ នោះលទ្ធផលតេស្ដឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវលើកម្រិតទេពកោសល្យ ឬលទ្ធផលសិក្សា ឬកត្តាផ្សេងទៀតដែលតេស្តនោះមានបំណងវាស់ស្ទង់ ជាជាងឆ្លុះបញ្ចាំងនូវជំនាញចុះខ្សោយផ្នែកវិញ្ញាណ ហត្ថកម្ម ឬជំនាញនិយាយ (លើកលែងតែករណីដែលជំនាញទាំងនោះគឺជាកត្តាដែលតេស្តមានបំណងចង់វាស់ស្ទង់)។ 1
ស្របពេលដែលមិនមានកាលវេលាកំណត់ជាក់លាក់ចែងក្នុងផ្នែក 504 ដែលមណ្ឌលសិក្សាធិការត្រូវតែបញ្ចប់ការវាយតម្លៃដំណាក់កាលដំបូង ការិយាល័យសិទ្ធិពលរដ្ឋ (OCR) នៃក្រសួងអប់រំសហរដ្ឋអាមេរិក បានពន្យល់ថា វិធានការនានាដែលនាំឱ្យមានការដាក់នៅកន្លែងណាមួយ រួមទាំងការវាយតម្លៃផង ត្រូវតែបញ្ចប់ក្នុងរយៈពេលសមហេតុផលមួយ។ 2 នៅពេលកំណត់ថាតើរយៈពេលប៉ុនណាដែលសមហេតុផល OCR បានប្រើកាល វេលាកំណត់របស់រដ្ឋជាគោលការណ៍ណែនាំ។ 3 ច្បាប់រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យមណ្ឌលសិក្សាធិការបញ្ចប់ការវាយតម្លៃក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីទទួលបានការយល់ព្រមពីឪពុកម្ដាយ។ Cal. Ed. Code. Sec. 56302.1.
នៅពេលណាដែលកុមារម្នាក់ត្រូវបានរកឃើញថាមានសិទ្ធិទទួលបានក្រោមផ្នែក 504 នោះមណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃឡើងវិញតាមពេលទៀងទាត់ទៅលើកុមារនោះ។ 4 ដើម្បីបំពេញតាមភារកិច្ចនេះ មណ្ឌលសិក្សាធិការអាចអនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវាយតម្លៃក្រោមច្បាប់ IDEA បាន។
នីតិវិធីនិងស្តង់ដារវាយតម្លៃតាមផ្នែក 504 អាចនឹងខុសគ្នាសម្រាប់មណ្ឌលសិក្សាធិការនីមួយៗ។ មណ្ឌលសិក្សាធិការអាចជ្រើសរើសប្រើដំណើរការវាយតម្លៃផ្នែកអប់រំពិសេស ឬបង្កើតដំណើរការដោយឡែកសម្រាប់ការវាយតម្លៃតាមផ្នែក 504។ 5 មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតគួរតែសរសេរទៅកាន់អ្នកសម្របសម្រួលនៃផ្នែក 504 របស់មណ្ឌលសិក្សាធិការ ហើយសុំយកសេចក្ដីចម្លងស្ដីពីនីតិវិធីនិងគោលនយោបាយ 504 របស់មណ្ឌលសិក្សាធិការ។
